ខុទ្ទកនិកាយ ចូឡនិទ្ទេស

ទុតិយភាគ
ភាគទី៦៨

សូមនមស្ការ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ។

ទយមាណវកប្បញ្ហានិទេ្ទស ទី១៣

[១] (ឧទយៈមាន​អាយុ ក្រាបទូលដូចេ្នះថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​ត្រូវ​ការ​​ដោយ​​ប្រស្នា ទើប​មកគាល់ (ដើម្បី​សួរ) ព្រះអង្គ​ជាអ្នក​​មាន​ឈាន មាន​​ព្រះសន្តាន​ប្រាសចាក​​ធូលី ទ្រង់​​គង់នៅ​ ទ្រង់​មាន​​កិច្ចធើ្វ​រួចហើយ​ មិន​មាន​​អាសវៈ ទ្រង់​​ដល់​នូវ​ត្រើយ​នៃ​ធម៌ទាំងពួង សូម​ព្រះអង្គ​សំដែង​​អញ្ញាវិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។

[២] អធិប្បាយពាក្យថា​​ ជាអ្នក​មាន​ឈាន មាន​ព្រះសន្តាន​បា្រសចាក​​ធូលី ទ្រង់​គង់​នៅ​ ត្រង់ពាក្យថា​​ មាន​ឈាន គឺ​ព្រះមាន​ព្រះភាគ មាន​ឈាន​ដោយ​​បឋមជ្ឈាន​ផង មាន​ឈាន​ដោយ​​ទុតិយជ្ឈានផង មាន​ឈាន​ដោយ​​តតិយជ្ឈានផង មាន​ឈាន​ដោយ​​ចតុត្ថជ្ឈាន​ផង មាន​ឈាន​ដោយ​ឈាន​ប្រកប​ដោយ​​វិតក្កៈ និង​វិចារៈ​ផង មាន​ឈាន​ដោយ​​ឈាន​មិន​មាន​​វិតក្កៈ មាន​តែ​វិចារៈ​ផង មាន​ឈាន​ដោយ​ឈាន​មិន​មាន​​វិតក្កៈ មិន​មាន​​វិចារៈ​ផង មាន​ឈាន​ដោយ​ឈាន​ប្រកបដោយ​​បីតិផង មាន​ឈាន​ដោយ​​ឈានមិន​​មាន​បីតិ​ផង មាន​ឈាន​ដោយ​​ឈានប្រកប​ដោយ​សុខ​ផង មាន​ឈាន​ដោយ​ឈាន​ប្រកប​ដោយ​​ឧបេក្ខាផង មាន​ឈាន​ដោយ​​ឈាន​ប្រកបដោយ​​សុញ្ញតវិមោក្ខ​ផង មាន​ឈាន​ដោយ​​ឈាន​ប្រកប​ដោយ​​អនិមិត្តវិមោក្ខ​ផង មាន​ឈាន​ដោយ​ឈាន​ប្រកប​ដោយ​​អប្បណិហិតវិមោក្ខ​ផង មាន​ឈាន​ដោយ​​ឈានជា​លោកិយផង មាន​ឈាន​ដោយ​ឈាន​ជា​លោកុត្តរ​ផង ​ជា​បុគ្គល​ត្រេកអរ​​ក្នុង​ឈាន ប្រកប​រឿយៗ នូវភាព​ជាបុគ្គល​ម្នាក់ឯង ធ្ងន់ក្នុង​​ប្រយោជន៍​របស់ខ្លួន ហេតុនោះ (លោក​​ពោលថា​​) អ្នក​មាន​ឈាន។ ពាក្យ​ថា​​ បា្រសចាក​ធូលី សេចក្តី​​ថា​​ ធូលី​គឺរាគៈ ធូលី​គឺទោសៈ ធូលី​គឺ​មោហៈ ធូលី​គឺកោធៈ ធូលី​គឺ​ឧបនាហៈ។បេ។ ធូលី​គឺអភិសង្ខារ​​ជា​អកុសល​ទាំងអស់។ ធូលី​ទាំងនោះ ព្រះពុទ្ធ​មាន​ជោគ​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធើ្វឲ្យ​នៅ​​សល់តែ​ទីនៅ​ ដូច​ជា​ទីនៅ​​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព មាន​ការ​​មិន​កើត​តទៅ​​ជា​ធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មិន​មាន​​ធូលី បា្រសចាក​​ធូលី មាន​ធូលី​ទៅ​បា្រស លះបង់​ធូលី ផុតស្រឡះ​ចាក​ធូលី។

ធូលីសំដៅយករាគៈ មិន​មែនលំអងទេ ពាក្យថា​​ ធូលីនុ៎ះ ជាឈ្មោះរាគៈ ព្រះជិនស្រី​មាន​​បញ្ញាចក្ខុ លះបង់​ធូលីនុ៎ះ​ហើយ​ ហេតុនោះ ទើបលោក​ហៅ​ថា​​ អ្នក​មាន​​ធូលីទៅ​​ប្រាស ធូលី​សំដៅ​យកទោសៈ មិន​មែន​លំអងទេ ពាក្យថា​​ ធូលីនុ៎ះ ជាឈ្មោះ​ទោសៈ ព្រះជិនស្រី​មាន​​បញ្ញាចក្ខុ លះបង់​ធូលីនុ៎ះ​ហើយ​ ហេតុនោះ ទើបលោក​ហៅ​ថា​​ អ្នក​មាន​​ធូលីទៅ​​ប្រាស ធូលី​សំដៅយក​មោហៈ មិន​មែន​លំអងទេ ពាក្យថា​​ ធូលីនុ៎ះ ជាឈ្មោះ​មោហៈ ព្រះជិនស្រី​មាន​បញ្ញាចក្ខុ លះបង់​ធូលីនុ៎ះ​ហើយ​ ហេតុនោះ ទើប​លោកហៅ​ថា​​ អ្នក​មាន​​ធូលីទៅ​​ប្រាស។

ហេតុនោះ (លោក​ពោលថា​​) ប្រាសចាក​ធូលី។ ពាក្យថា​​ ទ្រង់​គង់នៅ​ គឺ​ព្រះមាន​ព្រះភាគ ទ្រង់​គង់​ក្បែរបាសាណកចេតិយ ហេតុនោះ ទើបឈ្មោះថា​​ ទ្រង់​គង់នៅ។

ពួក​សាវ័កអ្នក​មាន​ត្រៃវិជ្ជា លះបង់មច្ចុហើយ​ ចូលទៅ​​អង្គុយជិត​ព្រះមុនី ទ្រង់​​ដល់​ត្រើយ​​នៃទុក្ខ គង់ខាងភ្នំ។

ព្រះមាន​ព្រះភាគឈ្មោះថា​​ ទ្រង់​គង់នៅ​ ​យ៉ាងនេះ​ក៏បាន។ មួយទៀត ព្រះមាន​ព្រះភាគ​ឈ្មោះថា​​​ ទ្រង់​គង់នៅ​ ព្រោះ​​ព្រះអង្គ​រំងាប់​សេចក្តី​​ខ្វល់ខ្វាយ​ទាំងពួង​ ហើយ​​ទ្រង់​មាន​​ព្រហ្មចរិយៈ​នៅ​ហើយ​ មាន​​ចរណធម៌​សន្សំ​ហើយ។បេ។ ភពថ្មី គឺជាតិ ជរា ​មរណៈ សង្សារ របស់ព្រះមាន​ព្រះភាគនោះ មិន​មាន​ ហេតុនោះ ព្រះមាន​ព្រះភាគ​ឈ្មោះថា​​ ទ្រង់​​គង់នៅ​ ​យ៉ាងនេះ​ក៏បាន ហេតុនោះ (លោក​​ពោលថា​​) អ្នក​មាន​​ឈានប្រាស​ចាក​ធូលី ទ្រង់​​គង់នៅ។ ពាក្យថា​​ ដូច្នេះ ក្នុង​បទថា​​ ឧទយៈ​មាន​អាយុ​​ពោលដូច្នេះ គឺជា​ការ​តបទ។បេ។ ពាក្យថា​​ ដូច្នេះ​នេះ ជាលំដាប់​​បទ។ ពាក្យថា​​ មាន​អាយុ គឺពាក្យ​ជាទី​ស្រឡាញ់ ជាពាក្យ​គោរព​ ពាក្យថា​​ មាន​អាយុនេះ ជាពាក្យ​​ពោលដោយ​​គោរព​​កោតក្រែង។ ពាក្យថា​​ ឧទយៈ ជាឈ្មោះ។បេ។ ជាពាក្យ​ហៅ​នូវ​ព្រាហ្មណ៍​នោះ ហេតុនោះ (ទើបមាន​​ពាក្យថា​​) ឧទយៈ​មាន​អាយុ​​ពោល​ដូច្នេះ។

[៣] ពាក្យថា​​ ទ្រង់​មាន​កិច្ចធើ្វរួចហើយ​ មិន​មាន​អាសវៈ គឺកិច្ចគួរធើ្វ និងមិន​គួរធើ្វ ព្រះពុទ្ធ​មាន​ជោគ លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធើ្វឲ្យ​​សល់តែ​ទីនៅ​ ដូច​ជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព មិន​មាន​​ការ​កើត​តទៅ​ជា​ធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះ​ថា​​ មាន​កិច្ច​ធ្វើ​ហើយ។

ភិក្ខុណា​មិន​មាន​តណ្ហា សេចក្តី​ក្តៅក្រហាយ នៃភិក្ខុនោះ​ដែល​ជា​អ្នក​កាត់​ផ្ដាច់នូវ​ខ្សែនៃ​តណ្ហា លះបង់​នូវកិច្ច​គួរធើ្វ និងមិន​​គួរធ្វើ​ រមែង​​មិន​មាន។

ហេតុនោះ (លោក​ពោលថា​​) មាន​កិច្ចធើ្វរួចហើយ។ ពាក្យថា​​ អាសវៈ ក្នុង​បទថា​​ មិន​មាន​​អាសវៈ បានដល់​ អាសវៈ ៤ គឺ​កាមាសវៈ ភវាសវៈ​ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈ​ទាំង​នោះ ព្រះពុទ្ធ​មាន​ជោគ​លះបង់ ផ្ដិលផ្ដាច់​ឫសគល់ ធើ្វឲ្យ​​សល់តែ​ទីនៅ​ ដូច​ជាទី​នៅ​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព មិន​មាន​​ការ​កើត​តទៅ​ជា​ធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មិន​មាន​​អាសវៈ ហេតុនោះ (លោក​​ពោលថា​​) ទ្រង់​​មាន​កិច្ច​ធើ្វរួចហើយ​ មិន​មាន​​អាសវៈ។

[៤] ពាក្យថា​​ ទ្រង់​ដល់​ត្រើយ​នៃធម៌ទាំងពួង គឺ​ព្រះមាន​ព្រះភាគ ទ្រង់​ដល់​​ត្រើយ​​នៃ​ការ​​ត្រាស់ដឹង​ធម៌​ទាំងពួង ដល់​ត្រើយ​​នៃការ​​កំណត់ដឹង ដល់​ត្រើយ​​នៃការ​​លះបង់ ដល់​ត្រើយ​​នៃ​ការ​ចំរើន ដល់​ត្រើយ​​នៃការ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ ដល់​ត្រើយ​​នៃ​សមាបត្តិ ដល់​ត្រើយ​​នៃការ​​ត្រាស់ដឹង​ធម៌​ទាំងពួង ដល់​ត្រើយ​​នៃការ​​កំណត់​ដឹងទុក្ខ​ទាំងពួង ដល់​ត្រើយ​​នៃ​ការ​លះ​កិលេស​ទាំងពួង ដល់​ត្រើយ​​នៃការ​​ចំរើន​មគ្គទាំង ៤ ដល់​ត្រើយ​​នៃការ​ធើ្វ​ឲ្យ​​ជាក់ច្បាស់​​នូវ​និរោធ ដល់​ត្រើយ​​នៃការ​​ចូលកាន់​​សមាបត្តិ​ទាំងពួង។ ព្រះអង្គ​ដល់​នូវ​ការ​ស្ទាត់ ដល់​ត្រើយ​​ក្នុង​​អរិយសីល ដល់​នូវ​ការ​ស្ទាត់ ដល់​ត្រើយ​​ក្នុង​​អរិយសមាធិ ដល់​នូវ​ការ​ស្ទាត់ ដល់​ត្រើយ​​ក្នុង​​អរិយបញ្ញា ដល់​នូវ​ការ​ស្ទាត់ ដល់​ត្រើយ​​ក្នុង​​អរិយវិមុត្តិ ព្រះអង្គ​ទៅ​កាន់​ត្រើយ​ ដល់​​ត្រើយ​​ទៅ​កាន់​​ទីបំផុត​ ដល់​ទីបំផុត​ ទៅ​កាន់​​ទីខាងចុង ដល់​ទី​ខាងចុង ទៅ​កាន់​​ទីបំផុត​​ជុំវិញ ដល់​ទី​បំផុត​​ជុំវិញ ទៅ​កាន់​​ទីចុង​បំផុត​ ដល់​ទី​ចុងបំផុត​ ទៅ​កាន់​​ទីជា​ទីពឹង ដល់​ទី​ជាទីពឹង ទៅ​​កាន់​​ទីជា​ទីពួន ដល់​ទី​ជាទីពួន ទៅ​កាន់​​ទីជាទី​ប្រព្រឹត្ដ ដល់​ទី​ជាទី​ប្រព្រឹត្ដ ទៅ​កាន់​ទី​មិន​​មាន​ភ័យ ដល់​ទី​មិន​មាន​​ភ័យ ទៅ​កាន់​​ទីទៀងទាត់ ដល់​ទី​ទៀងទាត់ ទៅ​កាន់​​ទីមិន​​ស្លាប់ ដល់​ទី​មិន​ស្លាប់ ទៅ​កាន់​​ព្រះនិពា្វន ដល់​​ព្រះនិពា្វន ព្រះមាន​ព្រះភាគ​នោះ ទើប​ឈ្មោះថា​​ ជាបុគ្គល​មាន​​អរិយវាសៈ​នៅ​រួច​ហើយ​ មាន​​ចរណធម៌​សន្សំ​ហើយ។បេ។ ភពថ្មី គឺ​ជាតិ ជរា និងមរណៈ សង្សារ របស់​ព្រះមាន​ព្រះភាគ​នោះ មិន​មាន​ ហេតុនោះ (លោក​​ពោលថា​​) ដល់​ត្រើយ​​នៃ​ធម៌​ទាំងពួង។

[៥] ពាក្យថា​​ ខ្ញុំព្រះអង្គជាអ្នក​ត្រូវការ​ដោយ​ប្រស្នា ទើបមកគាល់ សេចក្តី​ថា​​ ពួក​ខ្ញុំ​ព្រះអង្គ​ត្រូវការ​​ដោយ​ប្រស្នា ទើបមក ជាអ្នក​​សួរប្រស្នា ទើបមក ចង់ស្ដាប់​ប្រស្នា ទើប​មក ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​ប្រស្នា ទើបមកគាល់ ​យ៉ាងនេះ​​ក៏បាន។ មួយទៀត ការ​មក ការ​ចូលមក ការ​ចូល​មកគាល់​របស់ខ្ញុំ​ព្រះអង្គ ជាអ្នក​​ត្រូវការ​​ដោយ​​ប្រស្នា ជាអ្នក​​សួរប្រស្នា ចង់ស្ដាប់​ប្រស្នា ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​​ប្រស្នា ទើបមក ​យ៉ាងនេះ​ក៏បាន ឬថា​​ ការ​មក​ដោយ​​ប្រស្នា មាន​ដល់​​ព្រះអង្គៗ ជាបុគ្គល​អាច ជាបុគ្គល​មាន​​ព្យាយាម ជាបុគ្គល​ល្មមដើម្បី​​សួរ សំដែង​ ដោះ​ស្រាយ ពន្យល់ ​ពោល ជាមួយ​នឹងខ្ញុំ​ព្រះអង្គ ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​​ប្រស្នា ទើបមក ​យ៉ាងនេះ​ក៏បាន។

[៦] ពាក្យថា​​ សូមព្រះអង្គសំដែង​អញ្ញាវិមោក្ខ សេចក្ដីថា​​ អរហត្តវិមោក្ខ លោក​ហៅ​ថា​​ អញ្ញាវិមោក្ខ។ សូម​ព្រះអង្គ​សំដែង​ ប្រាប់ ពន្យល់ ប្រញ័ប្ត តាំងផ្ដើម បើក ចែក ធើ្វឲ្យ​ងាយ ប្រកាស​នូវ​អរហត្តវិមោក្ខ ហេតុនោះ (លោក​ពោលថា​​) សូមព្រះអង្គ​សំដែង​​អញ្ញាវិមោក្ខ។

[៧] ពាក្យថា​​ ជាគ្រឿងទម្លាយអវិជ្ជា គឺជា​គ្រឿងបំបែក ទម្លាយ លះបង់ រំងាប់ លះចោល កម្ចាត់បង់​នូវ​អវិជ្ជា គឺ​អមតនិពា្វន ហេតុនោះ (លោក​​ពោលថា​​) ជាគ្រឿង​ទម្លាយ​អវិជ្ជា។ ហេតុនោះ ព្រាហ្មណ៍នោះ ​ពោលហើយ​ថា​​

(ឧទយៈមាន​អាយុ ក្រាបទូលដូច្នេះថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​ប្រស្នា ទើប​មកគាល់ (ដើម្បី​សួរ) ព្រះអង្គ​ជាអ្នក​​មាន​ឈាន មាន​​ព្រះសន្ដាន​ប្រាសចាក​​ធូលី ទ្រង់​គង់​នៅ​ ទ្រង់​មាន​​កិច្ចធើ្វ​រួចហើយ​ មិន​មាន​​អាសវៈ ទ្រង់​ដល់​​នូវត្រើយ​​នៃធម៌​ទាំងពួង សូមព្រះអង្គ​សំដែង​​អញ្ញាវិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។

[៨] (ព្រះមាន​ព្រះភាគត្រាស់ថា​​) ម្នាល​ឧទយៈ តថា​​គត​សំដែង​ថា​​ ការ​លះ​នូវ​អកុសល​ធម៌ទាំង​ពីរ គឺ​កាមច្ឆន្ទៈ និង​ទោមនស្ស​ផង ការ​​បន្ទោបង់​ចិត្តរួញ​រាផង ការ​ហាម​ឃាត់​កុក្កុច្ចៈ​ទាំងឡាយ​ផង (ជា​អញ្ញាវិមោក្ខ)។

[៩] ពាក្យថា​​ ការ​លះកាមច្ឆន្ទៈ ត្រង់ពាក្យថា​​ ឆន្ទៈ បានដល់​​សេចក្តី​​ពេញចិត្ត​ចំពោះ​​កាម សេចក្តី​​ត្រេកត្រអាល​ចំពោះ​​កាម សេចក្តី​​រីករាយ​ចំពោះ​​កាម សេចក្តី​​ប្រាថ្នា​ក្នុង​កាម សេចក្តី​​សេ្នហា​ក្នុង​កាម សេចក្តី​​ស្រេកឃ្លាន​ក្នុង​កាម សេចក្តី​​អន្ទះអន្ទែង​ក្នុង​កាម សេចក្តី​​ជ្រប់ក្នុង​​កាម សេចក្តី​​ងប់ក្នុង​​កាម ឱឃៈ​គឺកាម យោគៈ​គឺកាម ឧបាទាន​គឺ​កាម នីវរណៈ​គឺ​កាមច្ឆន្ទៈ​ក្នុង​កាម​ទាំងឡាយ។ ពាក្យថា​​ ការ​លះ​កាមច្ឆន្ទៈ គឺការ​​លះ ការ​​រំងាប់ ​ការ​លះបង់ ការ​​កម្ចាត់បង់​កាមច្ឆន្ទៈ អមតនិព្វាន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​លះ​កាមច្ឆន្ទៈ។ ពាក្យ​ថា​​ ឧទយៈ ក្នុង​បទថា​​ ព្រះមាន​ព្រះភាគ (ត្រាស់ថា​​) ម្នាល​ឧទយៈ គឺ​ព្រះមាន​ព្រះភាគ​ត្រាស់ហៅ​​ព្រាហ្មណ៍​នោះ​ដោយ​ឈ្មោះ។ ត្រង់ពាក្យថា​​ ព្រះមាន​ព្រះភាគ​នុ៎ះ ជាពាក្យ​និយាយ​ដោយ​​គោរព។បេ។ បញ្ញត្តិថា​​ មាន​ព្រះភាគ​នេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង ហេតុនោះ (ទើបមាន​​ពាក្យថា​​) ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​ឧទយៈ។

[១០] ពាក្យថា​​ ការ​លះបង់នូវអកុសលធម៌​ទាំងពីរ គឺ​ទោមនស្ស ត្រង់ពាក្យថា​​ ទោមនស្ស បានដល់​​ចេតសិក ដែល​មិន​​ជាទី​ត្រេកអរ​ ចេតសិក​ជាទុក្ខ ការ​ទទួល​អារម្មណ៍​មិន​ជា​ទីត្រេកអរ​​ជាទុក្ខ ដែល​​កើតអំពី​​សម័្ផស្សនៃចិត្ត គឺ​វេទនា​មិន​ជា​ទីត្រេកអរ​​ជាទុក្ខ ដែល​​កើតអំពី​​សម្ផ័ស្ស​នៃចិត្ត។ ពាក្យថា​​ ការ​លះ​នូវអកុសលធម៌​ទាំងពីរ គឺ​ទោមនស្ស បាន​សេចក្តី​​ថា​​​ ការ​លះ ការ​រំងាប់ ការ​លះបង់ ការ​កំចាត់​បង់​នូវ​អកុសលធម៌​ទាំង ២ ​គឺ​កាមច្ឆន្ទៈ និង​ទោមនស្ស (ដៅចំពោះ​) អមតនិព្វាន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​លះ​នូវ​អកុសលធម៌​ទាំងពីរ គឺពួក​​ទោមនស្ស។

[១១] ពាក្យថា​​ ការ​បន្ទោបង់ចិត្តរួញរា បានដល់​​ភាពនៃចិត្ត​មិន​ស្រួល មិន​គួរ​ដល់​​ការ​ងារ កិរិយារួញ ការ​រួញរា ការ​ក្រាញ អាការ​​នៃការ​ក្រាញ ភាពនៃ​ការ​ក្រាញ ការ​ច្រអូស អាការ​នៃ​ការ​ច្រអូស ភាពនៃ​ការ​ច្រអូស។ ពាក្យថា​​ ការ​​បន្ទោបង់​ចិត្តរួញរា គឺការ​​បន្ទោបង់ ការ​​លះបង់ ការ​រំងាប់ ការ​លះ​ចោល ការ​ស្ងប់​រំងាប់​ចិត្តរួញរា (ដៅចំពោះ​) អមតនិពា្វន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​បន្ទោបង់​ចិត្តរួញរា។

[១២] ពាក្យថា​​ កុក្កុច្ចៈទាំងឡាយ ក្នុង​បទថា​​ ការ​ហាម​ឃាត់កុក្កុច្ចៈ​ទាំងឡាយ បាន​ដល់​ ការ​រពឹសដៃ ហៅ​ថា​​​កុក្កុច្ចៈ​ក៏បាន ការ​រពឹសជើង ហៅ​ថា​​​កុក្កុច្ចៈ​ក៏បាន ការ​រពឹស​ទាំងដៃ​ទាំងជើង ហៅ​ថា​​​កុក្កុច្ចៈ​ក៏បាន សេចក្តី​​សំគាល់​ថា​​គួរ ក្នុង​របស់​ដែល​មិន​គួរ សំគាល់ថា​​​មិន​គួរ ក្នុង​របស់​ដែល​គួរ សេចក្តី​​សំគាល់​ថា​​ មិន​មាន​​ទោសក្នុង​​របស់​ដែល​មាន​​ទោស សេចក្តី​​សំគាល់​ថា​​ មាន​ទោស​ក្នុង​របស់​ដែល​មិន​​មាន​ទោស សេចក្តី​​រពឹស អាការ​​នៃការ​ប្រព្រឹត្តិ​រពឹស ភាពនៃ​ការ​ប្រព្រឹត្តិ​រពឹស សេចក្តី​​ក្ដៅក្រហាយ​ចិត្ត គំនូស​នៃចិត្តណា​ មាន​​សភាព​​យ៉ាងនេះ នេះលោក​ហៅ​ថា​​ កុក្កុច្ចៈ។ មួយទៀត សេចក្តី​​រពឹស សេចក្តី​​ក្ដៅ​ក្រហាយ​ចិត្ត គំនូស​នៃចិត្ត តែង​កើត​ដោយ​​ហេតុពីរ គឺព្រោះ​​ភាពនៃ​ការ​ធើ្វ ១ ព្រោះ​​ភាពនៃ​ការ​មិន​ធើ្វ ១។ ចុះ​សេចក្តី​​រពឹស សេចក្តី​​ក្តៅក្រហាយ​ចិត្ត គំនូស​នៃចិត្ត កើត​ព្រោះ​ភាព​នៃ​ការ​ធើ្វ ១ ព្រោះ​​ភាពនៃ​ការ​មិន​ធើ្វ ១ តើដូច​ម្តេច។ សេចក្តី​​រពឹស សេចក្តី​​ក្តៅក្រហាយ​ចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយ​​គំនិត​ដូច្នេះ​ថា​​ កាយទុច្ចរិត អាត្មា​អញ​បានធើ្វ កាយសុចរិត អាត្មា​អញ​មិន​បាន​ធើ្វឡើយ។ សេចក្តី​​រពឹស សេចក្តី​​ក្តៅក្រហាយ​ចិត្ត គំនូស​នៃចិត្ត កើត​ឡើងដោយ​​គំនិត​ដូច្នេះថា​​ វចីទុច្ចរិត អាត្មា​អញ​បានធើ្វ វចីសុចរិត អាត្មា​អញ​មិន​បានធើ្វ​ឡើយ ​ថា​​​មនោទុច្ចរិត អាត្មា​អញ​បានធើ្វ មនោសុចរិត អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​បាណា​តិបាត អាត្មា​អញ​បានធើ្វ ការ​វៀរ​ចាក​​បាណា​តិបាត អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​អទិន្នាទាន អាត្មា​អញ​បានធើ្វ ការ​វៀរ​ចាក​​អទិន្នាទាន អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​កាមេសុមិច្ឆាចារ អាត្មា​អញ​បានធើ្វ ការ​វៀរចាក​​កាមេសុមិច្ឆាចារ អាត្មា​អញ​មិន​បាន​ធើ្វ​ឡើយ​ ថា​​​មុសាវាទ អាត្មា​អញ​បានធើ្វ ការ​វៀរចាក​​មុសាវាទ អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​បិសុណវាចា អាត្មា​អញ​បានធើ្វ ការ​វៀរចាក​​បិសុណវាចា អាត្មា​អញ​មិន​បាន​ធើ្វ​ឡើយ ថា​​​ផរុសវាចា អាត្មា​អញ​បានធើ្វ ការ​វៀរចាក​​ផរុសវាចា អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​សម្ផប្បលាបៈ អាត្មា​អញ​បានធើ្វ ការ​វៀរ​ចាក​​សម្ផប្បលាបៈ អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​អភិជ្ឈា អាត្មា​អញ​បានធើ្វ ការ​​មិន​មាន​​អភិជ្ឈា អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​ព្យាបាទ អាត្មា​អញ​បានធើ្វ ការ​មិន​​ព្យាបាទ អាត្មា​អញ​មិន​បាន​ធើ្វឡើយ ថា​​​មិច្ឆាទិដ្ឋិ អាត្មា​អញបាន​ធើ្វ សម្មាទិដ្ឋិ អាត្មា​អញ​មិន​បាន​ធើ្វឡើយ។ សេចក្តី​​រពឹស សេចក្តី​​ក្តៅក្រហាយ​ចិត្ត គំនូស​នៃចិត្ត​កើតឡើង ព្រោះ​ភាព​នៃការ​ធើ្វ និងភាព​នៃការ​​មិន​ធើ្វ​​យ៉ាងនេះ។ មួយទៀត សេចក្តី​​រពឹស ការ​ក្តៅ​ក្រហាយចិត្ត គំនូស​នៃចិត្ត កើតឡើង​ដោយ​គំនិត​ដូច្នេះ​ថា​​ អាត្មា​អញ​មិន​បាន​បំពេញ​ក្នុង​សីល​ទាំងឡាយ​ទេ។ សេចក្តី​​រពឹស ការ​ក្តៅ​ក្រហាយចិត្ត គំនូស​នៃចិត្ត​កើត​ឡើង​ដោយ​គំនិត​ដូច្នេះថា​​ អាត្មា​អញ​មិន​បាន​គ្រប់គ្រង​ទ្វារក្នុង​​ឥន្រ្ទិយ​ទាំងឡាយ ថា​​​អាត្មា​អញ​​មិន​ដឹង​ប្រមាណ​ក្នុង​​ភោជនទេ ថា​​​អាត្មា​អញ​មិន​បាន​ប្រកប​រឿយៗ នូវសេចក្តី​​ភ្ញាក់​រឭកទេ ថា​​​អាត្មា​អញ​មិន​បាន​ប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ​ទេ ថា​​​សតិប្បដ្ឋាន​ទាំង ៤ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​សម្មប្បធាន​ទាំង ៤ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​ឥទ្ធិបាទ ៤ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​ឥន្រ្ទិយ ៥ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​ពលៈ ៥ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​ពោជ្ឈង្គ​ទាំង ៧ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏ប្រសើរ អាត្មា​អញ​មិន​បាន​ចម្រើនទេ ថា​​​ទុក្ខ អាត្មា​អញ​មិន​បាន​កំណត់​ដឹងទេ ថា​​​សមុទ័យ អាត្មា​អញ​មិន​បាន​លះបង់​ទេ ថា​​​មគ្គ អាត្មា​អញ​មិន​បាន​ចម្រើន​ទេ ថា​​​និរោធ អាត្មា​អញ​មិន​បាន​ធើ្វឲ្យ​​ជាក់ច្បាស់​​ទេ។ ពាក្យថា​​ ការ​ហាម​ឃាត់​កុក្កុច្ចៈ​ទាំងឡាយ បាន​ន័យ​ថា​​ ការ​ទប់ ការ​រារាំង ការ​លះ ការ​រំងាប់ ការ​លះ​ចោល ការ​ស្ងប់​រំងាប់​កុក្កុច្ចៈ (ដៅចំពោះ​) អមតនិពា្វន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​ហាម​ឃាត់កុក្កុច្ចៈ​ទាំងឡាយ។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា​​

(ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​ឧទយៈ តថា​​គត​សំដែង​​ថា​​) ការ​លះ​នូវ​អកុសល​ធម៌ទាំង ២ គឺ​កាមច្ឆន្ទៈ និង​ទោមនស្ស​ផង ការ​​បន្ទោបង់​ចិត្តរួញរា​ផង ការ​ហាម​ឃាត់​កុក្កុច្ចៈ​ទាំងឡាយ​ផង (ជា​អញ្ញាវិមោក្ខ)។

[១៣] មួយទៀត តថា​​គតសំដែង​នូវឧបេក្ខា និងសតិ​​ដ៏បរិសុទ្ធ នូវការ​​ត្រិះរិះធម៌​ស្ទុះទៅ​មុន ថា​​ជា​អញ្ញាវិមោក្ខ ជាគ្រឿង​ទម្លាយ​អវិជ្ជា។

[១៤] ពាក្យថា​​ ឧបេក្ខា ក្នុង​បទថា​​ ឧបេក្ខា និងសតិ​​ដ៏បរិសុទ្ធ បានដល់​​ការ​ព្រងើយ អាការ​​ព្រងើយ អាការ​​នៃចិត្ត​សោះអង្គើយ ការ​ស្ងប់ចិត្ត សេចក្តី​​ថ្លាស្អាត​នៃចិត្ត ភាពនៃ​ចិត្ត​ជាកណ្តាល ក្នុង​​ចតុត្ថជ្ឈាន។ ពាក្យថា​​ សតិ បានដល់​​ស្មារតី ការ​រលឹក​រឿយៗ។បេ។ ការ​រលឹក​ដោយ​ប្រពៃ ប្រារព្ធ​​ឧបេក្ខា​ក្នុង​ចតុត្ថជ្ឈាន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ឧបេក្ខា និងសតិ។ ពាក្យថា​​ បរិសុទ្ធ បានដល់​ ឧបេក្ខា និងសតិ​ក្នុង​​ចតុត្ថជ្ឈាន ជាធម្មជាតិ​​ដ៏ស្អាត ស្អាតព្រម ផូរផង់ មិន​មាន​​ទីទួល គឺកិលេស ប្រាសចាក​​ឧបក្កិលេស ជាធម្មជាតិ​ទន់ភ្លន់ គួរដល់​​ការ​ងារ ជាធម្មជាតិ​នឹងធឹង ដល់​នូវ​ការ​មិន​​កម្រើក ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ឧបេក្ខា និងសតិ​​ដ៏បរិសុទ្ធ។

[១៥] ពាក្យថា​​ ការ​ត្រិះរិះធម៌ស្ទុះទៅ​មុន សេចក្តី​ថា​​ សម្មាសង្កប្បៈ លោកហៅ​ថា​​ ការ​​ត្រិះរិះ​ធម៌។ សម្មាសង្កប្បៈ​នោះ ជាខាង​ដើម ជាខាងមុខ ជាប្រធាន​នៃ​អញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​ត្រិះរិះ​ធម៌ស្ទុះ​ទៅ​មុន ​យ៉ាងនេះ​ក៏បាន។ មួយទៀត សម្មាទិដ្ឋិ លោក​ហៅ​ថា​​ ការ​ត្រិះរិះ​ធម៌។ សម្មាទិដ្ឋិ​នោះ ជាខាងដើម ជាខាងមុខ ជាប្រធាន​នៃ​អញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​ត្រិះរិះ​ធម៌ស្ទុះ​ទៅ​មុន ​យ៉ាងនេះ​ក៏បាន។ ឬថា​​ វិបស្សនា​ក្នុង​ចំណែក​ខាងដើម​នៃមគ្គ​ទាំង ៤ លោក​ហៅ​ថា​​ ការ​ត្រិះរិះ​ធម៌។ វិបស្សនា​នោះ ជាខាងដើម ជាខាងមុខ ជាប្រធាន​នៃ​អញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ការ​ត្រិះរិះ​ធម៌ស្ទុះ​ទៅ​មុន ​យ៉ាងនេះ​ក៏បាន។

[១៦] ពាក្យថា​​ តថា​​គតសំដែង​ថា​​ អញ្ញាវិមោក្ខ គឺ​អរហត្តវិមោក្ខ លោកហៅ​ថា​​ អញ្ញាវិមោក្ខ តថា​​គត​​ពោលដោយ​​ប្រពៃ ប្រាប់ សំដែង​ ប្រញ័ប្ត តាំងផ្ដើម បើក វែកញែក ធើ្វឲ្យ​​ងាយនូវ​អរហត្តវិមោក្ខ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) តថា​​គត​សំដែង​ថា​​ អញ្ញាវិមោក្ខ។

[១៧] ពាក្យថា​​ អវិជ្ជា ក្នុង​បទថា​​ ជាគ្រឿង​ទម្លាយ​អវិជ្ជា បានដល់​ ការ​មិន​​ដឹងក្នុង​​ទុក្ខ។បេ។ គន្លឹះ​គឺអវិជ្ជា មោហៈ អកុសលមូល។ ពាក្យថា​​ ជាគ្រឿង​ទម្លាយ​អវិជ្ជា បានន័យ​ថា​​ ការ​បំបែក ការ​ទម្លាយ ការ​លះ ការ​រំងាប់ ការ​លះចោល ការ​កំចាត់​បង់នូវ​អវិជ្ជា គឺ​អមតនិពា្វន ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ជាគ្រឿង​ទម្លាយ​អវិជ្ជា។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

(មួយទៀត) តថា​​គតសំដែង​នូវឧបេក្ខា និងសតិ​​ដ៏បរិសុទ្ធ នូវការ​​ត្រិះរិះ​ធម៌ស្ទុះ​ទៅ​មុន ថា​​ជា​អញ្ញាវិមោក្ខ ជាគ្រឿង​ទម្លាយ​អវិជ្ជា។

[១៨] (ឧទយមាណពទូលសួរថា​​) សត្វលោក​មាន​អ្វី​ជាគ្រឿង​ចងទុក អ្វីជា​គ្រឿងត្រាច់​ទៅ​របស់​សត្វលោក​នោះ ដែល​លោក​​ពោលថា​​ និព្វាន តើព្រោះ​​ការ​លះ​អ្វីបាន។

[១៩] ពាក្យថា​​ សត្វលោកមាន​អ្វីជាគ្រឿងចងទុក គឺអ្វីជា​គ្រឿង​ប្រកបព្រម ជា​គ្រឿងជាប់ ជាចំណង ជា​ឧបក្កិលេស​នៃសត្វ​លោក គឺថា​​​សត្វលោក​ប្រកប ប្រកបសព្វ ប្រកប​ទួទៅ​ ផ្សំ ជាប់ ទាក់ ចំពាក់​ដោយ​អ្វី ហេតុនោះ (លោក​សួរថា​​) សត្វលោក​មាន​អ្វី​ជាគ្រឿង​ប្រកប​ព្រម។

[២០] ពាក្យថា​​ អ្វីជាគ្រឿងត្រាច់ទៅ​របស់សត្វ​លោកនោះ គឺអ្វី​ជាគ្រឿង​ដើរ ត្រាច់​ទៅ​ ត្រាច់រង្គាត់​របស់សត្វ​លោកនោះ គឺថា​​ សត្វលោកដើរ ត្រាច់ទៅ​ ត្រាច់រង្គាត់​ដោយ​​អ្វី ហេតុនោះ (លោក​សួរថា​​) អ្វីជា​គ្រឿងត្រាច់ទៅ​​របស់សត្វ​លោកនោះ។

[២១] ពាក្យថា​​ ដែល​លោក​ពោលថា​​ និព្វាន តើព្រោះ​​ការ​លះ​អ្វីបាន គឺដែល​​លោក​ហៅ​ ​ពោល ថ្លែង សំដែង​ ពន្យល់ ថា​​​និពា្វន តើដោយ​​ការ​លះ ការ​រំងាប់ ការ​រលាស់​ចោល ការ​ស្ងប់​រម្ងាប់​នូវអ្វី ហេតុនោះ (លោក​សួរថា​​) ដែល​​លោក​​ពោលថា​​ និពា្វន តើព្រោះ​ការ​​លះអ្វី​បាន។ ហេតុនោះ ព្រាហ្មណ៍នោះ ​ពោលថា​​

សត្វលោកមាន​អ្វីជាគ្រឿងចងទុក អ្វីជាគ្រឿង​ត្រាច់ទៅ​​របស់សត្វ​លោកនោះ ដែល​​លោក​​ពោលថា​​ និពា្វន តើព្រោះ​​ការ​លះ​អ្វីបាន។

[២២] (ព្រះមាន​ព្រះភាគត្រាស់ថា​​) សត្វលោក​មាន​សេចក្តី​​រីករាយ​ជាគ្រឿង​ចងទុក សេចក្តី​​ត្រិះរិះ​ទាំងឡាយ ជាគ្រឿង​ត្រាច់ទៅ​​របស់សត្វ​លោកនោះ ដែល​​លោក​​ពោលថា​​ និព្វាន ព្រោះ​ការ​​លះតណ្ហា​បាន។

[២៣] ពាក្យថា​​ សត្វលោកមាន​សេចក្តី​រីករាយ​ជាគ្រឿង​ចងទុក សេចក្តី​ថា​​ តណ្ហា លោក​ហៅ​ថា​​ សេចក្តី​​រីករាយ បានខាង​សេចក្តី​​ត្រេកត្រអាល ការ​ត្រេក​ត្រអាល​ខ្លាំង។បេ។ ការ​​សំឡឹង​រំពៃ (ទ្រព្យ​អ្នក​ដទៃ) លោភៈ អកុសលមូល។ សេចក្តី​​រីករាយ​ណា​ ដែល​ជា​គ្រឿង​ប្រកប​ព្រម ជាគ្រឿង​ជាប់ ជាគ្រឿង​ចង ជា​ឧបក្កិលេស​នៃលោក សត្វ​លោក​ប្រកប ប្រកប​សព្វ ប្រកប​ទួទៅ​ ផ្សំ ជាប់ ទាក់ ចំពាក់ ដោយ​សេចក្តី​​រីករាយ​​នេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) សត្វលោក​មាន​សេចក្តី​​រីករាយ​ជាគ្រឿង​ចងទុក។

[២៤] ពាក្យថា​​ សេចក្តី​ត្រិះរិះទាំងឡាយ ក្នុង​បទថា​​ សេចក្តី​​ត្រិះរិះ​ទាំងឡាយ ជា​គ្រឿង​ត្រាច់ទៅ​​របស់សត្វ​លោកនោះ បានដល់​​សេចក្តី​​ត្រិះរិះ ៩ គឺសេចក្តី​​ត្រិះរិះ​ក្នុង​កាម សេចក្តី​​ត្រិះរិះ​ក្នុង​ព្យាបាទ សេចក្តី​​ត្រិះរិះ​ក្នុង​វិហឹសា សេចក្តី​​ត្រិះរិះ​ក្នុង​ញាតិ សេចក្តី​​ត្រិះរិះ​ក្នុង​ជនបទ សេចក្តី​​ត្រិះរិះ​ក្នុង​ការ​​មិន​ស្លាប់ សេចក្តី​​ត្រិះរិះ​ប្រកប​ចំពោះ​​ដោយ​ភាព​នៃសេចក្តី​​អាណិត​ដល់​ជន​ដទៃ សេចក្តី​​ត្រិះរិះ​ប្រកប​ចំពោះ​​ដោយ​​លាភ​សក្ការៈ និងសេចក្តី​​សរសើរ សេចក្តី​​ត្រិះរិះ​ប្រកប​ដោយ​ការ​​មិន​ចង់​ឲ្យ​គេ​មើលងាយ ទាំងនេះ​ហៅ​ថា​​ សេចក្តី​​ត្រិះរិះ ៩។ សេចក្តី​​ត្រិះរិះ​ទាំង ៩ នេះ ជាគ្រឿង​ដើរទៅ​ ត្រាច់​ទៅ​ ​ត្រាច់រង្គាត់ទៅ​ នៃសត្វ​លោកនោះ គឺថា​​​សត្វលោក​នោះ ដើរទៅ​ ត្រាច់ទៅ​ ត្រាច់​រង្គាត់​ទៅ​ ដោយ​សារ​សេចក្តី​​ត្រិះរិះ ៩ នេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) សេចក្តី​​ត្រិះរិះ​ទាំងឡាយ ជាគ្រឿង​ត្រាច់ទៅ​​របស់សត្វ​លោកនោះ។

[២៥] ពាក្យថា​​ តណ្ហា ក្នុង​បទថា​​ ដែល​លោក​​ពោលថា​​ និព្វាន ព្រោះ​ការ​​លះបង់​តណ្ហា បានដល់​ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ដែល​​លោក​​ពោលថា​​ និព្វាន ព្រោះ​ការ​​លះបង់​តណ្ហា គឺថា​​ ដែល​លោកហៅ​ ​ពោល ថ្លែង សំដែង​ បំភ្លឺ ពន្យល់ ថា​​និព្វាន ព្រោះ​​ការ​លះ ការ​រំងាប់ ការ​រលាស់​ចោល ការ​ស្ងប់​រម្ងាប់​តណ្ហា ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ដែល​លោក​​ពោលថា​​ និព្វាន ព្រោះ​ការ​​លះតណ្ហា។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

សត្វលោក មាន​សេចក្តី​រីករាយជាគ្រឿងចងទុក សេចក្តី​​ត្រិះរិះ​ទាំងឡាយ ជាគ្រឿង​ត្រាច់ទៅ​​របស់សត្វ​លោកនោះ ដែល​លោក​ហៅ​ថា​​ និព្វាន ព្រោះ​ការ​​លះតណ្ហា​បាន។

[២៦] បុគ្គលមាន​ស្មារតី ប្រព្រឹត្តទៅ​ដូច​ម្ដេច វិញ្ញាណ​ទើបរលត់ ពួក​ខ្ញុំ​ព្រះអង្គ​មកគាល់ ដើម្បី​​ទូលសួរ​ព្រះមាន​ព្រះភាគ នឹងបាន​ស្តាប់​​​​​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។

[២៧] ពាក្យថា​​ បុគ្គលមាន​ស្មារតី ប្រព្រឹត្តទៅ​ដូច​ម្តេច គឺបុគ្គល​មាន​ស្មារតី ដឹងព្រម ត្រាច់ទៅ​ ត្រាច់ទៅ​​ផ្សេងៗ ដើរទៅ​ ប្រព្រឹត្ត​ទៅ​ រក្សា យាត្រា យាត្រាទៅ​​ដូច​ម្តេច ហេតុនោះ (លោក​សួរថា​​) បុគ្គល​មាន​ស្មារតី ប្រព្រឹត្ត​ទៅ​​ដូច​ម្តេច។

[២៨] ពាក្យថា​​ វិញ្ញាណទើបរលត់ គឺវិញ្ញាណ​រលត់ ស្ងប់ អស្តង្គត ស្ងប់រំងាប់ ហេតុនោះ (លោក​សួរថា​​) វិញ្ញាណ​ទើបរលត់។

[២៩] ពាក្យថា​​ ពួក​ខ្ញុំព្រះអង្គមកគាល់ ដើម្បី​ទូល​សួរ​ព្រះមាន​ព្រះភាគ គឺ ពួក​ខ្ញុំ​ព្រះអង្គ​មក មកដល់​ មកគាល់ ដល់​ព្រម មកជួបជុំ ជាមួយ​នឹងព្រះអង្គ ដើម្បី​​ទូលសួរ សាកសួរ អង្វរ អារាធនា ជ្រះថ្លា ចំពោះ​​ព្រះពុទ្ធ​មាន​ជោគ ហេតុនោះ (លោក​សួរថា​​) ពួក​​ខ្ញុំព្រះអង្គ​មកគាល់​ដើម្បី​ទូល​សួរ​ព្រះមាន​ព្រះភាគ។

[៣០] ពាក្យថា​​ ព្រះអង្គ ក្នុង​បទថា​​ នឹងបានស្តាប់​​​​​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ គឺពួក​ខ្ញុំ​ព្រះអង្គ​ស្តាប់​​​​ រៀន​ ចងចាំ​ទុក កំណត់ទុក នូវព្រះវាចា ការ​​ពោល ការ​សំដែង​​អនុសន្ធិ​របស់​ព្រះអង្គ ហេតុនោះ (លោក​សួរថា​​) នឹងបាន​ស្តាប់​​​​​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍​នោះ ​ពោលថា​​

បុគ្គលមាន​ស្មារតី ប្រព្រឹត្តទៅ​ដូច​ម្តេច វិញ្ញាណ​ទើបរលត់ ពួក​ខ្ញុំ​ព្រះអង្គ​មកគាល់ ដើម្បី​​ទូលសួរ​ព្រះមាន​ព្រះភាគ នឹងបាន​ស្តាប់​​​​​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។

[៣១] (ព្រះមាន​ព្រះភាគត្រាស់ថា​​) កាលបុគ្គលមិន​រីករាយ ចំពោះ​​វេទនា​ទាំងខាង​ក្នុង​​ទាំង​ខាងក្រៅ មាន​ស្មារតី​ប្រព្រឹត្ត​ទៅ​​​យ៉ាងនេះ វិញ្ញាណ​ទើបរលត់។

[៣២] អធិប្បាយពាក្យថា​​ កាលបុគ្គលមិន​រីករាយ​ចំពោះ​​វេទនា​ទាំងខាង​ក្នុង​ទាំង​ខាងក្រៅ គឺបុគ្គល​កាល​ពិចារណា​​ឃើញ​​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង​ មិន​​រីករាយ មិន​​សរសើរ មិន​ឋិតនៅ​​ក្នុង​សេចក្តី​​ជ្រប់ចិត្ត​ចំពោះ​​វេទនា គឺថា​​ លះបង់ បន្ទោបង់ ធើ្វឲ្យ​​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​មាន​​បែបភាព​នូវការ​​រីករាយ ការ​សរសើរ ការ​ជ្រប់ចិត្ត ការ​កួច​កាន់​ ការ​​ស្ទាប​អង្អែល ការ​​ប្រកាន់។ បុគ្គល​កាល​ពិចារណា​​ឃើញ​​វេទនា​ក្នុង​វេទនា​ទាំង​ឡាយ​ខាងក្រៅ មិន​​រីករាយ មិន​សរសើរ មិន​ឋិតនៅ​​ក្នុង​ការ​​ជ្រប់ចិត្ត​ចំពោះ​​វេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យ​​វិនាស ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​រីក​រាយ ការ​​សរសើរ ការ​ជ្រប់​ចិត្ត ការ​កួចកាន់​ ការ​ស្ទាប​អង្អែល ការ​​ប្រកាន់។ បុគ្គល​កាល​ពិចារណា​​ឃើញ​​វេទនា​ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំងខាងក្រៅ មិន​រីករាយ មិន​សរសើរ មិន​​ឋិត​នៅ​ក្នុង​​ការ​ជ្រប់ចិត្ត​ចំពោះ​​វេទនា គឺ​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​​វិនាស ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​​រីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់​ ស្ទាបអង្អែល ប្រកាន់។ បុគ្គល​កាល​ពិចារណា​​ឃើញ​នូវ​ការ​កើត​ឡើងជា​ធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ កាល​ពិចារណា​​ឃើញ​នូវ​ការ​វិនាស​ទៅ​ជាធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ កាល​ពិចារណា​​ឃើញ​នូវ​ការ​កើត​ឡើង និង​ការ​វិនាស​ទៅ​ជា​ធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ កាល​ពិចារណា​​ឃើញ​​នូវការ​​កើតឡើង​ជាធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្រៅ កាល​ពិចារណា​​ឃើញ​នូវ​ការ​វិនាស​ទៅ​ជា​ធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្រៅ កាល​ពិចារណា​​ឃើញ​នូវ​ការ​​កើតឡើង និងការ​​វិនាសទៅ​​ជាធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្រៅ កាល​ពិចារណា​​ឃើញ​នូវ​ការ​កើត​ឡើងជា​ធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំងខាងក្រៅ កាល​ពិចារណា​​ឃើញ​នូវ​ការ​វិនាស​ទៅ​ជា​ធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំង​ខាងក្រៅ កាល​ពិចារណា​​ឃើញ​នូវ​ការ​កើតឡើង និងការ​​វិនាសទៅ​​ជាធម្មតា ក្នុង​​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំងខាងក្រៅ មិន​រីករាយ មិន​សរសើរ មិន​​ឋិតនៅ​​ក្នុង​សេចក្តី​​ជ្រប់ចិត្ត ចំពោះ​​វេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យ​វិនាស ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​​រីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់​ ស្ទាបអង្អែល ប្រកាន់។ បុគ្គល​កាល​ពិចារណា​​ឃើញ​​វេទនា​ក្នុង​វេទនា​ទាំងឡាយ ដោយ​​អាការ​​ទាំង ១២ នេះ មិន​​រីករាយ មិន​​សរសើរ មិន​ឋិតនៅ​​ក្នុង​ការ​​ជ្រប់ចិត្ត​ចំពោះ​​វេទនា។បេ។ ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​​រីករាយ ការ​​សរសើរ ការ​ជ្រប់ចិត្ត។ មួយទៀត បុគ្គល​កាលឃើញ​​វេទនា ដោយ​​សេចក្តី​ថា​​ មិន​ទៀង មិន​រីករាយ មិន​សរសើរ មិន​ឋិត​នៅ​ក្នុង​​ការ​ជ្រប់ចិត្ត​ចំពោះ​​វេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យ​​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​មាន​​បែបភាព​នូវការ​រីករាយ ការ​សរសើរ ការ​ជ្រប់ចិត្ត ការ​កួចកាន់​ ការ​ស្ទាប​អង្អែល ការ​ប្រកាន់។ បុគ្គល​កាលឃើញ​​វេទនា​ដោយ​​សេចក្តី​ថា​​ ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តី​​លំបាក​ ជាអាពាធ។បេ។ ដោយ​​សេចក្តី​ថា​​ មិន​ជា​ទីរលាស់​ទុក្ខ មិន​​រីករាយ មិន​​សរសើរ មិន​ឋិត​នៅ​ក្នុង​​សេចក្តី​​ជ្រប់ចិត្ត​ចំពោះ​​វេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យ​​វិនាស ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​​រីករាយ ការ​​សរសើរ ការ​ជ្រប់ចិត្ត ការ​កួចកាន់​ ការ​ស្ទាប​អង្អែល ការ​ប្រកាន់។ បុគ្គល​កាល​ពិចារណា​​ឃើញ​វេទនា​ក្នុង​វេទនា​ទាំងឡាយ ដោយ​​អាការ​​ទាំង​សែសិបពីរ​នេះ មិន​រីករាយ មិន​​សរសើរ មិន​ឋិត​នៅ​ក្នុង​​សេចក្តី​​ជ្រប់ចិត្ត ចំពោះ​​វេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យ​វិនាស ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព​នូវការ​​រីករាយ ការ​សរសើរ ការ​ជ្រប់ចិត្ត ការ​កួចកាន់​ ការ​ស្ទាប​អង្អែល ការ​ប្រកាន់​ ហេតុនោះ (ទ្រង់​ត្រាស់ថា​​) កាល​បុគ្គល​មិន​រីករាយ​ចំពោះ​​វេទនា​ទាំងឡាយ ទាំងខាង​ក្នុង​ ទាំងខាងក្រៅ។

[៣៣] ពាក្យថា​​ មាន​ស្មារតី ប្រព្រឹត្តទៅ​​​យ៉ាងនេះ គឺបុគ្គល​មាន​ស្មារតី ដឹងខ្លួន​​យ៉ាងនេះ ត្រាច់ទៅ​ ត្រាច់ទៅ​ផ្សេងៗ ដើរទៅ​ ប្រព្រឹត្តទៅ​ រក្សា យាត្រា យាត្រាទៅ​ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) មាន​ស្មារតី​ប្រព្រឹត្ត​ទៅ​ ​យ៉ាងនេះ។

[៣៤] ពាក្យថា​​ វិញ្ញាណទើបរលត់ បានដល់​ វិញ្ញាណ​ដែល​ប្រកប​ដោយ​​បុញ្ញាភិសង្ខារ​ វិញ្ញាណ​ដែល​​ប្រកប​ដោយ​​អបុញ្ញាភិសង្ខារ​ វិញ្ញាណ​ដែល​ប្រកប​ដោយ​​អានេញ្ជាភិសង្ខារ​ រលត់ ស្ងប់ អស្តង្គត រំងាប់ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) វិញ្ញាណ​ទើប​រលត់។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

កាលបុគ្គលមិន​រីករាយ ចំពោះ​វេទនា​ទាំងខាង​ក្នុង​ ទាំងខាង​ក្រៅ មាន​ស្មារតី​ប្រព្រឹត្ត​ទៅ​​យ៉ាង​នេះ វិញ្ញាណ​ទើបរលត់។

លុះចប់គាថា​​។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ​ជាសាស្ដា​របស់​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​សូមជា​សាវ័ក។

ចប់ ឧទយមាណវកប្បញ្ហានិទេ្ទស ទី១៣។

បោសាលមាណវកប្បញ្ហានិទេ្ទស ទី១៤

[៣៥] (បោសាលៈមាន​អាយុ ក្រាបទូលដូច្នេះថា​​) ព្រះមាន​ព្រះភាគ​អង្គណា​ ​ពោលអាង​កាលជា​អតីត មិន​មាន​​សេចក្តី​​ញាប់ញ័រ ទ្រង់​កាត់​សេចក្តី​​សង្ស័យ ទ្រង់​​ដល់​ត្រើយ​​នៃធម៌​ទាំងពួង​ហើយ​ ពួក​ខ្ញុំ​ព្រះអង្គ​ជាអ្នក​ត្រូវ​ការ​ដោយ​​ប្រស្នា ទើប​មកគាល់ (ដើម្បី​​ទូលសួរ​ព្រះមាន​ព្រះភាគ​នោះ)។

[៣៦] អធិប្បាយពាក្យថា​​ ព្រះមាន​ព្រះភាគអង្គណា​ ​ពោលអាង​កាលជា​អតីត ត្រង់ពាក្យថា​​ អង្គណា​ សំដៅ​ដល់​​ព្រះមាន​ព្រះភាគ ព្រះអង្គ​ត្រាស់ដឹង​ឯង ឥតមាន​​អាចារ្យ បាន​ត្រាស់ដឹង​សច្ចៈ​ទាំងឡាយ ដោយ​​ព្រះអង្គ​ឯង ក្នុង​ធម៌​ដែល​ព្រះអង្គ​មិន​ធ្លាប់​បានស្ដាប់​មកក្នុង​​កាលមុន ទ្រង់​​សម្រេច​​សព្វញ្ញុតញ្ញាណ​ក្នុង​ធម៌​ទាំងឡាយ​នោះផង សម្រេច​​នូវភាព​ស្ទាត់​ក្នុង​ពលធម៌​ទាំងឡាយ​ផង។ ពាក្យថា​​ ទ្រង់​​ពោល​អាងកាល​ជាអតីត បានដល់​ ព្រះមាន​ព្រះភាគ ទ្រង់​​​ពោលអាង​កាលជា​អតីត​ផង ទ្រង់​​ពោល​អាងកាល​ជាអនាគត​ផង ទ្រង់​​​ពោលអាង​កាលជា​បច្ចុប្បន្ន​ផង របស់​ព្រះអង្គ និងពួក​​សត្វដទៃ។

ព្រះមាន​ព្រះភាគ ទ្រង់​​ពោលអាងកាលជាអតីតរបស់ព្រះអង្គ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​​ពោល​អាង​អតីតជាតិ​របស់​ព្រះអង្គ ១ ជាតិខ្លះ ទ្រង់​​ពោល​អាង ២ ជាតិខ្លះ ទ្រង់​​​ពោលអាង ៣ ជាតិខ្លះ ទ្រង់​​​ពោលអាង ៤ ជាតិខ្លះ ទ្រង់​​​ពោលអាង ៥ ជាតិខ្លះ ទ្រង់​​​ពោលអាង ១០ ជាតិខ្លះ​ ទ្រង់​​ពោល​អាង ២០ ជាតិខ្លះ ទ្រង់​​​ពោលអាង ៣០ ជាតិខ្លះ ទ្រង់​​​ពោលអាង ៤០ ជាតិខ្លះ ទ្រង់​​​ពោលអាង ៥០ ជាតិខ្លះ ទ្រង់​​​ពោលអាង​មួយរយ​ជាតិខ្លះ​មួយពាន់​ជាតិខ្លះ មួយសែន​ជាតិខ្លះ សំវដ្ដកប្ប​ជាច្រើនខ្លះ វិវដ្ដកប្ប​ជាច្រើនខ្លះ សំវដ្ដវិវដ្ដកប្ប​ជាច្រើន​ខ្លះ​ថា​​ តថា​​គត បានកើត​ក្នុង​ភព​ឯណោះ មាន​នាម​​យ៉ាងនេះ មាន​គោត្រ​​យ៉ាងនេះ មាន​វណ្ណៈ​​យ៉ាងនេះ មាន​​អាហារ​​យ៉ាងនេះ សោយសុខ និងទុក្ខ​​យ៉ាងនេះ មាន​​អាយុត្រឹម​ប៉ុណ្ណេះ លុះ​តថា​​គត​នោះ​ច្យុតចាក​​អត្តភាព​នោះហើយ​ ក៏បាន​ទៅ​កើតក្នុង​​ភពឯណោះ ដែល​កើត​ក្នុង​ភពនោះ ក៏មាន​​នាម​​យ៉ាងនេះ មាន​គោត្រ​​យ៉ាងនេះ មាន​វណ្ណៈ​​យ៉ាងនេះ មាន​អាហារ​​យ៉ាងនេះ សោយសុខ និងទុក្ខ​​យ៉ាងនេះ មាន​អាយុ​ត្រឹមប៉ុណ្ណេះ តថា​​គត​នោះ លុះច្យុតចាក​​អត្តភាព​នោះហើយ​ ក៏បាន​មកកើត​ក្នុង​​ភពនេះ ព្រះមាន​ព្រះភាគ​ទ្រង់​​ពោល​អាងការ​នៅ​​អាស្រ័យ​​ក្នុង​កាល​មុន ជាច្រើន​ប្រការ​ ព្រមទាំង​អាការ​ (គឺវណ្ណៈ និងអាហារ​ជាដើម) ព្រម​ទាំង​ឧទ្ទេស (គឺឈ្មោះ និង​គោត្រជាដើម) ដោយ​​ប្រការ​​ដូច្នេះ ព្រះមាន​ព្រះភាគ ទ្រង់​​ពោល​អាង​កាលជា​អតីត​របស់​ព្រះអង្គ ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ ទ្រង់​​ពោលអាងកាលជាអតីត របស់ពួក​​សត្វដទៃ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​​ពោល​អាង​អតីតជាតិ របស់​ពួក​​សត្វដទៃ ១ ជាតិខ្លះ ទ្រង់​​​ពោលអាង ២ ជាតិ​ខ្លះ។បេ។ ទ្រង់​​​ពោលអាង​សំវដ្ដវិវដ្ដកប្ប​​ដ៏ច្រើនខ្លះ ថា​​ (សត្វនេះ) បានកើត​ក្នុង​ភព​ឯណោះ មាន​នាម​​យ៉ាងនេះ មាន​គោត្រ​​យ៉ាងនេះ មាន​វណ្ណៈ​​យ៉ាងនេះ មាន​អាហារ​​យ៉ាងនេះ ទទួល​សុខទុក្ខ​​យ៉ាងនេះ មាន​អាយុ​ត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាក​​អត្តភាព​នោះហើយ​ ក៏​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ ដែល​កើត​ក្នុង​ភព​នោះ មាន​នាម​​យ៉ាងនេះ មាន​គោត្រ​​យ៉ាងនេះ មាន​វណ្ណៈ​​យ៉ាងនេះ មាន​អាហារ​​យ៉ាងនេះ ទទួល​សុខទុក្ខ​​យ៉ាងនេះ មាន​​អាយុត្រឹម​ប៉ុណ្ណេះ សត្វនោះ ច្យុតចាក​​អត្តភាព​នោះហើយ​ ក៏បាន​មកកើត​ក្នុង​ភព​នេះ ព្រះមាន​ព្រះភាគ ទ្រង់​​​ពោលអាង​ការ​នៅ​​អាស្រ័យ​​ក្នុង​​កាលមុន ច្រើនប្រការ​ ព្រមទាំង​អាការ​ ព្រមទាំង​ឧទ្ទេស ដោយ​​ប្រការ​ដូច្នេះ ព្រះមាន​ព្រះភាគ ទ្រង់​​ពោល​អាងកាល​ជាអតីត របស់​ពួក​សត្វ​ដទៃ ​យ៉ាងនេះ​ឯង។

ព្រះមាន​ព្រះភាគ ទ្រង់​សំដែង​ជាតកទាំង ៥០០ ឈ្មោះថា​​ ​ពោលអាង​កាល​ជាអតីត​របស់​ព្រះអង្គផ​ង របស់​ពួក​សត្វ​ដទៃផង ទ្រង់​សំដែង​​មហាធនិយសូត្រ ឈ្មោះថា​​ ​ពោល​អាង​កាលជា​អតីត​របស់​ព្រះអង្គផង របស់​ពួក​សត្វ​ដទៃផង ទ្រង់​​សំដែង​​មហាសុទស្សនសូត្រ ឈ្មោះថា​​ ​ពោល​អាងកាល​ជាអតីត​របស់​ព្រះអង្គ​ផង របស់​ពួក​សត្វ​ដទៃផង ទ្រង់​​សំដែង​​មហាគោវិន្ទសូត្រ ឈ្មោះថា​​ ​ពោលអាង​កាលជាអតីត​របស់ព្រះអង្គ​ផង របស់ពួក​​សត្វដទៃ​ផង ទ្រង់​​សំដែង​​មឃទេវសូត្រ ឈ្មោះថា​​ ​ពោលអាង​កាលជា​អតីត​របស់​ព្រះអង្គ​ផង របស់​ពួក​សត្វ​ដទៃ​ផង។

ដូច​ព្រះពុទ្ធដីកា ដែល​ព្រះមាន​ព្រះភាគត្រាស់ដូច្នេះថា​​ ម្នាល​ចុន្ទៈ ញាណ​ជាគ្រឿង​រលឹក​តាម​នូវ​ស្មារតី​នៃព្រះតថា​​គត ប្រារព្ធ​​កាលជា​អតីត រមែង​មាន​ ព្រះតថា​​គត​នោះ ប្រាថ្នា​ត្រឹមណា​ រលឹក​ឃើញ​បាន​ត្រឹមនោះ ម្នាល​ចុន្ទៈ ញាណជា​គ្រឿងរលឹក​តាមនូវ​ស្មារតី​នៃ​ព្រះតថា​​គត ប្រារព្ធ​​នូវកាល​ជា​អនាគត។បេ។ ម្នាល​ចុន្ទៈ ញាណ​ដែល​កើត​អំពី​ពោធិ​នៃ​ព្រះតថា​​គត ប្រារព្ធ​​កាលជា​បច្ចុប្បន្ន រមែង​​កើតឡើង​ថា​​ ជាតិនេះ មាន​ក្នុង​​ទីបំផុត​ ការ​កើត​ទៀតក្នុង​​កាល​ឥឡូវនេះ មិន​មាន។ ឥន្រ្ទិយ​បរោបរិយត្តញ្ញាណ ជា​តថា​​គត​ពលរបស់​ព្រះតថា​​គត សត្តានំអាសយានុសយញ្ញាណ ជា​តថា​​គតពល​របស់​ព្រះតថា​​គត យមកប្បាដិហិរិយញ្ញាណ ជា​តថា​​គតពល​របស់​ព្រះតថា​​គត មហាករុណា​​សមាបត្តិញ្ញាណ ជា​តថា​​គត​ពល​របស់​ព្រះតថា​​គត សព្វញ្ញុតញ្ញាណ ជា​តថា​​គតពល​របស់​ព្រះតថា​​គត អនាវរណញ្ញាណ ជា​តថា​​គតពល​របស់​ព្រះតថា​​គត សព្វត្ថអសង្គមប្បដិហតមនាវរណញ្ញាណ ជា​តថា​​គតពល​របស់​ព្រះតថា​​គត។ ព្រះមាន​ព្រះភាគ ទ្រង់​​ពោល​អាងជាតិ​ជាអតីតផង ​ពោល​អាងជាតិ​ជា​អនាគត​ផង ទ្រង់​​ពោល​អាង ប្រាប់ សំដែង​ ប្រញ័ប្ដ តាំងផ្ដើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស នូវ​ជាតិជា​បច្ចុប្បន្ន​របស់​ព្រះអង្គ​ផង របស់​ពួក​សត្វ​ដទៃផង ​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) ព្រះមាន​ព្រះភាគ​អង្គណា​ ​ពោលអាង​កាលជា​អតីត។ ពាក្យថា​​ ដូច្នេះ ក្នុង​បទថា​​ បោសាលៈ​មាន​​អាយុ ​ពោលដូច្នេះ ជាការ​តបទ។ ពាក្យថា​​ មាន​អាយុ គឺពាក្យ​ជា​ទីស្រឡាញ់។ ពាក្យថា​​ បោសាលៈ ជាឈ្មោះ។បេ។ ជាពាក្យ​ហៅ​​ព្រាហ្មណ៍នោះ ហេតុ​នោះ (ទើបមាន​​ពាក្យថា​​) បោសាលៈ​មាន​អាយុ​​ពោល​ដូច្នេះ។

[៣៧] ពាក្យថា​​ មិន​មាន​សេចក្តី​ញាប់ញ័រ ទ្រង់​កាត់​សេចក្តី​​សង្ស័យ សេចក្តី​ថា​​ តណ្ហា លោកហៅ​ថា​​ សេចក្តី​​ញាប់ញ័រ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តី​​ញាប់ញ័រ គឺ​តណ្ហានោះ ព្រះពុទ្ធ​មាន​ជោគ ទ្រង់​​លះបង់ ផ្ដិលផ្ដាច់​ឫសគល់ ធ្វើ​ឲ្យ​​សល់តែ​ទីនៅ​​ដូច​ជាទី​នៅ​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវការ​​មិន​មាន​​បែបភាព មិន​ឲ្យ​មាន​​ការ​កើត​តទៅ​​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មិន​មាន​​សេចក្តី​​ញាប់ញ័រ។ ព្រោះ​ទ្រង់​​លះសេចក្តី​​ញាប់ញ័រ ទើបឈ្មោះថា​​ មិន​មាន​​សេចក្តី​​ញាប់ញ័រ។ ព្រះមាន​ព្រះភាគ​មិន​​ញាប់ញ័រ​ក្នុង​លាភ​ផង មិន​ញាប់ញ័រ​ក្នុង​អលាភផង មិន​ញាប់ញ័រ​ក្នុង​​យសផង មិន​ញាប់ញ័រ​ក្នុង​អយស​ផង មិន​ញាប់ញ័រ​ក្នុង​សេចក្តី​​សរសើរ​ផង មិន​ញាប់ញ័រ​ក្នុង​និន្ទាផង មិន​ញាប់ញ័រ​ក្នុង​សុខ​ផង មិន​ញាប់ញ័រ មិន​កម្រើក មិន​រន្ធត់ មិន​កក្រើក មិន​កក្រើក​ព្រម ក្នុង​ទុក្ខផង ហេតុនោះ ទើបឈ្មោះថា​​ មិន​មាន​​សេចក្តី​​ញាប់ញ័រ។ ពាក្យថា​​ ទ្រង់​កាត់​សេចក្តី​​សង្ស័យ សេចក្តី​ថា​​ វិចិកិច្ឆា លោកហៅ​ថា​​ សេចក្តី​​សង្ស័យ គឺ​សេចក្តី​​សង្ស័យ​ក្នុង​ទុក្ខ។បេ។ សេចក្តី​​ញាប់ញ័រ​នៃចិត្ត សេចក្តី​​រសេមរសាម​នៃចិត្ត។ សេចក្តី​​សង្ស័យ​នោះ ព្រះពុទ្ធ​មាន​ជោគ ទ្រង់​​កាត់ ផ្ដាច់ ផ្ដិលផ្ដាច់ រំងាប់ ស្ងប់រម្ងាប់ ធើ្វមិន​​គួរឲ្យ​កើត​ឡើងបាន ដុតដោយ​​ភ្លើង គឺ​ញាណ​ហើយ​ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​ កាត់សេចក្តី​​សង្ស័យ ហេតុនោះ (លោក​​ពោលថា​​) មិន​មាន​​សេចក្តី​​ញាប់ញ័រ ទ្រង់​កាត់​សេចក្តី​​សង្ស័យ។

[៣៨] ពាក្យថា​​ ទ្រង់​ដល់​ត្រើយ​នៃធម៌ទាំងពួង គឺ​ព្រះមាន​ព្រះភាគ ទ្រង់​ដល់​ត្រើយ​​នៃការ​​ត្រាស់ដឹង ដល់​ត្រើយ​​នៃការ​កំណត់​ដឹង ដល់​ត្រើយ​​នៃការ​​លះបង់ ដល់​ត្រើយ​​នៃការ​​ចម្រើន ដល់​ត្រើយ​​នៃការ​ធ្វើ​​ឲ្យ​ជាក់ច្បាស់​ ដល់​ត្រើយ​​នៃសមាបត្តិ នៃធម៌​ទាំងពួង គឺថា​​ ទ្រង់​​ដល់​ត្រើយ​​នៃការ​​ត្រាស់ដឹង​នូវធម៌​ទាំងពួង។បេ។ ភពថ្មី គឺ​ជាតិ ជរា មរណៈ សង្សារ នៃ​ព្រះមាន​ព្រះភាគ​នោះ មិន​មាន​ ហេតុនោះ (លោក​​ពោលថា​​) ទ្រង់​ដល់​ត្រើយ​​នៃធម៌​ទាំងពួង។

[៣៩] ពាក្យថា​​ ពួក​ខ្ញុំព្រះអង្គជាអ្នក​ត្រូវការ​ដោយ​​ប្រស្នា ទើបមក​គាល់ គឺ​ពួក​ខ្ញុំ​ព្រះអង្គ​ត្រូវការ​​ដោយ​ប្រស្នា ទើបមក។បេ។ ដើម្បី​បំភ្លឺ ដើម្បី​សំដែង​ ហេតុនោះ (លោក​​ពោល​ថា​​) ពួក​ខ្ញុំ​ព្រះអង្គ​ជាអ្នក​ត្រូវ​ការ​ដោយ​​ប្រស្នា ទើបមក​គាល់ ​យ៉ាងនេះ​ក៏បាន។ ហេតុនោះ ព្រាហ្មណ៍​នោះ​​ពោលថា​​

(បោសាលមាន​អាយុ ក្រាបទូលដូច្នេះថា​​) ព្រះមាន​ព្រះភាគអង្គណា​ ​ពោលអាង​កាលជា​អតីត មិន​មាន​​សេចក្តី​​ញាប់ញ័រ ទ្រង់​កាត់​សេចក្តី​​សង្ស័យ ទ្រង់​ដល់​​ត្រើយ​នៃ​ធម៌ទាំងពួង ពួក​ខ្ញុំ​ព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​ប្រស្នា ទើប​មកគាល់ (ដើម្បី​​ទូលសួរ​ព្រះមាន​ព្រះភាគ​នោះ)។

[៤០] បពិត្រ​ព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គ​សូមទូល​សួរអំពី​​ញាណ​របស់​បុគ្គល​អ្នក​មាន​​រូបសញ្ញា​ជាក់ច្បាស់​ អ្នក​លះបង់​រូបារម្មណ៍​ទាំងអស់​ អ្នក​ឃើញ​​ទាំងខាង​ក្នុង​ ទាំងខាង​ក្រៅថា​​ វត្ថុបន្តិច​បន្តួច​មិន​មាន​ បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​ជ្រាបដោយ​​ប្រការ​​ដូច​ម្ដេច។

[៤១] ពាក្យថា​​ អ្នក​មាន​រូបសញ្ញាជាក់ច្បាស់​ មាន​​សំនួរថា​​ រូបសញ្ញា តើដូច​ម្ដេច។ សេចក្តី​​សំគាល់ អាការ​​នៃសេចក្តី​​សំគាល់ ភាពនៃ​សេចក្តី​​សំគាល់​របស់​បុគ្គល​អ្នក​ចូល​កាន់​​រូបាវចរ​សមាបត្តិ​ក្តី អ្នក​ញុំាង​រូបាវចរ​សមាបត្តិ​ឲ្យ​កើតក្តី អ្នក​មាន​​ឈានសុខ​ជា​គ្រឿង​នៅ​ក្នុង​​បច្ចុប្បន្ន​ក្តី នេះឈ្មោះ​ថា​​ រូបសញ្ញា។ ពាក្យថា​​ អ្នក​មាន​​រូបសញ្ញា​ជាក់ច្បាស់​ បាន​ន័យ​ថា​​ បុគ្គល​អ្នក​បានអ​រូបសមាបត្តិ​ទាំង ៤ ហើយ​ រមែង​​មាន​​រូបសញ្ញា (ការ​​សំគាល់រូប) ប្រាកដ ធ្វើ​​ឲ្យ​ជាក់ច្បាស់​ កន្លង រំលង ប្រព្រឹត្ត​កន្លង ហេតុនោះ (លោក​​ពោលថា​​) អ្នក​មាន​​រូបសញ្ញា​ជាក់ច្បាស់​។

[៤២] ពាក្យថា​​ អ្នក​លះរូបារម្មណ៍ទាំងអស់​ សេចក្តី​ថា​​ រូបកាយ​ប្រកបដោយ​​បដិសន្ធិ​ទាំងអស់​ បុគ្គល​នោះ លះបង់​ហើយ​ គឺថា​​ រូបកាយ​បុគ្គលនោះ​លះបង់​ហើយ​ ដោយ​​វិក្ខម្ភនប្បហាន ដែល​​ប្រព្រឹត្ត​កន្លង​នូវ​តទង្គប្បហាន ហេតុនោះ (លោក​​ពោលថា​​) អ្នក​លះ​រូបារម្មណ៍​ទាំងអស់។

[៤៣] ពាក្យថា​​ អ្នក​ឃើញ​ទាំងខាងក្នុង​ ទាំងខាងក្រៅថា​​ វត្ថុបន្តិច​បន្តួច មិន​មាន​ ត្រង់ពាក្យថា​​ វត្ថុបន្តិច​បន្តួច​មិន​មាន​ បានដល់​ អាកិញ្ចញ្ញាយតន​សមាបត្តិ។ អាកិញ្ចញ្ញា​យតនសមាបត្តិ ដោយ​​បរិកម្មថា​​ វត្ថុបន្តិច​បន្តួច​មិន​មាន​ តើព្រោះ​​ហេតុអ្វី។ បុគ្គល​មាន​ស្មារតី​ចូល​វិញ្ញាណញ្ចា​យតនសមាបត្តិ លុះចេញ​​ចាក​សមាបត្តិ​នោះហើយ​ ក៏ធ្វើ​​វិញ្ញាណ​នោះឯង​ឲ្យ​វិនាស បាត់បង់ សាបសូន្យ​ទៅ​វិញ ឈ្មោះថា​​ ឃើញ​ថា​​​វត្ថុបន្តិច​បន្តួច​មិន​មាន។ អាកិញ្ចញ្ញា​យតន​សមាបត្តិ ដោយ​​បរិកម្មថា​​ វត្ថុបន្តិច​បន្តួច​មិន​មាន​ ព្រោះ​ហេតុ​នោះឯង ហេតុនោះ (លោក​​ពោលថា​​) អ្នក​ឃើញ​​ទាំងខាងក្នុង​ ទាំងខាង​ក្រៅថា​​ វត្ថុបន្តិច​បន្តួច​មិន​មាន។

[៤៤] ពាក្យថា​​ សក្យពង្ស ក្នុង​បទថា​​ បពិត្រ​​ព្រះអង្គ​ជាសក្យពង្ស ខ្ញុំព្រះអង្គ​សូម​ទូលសួរ​អំពី​ញាណ គឺ​ព្រះមាន​ព្រះភាគ ឈ្មោះថា​​​សក្យពង្ស។ ដែល​​ព្រះមាន​ព្រះភាគ ឈ្មោះ​សក្យៈ ព្រោះ​ទ្រង់​​ចេញ​ចាក​​សក្យត្រកូល​ហើយ​បួស ក៏បាន។បេ។ ឈ្មោះសក្យៈ ព្រោះ​​ព្រះអង្គ​លះបង់​ភ័យ និងសេចក្តី​​តក់ស្លុត ប្រាសចាក​​ការ​ព្រឺរោម ក៏បាន។ ពាក្យថា​​ បពិត្រ​​ព្រះអង្គ​ជាសក្យពង្ស ខ្ញុំព្រះអង្គ​សូមទូល​សួរអំពី​​ញាណ បានន័យ​ថា​​ ខ្ញុំព្រះអង្គ​សូមទូល​សួរញាណ របស់​បុគ្គល​នោះថា​​ ប្រាកដ​ដូច​ម្ដេច មាន​ទ្រង់​​ទ្រាយ​ដូច​ម្ដេច មាន​ប្រការ​​ដូច​ម្ដេច មាន​ចំណែក​ប្រៀបដូច​​ម្ដេច ដែល​បុគ្គល​គប្បី​ប្រាថ្នា ហេតុនោះ (លោក​​ពោលថា​​) បពិត្រ​​ព្រះអង្គជា​សក្យពង្ស ខ្ញុំព្រះអង្គ​សូមទូល​សួរអំពី​​ញាណ។

[៤៥] ពាក្យថា​​ បុគ្គលមាន​សភាពដូច្នោះ តើព្រះអង្គ​ជ្រាបដោយ​​ប្រការ​​ដូច​ម្ដេច សេចក្តី​​ថា​​ បុគ្គលនោះ តើព្រះអង្គ​ជ្រាប ជ្រាបសព្វ ជ្រាបច្បាស់​ យល់ច្បាស់​ ពិនិត្យ​ច្បាស់​ សំឡឹង ជ្រះថ្លា ដោយ​​ប្រការ​​ដូច​ម្ដេច គឺថា​​ ញាណ​ដ៏​ក្រៃលែង​របស់​បុគ្គលនោះ ព្រះអង្គ​គប្បី​​ឲ្យ​កើតឡើង​ដូច​ម្ដេច។ ពាក្យថា​​ មាន​​សភាព​ដូច្នោះ គឺមាន​​ប្រការ​​ដូច្នោះ ប្រាកដ​ដូច្នោះ មាន​ទ្រង់​​ទ្រាយ​ដូច្នោះ មាន​សភាព​ដូច្នោះ មាន​ចំណែក​ប្រៀបដូច្នោះ បានដល់​ បុគ្គលអ្នក​​បាន​អាកិញ្ចញ្ញា​យតន​សមាបត្តិ ហេតុនោះ (លោក​​ពោលថា​​) បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​ជ្រាបដោយ​​ប្រការ​​ដូច​ម្ដេច ហេតុនោះ ព្រាហ្មណ៍នោះ​​ពោលថា​​

បពិត្រ​ព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គ​សូមទូល​សួរអំពី​​ញាណ​របស់​បុគ្គល​អ្នក​មាន​​រូបសញ្ញា​ជាក់ច្បាស់​ អ្នក​លះបង់​រូបារម្មណ៍​ទាំងអស់​ អ្នក​ឃើញ​​ទាំងខាង​ក្នុង​ ទាំងខាង​ក្រៅថា​​ វត្ថុ​បន្តិចបន្តួច​មិន​មាន​ បុគ្គល​មាន​សភាព​ដូច្នោះ តើព្រះអង្គ​ជ្រាប​ដោយ​ប្រការ​​ដូច​ម្តេច។

[៤៦] (ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បោសាលៈ) ព្រះតថា​​គត ទ្រង់​ជ្រាប​ច្បាស់​នូវ​វិញ្ញាណដ្ឋិតិ​ទាំងពួង ទើបទ្រង់​​ជ្រាបនូវ​បុគ្គល​នោះ ដែល​កំពុង​រស់នៅ​ មាន​ចិត្ត​ងប់ (ក្នុង​​អាកិញ្ចញ្ញាយតនៈ) មាន​​អាកិញ្ចញ្ញាយតនៈ​នោះ ប្រព្រឹត្ត​ទៅ​ខាង​មុខ។

[៤៧] ពាក្យថា​​ វិញ្ញាណដ្ឋិតិទាំងពួង អធិប្បាយ​ថា​​ ព្រះមាន​ព្រះភាគ​ទ្រង់​​ជ្រាប​វិញ្ញាណដ្ឋិតិ ៤ ដោយ​​អំណា​ច​អភិសង្ខារ​ ទ្រង់​ជ្រាប​វិញ្ញាណដ្ឋិតិ ៧ ដោយ​​អំណា​ច​បដិសន្ធិ។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​វិញ្ញាណដ្ឋិតិ ៤ ដោយ​​អំណា​ច​អភិសង្ខារ​ តើ​ដូច​ម្ដេច។ ព្រះពុទ្ធ​ដីកា​ដែល​​ព្រះមាន​ព្រះភាគ​ត្រាស់​ដូច្នេះថា​​ ម្នាល​​ភិក្ខុ​ទាំងឡាយ វិញ្ញាណ​អាស្រ័យ​​រូប​ខ្លះ​ហើយ​​ឋិតនៅ​ រមែង​​ឋិតនៅ​ មាន​រូប​ជា​អារម្មណ៍ មាន​រូប​ជាទី​តម្កល់ មាន​​សេចក្តី​​ត្រេកអរ​​ជាគ្រឿង​សេព រមែង​​ដល់​នូវ​សេចក្តី​​ចម្រើន សេចក្តី​​លូតលាស់ សេចក្តី​​ទូលំ​ទូលាយ ម្នាល​​ភិក្ខុទាំងឡាយ (វិញ្ញាណ) អាស្រ័យ​​វេទនា​ខ្លះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ (វិញ្ញាណ) អាស្រ័យ​​សញ្ញា​ខ្លះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ វិញ្ញាណ​អាស្រ័យ​​សង្ខារ​​ខ្លះ ហើយ​ឋិតនៅ​ រមែង​​ឋិតនៅ​ មាន​​សង្ខារ​ជា​អារម្មណ៍ មាន​សង្ខារ​​ជាទី​តម្កល់ មាន​​សេចក្តី​​ត្រេកអរ​​ជា​គ្រឿង​សេព ដល់​នូវ​សេចក្តី​​ចម្រើន សេចក្តី​​លូតលាស់ សេចក្តី​​ទូលំទូលាយ។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​វិញ្ញាណដ្ឋិតិ ៤ ដោយ​​អំណា​ច​អភិសង្ខារ​​​យ៉ាងនេះ។ ព្រះមាន​ព្រះភាគ​ទ្រង់​​ជ្រាប​វិញ្ញាណដ្ឋិតិ ៧ ដោយ​​អំណា​ច​បដិសន្ធិ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ​ត្រាស់ព្រះពុទ្ធ​ដីកា​នេះថា​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​ពួក​​សត្វមាន​​កាយផ្សេង​គ្នា មាន​សញ្ញា​ផ្សេងគ្នា​ ដូច​ពួក​​មនុស្ស និង​ទេវតា​ពួក​ខ្លះ វិនិបាតិកៈ​ពួក​ខ្លះ នេះ​វិញ្ញាណដ្ឋិតិ​ទី ១ ម្នាល​​ភិក្ខុ​ទាំងឡាយ មាន​ពួក​​សត្វមាន​​កាយផ្សេង​គ្នា មាន​សញ្ញា​ដូច​គ្នា ដូច​ពួក​​ទេវតា ប្រព្រឹត្ត​ទៅ​ក្នុង​ពួក​​ព្រហ្ម កើតដោយ​​បឋមជ្ឈាន នេះ វិញ្ញាណដ្ឋិតិ​ទី ២ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ពួក​​សត្វមាន​​កាយ​ដូច​​គ្នា មាន​​សញ្ញា​ផ្សេងគ្នា ដូច​ពួក​​ទេវតា​ជាន់​អាភស្សរៈ នេះ វិញ្ញាណដ្ឋិតិ​ទី ៣ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​ពួក​​សត្វមាន​​កាយដូច​​គ្នា មាន​សញ្ញា​ដូច​គ្នា ដូច​ពួក​​ទេវតា​ជាន់​សុភកិណ្ហកៈ នេះ វិញ្ញាណដ្ឋិតិទី ៤ ម្នាល​ភិក្ខុ​ទាំងឡាយ មាន​ពួក​​សត្វព្រោះ​​ប្រព្រឹត្ត​កន្លងរូបសញ្ញា ដោយ​​ប្រការ​​ទាំងពួង ដល់​នូវ​ការ​វិនាស​នៃ​បដិឃសញ្ញា មិន​ធ្វើ​​ទុកក្នុង​ចិត្ត​នូវ​នានត្តសញ្ញា ចូល​អាកាសានញ្ចាយតនៈ ដោយ​​បរិកម្ម​ថា​​ អាកាស​មិន​មាន​​ទីបំផុត​ នេះ វិញ្ញាណដ្ឋិតិទី ៥ (ពួក​សត្វ) ប្រព្រឹត្ត​កន្លង​អាកិញ្ចញ្ញាយតនៈ​ដោយ​​ប្រការ​​ទាំងពួង ចូល​វិញ្ញាណញ្ចា​យតនៈ ដោយ​​បរិកម្ម​ថា​​ វិញ្ញាណ​មិន​មាន​​ទីបំផុត​ នេះ​វិញ្ញាណដ្ឋិតិ​ទី ៦ ពួក​សត្វ​ប្រព្រឹត្ត​កន្លង​វិញ្ញាណញ្ចាយតនៈ ដោយ​​ប្រការ​​ទាំងពួង ចូល​អាកិញ្ចញ្ញាយតនៈ ដោយ​បរិកម្ម​ថា​​ របស់​តិចតួច មិន​មាន​ នេះ​វិញ្ញាណដ្ឋិតិ​ទី ៧។ ព្រះមាន​ព្រះភាគ ទ្រង់​​ជ្រាប​វិញ្ញាណដ្ឋិតិ ៧ ដោយ​​អំណា​ច​បដិសន្ធិ ​យ៉ាងនេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) វិញ្ញាណដ្ឋិតិ​ទាំងពួង។ ពាក្យថា​​ បោសាលៈ ក្នុង​បទថា​​ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​បោសាលៈ គឺ​ព្រះមាន​ព្រះភាគ​ត្រាស់ហៅ​​ព្រាហ្មណ៍​នោះ​តាមឈ្មោះ។ ពាក្យថា​​ ព្រះមាន​ព្រះភាគ​នុ៎ះ​ ជាពាក្យ​និយាយ​ដោយ​​គោរព។បេ។ បញ្ញត្តិថា​​ ព្រះមាន​ព្រះភាគ​នេះ កើត​ព្រោះ​ការ​​ត្រាស់ដឹង ហេតុនោះ (ទើប​មាន​​ពាក្យថា​​) ព្រះមាន​ព្រះភាគ​ទ្រង់​​ត្រាស់ថា​​ ម្នាល​​បោសាលៈ។

[៤៨] អធិប្បាយពាក្យថា​​ ព្រះតថា​​គតទ្រង់​​ជ្រាបច្បាស់​ ត្រង់ពាក្យថា​​ ជ្រាបច្បាស់​ គឺ​យល់ច្បាស់​ ដឹងប្រាកដ ចាក់ធ្លុះ។ ពាក្យថា​​ ព្រះតថា​​គត​មាន​ន័យ​ដូច​តទៅ​​នេះ មែនពិត ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់​ពាក្យនេះ​ថា​​ ម្នាល​ចុន្ទៈ បើពាក្យ​អតីត ជាពាក្យ​មិន​ពិត មិន​ទៀង មិន​​ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត​មិន​​ពោល​ពាក្យនោះ ម្នាល​ចុន្ទៈ បើពាក្យ​អតីត ជាពាក្យពិត ទៀងត្រង់ តែមិន​​ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត​ក៏មិន​​​ពោលពាក្យ​នោះ ម្នាល​​ចុន្ទៈ បើពាក្យ​អតីត ជាពាក្យ​ពិត ទៀងត្រង់ ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត​ជាអ្នក​​ដឹងកាល​គួរ ទើប​ព្យាករ​ប្រស្នានោះ ក្នុង​ពាក្យ​នោះ ម្នាល​ចុន្ទៈ បើពាក្យ​អនាគត។បេ។ ម្នាល​​ចុន្ទៈ បើពាក្យ​បច្ចុប្បន្ន ជាពាក្យ​មិន​ពិត មិន​ទៀង​ត្រង់ មិន​ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត​មិន​​ពោល​ពាក្យនោះ ម្នាល​ចុន្ទៈ បើពាក្យ​បច្ចុប្បន្ន ជាពាក្យពិត ទៀងត្រង់ តែ​មិន​ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត ក៏មិន​​​ពោលពាក្យ​នោះ ម្នាល​ចុន្ទៈ បើពាក្យ​បច្ចុប្បន្ន​ជាពាក្យ​ពិត ទៀងត្រង់ ប្រកប​ដោយ​​ប្រយោជន៍ ព្រះតថា​​គត​ជាអ្នក​​ដឹង​កាលគួរ ទើបព្យាករ​ប្រស្នានោះ ក្នុង​​ពាក្យនោះ ម្នាល​ចុន្ទៈ ព្រះតថា​​គត​ជាអ្នក​​ពោល​តាមកាល ​ពោលពាក្យ​ពិត ​ពោលអត្ថ ​ពោលធម៌ ​ពោលវិន័យ ក្នុង​ធម៌​ទាំងឡាយ​ជាអតីត អនាគត បច្ចុប្បន្ន ដោយ​​ប្រការ​​ដូច្នេះឯង ហេតុនោះ ទើបហៅ​ថា​​ ព្រះតថា​​គត។ ម្នាល​ចុន្ទៈ ធម្មជាត​​ណា​ ដែល​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ទាំងពួក​​សត្វ ព្រម​ទាំង​សមណៈ និងព្រាហ្មណ៍ មនុស្ស​ជាសម្មតិទេព និងមនុស្ស​​ដ៏សេស ឃើញ​ ឮ ប៉ះពាល់ ដឹងច្បាស់​ សម្រេច​ ស្វែងរក​​ ពិចារណា​ ធម្មជាត​​ទាំងអស់​​នោះ ព្រះតថា​​គត​ត្រាស់ដឹង​ហើយ​​ដោយ​ចិត្ត ហេតុនោះ ទើបហៅ​ថា​​ ព្រះតថា​​គត។ ម្នាល​ចុន្ទៈ ព្រះតថា​​គត​ត្រាស់ដឹង​សម្មាសម្ពោធិញ្ញាណ​​ដ៏​ក្រៃលែង​ក្នុង​រាត្រី​ណា​ បរិនិព្វាន​ដោយ​​អនុបាទិសេសនិព្វានធាតុ ក្នុង​រាត្រី​ណា​ រមែង​​ពោល ចរចា សំដែង​​នូវពាក្យ​ណា​ ក្នុង​ចន្លោះ​នៃការ​ត្រាស់​ដឹង និងការ​​បរិនិព្វាន​នោះ របស់​ទាំងអស់​​នោះ នៅ​ដូច​​ដែល​​មិន​ប្រែប្រួល​ទេ ហេតុនោះ ទើបហៅ​ថា​​ ព្រះតថា​​គត។ ម្នាល​ចុន្ទៈ ព្រះតថា​​គត​​ពោល​​យ៉ាងណា​ ធ្វើ​​យ៉ាង​នោះ ធ្វើ​​យ៉ាងណា​ ​ពោល​​យ៉ាង​នោះ ព្រោះ​ហេតុ​តែ​ព្រះតថា​​គត ​ពោល​យ៉ាង​ណា​ ធ្វើ​​យ៉ាង​នោះ ធ្វើ​​យ៉ាងណា​ ​ពោល​​យ៉ាងនោះ ហេតុនោះ ទើបហៅ​ថា​​ ព្រះតថា​​គត។ ម្នាល​ចុន្ទៈ ព្រះតថា​​គត​គ្របសង្កត់​នូវ​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពួក​សត្វ ព្រមទាំង​សមណៈ និង​ព្រាហ្មណ៍ មនុស្ស​ជា​សម្មតិទេព និងមនុស្ស​​ដ៏សេស មិន​មាន​​អ្នក​ណា​​គ្របសង្កត់​បាន តែង​​ឃើញ​ពិត ញ៉ាំង​អំណា​ចឲ្យ​​ប្រព្រឹត្តទៅ​ ហេតុនោះ ទើបហៅ​ថា​​ ព្រះតថា​​គត ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ព្រះតថា​​គត ទ្រង់​ជ្រាប​ច្បាស់​។

[៤៩] ពាក្យថា​​ ទើបទ្រង់​ជ្រាបនូវបុគ្គលនោះ ដែល​កំពុង​រស់នៅ​ អធិប្បាយថា​​ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​នូវបុគ្គល​ដែល​ឋិត​នៅ​ក្នុង​​ទីនេះឯង ដោយ​​អំណា​ច​កម្មាភិសង្ខារ​​ថា​​ បុគ្គល​នេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើតក្នុង​​អបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​នូវបុគ្គល​ដែល​ឋិត​នៅ​ក្នុង​​ទីនេះឯង ដោយ​​អំណា​ច​កម្មាភិសង្ខារ​​ថា​​ បុគ្គលនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើតក្នុង​​កំណើត​តិរច្ឆាន។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​នូវបុគ្គល​ដែល​ឋិត​នៅ​ ក្នុង​ទី​នេះឯង ដោយ​​អំណា​ច​កម្មាភិសង្ខារ​​ថា​​ បុគ្គលនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើតក្នុង​​បិត្តិវិស័យ។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាប​នូវបុគ្គល​ដែល​ឋិត​នៅ​ក្នុង​​ទីនេះឯង ដោយ​​អំណា​ច​កម្មាភិសង្ខារ​​ថា​​ បុគ្គល​នេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើតក្នុង​​ពួក​​មនុស្ស។ ព្រះមាន​ព្រះភាគ ទ្រង់​​ជ្រាបនូវ​បុគ្គល​ដែល​ឋិត​នៅ​ក្នុង​​ទីនេះឯង ដោយ​​អំណា​ច​កម្មាភិសង្ខារ​​ថា​​ បុគ្គល​នេះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ​ នឹងទៅ​​កើតក្នុង​​សុគតិ សួគ៌ ទេវលោក។ ដូច​ពាក្យ​ដែល​​ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា​​ ម្នាល​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ ដោយ​​ចិត្ត​យ៉ាង​នេះថា​​ បុគ្គលនេះ​ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាល​​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដោយ​ចិត្ត​​យ៉ាងនេះ​ថា​​ បុគ្គលនេះ ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើតក្នុង​​កំណើត​តិរច្ឆាន។ ម្នាល​​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ ដោយ​ចិត្ត​​យ៉ាងនេះ​ថា​​ បុគ្គលនេះ​ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​​កើត​ក្នុង​​បិត្តិវិស័យ។ ម្នាល​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដោយ​ចិត្ត​​យ៉ាងនេះ​ថា​​ បុគ្គល​នោះ ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ​ នឹងទៅ​​កើតក្នុង​​ពួក​មនុស្ស។ ម្នាល​​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់​បុគ្គលពួក​​ខ្លះ ក្នុង​លោកនេះ ដោយ​ចិត្ត​​យ៉ាងនេះ​ថា​​ បុគ្គលនេះ ​ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ​ នឹងទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក។ ម្នាល​​សារីបុត្ត តថា​​គត​កំណត់​ដឹងចិត្ត​របស់បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ​ ដោយ​​ចិត្ត​​យ៉ាងនេះ​ថា​​ បុគ្គលនេះ ប្រតិបត្តិ​ដូច្នោះ ប្រព្រឹត្ត​ដូច្នោះ ឡើងកាន់​​ផ្លូវនោះ នឹងត្រាស់​ដឹងដោយ​​ខ្លួនឯង ធ្វើ​ឲ្យ​​ជាក់ច្បាស់​ សម្រេច​​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​​មាន​​អាសវៈ ព្រោះ​អស់​​ទៅ​នៃ​អាសវៈ​ទាំងឡាយ ហើយ​​សម្រេច​​សម្រាន្ត​នៅ​ក្នុង​​បច្ចុប្បន្ន ហេតុ​នោះ (ទ្រង់​ត្រាស់ថា​​) ទើបទ្រង់​​ជ្រាបនូវ​បុគ្គលនោះ ដែល​កំពុង​រស់នៅ។

[៥០] អធិប្បាយពាក្យថា​​ អ្នក​មាន​ចិត្តងប់ (ក្នុង​​អាកិញ្ចញ្ញាយតនៈ) មាន​​អាកិញ្ចញ្ញា​យតនៈ​នោះប្រព្រឹត្ត​ទៅ​ខាងមុខ ត្រង់ពាក្យថា​​ អ្នក​មាន​​ចិត្តងប់ គឺ​មាន​ចិត្តងប់​ក្នុង​​អាកិញ្ចញ្ញា​យតនៈ ជ្រប់ក្នុង​​អាកិញ្ចញ្ញាយតនៈ​នោះ មាន​​អាកិញ្ចញ្ញាយតនៈ​នោះ ជាអធិបតី។ មួយទៀត ព្រះមាន​ព្រះភាគ​ទ្រង់​​ជ្រាបថា​​ បុគ្គល​នេះងប់​ក្នុង​រូប ងប់ក្នុង​​សំឡេង ងប់ក្នុង​​ក្លិន ងប់ក្នុង​​រស​ ងប់ក្នុង​​ផោដ្ឋព្វៈ ងប់ក្នុង​​ត្រកូល ងប់ក្នុង​​គណៈ ងប់ក្នុង​​អាវាស ងប់ក្នុង​​លាភ ងប់ក្នុង​​យស ងប់ក្នុង​​សេចក្តី​​សរសើរ ងប់ក្នុង​​សុខ ងប់ក្នុង​​ចីវរ ងប់ក្នុង​​បិណ្ឌបាត ងប់ក្នុង​​សេនាសនៈ ងប់ក្នុង​​គិលានប្បច្ចយភេសជ្ជបរិក្ខារ ងប់ក្នុង​​ព្រះសូត្រ ងប់ក្នុង​​វិន័យ ងប់ក្នុង​​អភិធម្ម ងប់ក្នុង​​បំសុកូលិកង្គៈ ងប់ក្នុង​​តេចីវរិកង្គៈ ងប់ក្នុង​​បិណ្ឌបាតិកង្គៈ ងប់ក្នុង​​សបទានចារិកង្គៈ ងប់ក្នុង​​ឯកាសនិកង្គៈ ងប់ក្នុង​​បត្តបិណ្ឌិកង្គៈ ងប់ក្នុង​​ខលុបច្ឆាភត្តិកង្គៈ ងប់ក្នុង​​អារញ្ញិកង្គៈ ងប់ក្នុង​​រុក្ខមូលិកង្គៈ ងប់ក្នុង​​អព្ភោកាសិកង្គៈ ងប់ក្នុង​​សោសានិកង្គៈ ងប់ក្នុង​​យថា​​សន្ថតិកង្គៈ ងប់ក្នុង​​នេសជ្ជិកង្គៈ ងប់ក្នុង​​បឋមជ្ឈាន ងប់ក្នុង​​ទុតិយជ្ឈាន ងប់ក្នុង​​តតិយជ្ឈាន ងប់ក្នុង​​ចតុត្ថជ្ឈាន ងប់ក្នុង​​អាកាសានញ្ចា​យតនសមាបត្តិ ងប់ក្នុង​​វិញ្ញាណញ្ចា​យតនសមាបត្តិ​ ងប់ក្នុង​​អាកិញ្ចញ្ញា​យតនសមាបត្តិ ងប់ក្នុង​​នេវសញ្ញានា​សញ្ញា​យតនសមាបត្តិ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) អ្នក​​មាន​​ចិត្តងប់។ ពាក្យថា​​ មាន​​អាកិញ្ចញ្ញាយតន​ប្រព្រឹត្ត​ទៅ​ខាង​មុខ គឺ​សម្រេច​​ដោយ​​អាកិញ្ចញ្ញា​យតនៈ មាន​​សមាបត្តិ​នោះប្រព្រឹត្ត​ទៅ​ខាង​មុខ មាន​កម្ម​ប្រព្រឹត្ត​ទៅ​ខាង​មុខ មាន​​វិបាក​ប្រព្រឹត្ត​ទៅ​ខាងមុខ ធ្ងន់​ដោយ​កម្ម ធ្ងន់ដោយ​​បដិសន្ធិ។ មួយវិញ​ទៀត ព្រះមាន​ព្រះភាគ​ទ្រង់​ជ្រាប​ថា​​ បុគ្គលនេះ មាន​រូប​ប្រព្រឹត្ត​ទៅ​ខាង​មុខ។បេ។ មាន​​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ​ប្រព្រឹត្ត​ទៅ​​ខាងមុខ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ជាអ្នក​​មាន​​ចិត្តងប់ក្នុង​​អាកិញ្ចញ្ញាយតនៈ មាន​​អាកិញ្ចញ្ញាយតនៈ​នោះប្រព្រឹត្ត​ទៅ​ខាង​មុខ។​ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

(ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បោសាលៈ) ព្រះតថា​​គត​ទ្រង់​ជ្រាប​ច្បាស់​នូវ​វិញ្ញាណដ្ឋិតិ​ទាំងពួង ទើបទ្រង់​​ជ្រាបនូវ​បុគ្គលនោះ ដែល​​កំពុង​រស់នៅ​ មាន​ចិត្ត​ងប់ក្នុង​​អាកិញ្ចញ្ញាយតនៈ មាន​​អាកិញ្ចញ្ញាយតនៈ​នោះ​ប្រព្រឹត្ត​ទៅ​ខាង​មុខ។

[៥១] បុគ្គលដឹងនូវការ​កើតព្រមនៃអាកិញ្ចញ្ញា ដឹងនូវ​សេចក្តី​​រីករាយ ជាគ្រឿង​ប្រកប​ដូច្នេះ លុះដឹង​ច្បាស់​សេចក្តី​​នុ៎ះ​យ៉ាងនេះ ហើយ​​ចេញ​អំពី​​សមាបត្តិ​នោះ រមែង​​ឃើញ​ច្បាស់​​ក្នុង​​សមាបត្តិ​នោះ នេះឯង​ជាញាណ​​ដ៏ពិត​ប្រាកដ​របស់​ព្រាហ្មណ៍ ដែល​មាន​​ព្រហ្មចរិយៈ​នៅ​រួច​ហើយ​នោះ។

[៥២] ពាក្យថា​​ ដឹងនូវការ​កើតព្រមនៃអាកិញ្ចញ្ញា សេចក្តី​ថា​​ កម្មាភិសង្ខារ​ ដែល​​ញ៉ាំង​អាកិញ្ចញ្ញាយតនៈ​ឲ្យ​ប្រព្រឹត្ត​ទៅ​ព្រម លោកហៅ​ថា​​ ការ​កើត​ព្រមនៃ​អាកិញ្ចញ្ញា។ បុគ្គលដឹង​នូវ​កម្មាភិសង្ខារ​ ដែល​ញ៉ាំង​អាកិញ្ចញ្ញាយតនៈ​ឲ្យ​ប្រព្រឹត្ត​ទៅ​ព្រមថា​​ ការ​កើត​ព្រម​នៃ​អាកិញ្ចញ្ញា ដឹងថា​​​ជាគ្រឿង​ជាប់ ដឹងថា​​​ជាចំណង ដឹង ស្គាល់ ស្ទង់មើល ពិចារណា​ ចម្រើន ធ្វើ​ឲ្យ​​ប្រាកដ​ថា​​ជា​គ្រឿង​កង្វល់ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ដឹងនូវ​ការ​កើត​ព្រមនៃ​អាកិញ្ចញ្ញា។

[៥៣] ពាក្យថា​​ សេចក្តី​រីករាយជាគ្រឿងប្រកប​ដូច្នេះ គឺសេចក្តី​​ត្រេកត្រអាល​ក្នុង​អរូប ហៅ​ថា​​ សេចក្តី​​រីករាយ​ជាគ្រឿង​ប្រកប។ កម្មនោះ ជាប់ ជាប់ស្អិត ខ្វល់ ដោយ​​សេចក្តី​​ត្រេកត្រអាល​ក្នុង​អរូប បុគ្គល​ដឹងនូវ​សេចក្តី​​ត្រេកត្រអាល​ក្នុង​​អរូប​ថា​​ សេចក្តី​​រីករាយ​ជាគ្រឿង​ប្រកប ដឹងថា​​​ជាគ្រឿង​ជាប់ ដឹងថា​​​ជាគ្រឿង​ចង ដឹង ស្គាល់ ស្ទង់មើល ពិចារណា​ ចម្រើន ធ្វើ​ឲ្យ​​ជាក់ច្បាស់​​ថា​​ជា​កង្វល់។ ពាក្យថា​​ ដូច្នេះ ជាការ​​តបទ។បេ។ ពាក្យថា​​ ដូច្នេះ នេះជា​លំដាប់​បទ ហេតុនោះ (ទ្រង់​ត្រាស់ថា​​) សេចក្តី​​រីករាយ​ជាគ្រឿង​ប្រកប​ដូច្នេះ។

[៥៤] ពាក្យថា​​ លុះដឹងច្បាស់​ សេចក្តី​នុ៎ះ​​យ៉ាងនេះ​ហើយ​ គឺ ដឹង ស្គាល់ ស្ទង់មើល ពិចារណា​ ចម្រើន ធ្វើ​ឲ្យ​​ប្រាកដ​នូវសេចក្តី​​នុ៎ះ ​យ៉ាងនេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) លុះដឹង​ច្បាស់​សេចក្តី​​នុ៎ះ ​យ៉ាងនេះ​ហើយ។

[៥៥] ពាក្យថា​​ ចេញ​អំពី​សមាបត្តិនោះ រមែង​ឃើញ​​ច្បាស់​ក្នុង​​សមាបត្តិ​នោះ គឺចូល​អាកិញ្ចញ្ញាយតនៈ ហើយ​ចេញ​​ចាក​​សមាបត្តិ​នោះ រមែង​​ឃើញ​ច្បាស់​​នូវពួក​ធម៌​ គឺ​ចិត្ត និងចេតសិក ដែល​កើត​ក្នុង​​សមាបត្តិ​នោះថា​​ មិន​ទៀង ឃើញ​ច្បាស់​​ថា​​ជាទុក្ខ យល់​ច្បាស់​ ឃើញ​ ក្រឡេក​មើល សំឡឹងមើល កំណត់មើល ថា​​ជារោគ។បេ។ ថា​​មិន​ជា​ទីរលាស់ទុក្ខ ហេតុនោះ (ទ្រង់​ត្រាស់ថា​​) ចេញ​អំពី​​សមាបត្តិ​នោះ រមែង​​ឃើញ​ច្បាស់​​ក្នុង​​សមាបត្តិ​នោះ។

[៥៦] ពាក្យថា​​ នេះឯងជាញាណ​ដ៏ពិតប្រាកដ​របស់ព្រាហ្មណ៍​នោះ សេចក្តី​ថា​​ ញាណនុ៎ះ របស់​ព្រាហ្មណ៍​នោះ ជាធម្មជាត​​ពិត ទៀង ប្រាកដ មិន​ប្រែប្រួល ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) នេះឯង​ជាញាណ​​ដ៏ពិតប្រាកដ​របស់​ព្រាហ្មណ៍​នោះ។

[៥៧] ពាក្យថា​​ របស់ព្រាហ្មណ៍ ក្នុង​បទថា​​ របស់ព្រាហ្មណ៍ ដែល​មាន​​ព្រហ្មចរិយៈ​នៅ​រួច​ហើយ​ គឺ​ឈ្មោះថា​​​ព្រាហ្មណ៍ ព្រោះ​​បន្សាត់បង់​ធម៌ទាំង ៧។បេ។ ជាបុគ្គល​មិន​​អាស្រ័យ​​កិលេស មិន​ញាប់ញ័រ បុគ្គលនោះ លោក​ហៅ​ថា​​ ព្រាហ្មណ៍ ហេតុនោះ (ទ្រង់​​ត្រាស់​ថា​​) របស់​ព្រាហ្មណ៍។ ពាក្យថា​​ មាន​ព្រហ្មចរិយៈ​នៅ​រួចហើយ​ បានដល់​​ពួក​សេក្ខៈ​ទាំង ៧ រាប់បញ្ចូល​ទាំង​កល្យាណបុថុជ្ជន រមែង​នៅ​ នៅ​គ្រប់គ្រង នៅ​ថែទាំ នៅ​និត្យ ដើម្បី​​សម្រេច​​គុណវិសេស​ដែល​មិន​​ទាន់ដល់​ ដើម្បី​​បានធម៌​ដែល​មិន​​ទាន់បាន ដើម្បី​​ធ្វើ​ឲ្យ​ជាក់ច្បាស់​​នូវធម៌​ដែល​​មិន​ទាន់​ធ្វើ​ឲ្យ​​ជាក់ច្បាស់​។ ព្រះអរហន្ត​មាន​​ព្រហ្មចរិយៈ​នៅ​រួច​ហើយ​ មាន​​ករណីយកិច្ច​ធ្វើ​រួចហើយ​ មាន​ភារៈ​ដាក់ចុះហើយ​ មាន​​ប្រយោជន៍​ខ្លួនសម្រេច​​ហើយ​ មាន​​សញ្ញោជនៈ​ក្នុង​ភព​អស់​រលីង​ហើយ​ មាន​ចិត្តផុត​ស្រឡះ​ហើយ​ ព្រោះ​ដឹង​ដោយ​​ប្រពៃ ព្រះអរហន្តនោះ ឈ្មោះថា​​​មាន​​អរិយវាស​នៅ​រួចហើយ​ មាន​​ចរណៈ​សន្សំ​ហើយ។បេ។ ភពថ្មី គឺ​ជាតិ ជរា មរណៈ សង្សារ របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) របស់​ព្រាហ្មណ៍ ដែល​មាន​​ព្រហ្មចរិយៈ​នៅ​រួច​ហើយ។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

បុគ្គល ដឹងនូវការ​កើតព្រម​នៃអាកិញ្ចញ្ញា ដឹងនូវ​សេចក្តី​​រីករាយ​ជាគ្រឿង​ប្រកប ដូច្នេះ លុះដឹង​ច្បាស់​សេចក្តី​​នុ៎ះ​​យ៉ាងនេះ ហើយ​ចេញ​​អំពី​​សមាបត្តិ​នោះ រមែង​​ឃើញ​ច្បាស់​​ក្នុង​​សមាបត្តិ​នោះ នេះឯង​ជាញាណ​​ដ៏ពិតប្រាកដ​របស់​ព្រាហ្មណ៍ ដែល​មាន​​ព្រហ្មចរិយធម៌​​នៅ​រួច​ហើយ​នោះ។

លុះចប់គាថា​​។បេ។ បពិត្រ​ព្រះអង្គ​​ដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ ជាសាស្ដា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​សូមជា​សាវ័ក។

ចប់ បោសាលមាណវកប្បញ្ហានិទ្ទេស ទី១៤។

មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥

[៥៨] (មោឃរាជមាន​អាយុ ទូលដូច្នេះថា​​) បពិត្រ​​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គបានទូល​សួរ អស់​វារៈ​ពីរដង​រួចហើយ​ ព្រះអង្គ​មាន​ចក្ខុ ទ្រង់​​មិន​ទាន់​ដោះស្រាយ​ចំពោះ​​ខ្ញុំព្រះអង្គ​នៅ​ឡើយ ខ្ញុំព្រះអង្គ​បានឮថា​​ ព្រះអង្គ​ជា​ទេវឫសី (កាលបើ​មាន​គេសាកសួរ) អស់​វារៈ​បីដង ទ្រង់​តែង​​តែព្យាករ​ពុំខាន។

[៥៩] ពាក្យថា​​ បពិត្រ​ព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គ​បានទូល​សួរអស់​​វារៈពីរ​ដងរួច​ហើយ​ អធិប្បាយ​ថា​​ ព្រាហ្មណ៍​នោះ បានទូល​សួរប្រស្នា​ចំពោះ​​ព្រះពុទ្ធ​មាន​ព្រះភាគ អស់​វារៈ​ពីរដងរួច​ហើយ​ តែ​ព្រះមាន​ព្រះភាគ កាល​ព្រាហ្មណ៍​នោះ សួរប្រស្នា​ហើយ​ ទ្រង់​​មិន​ទាន់​ព្យាករនៅ​​ឡើយ ដោយ​​ទ្រង់​​ព្រះតម្រិះថា​​ ព្រាហ្មណ៍​នេះ នឹងមាន​​ឥន្រ្ទិយ​ចាស់ក្លា ក្នុង​កាល​ជាលំដាប់​​ស្មើនៃ​ធម្មចក្ខុ។ ពាក្យថា​​ បពិត្រ​​ព្រះអង្គ​ជាសក្កៈ គឺ​ព្រះមាន​ព្រះភាគ ឈ្មោះថា​​​សក្កៈ។ ដែល​​ព្រះមាន​ព្រះភាគ​ឈ្មោះសក្កៈ ព្រោះ​ហេតុ​ទ្រង់​ចេញ​​ចាក​សក្យត្រកូល​ហើយ​​បួស​ក៏បាន។ ឬថា​​ ឈ្មោះសក្កៈ ព្រោះ​​ហេតុទ្រង់​​ស្តុកស្តម្ភ មាន​ទ្រព្យ​ច្រើន មាន​​ធនធាន ក៏បាន។ នេះទ្រព្យ​របស់​ព្រះអង្គ គឺ ទ្រព្យ​គឺ​សទ្ធា ទ្រព្យ​គឺ​សីល ទ្រព្យគឺ​ហិរិ ទ្រព្យ​គឺ​ឱត្តប្បៈ ទ្រព្យ​គឺ​សុតៈ ទ្រព្យ​គឺ​ចាគៈ ទ្រព្យ​គឺ​បញ្ញា ទ្រព្យ​គឺ​សតិប្បដ្ឋាន ទ្រព្យ​គឺ​សម្មប្បធាន ទ្រព្យ​គឺ​ឥទ្ធិបាទ ទ្រព្យ​គឺ​ឥន្រ្ទិយ ទ្រព្យ​គឺ​ពលៈ ទ្រព្យ​គឺ​ពោជ្ឈង្គ ទ្រព្យ​គឺ​មគ្គ ទ្រព្យ​គឺ​ផល ទ្រព្យ​គឺ​និពា្វន។ ព្រះនាម​សក្កៈ ព្រោះ​ហេតុ​ព្រះអង្គ​ស្តុកស្ដម្ភ មាន​​ទ្រព្យច្រើន មាន​​ធនធាន​ដោយ​ទ្រព្យ​​ដ៏ប្រសើរ ច្រើន​ប្រការ​​ទាំងនេះ ក៏បាន។ ពុំនោះសោត ឈ្មោះសក្កៈ ព្រោះ​ហេតុ​ទ្រង់​អង់អាច មោះមុត ក្លាហាន មាន​​ព្យាយាម តស៊ូ ក្លៀវក្លា សង្វាត ប្រឹងប្រែង មិន​ខ្លាច មិន​រន្ធត់ មិន​​តក់ស្លុត មិន​រត់ចោល លះភ័យ​គួរខ្លាច មិន​ព្រឺរោម ក៏បាន។ ហេតុនោះ (លោក​​ពោលថា​​) បពិត្រ​​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ (បានទូលសួរ) អស់​វារៈ​ពីរដង​រួច​ហើយ។ ពាក្យថា​​ ខ្ញុំព្រះអង្គ​បានទូល​សួរ (សេចក្តី​ថា​​) បពិត្រ​​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​បាន​ទូលសួរ បានអង្វរ​ បានអារាធនា បានជ្រះថ្លា អស់​វារៈ​ពីរដង​រួចហើយ​ ហេតុនោះ (លោក​​ពោលថា​​) បពិត្រ​​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​បានទូល​សួរ​អស់​វារៈ​ពីរដង​រួចហើយ។ ពាក្យ​ថា​​ ដូច្នេះ នៃបទថា​​ មោឃរាជ​មាន​អាយុ​ទូលដូច្នេះ គឺ​ជាការ​​តបទ។ ពាក្យថា​​ មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់។ ពាក្យថា​​ មោឃរាជ ជាឈ្មោះ។បេ។ ជាពាក្យ​សម្រាប់​ហៅ​​ព្រាហ្មណ៍នោះ ហេតុនោះ (មាន​ពាក្យថា​​) មោឃរាជ​មាន​អាយុ​ទូលដូច្នេះ។

[៦០] អធិប្បាយពាក្យថា​​ ព្រះអង្គមាន​ចក្ខុ ទ្រង់​មិន​ទាន់​ដោះស្រាយ​ចំពោះ​​ខ្ញុំព្រះអង្គ​នៅ​ឡើយ ត្រង់ពាក្យថា​​ មិន​ទាន់​ដោះស្រាយ​ចំពោះ​​ខ្ញុំព្រះអង្គ គឺ​មិន​ទាន់​ប្រាប់ មិន​ទាន់​សំដែង​ មិន​ទាន់​បញ្ញត្ត មិន​ទាន់​តាំងទុក មិន​ទាន់​បើក មិន​ទាន់ចែក មិន​ទាន់​ធ្វើ​ឲ្យ​ងាយ មិន​ទាន់​ប្រកាស​ដល់​ខ្ញុំ​ព្រះអង្គ។ ពាក្យថា​​ មាន​ចក្ខុ គឺ​ព្រះមាន​ព្រះភាគ ទ្រង់​មាន​​ចក្ខុដោយ​​ចក្ខុ ៥ គឺ មាន​ចក្ខុ​ដោយ​​មំសចក្ខុ ១ មាន​ចក្ខុ​ដោយ​​ទិព្វចក្ខុ ១ មាន​ចក្ខុ​ដោយ​​បញ្ញាចក្ខុ ១ មាន​ចក្ខុ​ដោយ​​ពុទ្ធចក្ខុ ១ មាន​​ចក្ខុដោយ​​សមន្ដចក្ខុ ១។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុដោយ​មំសចក្ខុ តើដូច​ម្ដេច។ ក្នុង​​មំសចក្ខុ​របស់​ព្រះមាន​ព្រះភាគ មាន​​សម្បុរ ៥ គឺ​សម្បុរខៀរ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ ទីណា​​ដែល​មាន​​រោមព្រះនេត្រ​ប្រតិស្ឋាន​នៅ​​ ទីនោះឯង​មាន​​សម្បុរខៀវ ខៀវស្រស់ គួរជ្រះថ្លា គួរក្រឡេក​មើល ជាទី​ដូច​ផ្កា​ត្រកៀត។ ទីខាងនាយ​អំពី​នោះ មាន​​សម្បុរលឿង លឿងស្រស់ មាន​សម្បុរ​ដូច​មាស គួរជ្រះថ្លា គួរក្រឡេក​មើល ជាទីដូច​​ផ្កាកណ្ណិការ។ មួយទៀត រណ្ដៅ​ព្រះនេត្រ​ទាំងពីរ​ខាង​របស់​ព្រះមាន​ព្រះភាគ មាន​​សម្បុរ​ក្រហម ក្រហមច្រាល គួរជ្រះថ្លា គួរក្រឡេក​មើល ជាទីដូច​​សម្បុរ​មេភ្លៀង។ ទីត្រង់​កណ្ដាល មាន​​សម្បុរខ្មៅ ខ្មៅស្រស់ មិន​សៅហ្មង ស្និទ្ធគួរ​ជ្រះថ្លា គួរក្រឡេក​មើល ជាទីដូច​​សម្បុរផ្លែផ្គាំ។ ទីខាង​នាយពី​នោះ មាន​សម្បុរស សភ្លឹង សស្រស់ សថ្លា គួរជ្រះថ្លា គួរក្រឡេក​មើល ជាទី​ដូច​​ផ្កាយព្រឹក។ ហេតុនោះ បានជា​ព្រះមាន​ព្រះភាគ​តែង​ទត​ឃើញ​​មួយយោជន៍​ដោយ​ជុំវិញ ទាំងថ្ងៃ​ទាំងយប់​ ដោយ​​មំសចក្ខុ​ធម្មតា ដែល​រាប់​បញ្ចូល​ក្នុង​​អត្តភាព កើតដោយ​​ផលនៃ​សុចរិតកម្ម​ក្នុង​កាលមុន។ សូម្បី​ក្នុង​កាល​ណា​ ដែល​មាន​​ងងឹត​ប្រកបដោយ​​អង្គបួន គឺ​ព្រះអាទិត្យ​អស្ដង្គត ១ ឧបោសថ​ខាងកាឡបក្ខ ១ ដងព្រៃ​​យ៉ាង​ក្រាស់ជិត ១ មហាអកាលមេឃ (ភ្លៀងធំ​ខុសកាល) ប្រាកដ​ឡើង ១ ក្នុង​កាល​នោះ ព្រះមាន​ព្រះភាគ​ទតឃើញ​​មួយយោជន៍​ដោយ​ជុំវិញ ក្នុង​ទី​ងងឹត ប្រកប​ដោយ​អង្គ​បួន មាន​​សភាព​​យ៉ាងនេះ។ ផ្ទះកំពូលក្តី​ សន្លឹកទ្វារ​ក្ដី កំពែង​ក្ដី ភ្នំក្ដី គុម្ពឈើ​ក្ដី វល្លិក្ដី ជាគ្រឿង​រារាំង​នូវការ​​ឃើញ​រូប​នោះ មិន​មាន​​ឡើយ។ ប្រសិនបើ​បុគ្គល​ដាក់គ្រាប់​ល្ងមួយ​គ្រាប់​ក្នុង​​រទេះ​ដែល​ពេញ​ដោយ​​គ្រាប់ល្ង ធ្វើ​ឲ្យ​​ជាគ្រឿង​សំគាល់ ព្រះមាន​ព្រះភាគ គប្បី​​រើសយក​គ្រាប់ល្ងនោះ​ដដែល​​វិញបាន។ មំសចក្ខុ​ធម្មតា​របស់​ព្រះមាន​ព្រះភាគ​បរិសុទ្ធ​​យ៉ាងនេះ។ ព្រះមាន​ព្រះភាគ ទ្រង់​មាន​​ចក្ខុដោយ​​មំសចក្ខុ​​យ៉ាងនេះ​ឯង។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុដោយ​ទិព្វចក្ខុ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​​មាន​​ចក្ខុដូច​​ជាទិព្វ​​ដ៏បរិសុទ្ធ កន្លងផុត​ចក្ខុរបស់​មនុស្ស​ធម្មតា។បេ។ ទ្រង់​ជ្រាប​ច្បាស់​​នូវ​សត្វទាំងឡាយ ដែល​រង្គាត់​ទៅ​តាម​យថា​​កម្ម។ បើ​ព្រះមាន​ព្រះភាគ​ប្រាថ្នា (ចង់ឃើញ​) គប្បី​ទត​ឃើញ​​លោកធាតុ​មួយក៏បាន ឃើញ​​លោកធាតុ ២ ក៏បាន ឃើញ​​លោកធាតុ ៣ ក៏បាន ឃើញ​​លោកធាតុ ៤ ក៏បាន ឃើញ​​លោកធាតុ ៥ ក៏បាន ឃើញ​​លោកធាតុ ១០ ក៏បាន ឃើញ​​លោកធាតុ ២០ ក៏បាន ឃើញ​​លោកធាតុ ៣០ ក៏បាន ឃើញ​​លោកធាតុ ៤០ ក៏បាន ឃើញ​​លោកធាតុ ៥០ ក៏បាន ឃើញ​​លោកធាតុ ១០០ ក៏បាន ឃើញ​​លោកធាតុ​តូចចំនួន ១ ពាន់ ក៏បាន ឃើញ​​លោកធាតុ​កណ្ដាល ចំនួន ២ ពាន់ ក៏បាន ឃើញ​​លោកធាតុ​ចំនួន ៣ ពាន់ ក៏បាន ឃើញ​​លោកធាតុ​មាន​ពាន់​​ដ៏ច្រើន ក៏បាន។ មិន​តែ​ប៉ុណ្ណោះ ព្រះមាន​ព្រះភាគ​មាន​​ប្រាថ្នា (នឹងឃើញ​)​ ត្រឹមណា​ គប្បី​​ឃើញាបាន​ត្រឹមណោះ។ ទិព្វចក្ខុ​របស់​ព្រះមាន​ព្រះភាគ​បរិសុទ្ធ​​យ៉ាងនេះ។ ព្រះមាន​ព្រះភាគ​ទ្រង់​មាន​​ចក្ខុដោយ​​ទិព្វចក្ខុ​​យ៉ាងនេះ​ឯង។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុដោយ​បញ្ញាចក្ខុ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​​មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់ មាន​ប្រាជ្ញា​រីករាយ មាន​ប្រាជ្ញា​រហ័ស មាន​ប្រាជ្ញា​មោះមុត មាន​ប្រាជ្ញា​ជាគ្រឿង​ទំលាយ​កិលេស ទ្រង់​ឈ្លាស​ក្នុង​ប្រភេទ​នៃប្រាជ្ញា ទ្រង់​បែក​ព្រះញាណ ទ្រង់​បាន​បដិសម្ភិទា ទ្រង់​​សម្រេច​​ចតុវេសារជ្ជញ្ញាណ ទ្រទ្រង់​​នូវកំឡាំង ១០ ជាបុរស​ប្រសើរ ជាបុរស​អង់អាច ជាបុរស​នាគ ជាបុរស​អាជានេយ្យ ជាបុរស​នាំទៅ​​នូវធុរៈ ជា​អនន្ដញ្ញាណ មាន​តេជះ​មិន​មាន​​ទីបំផុត​ មាន​​យស​មិន​មាន​​ទីបំផុត​ ទ្រង់​​ស្តុកស្ដម្ភ មាន​ទ្រព្យ​ច្រើន មាន​​ធនធាន ទ្រង់​​ដឹកនាំ ទ្រង់​ទូន្មាន ប្រៀនប្រដៅ ទ្រង់​ពន្យល់ ទ្រង់​ដឹកនាំ​ឲ្យ​គិតគូរ ទ្រង់​ឲ្យ​​គយគន់ ទ្រង់​ធើ្វ​ឲ្យ​ជ្រះថ្លា។ ព្រះមាន​ព្រះភាគ​អង្គនោះ ទ្រង់​ញុំាង​មគ្គដែល​​មិន​ទាន់​កើតឲ្យ​​កើតឡើង ទ្រង់​ញុំាង​មគ្គដែល​​មិន​ទាន់​កើតមាន​​ឲ្យ​កើតមាន​ ទ្រង់​ប្រាប់​ផ្លូវ​ដែល​​មិន​ទាន់​ប្រាប់ ទ្រង់​ស្គាល់​ផ្លូវ ទ្រង់​ជ្រាប​ផ្លូវ ទ្រង់​ឈ្លាស​វៃក្នុង​ផ្លូវ។ ចំណែក​ពួក​សាវ័ក ឥឡូវនេះ គ្រាន់តែ​ជាអ្នក​ដើរ​តាមផ្លូវ ដើរតាម​ក្រោយ។ ព្រះមាន​ព្រះភាគ​អង្គនោះ ទ្រង់​ជ្រាប​ហេតុដែល​​គួរជ្រាប ទ្រង់​ឃើញ​​ហេតុដែល​​គួរឃើញ​ មាន​ចក្ខុ មាន​ញាណ មាន​ធម៌ មាន​ធម៌​ដ៏​ប្រសើរ ទ្រង់​ជាអ្នក​​ស្ដីប្រដៅ ទ្រង់​​ពោល​រំលឹកបង្អោន​ទៅ​រក​​ប្រយោជន៍ ឲ្យ​នូវ​ព្រះនិពា្វន ជា​ធម្មស្សាមិ ជា​តថា​​គត។ មិន​មាន​ (វត្ថុអ្វីមួយ) ដែល​​ព្រះមាន​ព្រះភាគ​អង្គនោះ មិន​បាន​ដឹង មិន​បាន​ឃើញ​ មិន​បាន​ជ្រាប មិន​បាន​ធ្វើ​ឲ្យ​​ជាក់ច្បាស់​ មិន​បាន​ប៉ះពាល់​ដោយ​ប្រាជ្ញា។ ធម៌​ទាំងអស់​ រាប់ទាំង​អតីត អនាគត និង​បច្ចុប្បន្ន រមែង​​មកកាន់​​រង្វង់ក្នុង​​ប្រធាន​នៃ​ព្រះញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ ដោយ​​អាការៈ​សព្វគ្រប់។ ឈ្មោះថា​​ ធម្មជាត​​ដែល​​គប្បី​ដឹង​ណា​មួយ ដែល​​ជារបស់​គួរដឹង គឺ​ប្រយោជន៍​ខ្លួនក្តី ប្រយោជន៍​ជនដទៃ​ក្តី ប្រយោជន៍​ទាំង​ពីរ​ក្តី​ ប្រយោជន៍​ជាបច្ចុប្បន្ន​ក្តី ប្រយោជន៍​ក្នុង​លោក​ខាងមុខក្តី ប្រយោជន៍​រាក់ក្តី ប្រយោជន៍​ជ្រៅក្តី ប្រយោជន៍​លាក់លៀម​ក្តី ប្រយោជន៍​កំបិត​កំបាំងក្តី ប្រយោជន៍​ដែល​គួរ​ដឹងក្តី ប្រយោជន៍​ដែល​បាន​ដឹងហើយ​​ក្តី ប្រយោជន៍​មិន​មាន​​ទោសក្តី ប្រយោជន៍​មិន​មាន​​កិលេសក្តី ប្រយោជន៍​ផូរផង់ក្តី ប្រយោជន៍​​ដ៏ល្អិតក្តី ធម្មជាត​​ទាំងអស់​​នោះ រមែង​​វិលនៅ​ក្នុង​​ខាងក្នុង​​ពុទ្ធញ្ញាណ។ កាយកម្ម​ទាំងអស់​ រមែង​​ប្រព្រឹត្ត​ទៅ​តាម​ព្រះញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ វចីកម្ម​ទាំងអស់​ រមែង​​ប្រព្រឹត្ត​ទៅ​តាម​ព្រះញាណ មនោកម្ម​ទាំងអស់​ រមែង​​ប្រព្រឹត្ត​ទៅ​តាម​ព្រះញាណ (របស់​ព្រះពុទ្ធ​មាន​ព្រះភាគ)។ ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ មិន​មាន​​ទើស​ទាល់​ក្នុង​អតីត ញាណ​របស់ព្រះពុទ្ធ​មាន​​ព្រះភាគ មិន​មាន​​ទើសទាល់​ក្នុង​អនាគត ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ មិន​មាន​​ទើសទាល់​ក្នុង​​បច្ចុប្បន្ន។ ធម្មជាត​​ដែល​គប្បី​​ដឹង មាន​​កំណត់​ត្រឹមណា​ ព្រះញាណ​ក៏មាន​​កំណត់​ត្រឹមនោះ ព្រះញាណ​មាន​កំណត់​ត្រឹមណា​ ធម្មជាត​​ដែល​គប្បី​​ដឹង ក៏មាន​​កំណត់​ត្រឹមនោះ ព្រះញាណ​មាន​ធម្មជាត​​ដែល​គប្បី​​ដឹង ជា​កំណត់ ធម្មជាត​​ដែល​​គប្បី​ដឹង ក៏មាន​​ព្រះញាណ​ជាកំណត់ ព្រះញាណ​ប្រព្រឹត្ត​កន្លង​នូវធម្មជាត​​ដែល​គប្បី​ដឹង​មិន​បាន គន្លងនៃ​ធម្មជាត​​ដែល​​គប្បី​ដឹង ក៏ប្រព្រឹត្ត​កន្លង​នូវ​ព្រះញាណ​មិន​បាន ធម៌​ទាំងនោះ តាំងនៅ​​ក្នុង​ទី​បំផុត​​នៃគ្នា​នឹងគ្នា។ ដូច​​បាតស្មុគ្រពីរ ដែល​​គេគ្រប​ហើយ​​​យ៉ាងជិតស្និទ្ធ គឺ​បាតស្មុគ្រ​ខាងក្រោម មិន​ប្រព្រឹត្ត​កន្លង​បាតស្មុគ្រ​ខាងលើ បាតស្មុគ្រ​ខាងលើ ក៏មិន​​ប្រព្រឹត្ត​កន្លង​បាតស្មុគ្រ​ខាងក្រោម (បាតស្មុគ្រ​ទាំងនោះ) តាំងនៅ​​ក្នុង​ទីបំផុត​​នៃគ្នា​នឹងគ្នា ​យ៉ាងណា​​មិញ ធម្មជាត​​ដែល​គប្បី​​ដឹងក្តី ព្រះញាណ​ក្តី របស់​ព្រះពុទ្ធ​មាន​ព្រះភាគ ក៏តាំង​នៅ​ក្នុង​​ទីបំផុត​​នៃគ្នានឹងគ្នា​​យ៉ាងនោះ​ដែរ គឺ​ធម្មជាត​​ដែល​គប្បី​​ដឹង មាន​​កំណត់​ត្រឹមណា​ ព្រះញាណ​ក៏មាន​​កំណត់ត្រឹម​នោះ ព្រះញាណ​​មាន​កំណត់​ត្រឹមណា​ ធម្មជាត​​ដែល​គប្បី​​ដឹង ក៏មាន​​កំណត់​ត្រឹមនោះ ព្រះញាណ​មាន​​ធម្មជាត​​ដែល​គប្បី​​ដឹងជា​កំណត់ ធម្មជាត​​ដែល​គប្បី​​ដឹង ក៏មាន​​ព្រះញាណ​ជាកំណត់ ព្រះញាណ​ប្រព្រឹត្ត​កន្លង​ធម្មជាត​​ដែល​គប្បី​​ដឹង​មិន​បាន គន្លងនៃ​ធម្មជាត​​ដែល​គប្បី​​ដឹង ក៏​ប្រព្រឹត្ត​កន្លង​ព្រះញាណ​មិន​បាន ធម៌​ទាំងនោះ តាំងនៅ​​ក្នុង​ទីបំផុត​​នៃគ្នា​នឹងគ្នា។ ព្រះញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ រមែង​​ប្រព្រឹត្តទៅ​​ក្នុង​ធម៌​ទាំងពួង។ ធម៌ទាំងពួង រមែង​​ជាប់​ចំពាក់​ដោយ​ការ​​រាវរក​ ជាប់ចំពាក់​ដោយ​ការ​​ប្រាថ្នា ជាប់ចំពាក់​ដោយ​ការ​​នឹក ជាប់​ចំពាក់ដោយ​​ការ​តាំងចិត្ត របស់​ព្រះពុទ្ធ​មាន​ព្រះភាគ ព្រះញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះភាគ រមែង​​ប្រព្រឹត្ត​ទៅ​ក្នុង​​សត្វទាំងពួង។ ព្រះមាន​ព្រះភាគ តែង​​ជ្រាប​អាសយធម៌ ជ្រាប​អនុសយធម៌ ជ្រាបចរិត ជ្រាប​អធិមុត្តិ​នៃ​ពួក​សត្វ​ទាំងពួង តែង​​ជ្រាបពួក​សត្វ​ដែល​​មាន​ធូលី​តិចក្នុង​​ភ្នែក មាន​ធូលី​ច្រើនក្នុង​​ភ្នែក មាន​ឥន្រ្ទិយ​រឹង មាន​ឥន្រ្ទិយ​ទន់ មាន​អាការៈ​ល្អ មាន​​អាការៈ​អាក្រក់ ជាសត្វ​ឲ្យ​ត្រាស់​ដឹង​ងាយ ឲ្យ​ត្រាស់​ដឹងក្រ ជាសត្វ​មាន​ភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពួក​សត្វ ព្រមទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព ​និង​មនុស្សសាមញ្ញ ក៏រមែង​​វិលនៅ​​តែខាងក្នុង​​ពុទ្ធញ្ញាណ។ ដូច​ហ្វូងត្រី និង​អណ្តើក​ណា​មួយ ដោយ​ហោច​ទៅ​ ទោះបីត្រី​ឈ្មោះ​តិមិ និងត្រី​ឈ្មោះ​តិមិង្គលៈ រមែង​​វិលនៅ​​តែខាងក្នុង​​មហាសមុទ្រ​​យ៉ាងណា​ លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពួក​សត្វ ព្រម​ទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​សាមញ្ញ ក៏រមែង​​វិលនៅ​​តែ​ខាងក្នុង​​ពុទ្ធញ្ញាណ ​យ៉ាងនោះ​ឯង។ ដូច​ពួក​បក្សី​ណា​មួយ ដោយ​ហោច​ទៅ​ សូម្បី​គ្រុឌ​ឈ្មោះ​វេនតេយ្យៈ តែង​វិលនៅ​​តែក្នុង​​ប្រទេសនៃ​អាកាស ​យ៉ាងណា​​មិញ ពួក​ជនណា​​ដែល​មាន​​ប្រាជ្ញា​ស្មើដោយ​​ប្រាជ្ញា​របស់​ព្រះសារីបុត្ត សូម្បី​ពួក​ជន​ទាំងនោះ ក៏រមែង​​វិល​នៅ​តែខាងក្នុង​​ប្រទេសនៃ​ពុទ្ធញ្ញាណ ​យ៉ាងនោះឯង ​ពុទ្ធញ្ញាណ រមែង​ផ្សាយ​គ្របប្រាជ្ញា​នៃពួក​​ទេវតា និងមនុស្ស ហើយ​​ប្រតិស្ឋាន​នៅ។ ពួក​ជន​ណា​មួយ ទោះបី​ជាខត្តិយបណ្ឌិត​ក្តី ព្រាហ្មណបណ្ឌិត​ក្តី គហបតិបណ្ឌិត​ក្តី សមណ​បណ្ឌិត​ក្តី ដែល​មាន​​ប្រាជ្ញាល្អិត ស្គាល់​ថ្វី​មាត់របស់​ជនដទៃ ស្រដៀង​នឹងខ្មាន់ធ្នូ​អ្នក​បាញ់​រោមទ្រាយ ពួក​ជន​ទាំងនោះ មាន​អាការៈ​ដូច​​ជាទំលាយ​បង់នូវ​ទិដ្ឋិ ដោយ​​ប្រាជ្ញា (ខ្លួន) ហើយ​​ប្រព្រឹត្តទៅ​។ ពួក​ជន​ទាំងនោះ ប្រឹង​តាក់តែង​​នូវប្រស្នា លុះតាក់តែង​​ហើយ​ ក៏ចូលទៅ​​សួរ​ព្រះតថា​​គត។ ប្រស្នា​ទាំងនោះ លុះ​ព្រះមាន​ព្រះភាគ បាន​សំដែង​ បានដោះ​ស្រាយហើយ​ ក៏បែរ​ទៅ​ជាប្រស្នា​មាន​ហេតុ គួរសំដែង​​ចេញ​ និងពង្រីក​ចេញ​បាន។ ពួក​ជន​ទាំងនោះ ក៏នាំគ្នា​ចុះចូល​ព្រះមាន​ព្រះភាគ។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់​​រុងរឿង​កន្លងដោយ​​ប្រាជ្ញា​ក្នុង​ទី​ប្រជុំនោះ ហេតុនោះ ព្រះមាន​ព្រះភាគ ទ្រង់​​មាន​ចក្ខុ​ដោយ​​បញ្ញាចក្ខុ ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុដោយ​ពុទ្ធចក្ខុ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​​ប្រមើល​មើលលោក​ដោយ​ពុទ្ធចក្ខុ បាន​ទតឃើញ​​ពួក​សត្វ​ដែល​មាន​​ធូលីតិច​ក្នុង​ភ្នែក មាន​​ធូលីច្រើន​ក្នុង​ភ្នែក មាន​​ឥន្រ្ទិយរឹង មាន​​ឥន្រ្ទិយទន់ មាន​អាការៈ​ល្អ មាន​អាការៈ​អាក្រក់ ឲ្យ​ត្រាស់​ដឹងងាយ ឲ្យ​ត្រាស់​ដឹងក្រ សត្វ​ជំពូកខ្លះ ឃើញ​ភ័យ​ក្នុង​ទោស​ខាង​បរលោក។ ដូច​ក្នុង​​គុម្ព​ព្រលិត​ក្តី គុម្ព​ឈូកក្រហម​ក្តី គុម្ព​ឈូកស​ក្តី ផ្កាព្រលិត ឬផ្កា​ឈូកក្រហម ឬក៏​ផ្កាឈូកស​ជំពូកខ្លះ កើតក្នុង​​ទឹក ចំរើនក្នុង​​ទឹក លូតលាស់​ក្នុង​ទឹក ដុះកប់​ខាងក្នុង​​នៅ​ឡើយ ផ្កាព្រលិត ឬផ្កា​ឈូកក្រហម ឬក៏​ផ្កាឈូកស​ជំពូកខ្លះ កើតក្នុង​ទឹក ចម្រើន​ក្នុង​ទឹក ឋិតនៅ​​ស្មើ​នឹងទឹកហើយ​ ផ្កាព្រលិត ឬផ្កា​ឈូកក្រហម ឬក៏ផ្កា​ឈូកស​ជំពូកខ្លះ កើតក្នុង​ទឹក ចម្រើន​ក្នុង​ទឹក ឋិតនៅ​​ផុតអំពី​ទឹក មិន​​ទទឹក​ដោយ​ទឹក​ឡើយ ​យ៉ាងណា​​មិញ ព្រះមាន​ព្រះភាគ​ទ្រង់​ប្រមើល​មើល​លោកដោយ​​ពុទ្ធចក្ខុ បានឃើញ​​ពួក​សត្វ​ដែល​មាន​​ធូលីតិច​ក្នុង​​ភ្នែក មាន​ធូលី​ច្រើនក្នុង​​ភ្នែក មាន​​ឥន្រ្ទិយរឹង មាន​ឥន្រ្ទិយ​ទន់ មាន​អាការៈ​ល្អ មាន​អាការៈ​មិន​ល្អ ឲ្យ​ត្រាស់​ដឹងងាយ ឲ្យ​​ត្រាស់ដឹង​ក្រ សត្វជំពូក​ខ្លះឃើញ​​ភ័យ​ក្នុង​ទោស​ខាង​បរលោក ក៏​​យ៉ាងនោះ​ឯង។ ព្រះមាន​ព្រះភាគ ទ្រង់​ជ្រាបថា​​ បុគ្គលនេះ ជា​រាគចរិត នេះជា​ទោសចរិត នេះជា​មោហចរិត នេះជា​វិតក្កចរិត នេះជា​សទ្ធាចរិត នេះជា​ញាណចរិត។ ព្រះមាន​ព្រះភាគ​ទ្រង់​សំដែង​​អសុភកថា​​ ចំពោះ​​បុគ្គល​ជា​រាគចរិត។ ព្រះមាន​ព្រះភាគ ទ្រង់​​ប្រាប់​មេត្តាភាវនា ចំពោះ​​បុគ្គល​ជា​ទោសចរិត។ ព្រះមាន​ព្រះភាគ ទ្រង់​ញុំាង​បុគ្គល​ជា​មោហចរិត ឲ្យ​តាំង​នៅ​ក្នុង​​ធម្មស្សវនៈ​តាមកាល ក្នុង​​ធម្មសាកច្ឆា​តាមកាល និងការ​​នៅ​​រួមជាមួយ​គ្រូ ដើម្បី​រៀន និងការ​​សាកសួរ។ ព្រះមាន​ព្រះភាគ ទ្រង់​ប្រាប់​អានាបានស្សតិ​ចំពោះ​​បុគ្គល​ជា​វិតក្កចរិត។ ព្រះមាន​ព្រះភាគ ទ្រង់​ប្រាប់​និមិត្ត​ដែល​គួរ​ជ្រះថ្លា គឺ​ការ​ត្រាស់​ដឹង​ប្រពៃនៃ​ព្រះពុទ្ធ សភាព​នៃធម៌​ជាធម៌​ល្អ ការ​​ប្រតិបត្តិ​ប្រពៃនៃ​ព្រះសង្ឃ និង​សីលរបស់​ខ្លួន ចំពោះ​​បុគ្គលជា​សទ្ធាចរិត។ ព្រះមាន​ព្រះភាគ​ទ្រង់​ប្រាប់​វិបស្សនានិមិត្ត គឺ​អាការៈ​មិន​ទៀង អាការៈ​ជាទុក្ខ និងអាការៈ​ជាអនត្តា ចំពោះ​​បុគ្គល​ជា​ញាណចរិត។

បពិត្រ​ព្រះសុមេធៈ ព្រះអង្គប្រកបដោយ​សមន្តចក្ខុ ទ្រង់​មិន​​មាន​សោក សូម​ព្រះអង្គ​ឡើងកាន់​​ប្រាសាទ​ជាវិការៈ​នៃធម៌ ហើយ​​ក្រឡេក​មើលពួក​ជន​ដែល​​ដេរដាស​ដោយ​សោក ត្រូវជាតិ ជរា​គ្របសង្កត់ ដូច​ជា​បុរស​ឈរនៅ​​លើ​កំពូលភ្នំ​ជាវិការៈ​នៃថ្ម ហើយ​ក្រឡេក​មើល​ពួក​ជន ដែល​ឋិត​នៅ​ក្នុង​​ទីជុំវិញ ដូច្នោះ​ចុះ។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុដោយ​​ពុទ្ធចក្ខុ ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​​សមន្តចក្ខុ តើដូច​ម្ដេច។ សព្វញ្ញុតញ្ញាណ​ លោកហៅ​ថា​​ សមន្តចក្ខុ។ ព្រះមាន​ព្រះភាគ ទ្រង់​ដល់​ ដល់​ព្រម មកដល់​ មកដល់​ព្រម ចូលទៅ​ជិត ចូលទៅ​​ជិតព្រម ប្រកប​ហើយ​ដោយ​​សព្វញ្ញុតញ្ញាណ។

អ្វីមួយក្នុង​លោកនេះ ដែល​​ព្រះតថា​​គត​នោះ មិន​ឃើញ​ ឬមិន​ជ្រាប​ហើយ​ មិន​គប្បី​​ជ្រាប មិន​មាន​ទេ របស់​ណា​ដែល​​គួរដឹង ព្រះតថា​​គត​ជ្រាបច្បាស់​​នូវរបស់​នោះ​ទាំងអស់​ ហេតុនោះ ទើបឈ្មោះ​ថា​​​សមន្តចក្ខុ។

ព្រះមាន​ព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​​សមន្តចក្ខុ ​យ៉ាងនេះ ហេតុនោះ (លោក​ពោល​ថា​​) ព្រះអង្គ​មាន​ចក្ខុ ទ្រង់​មិន​​ទាន់ដោះ​ស្រាយដល់​​ខ្ញុំព្រះអង្គ​នៅ​ឡើយ។

[៦១] ពាក្យថា​​ ខ្ញុំព្រះអង្គបានឮថា​​ ព្រះអង្គជា​ទេវឫសី (កាលបើ​មាន​គេ​សាកសួរ) អស់​វារៈ​បីដង ទ្រង់​តែង​​ព្យាករ​ពុំខាន អធិប្បាយ​ថា​​ ខ្ញុំព្រះអង្គ​បានរៀន​មក​យ៉ាង​នេះ ខ្ញុំព្រះអង្គ​បាន​ចាំ​ទុក​មក​​យ៉ាងនេះ ខ្ញុំព្រះអង្គ​បានកំណត់​ទុកមក​​យ៉ាងនេះ​ថា​​ ព្រះពុទ្ធ​ដែល​គេសួរ​ប្រស្នា​ប្រកប​ដោយ​ធម៌ ត្រឹមវារៈ​ជាគំរប់ ៣ តែង​​ទ្រង់​ព្យាករ មិន​​ទើសទាល់។ ពាក្យថា​​ ព្រះអង្គ​ជា​ទេវឫសី គឺ​ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ទេវឫសី ព្រោះ​ហេតុ​ទ្រង់​ជា​វិសុទ្ធិទេព​ផង ជាឫសី​ផង។ ដូច​ពួក​​រាជបព្វជិត គេហៅ​ថា​​ រាជឫសី ពួក​​ព្រាហ្មណបព្វជិត គេហៅ​ថា​​ ព្រាហ្មណឫសី ​យ៉ាងណា​​មិញ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ទេវឫសី ព្រោះ​ហេតុ​ទ្រង់​ជា​វិសុទ្ធិទេព​ផង ជាឫសី​ផង ក៏​យ៉ាង​នោះដែរ។ មួយទៀត ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ឫសី ព្រោះ​ហេតុ​ទ្រង់​ជា​បព្វជិត ដូច្នេះ​ក៏បាន។ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ឫសី ព្រោះ​ទ្រង់​រក​ ស្វែងរក​ ស្វះស្វែង នូវ​សីលក្ខន្ធ​​ដ៏ធំ ដូច្នេះ​ក៏បាន។ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ឫសី ព្រោះ​ទ្រង់​​រក​ ស្វែងរក​ ស្វះស្វែង នូវ​សមាធិខន្ធ​​ដ៏ធំ បញ្ញាខន្ធ​​ដ៏ធំ វិមុត្ដិខន្ធ​​ដ៏ធំ វិមុត្ដិញ្ញាណ​ទស្សនក្ខន្ធ​​ដ៏ធំ ដូច្នេះ​ក៏បាន។ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ឫសី ព្រោះ​ទ្រង់​​រក​ ស្វែងរក​ ស្វះស្វែង​នូវការ​​ទំលាយ​បង់​នូវគំនរ​ងងឹត​​ដ៏ធំ ការ​ទំលាយ​បង់នូវ​វិបល្លាស​​ដ៏ធំ ការ​ដក​ឡើងនូវ​សរ គឺ​តណ្ហា​​ដ៏ធំ ការ​រុះរើ​ចេញ​​នូវឃ្នាប គឺ​ទិដ្ឋិ​ដ៏ធំ ការ​ទំលាក់​ចុះនូវ​ទង់ជ័យ គឺមានះ​​ដ៏ធំ ការ​រម្ងាប់​នូវ​អភិសង្ខារ​​​ដ៏ធំ ការ​រើ​ចេញ​ចាក​​ឱឃៈ​​ដ៏ធំ ការ​ដាក់​ចុះនូវ​ភារៈ​​ដ៏ធំ ការ​​ផ្តាច់បង់​នូវ​សំសារវដ្ត​​ដ៏ធំ ការ​រំលត់​នូវកំដៅ​​ដ៏ធំ ការ​រម្ងាប់​បង់នូវ​ការ​ក្តៅ​ក្រហាយ​​ដ៏ធំ និង​ការ​លើក​ឡើងនូវ​ទង់ជ័យ គឺ​ធម៌​​ដ៏ធំ ដូច្នេះ​ក៏បាន។ ព្រះមាន​ព្រះភាគ ទ្រង់​​រក​ ឈ្មោះថា​​​ឫសី ព្រោះ​​ទ្រង់​ស្វែងរក​ ស្វះស្វែង​នូវ​សតិប្បដ្ឋាន​​ដ៏ធំ សម្មប្បធាន​​ដ៏ធំ ឥទ្ធិបាទ​​ដ៏ធំ ឥន្រ្ទិយ​​ដ៏ធំ ពលៈ​​ដ៏ធំ ពោជ្ឈង្គ​​ដ៏ធំ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏ធំ និង​ព្រះនិពា្វន​​ដ៏ធំ ដូច្នេះ​ក៏បាន។ ឈ្មោះថា​​​ឫសី ព្រោះ​ (ព្រះមាន​ព្រះភាគ) ត្រូវពួក​​សត្វមាន​​ស័ក្តិធំ គួររក​ ស្វែងរក​ ស្វះស្វែង​ថា​​ ព្រះពុទ្ធ (គង់នៅ​) ក្នុង​ទីណា​ ព្រះមាន​ព្រះភាគ (គង់នៅ​) ក្នុង​​ទីណា​ ព្រះវិសុទ្ធិទេព (គង់នៅ​) ក្នុង​ទីណា​ ព្រះនរាសភៈ (គង់នៅ​) ក្នុង​​ទីណា​ ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​បានឮថា​​ ព្រះអង្គ​ជា​ទេវឫសី (កាលបើ​មាន​គេ​សាកសួរ) អស់​វារៈ​បីដង ទ្រង់​តែង​​ព្យាករ​ពុំខាន។ ហេតុនោះ ព្រាហ្មណ៍នោះ​​ពោលថា​​

(មោឃរាជមាន​អាយុ ក្រាបទូលដូច្នេះថា​​) បពិត្រ​​ព្រះអង្គ​ជាសក្កៈ ខ្ញុំព្រះអង្គ​បានទូល​សួរ (ព្រះអង្គ) អស់​វារៈ​ពីរដង​រួចហើយ​ ព្រះអង្គ​មាន​ចក្ខុ ទ្រង់​​មិន​ទាន់​ដោះស្រាយ​ដល់​ខ្ញុំព្រះអង្គ​នៅ​ឡើយ ខ្ញុំព្រះអង្គ​បានឮថា​​ ព្រះអង្គ​ជា​ទេវឫសី (កាលបើ​មាន​គេ​សាកសួរ) អស់​វារៈ​បីដង ទ្រង់​តែង​​ព្យាករ​ពុំខាន។

[៦២] លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក រមែង​​មិន​ទាន់​ដឹងច្បាស់​ នូវសេចក្តី​​យល់ឃើញ​​របស់​ព្រះអង្គ ជា​ព្រះគោតម​​ដ៏ទ្រង់​​យសទេ។

[៦៣] ពាក្យថា​​ លោកនេះ របស់បទថា​​ លោកនេះ លោកដទៃ បានដល់​ មនុស្សលោក។ ពាក្យថា​​ លោកដទៃ គឺ​លោកដទៃ​ទាំងអស់​ លើកលែង​តែ​មនុស្សលោក​ចេញ​ ហេតុនោះ (លោក​​ពោលថា​​) លោកនេះ លោកដទៃ។

[៦៤] ពាក្យថា​​ ព្រហ្មលោក ព្រមទាំង​ទេវលោក បានដល់​ ព្រហ្មលោក ព្រមទាំង​ទេវលោក មារលោក ពួក​សត្វ ព្រមទាំង​សមណៈ និង​ព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និងមនុស្ស​សាមញ្ញ ហេតុនោះ (លោក​​ពោលថា​​) ព្រហ្មលោក ព្រមទាំង​ទេវលោក។

[៦៥] ពាក្យថា​​ មិន​ទាន់ដឹងច្បាស់​​នូវសេចក្តី​​ឃើញ​របស់​ព្រះអង្គ គឺ​សត្វលោក​មិន​ទាន់​ដឹង​នូវ​សេចក្តី​​យល់ឃើញ​ សេចក្តី​​ចូលចិត្ត សេចក្តី​​គាប់ចិត្ត លទ្ធិ អធ្យាស្រ័យ បំណង​របស់​ព្រះអង្គ គឺថា​​​មិន​ទាន់ដឹង មិន​ទាន់​ឃើញ​ មិន​ទាន់​យល់ មិន​ទាន់​ជួបប្រទះ មិន​ទាន់​បាន មិន​បាន​ចំពោះ​​ថា​​ សមណៈ​នេះ មាន​សេចក្តី​​យល់ឃើញ​​​យ៉ាងនេះ មាន​​សេចក្តី​​ចូលចិត្ត​​យ៉ាងនេះ មាន​​សេចក្តី​​គាប់ចិត្ត​​យ៉ាងនេះ មាន​លទ្ធិ​​យ៉ាងនេះ មាន​​អធ្យាស្រ័យ​​យ៉ាងនេះ មាន​បំណង​​យ៉ាងនេះ​ទេ ហេតុនោះ (លោក​​ពោលថា​​) មិន​ទាន់​ដឹងច្បាស់​នូវ​សេចក្តី​​យល់ឃើញ​​របស់​ព្រះអង្គទេ។

[៦៦] ពាក្យថា​​ ជាព្រះគោតម​ដ៏ទ្រង់​យស គឺ​ព្រះមាន​ព្រះភាគ ឈ្មោះថា​​ មាន​យស ព្រោះ​ហេតុ​ទ្រង់​ដល់​​នូវយស។ ឬថា​​ ព្រះមាន​ព្រះភាគ មាន​គេ​ធើ្វសក្ការៈ គោរព​ រាប់អាន បូជា កោតក្រែង ទ្រង់​បាន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (លោក​ពោលថា​​) ជា​ព្រះគោតម​ដ៏​ទ្រង់​យស។ ហេតុនោះ ព្រាហ្មណ៍នោះ​​ពោល​ថា​​

លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក រមែង​​មិន​ទាន់​ដឹងច្បាស់​ នូវសេចក្តី​​យល់ឃើញ​​របស់​ព្រះអង្គ​ជាព្រះគោតម​​ដ៏ទ្រង់​​យសទេ។

[៦៧] ខ្ញុំព្រះអង្គជាអ្នក​ត្រូវការ​ដោយ​ប្រស្នា ទើបមកគាល់ (ដើម្បី​​ទូលសួរ) ចំពោះ​​ព្រះអង្គ ទ្រង់​ឃើញ​​វិសេស​​យ៉ាងនេះ ចុះបុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​ប្រការៈ​ដូច​ម្ដេច មច្ចុរាជ​ទើបមិន​​ឃើញ។

[៦៨] ពាក្យថា​​ ព្រះអង្គទ្រង់​ឃើញ​វិសេស​យ៉ាងនេះ គឺ​ទ្រង់​ឃើញ​​វិសេស ឃើញ​​ច្បាស់​ ឃើញ​​ប្រសើរផុត ឃើញ​ប្រ​សើរ​វិសេស ឃើញ​ជា​ប្រធាន ឃើញ​​ដ៏​ឧត្ដម ឃើញ​​​ដ៏ថ្លៃថ្លា​​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) ព្រះអង្គ​ឃើញ​វិសេស​​យ៉ាងនេះ។

[៦៩] ពាក្យថា​​ ខ្ញុំព្រះអង្គជាអ្នក​ត្រូវការ​ដោយ​ប្រស្នា ទើបមកគាល់ គឺ​ពួក​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​​ត្រូវការ​​ដោយ​ប្រស្នា ទើបមក​គាល់។បេ។ ដើម្បី​​សន្ទនា ដើម្បី​​ក្រាបបង្គំ​ទូល​សួរ ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​ជាអ្នក​​ត្រូវការ​​ដោយ​ប្រស្នា ទើបមក​គាល់ ​យ៉ាងនេះ​ក៏មាន។

[៧០] ពាក្យថា​​ បុគ្គលសំឡឹងឃើញ​លោកដោយ​​ប្រការ​ដូច​ម្ដេច គឺ​សំឡឹង​ឃើញ​ ពិចារណា​​ឃើញ​ រំពឹង​ឃើញ​ ត្រិះរិះ​ឃើញ​ ធ្វើ​ឲ្យ​​ជាក់ច្បាស់​ ធ្វើ​ឲ្យ​​ប្រាកដ (នូវលោក) ដោយ​ប្រការ​​ដូច​ម្ដេច ហេតុនោះ (លោក​​ពោលថា​​) បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​​ប្រការ​​ដូច​ម្ដេច។

[៧១] ពាក្យថា​​ មច្ចុរាជទើបមិន​ឃើញ​ គឺ​មច្ចុរាជ​ទើបមិន​​ឃើញ​ មិន​យល់ មិន​ជួប​ប្រទះ មិន​បាន មិន​បាន​ចំពោះ​ ហេតុនោះ (លោក​​ពោលថា​​) មច្ចុរាជ​ទើបមិន​​ឃើញ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​​ពោលថា​​

ខ្ញុំព្រះអង្គជាអ្នក​ត្រូវការ​ដោយ​ប្រស្នា ទើបមក​គាល់ (ដើម្បី​​ទូលសួរ) ចំពោះ​​ព្រះអង្គ ទ្រង់​ឃើញ​​វិសេស​​យ៉ាងនេះ ចុះ​បុគ្គល​សំឡឹង​ឃើញ​​លោក​ដោយ​ប្រការ​​ដូច​ម្ដេច មច្ចុរាជ​ទើបមិន​​ឃើញ។

[៧២] (ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ថា​​) ម្នាល​​មោឃរាជ អ្នក​ចូរ​មាន​ស្មារតី​គ្រប់កាល សំឡឹង​ឃើញ​លោក​ដោយ​​សភាព​ជារបស់​សូន្យ (ព្រោះ​) បុគ្គល​ដក​អត្តានុទិដ្ឋិ​ចេញ​ ទើបឆ្លង​ផុតចាក​​មច្ចុ បុគ្គល​សំឡឹងឃើញ​​លោក ​យ៉ាងនេះ មច្ចុរាជ​ទើបមិន​​ឃើញ។

[៧៣] អធិប្បាយពាក្យថា​​ អ្នក​ចូរសំឡឹងឃើញ​លោក ដោយ​​សភាព​ជារបស់​សូន្យ ត្រង់ពាក្យថា​​ លោក បានដល់​ និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំង​ទេវលោក។

ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមាន​ព្រះភាគ​ដូច្នេះថា​​ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន ព្រះមាន​ព្រះភាគ តែង​ត្រាស់ថា​​ លោក លោក ដូច្នេះ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន សភាវៈ​ដែល​​ហៅ​ថា​​ លោក តើមាន​​កំណត់​ដូច​ម្ដេច។ ព្រះមាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា​​ ម្នាល​​ភិក្ខុ សភាវៈ​ដែល​ហៅ​ថា​​ លោក ព្រោះ​ហេតុ​វិនាស។ អី្វតែង​វិនាស។ ចក្ខុតែង​​វិនាស ពួក​រូប​តែង​វិនាស ចក្ខុវិញ្ញាណ​តែង​វិនាស ចក្ខុសម្ផស្ស​តែង​វិនាស ធម្មជាត​​ណា​មួយ ដែល​​បុគ្គល​ទទួល ជា​សុខ ឬទុក្ខ ឬមិន​មែន​ទុក្ខ មិន​មែន​សុខ រមែង​​កើតឡើង ព្រោះ​​ចក្ខុសម្ផស្ស​ជាបច្ច័យ ធម្មជាត​​នោះ តែង​​វិនាសទៅ​ ត្រចៀក​តែង​វិនាស ពួក​សំឡេង​តែង​វិនាស ច្រមុះ​តែង​វិនាស ពួក​ក្លិន​តែង​វិនាស អណ្ដាត​តែង​វិនាស ពួក​រស​តែង​វិនាស កាយតែង​​វិនាស ពួក​ផ្សព្វ​តែង​វិនាស ចិត្តតែង​​វិនាស ពួក​​ធម្មារម្មណ៍​តែង​វិនាស មនោវិញ្ញាណ​តែង​វិនាស មនោសម្ផស្ស​តែង​វិនាស ធម្មជាត​​ណា​មួយ ដែល​បុគ្គល​ទទួល ជាសុខ ឬទុក្ខ ឬមិន​មែន​ទុក្ខ មិន​មែន​សុខ កើតឡើង​ព្រោះ​​មនោសម្ផស្ស​ជាបច្ច័យ ធម្មជាត​​នោះ រមែង​​វិនាស ម្នាល​ភិក្ខុ ហេតុនោះ សភាវៈ​ដែល​ហៅ​ថា​​ លោក ព្រោះ​​ហេតុវិនាស ដូច្នេះ​ឯង។ ពាក្យថា​​ អ្នក​ចូរ​សំឡឹង​ឃើញ​លោក ដោយ​​សភាព​ជារបស់​សូន្យ សេចក្តី​ថា​​ បុគ្គល​សំឡឹងឃើញ​​លោក ដោយ​​សភាពជា​របស់សូន្យ ដោយ​​ហេតុពីរ គឺ​ដោយ​​អំណា​ច​នៃការ​កំណត់​សង្ខារ​ដែល​​ប្រព្រឹត្ត​ទៅ​ថា​​ មិន​មាន​​អំណា​ច ១ ដោយ​​អំណា​ចនៃ​ការ​ពិចារណា​​ឃើញ​រឿយៗ នូវសង្ខារ​​ថា​​ ជារបស់​ទទេ ១។

បុគ្គលសំឡឹងឃើញ​លោក ដោយ​សភាពជារបស់សូន្យ ដោយ​អំណា​ច​នៃការ​​កំណត់​សង្ខារ​​ដែល​​ប្រព្រឹត្ត​ទៅ​ថា​​ មិន​មាន​​អំណា​ច តើដូច​ម្ដេច។ បុគ្គល​មិន​បាន​អំណា​ច​ក្នុង​រូប មិន​បាន​អំណា​ច​ក្នុង​វេទនា មិន​បាន​អំណា​ចក្នុង​​សញ្ញា មិន​បាន​អំណា​ច​ក្នុង​សង្ខារ​​ទាំងឡាយ មិន​បាន​អំណា​ចក្នុង​​វិញ្ញាណ។ ដូច​​ព្រះពុទ្ធដីកា​នេះ ដែល​​ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​ភិក្ខុ​ទាំងឡាយ រូបមិន​​មែនជា​របស់ខ្លួន ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​រូបនេះ ជារបស់ខ្លួន​ពិតមែន រូបនេះ​មិន​គប្បី​​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​ទេ ទាំង​បុគ្គលគប្បី​​បានក្នុង​​រូបថា​​ សូមឲ្យ​​រូបអាត្មា​​មាន​​​យ៉ាងនេះ កុំឲ្យ​​រូបអាត្មា​​មាន​​យ៉ាងនេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែរូប​មិន​មែន​ជារបស់​ខ្លួន ហេតុនោះ រូបទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​​អាពាធ​ ទាំងបុគ្គល​មិន​​បាន​ក្នុង​រូប​ថា​​ សូមឲ្យ​​រូបអាត្មា​​មាន​​​យ៉ាងនេះ កុំឲ្យ​រូប​អាត្មា​មាន​​​យ៉ាងនេះ​ឡើយ វេទនា មិន​​មែន​ជារបស់​ខ្លួន ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិន​បើវេទនា​នេះ ជារបស់​ខ្លួនពិតមែន វេទនា​នេះ​មិន​គប្បី​​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​​ទេ ទាំងបុគ្គល​គប្បី​បាន​ក្នុង​​វេទនាថា​​ សូមឲ្យ​​វេទនា​របស់​អាត្មា​មាន​​​យ៉ាងនេះ កុំឲ្យ​​វេទនា​របស់​អាត្មា​មាន​​​យ៉ាងនេះឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​​ហេតុតែ​វេទនា​មិន​មែន​ជារបស់​ខ្លួន ហេតុនោះ វេទនា​ទើប​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​ ទាំងបុគ្គល​មិន​បាន​ក្នុង​វេទនា​ថា​​ សូមឲ្យ​​វេទនារបស់​អាត្មា​មាន​​​យ៉ាងនេះ កុំឲ្យ​​វេទនា​របស់​អាត្មា​មាន​​​យ៉ាង​នេះ​ឡើយ សញ្ញា​មិន​មែន​ជារបស់​ខ្លួនទេ ម្នាល​ភិក្ខុ​ទាំងឡាយ ​ប្រសិន​បើសញ្ញា​នេះ ជារបស់​ខ្លួន​ពិតមែន សញ្ញា​នេះមិន​​គប្បី​​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​​ទេ ទាំងបុគ្គល​គប្បី​បាន​ក្នុង​សញ្ញា​ថា​​ សូមឲ្យ​​សញ្ញា​របស់​អាត្មា​មាន​​​យ៉ាងនេះ កុំឲ្យ​​សញ្ញា​របស់​អាត្មា​​មាន​​យ៉ាង​នេះឡើយ ម្នាល​​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែសញ្ញា​មិន​មែន​ជារបស់ខ្លួន ហេតុនោះ សញ្ញា​ទើប​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​ ទាំងបុគ្គល​មិន​បាន​ក្នុង​​សញ្ញាថា​​ សូមឲ្យ​​សញ្ញា​របស់អាត្មា​​មាន​​​យ៉ាងនេះ កុំ​ឲ្យ​​សញ្ញា​របស់អាត្មា​​មាន​​យ៉ាង​នេះឡើយ សង្ខារ​​ទាំង​ឡាយ មិន​មែន​ជារបស់​ខ្លួនទេ ម្នាល​​ភិក្ខុ​ទាំងឡាយ ប្រសិន​បើសង្ខារ​​ទាំងឡាយ​នេះ ជារបស់ខ្លួន​ពិតមែន សង្ខារ​​ទាំងឡាយ​នេះ មិន​គប្បី​​ប្រព្រឹត្ត​ទៅ​ដើម្បី​​អាពាធ​​ទេ ទាំងបុគ្គល​គប្បី​បាន​ក្នុង​សង្ខារ​​ទាំងឡាយ​ថា​​ សូមឲ្យ​​សង្ខារ​​ទាំងឡាយ​របស់​អាត្មា​​មាន​​​យ៉ាងនេះ កុំឲ្យ​​សង្ខារ​​ទាំង​ឡាយ​របស់អាត្មា​​មាន​​យ៉ាងនេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​តែសង្ខារ​​ទាំងឡាយ មិន​មែន​ជារបស់​ខ្លួន ហេតុនោះ សង្ខារ​​ទាំងឡាយ ទើបប្រព្រឹត្ត​ទៅ​ដើម្បី​​អាពាធ​ ទាំងបុគ្គល​មិន​បាន​ក្នុង​សង្ខារ​​ទាំងឡាយ​ថា​​ សូមឲ្យ​​សង្ខារ​​ទាំងឡាយ​របស់​អាត្មា​មាន​​​យ៉ាងនេះ កុំឲ្យ​​សង្ខារ​ទាំងឡាយ​របស់អាត្មា​​មាន​​​យ៉ាង​នេះឡើយ វិញ្ញាណ​មិន​មែនជា​របស់ខ្លួន​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិន​បើវិញ្ញាណ​នេះ​ជារបស់​ខ្លួនពិតមែន វិញ្ញាណ​នេះ មិន​​គប្បី​​ប្រព្រឹត្តទៅ​​ដើម្បី​​អាពាធ​​ទេ ទាំងបុគ្គល​គប្បី​​បានក្នុង​​វិញ្ញាណ​ថា​​ សូមឲ្យ​​វិញ្ញាណ​របស់​អាត្មា​មាន​​​យ៉ាងនេះ កុំឲ្យ​​វិញ្ញាណ​របស់​អាត្មា​មាន​​​យ៉ាង​នេះឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​​ហេតុ​តែវិញ្ញាណ​មិន​មែន​ជារបស់ខ្លួន ហេតុនោះ វិញ្ញាណ​ទើប​ប្រព្រឹត្តទៅ​​ដើម្បី​អាពាធ​ ទាំង​បុគ្គល​មិន​បាន​ក្នុង​​វិញ្ញាណ​ថា​​ សូមឲ្យ​​វិញ្ញាណ​របស់​អាត្មា​ មាន​​យ៉ាង​នេះ កុំឲ្យ​​វិញ្ញាណ​របស់​អាត្មា​ មាន​​យ៉ាង​នេះឡើយ។ មួយទៀត ព្រះពុទ្ធដីកា​នេះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​ភិក្ខុ​ទាំងឡាយ កាយនេះ មិន​មែនជា​របស់អ្នក​​ទាំងឡាយ​ទេ ទាំងមិន​មែន​ជារបស់​ជនទាំង​ឡាយ​ដទៃទេ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​​ទាំងឡាយ​គប្បី​​ឃើញ​ថា​​ កាយនេះ​កើតអំពី​​កម្មចាស់ ដែល​​បច្ច័យ​ប្រជុំ​តាក់តែង​ មាន​ចេតនា​ជាមូល ជាទីតាំង​នៃវេទនា ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវ័ក​អ្នក​ចេះដឹង តែង​ធ្វើ​​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​​យ៉ាងប្រពៃ ចំពោះ​ធម៌​ដែល​កើត​អាស្រ័យ​​គ្នា​នឹងគ្នា​ក្នុង​កាយនោះ​ថា​​ កាល​បើធម្មជាត​​នេះមាន​ ធម្មជាត​​នេះក៏មាន​ ធម្មជាត​​នេះកើត​ឡើង​ ព្រោះ​ការ​​កើតឡើង​នៃធម្មជាត​​នេះ កាលបើ​ធម្មជាត​​នេះមិន​មាន​ ធម្មជាត​​នេះក៏មិន​​មាន​ ធម្មជាត​​នេះរលត់ ព្រោះ​​ការ​រលត់​ធម្មជាត​​នេះ គឺថា​​​សង្ខារ​​ទាំងឡាយ (កើតមាន​) ព្រោះ​​អវិជ្ជា​ជាបច្ច័យ វិញ្ញាណ (កើតមាន​) ព្រោះ​​សង្ខារ​​ជាបច្ច័យ នាមរូប (កើតមាន​) ព្រោះ​វិញ្ញាណ​ជាបច្ច័យ សឡាយតនៈ (កើតមាន​) ព្រោះ​​នាមរូប​ជាបច្ច័យ ផស្សៈ (កើតមាន​) ព្រោះ​សឡាយតនៈ​ជាបច្ច័យ វេទនា (កើតមាន​) ព្រោះ​​ផស្សៈ​ជាបច្ច័យ តណ្ហា (កើតមាន​) ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន (កើតមាន​) ព្រោះ​តណ្ហា​ជាបច្ច័យ ភព (កើតមាន​) ព្រោះ​​ឧបាទាន​ជា​បច្ច័យ ជាតិ (កើតមាន​) ព្រោះ​ភព​ជាបច្ច័យ ការ​ចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក​​កាយ លំបាក​​ចិត្ត ចង្អៀត​ណែនក្នុង​​ចិត្តទាំងឡាយ កើតមាន​​ព្រោះ​ជាតិ​ជាបច្ច័យ កិរិយា​កើតឡើង​នៃកង​ទុក្ខទាំង​អស់​នេះ រមែង​​កើតមាន​​​យ៉ាងនេះ មួយទៀត កិរិយា​រលត់​សង្ខារ​ ព្រោះ​​កិរិយា​វិនាស​ទៅ​ រលត់ទៅ​ មិន​មាន​​សេសសល់​នៃអវិជ្ជា កិរិយា​រលត់​វិញ្ញាណ ព្រោះ​​កិរិយា​រលត់​សង្ខារ​ កិរិយា​រលត់​នាមរូប ព្រោះ​​កិរិយា​រលត់​វិញ្ញាណ កិរិយា​រលត់​សឡាយតនៈ ព្រោះ​​កិរិយា​រលត់​នាមរូប កិរិយា​រលត់ផស្សៈ ព្រោះ​​កិរិយា​រលត់​សឡាយតនៈ កិរិយា​រលត់​វេទនា ព្រោះ​​កិរិយា​រលត់​ផស្សៈ កិរិយា​រលត់​តណ្ហា ព្រោះ​​កិរិយា​រលត់​វេទនា កិរិយា​រលត់​ឧបាទាន ព្រោះ​​កិរិយា​រលត់​តណ្ហា កិរិយា​រលត់ភព ព្រោះ​​កិរិយា​រលត់​ឧបាទាន កិរិយា​រលត់​ជាតិ ព្រោះ​កិរិយា​រលត់ភព ការ​ចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាក​កាយ លំបាក​ចិត្ត ចង្អៀតចង្អល់​ចិត្តទាំងឡាយ តែង​រលត់ទៅ​ ព្រោះ​កិរិយា​រលត់​ជាតិ កិរិយា​រលត់​កងទុក្ខ​ទាំងអស់​​នេះ មាន​​យ៉ាងនេះ។ បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​សភាព​ជារបស់​សូន្យ ដោយ​អំណា​ច​នៃការ​​កំណត់​សង្ខារ​​ដែល​​ប្រព្រឹត្ត​ទៅ​ថា​​ មិន​មាន​អំ​ណា​ច ​យ៉ាងនេះ​ឯង។

បុគ្គលសំឡឹងឃើញ​លោក ដោយ​សភាព​ជារបស់សូន្យ ដោយ​​អំណា​ច​នៃការ​​ពិចារណា​​ឃើញ​​រឿយៗ នូវសង្ខារ​​ថា​​ ជារបស់ទទេ តើដូច​ម្ដេច។ បុគ្គល​មិន​បាន​ខ្លឹមក្នុង​​រូប មិន​បាន​ខ្លឹមក្នុង​​វេទនា មិន​បាន​ខ្លឹមក្នុង​​សញ្ញា មិន​បាន​ខ្លឹមក្នុង​​សង្ខារ​​ទាំងឡាយ មិន​បាន​ខ្លឹមក្នុង​​វិញ្ញាណ​ទេ។ រូបជា​របស់មិន​​មាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​ទៀងក្តី​ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​សុខក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​របស់ខ្លួន​ក្តី ដោយ​​ភាពជា​របស់ទៀង​ក្តី យឺនយូរ​ក្តី ឋិតថេរ​ក្តី មិន​​ប្រែប្រួល​ជាធម្មតា​ក្តី។ វេទនា​ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម សញ្ញា​ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម សង្ខារ​​ទាំងឡាយ ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម វិញ្ញាណ​ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​ទៀង​ក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​សុខក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​របស់ខ្លួន​ក្តី ដោយ​​ភាពជារបស់​ទៀងក្តី យឺនយូរ​ក្តី ឋិតថេរ​ក្តី មិន​ប្រែប្រួល​ជា​ធម្មតាក្តី។ ប្រៀបដូច​​ដើមបបុស ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម ឬដូច​ដើម​ល្ហុងខ្ញែ ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​​មិញ មួយទៀត ដូច​ដើមល្វា ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​​មិញ ឬដូច​ដើម​សេតគច្ឆព្រឹក្ស (រាក់ស) ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​​មិញ មួយទៀត ដូច​ដើម​បាលភទ្ទកព្រឹក្ស (រលួសបាយ) ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​​មិញ ឬដូច​ជា​ដុំពពុះទឹក ជា​របស់មិន​​មាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម ​យ៉ាង​ណា​មិញ មួយទៀត ដូច​​ក្រពេញទឹក ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​​មិញ ឬដូច​​ដើមចេក ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាង​ណា​មិញ មួយទៀត ដូច​​ថ្ងៃបណ្ដើរកូន ជារបស់​​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ​យ៉ាងណា​មិញ រូបជា​របស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាស​ចាក​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​ទៀងក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​សុខក្តី​ ដោយ​ខ្លឹម​មាន​ខ្លឹម ​គឺ​របស់​ខ្លួនក្តី ដោយ​ភាព​ជារបស់​ទៀងក្តី យឺនយូរ​ក្តី ឋិតថេរក្តី មិន​ប្រែប្រួល​ជាធម្មតា​ក្តី វេទនាជា​របស់មិន​​មាន​ខ្លឹម ឥតខ្លឹម ប្រាសចាក​ខ្លឹម សញ្ញា​ជា​របស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម សង្ខារ​​ទាំងឡាយ ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាស​ចាក​ខ្លឹម វិញ្ញាណ​ជារបស់​មិន​មាន​​ខ្លឹម ឥតខ្លឹម ប្រាសចាក​​ខ្លឹម ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​ទៀងក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​សុខក្តី ដោយ​ខ្លឹម​មាន​ខ្លឹម គឺ​របស់ខ្លួន​ក្តី ដោយ​ភាព​ជារបស់​ទៀង​ក្តី យឺនយូរ​ក្តី ឋិតថេរ​ក្តី មិន​ប្រែប្រួល​ជា​ធម្មតាក្តី ក៏​យ៉ាង​នោះដែរ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​សភាព​ជារបស់​សូន្យ ដោយ​​អំណា​ច​ការ​​ពិចារណា​​រឿយៗ នូវសង្ខារ​​ថា​​ ជារបស់​ទទេ ​យ៉ាងនេះ។ បុគ្គល​សំឡឹងឃើញ​​លោក ដោយ​​សភាព​ជារបស់​សូន្យ ដោយ​​ហេតុពីរ​ប្រការ​​នេះឯង។

មួយទៀត បុគ្គលសំឡឹងឃើញ​លោក ដោយ​សភាព​ជារបស់​សូន្យ ដោយ​​អាការៈ ៦ គឺ​សំឡឹង​ឃើញ​រូប ដោយ​​សភាព​ជារបស់​មិន​មាន​អ្វី​ជាឥស្សរៈ ១ មិន​លុះ​តាមប្រាថ្នា ១ មិន​​ជាទី​សប្បាយ ១ មិន​លុះ​អំណា​ច​ខ្លួន ១ ប្រព្រឹត្ត (ជាប់​ដោយ​​បច្ច័យ) ១ ជារបស់​ទទេ ១ សំឡឹង​ឃើញ​​វេទនា សញ្ញា សង្ខារ​ វិញ្ញាណ ដោយ​​សភាពជា​របស់មិន​​មាន​អ្វី​ជាឥស្សរៈ មិន​លុះ​តាម​ប្រាថ្នា មិន​ជា​ទីសប្បាយ មិន​លុះ​អំណា​ចខ្លួន ប្រព្រឹត្ត (ជាប់ដោយ​​បច្ច័យ) ជារបស់​ទទេ។ បុគ្គល​សំឡឹងឃើញ​​លោក ដោយ​​សភាព​ជារបស់​សូន្យ ដោយ​​អាការៈ ៦ ​យ៉ាងនេះ​ឯង។ មួយទៀត បុគ្គល​សំឡឹង​ឃើញ​លោក​ដោយ​​សភាព​ជារបស់​សូន្យ ដោយ​​អាការៈ ១០ គឺ សំឡឹង​ឃើញ​រូប ដោយ​​សភាព​ជារបស់​គ្មាន ១ របស់ទទេ ១ របស់​សូន្យ ១ របស់​មិន​​មែនខ្លួន​ប្រាណ ១ របស់​មិន​មាន​​ខ្លឹម ១ ជាអ្នក​​សម្លាប់ ១ របស់​មិន​ចម្រើន ១ របស់​បង្កទុក្ខ ១ របស់​ប្រកប​ដោយ​​អាសវៈ ១ របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង​ ១ សំឡឹង​ឃើញ​​វេទនា សញ្ញា សង្ខារ​ វិញ្ញាណ ដោយ​​សភាព​ជារបស់​គ្មាន របស់ទទេ របស់​សូន្យ របស់​មិន​មែន​ខ្លួនប្រាណ របស់​មិន​មាន​​ខ្លឹម ជាអ្នក​​សម្លាប់ របស់​មិន​ចម្រើន របស់​បង្កទុក្ខ របស់​ប្រកប​​ដោយ​អាសវៈ របស់​ដែល​បច្ច័យ​ប្រជុំ​តាក់តែង។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​​សភាព​ជា​របស់សូន្យ ដោយ​​អាការៈ ១០ ​យ៉ាង​នេះឯង។ មួយទៀត បុគ្គល​សំឡឹង​ឃើញ​​លោក ដោយ​​សភាព​ជារបស់​សូន្យ ដោយ​​អាការៈ ១២ គឺ​ឃើញ​ថា​​ រូបមិន​​មែនសត្វ ១ មិន​មែន​ជីវៈ​ ១ មិន​មែន​បុរស ១ មិន​មែន​នរៈ ១ មិន​មែន​មាណព ១ មិន​មែន​ស្រី ១ មិន​មែន​ប្រុស ១ មិន​មែន​ខ្លួន ១ មិន​មែន​របស់ខ្លួន ១ មិន​មែន​យើង ១ មិន​មែន​របស់យើង ១ មិន​មែន​ជាបុគ្គល​ណា​ៗ ១ ឃើញ​ថា​​ វេទនា សញ្ញា សង្ខារ​ វិញ្ញាណ មិន​មែន​សត្វ មិន​​មែនជីវៈ មិន​មែន​បុរស មិន​មែន​នរៈ មិន​មែន​មាណព មិន​មែន​ស្រី មិន​មែន​ប្រុស មិន​មែន​ខ្លួន មិន​មែន​របស់ខ្លួន មិន​មែន​យើង មិន​មែន​របស់​យើង មិន​មែនជា​បុគ្គលណា​ៗ។ បុគ្គល​សំឡឹងឃើញ​​លោក ដោយ​​សភាព​ជា​របស់សូន្យ ដោយ​​អាការៈ ១២ ​យ៉ាងនេះ​ឯង។

ដូច​ព្រះពុទ្ធដីកា ដែល​ព្រះមាន​ព្រះភាគត្រាស់​ហើយ​នេះថា​​ ម្នាល​ភិក្ខុ​ទាំងឡាយ របស់​ណា​ មិន​មែន​ជារបស់​ពួក​អ្នក​ ពួក​អ្នក​​ចូរលះបង់​របស់នោះ របស់នោះ ដែល​​ពួក​អ្នក​​បាន​លះបង់​ហើយ​ នឹងបាន​ជាប្រយោជន៍ បាន​សេចក្តី​សុខ អស់​កាល​យូរ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់អ្វី ដែល​​មិន​មែន​ជារបស់​ពួក​អ្នក​ ម្នាល​ភិក្ខុ​ទាំងឡាយ រូបមិន​មែន​ជារបស់ពួក​​អ្នក​ ពួក​​​អ្នក​ចូរ​លះបង់​រូបនោះ រូបនោះ​ដែល​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជាប្រយោជន៍ បានសេចក្តី​​សុខ អស់​កាល​យូរ ម្នាល​ភិក្ខុ​ទាំងឡាយ វេទនា​មិន​មែន​ជារបស់​ពួក​អ្នក​ ពួក​អ្នក​​ចូរលះបង់​វេទនានោះ វេទនានោះ​ដែល​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជាប្រយោជន៍ បាន​សេចក្តី​សុខ អស់​កាល​យូរ ម្នាល​ភិក្ខុ​ទាំងឡាយ សញ្ញា​មិន​មែនជា​របស់ពួក​អ្នក​ ពួក​អ្នក​ចូរ​លះបង់​សញ្ញានោះ សញ្ញានោះ ដែល​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជាប្រយោជន៍ បានសេចក្តី​​សុខ​អស់​កាល​យូរ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខារ​​ទាំងឡាយ មិន​មែន​ជារបស់​ពួក​អ្នក​ ពួក​អ្នក​​ចូរ​លះបង់​សង្ខារ​​ទាំងនោះ សង្ខារ​​ទាំងនោះ ដែល​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជា​ប្រយោជន៍​បាន​សេចក្តី​​សុខ អស់​កាល​យូរ ម្នាល​ភិក្ខុ​ទាំងឡាយ វិញ្ញាណ​មិន​មែន​ជារបស់​ពួក​អ្នក​ ពួក​អ្នក​​ចូរលះបង់​វិញ្ញាណ​នោះ វិញ្ញាណនោះ​​ដែល​ពួក​អ្នក​​លះបង់​ហើយ​ នឹងបាន​ជា​ប្រយោជន៍ បាន​សេចក្តី​​សុខ អស់​កាល​យូរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​អ្នក​​សំគាល់​ហេតុ​នោះ​ថា​​ដូច​ម្ដេច ស្មៅ ឈើ មែកឈើ ស្លឹកឈើ​ណា​ ក្នុង​​វត្តជេតពន​នេះ ជនគប្បី​នាំ​ទៅ​ក្តី​ ដុតក្តី ធ្វើ​ឲ្យ​​គួរតាមបច្ច័យ​ក្តី នូវរបស់​នោះ តើពួក​​អ្នក​គិត​​យ៉ាងនេះថា​​ ជននាំ​ទៅ​ក្តី ដុតក្តី ធ្វើ​ឲ្យ​គួរ​តាមបច្ច័យ​ក្តី នូវពួក​​យើងដែរឬ។ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន ដំណើរនោះ មិន​ដូច្នោះទេ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន (ព្រោះ​ថា​​) ខ្លួនក្តី របស់​សម្រាប់​ខ្លួនក្តី មិន​មែន​ជារបស់​ពួក​ខ្ញុំព្រះអង្គ​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​នេះ ពិត​​យ៉ាងនេះ​ហើយ​ របស់ណា​​មិន​មែន​ជារបស់​ពួក​អ្នក​ទេ ពួក​អ្នក​​ចូរលះបង់​របស់នោះ របស់នោះ​ដែល​​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជាប្រយោជន៍ បាន​សេចក្តី​សុខ​អស់​កាល​យូរ ម្នាល​ភិក្ខុទាំ​ង​ឡាយ របស់អ្វី​ដែល​មិន​​មែនជា​របស់​ពួក​អ្នក​ ម្នាល​ភិក្ខុ​ទាំងឡាយ រូបមិន​មែន​ជារបស់ពួក​​អ្នក​ ពួក​អ្នក​​ចូរលះបង់​រូបនោះ រូបនោះ​ដែល​ពួក​អ្នក​​លះបង់ហើយ​ នឹងបាន​ជាប្រយោជន៍ បានសេចក្តី​​សុខអស់​​កាលយូរ ម្នាល​​ភិក្ខុ​ទាំងឡាយ វេទនា សញ្ញា សង្ខារ​ វិញ្ញាណ មិន​មែន​ជារបស់​ពួក​អ្នក​ ពួក​អ្នក​​ចូរលះបង់​វេទនា សញ្ញា សង្ខារ​ វិញ្ញាណ​នោះ វេទនា សញ្ញា សង្ខារ​ វិញ្ញាណ​នោះ ដែល​ពួក​​អ្នក​លះបង់​ហើយ​ នឹងបាន​ជា​ប្រយោជន៍ បានសេចក្តី​​សុខ​អស់​​កាល​យូរ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​​សភាព​ជារបស់​សូន្យ ​យ៉ាងនេះ​ឯង។

ព្រះអានន្ទមាន​អាយុ បានទូលសួរព្រះមាន​ព្រះភាគ ​យ៉ាងនេះថា​​ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ លោកសូន្យ បពិត្រ​​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គ​ទ្រង់​​ត្រាស់​ថា​​ លោកសូន្យ តើដោយ​​ហេតុ​ដូច​ម្ដេច។ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​អានន្ទ ព្រោះ​​ហេតុតែ​ធម្មជាត​​សូន្យចាក​​ខ្លួន ឬចាក​​វត្ថុសម្រាប់​ខ្លួន ហេតុនោះ ទើប​តថា​​គត​​ពោលថា​​ លោកសូន្យ ម្នាល​​អានន្ទ ចុះធម្មជាត​​អ្វី សូន្យ​ចាក​ខ្លួន ឬចាក​​វត្ថុសម្រាប់​ខ្លួន។ ភ្នែកសូន្យ រូប​ទាំងឡាយ​សូន្យ ចក្ខុវិញ្ញាណ​សូន្យ ចក្ខុសម្ផស្ស​សូន្យ សូម្បី​ធម្មជាត​​សម្រាប់ទទួល​អារម្មណ៍​ណា​ ជាសុខ ឬជាទុក្ខ ឬមិន​ជា​ទុក្ខ មិន​ជាសុខ កើតឡើង​ព្រោះ​​ចក្ខុសម្ផស្ស​ជាបច្ច័យ ធម្មជាត​​នោះក៏​សូន្យចាក​ខ្លួន ឬចាក​​វត្ថុសម្រាប់​ខ្លួន ត្រចៀក​សូន្យ សំឡេង​ទាំងឡាយ​សូន្យ ច្រមុះ​សូន្យ ក្លិនទាំងឡាយ​សូន្យ អណ្តាត​សូន្យ រសទាំងឡាយ​សូន្យ កាយ​សូន្យ ផ្សព្វទាំង​ឡាយសូន្យ មនៈសូន្យ ធម្មារម្មណ៍​សូន្យ មនោវិញ្ញាណ​សូន្យ មនោសម្ផស្ស​សូន្យ មួយទៀត សូម្បី​ធម្មជាត​​សម្រាប់​ទទួល​អារម្មណ៍​ណា​ ជាសុខ ឬជាទុក្ខ ឬ​មិន​ជាទុក្ខ មិន​ជាសុខ កើតឡើង​ព្រោះ​មនោសម្ផស្ស​ជាបច្ច័យ ធម្មជាត​​នោះ ក៏សូន្យ​ចាក​ខ្លួន ឬចាក​​វត្ថុសម្រាប់​ខ្លួន ម្នាល​អានន្ទ ព្រោះ​ហេតុ​តែធម្មជាត​​សូន្យចាក​​ខ្លួន ឬចាក​វត្ថុ​សម្រាប់​ខ្លួន ទើប​តថា​​គត​​ពោលថា​​ លោកសូន្យ។ បុគ្គល​សំឡឹង​ឃើញ​លោក ដោយ​​សភាព​ជារបស់​សូន្យ ​យ៉ាងនេះឯង។

ម្នាល​គាមិណិ កាលបុគ្គលឃើញ​​តាមពិត នូវការ​​កើតឡើង​នៃធម៌​​ដ៏បរិសុទ្ធ និងការ​​ជាប់តនៃ​សង្ខារ​​​ដ៏បរិសុទ្ធ ភ័យនោះ​មិន​មាន​ទេ កាលណា​​បុគ្គល​ឃើញ​លោក ថា​​ស្មើ​គ្នានឹង​ស្មៅ ឬឈើ ដោយ​ប្រាជ្ញា បុគ្គល​មិន​គប្បី​​ប្រាថ្នារបស់​ដទៃណា​​មួយឡើយ វៀរលែង​តែព្រះនិព្វាន​ដែល​មិន​​មាន​​បដិសន្ធិ។

បុគ្គលសំឡឹងឃើញ​លោក ដោយ​សភាព​ជារបស់សូន្យ ​យ៉ាងនេះ​ឯង។

មួយទៀត ព្រះមាន​ព្រះភាគ ទ្រង់​ត្រាស់ដូច្នេះថា​​ ម្នាល​ភិក្ខុ​ទាំងឡាយ ​យ៉ាងនេះ​មែន​ហើយ​ ភិក្ខុស្វែង​រក​រូប រហូត​ដល់​ដំណើរ​របស់រូប ស្វែងរក​​វេទនា រហូត​ដល់​ដំណើរ​របស់វេទនា ស្វែង​រក​សញ្ញា រហូត​ដល់​ដំណើរ​របស់សញ្ញា ស្វែងរក​​សង្ខារ​​ទាំងឡាយ រហូត​ដល់​ដំណើរ​របស់​សង្ខារ​ទាំងឡាយ ស្វែងរក​​វិញ្ញាណ រហូត​ដល់​ដំណើរ​របស់វិញ្ញាណ ​កាល​ភិក្ខុនោះ ស្វែងរក​រូប រហូត​ដល់​ដំណើរ​របស់រូប ស្វែងរក​​វេទនា រហូតដល់​​ដំណើរ​របស់​វេទនា ស្វែងរក​​សញ្ញា រហូត​ដល់​ដំណើរ​របស់សញ្ញា ស្វែងរក​​សង្ខារ​​ទាំងឡាយ រហូតដល់​​ដំណើររបស់​សង្ខារ​ទាំងឡាយ ស្វែងរក​​វិញ្ញាណ រហូត​ដល់​ដំណើរ​របស់​វិញ្ញាណ សេចក្តី​​ប្រកាន់​ណា​ របស់​ភិក្ខុណា​​ថា​​ អញក្តី របស់អញក្តី អញ​មាន​ក្តី សូម្បីសេចក្តី​​ប្រកាន់​នោះ របស់​ភិក្ខុនោះ ក៏មិន​មាន​​ទេ។ បុគ្គល​សំឡឹងឃើញ​​លោក ដោយ​សភាពជា​របស់សូន្យ ​យ៉ាង​នេះឯង។

ពាក្យថា​​ អ្នក​ចូរសំឡឹងឃើញ​លោក ដោយ​សភាព​ជារបស់សូន្យ គឺ​អ្នក​ចូរ​សំឡឹង​មើល ចូរ​ពិចារណា​ ចូរប្រៀបផ្ទឹម ចូររំពឹង ចូរធ្វើ​​ឲ្យ​ប្រាកដ ចូរធ្វើ​​ឲ្យ​ច្បាស់​លាស់ នូវលោក ដោយ​សភាព​ជារបស់​សូន្យ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) អ្នក​ចូរ​សំឡឹងឃើញ​​លោក ដោយ​​សភាព​ជារបស់​សូន្យ។

[៧៤] ពាក្យថា​​ មោឃរាជ របស់បទថា​​ ម្នាល​មោឃរាជ អ្នក​ចូរមាន​ស្មារតី​គ្រប់កាល គឺ ព្រះមាន​ព្រះភាគ ត្រាស់ហៅ​​ព្រាហ្មណ៍​នោះចំ​ឈ្មោះ។ ពាក្យថា​​ គ្រប់កាល គឺ អស់​កាល​ទាំងពួង។បេ។ ក្នុង​គំនរ​វ័យជាបំផុត​។ ពាក្យថា​​ មាន​​ស្មារតី គឺ មាន​ស្មារតី​ដោយ​ហេតុ ៤ គឺ កំពុង​ចំរើន​កាយានុបស្សនា​សតិប្បដ្ឋាន​ក្នុង​កាយ ឈ្មោះថា​​​មាន​ស្មារតី។បេ។ បុគ្គលនោះ លោកហៅ​​ថា​​ មាន​ស្មារតី ហេតុនោះ (ទ្រង់​ត្រាស់ថា​​) ម្នាល​​មោឃរាជ អ្នក​ចូរ​មាន​ស្មារតី​គ្រប់កាល។

[៧៥] ពាក្យថា​​ បុគ្គលដកអត្តានុទិដ្ឋិចេញ​ អធិប្បាយថា​​ សក្កាយទិដ្ឋិ មាន​វត្ថុ ២០ លោក​ហៅ​ថា​​ អត្តានុទិដ្ឋិ។ បុថុជ្ជន អ្នក​មិន​​ចេះដឹង​ក្នុង​លោក​នេះ មិន​ឃើញ​​ពួក​​ព្រះអរិយៈ មិន​ឈ្លាស​វៃចំពោះ​​អរិយធម៌ មិន​បាន​ទូន្មានខ្លួន​ក្នុង​​អរិយធម៌ មិន​ឃើញ​​ពួក​​សប្បុរស មិន​​ឈ្លាសវៃ​ចំពោះ​​សប្បុរិសធម៌ មិន​បាន​ទូន្មានខ្លួន​ក្នុង​​សប្បុរិសធម៌ រមែង​​ពិចារណា​​ឃើញ​​នូវរូបថា​​ខ្លួន នូវខ្លួន​ថា​​មាន​​រូបខ្លះ នូវរូប​ក្នុង​ខ្លួនខ្លះ នូវខ្លួន​ក្នុង​រូបខ្លះ ពិចារណា​​ឃើញ​​នូវវេទនា សញ្ញា សង្ខារ​ វិញ្ញាណ​ថា​​ខ្លួន នូវខ្លួនថា​​​មាន​វិញ្ញាណខ្លះ នូវវិញ្ញាណ​ក្នុង​ខ្លួនខ្លះ នូវខ្លួនក្នុង​​វិញ្ញាណ​ខ្លះ សេចក្តី​​ឃើញ​ សេចក្តី​យល់ ការ​ប្រកាន់​​តាមយល់ ផ្លូវដាច់​ស្រយាល​គឺ​ទិដ្ឋិ សត្រូវ​គឺ​ទិដ្ឋិ ការ​ញាប់ញ័រ​គឺ​ទិដ្ឋិ សំយោជនៈ​គឺ​ទិដ្ឋិ ការ​ប្រកាន់​ ការ​ប្រកាន់​មាំ ការ​ប្រកាន់​​ស្អិត ការ​បបោស​អង្អែល ផ្លូវអាក្រក់ ផ្លូវខុស សេចក្តី​ខុស លទិ្ធដូច​​ជាកំពង់ ការ​ប្រកាន់​​ឆ្វេង ការ​ប្រកាន់​​ឃ្លៀងឃ្លាត ការ​ប្រកាន់​​វិបល្លាស ការ​ប្រកាន់​​ខុស ការ​ប្រកាន់​​ថា​​ពិត​ក្នុង​របស់​មិន​ពិត ទិដ្ឋិ ៦២ ទាំង​ប៉ុន្មាន​​យ៉ាងនេះ​ឯណា​ នេះជា​អត្តានុទិដ្ឋិ។ ពាក្យថា​​ បុគ្គល​ដក​អត្តានុទិដ្ឋិ​ចេញ​ គឺ​ដក ដករំលើង ភើច ភើចរំលើង គាស់ គាស់រំលើង លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​​នូវការ​​មិន​​មាន​​បែបភាព​នៃ​អត្តានុទិដ្ឋិ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) បុគ្គល​ដក​អត្តានុទិដ្ឋិ​ចេញ។

[៧៦] ពាក្យថា​​ ទើបឆ្លងផុតចាក​មច្ចុ​យ៉ាងនេះ គឺ​នឹងឆ្លង​ចាក​មច្ចុ​ផង ឆ្លងចាក​​ជរាផង ឆ្លង ឆ្លងឡើង ឆ្លងរំលង ប្រព្រឹត្ត​កន្លង​មរណៈផង ​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ទើបឆ្លង​ផុតចាក​​មច្ចុ ​យ៉ាងនេះ។

[៧៧] ពាក្យថា​​ បុគ្គលសំឡឹងឃើញ​នូវលោក​​យ៉ាងនេះ គឺ​បុគ្គល​កំពុង​សំឡឹងមើល ពិចារណា​ ប្រៀបផ្ទឹម ត្រិះរិះ ធ្វើ​ឲ្យ​ច្បាស់​ ធ្វើ​ឲ្យ​​ប្រាកដ​នូវលោក ​យ៉ាងនេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) បុគ្គល​សំឡឹង​ឃើញ​លោក ​យ៉ាងនេះ។

[៧៨] ពាក្យថា​​ មច្ចុរាជទើបមិន​ឃើញ​ អធិប្បាយថា​​ មារ ឈ្មោះថា​​​មច្ចុរាជ សេចក្តី​​ស្លាប់ ឈ្មោះថា​​ មច្ចុរាជ។ ពាក្យថា​​ មិន​ឃើញ​ គឺមច្ចុរាជ​មិន​ឃើញ​ មិន​យល់ មិន​ជួប​ប្រទះ មិន​បាន មិន​បាន​ចំពោះ។ ដូច​​ព្រះពុទ្ធ​ដីកា​ដែល​​ព្រះមាន​ព្រះភាគ​ត្រាស់ហើយ​​នេះថា​​ ម្នាល​​ភិក្ខុទាំងឡាយ ដូច​ម្រឹគ​ដែល​នៅ​​ក្នុង​ព្រៃ ត្រាច់ទៅ​​ក្នុង​ព្រៃធំ រមែង​​ដើរឥត​រង្កៀស ឈរឥត​រង្កៀស អង្គុយ​ឥតរង្កៀស ដេកឥត​រង្កៀស ដំណើរនោះ ព្រោះ​​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ម្រឹគ​នុ៎ះ មិន​នៅ​​ក្នុង​គន្លង​របស់ព្រាន ​យ៉ាងណា​​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់ចាក​​អកុសលធម៌​ទាំងឡាយ ហើយ​ចូល​បឋមជ្ឈាន ដែល​​មាន​​វិតក្កៈ និង​វិចារៈ មាន​បីតិ និងសុខ ដែល​កើត​អំពី​សេចក្តី​​ស្ងប់ស្ងាត់ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​ហៅ​ថា​​ បានធ្វើ​​មារឲ្យ​ខ្វាក់ សម្លាប់​មិន​ឲ្យ​​មាន​​ស្នាមជើង ដល់​នូវ​ការ​មិន​​ឃើញ​​​ដោយ​​ភ្នែកនៃមារ​ដែល​មាន​​ចិត្តបាប ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ ចូល​ទុតិយជ្ឈាន ជាធម្មជាត​​កើតមាន​​ក្នុង​សន្ដាន ប្រកប​ដោយ​​សេចក្តី​​ជ្រះថ្លា មាន​​សភាពជា​ចិត្ត​ខ្ពស់ឯក មិន​មាន​​វិតក្កៈ និងវិចារៈ មាន​តែ​បីតិ និងសុខ​ដែល​កើត​អំពី​​សមាធិ ចូល​តតិយជ្ឈាន ចតុត្ថជ្ឈាន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​ហៅ​ថា​​ បានធ្វើ​​នូវមារ​ឲ្យ​ខ្វាក់ សម្លាប់​មិន​ឲ្យ​​មាន​​ស្នាមជើង ដល់​នូវ​ការ​មិន​ឃើញ​​ដោយ​ភ្នែក​នៃមារ​ដែល​មាន​​ចិត្តបាប ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុព្រោះ​​កន្លង​រូបសញ្ញា​ដោយ​​សព្វគ្រប់ ធ្វើ​​បដិឃសញ្ញា​ឲ្យ​វិនាស មិន​​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​នានត្តសញ្ញា ហើយ​ចូល​អាកាសានញ្ចាយតនៈ​ដោយ​​បរិកម្មថា​​ អាកាស​មិន​មាន​​ទីបំផុត​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​ហៅ​ថា​​ បានធ្វើ​​មារឲ្យ​ខ្វាក់ សម្លាប់​មិន​ឲ្យ​​មាន​​ស្នាមជើង ដល់​នូវ​ការ​មិន​ឃើញ​​ដោយ​ភ្នែក​នៃមារ​ដែល​មាន​​ចិត្តបាប ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​កន្លង​អាកាសានញ្ចាយតនៈ​ដោយ​​សព្វគ្រប់ ហើយ​ចូល​វិញ្ញាណញ្ចាយតនៈ​ដោយ​​បរិកម្មថា​​ វិញ្ញាណ​មិន​មាន​​ទីបំផុត​ កន្លង​វិញ្ញាណញ្ចាយតនៈ​ដោយ​សព្វ​គ្រប់ ហើយ​ចូល​អាកិញ្ចញ្ញាយតនៈ​ដោយ​​បរិកម្មថា​​ អ្វី​តិចតួច​មិន​មាន​ កន្លង​អាកិញ្ចញ្ញាយតនៈ​ដោយ​​សព្វគ្រប់ ហើយ​ចូល​នេវសញ្ញានាសញ្ញាយតនៈ កន្លង​នេវសញ្ញានាសញ្ញាយតនៈ​ដោយ​​សព្វគ្រប់ ហើយ​ចូល​សញ្ញាវេទយិតនិរោធ លុះភិក្ខុនោះ​បានឃើញ​​ដោយ​​ប្រាជ្ញា អាសវៈ​ទាំងឡាយ​ក៏អស់​​រលីង ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​ហៅ​ថា​​ បានធ្វើ​​មារឲ្យ​ខ្វាក់ សម្លាប់​មិន​ឲ្យ​​មាន​​ស្នាមជើង ដល់​នូវ​ការ​មិន​​ឃើញ​ដោយ​​ភ្នែក​នៃមារ​ដែល​មាន​​ចិត្តបាប ឆ្លងតណ្ហា​ឈ្មោះ​វិសត្តិកា​ក្នុង​លោក​បាន ភិក្ខុ​នោះ រមែង​ដើរ​ឥតរង្កៀស ឈរឥត​រង្កៀស អង្គុយ​ឥតរង្កៀស ដេកឥត​រង្កៀស ដំណើរនោះ ព្រោះ​​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ថា​​ ភិក្ខុ​នោះមិន​​នៅ​ក្នុង​​គន្លង​របស់មារ​មាន​ចិត្តបាប ក៏​យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) មច្ចុរាជ ទើបមិន​​ឃើញ។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

ម្នាល​មោឃរាជ អ្នក​ចូរមាន​ស្មារតីគ្រប់កាល សំឡឹង​ឃើញ​លោក​ដោយ​​សភាព​ជារបស់​សូន្យ (ព្រោះ​) បុគ្គល​ដក​អត្តានុទិដ្ឋិ​ចេញ​ ទើបឆ្លង​ផុតចាក​​មច្ចុ បុគ្គល​សំឡឹង​ឃើញ​​លោក​យ៉ាង​នេះ មច្ចុរាជ​ទើបមិន​​ឃើញ។

ព្រមដោយ​ការ​ចប់គាថា​​។បេ។ បពិត្រ​​ព្រះអង្គ​​ដ៏ចំរើន ព្រះមាន​ព្រះភាគ​ជាសាស្ដា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​សូមជា​សាវ័ក។

ចប់ មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥។

បិង្គិយមាណវកប្បញ្ហានិទេ្ទស ទី១៦

[៧៩] (បិង្គិយៈមាន​អាយុ ក្រាបទូលដូច្នេះថា​​) ខ្ញុំព្រះអង្គ​ជាមនុស្ស​គ្រាំគ្រា មាន​កំឡាំង​ខ្សោយ ប្រាសចាក​​សម្បុរ ទាំងភ្នែក​ក៏មិន​ស្អាត ការ​ស្ដាប់ [ត្រចៀក] ក៏មិន​ស្រួល សូមកុំឲ្យ​​ខ្ញុំព្រះអង្គ​ជាបុគ្គល​វង្វេង ខូចក្នុង​​ចន្លោះ​ឡើយ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ ដែល​ជា​គ្រឿង​លះបង់​ជាតិ និងជរា ក្នុង​ទីនេះ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ​ឲ្យ​ទាន។

[៨០] ពាក្យថា ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រា មាន​កំឡាំង​ខ្សោយ ប្រាសចាក​សម្បុរ គឺ​ជា​មនុស្ស​គ្រាំគ្រា​ចម្រើនហើយ​ មាន​អាយុច្រើន រស់នៅ​បានយូរ​ឆ្នាំមក​ហើយ​ មាន​វ័យ​ដល់​ហើយ​​តាម​លំដាប់​ មាន​អាយុ ១២០ ឆ្នាំ អំពី​​កំណើត។ ពាក្យថា​​ មាន​កំឡាំង​ខ្សោយ គឺ​មាន​កំឡាំង​ថយ មាន​កំឡាំង​កាយតិច មាន​កំឡាំង​ចិត្តតិច។ ពាក្យថា​​ ប្រាសចាក​​សម្បុរ គឺ​ប្រាសចាក​​សម្បុរ បាត់​សម្បុរ ពន្លឺសម្បុរ​​ដ៏ល្អណា​ មាន​ក្នុង​​កាលមុន ពន្លឺ​សម្បុរ​​ដ៏ល្អ​នោះ បាត់​ទៅ​ ទោសក៏​កើតប្រាកដ ហេតុនោះ (លោក​​ពោលថា) ខ្ញុំព្រះអង្គ​ជាមនុស្ស​គ្រាំគ្រា មាន​កំឡាំង​ខ្សោយ ប្រាសចាក​​សម្បុរ។ ពាក្យថា​​ បិង្គិយៈ​មាន​អាយុ​ក្រាបទូល​ដូច្នេះ ត្រង់​ពាក្យថា​​ ដូច្នេះ គឺជា​ការ​ត​បទ។ ពាក្យថា​​ មាន​អាយុ គឺ​ពាក្យជាទី​ស្រឡាញ់។ ពាក្យថា​​ បិង្គិយៈ ជាឈ្មោះ។បេ។ ជាពាក្យ​សម្រាប់​ហៅ​ព្រាហ្មណ៍​នោះ ហេតុនោះ (ទើបមាន​​ពាក្យថា​​) បិង្គិយៈ​មាន​អាយុ ក្រាបទូល​ដូច្នេះ។

[៨១] ពាក្យថា​​ ភ្នែកមិន​ស្អាត ការ​ស្ដាប់មិន​ស្រួល គឺភ្នែក​ទាំងពីរ​មិន​ស្អាត មិន​​ម៉ត់ចត់ មិន​បរិសុទ្ធ មិន​​ផូរផង់ គឺ​ខ្ញុំព្រះអង្គ​មិន​ឃើញ​​រូបដោយ​​ភ្នែក ដោយ​​ប្រការ​​ដូច្នោះ ហេតុនោះ (លោក​ពោលថា) ភ្នែក​មិន​ស្អាត។ ពាក្យថា​​ ការ​ស្ដាប់​មិន​ស្រួល គឺ​ត្រចៀក​មិន​ស្អាត មិន​ម៉ត់ចត់ មិន​បរិសុទ្ធ មិន​ផូរផង់ គឺ​ខ្ញុំព្រះអង្គ​មិន​ឮ​សំឡេង​ដោយ​​ត្រចៀក ដោយ​ប្រការ​​ដូច្នោះ ហេតុនោះ (លោក​ពោលថា) ភ្នែក​មិន​ស្អាត ការ​ស្ដាប់​មិន​ស្រួល។

[៨២] ពាក្យថា​​ សូមកុំឲ្យ​ខ្ញុំព្រះអង្គជាបុគ្គល​វង្វេង ខូចក្នុង​​ចន្លោះ​ឡើយ គឺ​សូមកុំ​ឲ្យ​​ខ្ញុំព្រះអង្គ​លាញ ខូច វិនាស​ឡើយ។ ពាក្យថា​​ ជាបុគ្គល​វង្វេង គឺជា​បុគ្គល​មិន​យល់ ដល់​នូវ​សេចក្តី​ល្ងង់ខ្លៅ មិន​ដឹង មិន​​វាងវៃ ឥតប្រាជ្ញា។ ពាក្យថា​​ ក្នុង​ចន្លោះ គឺ​ខ្ញុំព្រះអង្គ​មិន​ដឹង មិន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ មិន​ធ្វើ​​ឲ្យ​ប្រាកដ មិន​បាន​ចំពោះ​ មិន​ពាល់​ត្រូវ មិន​ធ្វើ​​ឲ្យ​ជាក់ច្បាស់​​នូវធម៌ ទិដ្ឋិ បដិបទា មគ្គ របស់ព្រះអង្គ ហើយ​ធ្វើ​​មរណកាល​ក្នុង​ចន្លោះ ហេតុនោះ (លោក​​ពោលថា​​) សូមកុំឲ្យ​​ខ្ញុំព្រះអង្គ​ជាបុគ្គល​វង្វេង ខូចក្នុង​​ចន្លោះ​ឡើយ។

[៨៣] អធិប្បាយពាក្យថា​​ ខ្ញុំព្រះអង្គគប្បី​ដឹងធម៌ណា​ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌​នោះ ត្រង់​ពាក្យថា​​ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ គឺ​សូមព្រះអង្គ​ប្រាប់ សំដែង​ បញ្ញត្ត តាំងផ្ដើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស​នូវ​ព្រហ្មចរិយៈ មាន​​ពីរោះបទ​ដើម ពីរោះ​បទកណ្តាល ពីរោះ​បទចុង ព្រមទាំង​អត្ថ ព្រះទាំង​ព្យញ្ជនៈ​​ដ៏ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំងអស់​ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយ​អង្គ ៨ ​ដ៏ប្រសើរ និព្វាន និង​និព្វានគាមិនីបដិបទា ហេតុនោះ (លោក​​ពោលថា​​) សូមព្រះអង្គ​ត្រាស់​ប្រាប់ធម៌​នោះ។ ពាក្យថា​​ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ គឺខ្ញុំព្រះអង្គ​គប្បី​ដឹង យល់ច្បាស់​ ដឹងច្បាស់​​លាស់ ចាក់ធ្លុះ​ចំពោះ​ បានលុះ ពាល់ត្រូវ ធ្វើ​ឲ្យ​​ជាក់ច្បាស់​​នូវធម៌ណា​ ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ។

[៨៤] ពាក្យថា​​ ជាគ្រឿងលះបង់ជាតិ និងជរា ក្នុង​ទីនេះ គឺការ​​លះបង់ រម្ងាប់បង់ រលាស់​ចោល រម្ងាប់នូវ​ជាតិ ជរា និងមរណៈ ក្នុង​ទីនេះឯង គឺ​អមតនិពា្វន ហេតុនោះ (លោក​​ពោលថា) ជាគ្រឿង​លះបង់​ជាតិ និងជរា ក្នុង​ទីនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ​ពោលថា​​

(បិង្គិយៈមាន​អាយុ ក្រាបទូលដូច្នេះ​ថា) ខ្ញុំព្រះអង្គ​ជាមនុស្ស​គ្រាំគ្រា មាន​កម្លាំង​ខ្សោយ ប្រាសចាក​សម្បុរ ទាំងភ្នែក​ក៏មិន​ស្អាត ការ​ស្ដាប់​ក៏មិន​ស្រួល សូមកុំ​ឲ្យ​ខ្ញុំព្រះអង្គ​ជាបុគ្គល​វង្វេង ខូចក្នុង​ចន្លោះ​ឡើយ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ ដែល​ជា​គ្រឿង​លះបង់​ជាតិ និងជរា ក្នុង​ទីនេះ សូម​ព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ​ឲ្យ​ទាន។

[៨៥] (ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បិង្គិយៈ) ពួក​ជន​ដែល​ប្រហែស ឃើញ​​សត្វទាំង​ឡាយ​កំពុង​លំបាក​​ព្រោះ​រូប ក៏លំបាក​​ព្រោះ​រូប ម្នាល​​បិង្គិយៈ ហេតុនោះ អ្នក​ចូរ​ជាបុគ្គល​មិន​ប្រហែស លះបង់​រូបទៅ​ ដើម្បី​ការ​​មិន​កើត​ទៀត។

[៨៦] អធិប្បាយពាក្យថា​​ ឃើញ​សត្វទាំងឡាយ​កំពុង​លំបាក​​ព្រោះ​រូប ត្រង់ពាក្យ​ថា​​ រូប បានដល់​​មហាភូតរូប​បួនផង រូបដែល​​អាស្រ័យ​​នឹង​មហាភូតរូប​បួនផង។ សត្វ​ទាំងឡាយ​លំបាក​ ឈឺចាប់ ក្តៅក្រហាយ ចង្អៀតចង្អល់ ព្រោះ​​ហេតុនៃរូប ព្រោះ​រូប​ជាបច្ច័យ ព្រោះ​​ដំណើរ​នៃរូប កាលបើ​រូបមាន​ សត្វ​ទាំងឡាយ ត្រូវគេ​ធ្វើ​នូវ​កម្មការ​ណ៍​ផ្សេងៗ គឺ វាយដោយ​​រំពាត់ខ្លះ វាយដោយ​​ផ្តៅខ្លះ វាយដោយ​​កំណា​ត់​ឈើខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ដៃ និង​ជើងខ្លះ កាត់​ត្រចៀកខ្លះ កាត់ច្រមុះ​ខ្លះ កាត់ត្រចៀក និង​ច្រមុះខ្លះ ធ្វើ​​ពិលង្គថា​​លិកកម្ម [ចោះរលាក្បាល​ដាក់ដែក​ក្តៅឲ្យ​ខួរ​ពុះខ្ជោលឡើង។] ខ្លះ ធ្វើ​សង្ខមុណ្ឌកកម្ម [ពន្លះស្បែក​តាំងពី​បបូរមាត់​លើ គុម្ពត្រចៀក​សងខាង និងកញ្ចឹងក ហើយ​ខាត់​ឆ្អឹង​ឲ្យ​រលីង​ដូច​​សម្បុរស័ង្ខ។] ខ្លះ ធ្វើ​​រាហុមុខកម្ម [យកកង្វារ​បើកមាត់ ហើយ​អុជភ្លើង​ក្នុង​មាត់ ឬដាប់​មាត់ឲ្យ​​ធ្លាយដល់​​គុម្ពត្រចៀក​ទាំងពីរ ធ្វើ​ឲ្យ​​ឈាមហូរចេញ​​តាមមាត់។] ខ្លះ ធ្វើ​​ជោតិមាលិកកម្ម [រុំខ្លួន​ទាំងអស់​​ដោយ​​សំពត់​ប្រេង ហើយ​ដុត។] ខ្លះ ធ្វើ​​ហត្ថប្បជ្ជោតិកកម្ម [រុំដៃទាំងពីរ​ដោយ​សំពត់​ប្រេង ហើយ​ដុត។] ខ្លះ ធ្វើ​​ឯរក​វត្តិកកម្ម [ចៀរស្បែក​ជាចំរៀក​តាំងពី​ក ដល់​​កជើង ហើយ​ដឹក​ឲ្យ​ដើរ​ជាន់លើ​ស្បែកខ្លួន។] ខ្លះ ធ្វើ​ចិរក​វាសិកកម្ម [ចៀរស្បែក​ពីក ទុកត្រឹម​ចង្កេះ ហើយ​ចៀរ​ពីចង្កេះ​ដល់​​កជើង។] ខ្លះ ធ្វើ​ឯណេយ្យកកម្ម [ស៊ក​ក្រវិលដែក​ត្រង់​កជើង និងជង្គង់​ទាំងពីរ ហើយ​ដោត​នឹង​បង្គោល​ដែកឲ្យ​​អ្នក​ទោស​ឈរ ដុតភ្លើង​ជុំវិញ។] ខ្លះ ធ្វើ​​ពលិសមំសិកកម្ម [យកកង្វារ​ដែក​មាន​មុខ​សងខាង ខ្វារយក​ស្បែក សាច់ សរសៃចេញ។ តិស្សមេត្តេយ្យ​សុត្តនិទ្ទេស​វណ្ណនា។] ខ្លះ​ ធើ្វ​កហាបណិកកម្ម [អារសាច់​ប៉ុនៗ​កហាបណៈ។] ខ្លះ ធ្វើ​​ខារាបតច្ឆិកកម្ម [យក​អាវុធ​ប្រហារ​សរីរៈ ហើយ​យក​ទឹកក្រុត​លាប កិនយក​ស្បែក សាច់ សរសៃ​ចេញ​ ឲ្យ​នៅ​​សល់តែ​រាងឆ្អឹង។] ខ្លះ ធ្វើ​​បលិឃបរិវត្តិកកម្ម [ឲ្យ​ដេក​ផ្អៀង ហើយ​ដោត​ដែកស្រួច​ត្រង់​រន្ធត្រចៀក កប់​ទៅ​នឹង​ផែនដី ហើយ​ចាប់​ជើង​បង្វិល។] ខ្លះ ធ្វើ​​បលាលបីឋកកម្ម [ដំឆ្អឹង​ឲ្យ​ខ្ទេច​ទក់ តែមិន​​ឲ្យ​ដាច់​ស្បែក​ក្រៅ ហើយ​មូរ​សាច់ជាដុំ​រុំនឹងសក់។ តិស្សមេត្តេយ្យ​សុត្តនិទ្ទេស​វណ្ណនា។] ខ្លះ ស្រោច​ដោយ​ប្រេង​ដែល​ក្តៅ​ខ្លះ ឲ្យ​ឆ្កែ​ខាំខ្លះ ឲ្យ​ដេកផ្ងារ​លើឈើ​អណ្តោត​ទាំងរស់​ខ្លះ កាត់ក្បាល​ដោយ​​ដាវខ្លះ។ សត្វ​ទាំងឡាយ​លំបាក​ ឈឺចាប់ ក្តៅក្រហាយ ចង្អៀត​ចង្អល់​ព្រោះ​រូប​ជាហេតុ ព្រោះ​រូប​ជាបច្ច័យ ព្រោះ​រូប​ជាដំណើរ ដោយ​​ប្រការ​​​យ៉ាងនេះ។ ឃើញ​ ចួប ពិចារណា​ ត្រិះរិះ សំដែង​ ធ្វើ​ឲ្យ​ប្រាកដ​នូវសត្វ​ទាំងឡាយ កំពុង​លំបាក​ ក្តៅក្រហាយ​​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ឃើញ​សត្វ​ទាំងឡាយ​កំពុង​លំបាក​​ព្រោះ​រូប។ ពាក្យថា​​ ម្នាល​​បិង្គិយៈ ក្នុង​​បទថា​​ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​បិង្គិយៈ គឺ​ព្រះមាន​ព្រះភាគ​ត្រាស់ហៅ​​ព្រាហ្មណ៍​នោះចំ​ឈ្មោះ។ ពាក្យថា​​ ព្រះមាន​ព្រះភាគ​នុ៎ះ ជាពាក្យ​​ពោលដោយ​​គោរព។បេ។ បញ្ញត្តិ​ថា​​ ព្រះមាន​ព្រះភាគ​នេះ ហេតុនោះ (មាន​ពាក្យ​ថា​​) ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ ម្នាល​​បិង្គិយៈ។

[៨៧] អធិប្បាយពាក្យថា​​ ពួក​ជនដែល​ប្រហែស ក៏លំបាក​​ព្រោះ​រូប ត្រង់ពាក្យថា​​ លំបាក​ គឺលំបាក​ កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់​នូវ​ទោមនស្ស ដោយ​​រោគក្នុង​​ភ្នែក លំបាក​ កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់​នូវ​ទោមនស្ស ដោយ​រោគ​ក្នុង​ត្រចៀក។បេ។ លំបាក​ កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់​នូវ​ទោមនស្ស ដោយ​​សម្ផស្ស​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ សត្វលូន ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ក៏លំបាក​​ព្រោះ​រូប។ មួយទៀត សត្វ​ទាំងឡាយ កាលបើ​ភ្នែកសាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅ​ប្រាស អន្តរធាន ក៏​លំបាក​។បេ។ ដល់​នូវ​ទោមនស្ស សត្វ​ទាំងឡាយ កាលត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក​ អាវាស លាភ យស សេចក្តី​​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ សាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅ​ប្រាស អន្តរធាន លំបាក​ កម្រើក ត្រូវសេចក្តី​​វិនាស​បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់​នូវ​ទោមនស្ស ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ក៏លំបាក​​ព្រោះ​រូប ​យ៉ាងនេះ​ក៏បាន។ ពាក្យថា​​ ពួក​ជន បានដល់​​ពួក​ក្សត្រ ព្រាហ្មណ៍ អ្នក​​ជំនួញ អ្នក​គ្រួ គ្រហស្ថ បព្វជិត ទេវតា មនុស្ស។ ពាក្យថា​​ ប្រហែស គឺ​ការ​ប្រហែស ខ្ញុំត្រូវ​​ពោលដូច​​តទៅ​នេះ ការ​​បណ្ដោយ​ចិត្ត ការ​ផ្តល់​កម្លាំង​ដល់​ការ​​បណ្ដោយ​ចិត្តទៅ​​ក្នុង​​កាយទុច្ចរិត ក្នុង​​វចីទុច្ចរិត ក្នុង​​មនោទុច្ចរិត ឬក្នុង​​កាមគុណ​ទាំង ៥ ក្តី ភាពនៃ​កិរិយា​មិន​ធើ្វ​រឿយៗ ភាពនៃ​កិរិយា​មិន​តាំង​នៅ​ ភាពនៃ​កិរិយា​ប្រព្រឹត្ត​ធូរថយ ការ​ដាក់​ចុះនូវ​ឆន្ទៈ ការ​ដាក់​ចុះនូវធុរៈ ការ​មិន​​សេព ការ​មិន​​ចម្រើន ការ​មិន​ធ្វើ​​ឲ្យ​ច្រើន ការ​មិន​​អធិដ្ឋាន ការ​មិន​​ប្រកប​រឿយៗ ក្នុង​ការ​​ចម្រើន​ធម៌ជា​កុសល​ក្តី ឈ្មោះថា​​ ការ​ប្រហែស សេចក្តី​​ធ្វេសប្រហែស ការ​បណ្ដែត​បណ្ដោយ ភាពនៃ​សេចក្តី​​ភ្លេច​ភ្លាំង ដែល​មាន​​សភាព​​យ៉ាងនេះ​ឯណា​ នេះលោក​ហៅ​ថា​​ ការ​ប្រហែស។ ពួក​ជន​ប្រកប​ដោយ​សេចក្តី​​ប្រហែសនេះ ឈ្មោះថា​​ អ្នក​​ប្រហែស ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ពួក​ជន​ប្រហែស ក៏លំបាក​​ព្រោះ​រូប។

[៨៨] ពាក្យថា​​ ម្នាល​បិង្គិយៈ ព្រោះ​ហេតុនោះ អ្នក​ចូរ​ជាបុគ្គល​មិន​ប្រហែស ត្រង់​ពាក្យថា​​ ព្រោះ​​ហេតុនោះ គឺ​ព្រោះ​ហេតុ​ដូច្នោះ ព្រោះ​ការ​ណ៍​នោះ ព្រោះ​ហេតុ​នោះ ព្រោះ​​បច្ច័យនោះ ព្រោះ​និទាន​នោះ បុគ្គល​កាលឃើញ​​ច្បាស់​នូវ​ទោសក្នុង​​រូប​យ៉ាងនេះ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ម្នាល​បិង្គិយៈ ហេតុនោះ អ្នក​ (ចូរជា​បុគ្គលមិន​​ប្រហែស)។ ពាក្យថា​​ ចូរជា​បុគ្គលមិន​​ប្រហែស គឺ​ធើ្វដោយ​​គោរព​ ធ្វើ​ឲ្យ​​រឿយៗ។បេ។ មិន​ប្រហែស​ក្នុង​​កុសលធម៌​ទាំងឡាយ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ម្នាល​​បិង្គិយៈ ហេតុនោះ អ្នក​ចូរ​ជា​បុគ្គលមិន​​ប្រហែស។

[៨៩] អធិប្បាយពាក្យថា​​ ចូរលះបង់រូប ដើម្បី​ការ​​មិន​កើតទៀត ត្រង់ពាក្យ​ថា​​ រូប បាន​ដល់​​មហាភូតរូប ៤ និងរូប​អាស្រ័យ​​មហាភូតរូប ៤។ ពាក្យថា​​ ចូរលះបង់​រូប គឺ​ចូរលះបង់​រូប ចូរ​ចោលរូប ចូរបន្ទោបង់​រូប ចូរធើ្វ​ឲ្យ​វិនាស​រូប ចូរឲ្យ​​រូបវិនាស ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ចូរលះបង់​រូប។ ពាក្យថា​​ ដើម្បី​ការ​​មិន​ឲ្យ​​កើតទៀត អធិប្បាយ​ថា​​ រូបរបស់​អ្នក​ គប្បី​រលត់​ក្នុង​​ភពនេះ ​យ៉ាងណា​ បដិសន្ធិភព មិន​គប្បី​​កើតទៀត ក្នុង​កាមធាតុ​ក្តី ក្នុង​រូបធាតុ​ក្តី ក្នុង​​អរូបធាតុក្តី ក្នុង​​កាមភពក្តី ក្នុង​រូបភព​ក្តី ក្នុង​​អរូបភព​ក្តី ក្នុង​​សញ្ញាភពក្តី ក្នុង​​អសញ្ញាភពក្តី ក្នុង​​នេវសញ្ញានាសញ្ញាភព​ក្តី ក្នុង​​ឯកវោការ​ភព​ក្តី ក្នុង​​ចតុវោការ​ភព​ក្តី ក្នុង​​បញ្ចវោការ​ភព​ក្តី គឺ​មិន​គប្បី​​កើត មិន​គប្បី​​បង្កើត មិន​គប្បី​​កកើត មិន​គប្បី​​កើតចំពោះ​​ទៀត ក្នុង​​គតិក្តី ក្នុង​​ឧបបត្តិ​ក្តី ក្នុង​​បដិសន្ធិ​ក្តី ក្នុង​​សំសារក្តី ក្នុង​​វដ្តៈក្តី គឺ​ថា​​ គប្បី​រលត់ ស្ងប់រម្ងាប់ ដល់​​នូវ​ការ​តាំង​នៅ​មិន​​បាន រម្ងាប់​ចំពោះ​ ក្នុង​ភព​នេះឯង ក៏​យ៉ាង​នោះដែរ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ចូរលះបង់​រូប ដើម្បី​​ការ​មិន​​កើតទៀត។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

(ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បិង្គិយៈ) ពួក​ជនដែល​​ប្រហែស ឃើញ​សត្វ​ទាំងឡាយ​កំពុង​លំបាក​​ព្រោះ​រូប ក៏លំបាក​​ព្រោះ​រូប ម្នាល​​បិង្គិយៈ ហេតុនោះ អ្នក​ចូរ​ជាបុគ្គល​មិន​ប្រហែស លះបង់​រូបទៅ​ ដើម្បី​ការ​​មិន​កើត​ទៀត។

[៩០] ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាង​ក្រោម ១ របស់អ្វី​បន្តិច​បន្តួច ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ឃើញ​ មិន​ធ្លាប់ឮ មិន​ធ្លាប់​ប៉ះពាល់ មិន​មាន​​ទេ មួយទៀត របស់អ្វី​បន្តិចបន្តួច​ក្នុង​លោក ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ជ្រាប មិន​មាន​​ទេ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ ដែល​ជា​គ្រឿងលះបង់​ជាតិ និងជរា ក្នុង​ទីនេះ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ​ឲ្យ​ទាន។

[៩១] ពាក្យថា​​ ទិសទាំង ១០ នេះ គឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិស​ខាង​ក្រោម ១ សេចក្តី​ថា​​ ក្នុង​ទិស​ទាំង ១០ របស់អ្វី​បន្តិចបន្តួច ដែល​ជា​ប្រយោជន៍​ខ្លួនក្តី ប្រយោជន៍​អ្នក​ដទៃ​ក្តី ប្រយោជន៍​ទាំងពីរក្តី ប្រយោជន៍​ប្រព្រឹត្តទៅ​​ក្នុង​បច្ចុប្បន្ន​ក្តី ប្រយោជន៍​ប្រព្រឹត្ត​ទៅ​ក្នុង​លោក​ខាងមុខក្តី។បេ។ ប្រយោជន៍​​ដ៏ឧត្តមក្តី ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ឃើញ​ ​មិន​ធ្លាប់ឮ មិន​ធ្លាប់​ប៉ះពាល់ មិន​ធ្លាប់​ជ្រាប មិន​មាន​ គ្មាន ឥតអង្គឺមាន​ គឺថា​​ មិន​ទាន់​បានទេ ហេតុនោះ (លោក​​ពោលថា​​) របស់អ្វី​បន្តិចបន្តួច ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ឃើញ​ មិន​ធ្លាប់ឮ មិន​ធ្លាប់​ប៉ះពាល់ មិន​មាន​ទេ មួយទៀត របស់អ្វី​បន្តិចបន្តួច​ក្នុង​លោក ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ជ្រាប មិន​មាន​​ទេ។

[៩២] ពាក្យថា​​ សូមព្រះអង្គត្រាស់ប្រាប់ធម៌ ក្នុង​បទថា​​ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ គឺសូម​ព្រះអង្គ​ប្រាប់ សំដែង​ បញ្ញត្តិ តាំងផ្តើម បើក វែកញែក ធើ្វឲ្យ​រាក់ ប្រកាស​នូវធម៌​ឲ្យ​មាន​​ពីរោះបទ​ដើម។បេ។ និង​និព្វានគាមិនិបដិបទា ហេតុនោះ (លោក​​ពោលថា​​) សូមព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ។ ពាក្យថា​​ ខ្ញុំព្រះអង្គ​គប្បី​​ដឹងធម៌​ណា​ គឺ​ខ្ញុំព្រះអង្គ​គប្បី​ដឹង ដឹងច្បាស់​ ដឹងជាក់ ចាក់ធ្លុះ ត្រាស់ដឹង ពាល់ត្រូវ ធ្វើ​ឲ្យ​​ជាក់ច្បាស់​ ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ សូមព្រះអង្គ​ត្រាស់​ប្រាប់ធម៌​នោះ។

[៩៣] ពាក្យថា​​ ជាគ្រឿងលះបង់ជាតិ និងជរា ក្នុង​ទីនេះ គឺការ​លះបង់ ការ​រម្ងាប់បង់ ការ​រលាស់​ចោល ការ​រម្ងាប់​នូវជាតិ ជរា និងមរណៈ គឺ​អមតនិពា្វន ក្នុង​ទី​នេះឯង ហេតុនោះ (លោក​​ពោលថា​​) ជាគ្រឿង​លះបង់​ជាតិ និងជរា​ក្នុង​ទីនេះ។ ហេតុនោះ ព្រាហ្មណ៍​នោះ ​ពោលថា​​

ទិសទាំង ១០ នេះ គឺទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ របស់អ្វី​បន្តិចបន្តួច ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ឃើញ​ មិន​ធ្លាប់ឮ មិន​ធ្លាប់​ប៉ះពាល់ មិន​មាន​​ទេ មួយទៀត របស់អ្វី​បន្តិចបន្តួច​ក្នុង​លោក ឈ្មោះថា​​ ព្រះអង្គ​មិន​ធ្លាប់​ជ្រាប មិន​មាន​ទេ ខ្ញុំព្រះអង្គ​គប្បី​ដឹង​ធម៌ណា​ ដែល​ជា​គ្រឿងលះបង់​ជាតិ និងជរា ក្នុង​ទីនេះ សូម​ព្រះអង្គ​ត្រាស់ប្រាប់​ធម៌នោះ​ឲ្យ​ទាន។

[៩៤] (ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បិង្គិយៈ) អ្នក​កាលបើ​សំឡឹងមើល​នូវពួក​​មនុស្ស​ដែល​ត្រូវ​តណ្ហា​គ្របសង្កត់ ត្រូវសេចក្តី​​ក្តៅក្រហាយ​កើតមាន​ ត្រូវជរា​បៀតបៀន ម្នាល​​បិង្គិយៈ អ្នក​នឹងទៅ​​ជាបុគ្គល​មិន​ប្រហែស ព្រោះ​ការ​​ឃើញ​នោះ ហេតុនេះ អ្នក​ចូរ​លះបង់តណ្ហា ដើម្បី​ការ​​មិន​កើត​ទៀត។

[៩៥] ពាក្យថា​​ អ្នក​កាលបើសំឡឹងមើល​នូវពួក​មនុស្ស ដែល​ត្រូវ​តណ្ហាគ្រប​សង្កត់ ត្រង់​ពាក្យថា​​ តណ្ហា បានដល់​ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ដែល​ត្រូវ​តណ្ហាគ្រប​សង្កត់ គឺ តណ្ហា​គ្របសង្កត់ ទៅ​តាម​តណ្ហា ទាសទៅ​​តាមតណ្ហា ជ្រមុជ​ចុះក្នុង​​តណ្ហា ត្រូវ​តណ្ហាគ្រប​សង្កត់ មាន​ចិត្ត គឺ​តណ្ហា​រួបរឹត។ ពាក្យថា​​ ពួក​​មនុស្ស គឺជាឈ្មោះ​នៃសត្វ។ ពាក្យថា​​ កាលបើ​សំឡឹងមើល គឺ​កាលបើ​សំឡឹង​មើល ក្រឡេក​មើល រមិលមើល ពិនិត្យមើល ពិចារណា​មើល (ហេតុនោះ) ទ្រង់​​ត្រាស់ថា​​ អ្នក​កាល​បើ​សំឡឹងមើល​ពួក​មនុស្ស ដែល​ត្រូវ​តណ្ហាគ្រប​សង្កត់។ ពាក្យថា​​ ម្នាល​​បិង្គិយៈ គឺ​ព្រះមាន​ព្រះភាគ​ត្រាស់ហៅ​​ព្រាហ្មណ៍ចំ​ឈ្មោះ។

[៩៦] ពាក្យថា​​ ត្រូវសេចក្តី​ក្តៅក្រហាយកើតមាន​ ត្រូវជរា​បៀតបៀន ត្រង់ពាក្យថា​​ ត្រូវសេចក្តី​​ក្តៅក្រហាយ​កើតមាន​ គឺ​កើតសេចក្តី​​ក្តៅក្រហាយ​ព្រោះ​ជាតិ កើត​សេចក្តី​​ក្តៅ​ក្រហាយ​ព្រោះ​ជរា កើត​សេចក្តី​​ក្តៅក្រហាយ​ព្រោះ​ព្យាធិ កើត​សេចក្តី​​ក្តៅក្រហាយ​ព្រោះ​​មរណៈ កើត​សេចក្តី​​ក្តៅក្រហាយ​ព្រោះ​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និង​សេចក្តី​​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ កើត​សេចក្តី​​ក្តៅក្រហាយ​ព្រោះ​ទុក្ខ​ប្រព្រឹត្ត​ទៅ​ក្នុង​​នរក។បេ។ កើត​សេចក្តី​​ក្តៅក្រហាយ កើតមាន​​ចង្រៃ កើតមាន​​ឧបទ្រព កើតមាន​​ឧបសគ្គ​អំពី​ទុក្ខ ព្រោះ​​វិនាស​ទិដ្ឋិ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ត្រូវ​សេចក្តី​​ក្តៅក្រហាយ​កើតមាន។ ពាក្យថា​​ ត្រូវ​ជរា​បៀតបៀន គឺ​ត្រូវជរា​ប៉ះពាល់ បៀតបៀន រួបរឹត ប្រព្រឹត្ត​ទៅ​តាម​ជាតិ ទាសទៅ​​ដោយ​ជរា ត្រូវព្យាធិ​គ្របសង្កត់ ត្រូវ​មរណៈ​កំចាត់ មិន​មាន​​ទីពំនាក់ មិន​មាន​​ទីជ្រក មិន​មាន​​ទីពឹង មិន​មាន​​ទីរំពឹង ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ត្រូវ​សេចក្តី​​ក្តៅក្រហាយ​កើតមាន​ ត្រូវ​ជរា​បៀតបៀន។

[៩៧] ពាក្យថា​​ ម្នាល​បិង្គិយៈ អ្នក​នឹងទៅ​ជាបុគ្គល​មិន​ប្រហែស ព្រោះ​ការ​​ឃើញ​នោះ ត្រង់​ពាក្យថា​​ ព្រោះ​ការ​​ឃើញ​នោះ គឺ​ព្រោះ​​ហេតុនោះ ព្រោះ​ដំណើរ​នោះ ព្រោះ​​ហេតុដូច្នោះ ព្រោះ​​បច្ច័យ​នោះ ព្រោះ​និទាន​នោះ បុគ្គល​កាលបើ​ឃើញ​ទោស​នៃតណ្ហា​​យ៉ាងនេះ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ម្នាល​បិង្គិយៈ អ្នក​… ព្រោះ​ការ​​ឃើញ​នោះ។ ពាក្យថា​​ នឹងជា​បុគ្គល​មិន​​ប្រហែស គឺ​នឹងជា​បុគ្គល​ធើ្វដោយ​​គោរព​ ធ្វើ​រឿយៗ។បេ។ មិន​​ប្រហែស​ក្នុង​​កុសលធម៌ ហេតុនោះ (ទ្រង់​ត្រាស់​ថា​​) ម្នាល​បិង្គិយៈ អ្នក​នឹង​ជាបុគ្គល​មិន​ប្រហែស ព្រោះ​ការ​​ឃើញ​​នោះ។

[៩៨] ពាក្យថា​​ ចូរលះបង់តណ្ហា ដើម្បី​ការ​​មិន​កើត​ទៀត ត្រង់ពាក្យ​ថា​​ តណ្ហា បាន​ដល់​​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ចូរលះបង់​តណ្ហា គឺ​ចូរលះបង់​តណ្ហា បន្សាត់​បង់តណ្ហា បន្ទោបង់​តណ្ហា ធ្វើ​ឲ្យ​​វិនាស​តណ្ហា ញុំាង​តណ្ហា​ឲ្យ​ដល់​​នូវការ​​មិន​កើត​មាន​ ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ចូរលះបង់​តណ្ហា។ ពាក្យ​ថា​​ ដើម្បី​​ការ​មិន​​កើតទៀត គឺ​រូបរបស់​អ្នក​ គប្បី​រលត់​ក្នុង​ទី​នេះឯង ​យ៉ាងណា​ បដិសន្ធិភព មិន​គប្បី​​កើតទៀត ក្នុង​​កាមធាតុ​ក្តី រូបធាតុក្តី អរូបធាតុ​ក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការ​ភព​ក្តី ចតុវោការ​ភពក្តី បញ្ចវោការ​ភព​ក្តី គឺ​មិន​កើត មិន​បង្កើត មិន​កកើត មិន​កើត​ចំពោះ​​ក្នុង​គតិ ឧបបត្តិ បដិសន្ធិ សំសារ និង​វដ្តៈ​ទៀត គឺ​ថា​​ គប្បី​រលត់ គប្បី​ចូល​ទៅ​រម្ងាប់ គប្បី​​ដល់​នូវការ​​តាំងនៅ​​មិន​បាន គប្បី​​រម្ងាប់​ចំពោះ​​ក្នុង​ភព​នេះឯង ក៏​យ៉ាង​នោះឯង ហេតុនោះ (ទ្រង់​​ត្រាស់ថា​​) ចូរ​លះបង់​តណ្ហា ដើម្បី​​ការ​មិន​​កើតទៀត។ ហេតុនោះ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​

(ព្រះមាន​ព្រះភាគត្រាស់ថា​​ ម្នាល​បិង្គិយៈ) អ្នក​កាល​បើសំឡឹង​មើលពួក​​មនុស្ស ដែល​​ត្រូវតណ្ហា​គ្របសង្កត់ ត្រូវ​សេចក្តី​​ក្តៅក្រហាយ​កើតមាន​ ត្រូវជរា​បៀតបៀន ម្នាល​​បិង្គិយៈ អ្នក​នឹង​ទៅ​ជា​បុគ្គល​មិន​​ប្រហែស ព្រោះ​ការ​​ឃើញ​នោះ ហេតុនេះ អ្នក​ចូរ​លះបង់​តណ្ហា ដើម្បី​​ការ​មិន​​កើតទៀត។

[៩៩] ក្នុង​ពេលដំណា​លគ្នានឹងចប់ព្រះគាថា​​ ពួក​សត្វ​ទាំងឡាយ​ណា​ មាន​ឆន្ទៈ​តែ​មួយ មាន​​ប្រយោគ​តែមួយ មាន​បំណង​តែមួយ នៅ​ដោយ​​ការ​នៅ​​តែមួយ ជាមួយ​នឹង​ព្រាហ្មណ៍​នោះ ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាក​​ធូលី ប្រាសចាក​​មន្ទិល កើតឡើង​ដល់​ពាន់នៃ​សត្វ​ទាំងឡាយ​​ដ៏ច្រើន​នោះថា​​ ធម្មជាត​​ណានី​មួយ មាន​​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​​ទាំងអស់​​នោះ មាន​​កិរិយា​រលត់​ទៅ​វិញ​ជាធម្មតា មួយទៀត ធម្មចក្ខុ​ប្រាសចាក​​ធូលី ប្រាសចាក​​មន្ទិល កើតឡើង​ដល់​ព្រាហ្មណ៍​នោះថា​​ ធម្មជាត​​ណា​មួយ មាន​​កិរិយា​កើត​ឡើង​ជា​ធម្មតា ធម្មជាត​​ទាំងអស់​​នោះ មាន​​កិរិយា​រលត់ទៅ​​វិញជា​ធម្មតា។ ស្បែកខ្លា ភ្នួងសក់ ​សំពត់​សម្បកឈើ ឈើច្រត់ កុណ្ឌី សក់ និងពុកមាត់ បាត់ទៅ​​ក្នុង​ពេល​ដំណា​ល​គ្នានឹង​ការ​​បានចក្ខុ។ ព្រាហ្មណ៍នោះ ជាភិក្ខុ​មាន​ភណ្ឌៈ និង​សម្លៀក​បំពាក់​សំពត់​កាសាយៈ ទ្រទ្រង់​​សង្ឃាដិ បាត្រ និងចីវរ អង្គុយ​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះមាន​ព្រះភាគ ដោយ​ការ​​សម្រេច​​ប្រយោជន៍​​ដ៏សមគួរ បាន​​ពោលថា​​ បពិត្រ​​ព្រះអង្គ​​ដ៏ចម្រើន ព្រះមាន​ព្រះភាគ​ជាគ្រូ​នៃខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ​សូមជា​សាវ័ក។

ចប់ បិង្គិយមាណវកប្បញ្ហានិទេ្ទស ទី១៦។

សោឡសមាណវកប្បញ្ហានិគមនិទ្ទេស

[១០០] ព្រះមាន​ព្រះភាគ កាលគង់នៅ​នា​បាសាណកចេតិយ​ក្នុង​មគធ​ជនបទ ទ្រង់​បាន​សំដែង​​ធម៌នេះ កាល​ព្រាហ្មណ៍​ទាំង ១៦ ជាអ្នក​​បំរើ (នៃ​ពាវរីព្រាហ្មណ៍) អារាធនា​សួរហើយ​ៗ ព្រះអង្គ​ក៏បាន​ទ្រង់​ដោះ​ស្រាយ​ប្រស្នា។

[១០១] ពាក្យថា​​ ព្រះមាន​ព្រះភាគ ទ្រង់​បានសំដែង​ធម៌នេះ គឺ​បានសំដែង​​បារាយនៈ​នេះ។ ពាក្យថា​​ ព្រះមាន​ព្រះភាគ នុ៎ះជា​ពាក្យ​ពោល​ដោយ​​គោរព។បេ។ បញ្ញត្តិថា​​ ព្រះមាន​ព្រះភាគ​នេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង ហេតុនោះ (លោក​​ពោលថា​​) ព្រះមាន​ព្រះភាគ​ទ្រង់​បាន​សំដែង​​ធម៌នេះ។

[១០២] ពាក្យថា​​ កាលគង់នៅ​ក្នុង​មគធជនបទ គឺ​ក្នុង​ជនបទ​មាន​ឈ្មោះ​ថា​​ មគធៈ។ ពាក្យថា​​ កាល​គង់នៅ​ គឺកាល​ឋិតនៅ​ ប្រព្រឹត្ត ​រក្សា យាត្រា ឲ្យ​យាត្រាទៅ​។ ពាក្យថា​​ បាសាណក​ចេតិយ សេចក្តី​​ថា​​ ពុទ្ធាសនៈ លោកហៅ​ថា​​ បាសាណកចេតិយ ហេតុនោះ (លោក​​ពោលថា​​) កាលគង់​នៅ​នា​បាសាណកចេតិយ ក្នុង​​មគធ​ជនបទ។

[១០៣] ពាក្យថា​​ កាលត្រូវព្រាហ្មណ៍ជាអ្នក​បំរើទាំង ១៦ សេចក្តី​​ថា​​ បិង្គិយព្រាហ្មណ៍ ជាអ្នក​​បំរើ ប្រសើរ ថ្លៃថ្លា នៃពាវរីព្រាហ្មណ៍ ព្រាហ្មណ៍​ទាំង ១៦ នាក់នោះ រាប់ទាំង​បិង្គិយព្រាហ្មណ៍​ផង ហេតុនោះ (លោក​​ពោលថា​​) កាល​ព្រាហ្មណ៍​ទាំង ១៦ ជាអ្នក​​បំរើ ​យ៉ាងនេះ​ក៏បាន។ ឬថា​​ ព្រាហ្មណ៍ទាំង ១៦ នោះ ជាអ្នក​​បំរើ ប្រសើរ ថ្លៃថ្លា នៃ​ព្រះពុទ្ធ​មាន​ព្រះភាគ ហេតុនោះ (លោក​​ពោលថា​​) កាល​ព្រាហ្មណ៍​ទាំង ១៦ ជាអ្នក​​បំរើ ​យ៉ាងនេះ​ក៏បាន។

[១០៤] ពាក្យថា​​ អារាធនា​សួរហើយ​ៗ ព្រះអង្គ​ក៏បាន​ទ្រង់​ដោះ​ស្រាយប្រស្នា គឺ​អារាធនា​ហើយ​ និមន្ដហើយ។ ពាក្យថា​​ សួរហើយ​​ៗ គឺ​សួរហើយ​ សួរបញ្ជាក់​ហើយ​ ​អង្វរ​ហើយ​ អារាធនា​ហើយ​​ ឲ្យ​ជ្រះថ្លា​ហើយ។ ពាក្យថា​​ ទ្រង់​ដោះ​ស្រាយ​ប្រស្នា គឺ​ទ្រង់​ដោះ​ស្រាយប្រាប់ សំដែង​ បញ្ញត្ត តាំងផ្ដើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស​នូវប្រស្នា ហេតុនោះ (លោក​​ពោលថា​​) អារាធនា​សួរហើយ​ៗ ព្រះអង្គ​ក៏បាន​ទ្រង់​ដោះ​ស្រាយ​ប្រស្នា។

[១០៥] ប្រសិនបើបុគ្គលបានដឹងអត្ថ បានដឹងធម៌ នៃប្រស្នា​មួយៗ ហើយ​​ប្រតិបត្តិ​នូវធម៌​ដ៏​សមគួរ​ដល់​ធម៌ បុគ្គលនោះ នឹងទៅ​​កាន់​ត្រើយ​​នៃជរា និង​មរណៈ​ពុំខាន (ព្រោះ​ថា​​) ធម៌ទាំង​នេះ ជាធម៌​គួរនាំសត្វ​ទៅ​កាន់​​ត្រើយ​ គឺ​ព្រះនិព្វាន ហេតុនោះ ពាក្យថា​​ បារាយនៈ ជា​ឈ្មោះនៃ​ធម្មបរិយាយ​នេះ។

[១០៦] ពាក្យថា​​ ប្រសិនបើ នៃប្រស្នា​មួយៗ គឺ​ប្រសិនបើ នៃប្រស្នា​អជិតមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​តិស្សមេត្តេយ្យ​មាណព​មួយៗ ប្រសិនបើ នៃប្រស្នា​បុណ្ណកមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​មេត្តគូមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ធោតកមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ឧបសីវមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​នន្ទមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ហេមកមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​តោទេយ្យ​មាណព​មួយៗ ប្រសិនបើ នៃប្រស្នា​កប្បមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ជតុកណ្ណីមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ភទ្រាវុធ​មាណព​មួយៗ ប្រសិនបើ នៃប្រស្នា​ឧទយមាណព​មួយៗ ប្រសិន​បើ នៃប្រស្នា​បោសាលមាណព​មួយៗ ប្រសិនបើ នៃប្រស្នា​មោឃរាជមាណព​មួយៗ ប្រសិន​បើ នៃប្រស្នា​បិង្គិយមាណព​មួយៗ ហេតុនោះ (លោក​​ពោលថា​​) ប្រសិនបើ នៃប្រស្នា​មួយៗ។

[១០៧] ពាក្យថា​​ បានដឹងអត្ថ បានដឹងធម៌ គឺ បានដឹង យល់ ពិចារណា​ ត្រិះរិះ សំដែង​ ធ្វើ​ឲ្យ​ប្រាកដ​នូវសេចក្តី​​ថា​​ ធម៌ គឺ​ប្រស្នា​នោះឯង អត្ថ គឺ​ការ​ដោះ​ស្រាយនោះ​ឯង ហេតុនោះ (លោក​​ពោលថា​​) បានដឹងអត្ថ។ ពាក្យថា​​ បានដឹងធម៌ គឺ​បានដឹង យល់ ពិចារណា​ ត្រិះរិះ សំដែង​ ធ្វើ​ឲ្យ​​ប្រាកដ​នូវធម៌ ហេតុនោះ (លោក​​ពោលថា​​) បានដឹង​ធម៌។

[១០៨] ពាក្យថា​​ ប្រតិបត្តិធម៌​ដ៏សមគួរដល់​ធម៌ គឺ​ប្រតិបត្តិ​សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ហេតុនោះ (លោក​​ពោលថា​​) ប្រត្តិបត្តិ​ធម៌​ដ៏​សមគួរ​ដល់​ធម៌។

[១០៩] ពាក្យថា​​ ទៅ​កាន់​ត្រើយ​នៃជរា និងមរណៈ​ពុំខាន សេចក្តី​ថា​​ អមតនិព្វាន លោក​ហៅ​ថា​​ ត្រើយ​នៃជរា និងមរណៈ បានដល់​​សេចក្តី​​រម្ងាប់សង្ខារ​​ទាំងពួង ការ​រលាស់​ចោល​ឧបធិ​​ទាំងពួង ការ​អស់​​តណ្ហា ការ​ប្រាស​ចាក​តម្រេក ការ​រលត់ និព្វាន។ ពាក្យថា​​ នឹងទៅ​កាន់​​ត្រើយ​​នៃជរា និងមរណៈ​ពុំខាន បានសេចក្តី​​ថា​​ នឹងទៅ​​កាន់​ត្រើយ​ នឹងបាន​ត្រើយ​ នឹង​ប៉ះពាល់​ត្រើយ​ នឹងធ្វើ​​ឲ្យ​ជាក់ច្បាស់​​នូវត្រើយ​ ហេតុនោះ (លោក​​ពោលថា​​) នឹងទៅ​​កាន់​ត្រើយ​​នៃជរា និងមរណៈ​ពុំខាន។

[១១០] ពាក្យថា​​ ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅ​​កាន់​ត្រើយ​ សេចក្តី​ថា​​ ធម៌​ទាំងនេះ ជាធម៌​គួរនាំសត្វ​ទៅ​កាន់​​ត្រើយ​ គឺ​ញុំាំងសត្វ​ឲ្យ​ដល់​​ត្រើយ​ ឲ្យ​ដល់​​ព្រមនូវ​ត្រើយ​ ឲ្យ​ដល់​​ស៊ប់នូវត្រើយ​ គឺ​ថា​​ ប្រព្រឹត្ត​ទៅ​ដើម្បី​​ឆ្លងជរា និងមរណៈ ហេតុនោះ (លោក​​ពោលថា​​) ធម៌ទាំង​នេះ ជាធម៌​គួរនាំសត្វ​ទៅ​កាន់​​ត្រើយ​។

[១១១] ពាក្យថា​​ ហេតុនោះ… នៃធម្មបរិយាយនេះ ត្រង់ពាក្យថា​​ ហេតុនោះ គឺ​ព្រោះ​​ហេតុនោះ ព្រោះ​​ដំណើរ​នោះ ព្រោះ​ហេតុ​ដូច្នោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​និទាន​នោះ ហេតុនោះ (លោក​​ពោលថា​​) ហេតុនោះ។ ពាក្យថា​​ នៃធម្មបរិយាយ​នេះ គឺ​នៃ​បារាយនៈ​នេះ ហេតុនោះ (លោក​​ពោលថា​​) ហេតុនោះ… នៃ​ធម្មបរិយាយ​នេះ។

[១១២] ពាក្យថា​​ បារាយនៈ ជាឈ្មោះ សេចក្តី​ថា​​ អមតនិព្វាន លោកហៅ​​ថា​​ បារៈ បានខាង​ការ​​រម្ងាប់សង្ខារ​​ទាំងពួង ការ​រលាស់​ចោល​ឧបធិ​​ទាំងពួង ការ​អស់​​តណ្ហា ការ​​ប្រាស​ចាក​តម្រេក ការ​រលត់ និព្វាន។ មគ្គ គឺ​សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ លោកហៅ​ថា​​ អាយនៈ។ ពាក្យថា​​ ឈ្មោះ គឺ​ជានាម ការ​រាប់ សេចក្តី​​សំគាល់ បញ្ញត្តិ។បេ។ ជាពាក្យ​សម្រាប់ហៅ​ ហេតុនោះ (លោក​​ពោលថា​​) ពាក្យថា​​ បារាយនៈ ជាឈ្មោះ។

[១១៣] អជិតៈ ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ ជនទាំង​ពីរនាក់ គឺ​តោទេយ្យៈ ១ កប្បៈ ១ និង​ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជ​ជាអ្នក​ប្រាជ្ញ ១ បិង្គិយៈ​ជាអ្នក​ស្វែង​រក​គុណធំ ១ ព្រាហ្មណ៍​ទាំង ១៦ នាក់​នុ៎ះ ចូលមក​គាល់ព្រះពុទ្ធ​ជាឥសី ទ្រង់​មាន​​ចរណៈ​បរិបូណ៌ បានចូល​មកគាល់ សួរប្រស្នា​​ដ៏ល្អិត ចំពោះ​​ព្រះពុទ្ធ​ប្រសើរ។

[១១៤] អធិប្បាយពាក្យថា​​ ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមក​គាល់​ព្រះពុទ្ធ ត្រង់​ពាក្យថា​​ នុ៎ះ គឺពួក​​ព្រាហ្មណ៍​នុ៎ះ។ ពាក្យថា​​ ព្រះពុទ្ធ បានដល់​​ព្រះមាន​ព្រះភាគទ្រង់​​ត្រាស់​ដឹងឯង មិន​មាន​​បុគ្គល​ជាអាចារ្យ បានត្រាស់​ដឹងដោយ​​ព្រះអង្គឯង នូវសច្ចៈ​ទាំងឡាយ ក្នុង​ធម៌​ទាំងឡាយ ដែល​​ព្រះអង្គ​មិន​ធ្លាប់​ឮហើយ​​ក្នុង​កាល​មុន ទាំងបាន​ដល់​​សព្វញ្ញុតញ្ញាណ​ក្នុង​សច្ចៈ​ទាំងនោះ និងភាវៈ​ស្ទាត់ក្នុង​​ពលៈទាំង​ឡាយ។ សំនួរ​ត្រង់ពាក្យ​ថា​​ ព្រះពុទ្ធ ចុះឈ្មោះ​ថា​​ព្រះពុទ្ធ ដោយ​​អត្ថដូច​ម្ដេច ឈ្មោះថា​​ ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ត្រាស់​ដឹងសច្ចៈ​ទាំងឡាយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ញុំាង​ពពួក​សត្វ​ឲ្យ​ត្រាស់ដឹង។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​​ព្រះអង្គ​ដឹងធម៌​ទាំងពួង។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​ឃើញ​ធម៌​ទាំងពួង។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​​ព្រះអង្គ​ដឹងច្បាស់​។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​​ព្រះអង្គ​រីកហើយ។ ឈ្មោះ​ថា​​​ព្រះពុទ្ធ ព្រោះ​គេ​​ពោលថា​​ ព្រះអង្គ​មាន​អាសវៈ​អស់​ហើយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​គេ​​ពោល​ថា​​ ព្រះអង្គ​មាន​ឧបក្កិលេស​ចេញ​ហើយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​​ប្រាស​ចាក​រាគៈ​ដោយ​ចំណែក​មួយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​ទោសៈ​ដោយ​​ចំណែក​មួយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​មោហៈ​ដោយ​​ចំណែក​មួយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​មាន​​កិលេសចេញ​​ហើយ​ដោយ​​ចំណែក​មួយ។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ទៅ​​ហើយ​កាន់​​ផ្លូវជាទី​ទៅ​នៃបុគ្គល​ម្នាក់ឯង។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ហេតុ​ទ្រង់​ជា​បុគ្គល​ឯក ត្រាស់ដឹង​ចំពោះ​​សម្មាសម្ពោធិញ្ញាណ មិន​មាន​​គុណជាត​ដទៃក្រៃលែង​ជាង។ ឈ្មោះថា​​​ព្រះពុទ្ធ ព្រោះ​ទ្រង់​​កម្ចាត់បង់​សេចក្តី​​ល្ងង់​ ព្រោះ​ការ​​បាននូវ​ប្រាជ្ញា។ ព្រះនាម​ព្រះពុទ្ធនុ៎ះ មិន​មែន​ព្រះមាតា​ថ្វាយ មិន​មែន​ព្រះបិតា​ថ្វាយ មិន​មែន​បងប្អូន​ប្រុសថ្វាយ មិន​មែន​បងប្អូន​ស្រីថ្វាយ មិន​មែន​ពួក​មិត្ត និងអាមាត្យ​ថ្វាយ មិន​មែន​ពួក​​ញាតិ និង​សាលោហិត​ថ្វាយ មិន​មែន​ពួក​សមណ​ព្រាហ្មណ៍​ថ្វាយ មិន​មែន​ពួក​ទេវតា​ថ្វាយទេ ព្រះនាមថា​​ ព្រះពុទ្ធនុ៎ះ របស់​ព្រះពុទ្ធ​ទាំងឡាយ​មាន​​ព្រះភាគ ជាព្រះនាម​កើតក្នុង​​ទីបំផុត​​នៃ​វិមោក្ខ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ កើតព្រោះ​​ការ​ត្រាស់​ដឹងព្រម​ដោយ​​ការ​បាន​ចំពោះ​នូវ​សព្វញ្ញុតញ្ញាណ ទៀបគល់​ពោធិព្រឹក្ស ហេតុនោះ (លោក​​ពោលថា​​) ព្រះពុទ្ធ។ ពាក្យថា​​ នុ៎ះ ចូលមក​គាល់​ព្រះពុទ្ធ គឺ​ព្រាហ្មណ៍​ទាំងនុ៎ះ ចូលមក​រក​ ចូលមកជិត មក​អង្គុយជិត សាកសួរ ដណ្ដឹងសួរ​នូវព្រះពុទ្ធ ហេតុនោះ (លោក​​ពោលថា​​) ព្រាហ្មណ៍​ទាំង ១៦ នាក់នុ៎ះ ចូលមក​គាល់​ព្រះពុទ្ធ។

[១១៥] ពាក្យថា​​ ជាឥសី មាន​ចរណៈបរិបូណ៌ អធិប្បាយថា​​ ការ​សម្រេច​​ដោយ​​សីលាចារៈ លោកហៅ​ថា​​ ចរណៈ។ ការ​សង្រួម​សីល ឈ្មោះថា​​​ចរណៈ ការ​សង្រួម​ឥន្រ្ទិយ ឈ្មោះថា​​​ចរណៈ ភាពជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ឈ្មោះថា​​​ចរណៈ ការ​ប្រកប​រឿយៗ នូវសេចក្តី​​ភ្ញាក់រឭក ឈ្មោះថា​​​ចរណៈ ព្រះសទ្ធម្ម​ទាំង ៧ ឈ្មោះថា​​​ចរណៈ ឈានទាំង ៤ ឈ្មោះថា​​​ចរណៈ។ ពាក្យថា​​ មាន​ចរណៈ​បរិបូណ៌ គឺ មាន​ចរណៈ​គ្រប់គ្រាន់ មាន​ចរណៈ​​ដ៏​ប្រសើរ មាន​ចរណៈ​ជាប្រធាន មាន​ចរណៈ​​ដ៏ឧត្តម មាន​ចរណៈ​​ដ៏ថ្លៃថ្លា ហេតុនោះ (លោក​​ពោលថា​​) មាន​ចរណៈ​បរិបូណ៌។ ពាក្យថា​​ ជាឥសី គឺជាអ្នក​​ស្វែង។ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​ឥសី ព្រោះ​ហេតុ​ទ្រង់​ស្វែង ស្វែងរក​ ស្វះស្វែង​នូវ​សីលក្ខន្ធ​​ដ៏ធំ។បេ។ ឬថា​​ ឈ្មោះថា​​​ឥសី ព្រោះ​ហេតុ​ព្រះមាន​ព្រះភាគ ត្រូវសត្វ​ទាំងឡាយ​មាន​ស័ក្តិធំ រក​ ស្វែង ស្វះ​ស្វែង​ថា​​ ព្រះពុទ្ធគង់​ក្នុង​ទីណា​ ព្រះមាន​ព្រះភាគ​គង់ក្នុង​​ទីណា​ ព្រះពុទ្ធ​ជាទេវតា​​ដ៏ធំជាង​ទេវតា គង់ក្នុង​​ទីណា​ ព្រះពុទ្ធ​ជានរៈអង់អាច គង់ក្នុង​​ទីណា​ ហេតុនោះ (លោក​​ពោលថា​​) ជាឥសី មាន​ចរណៈ​បរិបូណ៌។

[១១៦] ពាក្យថា​​ សួរប្រស្នា​ដ៏ល្អិត ត្រង់ពាក្យថា​​ សួរ គឺ សួរ អង្វរ អារាធនា ជ្រះថ្លា។ ពាក្យថា​​ ប្រស្នា​ដ៏ល្អិត គឺ ប្រស្នា​ដ៏​ជ្រាលជ្រៅ ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ ត្រាស់ដឹង​បាន​ដោយ​កម្រ ​ដ៏ល្អិត​ឧត្តម មិន​ជា​ទីស្ទង់​ដោយ​សេចក្តី​​ត្រិះរិះ ជាប្រស្នា​​ដ៏ម៉ត់ចត់ មាន​តែ​បណ្ឌិត​ទើបដឹង​បាន ហេតុនោះ (លោក​​ពោលថា​​) សួរប្រស្នា​​ដ៏ល្អិត។

[១១៧] ពាក្យថា​​ ព្រះពុទ្ធ ក្នុង​បទថា​​ ចូលមក​គាល់ព្រះពុទ្ធ​ប្រសើរ គឺ​ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង។ ពាក្យថា​​ ប្រសើរ គឺ លើស ប្រសើរ ប្រសើរ​វិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោក​​ពោលថា​​) ព្រះពុទ្ធ​ប្រសើរ។ ពាក្យថា​​ ចូលមក​គាល់ គឺ ចូលមករក​ ចូលមកជិត ចូលមក​អង្គុយជិត សាក​សួរ ដណ្ដឹងសួរ ហេតុនោះ (លោក​​ពោលថា​​) ចូលមក​គាល់ព្រះពុទ្ធ​ប្រសើរ។ ហេតុនោះ លោក​​ពោល​ពាក្យនេះ​ថា​​

ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ ចូលមកគាល់​ព្រះពុទ្ធ​ជាឥសី ទ្រង់​មាន​​ចរណៈ​បរិបូណ៌ បានចូល​មកគាល់​សួរប្រស្នា​​ដ៏ល្អិត ចំពោះ​​ព្រះពុទ្ធ​ប្រសើរ។

[១១៨] ព្រះពុទ្ធ ដែល​ព្រាហ្មណ៍ទាំងនោះ​សួរប្រស្នា​ហើយ​ ក៏ទ្រង់​​ព្យាករ​ហើយ​ តាមសេចក្តី​​ពិត ព្រះមុនិ បានទ្រង់​​ញុំាងពួក​​ព្រាហ្មណ៍​ឲ្យ​ត្រេកអរ​​ដោយ​ការ​​ព្យាករណ៍​ប្រស្នា​ទាំងឡាយ។

[១១៩] ពាក្យថា​​ ព្រះពុទ្ធ ដែល​ព្រាហ្មណ៍ទាំងនោះ (សួរប្រស្នា​ហើយ​)​ ក៏ទ្រង់​​ព្យាករ​ហើយ​ ត្រង់ពាក្យ​ថា​​ ដែល​​ព្រាហ្មណ៍​ទាំងនោះ គឺ ដែល​ពួក​​ព្រាហ្មណ៍​ទាំង ១៦ ជាអ្នក​​គួរទៅ​​កាន់​​ត្រើយ​។ ពាក្យថា​​ ព្រះពុទ្ធ បានដល់​​ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធ​នេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង។ ពាក្យថា​​ ទ្រង់​ព្យាករ​ហើយ​ គឺ​ព្រះពុទ្ធ​ទ្រង់​ព្យាករ ប្រាប់ សំដែង​ តែង​តាំង តាំងផ្ដើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស​ហើយ​ចំពោះ​​ជនទាំង​នោះ ហេតុនោះ (លោក​​ពោលថា​​) ព្រះពុទ្ធ ដែល​​ព្រាហ្មណ៍​ទាំងនោះ (សួរប្រស្នា​ហើយ​) ទ្រង់​​ព្យាករ​ហើយ។

[១២០] ពាក្យថា​​ សួរប្រស្នាហើយ​… តាមសេចក្តី​​ពិត ត្រង់ពាក្យថា​​ សួរប្រស្នា​ហើយ​ គឺ​អង្វរ អារាធនា ឲ្យ​ជ្រះថ្លា​ហើយ​​នូវប្រស្នា។ ពាក្យថា​​ តាមសេចក្តី​​ពិត គឺ គួរប្រាប់​​យ៉ាង​ណា​ ទ្រង់​ប្រាប់​​យ៉ាងនោះ គួរសំដែង​​​យ៉ាងណា​ ទ្រង់​សំដែង​​​យ៉ាងនោះ គួរតែង​តាំង​​យ៉ាងណា​ ទ្រង់​តែង​តាំង​​យ៉ាងនោះ គួរតាំង​ផ្ដើម​យ៉ាង​ណា​ ទ្រង់​តាំង​ផ្ដើម​យ៉ាង​នោះ គួរ​បើក​យ៉ាង​ណា​ ទ្រង់​បើក​​យ៉ាងនោះ គួរវែក​ញែក​យ៉ាង​ណា​ ទ្រង់​វែកញែក​​យ៉ាងនោះ គួរធ្វើ​​ឲ្យ​រាក់​​យ៉ាងណា​ ទ្រង់​ធ្វើ​ឲ្យ​​រាក់​យ៉ាង​នោះ គួរប្រកាស​​យ៉ាងណា​ ទ្រង់​ប្រកាស​​យ៉ាង​នោះ ហេតុនោះ (លោក​​ពោលថា​​) សួរប្រស្នា​ហើយ​… តាមសេចក្តី​​ពិត។

[១២១] ពាក្យថា​​ ដោយ​ការ​ព្យាករណ៍ប្រស្នា​ទាំងឡាយ គឺ​ដោយ​ការ​​ព្យាករណ៍ ការ​​ប្រាប់ ការ​សំដែង​ ការ​តែង​តាំង ការ​តាំងផ្ដើម ការ​បើក ការ​វែកញែក ការ​ធ្វើ​​ឲ្យ​រាក់ ការ​ប្រកាស នូវប្រស្នា​ទាំងឡាយ ហេតុនោះ (លោក​​ពោលថា​​) ដោយ​ការ​​ព្យាករណ៍​ប្រស្នា​ទាំងឡាយ។

[១២២] ពាក្យថា​​ ឲ្យ​ត្រេកអរ​ ក្នុង​បទថា​​ ព្រះមុនិបាន​ទ្រង់​ញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​​ត្រេកអរ​ គឺ​ឲ្យ​ត្រេកអរ​ ឲ្យ​ត្រេកអរ​​វិសេស ឲ្យ​ជ្រះថ្លា ឲ្យ​ស្រស់ស្រាយ បានធ្វើ​ពួក​​ព្រាហ្មណ៍​​ទាំងនោះឲ្យ​​មាន​ចិត្ត​រីករាយ។ ពាក្យថា​​ ញុំាងពួក​​ព្រាហ្មណ៍ គឺ​ពន្យល់ពួក​​ព្រាហ្មណ៍​ទាំង ១៦ ដែល​ជា​អ្នក​គួរ​ដល់​ត្រើយ​។ ពាក្យថា​​ ព្រះមុនិ សេចក្តី​ថា​​ ញាណ លោក​ហៅ​ថា​​ មោនៈ បានដល់​ បញ្ញា ការ​ដឹង​ច្បាស់​។បេ។ បុគ្គលណា​​កន្លងបង់​នូវបណ្តាញ ជាគ្រឿង​ជាប់ចំពាក់ បុគ្គល​នោះ ឈ្មោះថា​​​មុនិ ហេតុនោះ (លោក​​ពោលថា​​) ព្រះមុនិ​ បាន​ទ្រង់​ញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​ត្រេកអរ។ ហេតុនោះ លោក​ពោល​ពាក្យនេះថា​​

ព្រះពុទ្ធ ដែល​ព្រាហ្មណ៍ទាំងនោះ​សួរប្រស្នាហើយ​ ក៏ទ្រង់​​ព្យាករហើយ​ តាមសេចក្តី​​ពិត ព្រះមុនិ បានញុំាង​ពួក​ព្រាហ្មណ៍​ឲ្យ​ត្រេកអរ​ ដោយ​​ការ​ព្យាករណ៍​ប្រស្នា​ទាំងឡាយ។

[១២៣] ជនទាំងនោះ ដែល​ព្រះពុទ្ធទ្រង់​ជាផៅពង្ស​នៃព្រះអាទិត្យ មាន​ចក្ខុ បានឲ្យ​​ត្រេកអរ​​ហើយ​ ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុង​សំណា​ក់​ព្រះសាស្តា មាន​បញ្ញា​ប្រសើរ។

[១២៤] ពាក្យថា​​ ជនទាំងនោះ ដែល​ព្រះពុទ្ធ​មាន​ចក្ខុ បានឲ្យ​​ត្រេកអរ​​ហើយ​ ត្រង់​ពាក្យថា​​ ជនទាំង​នោះ គឺ​ពួក​ព្រាហ្មណ៍​ទាំង ១៦ ដែល​គួរ​ទៅ​កាន់​​ត្រើយ​។ ពាក្យថា​​ បាន​ឲ្យ​ត្រេកអរ​ គឺបានឲ្យ​​ត្រេកអរ​ ឲ្យ​ត្រេកអរ​​វិសេស ឲ្យ​ជ្រះថ្លា ឲ្យ​ស្រស់ស្រាយ ធើ្វឲ្យ​​មាន​ចិត្ត​រីករាយ ហេតុនោះ (លោក​​ពោលថា​​) ជនទាំងនោះ… បានឲ្យ​​ត្រេកអរ​​ហើយ។ ពាក្យថា​​ មាន​ចក្ខុ គឺ​ព្រះមាន​ព្រះភាគ មាន​ចក្ខុ​ដោយ​ចក្ខុ ៥ គឺ​មាន​ចក្ខុ​ដោយ​​មំសចក្ខុ ១ មាន​ចក្ខុ​ដោយ​​ទិព្វចក្ខុ ១ មាន​ចក្ខុ​ដោយ​​បញ្ញាចក្ខុ ១ មាន​ចក្ខុ​ដោយ​​ពុទ្ធចក្ខុ ១ មាន​ចក្ខុ​ដោយ​​សមន្ដចក្ខុ ១។ ព្រះមាន​ព្រះភាគ​មាន​ចក្ខុ​ដោយ​​មំសចក្ខុ តើដូច​​ម្ដេច។បេ។ ព្រះមាន​ព្រះភាគ​មាន​ចក្ខុ​ដោយ​​សមន្ដចក្ខុ ​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) ជនទាំងនោះ​ដែល​​ព្រះពុទ្ធ​មាន​ចក្ខុ បានឲ្យ​​ត្រេកអរ​​ហើយ។

[១២៥] ពាក្យថា​​ ព្រះពុទ្ធទ្រង់​ជាផៅពង្សនៃ​ព្រះអាទិត្យ ត្រង់ពាក្យថា​​ ព្រះពុទ្ធ បាន​ដល់​ ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង។ ពាក្យថា​​ ទ្រង់​ជា​ផៅពង្ស​នៃព្រះអាទិត្យ សេចក្តី​ថា​​ សុរិយៈ លោកហៅ​ថា​​ ព្រះអាទិត្យ។ សុរិយៈ​នោះជា​គោតមៈ​ដោយ​​គោត្រ ព្រះមាន​ព្រះភាគ​ក៏ជា​គោតមៈ​ដោយ​គោត្រ ព្រះមាន​ព្រះភាគ ជាញាតិ​ដោយ​​គោត្រ ជាផៅពង្ស​ដោយ​គោត្រ​នៃសុរិយៈ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​​ជា​ផៅពង្សនៃ​ព្រះអាទិត្យ ហេតុនោះ (លោក​​ពោលថា​​) ដែល​ព្រះពុទ្ធ​ទ្រង់​ជា​ផៅពង្សនៃ​ព្រះអាទិត្យ។

[១២៦] ពាក្យថា​​ បានប្រព្រឹត្តព្រហ្មចរិយៈ សេចក្តី​ថា​​ ការ​ចៀស ការ​វាង ការ​វាង​ស្រឡះ ចេតនា​ជាហេតុវៀរ ការ​វៀរ ការ​មិន​ធ្វើ​ ការ​មិន​សាង ការ​មិន​​សម្ពព ការ​មិន​​ប្រព្រឹត្ត​កន្លង​កម្រិត ការ​ផ្ដាច់​ស្ពានក្នុង​​ការ​ប្រកប​ដោយ​​អសទ្ធម្ម លោកហៅ​ថា​​ ព្រហ្មចរិយៈ។ មួយទៀត បើ​ពោលដោយ​​អំណា​ច​និប្បរិយាយ មគ្គប្រកប​ដោយ​អង្គ ៨ ​ដ៏ប្រសើរ គឺ ប្រាជ្ញា​យល់ឃើញ​​ត្រូវ សេចក្តី​​ត្រិះរិះ​ត្រូវ សំដីត្រូវ ការ​ងារត្រូវ ការ​ចិញ្ចឹម​ជីវិតត្រូវ ការ​​ព្យាយាមត្រូវ សេចក្តី​​រឭកត្រូវ ការ​តម្កល់​ចិត្តឲ្យ​​នឹងត្រូវ លោកហៅ​​ថា​​ ព្រហ្មចរិយៈ។ ពាក្យថា​​ បានប្រព្រឹត្ត​ព្រហ្មចរិយៈ គឺ​បាន​ប្រព្រឹត្ត ប្រព្រឹត្ត​សមាទាន​ព្រហ្មចរិយៈ ហេតុនោះ (លោក​​ពោលថា​​) ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ។

[១២៧] ពាក្យថា​​ ក្នុង​សំណា​ក់ព្រះសាស្តា មាន​ប្រាជ្ញា​ប្រសើរ គឺ ព្រះសាស្ដា​មាន​​ប្រាជ្ញា​ប្រសើរ មាន​ប្រាជ្ញា​​ដ៏លើស មាន​ប្រាជ្ញា​ប្រសើរ​បំផុត​ មាន​ប្រាជ្ញា​ជាប្រធាន មាន​ប្រាជ្ញា​​ដ៏ឧត្តម មាន​ប្រាជ្ញា​​ដ៏ថ្លៃថ្លា។ ពាក្យថា​​ ក្នុង​​សំណា​ក់ គឺ​ក្នុង​សំណា​ក់ ក្បែរ ជិត មិន​ឆ្ងាយ កៀក ហេតុនោះ (លោក​ពោល​ថា​​) ក្នុង​សំណា​ក់​ព្រះសាស្តា មាន​ប្រាជ្ញា​ប្រសើរ។ ហេតុ​នោះ លោក​ពោល​ពាក្យនេះថា​​

ជនទាំងនោះ ដែល​ព្រះពុទ្ធទ្រង់​ជាផៅពង្ស​នៃព្រះអាទិត្យ​មាន​ចក្ខុ បានឲ្យ​​ត្រេកអរ​​ហើយ​ ក៏បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ក្នុង​សំណា​ក់​ព្រះសាស្តា មាន​ប្រាជ្ញា​ប្រសើរ។

[១២៨] សេចក្តី​នៃប្រស្នាមួយៗ ដែល​ព្រះពុទ្ធ​សំដែង​​ហើយ​​យ៉ាង​ណា​ បើបុគ្គល​ណា​ ប្រតិបត្តិ​តាម​យ៉ាង​នោះ បុគ្គលនោះ នឹងចេញ​​អំពី​ទី​មិន​មែន​ត្រើយ​ ទៅ​កាន់​​ត្រើយ​បាន។

[១២៩] ពាក្យថា​​ នៃប្រស្នាមួយៗ គឺ នៃប្រស្នា​អជិតមាណព​មួយៗ នៃប្រស្នា​តិស្សមេត្តេយ្យ​មាណព​មួយៗ។បេ។ នៃប្រស្នា​បិង្គិយមាណព​មួយៗ ហេតុនោះ (លោក​​ពោល​ថា​​) នៃប្រស្នា​មួយៗ។

[១៣០] ពាក្យថា​​ ដែល​ព្រះពុទ្ធសំដែង​ហើយ​​​យ៉ាងណា​ ត្រង់ពាក្យថា​​ ព្រះពុទ្ធ បានដល់​ ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង។ ពាក្យថា​​ ដែល​​ព្រះពុទ្ធ​សំដែង​​ហើយ​​​យ៉ាងណា​ សេចក្តី​ថា​​ ដែល​​ព្រះពុទ្ធ​ប្រាប់ សំដែង​ តែង​តាំង តាំងផ្ដើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាសហើយ​ ​យ៉ាងណា​ ហេតុនោះ (លោក​​ពោលថា​​) ដែល​ព្រះពុទ្ធ​សំដែង​​ហើយ​ ​យ៉ាងណា។

[១៣១] ពាក្យថា​​ បើបុគ្គលណា​ប្រតិបត្តិតាម​​យ៉ាងនោះ គឺ​បើបុគ្គល​​ប្រតិបត្តិ​សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ហេតុនោះ (លោក​​ពោលថា​​) បើបុគ្គល​ណា​ប្រតិបត្តិ​តាម​យ៉ាង​នោះ។

[១៣២] ពាក្យថា​​ បុគ្គលនោះនឹងចេញ​អំពី​ទីមិន​មែនត្រើយ​ ទៅ​កាន់​ត្រើយ​ សេចក្តី​ថា​​ អមតនិព្វាន លោកហៅ​ថា​​ ត្រើយ​ បានដល់​ សេចក្តី​​រម្ងាប់សង្ខារ​​ទាំងពួង ការ​រលាស់​ចោល​ឧបធិ​​ទាំងពួង ការ​អស់​​តណ្ហា ការ​ប្រាស​ចាក​តម្រេក សេចក្តី​​រលត់ និពា្វន។ កិលេស​ទាំងឡាយ​ ខន្ធទាំងឡាយ និង​អភិសង្ខារ​​ទាំងឡាយ លោកហៅ​ថា​​ ទីមិន​មែន​ត្រើយ​។ ពាក្យ​ថា​​ បុគ្គលនោះ នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​ គឺ​បុគ្គលនោះ នឹងចេញ​​អំពី​ទី​មិន​មែន​ត្រើយ​ ទៅ​កាន់​​ត្រើយ​ បានត្រើយ​ ពាល់ត្រូវ​ត្រើយ​ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ត្រើយ​ ហេតុ​នោះ​ (លោក​​ពោលថា​​) បុគ្គលនោះ នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​។ ហេតុ​នោះ លោក​ពោល​ពាក្យនេះថា​​

សេចក្តី​នៃប្រស្នាមួយៗ ដែល​ព្រះពុទ្ធសំដែង​ហើយ​​​យ៉ាងណា​ បើបុគ្គល​ណា​​ប្រតិបត្តិ​តាម ​យ៉ាងនោះ បុគ្គលនោះ​នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​បាន។

[១៣៣] បុគ្គលកាលចម្រើនមគ្គ​ដ៏ឧត្តម នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​បាន មគ្គនោះ តែង​​ប្រព្រឹត្តទៅ​​ដើម្បី​ទៅ​​កាន់​ត្រើយ​ ហេតុនោះ មគ្គ (លោក​​ពោលថា​​)បារាយនៈ ដោយ​ប្រការ​​ដូច្នេះ។

[១៣៤] ពាក្យថា​​ នឹងចេញ​អំពី​ទីមិន​មែនត្រើយ​ ទៅ​កាន់​ត្រើយ​ សេចក្តី​ថា​​ កិលេស​ទាំងឡាយ ខន្ធ​ទាំងឡាយ និង​អភិសង្ខារ​​ទាំងឡាយ លោកហៅ​ថា​​ ទីមិន​មែន​ត្រើយ​ អមតនិព្វាន លោកហៅ​​ថា​​ ត្រើយ​ បានដល់​​សេចក្តី​​រម្ងាប់សង្ខារ​​ទាំងពួង ការ​រលាស់​ចោល​ឧបធិ​​ទាំងពួង ការ​អស់​​តណ្ហា សេចក្តី​​ប្រាសចាក​​តម្រេក សេចក្តី​​រលត់ និព្វាន។ ពាក្យថា​​ នឹង​ចេញ​អំពី​ទី​មិន​មែន​ត្រើយ​ ទៅ​កាន់​​ត្រើយ​ បានសេចក្តី​​ថា​​ នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​ បានត្រើយ​ ពាល់ត្រើយ​ ធ្វើ​ឲ្យ​​ជាក់ច្បាស់​​នូវត្រើយ​ ហេតុនោះ (លោក​​ពោល​ថា​​) នឹងចេញ​​អំពី​ទីមិន​​មែនត្រើយ​ ទៅ​កាន់​​ត្រើយ​។

[១៣៥] ពាក្យថា​​ មគ្គ ក្នុង​បទថា​​ កាលចម្រើនមគ្គ​ដ៏ឧត្តម សេចក្តី​ថា​​ មគ្គប្រកប​ដោយ​​អង្គ ៨ ​ដ៏ប្រសើរ គឺ ប្រាជ្ញា​យល់ឃើញ​​ត្រូវ។បេ។ ការ​តម្កល់​ចិត្តឲ្យ​​នឹងត្រូវ លោកហៅ​​ថា​​ មគ្គ។ ពាក្យថា​​ ​ដ៏ឧត្តម គឺ ​ដ៏លើស ​ដ៏ប្រសើរ ​ដ៏ប្រសើរ​វិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោក​​ពោលថា​​) មគ្គ​ដ៏ឧត្តម។ ពាក្យថា​​ កាលចម្រើន គឺ កាល​ចម្រើន កាល​សេព កាលធ្វើ​​ឲ្យ​ច្រើន ហេតុនោះ (លោក​​ពោលថា​​) កាលចម្រើន​មគ្គ​ដ៏​ឧត្តម។

[១៣៦] ពាក្យថា​​ មគ្គនោះ តែង​ប្រព្រឹត្តទៅ​​ដើម្បី​ទៅ​​កាន់​ត្រើយ​ សេចក្តី​ថា​​ ឈ្មោះថា​​​មគ្គ បានដល់​ តម្រាយ គន្លង ប្រទេស​សម្រាប់​ទៅ​ដោយ​​ជើង ទីសម្រាប់​ដើរ ទី​សម្រាប់​ដើរទៅ​​ដើរមក ទូក ស្ពានសម្រាប់​ឆ្លង ផែ ពោងពាយ។ ពាក្យថា​​ ដើម្បី​ទៅ​​កាន់​ត្រើយ​ គឺ ដើម្បី​​ទៅ​កាន់​​ត្រើយ​ ដើម្បី​​ដល់​ព្រមនូវ​ត្រើយ​ ដើម្បី​ដល់​​ឆាប់នូវ​ត្រើយ​ គឺថា​​ ដើម្បី​ឆ្លង​ជរា និងមរណៈ ហេតុនោះ (លោក​​ពោលថា​​) មគ្គនោះ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​ទៅ​​កាន់​ត្រើយ​។

[១៣៧] ពាក្យថា​​ ហេតុនោះ ក្នុង​បទថា​​ ហេតុនោះ (លោក​​ពោលថា​​) បារាយនៈ ដោយ​ប្រការ​​ដូច្នេះ គឺ​ព្រោះ​ហេតុ​នោះ ព្រោះ​ដំណើរ​នោះ ព្រោះ​​ដូច្នោះ ព្រោះ​ហេតុ​នោះ ព្រោះ​បច្ច័យ​នោះ ព្រោះ​​និទាន​នោះ។ អមតនិព្វាន លោកហៅ​ថា​​ ត្រើយ​ បានដល់​​សេចក្តី​​រម្ងាប់​សង្ខារ​​ទាំងពួង ការ​រលាស់​ចោល​ឧបធិ​​ទាំងពួង ការ​អស់​​តណ្ហា សេចក្តី​​ប្រាសចាក​​តម្រេក​ សេចក្តី​​រលត់ និពា្វន។ មគ្គ លោកហៅ​ថា​​ អាយនៈ។ ពាក្យថា​​ ដោយ​ប្រការ​​ដូច្នេះ គឺជា​ការ​តបទ។បេ។ ពាក្យថា​​ ដូច្នេះនុ៎ះ ជាលំដាប់​​បទ ហេតុនោះ (លោក​​ពោលថា​​) បារាយនៈ ដោយ​​ប្រការ​​ដូច្នេះ។ ហេតុនោះ លោក​ពោល​ពាក្យនេះថា​​

បុគ្គលកាលចម្រើនមគ្គ​ដ៏ឧត្តម នឹងចេញ​​អំពី​ទី​មិន​មែន​ត្រើយ​ ទៅ​កាន់​​ត្រើយ​បាន មគ្គនោះ តែង​​ប្រព្រឹត្តទៅ​ ដើម្បី​ទៅ​​កាន់​ត្រើយ​ ហេតុនោះ មគ្គ (លោក​​ពោលថា​​) បារាយនៈ​ដោយ​​ប្រការ​​ដូច្នេះ។

[១៣៨] (បិង្គិយៈមាន​អាយុ​ពោលដូច្នោះថា​​) ខ្ញុំនឹងច្រៀង​តាម​បារាយនៈ ព្រះមាន​ព្រះភាគ ព្រះអង្គ​មាន​មន្ទិល​គឺកិលេស​ទៅ​ប្រាស​ហើយ​ មាន​ប្រាជ្ញា​ដូច​ផែនដី មាន​កាម​ចេញ​​ហើយ​ មាន​ព្រៃ​ចេញ​ហើយ​ ជាព្រះពុទ្ធនាគ (ទ្រង់​ឃើញ​​ហើយ​​​យ៉ាងណា​ ទ្រង់​​ពោល​​យ៉ាងនោះ) ទ្រង់​នឹង​​ពោលមុសា​ព្រោះ​ហេតុ​ដូច​ម្តេច​កើត។

[១៣៩] ពាក្យថា​​ ខ្ញុំនឹងច្រៀងតាមបារាយនៈ គឺ​ខ្ញុំនឹងច្រៀង​តាមចម្រៀង នឹងច្រៀង​តាម​ភាសិត​ដែល​​ព្រះមាន​ព្រះភាគ​សំដែង​​ហើយ​ នឹងច្រៀង​តាមភាសិត​ដែល​​ព្រះមាន​ព្រះភាគ​​ពោលហើយ​ នឹងច្រៀង​តាមភាសិត (របស់​ព្រះមាន​ព្រះភាគ) ហេតុនោះ (លោក​​ពោលថា​​) ខ្ញុំនឹង​ច្រៀងតាម​បារាយនៈ។ ពាក្យថា​​ ដូច្នេះ ក្នុង​បទ​ថា​​ បិង្គិយៈ​មាន​អាយុ​​ពោលដូច្នេះ គឺ​ជាការ​​តបទ។បេ។ ពាក្យថា​​ ដូច្នេះ​នុ៎ះ ជា​លំដាប់​បទ។ ពាក្យថា​​ មាន​អាយុ គឺ​ពាក្យជាទី​ស្រឡាញ់ ជាពាក្យ​​ពោលដោយ​​គោរព​ ពាក្យថា​​ មាន​អាយុនុ៎ះ ជាពាក្យ​​ពោល​ដោយ​ការ​​គោរព​​កោតក្រែង។ ពាក្យថា​​ បិង្គិយៈ គឺ​ជាឈ្មោះ ជាពាក្យ​សម្រាប់រាប់ ជា​គ្រឿង​សំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជា​នាមប្បញ្ញត្តិ ជាសំដី ​ជា​គ្រឿងបញ្ជាក់ ជាគ្រឿង​ប្រកាស​នៃព្រះថេរៈ​នោះ ហេតុនោះ (លោក​​ពោលថា​​) បិង្គិយៈ​មាន​អាយុ​​ពោលដូច្នេះ។

[១៤០] ពាក្យថា​​ ទ្រង់​ឃើញ​​យ៉ាងណា​ ទ្រង់​​ពោល​​យ៉ាងនោះ គឺ​ទ្រង់​ឃើញ​​​យ៉ាង​ណា​ ទ្រង់​​​ពោល ប្រាប់ សំដែង​ តែង​តាំង តាំងផ្តើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស ​យ៉ាងនោះ​ថា​​ សង្ខារ​​ទាំងពួង​មិន​ទៀង។បេ។ ធម្មជាត​​ឯណា​នីមួយ មាន​​កិរិយា​កើតឡើង​ជាធម្មតា ធម្មជាត​​ទាំងអស់​​នោះ មាន​​កិរិយា​រលត់ទៅ​​វិញជា​ធម្មតា ទ្រង់​ឃើញ​​​យ៉ាងណា​ ទ្រង់​​ពោល​ប្រាប់ សំដែង​ តែង​តាំង តាំងផ្ដើម បើក វែកញែក ធើ្វឲ្យ​រាក់ ប្រកាស​ហើយ​ ​យ៉ាងនោះ ហេតុនោះ (លោក​​ពោលថា​​) ទ្រង់​ឃើញ​​​យ៉ាងណា​ ទ្រង់​​ពោល​​យ៉ាងនោះ។

[១៤១] អធិប្បាយពាក្យថា​​ មាន​មន្ទិលទៅ​​ប្រាស​ហើយ​ មាន​ប្រាជ្ញា​ដូច​ផែនដី ត្រង់​ពាក្យ​ថា​​ មាន​មន្ទិល​ទៅ​ប្រាស​ហើយ​ សេចក្តី​ថា​​ រាគៈឈ្មោះថា​​​មន្ទិល ទោសៈ ឈ្មោះថា​​​មន្ទិល មោហៈ ឈ្មោះថា​​​មន្ទិល ក្រោធ ឈ្មោះថា​​​មន្ទិល ការ​ចង​ក្រោធទុក ឈ្មោះថា​​​មន្ទិល។បេ។ អភិសង្ខារ​​ជា​អកុសល​ទាំងពួង ឈ្មោះថា​​​មន្ទិល។ មន្ទិល​ទាំងនោះ ព្រះពុទ្ធ​មាន​​ព្រះភាគ ទ្រង់​លះបង់ កាត់ផ្ដាច់​ឫសចេញ​​ហើយ​ ធ្វើ​ឲ្យ​​នៅ​សល់​តែទីនៅ​​ដូច​ជាទី​នៅ​នៃដើមត្នោត ឲ្យ​​ដល់​នូវការ​​មិន​កើត​មាន​ មាន​កិរិយា​មិន​កើត​តទៅ​ជា​ធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​​មិន​មាន​​មន្ទិល មាន​មន្ទិល​ទៅ​ប្រាស​ហើយ​ ​ដ៏ស្អាត​ចាក​មន្ទិល ប្រាសចាក​​មន្ទិល លះបង់​មន្ទិល រួចស្រឡះ​ចាក​មន្ទិល ប្រព្រឹត្ត​កន្លងនូវ​មន្ទិល​ទាំងពួង។ ប្រថពី លោកហៅ​ថា​​ ផែនដី។ ព្រះមាន​ព្រះភាគ ប្រកប​ព្រមហើយ​ ដោយ​​ប្រាជ្ញា​ដ៏​ធំទូលាយ ស្មើដោយ​​ប្រថពី​នេះ។ ប្រាជ្ញា លោកហៅ​ថា​​ មេធា បានដល់​ បញ្ញា ការ​ដឹង​ច្បាស់​។បេ។ ការ​មិន​​វង្វេង ការ​​ពិចារណា​​ធម៌ សេចក្តី​​ឃើញ​ត្រូវ។ ព្រះមាន​ព្រះភាគ អែប អែបនែប កប ប្រកប ចូល​ទៅ​ដល់​ ចូលទៅ​​ដល់​ព្រម ប្រកប​ព្រម ដោយ​​មេធា គឺ​ប្រាជ្ញា​នេះ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មាន​​ប្រាជ្ញា​ដូច​ផែនដី ហេតុនោះ (លោក​​ពោលថា​​) មាន​មន្ទិល​ទៅ​ប្រាស​ហើយ​ មាន​ប្រាជ្ញា​ដូច​​ផែនដី។

[១៤២] អធិប្បាយពាក្យថា​​ មាន​កាមចេញ​ហើយ​ មាន​ព្រៃចេញ​​ហើយ​ ជា​ព្រះពុទ្ធនាគ ត្រង់​ពាក្យថា​​ កាម បើ​ពោល​តាមឧទ្ទាន កាមមាន​ ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅ​ថា​​ វត្ថុកាម។បេ។ ទាំងនេះ លោកហៅ​ថា​​ កិលេសកាម។ វត្ថុកាម ព្រះពុទ្ធ​មាន​ព្រះភាគ​កំណត់​ដឹងហើយ​ កិលេសកាម ទ្រង់​​លះបង់​ហើយ។ ព្រោះ​ទ្រង់​​កំណត់​ដឹង​វត្ថុកាម ព្រោះ​​ទ្រង់​លះ​កិលេសកាម ព្រះមាន​ព្រះភាគ ឈ្មោះថា​​ មិន​ប្រាថ្នា​កាម​ទាំងឡាយ មិន​ចង់​បានកាម​ទាំងឡាយ មិន​ស្រឡាញ់​កាមទាំង​ឡាយ មិន​ជាប់​ព្រះហឫទ័យ​នឹងកាម​ទាំងឡាយ។ ជន​ទាំងឡាយ​ណា​ នៅ​ប្រាថ្នា​កាម​ទាំងឡាយ ចង់បាន​កាមទាំងឡាយ​ ស្រឡាញ់​កាមទាំងឡាយ ជាប់ចិត្ត​នឹងកាម​ទាំងឡាយ ជនទាំង​ឡាយនោះ ឈ្មោះថា​​ មាន​​សេចក្តី​​ប្រាថ្នា​កាម មាន​​សេចក្តី​​រីករាយ​ដោយ​រាគៈ មាន​​សេចក្តី​​សំគាល់​ដោយ​​កាមសញ្ញា។ ព្រះមាន​ព្រះភាគ មិន​ប្រាថ្នា​កាមទាំង​ឡាយ មិន​ចង់​បានកាម​ទាំងឡាយ មិន​​ស្រឡាញ់​កាម​ទាំងឡាយ មិន​ជាប់​ព្រះហឫទ័យ​នឹងកាម​ទាំងឡាយ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មិន​មាន​​កាម មាន​​កាមចេញ​​ហើយ​ ចោលកាម ខ្ជាក់កាម លែងកាម លះកាម រលាស់​ចោលកាម ប្រាសចាក​​រាគៈ មាន​រាគៈ​ទៅ​បាត់ហើយ​ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់​ចោលរាគៈ ប្រាសចាក​​សេចក្តី​​ប្រាថ្នា មាន​ទុក្ខ​រលត់​ហើយ​ មាន​សេចក្តី​​ត្រជាក់​កើតហើយ​ សោយសុខ មាន​ខ្លួន​ដូច​ជា​ព្រហ្ម សម្រេច​​សម្រាន្ដ​នៅ​ ហេតុនោះ (លោក​​ពោលថា​​) មាន​កាម​ចេញ​ហើយ។ ពាក្យថា​​ មាន​ព្រៃចេញ​​ហើយ​ សេចក្តី​ថា​​ រាគៈឈ្មោះ​ថា​​​ព្រៃ ទោសៈឈ្មោះថា​​​ព្រៃ មោហៈ​ឈ្មោះថា​​​ព្រៃ ក្រោធឈ្មោះថា​​​ព្រៃ ការ​ចង​ក្រោធទុក​ ឈ្មោះថា​​​ព្រៃ។បេ។ អភិសង្ខារ​​ជាអកុសល​ទាំងពួង ឈ្មោះថា​​​ព្រៃ។ ព្រៃទាំង​នោះ ព្រះពុទ្ធ​មាន​ព្រះភាគ​លះបង់ ផ្ដាច់ផ្ដិលឫសគល់ ធ្វើ​ឲ្យ​មាន​​ទីនៅ​​ដូច​ជាទី​នៅ​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវ​ការ​មិន​មាន​​ទីកើត មាន​​កិរិយា​មិន​កើត​តទៅ​ជា​ធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​​មិន​​មាន​​ព្រៃ មាន​ព្រៃ​ចេញ​ហើយ​ ប្រាសចាក​​ព្រៃ លះបង់​ព្រៃ រួចស្រឡះ​ចាក​ព្រៃ ប្រព្រឹត្ត​កន្លងព្រៃ​ទាំងអស់​ ហេតុនោះ (លោក​​ពោលថា​​) មាន​ព្រៃ​ចេញ​ហើយ។ ពាក្យថា​​ ព្រះពុទ្ធនាគ គឺ​ព្រះមាន​ព្រះភាគ ឈ្មោះថា​​​នាគ ព្រោះ​ហេតុ​ទ្រង់​មិន​​ធ្វើ​អំពើ​អាក្រក់។ ឈ្មោះថា​​​នាគ ព្រោះ​ហេតុ​ទ្រង់​មិន​លុះ។ ឈ្មោះថា​​​នាគ ព្រោះ​ហេតុ​ទ្រង់​មិន​មក។បេ។ ព្រះមាន​ព្រះភាគ ឈ្មោះថា​​​នាគ ព្រោះ​ហេតុ​ទ្រង់​មិន​មក ​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) មាន​កាម​ចេញ​ហើយ​ មាន​ព្រៃ​ចេញ​ហើយ​ ជា​ព្រះពុទ្ធនាគ។

[១៤៣] អធិប្បាយពាក្យថា​​ គប្បី​​ពោលមុសា ព្រោះ​ហេតុ​ដូច​ម្ដេចកើត ត្រង់​ពាក្យថា​​ ព្រោះ​ហេតុ​ដូច​ម្ដេច​កើត គឺ ព្រោះ​ហេតុអ្វី ព្រោះ​ការ​ណ៍អ្វី ព្រោះ​បច្ច័យ​អ្វី ហេតុនោះ (លោក​​ពោលថា​​) ព្រោះ​ហេតុ​ដូច​ម្ដេច​កើត។ ពាក្យថា​​ គប្បី​​​ពោលមុសា គឺគប្បី​​​ពោលពាក្យ​មុសា​​ពោល​មុសាវាទ ​ពោលពាក្យ​មិន​ប្រសើរ។ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ទៅ​ក្នុង​​ទីប្រជុំក្តី ទៅ​​ក្នុង​​បរិស័ទក្តី ទៅ​ក្នុង​​កណ្ដាល​ពួក​ញាតិក្ដី ទៅ​ក្នុង​​កណ្ដាល​រាជត្រកូល​ក្តី ដែល​​គេកោះ​ទៅ​សួរជា​សាក្សីថា​​ ម្នាល​​បុរស​​ដ៏ចំរើន អ្នក​ចូរ​មក អ្នក​ដឹង​ហេតុណា​ ចូរ​ពោល​ហេតុនោះ កាលមិន​​ដឹង ​ពោលថា​​​ខ្ញុំដឹងក្តី កាលដឹង ​ពោលថា​​​ខ្ញុំមិន​​ដឹងក្តី កាលមិន​​ឃើញ​ ​ពោលថា​​​ខ្ញុំឃើញ​ក្តី កាល​ឃើញ​ ​ពោលថា​​​ខ្ញុំមិន​​ឃើញ​ក្តី ​ពោល​សម្បជានមុសាវាទ ព្រោះ​​ហេតុនៃ​ខ្លួនក្តី ព្រោះ​ហេតុនៃ​បុគ្គល​ដទៃក្តី ព្រោះ​ហេតុ​តែសំណូក​ណា​មួយ​ក្តី នេះ​លោក​ហៅ​ថា​​ ពាក្យមុសា។ មួយទៀត ការ​​ពោល​មុសា​ដោយ​​អាការ​ ៣ គឺ មុនដំបូង មុសាវាទ​របស់បុគ្គល​នោះថា​​ អញនឹង​​ពោលមុសា ១ មុសាវាទ​របស់​បុគ្គលកំពុង​​ពោលថា​​ អញកំពុង​​ពោលមុសា ១ មុសាវាទ​របស់​បុគ្គល​​ពោលរួច​ហើយ​ថា​​ អញ​ពោល​មុសា​ហើយ​ ១ នេះការ​​​ពោលមុសា​ដោយ​អាការ​ ៣។ មួយទៀត ការ​​ពោល​មុសា​ដោយ​អាការ​ ៤ ​យ៉ាង គឺ មុនដំបូង ​មុសាវាទ​របស់បុគ្គល​នោះថា​​ អញនឹង​​ពោលមុសា ១។បេ។ ការ​​ពោល​មុសា​ដោយ​​អាការ​ ៥ ដោយ​​អាការ​ ៦ ដោយ​​អាការ​ ៧ ដោយ​អាការ​ ៨ គឺ មុនដំបូង មុសាវាទ​របស់បុគ្គល​នោះថា​​ អញនឹង​​ពោលមុសា ១ មុសាវាទ​របស់​បុគ្គល​កំពុង​​ពោលថា​​ អញ​កំពុង​​ពោលមុសា ១ មុសាវាទ​របស់បុគ្គល​​ពោលរួច​ហើយ​ថា​​ អញ​ពោល​មុសាហើយ​ ១ ​ពោល​បិទ​បាំង​ទិដ្ឋិ ១ បិទ​បាំង​ខន្ដី ១ បិទ​បាំង​សេចក្តី​​គាប់ចិត្ត ១ បិទ​បាំង​សញ្ញា ១ បិទ​បាំង​សេចក្តី​ពិត ១ នេះការ​​​ពោលមុសា​ដោយ​​អាការ​ ៨។ ព្រះអង្គ​គប្បី​​ពោល និយាយ សំដែង​ ថ្លែងនូវមុសា ព្រោះ​ហេតុ​ម្តេចបាន ហេតុនោះ (លោក​​ពោលថា​​) គប្បី​​​ពោលមុសា ព្រោះ​​ហេតុដូច​​ម្តេចកើត។ ហេតុនោះ បិង្គិយត្ថេរ ​ពោលថា​​

(បិង្គិយមាន​អាយុ​ពោលដូច្នេះថា​​) ខ្ញុំនឹងច្រៀង​តាម​បារាយនៈ ព្រះមាន​ព្រះភាគ ព្រះអង្គ​មាន​មន្ទិល គឺ​កិលេសទៅ​​ប្រាសហើយ​ មាន​ប្រាជ្ញា​ដូច​ផែនដី មាន​កាម​ចេញ​ហើយ​ មាន​ព្រៃ​ចេញ​ហើយ​ ជា​ព្រះពុទ្ធនាគ (ទ្រង់​ឃើញ​​ហើយ​​​យ៉ាងណា​ ទ្រង់​​ពោល​​យ៉ាងនោះ) ទ្រង់​គប្បី​​​ពោលមុសា​ព្រោះ​ហេតុ​ដូច​ម្តេចកើត។

[១៤៤] បើដូច្នោះ ខ្ញុំនឹងសំដែង​ពាក្យ​​ដ៏ប្រកប​ដោយ​គុណ​របស់​ព្រះមាន​ព្រះភាគ ព្រះអង្គ​លះបង់​មន្ទិល និងមោហៈ​ហើយ​ លះបង់​មានះ និងមក្ខៈ​ហើយ។

[១៤៥] អធិប្បាយពាក្យថា​​ ព្រះអង្គលះបង់មន្ទិល និងមោហៈ ត្រង់ពាក្យថា​​ មន្ទិល បានដល់​ រាគៈ​ឈ្មោះថា​​​មន្ទិល ទោសៈ​ឈ្មោះថា​​​មន្ទិល មោហៈ​ឈ្មោះថា​​​មន្ទិល មានះ​ឈ្មោះថា​​​មន្ទិល ទិដ្ឋិ​ឈ្មោះថា​​​មន្ទិល កិលេស​ឈ្មោះថា​​​មន្ទិល ទុច្ចរិត​ទាំងពួង​ឈ្មោះ​ថា​​​មន្ទិល។ ពាក្យថា​​ មោហៈ គឺ​ការ​មិន​ដឹង​ក្នុង​កង​ទុក្ខ។បេ។ បង្គោល​គឺអវិជ្ជា សេចក្តី​​វង្វេង ឫសនៃ​អកុសល នេះលោក​ហៅ​ថា​​ មោហៈ។ មន្ទិល និងមោហៈ ព្រះពុទ្ធ​មាន​ព្រះភាគ​បាន​លះបង់ គាស់​រំលើង​ឫសគល់ ធ្វើ​ឲ្យ​​មាន​តែទីនៅ​​ដូច​ជាទី​នៅ​នៃដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​កើត​មាន​ មិន​ឲ្យ​​មាន​កិរិយា​កើតតទៅ​​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះ​ថា​​​មាន​​មន្ទិល និងមោហៈ​លះបង់​ហើយ​ ហេតុនោះ (លោក​ពោលថា​​) ព្រះអង្គ លះបង់មន្ទិល និងមោហៈ​ហើយ។

[១៤៦] អធិប្បាយពាក្យថា​​ លះបង់មានះ និងមក្ខៈ​ហើយ​ ត្រង់ពាក្យថា​​ មានះ សេចក្តី​​ថា​​ មានះ​ដោយ​ប្រការ​​មួយ បានដល់​​ការ​ប៉ោងឡើង​នៃចិត្ត។ មានះ​ដោយ​ប្រការ​ ២ គឺ មានះដោយ​​ការ​លើក​តំកើង​ខ្លួន ១ មានះ​ដោយ​ការ​​បន្តុះបង្អាប់​អ្នក​ដទៃ ១។ មានះ​ដោយ​​ប្រការ​ ៣ គឺ មានះ​ថា​​អញ​ជាបុគ្គល​ប្រសើរ ១ មានះ​ថា​​អញ​ជាបុគ្គល​ស្មើ ១ មានះ​ថា​​អញ​ជា​បុគ្គល​ថោកទាប ១។ មានះ​ដោយ​​ប្រការ​៤ គឺ បុគ្គល​ញុំាងមានះ​ឲ្យ​កើត​ព្រោះ​លាភ ១ ញុំាង​មានះ​ឲ្យ​កើត​ព្រោះ​យស ១ ញុំាងមានះ​ឲ្យ​កើត​ព្រោះ​សេចក្តី​​សរសើរ ១ ញុំាង​មានះ​ឲ្យ​​កើត​ព្រោះ​​សុខ ១។ មានះ​ដោយ​ប្រការ​ ៥ គឺ បុគ្គល​ញុំាងមានះ​ឲ្យ​កើតថា​​ អញបាន​រូប​ជាទី​គាប់ចិត្ត ១ ញុំាងមានះ​ឲ្យ​កើតថា​​ អញបាន​សំឡេង ១ ក្លិន ១ រស ១ ផ្សព្វជា​ទីគាប់ចិត្ត ១។ មានះដោយ​​ប្រការ​ ៦ គឺ បុគ្គល​ញុំាងមានះ​ឲ្យ​កើត ព្រោះ​ការ​​បរិបូណ៌​ដោយ​ចក្ខុ ១ ញុំាង​មានះឲ្យ​​កើត ព្រោះ​ការ​​បរិបូណ៌​ដោយ​សោតៈ ១ ព្រោះ​ការ​​បរិបូណ៌​ដោយ​ឃានៈ ១ ព្រោះ​ការ​​បរិបូណ៌​ដោយ​​ជិវ្ហា ១ ព្រោះ​ការ​​បរិបូណ៌​ដោយ​កាយ ១ ព្រោះ​ការ​​បរិបូណ៌​ដោយ​​មនៈ ១។ មានះ​ដោយ​​ប្រការ​ ៧ គឺ ការ​ក្រអឺត​ក្រអោង ១ ការ​ប្រកាន់​​គ្រាន់ ១ ការ​មើល​ងាយដោយ​​សេចក្តី​​ប្រកាន់​ ១ ការ​ប្រកាន់​​ទាប ១ ការ​ប្រកាន់​​ថោក ១ ការ​ប្រកាន់​​ថា​​​អញ​មាន​​ ១ ការ​ប្រកាន់​​ខុស ១។ មានះដោយ​​ប្រការ​ ៨ គឺ បុគ្គល​ញុំាងការ​​ក្រអឺតក្រអោង​ឲ្យ​​កើតព្រោះ​លាភ ១ ញុំាងការ​​ប្រកាន់​​ទាប​ឲ្យ​កើត ព្រោះ​ការ​​មិន​មាន​​លាភ ១ ញុំាង​ការ​ក្រអឺត​ក្រអោង​ឲ្យ​កើត​ព្រោះ​យស ១ ញុំាងការ​​ប្រកាន់​​ទាបឲ្យ​កើត ​ព្រោះ​ការ​​មិន​មាន​យស​ ១ ញុំាង​ការ​ក្រអឺត​ក្រអោងឲ្យ​​កើត​ព្រោះ​​សេចក្តី​​សរសើរ ១ ញុំាងការ​​ប្រកាន់​ទាប​ឲ្យ​កើតព្រោះ​​សេចក្តី​​តិះដៀល ១ ញុំាងការ​​ក្រអឺត​ក្រអោងឲ្យ​​កើតព្រោះ​​សុខ ១ ​ញុំាងការ​​ប្រកាន់​ទាប​ឲ្យ​​កើត​ព្រោះ​ទុក្ខ ១។ មានះ​ដោយ​​ប្រការ​៩ គឺ បុគ្គល​អ្នក​ខ្ពង់​ខ្ពស់មាន​​មានះថា​​ អញខ្ពង់ខ្ពស់​ជាងគេ ១ បុគ្គល​អ្នក​ខ្ពង់ខ្ពស់ មាន​មានះ​ថា​​ អញស្មើ ១ បុគ្គល​អ្នក​ខ្ពង់ខ្ពស់​មាន​មានះថា​​ អញថោកទាប ១ បុគ្គល​អ្នក​ស្មើ​នឹងគេ​មាន​មានះ​ថា​​ អញខ្ពង់ខ្ពស់ ១ បុគ្គល​អ្នក​ស្មើ​នឹងគេ​មាន​មានះ​ថា​​អញស្មើ ១ បុគ្គល​អ្នក​ស្មើ​នឹងគេ មាន​មានះ​ថា​​អញ​ថោកទាប ១ បុគ្គល​អ្នក​​ថោកទាប​មាន​មានះ​ថា​​ អញខ្ពង់ខ្ពស់ ១ បុគ្គល​អ្នក​ថោកទាប មាន​មានះ​ថា​​អញ​ស្មើ ១ បុគ្គល​អ្នក​ថោកទាប​មាន​មានះ​ថា​​ អញ​ថោកទាប ១។ មានះ​ដោយ​ប្រការ​ ១០ គឺ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ញុំាងមានះ​ឲ្យ​កើត​ព្រោះ​ជាតិ​ ឬគោត្រ ​ឬការ​​កើតជា​កូនអ្នក​មាន​​ត្រកូល ១ ព្រោះ​ភាព​ជាអ្នក​​មាន​រូបល្អ ១ ព្រោះ​ទ្រព្យ ១ ព្រោះ​​ការ​​រៀន ១ ព្រោះ​ការ​ងារ ១ ព្រោះ​សិល្បៈ​​ ១ ព្រោះ​ទីតាំង​នៃវិជ្ជា ១ ព្រោះ​ការ​​ចេះដឹង ១ ព្រោះ​​សេចក្តី​​ឆ្លៀវឆ្លាស ១ ព្រោះ​វត្ថុ​ណា​មួយ ១ ការ​មើល​ងាយ អាការ​​នៃការ​​មើលងាយ ភាពនៃ​ការ​​មើលងាយ ការ​លើក​កំពស់ ការ​​ប្រកាន់​​ខ្ពស់ ការ​ផ្គង​ចិត្ត ភាពនៃ​ចិត្តប្រាថ្នា​ដូច​ទង់ មាន​​សភាព​​យ៉ាងនេះ​ឯណា​ នេះលោក​ហៅ​ថា​​ មានះ។ ពាក្យថា​​ មក្ខៈ បានដល់​​សេចក្តី​​លុបគុណ អាការ​​លុបគុណ ភាពនៃ​សេចក្តី​​លុបគុណ អំពើ​នៃសេចក្តី​​ច្រណែន នេះលោក​ហៅ​ថា​​ មក្ខៈ។ មានះ និងមក្ខៈ ព្រះពុទ្ធ​មាន​ព្រះភាគ​បានលះបង់ គាស់រំលើង​ឫសគល់ ធើ្វឲ្យ​​មាន​តែទី​នៅ​ដូច​ជា​ទីនៅ​​នៃដើមត្នោត ឲ្យ​ដល់​​នូវការ​មិន​​មាន​ទីកើត មិន​ឲ្យ​​មាន​កិរិយា​កើតតទៅ​​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ លះបង់​មានះ និងមក្ខៈ ហេតុនោះ (លោក​ពោល​ថា​​) លះបង់មានះ​ និង​មក្ខៈហើយ។

[១៤៧] អធិប្បាយពាក្យថា​​ បើដូច្នោះ ខ្ញុំនឹងសំដែង​​ពាក្យប្រកប​ដោយ​គុណ ត្រង់​ពាក្យ​ថា​​ បើដូច្នោះ ខ្ញុំ គឺ ការ​តបទ។បេ។ ពាក្យថា​​ បើដូច្នោះ ខ្ញុំ នុ៎ះជា​លំដាប់​បទ។ ពាក្យថា​​ សំដែង​ គឺ នឹង​ពោល បង្ហាញឲ្យ​​ដឹងច្បាស់​ តាំងផ្តើម បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស​នូវពាក្យ វាចា គន្លងពាក្យ និងសំដី ដែល​កប កបព្រម ប្រកប ប្រកបព្រម ចូលដល់​ ចូលដល់​ព្រម មកដល់​ព្រម ដោយ​គុណ ហេតុនោះ (លោក​ពោលថា​​) បើដូច្នោះ ខ្ញុំនឹង​សំដែង​ពាក្យ​ប្រកប​ដោយ​​គុណ។ ហេតុនោះ បិង្គិយត្ថេរ​​ពោលថា​​

បើដូច្នោះ ខ្ញុំនឹងសំដែង​ពាក្យប្រកបដោយ​គុណ របស់​ព្រះមាន​ព្រះភាគ ទ្រង់​លះបង់​មន្ទិល និងមោហៈ​ហើយ​ លះបង់មានះ និងមក្ខៈ​ហើយ។

[១៤៨] ព្រះពុទ្ធទ្រង់​បន្ទោបង់ងងឹត មាន​សមន្តចក្ខុ ទ្រង់​ដល់​​ទីបំផុត​​លោក ប្រព្រឹត្ត​កន្លង​ហើយ​នូវ​ភពទាំងពួង មិន​មាន​​អាសវៈ ទ្រង់​លះបង់​ទុក្ខទាំងពួង​ហើយ​ មាន​​ព្រះនាម​ដ៏​ទៀងទាត់ ខ្ញុំបានចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ​ប្រសើររួច​ហើយ។

[១៤៩] អធិប្បាយពាក្យថា​​ ព្រះពុទ្ធទ្រង់​បន្ទោបង់ងងឹត មាន​សមន្តចក្ខុ ត្រង់ពាក្យថា​​ បន្ទោបង់​ងងឹត គឺ ព្រះមាន​ព្រះភាគ​បានបន្ទោបង់ កំចាត់បង់ លះបង់ បន្សាត់បង់ ធ្វើ​​ឲ្យ​​វិនាស ឲ្យ​ដល់​​នូវការ​​មិន​កើត​មាន​​នូវងងឹត​គឺ​រាគៈ ងងឹត​គឺ​ទោសៈ ងងឹត​គឺ​មោហៈ ងងិត​គឺ​មានះ ងងឹត​គឺ​ទិដ្ឋិ ងងឹត​គឺ​កិលេស ងងឹត​គឺ​ទុច្ចរិត ធម្មជាត​ធ្វើ​​ឲ្យ​ងងឹត ធើ្វមិន​​ឲ្យ​​មាន​ចក្ខុ ​ធ្វើ​មិន​​ឲ្យ​មាន​ញាណ រំលត់​ប្រាជ្ញា ប្រព្រឹត្តទៅ​​ក្នុង​ពួក​​នៃសេចក្តី​​ចង្អៀតចង្អល់ មិន​​ប្រព្រឹត្តទៅ​​ដើម្បី​និព្វាន ហេតុនោះ (លោក​​ពោលថា​​) បន្ទោបង់​ងងឹត។ ពាក្យថា​​ ព្រះពុទ្ធ បានដល់​​ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ (កើត) ព្រោះ​ការ​​ត្រាស់ដឹង។ ពាក្យថា​​ សមន្ដចក្ខុ សេចក្តី​ថា​​ សព្វញ្ញុតញ្ញាណ លោកហៅ​ថា​​ សមន្ដចក្ខុ។បេ។ ព្រះតថា​​គត ព្រះនាម​ថា​​ សមន្ដចក្ខុ ដោយ​ហេតុ​នោះ ហេតុនោះ (លោក​​ពោលថា​​) ព្រះពុទ្ធ​ទ្រង់​​បន្ទោបង់​ងងឹត មាន​​សមន្តចក្ខុ។

[១៥០] អធិប្បាយពាក្យថា​​ ទ្រង់​ដល់​ទីបំផុត​លោក ប្រព្រឹត្តកន្លង​ហើយ​នូវ​ភពទាំងពួង ត្រង់ពាក្យ​ថា​​ លោក គឺ លោក ១ បានដល់​​ភវលោក។ លោក២ បានដល់​​សម្បត្តិភវលោក ១ វិបត្តិភវលោក ១។ លោក ៣ បានដល់​​វេទនា ៣។ លោក ៤ បានដល់​​អាហារ ៤។ លោក ៥​ បាន​ដល់​​ឧបាទានក្ខន្ធ ៥។ លោក ៦ បានដល់​​អាយតនៈ​ខាងក្នុង​ ៦។ លោក ៧ បាន​ដល់​វិញ្ញាណដ្ឋិតិ ៧។ លោក ៨ បានដល់​​លោកធម៌ ៨។ លោក ៩ បានដល់​​សត្តាវាសៈ ៩។ លោក ១០ បានដល់​​ឧបក្កិលេស ១០។ លោក ១១ បានដល់​​កាមភព ១១។ លោក ១២ បានដល់​​អាយតនៈ ១២។ លោក ១៨ បានដល់​​ធាតុ ១៨។ ពាក្យថា​​ ទ្រង់​ដល់​​ទីបំផុត​លោក បានសេចក្តី​ថា​​ ព្រះមាន​ព្រះភាគ​ទៅ​កាន់​​ទីបំផុត​ ដល់​ទី​បំផុត​ ទៅ​កាន់​ទី​ខាងចុង ដល់​ទី​ខាង​ចុងនៃ​លោក។បេ។ ទៅ​និព្វាន ដល់​និព្វាន ព្រះមាន​ព្រះភាគនោះ​ មាន​ការ​​នៅ​រួចហើយ​ មាន​ចរណៈ​សន្សំហើយ។បេ។ ភពថ្មី គឺ ការ​អន្ទោល​ទៅ​កាន់​​ជាតិ ជរា និងមរណៈ របស់​ព្រះអង្គ​មិន​មាន​​ឡើយ ហេតុនោះ (លោក​​ពោលថា​​) ទ្រង់​ដល់​ទី​បំផុត​​លោក។ ពាក្យថា​​ ភព ក្នុង​បទថា​​ ប្រព្រឹត្ត​កន្លងហើយ​​នូវភព​ទាំងពួង បានដល់​​ភព ២ គឺ​ កម្មភព ​១ បដិសន្ធិកបុនព្ភព ១។ កម្មភព តើដូច​ម្ដេច។ បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ​ អានេញ្ជាភិសង្ខារ​ នេះឈ្មោះ​ថា​​ កម្មភព។ បដិសន្ធិកបុនព្ភព តើដូច​ម្ដេច។ រូប វេទនា សញ្ញា សង្ខារ​ វិញ្ញាណ ដែល​​ប្រកបដោយ​​បដិសន្ធិ នេះឈ្មោះថា​​ បដិសន្ធិកបុនព្ភព។ ព្រះមាន​ព្រះភាគ​បាន​កន្លង ឈាន​កន្លង ប្រព្រឹត្តកន្លង​នូវកម្មភព និង​បដិសន្ធិកបុនព្ភព ហេតុនោះ (លោក​ពោល​ថា​​) ទ្រង់​​ដល់​ទី​បំផុត​លោក ប្រព្រឹត្ត​កន្លងហើយ​​នូវភព​ទាំងពួង។

[១៥១] អធិប្បាយពាក្យថា​​ មិន​មាន​អាសវៈ ទ្រង់​លះបង់​ទុក្ខទាំងពួង​ហើយ​ ត្រង់​ពាក្យថា​​ មិន​មាន​​អាសវៈ សេចក្តី​​ថា​​ អាសវៈ ៤ គឺ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។ អាសវៈ​ទាំងនោះ ព្រះពុទ្ធ​មាន​ព្រះភាគ​បានលះបង់ គាល់រំលើង​ឫសគល់ ធ្វើ​ឲ្យ​​មាន​តែទី​នៅ​ដូច​ជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​​នូវការ​មិន​​កើតមាន​ មិន​ឲ្យ​មាន​​កិរិយា​កើតតទៅ​​ជាធម្មតា ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មិន​មាន​​អាសវៈ។ ពាក្យថា​​ ទ្រង់​លះបង់​ទុក្ខ​​ទាំងពួង​ហើយ​ សេចក្តី​ថា​​ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។បេ។ ទិដ្ឋិព្យសនទុក្ខ​ទាំងពួង ដែល​ប្រកប​ដោយ​​បដិសន្ធិ ព្រះពុទ្ធ​នោះ បាន​លះបង់ កាត់ផ្ដាច់ រម្ងាប់បង់ ធ្វើ​មិន​ឲ្យ​​កើតវិញ បានដុត​ដោយ​ភ្លើង គឺ ​ញាណ​ហើយ​ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មាន​ទុក្ខ​ទាំងពួង​លះបង់​ហើយ។

[១៥២] ពាក្យថា​​ មាន​ព្រះនាម​ដ៏ទៀងទាត់ ក្នុង​បទថា​​ មាន​ព្រះនាម​​ដ៏ទៀងទាត់ ខ្ញុំ​បានចូលទៅ​​គាល់​ព្រះមាន​ព្រះភាគ​ប្រសើរ​រួចហើយ​ សេចក្តី​ថា​​ ព្រះពុទ្ធ​មាន​ព្រះនាម​​ដ៏​ទៀង​ទាត់​ដូច​គ្នា។ គឺ ព្រះវិបស្សី ព្រះនាមថា​​​ភគវា ព្រះសិខី ព្រះនាមថា​​​ភគវា ព្រះវេស្សភូ ព្រះនាម​ថា​​ភគវា ព្រះកកុសន្ធៈ ព្រះនាមថា​​​ភគវា ព្រះកោនាគមនៈ ព្រះនាមថា​​​ភគវា ព្រះកស្សបៈ ព្រះនាមថា​​​ភគវា ព្រះពុទ្ធ​​ដ៏មាន​ព្រះភាគ​ទាំងឡាយ សឹងមាន​​ព្រះនាមដូច​គ្នា មាន​​ព្រះនាម​​ដ៏ទៀងទាត់​ស្មើគ្នា។ ព្រះសក្យមុនី​មាន​ព្រះភាគ មាន​ព្រះនាម​ដូច​គ្នា មាន​ព្រះនាម​ដ៏​ទៀងទាត់​ស្មើនឹង​ព្រះពុទ្ធ​មាន​ព្រះភាគ​ទាំងឡាយ​នោះ ព្រោះ​​ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​​មាន​​ព្រះនាម​​ដ៏ទៀងទាត់។ ពាក្យថា​​ ខ្ញុំបានចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ​ប្រសើររួច​ហើយ​ គឺ ព្រះមាន​ព្រះភាគ​នោះ ខ្ញុំបាន​ចូលទៅ​ ចូលទៅ​ជិត ចូលទៅ​​អង្គុយជិត សាកសួរ ចោទសួរ​ហើយ​ ហេតុនោះ (លោក​​ពោលថា​​) ព្រះមាន​ព្រះភាគ មាន​ព្រះនាម​​ដ៏ទៀងទាត់ ខ្ញុំបាន​ចូល​ទៅ​​គាល់​ព្រះមាន​ព្រះភាគ​ប្រសើររួច​ហើយ។ ហេតុនោះ បិង្គិយត្ថេរ​​ពោលថា​​

ព្រះពុទ្ធ ទ្រង់​បន្ទោបង់ងងឹត មាន​សមន្តចក្ខុ ទ្រង់​ដល់​​ទីបំផុត​​លោក ប្រព្រឹត្ត​កន្លង​ហើយ​នូវ​ភពទាំងពួង មិន​មាន​​អាសវៈ ទ្រង់​លះបង់​ទុក្ខទាំងពួង​ហើយ​ មាន​​ព្រះនាម​​ដ៏ទៀងទាត់ ខ្ញុំបាន​ចូលទៅ​គាល់​ព្រះមាន​ព្រះភាគ​ប្រសើររួច​ហើយ។

[១៥៣] (ព្រះបិង្គិយត្ថេរ​ពោលថា​​) ទិជសត្វ លះបង់​ព្រៃតូច (មាន​ផ្លែតិច) មកនៅ​​អាស្រ័យ​​នឹងព្រៃធំ មាន​ផ្លែ​ច្រើន ដូច​ម្ដេចមិញ ខ្ញុំលះបង់​បុគ្គល​ទាំងឡាយ ដែល​មាន​​ការ​ឃើញ​​តិច (មកជួប​ប្រសព្វនឹង​ព្រះពុទ្ធ ទ្រង់​មាន​​ប្រាជ្ញាច្រើន) ដូច​ហង្ស​ជួបប្រសព្វ​នូវស្រះ​ដែល​មាន​​ទឹកច្រើន ដូច្នោះឯង។

[១៥៤] ពាក្យថា​​ ទិជសត្វលះបង់ព្រៃតូច មកនៅ​អាស្រ័យ​​នឹងព្រៃធំ ដែល​មាន​​ផ្លែ​ច្រើន ដូច​ម្ដេច​មិញ អធិប្បាយ​ថា​​ សត្វស្លាប លោកហៅ​​ថា​​ ទិជសត្វ។ ហេតុអ្វី សត្វស្លាប លោកហៅ​ថា​​ ទិជសត្វ។ ទិជសត្វ​តែង​កើត ២ លើក គឺ កើតអំពី​ផ្ទៃមេ ១ លើក អំពី​​ស្រោម​ស៊ុត ១ លើក ហេតុនោះ សត្វស្លាប​ទើបលោក​ហៅ​ថា​​ ទិជសត្វ ហេតុនោះ (លោក​​ពោលថា​​) ទិជសត្វ។ ពាក្យថា​​ លះបង់​ព្រៃតូច ដូច​ម្ដេច​មិញ គឺ ទិជសត្វ​លះបង់ បោះបង់ កន្លង កន្លងបង់ នូវព្រៃ​តូច ព្រៃស្ដើង​ដែល​មាន​​ចំណីតិច មាន​ទឹកតិច ហើយ​បាន​ចួបប្រសព្វ បាន​ចំពោះ​​នូវព្រៃធំ​ដទៃ ដែល​មាន​​ផ្លែច្រើន មាន​ចំណី​ច្រើន មាន​ឈើច្រើន គឺថា​​ គប្បី​សម្រេច​​ការ​នៅ​ក្នុង​​ដងព្រៃនោះ ដូច​ម្ដេច​មិញ ហេតុនោះ (លោក​​ពោលថា​​) ទិជសត្វ​លះបង់​ព្រៃតូច មកនៅ​​អាស្រ័យ​នឹង​ព្រៃធំដែល​​មាន​ផ្លែច្រើន ដូច​ម្ដេច​មិញ។

[១៥៥] អធិប្បាយពាក្យថា​​ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែល​មាន​​ការ​ឃើញ​​តិច (មក​ចួប​ប្រសព្វ​ព្រះពុទ្ធ ទ្រង់​មាន​​ប្រាជ្ញាច្រើន) ដូច​ហង្ស​ចួបប្រសព្វ​នូវស្រះ​ដែល​មាន​ទឹក​ច្រើន ដូច្នោះ​ឯង ត្រង់ពាក្យថា​​ ដូច្នោះ​ឯង គឺ​ជាពាក្យ​ញុំាងសេចក្តី​​ឧបមាឲ្យ​​សម្រេច។​ពាក្យថា​​ លះបង់​បុគ្គល​ទាំងឡាយ ដែល​មាន​​ការ​ឃើញ​​តិច សេចក្តី​ថា​​ ពាវរីព្រាហ្មណ៍​ណា​ និងពួក​​ជនដទៃណា ​​ជាអាចារ្យ​របស់​ពាវរីព្រាហ្មណ៍​នោះ បើប្រៀប​ផ្ទឹមនឹង​ព្រះពុទ្ធមាន​​ព្រះភាគ ទៅ​ជាអ្នក​​មាន​ការ​​ឃើញ​តិច មាន​ការ​​ឃើញ​ស្តួចស្ដើង មាន​ការ​ឃើញ​​ថោកថយ មាន​ការ​​ឃើញ​ឱនថយ មាន​ការ​​ឃើញ​​លាមក មាន​ការ​​ឃើញ​អាក្រក់។ ខ្ញុំលះបង់ បោះបង់ កន្លង កន្លងបង់ នូវ​ព្រាហ្មណ៍​ទាំងនោះ ដែល​មាន​​ការ​ឃើញ​​តិច មាន​ការ​​ឃើញ​ស្ដើងស្តួច មាន​ការ​​ឃើញ​ថោកថយ មាន​ការ​ឃើញ​​ឱនថយ មាន​ការ​​ឃើញ​​លាមក មាន​ការ​ឃើញ​​អាក្រក់ មកចួប​ប្រសព្វ​បានចំពោះ​​នូវ​ព្រះពុទ្ធមាន​​ព្រះភាគ ទ្រង់​ឃើញ​​​ដ៏លើស ទ្រង់​ឃើញ​​​ដ៏ប្រសើរ ទ្រង់​ឃើញ​​វិសេស ទ្រង់​ឃើញ​​ឧត្តម ព្រះអង្គ​ជាបុគ្គល​ប្រសើរ រក​បុគ្គល​ស្មើ​មិន​មាន​ ព្រះអង្គ​ស្មើដោយ​ព្រះពុទ្ធ ដែល​មិន​មាន​​បុគ្គលស្មើ គ្មានចំណែក​ប្រៀប មិន​មាន​​បុគ្គលប្រៀប ទ្រង់​ជា​ទេវតា​វិសេស​ជាងទេវតា ទ្រង់​ជា​នរាសភៈ ជាបុរិសសីហៈ ជាបុរិសនាគ ជាបុរសអាជានេយ្យ ជាបុរិសនិសភៈ ជាអ្នក​នាំ​ទៅ​នូវធុរៈ​របស់បុរស ជា​ទសពល ជា​តាទិបុគ្គល។ ដូច​ហង្ស គប្បី​ចួប​ប្រសព្វ​បានចំពោះ​​នូវស្រះធំ ដែល​​មនុស្ស​កសាងក្តី អនោតត្តស្រះ​ក្តី មហា​សមុទ្រក្តី ដែល​មិន​​កម្រើក មាន​ទឹករាប់​មិន​អស់​​យ៉ាង​ណា​ ខ្ញុំឈ្មោះ​បិង្គិយព្រាហ្មណ៍ បានចួប​ប្រសព្វ​ បានចំពោះ​​នូវព្រះពុទ្ធ​មាន​ព្រះភាគ ព្រះអង្គ​មិន​កម្រើក មាន​តេជះ​រាប់មិន​បាន មាន​ញាណ​បែកធ្លាយ មាន​ចក្ខុ​បើកហើយ​ ព្រះអង្គ​ឆ្លៀវឆ្លាស​ក្នុង​​ប្រភេទ​នៃប្រាជ្ញា ព្រះអង្គ​បាន​បដិសម្ភិទា បាន​ចតុវេសារជ្ជញ្ញាណ ទ្រង់​មាន​​ព្រះទ័យចុះ​ស៊ប់​ក្នុង​​ផលសមាបត្តិ​ដ៏​បរិសុទ្ធ ទ្រង់​មាន​​អត្តភាព​មិន​ផ្សេងគ្នា ទ្រង់​មិន​​​ពោលពីរព្រះឱស្ឋ ទ្រង់​​មិន​​​ញាប់ញ័រ ទ្រង់​មាន​​ការ​ប្ដេជ្ញា​ទៀង ទ្រង់​មិន​​តូច ទ្រង់​ធំ ទ្រង់​មាន​​ប្រាជ្ញាជ្រៅ ទ្រង់​មាន​​ប្រាជ្ញា​ប្រមាណ​មិន​បាន ទ្រង់​មាន​​ប្រាជ្ញាមិន​​អាចអ្នក​​ណា​ស្ទង់បាន ទ្រង់​មាន​​រតនៈ​ច្រើន ទ្រង់​​ស្មើ​ដោយ​​សាគរ ទ្រង់​ប្រកប​ដោយ​​ឧបេក្ខា ៦ ទ្រង់​​មាន​ព្រះគុណ​ធំទូលាយ ថ្លឹងមិន​បាន ប្រមាណ​មិន​ត្រូវ ព្រះមាន​ព្រះភាគ​នោះ ទ្រង់​ប្រកប​ដោយ​​តាទិគុណ ទ្រង់​ជាអ្នក​​​ពោល​ដ៏​ប្រសើរជាង​ជន​អ្នក​​ពោល​ទាំងឡាយ ដូច​ភ្នំ​សិនេរុ ប្រសើរជាង​ភ្នំទាំងឡាយ ឬដូច​​គ្រុឌ ប្រសើរជាង​ទិជសត្វ​ទាំងឡាយ ឬក៏ដូច​​សីហៈ ប្រសើរ​ជាងពួក​ម្រឹគ ពុំនោះសោត ​ដូច​​សមុទ្រ ប្រសើរ​ជាង​អន្លង់ទឹក​ទាំងឡាយ ព្រះអង្គ​ជាព្រះជិនស្រី​​ដ៏ប្រសើរ ក៏​យ៉ាងនោះ​ដែរ ហេតុនោះ (លោក​​​ពោលថា​​) ខ្ញុំលះបង់​បុគ្គល​ទាំងឡាយ ដែល​មាន​​ការ​ឃើញ​​តិច (មកជួប​ប្រសព្វ​ព្រះពុទ្ធ​ទ្រង់​មាន​​ប្រាជ្ញាច្រើន) ដូច​ហង្ស​ដែល​ជួប​ប្រសព្វនូវ​ស្រះ មាន​ទឹកច្រើន ដូច្នោះឯង។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោលថា​​

ទិជសត្វលះបង់ព្រៃតូច (មាន​ផ្លែតិច) មកនៅ​អាស្រ័យ​​នឹងព្រៃធំ មាន​ផ្លែ​ច្រើន ដូច​ម្ដេច​មិញ ខ្ញុំលះបង់​បុគ្គល​ទាំងឡាយ ដែល​មាន​​ការ​ឃើញ​តិច (មកចួប​ប្រសព្វនឹង​ព្រះពុទ្ធ​ទ្រង់​មាន​​ប្រាជ្ញា​ច្រើន) ដូច​ហង្ស​ចួបប្រសព្វ​នូវស្រះ មាន​ទឹកច្រើន ដូច្នោះឯង។

[១៥៦] ជនទាំងឡាយណា​ ក្នុង​កាលមុន (អំពី​សាសនា​​នៃព្រះគោតម) ជន​ទាំងឡាយនោះ បានព្យាករ​ហើយ​ថា​​ ហេតុមាន​​មកហើយ​ ដូច្នេះៗ នឹងមាន​​តទៅ​ ដូច្នេះៗ ពាក្យទាំងអស់​​នោះ (មិន​ទាន់​ប្រាកដទេ) ជាពាក្យ​ជឿស្តាប់​​​​​បុគ្គល​ដទៃ ពាក្យទាំង​អស់​នោះ ជាពាក្យ​ធ្វើ​សេចក្តី​​ត្រិះរិះ​ឲ្យ​ចម្រើន (ខ្ញុំមិន​​ពេញចិត្ត​នឹងពាក្យ​នោះឡើយ)។

[១៥៧] ពាក្យថា​​ ជនទាំងឡាយណា​… ជនទាំងឡាយនោះ បានព្យាករ​ហើយ​ ត្រង់​ពាក្យថា​​ ជនទាំង​ឡាយណា​ គឺ ពាវរីព្រាហ្មណ៍​ណា​ និងពួក​​ជនដទៃ​ណា​ ជាអាចារ្យ​របស់​ពាវរីព្រាហ្មណ៍​នោះ ព្រាហ្មណ៍​ទាំងនោះ​បានព្យាករ ប្រាប់ សំដែង​ បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើ​ឲ្យ​ងាយ ប្រកាស​នូវទិដ្ឋិ​របស់ខ្លួន សេចក្តី​​គួររបស់​ខ្លួន សេចក្តី​​គាប់ចិត្ត​របស់ខ្លួន លទ្ធិរបស់​ខ្លួន អធ្យាស្រ័យ​របស់ខ្លួន សេចក្តី​​ប៉ុនប៉ង​របស់ខ្លួន ហេតុនោះ (លោក​​ពោលថា​​) ជនទាំងឡាយ​ណា​​… ជនទាំងឡាយ​នោះបាន​ព្យាករហើយ។

[១៥៨] ពាក្យថា​​ ក្នុង​កាលមុនអំពី​សាសនា​នៃ​ព្រះគោតម គឺ ក្នុង​កាល​មុនអំពី​​សាសនា​​ព្រះគោតម ដទៃ​អំពី​សាសនា​​ព្រះគោតម ក្នុង​កាល​មុនដំបូង​អំពី​សាសនា​​ព្រះគោតម ក្នុង​​កាលមុន​បង្អស់អំពី​​សាសនា​​ព្រះគោតម អំពី​​សាសនា​​ព្រះពុទ្ធ អំពី​​សាសនា​​ព្រះជិនស្រី អំពី​​សាសនា​​ព្រះតថា​​គត អំពី​​សាសនា​​ព្រះពុទ្ធ​ជាទេវតា អំពី​​សាសនា​​អរហន្ត ហេតុនោះ (លោក​​ពោលថា​​) ក្នុង​កាលមុន អំពី​​សាសនា​នៃ​ព្រះគោតម។

[១៥៩] ពាក្យថា​​ ហេតុមាន​មកហើយ​ ដូច្នេះៗ នឹងមាន​​តទៅ​​ដូច្នេះៗ គឺ ឮថា​​ ហេតុ​​យ៉ាងនេះ ធ្លាប់មាន​​មកហើយ​ ឮថា​​ ហេតុ​​យ៉ាងនេះ នឹងមាន​​តទៅ​ខាង​មុខ ហេតុនោះ (លោក​​ពោលថា​​) ហេតុមាន​​ហើយ​ដូច្នេះៗ នឹងមាន​​តទៅ​​ដូច្នេះៗ។

[១៦០] ពាក្យថា​​ ពាក្យទាំងអស់​នោះ ជាពាក្យជឿ​ស្តាប់​​​​បុគ្គល​ដទៃ គឺ ពាក្យ​ទាំងអស់​​នោះ ជាពាក្យ​ជឿស្តាប់​​​​​បុគ្គលដទៃ ដោយ​​ឮដូច្នេះៗ ដោយ​ឮតៗ គ្នា ដោយ​ការ​​ផ្សែផ្សំ​នឹងក្បួន ដោយ​ហេតុ​នៃការ​ត្រិះរិះ ដោយ​ហេតុ​នៃការ​​គ្នេរគ្នាន់ ដោយ​​ការ​ជញ្ជឹង​គិត​តាម​អាការៈ ដោយ​​ការ​យល់ ការ​ពិនិត្យ និងការ​​គិតគូរ គឺថា​​ ជនទាំងនោះ​សំដែង​​ធម៌ ដែល​​មិន​បាន​ត្រាស់ដឹង​ចំពោះ​​ខ្លួនឯង មិន​ជាក់​ច្បាស់​ចំពោះ​​ខ្លួនឯង ហេតុនោះ (លោក​ពោល​ថា​​) ពាក្យ​ទាំងអស់​​នោះ ជាពាក្យ​ជឿស្តាប់​​​​​បុគ្គល​ដទៃ។

[១៦១] ពាក្យថា​​ ពាក្យទាំងអស់​នោះ ជាពាក្យធ្វើ​សេចក្តី​​ត្រិះរិះឲ្យ​​ចម្រើន គឺ ពាក្យ​ទាំងអស់​នោះ ជាពាក្យ​ធ្វើ​សេចក្តី​​ត្រិះរិះ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះផ្សេងៗ ឲ្យ​ចម្រើន ធ្វើ​តម្រិះ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ​ក្នុង​កាម​ឲ្យ​ចំរើន ធ្វើ​សេចក្តី​​ត្រិះរិះ​ក្នុង​ព្យាបាទ​ និង​ការ​បៀតបៀន​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ​ក្នុង​ញាតិ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះក្នុង​​ជនបទ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ​ក្នុង​ការ​​មិន​ស្លាប់​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ ដែល​​ប្រកប​ដោយ​សេចក្តី​​អាណិត​ចំពោះ​​បុគ្គល​ដទៃឲ្យ​​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ​ប្រកបដោយ​​លាភសក្ការៈ និងសេចក្តី​​សរសើរ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​​ត្រិះរិះ ប្រកប​ដោយ​ការ​​មិន​ចង់ឲ្យ​គេ​មើលងាយ​ឲ្យ​ចម្រើន ហេតុនោះ (លោក​​ពោលថា​​) ពាក្យទាំង​អស់​នោះ ជាពាក្យ​ធ្វើ​សេចក្តី​​ត្រិះរិះឲ្យ​​ចម្រើន។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោលថា​​

ជនទាំងឡាយណា​ក្នុង​កាលមុន (អំពី​សាសនា​នៃ​ព្រះគោតម) ជនទាំងឡាយ​នោះ បានព្យាករ​ហើយ​ថា​​ ហេតុមាន​​មកហើយ​​ដូច្នេះៗ នឹងមាន​​តទៅ​ដូច្នេះៗ ពាក្យទាំង​អស់​នោះ (មិន​ទាន់​ប្រាកដទេ) ជាពាក្យ​ជឿស្តាប់​​​​​បុគ្គលដទៃ ពាក្យទាំង​អស់​នោះ ជា​ពាក្យធ្វើ​​សេចក្តី​​ត្រិះរិះឲ្យ​​ចម្រើន (ខ្ញុំមិន​​ពេញចិត្ត​នឹងពាក្យ​នោះឡើយ)។

[១៦២] ព្រះគោតមនោះ តែមួយព្រះអង្គឯង ទ្រង់​បន្ទោបង់​ងងឹត គង់នៅ​​ជាសុខ ទ្រង់​​មាន​រស្មី​រុងរឿង ទ្រង់​ធ្វើ​​ពន្លឺ (ដល់​លោក) ព្រះគោតម មាន​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដី។

[១៦៣] អធិប្បាយពាក្យថា​​ តែមួយព្រះអង្គឯង ទ្រង់​បន្ទោបង់​ងងឹត គង់នៅ​​ជាសុខ ត្រង់​ពាក្យថា​​ តែមួយ​ព្រះអង្គឯង គឺ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គឯង ដោយ​​ចំណែក​នៃបព្វជ្ជា តែមួយ​ព្រះអង្គឯង ដោយ​​សេចក្តី​ថា​​ មិន​មាន​​បុគ្គលជា​គម្រប់ពីរ តែមួយ​ព្រះអង្គ​ឯង ដោយ​​សេចក្តី​ថា​​ លះបង់​តណ្ហា តែមួយ​ព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​រាគៈ​ដោយ​​ចំណែក​មួយ តែមួយ​ព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​ទោសៈ​ដោយ​ចំណែក​មួយ តែមួយ​ព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​មោហៈ​ដោយ​ចំណែក​មួយ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​មិន​​មាន​កិលេស​ដោយ​ចំណែក​មួយ តែមួយ​ព្រះអង្គឯង ព្រោះ​​ហេតុ​ទ្រង់​ស្ដេចទៅ​​កាន់​ផ្លូវ​ជាទីទៅ​​នៃបុគ្គល​មួយនាក់ តែមួយ​ព្រះអង្គឯង ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ​តែមួយ​ព្រះអង្គ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ដោយ​ចំណែក​បព្វជ្ជា តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ ទ្រង់​នៅ​ក្មេង មាន​​ព្រះកេសា​ខ្មៅស្រិល ប្រកប​ដោយ​វ័យ​​ដ៏ចម្រើន គឺ បឋមវ័យ កាល​ព្រះមាតា និងព្រះបិតា មិន​សព្វ​ព្រះហឫទ័យ (នឹងការ​ចេញ​​បព្វជ្ជា) មាន​ព្រះភ័ក្រ្ត​ជោក​ដោយ​ទឹក​ព្រះនេត្រ ទ្រង់​​ព្រះកន្សែង ពិលាប ទ្រង់​ក៏​លះបង់​ពពួក​ញាតិ កាត់​បលិពោធ​ក្នុង​ឃរាវាស​ទាំងអស់​ កាត់​បលិពោធ​ក្នុង​បុត្រ និង​ព្រះជាយា កាត់​បលិពោធ​ក្នុង​ញាតិ កាត់​បលិពោធ​ក្នុង​មិត្ត និង​អាមាត្យ ទ្រង់​ដាក់​ព្រះកេសា និង​ព្រះមស្សុ ទ្រង់​ប្រដាប់​ព្រះព័ស្ដ​ជ្រលក់​ទឹកចត់ ស្ដេចចេញ​​ចាក​ព្រះរាជ​ដំណា​ក់ ចូលទៅ​​កាន់​ផ្នួស ដល់​ស៊ប់​នូវភាពជាអ្នក​​មិន​មាន​​កង្វល់ តែមួយ​ព្រះអង្គឯង ទ្រង់​ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ហេតុនោះ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គឯង ដោយ​​ចំណែក​បព្វជ្ជា ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ដោយ​សេចក្តី​​ថា​​ មិន​មាន​​បុគ្គលជា​គម្រប់ពីរ តើដូច​ម្ដេច។ ព្រះអង្គ​ទ្រង់​ផ្នួស​​យ៉ាងនេះ​ហើយ​ ទ្រង់​សេព​ចំពោះ​​ព្រៃតូច និងព្រៃធំ ជា​សេនាសនៈ​​ស្ងាត់ មិន​មាន​​សំឡេង មិន​មាន​​សូរគឹកកង ប្រាសចាក​​ខ្យល់ដែល​​កើតអំពី​​សរីរៈ​នៃជន ជាសេនាសនៈ​​ដ៏ស្ងប់ស្ងាត់​របស់​មនុស្ស ​ដ៏សមគួរ​ដល់​ការ​​ពួនសម្ងំ ព្រះអង្គ​ទ្រង់​ពុទ្ធ​ដំណើរតែ​មួយអង្គឯង ទ្រង់​ឋិត​តែមួយអង្គឯង ទ្រង់​គង់​តែមួយ​អង្គឯង ទ្រង់​​សម្រេច​​ការ​ផ្ទំ​តែមួយអង្គ​ឯង ទ្រង់​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ស្រុក​តែមួយ​អង្គឯង ទ្រង់​​ត្រឡប់​មកវិញ​តែមួយ​អង្គឯង ទ្រង់​គង់ក្នុង​​ទីរហោស្ថាន​តែមួយ​អង្គឯង ទ្រង់​អធិដ្ឋាន​ចង្រ្កម​តែមួយ​អង្គឯង ទ្រង់​ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ តែមួយអង្គ​ឯង ហេតុនោះ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គឯង ដោយ​​សេចក្តី​ថា​​ មិន​មាន​​បុគ្គល​ជាគម្រប់​ពីរ ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ដោយ​សេចក្តី​ថា​​ លះបង់តណ្ហា តើដូច​ម្ដេច។ ព្រះអង្គ​តែមួយ​ព្រះអង្គឯង មិន​មាន​​បុគ្គលជា​គម្រប់ពីរ​​យ៉ាងនេះ​ហើយ​ ទ្រង់​មិន​​ប្រហែស មាន​ព្យាយាម​ជាគ្រឿង​ដុតកម្ដៅកិលេស មាន​ព្រះទ័យ​បញ្ជូន​ទៅ​កាន់​​ព្រះនិព្វាន ទ្រង់​តាំង​សេចក្តី​​​ព្យាយាម​ធំ ទៀបគល់​ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹង​នេរញ្ជរា ទ្រង់​កំចាត់​បង់មារ ព្រម​ទាំង​សេនា​​ ដែល​ជា​អ្នក​មិន​​លះបង់​អកុសលធម៌ ជាផៅពង្ស​នៃបុគ្គល​ប្រហែស ទ្រង់​​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​​វិនាស ឲ្យ​ដល់​​នូវការ​មិន​​កើតមាន​​នូវតណ្ហា មាន​បណ្ដាញ​ដែល​ហូរទៅ​ ផ្សាយទៅ​ ក្នុង​អារម្មណ៍​ផ្សេងៗ។

បុរសដែល​មាន​តណ្ហាជាគម្រប់ពីរ រមែង​អន្ទោល​ទៅ​កាន់​​ភាពនៃ​ប្រការ​នេះ និងភាព​នៃប្រការ​​ដទៃ អស់​កាល​​ដ៏វៃង មិន​កន្លង​នូវសង្សារ​បាន ភិក្ខុអ្នក​​មាន​ស្មារតី មិន​មាន​​សេចក្តី​​ប្រកាន់​ ប្រាសចាក​​តណ្ហា ដឹងទោស​នេះហើយ​ តែង​ចៀស​វាង​នូវការ​​កើតនៃ​ទុក្ខ ព្រោះ​​តណ្ហា។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ដោយ​សេចក្តី​ថា​​ លះបង់តណ្ហា ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ព្រោះ​ហេតុទ្រង់​​ប្រាសចាក​​រាគៈ ដោយ​ចំណែក​មួយ តើដូច​ម្ដេច។ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​រាគៈ​ដោយ​​ចំណែក​មួយ ព្រោះ​ទ្រង់​​លះរាគៈ​ហើយ។ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គឯង ព្រោះ​​ហេតុទ្រង់​​ប្រាសចាក​​ទោសៈ ដោយ​​ចំណែក​មួយ ព្រោះ​ទ្រង់​​លះទោសៈ​ហើយ។ ព្រះមាន​ព្រះភាគ​ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ប្រាស​ចាក​មោហៈ​ដោយ​​ចំណែក​មួយ ព្រោះ​​ទ្រង់​​​លះមោហៈ​ហើយ។ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​មិន​​មាន​​កិលេស​ដោយ​​ចំណែក​មួយ ព្រោះ​​ទ្រង់​លះ​កិលេស​ទាំងឡាយ​ហើយ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​ស្ដេច​ទៅ​កាន់​​ផ្លូវជាទីទៅ​​នៃ​បុគ្គល​ម្នាក់ឯង តើដូច​ម្ដេច។ សតិប្បដ្ឋាន ៤។បេ។ មគ្គ​ដ៏​ប្រសើរ​មាន​អង្គ ៨ លោក​ហៅ​ថា​​ ផ្លូវជាទីទៅ​​នៃបុគ្គល​ម្នាក់ឯង។

ព្រះពុទ្ធទ្រង់​ឃើញ​នូវទីបំផុត​នៃធម៌ជាទី​អស់​ជាតិ ទ្រង់​​អនុគ្រោះ​នូវប្រយោជន៍ ទ្រង់​ជ្រាប​ច្បាស់​នូវ​ផ្លូវ​ជាទីទៅ​​នៃបុគ្គល​ម្នាក់ឯង ចំណែក​អ្នក​ប្រាជ្ញ​ទាំងឡាយ ឆ្លងហើយ​​ក្នុង​អតីត នឹងឆ្លង​ក្នុង​អនាគត កំពុង​ឆ្លងក្នុង​​បច្ចុប្បន្ន នូវឱឃៈ​តាមផ្លូវ​នេះ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ព្រោះ​ហេតុ​ទ្រង់​ស្ដេច​ទៅ​កាន់​​ផ្លូវជាទីទៅ​​នៃ​បុគ្គល​ម្នាក់ឯង ​យ៉ាងនេះ។

ព្រះមាន​ព្រះភាគ តែមួយព្រះអង្គឯង ព្រោះ​​ហេតុទ្រង់​​ត្រាស់ដឹង​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ តែមួយ​ព្រះអង្គ តើដូច​ម្ដេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ។បេ។ ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុង​មគ្គ ៤ លោក​ហៅ​ថា​​ ពោធិ។ ដោយ​​សារ​ពោធិញ្ញាណ​នោះ ព្រះមាន​ព្រះភាគ ទើបទ្រង់​​ត្រាស់ដឹង​ថា​​ សង្ខារ​​ទាំងពួង​មិន​ទៀង។បេ។ ត្រាស់ដឹងថា​​ របស់ណា​​នីមួយ មាន​ការ​​កើតឡើង​ជាធម្មតា របស់ទាំង​អស់​​នោះ មាន​ការ​​រលត់ទៅ​វិញជា​ធម្មតា។ ម្យ៉ាងទៀត ធម្មជាត​​ណា​ ដែល​បណ្ឌិត​គប្បី​ដឹង គប្បី​ត្រាស់ដឹង​តាម គប្បី​ត្រាស់​ដឹងចំពោះ​ គប្បី​ត្រាស់​ដឹងព្រម គប្បី​បាន គប្បី​ពាល់​ត្រូវ គប្បី​ធ្វើ​​ឲ្យ​​ជាក់​ច្បាស់​ ព្រះមាន​ព្រះភាគ ទ្រង់​​ត្រាស់ដឹង ត្រាស់ដឹង​តាម ត្រាស់ដឹង​ចំពោះ​ ត្រាស់ដឹង​ព្រម បានពាល់​ត្រូវ ធ្វើ​ឲ្យ​​ជាក់ច្បាស់​ នូវធម្មជាត​​ទាំងអស់​​នោះ ដោយ​សារ​ពោធិញ្ញាណ​នោះ។ ព្រះមាន​ព្រះភាគ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ត្រាស់​ដឹង​សម្មា​សម្ពោធិញ្ញាណ​​ដ៏​ប្រសើរ តែមួយ​ព្រះអង្គ ​យ៉ាងនេះ។ ពាក្យថា​​ ទ្រង់​​បន្ទោបង់​ងងឹត គឺ ព្រះមាន​ព្រះភាគ ទ្រង់​​បន្ទោបង់ ទំលាក់​ចោល លះបង់ បោះបង់ ធ្វើ​ឲ្យ​​វិនាស ឲ្យ​ដល់​នូវ​ការ​​មិន​កើត​មាន​​នូវងងឹត​គឺរាគៈ ងងឹត​គឺទោសៈ ងងឹត​គឺមោហៈ ងងឹត​គឺមានះ ងងឹត​គឺទិដ្ឋិ ងងឹត​គឺកិលេស ងងឹត​គឺទុច្ចរិត គ្រឿងធ្វើ​​ឲ្យ​ងងឹត ធ្វើ​មិន​​ឲ្យ​មាន​​ចក្ខុ ធ្វើ​មិន​ឲ្យ​​មាន​ការ​ដឹង នាំឲ្យ​​រលត់បញ្ញា ជាចំណែក​នៃសេចក្តី​​ចង្អៀតចង្អល់ មិន​​ប្រព្រឹត្ត​ទៅ​ដើម្បី​​និព្វាន។ ពាក្យថា​​ ទ្រង់​គង់នៅ​ជា​សុខ គឺ ព្រះមាន​ព្រះភាគ ទ្រង់​គង់​ជិត​បាសាណកចេតិយ ហេតុនោះ ឈ្មោះថា​​ ​ទ្រង់​គង់នៅ​​ជាសុខ។

ពួក​សាវ័កដែល​បានវិជ្ជា ៣ លះបង់នូវមច្ចុ តែង​ចូល​ទៅ​អង្គុយ​ជិតព្រះមុនិ ទ្រង់​ដល់​​ត្រើយ​នៃ​ទុក្ខ ទ្រង់​គង់​នៅ​ក្បែរ​ខាងភ្នំ។

ហេតុនោះ ព្រះមាន​ព្រះភាគ ឈ្មោះថា​​ ទ្រង់​គង់នៅ​ជាសុខ ​យ៉ាងនេះ។ ម្យ៉ាងទៀត ព្រះមាន​ព្រះភាគ ទ្រង់​គង់​នៅ​ជាសុខ ព្រោះ​​ព្រះអង្គ​គ្របសង្កត់​សេចក្តី​​ខ្វល់ខ្វាយ​ទាំងអស់​ ព្រះអង្គ​មាន​ការ​​នៅ​ (ក្នុង​​អរិយវាស) នៅ​រួច​ហើយ​ មាន​ចរណៈ​សន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះអង្គ​មិន​មាន​ ហេតុនោះ ព្រះមាន​ព្រះភាគ ឈ្មោះថា​​ ទ្រង់​​គង់នៅ​​ជាសុខ ​យ៉ាងនេះ​ឯង ហេតុនោះ (លោក​​ពោលថា​​) តែមួយ​ព្រះអង្គ​ឯង ទ្រង់​​បន្ទោបង់​ងងឹត គង់នៅ​​ជាសុខ។

[១៦៤] ពាក្យថា​​ ព្រះគោតមនោះ ទ្រង់​មាន​រស្មីរុងរឿង ទ្រង់​ធ្វើ​ពន្លឺ (ដល់​លោក) ត្រង់ពាក្យថា​​ ទ្រង់​មាន​​រស្មីរុងរឿង គឺទ្រង់​​មាន​ពន្លឺ​ជាបណ្ឌិត មាន​ប្រាជ្ញា មាន​ប្រាជ្ញាជា​គ្រឿងត្រាស់ដឹង មាន​ញាណ មាន​ប្រាជ្ញា​ភ្លឺច្បាស់​ មាន​ប្រាជ្ញា​ជាគ្រឿង​ទំលាយ​កិលេស។ ពាក្យថា​​ ទ្រង់​ធ្វើ​ពន្លឺ គឺ​ទ្រង់​ធ្វើ​​ឲ្យ​ឃើញ​ច្បាស់​ ទ្រង់​ធ្វើ​ពន្លឺ ទ្រង់​ធ្វើ​ប្រទីប ទ្រង់​ធ្វើ​​រស្មី ទ្រង់​ធ្វើ​​ពន្លឺសព្វ ហេតុនោះ (លោក​​ពោលថា​​) ព្រះគោតម​នោះ ទ្រង់​មាន​​រស្មីរុងរឿង ទ្រង់​ធ្វើ​​ពន្លឺ (ដល់​លោក)។

[១៦៥] ពាក្យថា​​ ព្រះគោតម មាន​បញ្ញាជាគ្រឿងប្រាកដ គឺ​ព្រះគោតម ទ្រង់​មាន​​បញ្ញាជាគ្រឿង​ប្រាកដ មាន​ញាណ​ជាគ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជាទង់​ជ័យ មាន​ប្រាជ្ញាជា​ទង់​ មាន​ប្រាជ្ញា​ជាអធិបតី ច្រើន​ដោយ​ការ​​ពិចារណា​ ច្រើនដោយ​​ការ​ពិចារណា​​សព្វ ច្រើន​ដោយ​ការ​​ប្រមើល​មើល មាន​ការ​​ប្រមើល​មើលជា​ធម្មតា ជ្រាបច្បាស់​​ជាប្រក្រតី ប្រព្រឹត្ត​ដោយ​​ប្រាជ្ញានោះ ច្រើន​ដោយ​​ប្រាជ្ញានោះ ធ្ងន់ដោយ​​ប្រាជ្ញានោះ ទេរទៅ​រក​​ប្រាជ្ញានោះ ទោរទៅ​​រក​​ប្រាជ្ញានោះ ឈមទៅ​​រក​ប្រាជ្ញា​នោះ បង្អោនទៅ​​រក​ប្រាជ្ញា​នោះ យក​ប្រាជ្ញានោះ​ជាអធិបតី។

រថមាន​ទង់ជាគ្រឿងប្រាកដ ភ្លើងមាន​ផ្សែង​ជាគ្រឿង​ប្រាកដ ដែនមាន​​ស្ដេចជា​គ្រឿងប្រាកដ ស្រ្តីមាន​​ភស្ដាជា​គ្រឿងប្រាកដ។

ព្រះគោតម ទ្រង់​មាន​ប្រាជ្ញាជាគ្រឿងប្រាកដ មាន​ញាណ​ជាគ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជាទង់ជ័យ មាន​ប្រាជ្ញា​ជាទង់ មាន​ប្រាជ្ញា​ជាអធិបតី ច្រើន​ដោយ​ការ​​ពិចារណា​ ច្រើនដោយ​​ការ​​ពិចារណា​​សព្វ ច្រើនដោយ​​ការ​ប្រមើល​មើល មាន​ការ​​ប្រមើលមើល​ជាធម្មតា ជ្រាប​ច្បាស់​​ជាប្រក្រតី ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​នោះ ច្រើនដោយ​​ប្រាជ្ញានោះ ធ្ងន់ដោយ​​ប្រាជ្ញានោះ ទេរទៅ​រក​​ប្រាជ្ញា​នោះ ទោរទៅ​​រក​ប្រាជ្ញា​នោះ ឈមទៅ​​រក​ប្រាជ្ញា​នោះ បង្អោន​ទៅ​រក​ប្រាជ្ញា​នោះ យកប្រាជ្ញា​នោះជា​អធិបតី ​យ៉ាងនេះឯង ហេតុនោះ (លោក​ពោលថា​​) ព្រះគោតម​មាន​​ប្រាជ្ញាជាគ្រឿង​ប្រាកដ។

[១៦៦] ពាក្យថា​​ ព្រះគោតមទ្រង់​មាន​ប្រាជ្ញាដូច​ផែនដី អធិប្បាយ​ថា​​ ប្រថពី លោក​ហៅ​​ថា​​ ផែនដី។ ព្រះគោតម ទ្រង់​ប្រកប​ដោយ​ប្រាជ្ញា​ស្មើដោយ​​ប្រថពី​​ដ៏ធំទូលាយ។ បញ្ញា លោក​ហៅ​ថា​​ មេធា បានដល់​ ប្រាជ្ញា ការ​ដឹង​ច្បាស់​។បេ។ ការ​មិន​​វង្វេង ការ​​ពិចារណា​​ធម៌ ការ​យល់ត្រូវ។ ព្រះមាន​ព្រះភាគ ទ្រង់​ប្រកប ប្រកបព្រម ចូលទៅ​​ជិតដល់​ ចូលទៅ​​ជិតដល់​ព្រម ដល់​ស៊ប់ ដល់​ស៊ប់​ព្រម រួបរួម​ដោយ​មេធា គឺប្រាជ្ញា​នេះ ហេតុនោះ​ ព្រះពុទ្ធ​ឈ្មោះថា​​ មាន​ប្រាជ្ញា​ដូច​ផែនដី ហេតុនោះ (លោក​​ពោលថា​​) ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ដូច​​ផែនដី។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោលថា​​

ព្រះគោតមអង្គនោះ តែមួយព្រះអង្គឯង ទ្រង់​​បន្ទោបង់​ងងឹត គង់នៅ​​ជាសុខ ទ្រង់​មាន​​រស្មីរុងរឿង ធ្វើ​ពន្លឺ (ដល់​​លោក) ព្រះគោតម​មាន​ប្រាជ្ញា ជាគ្រឿង​ប្រាកដ ព្រះគោតម​មាន​ប្រាជ្ញា​ដូច​ផែនដី។

[១៦៧] ព្រះគោតមអង្គណា​ ទ្រង់​សំដែង​​ធម៌ហើយ​​ដល់​ខ្ញុំ ជាធម៌ដែល​​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់​ចាំ​កាល ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ដែល​​ជាធម៌​មិន​មាន​​ឧបមា ក្នុង​ទី​ណា​មួយ។

[១៦៨] ពាក្យថា​​ ព្រះគោតមអង្គណា​ ទ្រង់​សំដែង​​ធម៌ដល់​ខ្ញុំ ត្រង់ពាក្យថា​​ អង្គណា​ គឺ​ព្រះមាន​ព្រះភាគ​អង្គណា​ ទ្រង់​កើតឯង មិន​មាន​​អាចារ្យ ត្រាស់ដឹង​សច្ចៈ​ទាំងឡាយ​ដោយ​​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំងឡាយ​ដែល​មិន​​ធ្លាប់ឮ​មកក្នុង​​កាលមុន ព្រះអង្គ​ទ្រង់​ដល់​​នូវភាព​ជា​សព្វញ្ញូ​ក្នុង​សច្ចៈ​ទាំងនោះ​ផង ទ្រង់​ដល់​​នូវភាព​ជាអ្នក​ស្ទាត់​ក្នុង​ពលៈ​ទាំងឡាយ​ផង។ ពាក្យ​ថា​​ ទ្រង់​សំដែង​​នូវធម៌ ត្រង់ពាក្យថា​​ នូវធម៌ គឺ​ទ្រង់​ប្រាប់ សំដែង​ បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស នូវ​ព្រហ្មចរិយធម៌ មាន​ពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង ព្រមទាំង​អត្ថ ទាំងព្យញ្ជនៈ ​ដ៏ពេញ​បរិបូណ៌​បរិសុទ្ធ​ទាំងអស់​​ផង សតិប្បដ្ឋាន​ផង។បេ។ អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ​ផង និព្វានផង បដិបទា​ជាដំណើរ​ទៅ​កាន់​​ព្រះនិព្វាន​ផង ហេតុនោះ (លោក​​ពោលថា​​) ព្រះគោតម​អង្គណា​ ទ្រង់​​សំដែង​នូវ​ធម៌ដល់​ខ្ញុំ។

[១៦៩] ពាក្យថា​​ ជាធម៌ដែល​បុគ្គលគប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផលមិន​​រង់ចាំ​​កាល គឺ​ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ជាធម៌គួរ​ដល់​ឯហិបស្សវិធី គួរបង្អោន​មកទុក​ក្នុង​ខ្លួន ជាធម៌​ដែល​​វិញ្ញូជន​ទាំងឡាយ គប្បី​ដឹង​ចំពោះ​​ខ្លួន ហេតុនោះ (លោក​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ​យ៉ាងនេះ។ មួយទៀត បុគ្គលណា​ ចម្រើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ​ក្នុង​បច្ចុប្បន្ន បុគ្គល​នោះ រមែង​​ជួប បាន បានចំពោះ​ នូវផល​ក្នុង​លំដាប់​ លំដាប់​​ស្មើនៃ​មគ្គនោះ ហេតុនោះ (លោក​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​កាល ​យ៉ាងនេះ ក៏បាន។ មនុស្ស​ទាំងឡាយ ឲ្យ​ទ្រព្យ ប្រកប​ដោយ​កាល មិន​បាន​ផលក្នុង​​លំដាប់​ រមែង​​រង់ចាំ​កាល​​យ៉ាងណា​ ធម៌នេះ​មិន​មែន​​យ៉ាងនោះ​ទេ។ បុគ្គលណា​ ចំរើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ​ក្នុង​​បច្ចុប្បន្ន បុគ្គល​នោះ រមែង​ចួប បាន បានចំពោះ​​នូវផល​ក្នុង​​លំដាប់​ លំដាប់​ស្មើ​នៃមគ្គ​នោះ មិន​មែន​បានក្នុង​​ពេលដទៃ មិន​មែន​បានក្នុង​​លោកដទៃ​ទេ ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​​កាល​​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជា​ធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល។

[១៧០] ពាក្យថា​​ ជាគ្រឿងអស់​តណ្ហា មិន​មាន​ចង្រៃ ត្រង់ពាក្យថា​​ តណ្ហា បានដល់​​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ជាគ្រឿង​អស់​តណ្ហា គឺ​ជាគ្រឿង​អស់​តណ្ហា អស់​រាគៈ អស់​ទោសៈ អស់​មោហៈ អស់​គតិ អស់​​ឧបបត្តិ អស់​បដិសន្ធិ អស់​ភព អស់​សង្សារ អស់​វដ្តៈ។ ពាក្យថា​​ មិន​មាន​​ចង្រៃ សេចក្តី​ថា​​ កិលេស ខន្ធ និង​អភិសង្ខារ​ លោកហៅ​​ថា​​ ចង្រៃ។ ការ​លះ​ចង្រៃ ការ​ស្ងប់​ចង្រៃ ការ​​រលាស់​​ចោលចង្រៃ ការ​គ្របសង្កត់​ចង្រៃ អមតនិព្វាន ហេតុនោះ (លោក​​ពោលថា​​) ជា​គ្រឿង​អស់​​តណ្ហា មិន​មាន​​ចង្រៃ។

[១៧១] អធិប្បាយពាក្យថា​​ ដែល​ជាធម៌មិន​មាន​ឧបមា​ក្នុង​ទី​ណា​មួយ ត្រង់​ពាក្យថា​​ ធម៌ បានដល់​ និព្វាន។ ពាក្យថា​​ មិន​មាន​​ឧបមា គឺ​មិន​មាន​​ការ​ប្រៀប មិន​មាន​​សេចក្តី​​ប្រៀបធៀប មិន​មាន​​ភាពស្មើគ្នា មិន​មាន​ មិន​មាន​ព្រម មិន​បាន​នូវចំណែក​ប្រៀប។ ពាក្យថា​​ ក្នុង​ទី​ណា​មួយ គឺ​ក្នុង​ទី​ណា​មួយ ក្នុង​ទីណា​ៗ ក្នុង​ទីនីមួយ ជាខាង​ក្នុង​ ឬខាងក្រៅ ឬ​ទាំង​ខាងក្នុង​ ទាំងខាង​ក្រៅ ហេតុនោះ (លោក​​ពោលថា​​) ដែល​ជា​ធម៌មិន​មាន​​ឧបមា​ក្នុង​ទី​ណា​មួយ។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោលថា​​

ព្រះគោតមអង្គណា​ ទ្រង់​សំដែង​ធម៌​ហើយ​ដល់​​ខ្ញុំ ជាធម៌​ដែល​បុគ្គល​គប្បី​​ឃើញ​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល មិន​រង់ចាំ​​កាល ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ដែល​ជា​ធម៌មិន​​មាន​​ឧបមា ក្នុង​ទី​ណា​មួយ។

[១៧២] (ពាវរីព្រាហ្មណ៍សួរថា​​) បពិត្រ​​ព្រះបិង្គិយៈ ចុះលោកម្ចាស់ ធ្លាប់ឃ្លាត​អំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ អំពី​​ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដីនោះ​សូម្បីមួយ​រំពេច​ដែរឬ។

[១៧៣] ពាក្យថា​​ ចុះលោកម្ចាស់ ធ្លាប់​ឃ្លាតអំពី​​ព្រះគោតម​នោះដែរឬ គឺ​ចុះលោក​ម្ចាស់​ធ្លាប់ឃ្លាត​ឃ្លា ឃ្លាតចេញ​ ថយចេញ​ វៀរចេញ​ អំពី​​ព្រះពុទ្ធ​នោះដែរឬ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) ចុះ​លោកម្ចាស់ ធ្លាប់ឃ្លាត​អំពី​​ព្រះគោតម​នោះដែរ​ឬ។

[១៧៤] ពាក្យថា​​ បពិត្រ​ព្រះបិង្គិយៈ …សូម្បីមួយ​រំពេច គឺ​សូម្បី​មួយរំពេច មួយខណៈ មួយស្របក់ មួយចំណែក មួយថ្ងៃ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) សូម្បី​មួយរំពេច។ ពាក្យថា​​ បពិត្រ​​ព្រះបិង្គិយៈ គឺ​ពាវរីព្រាហ្មណ៍ ហៅ​ចៅនោះ​ដោយ​​នាម។

[១៧៥] ពាក្យថា​​ អំពី​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញាជា​គ្រឿង​ប្រាកដ គឺ​អំពី​​ព្រះគោតម​ទ្រង់​មាន​​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ មាន​ញាណ​ជាគ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជាទង់ជ័យ មាន​​ប្រាជ្ញា​ជាទង់ យក​ប្រាជ្ញាជា​អធិបតី ច្រើន​ដោយ​ការ​​ពិចារណា​ ច្រើនដោយ​​ការ​ពិចារណា​​សព្វ ច្រើន​ដោយ​ការ​​ប្រមើលមើល មាន​ការ​​ប្រមើលមើល​ព្រមជា​ធម្មតា ជ្រាបច្បាស់​​ជា​ប្រក្រតី ប្រព្រឹត្ត​ដោយ​​ប្រាជ្ញានោះ ច្រើន​ដោយ​ប្រាជ្ញា​នោះ ធ្ងន់ដោយ​​ប្រាជ្ញា​នោះ ទេរទៅ​រក​​ប្រាជ្ញា​នោះ ទោរទៅ​​រក​ប្រាជ្ញា​នោះ ឈមទៅ​​រក​ប្រាជ្ញា​នោះ ឱនទៅ​​រក​ប្រាជ្ញា​នោះ យកប្រាជ្ញា​នោះជាអធិបតី ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) អំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញាជា​គ្រឿង​ប្រាកដ។

[១៧៦] ពាក្យថា​​ អំពី​ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដី សេចក្តី​ថា​​ ប្រថពី លោក​ហៅ​​ថា​​ ផែនដី។ ព្រះមាន​ព្រះភាគ ទ្រង់​​ប្រកប​ដោយ​ប្រាជ្ញា​ស្មើដោយ​​ផែនដី​​ដ៏ធំទូលាយ​នេះ។ ប្រាជ្ញា លោកហៅ​ថា​​ មេធា បានដល់​ ប្រាជ្ញា ការ​ដឹង​ច្បាស់​។បេ។ ការ​មិន​​វង្វេង ការ​​ពិចារណា​​ធម៌ ការ​យល់​ត្រូវ។ ព្រះមាន​ព្រះភាគ ប្រកប ប្រកបព្រម ចូលទៅ​​ជិតដល់​ ចូលទៅ​​ជិត​ដល់​ព្រម ដល់​ស៊ប់ ដល់​ស៊ប់​ព្រម រួបរួម​ដោយ​​មេធា គឺ​ប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធ​ឈ្មោះថា​​ មាន​ប្រាជ្ញា​ដូច​​ផែនដី។ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) អំពី​​ព្រះគោតម មាន​​ប្រាជ្ញា​ដូច​ផែនដី។ ហេតុនោះ ពាវរីព្រាហ្មណ៍​នោះ​​ពោលថា​​

បពិត្រ​ព្រះបិង្គិយៈ ចុះលោកម្ចាស់ ធ្លាប់ឃ្លាត​អំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ អំពី​​ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដី​នោះ សូម្បី​មួយរំពេច​ដែរឬ។

[១៧៧] ព្រះគោតមអង្គណា​ ទ្រង់​សំដែង​ធម៌​ដល់​​លោកម្ចាស់ ជាធម៌​ដែល​​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់​ចាំ​កាល ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ដែល​ជា​ធម៌មិន​​មាន​​ឧបមា ក្នុង​ទី​ណា​មួយ។

[១៧៨] ត្រង់ពាក្យថា​​ ព្រះគោតមអង្គណា​ ទ្រង់​សំដែង​​ធម៌ដល់​​លោកម្ចាស់ ត្រង់​ពាក្យ​ថា​​ អង្គណា​ គឺ​ព្រះមាន​ព្រះភាគ​អង្គណា។បេ។ ទ្រង់​ដល់​​នូវភាព​ជា​សព្វញ្ញូ ក្នុង​​សច្ចៈ​នោះផង នូវភាព​ជាអ្នក​​ស្ទាត់ក្នុង​​ពលៈ​ទាំងឡាយ​ផង។ ពាក្យថា​​ ទ្រង់​​សំដែង​ធម៌ ត្រង់ពាក្យ​ថា​​ ធម៌ គឺទ្រង់​​ប្រាប់ សំដែង​ បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស នូវ​ព្រហ្មចរិយធម៌ មាន​ពីរោះ​បទដើម។បេ។ នូវ​បដិបទា​ជាដំណើរ​ទៅ​កាន់​​ព្រះនិព្វាន​​ផង ហេតុ​នោះ (ព្រាហ្មណ៍​​ពោលថា​​) ព្រះគោតម​អង្គណា​ ទ្រង់​​សំដែង​ធម៌​ដល់​​លោកម្ចាស់។

[១៧៩] ពាក្យថា​​ ជាធម៌ដែល​បុគ្គលគប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល គឺ​ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​កាល ជាធម៌គួរ​ដល់​​ឯហិបស្សវិធី គួរបង្អោន​មកទុក​ក្នុង​ខ្លួន ជាធម៌​ដែល​​វិញ្ញូជន​ទាំងឡាយ​គប្បី​ដឹង​ចំពោះ​ខ្លួន ហេតុនោះ ( ព្រាហ្មណ៍​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​​រង់ចាំ​​កាល ​យ៉ាងនេះ។ មួយទៀត បុគ្គលណា​ ចម្រើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ ក្នុង​​បច្ចុប្បន្ន បុគ្គល​នោះ រមែង​ចួប បាន បានចំពោះ​​នូវផល​ក្នុង​លំដាប់​ លំដាប់​ស្មើ​នៃមគ្គនោះ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ​យ៉ាងនេះ​ក៏បាន។ មនុស្ស​ទាំងឡាយ​ឲ្យ​ទ្រព្យ ប្រកប​ដោយ​​កាល រមែង​​មិន​បាន​ផល ក្នុង​​លំដាប់​ តែង​​រង់ចាំ​​កាល​យ៉ាង​ណា​ ធម៌នេះ មិន​មែន​​យ៉ាងនោះ​ទេ។ បុគ្គលណា​ ចម្រើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ ក្នុង​​បច្ចុប្បន្ន បុគ្គលនោះ រមែង​ចួប បាន បានចំពោះ​​នូវផល​ក្នុង​លំដាប់​ លំដាប់​​ស្មើនៃ​មគ្គនោះ មិន​មែន​បានក្នុង​​ពេលដទៃ មិន​មែន​បានក្នុង​​លោកដទៃ​ទេ ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​​កាល​យ៉ាង​នេះ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​​ឃើញ​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល។

[១៨០] ពាក្យថា​​ ជាគ្រឿងអស់​តណ្ហា មិន​មាន​ចង្រៃ ត្រង់ពាក្យថា​​ តណ្ហា បានដល់​​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ជាគ្រឿង​អស់​តណ្ហា គឺ​ជាគ្រឿង​អស់​តណ្ហា អស់​រាគៈ អស់​ទោសៈ អស់​មោហៈ អស់​គតិ អស់​​ឧបបត្តិ អស់​បដិសន្ធិ អស់​ភព អស់​សង្សារ អស់​វដ្ដៈ។ ពាក្យថា​​ មិន​មាន​​ចង្រៃ សេចក្តី​ថា​​ កិលេស ខន្ធ និងអភិសង្ខារ​ លោកហៅ​​ថា​​ ចង្រៃ។ ការ​​លះចង្រៃ ការ​ស្ងប់​ចង្រៃ ការ​រលាស់​ចោល​ចង្រៃ ការ​គ្រប​សង្កត់​ចង្រៃ អមតនិព្វាន ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ។

[១៨១] ពាក្យថា​​ ដែល​ជាធម៌មិន​មាន​ឧបមា ក្នុង​ទីណា​​មួយ ត្រង់ពាក្យថា​​ ដែល​ជា​ធម៌ បានដល់​​និព្វាន។ ពាក្យថា​​ មិន​មាន​​ឧបមា គឺ​មិន​មាន​​ការ​ប្រៀប មិន​មាន​​សេចក្តី​​ប្រៀប​ធៀប មិន​មាន​​ភាពស្មើគ្នា មិន​មាន​ មិន​មាន​ព្រម មិន​បាន​នូវចំណែក​ប្រៀប ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) មិន​មាន​​ឧបមា។ ពាក្យថា​​ ក្នុង​ទី​ណា​មួយ គឺ​ក្នុង​ទីណា​​មួយ ក្នុង​​ទីណា​ៗ ក្នុង​ទី​នីមួយ ជាខាងក្នុង​ ឬ​ខាងក្រៅ ឬទាំង​ខាងក្នុង​​ទាំងខាងក្រៅ ហេតុនោះ (ព្រាហ្មណ៍​​ពោលថា​​) ដែល​ជា​ធម៌មិន​មាន​​ឧបមា​ក្នុង​ទី​ណា​មួយ។ ហេតុនោះ ពាវរីព្រាហ្មណ៍​នោះ ​ពោលថា​​

ព្រះគោតមអង្គណា​ ទ្រង់​សំដែង​ធម៌​ដល់​​លោកម្ចាស់ ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់​ចាំ​កាល ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ដែល​ជា​ធម៌មិន​​មាន​ឧបមា ក្នុង​ទី​ណា​មួយ។

[១៨២] (ព្រះបិង្គិយត្ថេរ​ពោលថា​​) បពិត្រ​ព្រាហ្មណ៍ អាត្មា​​មិន​ធ្លាប់​ឃ្លាតអំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ អំពី​​ព្រះគោតម មាន​​ប្រាជ្ញា​ដូច​ផែនដី​នោះ សូម្បី​មួយរំពេច​ទេ។

[១៨៣] ពាក្យថា​​ អាត្មា​មិន​ធ្លាប់ឃ្លាត អំពី​​ព្រះគោតម​នោះ គឺ​អាត្មា​​មិន​ធ្លាប់​ឃ្លាតឃ្លា មិន​គេច​ចេញ​ មិន​ថយ​ចេញ​ មិន​វៀរ​ចេញ​ ចាក​​ព្រះពុទ្ធ​នោះទេ ហេតុនោះ (លោក​​ពោលថា​​) អាត្មា​​មិន​ធ្លាប់​ឃ្លាតអំពី​​ព្រះគោតម​នោះទេ។

[១៨៤] ពាក្យថា​​ បពិត្រ​ព្រាហ្មណ៍… សូម្បីមួយ​រំពេច គឺ​សូម្បី​មួយរំពេច មួយ​ខណៈ មួយ​ស្របក់ មួយ​ចំណែក មួយថ្ងៃ ហេតុនោះ (លោក​​ពោលថា​​) សូម្បី​មួយរំពេច។ ពាក្យ​ថា​​ បពិត្រ​​ព្រាហ្មណ៍ គឺ​ព្រះបិង្គិយត្ថេរ ហៅ​ឪពុកធំ​ដោយ​​គោរព។

[១៨៥] ពាក្យថា​​ អំពី​ព្រះគោតម ទ្រង់​មាន​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ គឺ​អំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ មាន​​ញាណ​ជាគ្រឿង​ប្រាកដ មាន​ប្រាជ្ញា​ជាទង់ជ័យ មាន​​ប្រាជ្ញា​ជាទង់ យកប្រាជ្ញា​ជាអធិបតី ច្រើន​ដោយ​ការ​​ពិចារណា​ ច្រើន​ដោយ​ការ​​ពិចារណា​​សព្វ ច្រើន​ដោយ​ការ​​ប្រមើលមើល មាន​ការ​​ប្រមើលមើល​ព្រមជា​ធម្មតា ជ្រាបច្បាស់​​ជា​ប្រក្រតី ប្រព្រឹត្ត​ដោយ​​ប្រាជ្ញានោះ ច្រើន​ដោយ​ប្រាជ្ញា​នោះ ធ្ងន់ដោយ​​ប្រាជ្ញា​នោះ ទេរទៅ​​រក​​ប្រាជ្ញានោះ ទោរទៅ​​រក​ប្រាជ្ញា​នោះ ឈមទៅ​​រក​ប្រាជ្ញា​នោះ បង្អោន​ទៅ​រក​​ប្រាជ្ញា​នោះ យក​ប្រាជ្ញានោះ​ជាអធិបតី ហេតុនោះ (លោក​​ពោលថា​​) អំពី​​ព្រះគោតម ទ្រង់​មាន​​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ។

[១៨៦] ពាក្យថា​​ អំពី​ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដី សេចក្តី​​ថា​​ ប្រថពី លោក​ហៅ​ថា​​ ផែនដី។ ព្រះមាន​ព្រះភាគ ទ្រង់​ប្រកប​ដោយ​ប្រាជ្ញា​ស្មើដោយ​​ផែនដី​​ដ៏ធំ​ទូលាយនេះ។ ប្រាជ្ញា លោកហៅ​ថា​​ មេធា បានដល់​​ប្រាជ្ញា ការ​ដឹង​ច្បាស់​។បេ។ ការ​​មិន​វង្វេង ការ​​ពិចារណា​​ធម៌ ការ​យល់​ត្រូវ។ ព្រះមាន​ព្រះភាគ​ទ្រង់​ប្រកប ប្រកបព្រម ចូលទៅ​ជិត​ដល់​ ចូល​ទៅ​ជិត​ដល់​ព្រម ដល់​ស៊ប់ ដល់​ស៊ប់ព្រម រួបរួម​ដោយ​​មេធា គឺប្រាជ្ញា​នេះ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​​ មាន​ប្រាជ្ញា​ដូច​ផែនដី ហេតុនោះ (លោក​​ពោលថា​​) អំពី​​ព្រះគោតម មាន​​ប្រាជ្ញាដូច​​ផែនដី។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោលថា​​

បពិត្រ​ព្រាហ្មណ៍ អាត្មា​មិន​ធ្លាប់ឃ្លាត​អំពី​​ព្រះគោតម ទ្រង់​​មាន​ប្រាជ្ញា​ជាគ្រឿង​ប្រាកដ អំពី​​ព្រះគោតម មាន​ប្រាជ្ញា​ដូច​ផែនដី​នោះ សូម្បី​មួយរំពេច​ទេ។

[១៨៧] ព្រះគោតមអង្គណា​ ទ្រង់​សំដែង​​ធម៌ដល់​​អាត្មា​ ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ដែល​ជា​ធម៌មិន​​មាន​ឧបមា ក្នុង​ទី​ណា​មួយ។

[១៨៨] ពាក្យថា​​ ព្រះគោតមអង្គណា​ ទ្រង់​សំដែង​​ធម៌ដល់​​អាត្មា​ ត្រង់ពាក្យ​ថា​​ អង្គ​ណា​ គឺ​ព្រះមាន​ព្រះភាគ​អង្គណា​ ទ្រង់​កើត​ឯង មិន​មាន​​អាចារ្យ ត្រាស់ដឹង​សច្ចៈ​ទាំងឡាយ​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំងឡាយ​ដែល​មិន​​ធ្លាប់ឮ​មកក្នុង​​កាលមុន​ផង ទ្រង់​ដល់​​នូវភាព​ជា​សព្វញ្ញូក្នុង​​សច្ចៈទាំង​នោះផង ទ្រង់​ដល់​​នូវភាពជា​អ្នក​ស្ទាត់​ក្នុង​ពលៈ​ទាំងឡាយ​ផង។ ពាក្យ​ថា​​ ទ្រង់​​សំដែង​​ធម៌ ត្រង់ពាក្យថា​​ ធម៌ គឺទ្រង់​ប្រាប់ សំដែង​ បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើ​ឲ្យ​រាក់ ប្រកាស​នូវ​ព្រហ្មចរិយធម៌ មាន​ពីរោះ​បទដើម ពីរោះ​បទ​កណ្ដាល ពីរោះ​បទចុង ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ​​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់​ នូវ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ និព្វាន និងបដិបទា​ជា​ដំណើរ​ទៅ​កាន់​​ព្រះនិព្វាន ហេតុនោះ (លោក​​ពោល​ថា​​) ព្រះគោតម​អង្គណា​ ទ្រង់​​សំដែង​​ធម៌ដល់​​អាត្មា។

[១៨៩] ពាក្យថា​​ ជាធម៌ដែល​បុគ្គលគប្បី​​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​​រង់ចាំ​​កាល គឺ​ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ច្បាស់​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ជា​ធម៌គួរ​ដល់​​ឯហិបស្សវិធី គួរបង្អោន​មកទុក​ក្នុង​ខ្លួន ជាធម៌​ដែល​​វិញ្ញូជន​គប្បី​ដឹង​ចំពោះ​ខ្លួន ហេតុ​នោះ (លោក​ពោល​ថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផលមិន​​រង់ចាំ​​កាល ​យ៉ាងនេះ។ មួយទៀត បុគ្គលណា​ ចម្រើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ ក្នុង​​បច្ចុប្បន្ន បុគ្គល​នោះ​​ រមែង​​ចួប បាន បានចំពោះ​​នូវផល​ក្នុង​លំដាប់​ លំដាប់​ស្មើ​នៃមគ្គ​នោះ ហេតុនោះ (លោក​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​មិន​រង់ចាំ​​កាល ​យ៉ាងនេះ​ក៏បាន។ មនុស្ស​ទាំងឡាយ​ឲ្យ​ទ្រព្យ ប្រកប​ដោយ​កាល មិន​បាន​ផលក្នុង​​លំដាប់​ រមែង​​រង់ចាំ​​កាល​​យ៉ាងណា​ ធម៌នេះ មិន​មែន​​យ៉ាងនោះ​ទេ បុគ្គលណា​ ចម្រើន​អដ្ឋង្គិកមគ្គ​​ដ៏ប្រសើរ ក្នុង​​បច្ចុប្បន្ន បុគ្គលនោះ រមែង​ចួប បាន បានចំពោះ​​នូវផល​ក្នុង​លំដាប់​ លំដាប់​ស្មើ​នៃមគ្គ​នោះ មិន​មែន​បានក្នុង​​ពេលដទៃ មិន​មែន​បានក្នុង​​លោកដទៃ​ទេ ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​​កាល ​យ៉ាងនេះ ហេតុនោះ (លោក​​ពោលថា​​) ជាធម៌​ដែល​បុគ្គល​គប្បី​ឃើញ​​ចំពោះ​ខ្លួន ជាធម៌ឲ្យ​​ផលមិន​​រង់ចាំ​​កាល។

[១៩០] អធិប្បាយពាក្យថា​​ ជាគ្រឿង​អស់​តណ្ហា មិន​មាន​​ចង្រៃ ត្រង់ពាក្យថា​​ តណ្ហា បានដល់​ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ ជាគ្រឿង​អស់​តណ្ហា គឺ​ជាគ្រឿង​អស់​ចំណង់ អស់​រាគៈ អស់​ទោសៈ អស់​មោហៈ អស់​គតិ អស់​ឧបបត្តិ អស់​​បដិសន្ធិ អស់​ភព អស់​សង្សារ អស់​វដ្តៈ។ ពាក្យថា​​ មិន​មាន​​ចង្រៃ សេចក្តី​​ថា​​ កិលេស ខន្ធ និងអភិសង្ខារ​ លោកហៅ​ថា​​ ចង្រៃ។ ការ​លះចង្រៃ ការ​ស្ងប់​ចង្រៃ ការ​​រលាស់​ចោល​ចង្រៃ ការ​គ្រប​សង្កត់​ចង្រៃ អមតនិព្វាន ហេតុនោះ (លោក​​ពោលថា​​) ជា​គ្រឿងអស់​​តណ្ហា មិន​មាន​​ចង្រៃ។

[១៩១] ពាក្យថា​​ ដែល​ជាធម៌មិន​មាន​ឧបមា ក្នុង​ទីណា​មួយ ត្រង់ពាក្យថា​​ ដែល​ជា​ធម៌ បានដល់​និព្វាន។ ពាក្យថា​​ មិន​មាន​ឧបមា គឺ មិន​មាន​ការ​ប្រៀបផ្ទឹម មិន​មាន​សេចក្តី​​ប្រៀបធៀប មិន​មាន​ភាពស្មើគ្នា មិន​មាន​ មិន​មាន​ព្រម មិន​បាននូវចំណែកប្រៀប ហេតុនោះ (លោក​ពោលថា​​​) មិន​មាន​ឧបមា។ ពាក្យថា​​ ក្នុង​ទីណា​មួយ គឺ ក្នុង​ទីណា​មួយ ក្នុង​ទីណា​ៗ ក្នុង​​ទីនីមួយ ជាខាងក្នុង​ ឬខាងក្រៅ ឬទាំងខាងក្នុង​ទាំងខាងក្រៅ ហេតុនោះ (លោក​​ពោល​ថា) ដែល​ជាធម៌មិនមាន​ឧបមាក្នុង​ទីណា​មួយ។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​ពោល​ថា​​

ព្រះគោតមអង្គណា​ ទ្រង់​សំដែង​ធម៌ដល់​អាត្មា​ ជាធម៌ដែល​បុគ្គលគប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌ឲ្យ​ផលមិន​រង់ចាំ​កាល ជាគ្រឿងអស់​តណ្ហា មិន​មាន​ចង្រៃ ដែល​ជាធម៌មិន​មាន​ឧបមា ក្នុង​ទីណា​មួយ។

[១៩២] បពិត្រ​ព្រាហ្មណ៍ អាត្មា​ជាអ្នក​មិន​ប្រហែស តែង​ឃើញ​ព្រះពុទ្ធនោះ ដោយ​ចិត្ត ហាក់ដូច​ឃើញ​ដោយ​ភ្នែកទាំងយប់​ទាំងថ្ងៃ អាត្មា​តែង​នមស្ការ នៅ​រហូតយប់​ និងថ្ងៃ ទើបអាត្មា​សំគាល់ថា​​ ការ​មិន​ឃ្លាតដោយ​ហេតុនោះឯង។

[១៩៣] ពាក្យថា​​ អាត្មា​តែង​ឃើញ​ព្រះពុទ្ធនោះ ដោយ​ចិត្ត ហាក់ដូច​ឃើញ​ដោយ​ភ្នែក គឺ បុរសមាន​ភ្នែកគប្បី​រមិលមើល គប្បី​ឃើញ​ គប្បី​ចួប គប្បី​គន់មើល គប្បី​សំឡឹងមើល គប្បី​ពិចារណា​មើល នូវរូបទាំងឡាយ ​យ៉ាងណា​ អាត្មា​តែង​ឃើញ​ ចួប គន់មើល សំឡឹង​មើល​ ពិចារណា​មើល នូវព្រះពុទ្ធមាន​ព្រះភាគ ដោយ​ចិត្ត ក៏​យ៉ាងនោះដែរ ហេតុនោះ (លោក​​​ពោលថា​​​) អាត្មា​តែង​ឃើញ​ព្រះពុទ្ធនោះ ដោយ​ចិត្ត ហាក់ដូច​ឃើញ​ដោយ​ភ្នែក។

[១៩៤] ពាក្យថា​​ បពិត្រ​ព្រាហ្មណ៍ អាត្មា​ជាអ្នក​មិន​ប្រហែសទាំងយប់​ទាំងថ្ងៃ គឺ អាត្មា​​ខំចំរើនដោយ​ចិត្ត ទាំងយប់​ទាំងថ្ងៃ ឈ្មោះថា​​ ជាអ្នក​មិន​ប្រហែស ហេតុនោះ (លោក​​ពោលថា​) បពិត្រ​ព្រាហ្មណ៍ អាត្មា​ជាអ្នក​មិន​ប្រហែស ទាំងយប់​ទាំងថ្ងៃ។

 [១៩៥] ពាក្យថា​​ អាត្មា​តែង​នមស្ការនៅ​រហូតយប់​ និងថ្ងៃ ត្រង់ពាក្យថា​​ នមស្ការ គឺ នមស្ការដោយ​កាយក្តី នមស្ការដោយ​វាចាក្តី នមស្ការដោយ​ចិត្តក្តី នមស្ការដោយ​ការ​​ប្រតិបត្តិ ទៅ​តាមប្រយោជន៍ក្តី នមស្ការធ្វើ​សក្ការៈ ធ្វើ​សេចក្តី​គោរព​រាប់អាន បូជា ដោយ​​ការ​​ប្រតិបត្តិធម៌​ដ៏សមគួរដល់​ធម៌ក្តី នៅ​រហូតយប់​ និងថ្ងៃ គឺ ញុំាងយប់​ និងថ្ងៃឲ្យ​ប្រព្រឹត្តកន្លង​ទៅ​ ហេតុនោះ (លោក​ពោលថា) អាត្មា​តែង​នមស្ការនៅ​រហូតយប់​និងថ្ងៃ។

[១៩៦] ពាក្យថា​​ ទើបអាត្មា​សំគាល់ថា​​ ការ​មិន​ឃ្លាតដោយ​ហេតុនោះឯង គឺ អាត្មា​​កាលអប់រំដោយ​ពុទ្ធានុស្សតិនោះ ទើបសំគាល់នូវអំពើនោះថា​​ ជាការ​មិន​ឃ្លាត សំគាល់ គឺ ដឹង ដឹង​យ៉ាងនេះ យល់​យ៉ាងនេះ ដឹងច្បាស់​​យ៉ាងនេះ ដឹងចំពោះ​​យ៉ាងនេះ នូវ​ព្រះពុទ្ធនោះថា​​ ព្រះអង្គមិន​ធ្លាប់ឃ្លាត ហេតុនោះ (លោក​ពោលថា) ទើបអាត្មា​សំគាល់ថា​​ ​ការ​មិន​ឃ្លាត ដោយ​ហេតុនោះឯង។ ហេតុនោះ ព្រះបិង្គិយត្ថេរ​ពោលថា​​

បពិត្រ​ព្រាហ្មណ៍ អាត្មា​ជាអ្នក​មិន​ប្រហែស តែង​ឃើញ​ព្រះពុទ្ធនោះ ដោយ​ចិត្ត ហាក់ដូច​ឃើញ​ដោយ​ភ្នែក ទាំងយប់​ទាំងថ្ងៃ អាត្មា​តែង​នមស្ការ នៅ​រហូតយប់​និងថ្ងៃ ទើបអាត្មា​សំគាល់ថា​​ ការ​មិន​ឃ្លាត ដោយ​ហេតុនោះឯង។

[១៩៧] ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា) តែង​មិន​ឃ្លាតចាក​សាសនា​ របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់​មាន​ប្រាជ្ញាដូច​ផែនដី ស្ដេចទៅ​កាន់​ទិសណា​ៗ អាត្មា​នោះ ក៏ជាអ្នក​ឱនទៅ​រក​ទិសនោះៗ។

[១៩៨] អធិប្បាយពាក្យថា​​ សទ្ធា បីតិ មនោ និងសតិ ត្រង់ពាក្យថា​​ សទ្ធា បានដល់​ ជំនឿ ការ​ជឿ ការ​ចុះចិត្ត សេចក្តី​ជ្រះថ្លាខ្លាំង សទ្ធា សទ្ធិន្រ្ទិយ សទ្ធាពលៈ ប្រារព្ធ​​ព្រះមាន​ព្រះភាគ។ ពាក្យថា​​ បីតិ បានដល់​ ការ​ឆ្អែត បាមោជ្ជៈ ការ​រីករាយ ការ​រីករាយចំពោះ​​ ការ​​ត្រេកអរ​ ការ​ត្រេកអរ​ស៊ប់ ភាពនៃចិត្តរបស់ខ្លួន ភាពនៃចិត្តជ្រះថ្លាក្រៃពេក ប្រារព្ធ​ព្រះមាន​ព្រះភាគ។ ពាក្យថា​​ មនោ បានដល់​ចិត្ត ធម្មជាត​សម្រាប់បង្អោនទៅ​ សេចក្តី​ប្រាថ្នាក្នុង​ចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែល​កើត​អំពី​វិញ្ញាណក្ខន្ធនោះ ប្រារព្ធ​ព្រះមាន​ព្រះភាគ។ ពាក្យថា​​ សតិ បានដល់​ស្មារតី ការ​​រឭករឿយៗ។បេ។ ការ​រឭកត្រូវ ប្រារព្ធ​ព្រះមាន​ព្រះភាគ ហេតុនោះ (លោក​ពោលថា) សទ្ធា បីតិ មនោ និងសតិ។

[១៩៩] ពាក្យថា​​ ធម៌ទាំង ៤ នេះ តែង​មិន​ឃ្លាតចាក​សាសនា​របស់ព្រះគោតម គឺ ធម៌​ទាំង ៤ នេះ តែង​មិន​ប្រាសចេញ​ មិន​មក មិន​លះបង់ មិន​វិនាស ចាក​សាសនា​​ព្រះគោតម ចាក​សាសនា​ព្រះពុទ្ធ ចាក​សាសនា​ព្រះជិនស្រី ចាក​សាសនា​ព្រះតថា​​គត ចាក​​សាសនា​ព្រះអរហន្ដ ហេតុនោះ (លោក​ពោលថា​) ធម៌ទាំង ៤ នេះ តែង​មិន​ប្រាស​ចាក​​សាសនា​ របស់ព្រះគោតម។

[២០០] ពាក្យថា​​ ទ្រង់​មាន​ប្រាជ្ញាដូច​ផែនដី ស្ដេចទៅ​កាន់​ទិសណា​ៗ ត្រង់ពាក្យថា​​ ទិសណា​ៗ គឺ ទ្រង់​ទៅ​ ដល់​ ឈាន ឈានកន្លង ទៅ​កាន់​ទិសខាងកើតក្តី ទិសខាងលិចក្តី ទិសខាងត្បូងក្តី ទិសខាងជើងក្តី។ ពាក្យថា​​ មាន​ប្រាជ្ញាដូច​ផែនដី គឺ ទ្រង់​មាន​ប្រាជ្ញាដូច​​ប្រឹថពី មាន​ប្រាជ្ញាច្រើន មាន​ប្រាជ្ញាមុត មាន​ប្រាជ្ញាក្រាស់ មាន​ប្រាជ្ញារីករាយ មាន​ប្រាជ្ញា​រហ័ស មាន​ប្រាជ្ញាធ្លុះធ្លាយ ហេតុនោះ (លោក​ពោលថា) ទ្រង់​មាន​ប្រាជ្ញាដូច​ផែនដី ស្ដេច​ទៅ​កាន់​ទិសណា​ៗ។

[២០១] ពាក្យថា​​ អាត្មា​នោះ ជាអ្នក​ឱនទៅ​រក​ទិសនោះៗ គឺព្រះពុទ្ធទ្រង់​គង់នៅ​ក្នុង​​ទិស​ណា​ អាត្មា​នោះ ជាអ្នក​ឱនទៅ​រក​ទិសនោះ ទេរទៅ​រក​ទិសនោះ ទោរទៅ​រក​ទិសនោះ ឈមទៅ​រក​ទិសនោះ បង្អោនទៅ​រក​ទិសនោះ យកទិសនោះ ជាអធិបតី ហេតុនោះ (លោក​​ពោលថា​​​) អាត្មា​នោះ ជាអ្នក​ឱនទៅ​រក​ទិសនោះៗ។ ហេតុនោះ ព្រះបិង្គិយត្ថេរ​ពោលថា​​

ធម៌ទាំង ៤ នេះ គឺ សទ្ធា បីតិ មនោ និងសតិ (របស់អាត្មា​​) តែង​មិន​ឃ្លាតចាក​សាសនា​ របស់ព្រះគោតមឡើយ ព្រះគោតម ទ្រង់​មាន​ប្រាជ្ញាដូច​ផែនដី ស្ដេចទៅ​កាន់​ទិសណា​ៗ អាត្មា​នោះ ក៏ជាអ្នក​ឱនទៅ​រក​ទិសនោះៗ។

[២០២] អាត្មា​ជាបុគ្គលគ្រាំគ្រា មាន​កម្លាំងថយហើយ​ ហេតុនោះ កាយទៅ​ក្នុង​ទិសនោះ មិន​បានទេ តែអាត្មា​ទៅ​ដោយ​ដំណើរនៃសេចក្តី​ត្រិះរិះ អស់​កាលជានិច្ច បពិត្រ​ព្រាហ្មណ៍ ព្រោះ​ថា​​ ចិត្តរបស់អាត្មា​ ប្រកបតាមទិសនោះ។

[២០៣] ពាក្យថា​​ អាត្មា​ជាបុគ្គលគ្រាំគ្រា មាន​កម្លាំងថយហើយ​ ត្រង់ពាក្យថា​​ គ្រាំគ្រា គឺ ចាស់ ចម្រើន មាន​អាយុច្រើន រស់នៅ​បានយូរឆ្នាំមកហើយ​ មាន​វ័យដល់​ហើយ​​តាមលំដាប់​ ហេតុនោះ (លោក​ពោលថា​​ ​) គ្រាំគ្រា។ ពាក្យថា​​ មាន​កម្លាំងថយ គឺ មាន​​កម្លាំងខ្សោយ មាន​កម្លាំងតិច មាន​កម្លាំងស្ដួចស្ដើង ហេតុនោះ (លោក​ពោលថា​​​) អាត្មា​​ជាបុគ្គលគ្រាំគ្រា មាន​កម្លាំង​ថយហើយ។

[២០៤] ពាក្យថា​​ កាយទៅ​ក្នុង​ទិសនោះ មិន​បានទេ គឺ ព្រះពុទ្ធគង់ក្នុង​ទិសណា​ កាយ​ទៅ​មិន​បាន ចេញ​ទៅ​មិន​បាន ដើរទៅ​មិន​បាន ឈានទៅ​មិន​បាន ក្នុង​ទិសនោះទេ ហេតុនោះ (លោក​ពោលថា​​​) កាយទៅ​ក្នុង​ទិសនោះ មិន​បានទេ។

[២០៥] ពាក្យថា​​ តែអាត្មា​ទៅ​ដោយ​ដំណើរនៃសេចក្តី​ត្រិះរិះ អស់​កាលជានិច្ច គឺ អាត្មា​​ទៅ​ ដើរទៅ​ ឈានទៅ​ ដោយ​ដំណើរនៃតម្រិះ ដោយ​ដំណើរវិតក្កៈ ដោយ​ដំណើរ​ញាណ ដោយ​ដំណើរបញ្ញា ដោយ​ដំណើរប្រាជ្ញា ជាគ្រឿងត្រាស់ដឹង ហេតុនោះ (លោក​ពោល​ថា​​) ​តែអាត្មា​ទៅ​ដោយ​ដំណើរនៃសេចក្តី​ត្រិះរិះ អស់​កាលជានិច្ច។

[២០៦] ពាក្យថា​​ បពិត្រ​ព្រាហ្មណ៍ ព្រោះ​ថា​​ ចិត្តរបស់អាត្មា​ប្រកបតាមទិសនោះ ត្រង់​ពាក្យថា​​ ចិត្ត បានដល់​គំនិត ធម្មជាត​សម្រាប់បង្អោនទៅ​ សេចក្តី​ប្រាថ្នាក្នុង​ចិត្ត ហឫទ័យ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែល​​កើតអំពី​​វិញ្ញាណក្ខន្ធនោះ។ ពាក្យថា​​ បពិត្រ​ព្រាហ្មណ៍… ប្រកបហើយ​តាមទិសនោះ គឺ ព្រះពុទ្ធគង់​ក្នុង​​​ទិសណា​ ចិត្តរបស់អាត្មា​ក៏ប្រកប ប្រកបព្រម តាមទិសនោះ ហេតុនោះ (លោក​​ពោល​ថា​​) បពិត្រ​ព្រាហ្មណ៍ ព្រោះ​ថា​​ ចិត្តរបស់អាត្មា​ប្រកបតាមទិសនោះ។ ហេតុនោះ ​ព្រះបិង្គិយត្ថេរ​​​ពោលថា​​

អាត្មា​ជាបុគ្គលគ្រាំគ្រា មាន​កម្លាំងថយហើយ​ ហេតុនោះកាយទៅ​ក្នុង​ទិសនោះ មិន​បានទេ តែអាត្មា​ទៅ​ដោយ​ដំណើរនៃសេចក្តី​ត្រិះរិះ អស់​កាលជានិច្ច បពិត្រ​ព្រាហ្មណ៍ព្រោះ​ថា​​ ចិត្តរបស់អាត្មា​ ប្រកបតាមទិសនោះ។

[២០៧] អាត្មា​ដេកក្នុង​ភក់ បម្រះននៀល ស្ទុះចេញ​អំពី​ទីពឹង ទៅ​រក​ទីពឹង គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធទ្រង់​ឆ្លងអន្លង់​ហើយ​ ទ្រង់​មិន​មាន​អាសវៈទេ។

[២០៨] អធិប្បាយពាក្យថា​​ ដេកក្នុង​ភក់ បម្រះននៀល ត្រង់ពាក្យថា​​ ដេកក្នុង​ភក់ គឺ ដេក ដេកស៊ប់ ដេកត្រាំ ក្នុង​ភក់គឺកាម ក្នុង​ល្បាប់​គឺកាម ក្នុង​កិលេស​គឺកាម ក្នុង​សន្ទូច​គឺកាម ក្នុង​សេចក្តី​ក្តៅក្រហាយ​គឺកាម ក្នុង​កង្វល់គឺកាម ហេតុនោះ (លោក​ពោលថា​​​) ដេក​ក្នុង​ភក់។ ពាក្យថា​​ បម្រះននៀល គឺ បម្រះននៀល ដោយ​ការ​បម្រះ​ននៀល​គឺតណ្ហា បម្រះ​ននៀល ដោយ​ការ​បម្រះ​ននៀល​គឺទិដ្ឋិ បម្រះ​ននៀល ដោយ​ការ​បម្រះ​ននៀលគឺ​កិលេស បម្រះននៀល ដោយ​ការ​បម្រះ​ននៀល​គឺប្រយោគ បម្រះ​ននៀល ដោយ​ការ​បម្រះ​ននៀល​​គឺវិបាក បម្រះននៀល ដោយ​ការ​បម្រះ​ននៀលគឺ​ទុច្ចរិត ជាអ្នក​ត្រេកអរ​ បម្រះ​ននៀលដោយ​រាគៈ ជាអ្នក​ប្រទូស្ដ បម្រះ​ននៀល​ដោយ​ទោសៈ ជាអ្នក​វង្វេង បម្រះននៀល​ដោយ​​មោហៈ​ ជាអ្នក​ជាប់ចំពាក់ បម្រះននៀល​ដោយ​មានះ ជាអ្នក​ស្ទាបអង្អែល បម្រះ​ននៀលដោយ​ទិដ្ឋិ ជាអ្នក​រវើរវាយ បម្រះននៀលដោយ​ឧទ្ធច្ចៈ ជាអ្នក​ដល់​នូវការ​មិន​​ដាច់​ស្រេច បម្រះននៀលដោយ​វិ​ចិកិច្ឆា ជាអ្នក​ដល់​នូវកម្លាំង បម្រះននៀល​ដោយ​អនុស័យ បម្រះ​ននៀលដោយ​លាភ បម្រះននៀលដោយ​អលាភ បម្រះននៀល​ដោយ​យស បម្រះ​ននៀល ដោយ​អយស បម្រះ​ននៀលដោយ​និន្ទា បម្រះ​ននៀល​ដោយ​សេចក្តី​សរសើរ បម្រះ​ននៀល​ដោយ​សុខ បម្រះននៀលដោយ​ទុក្ខ បម្រះ​ននៀលដោយ​ជាតិ បម្រះ​ននៀល​ដោយ​ជរា បម្រះ​ននៀល​ដោយ​ព្យាធិ បម្រះ​ននៀល​ដោយ​មរណៈ បម្រះ​ននៀល​ដោយ​សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​តានតឹង បម្រះ​ននៀល​ដោយ​ទុក្ខក្នុង​នរក​ បម្រះ​ននៀល​ដោយ​ទុក្ខក្នុង​​តិរច្ឆានកំណើត បម្រះ​ននៀល​ដោយ​ទុក្ខ ក្នុង​​ប្រេតវិស័យ បម្រះននៀល អន្ទះសា ញាប់ញ័រ ញ័ររន្ធត់ ដោយ​ទុក្ខ ជារបស់​មនុស្ស ដោយ​ទុក្ខមាន​ការ​ចុះកាន់​គភ៌ជាមូល ដោយ​ទុក្ខមាន​ការ​តាំងនៅ​ក្នុង​គភ៌​ជាមូល ដោយ​ទុក្ខមាន​ការ​ចេញ​ចាក​គភ៌ជាមូល ដោយ​​ទុក្ខ​ដែល​ទាក់ទងនឹងសត្វកើតហើយ​ ដោយ​​ទុក្ខដែល​បណ្តាល​​អំពី​​រឿងដទៃនៃសត្វ​កើត​ហើយ​ ដោយ​ទុក្ខព្រោះ​សេចក្តី​ព្យាយាម​របស់ខ្លួន ដោយ​ទុក្ខព្រោះ​សេចក្តី​ព្យាយាមរបស់​បុគ្គលដទៃ ដោយ​ទុក្ខទុក្ខ សង្ខារ​ទុក្ខ វិបរិណា​មទុក្ខ ចក្ខុរោគទុក្ខ សោតរោគទុក្ខ ឃានរោគទុក្ខ ជិវ្ហារោគទុក្ខ កាយរោគទុក្ខ សីសរោគទុក្ខ កណ្ណរោគ​ទុក្ខ មុខរោគ​ទុក្ខ ទន្ដរោគ​ទុក្ខ ដោយ​ទុក្ខ​ព្រោះ​រោគក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម ឈឺពោះ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុកផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើត​ក្នុង​ទីខ្វារ​ដោយ​ក្រចក ឃ្លង់ដែក ឈាមប្រមាត់ ប្រមេះ ឫសដូងដុះ បូស ឫសដូងបាត ព្រោះ​​អាពាធ​កើត​អំពី​ប្រមាត់ អាពាធ​​កើតអំពី​ស្លេស្ម៍ អាពាធ​​កើត​អំពី​ខ្យល់ អាពាធ​​កើតអំពី​ធាតុប្រជុំគ្នា អាពាធ​​កើតអំពី​ការ​​ប្រែប្រួលរដូវ អាពាធ​កើត​អំពី​​ការ​​រក្សា​ឥរិយាបថ​មិន​ស្មើ អាពាធ​កើត​អំពី​សេចក្តី​ព្យាយាម មាន​វាយចងជាដើម អាពាធ​​​កើតអំពី​​កម្មវិបាក ព្រោះ​ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្ស របោម មូស ខ្សល់ កំដៅថ្ងៃ សត្វលូនវារ ដោយ​ទុក្ខ​ព្រោះ​ស្លាប់មាតា ដោយ​ទុក្ខ​ព្រោះ​ស្លាប់បិតា ដោយ​​​ទុក្ខ​ព្រោះ​ស្លាប់បងប្អូនប្រុស ដោយ​​ទុក្ខព្រោះ​ស្លាប់​បងប្អូនស្រី ដោយ​ទុក្ខព្រោះ​​ស្លាប់កូនប្រុស ដោយ​ទុក្ខព្រោះ​​ស្លាប់កូនស្រី ដោយ​ទុក្ខព្រោះ​​វិនាសញាតិ ដោយ​ទុក្ខព្រោះ​​វិនាស​ភោគ​សម្បត្តិ ដោយ​ទុក្ខព្រោះ​​វិនាសដោយ​​សាររោគ ដោយ​ទុក្ខព្រោះ​​វិនាសសីល ដោយ​ទុក្ខ ព្រោះ​​វិនាសទិដ្ឋិ ហេតុនេះ (លោក​ពោលថា​​​) ដេកក្នុង​ភក់ បម្រះននៀល។

[២០៩] ពាក្យថា​​ ស្ទុះចេញ​អំពី​ទីពឹង ទៅ​រក​ទីពឹង គឺស្ទុះ ស្ទុះចេញ​អំពី​សាស្ដា ទៅ​រក​​សាស្ដា អំពី​អ្នក​ប្រាប់ធម៌ ទៅ​រក​អ្នក​ប្រាប់​ធម៌ អំពី​គណៈ ទៅ​រក​គណៈ អំពី​ទិដ្ឋិ ទៅ​រក​ទិដ្ឋិ អំពី​បដិបទា ទៅ​រក​បដិបទា អំពី​មគ្គ ទៅ​រក​មគ្គ ហេតុនោះ (លោក​ពោលថា​​​) ស្ទុះចេញ​​​អំពី​ទីពឹង ទៅ​រក​ទីពឹង។

[២១០] ពាក្យថា​​ គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធ ត្រង់ពាក្យថា​​ គ្រានោះ គឺជា​ការ​​តបទ។បេ។ ពាក្យថា​​ គ្រានោះ ជា​លំដាប់​នៃបទ។ ពាក្យថា​​ បានឃើញ​ គឺ បានឃើញ​ បានចួប បានប្រសព្វ បានចាក់ធ្លុះ។ ពាក្យថា​​ ព្រះសម្ពុទ្ធ បានដល់​ព្រះមាន​បុណ្យ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ កើតអំពី​ការ​ត្រាស់ដឹង ហេតុនោះ (លោក​ពោលថា​​​) គ្រានោះ អាត្មា​​​បានឃើញ​ព្រះសម្ពុទ្ធ។

[២១១] ពាក្យថា​​ ទ្រង់​ឆ្លងអន្លង់ហើយ​ គឺ ព្រះមាន​ព្រះភាគ ទ្រង់​ឆ្លងអន្លង់គឺកាម ឆ្លងអន្លង់គឺភព ឆ្លងអន្លង់​គឺទិដ្ឋិ ឆ្លង ឆ្លងឡើង ឆ្លងចេញ​ កន្លង កន្លងព្រម ប្រព្រឹត្តកន្លង អន្លង់​គឺវិជ្ជា គឺថា​​ ព្រះអង្គ​ទ្រង់​មាន​ការ​នៅ​ក្នុង​​អរិយវាស នៅ​រួចហើយ​ មាន​ចរណៈ​សន្សំ​ហើយ។បេ។ ភពថ្មី គឺ ជាតិ ជរា មរណៈ សង្សារ នៃ​ព្រះអង្គមិន​មាន​ ហេតុនោះ (លោក​​ពោលថា​​​) ទ្រង់​ឆ្លងអន្លង់​ហើយ។ ពាក្យថា​​ មិន​មាន​​អាសវៈ សេចក្តី​ថា​​ អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈ​ទាំងនោះ ព្រះពុទ្ធមាន​ជោគ ទ្រង់​លះបង់​​ហើយ​ មាន​ឫសគល់ផ្ដាច់ផ្ដិលហើយ​ ធ្វើ​ឲ្យ​​សល់តែទីនៅ​ ដូច​ជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​ឲ្យ​​ដល់​​នូវការ​មិន​កើតមាន​ ឲ្យ​ជាធម៌​លែងកើតតទៅ​ទៀត ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​​ មិន​​មាន​​អាសវៈ ហេតុនោះ (លោក​ពោលថា​​​) ទ្រង់​ឆ្លង​អន្លង់ហើយ​ មិន​មាន​​​អាសវៈ។ ហេតុ​នោះ ព្រះបិង្គិយត្ថេរ ​ពោលថា​​

អាត្មា​ដេកក្នុង​ភក់ បម្រះននៀល ស្ទុះចេញ​អំពី​ទីពឹង ទៅ​រក​ទីពឹង គ្រានោះ អាត្មា​បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គទ្រង់​ឆ្លងអន្លង់​ហើយ​ ទ្រង់​មិន​​មាន​អាសវៈទេ។

[២១២] (ព្រះមាន​ព្រះភាគត្រាស់ថា​​​) វក្កលិ ភទ្រាវុធ និងអឡវិគោតម សុទ្ធតែជាអ្នក​មាន​សទ្ធាបញ្ចេញហើយ​ ​យ៉ាងណា​ សូម្បីអ្នក ​ក៏ចូរបញ្ចេញ​នូវសទ្ធា ​យ៉ាងនោះចុះម្នាល​បិង្គិយៈ អ្នក​នឹងដល់​នូវត្រើយ​ នៃលំនៅ​របស់មច្ចុ។

[២១៣] ពាក្យថា​​ វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នក​មាន​សទ្ធា​បញ្ចេញ​ហើយ​ ​យ៉ាងណា​ អធិប្បាយថា​​ វក្កលិ មាន​សទ្ធាបញ្ចេញហើយ​ ជាអ្នក​ធ្ងន់ក្នុង​សទ្ធា មាន​​សទ្ធាជាប្រធាន មាន​ចិត្តចុះស៊ប់ក្នុង​សទ្ធា មាន​សទ្ធាជាអធិបតី បានសម្រេច​ព្រះអរហត្ត ​យ៉ាងណា​ ភទ្រាវុធ មាន​សទ្ធាបញ្ចេញហើយ​ ជាអ្នក​ធ្ងន់ក្នុង​សទ្ធា មាន​សទ្ធាជាប្រធាន មាន​ចិត្តចុះស៊ប់ក្នុង​សទ្ធា មាន​សទ្ធាជាអធិបតី បានសម្រេច​ព្រះអរហត្ត ​យ៉ាងណា​ អាឡវិគោតម មាន​សទ្ធាបញ្ចេញហើយ​ ជាអ្នក​ធ្ងន់ក្នុង​សទ្ធា មាន​សទ្ធាជាប្រធាន មាន​ចិត្ត​ចុះ​ស៊ប់ក្នុង​សទ្ធា មាន​សទ្ធាជាអធិបតី បានសម្រេច​ព្រះអរហត្ត ​យ៉ាងណា​ ហេតុនោះ (ទ្រង់​​ត្រាស់​ថា​​​) វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នក​មាន​សទ្ធាបញ្ចេញហើយ​ ​យ៉ាងណា។

[២១៤] ពាក្យថា​​ សូម្បីអ្នក​ក៏ចូរបញ្ចេញនូវសទ្ធា​យ៉ាងនោះចុះ សេចក្តី​ថា​​ អ្នក​ចូរលែង ចូរបញ្ចេញ ចូរបញ្ចេញព្រម ចូរចុះស៊ប់កាន់​សទ្ធា គឺ ចូរជឿថា​​ សង្ខារ​ទាំងពួងមិន​ទៀង។បេ។ អ្នក​ចូរលែង ចូរបញ្ចេញ ចូរបញ្ចេញព្រម ចូរចុះស៊ប់កាន់​សទ្ធា គឺ ចូរជឿថា​​ របស់​ណា​​មាន​ការ​កើតឡើងជាធម្មតា របស់ទាំងអស់​នោះ មាន​ការ​រលត់ទៅ​វិញជាធម្មតា ​យ៉ាង​នោះ​ដែរ ហេតុនោះ (ទ្រង់​ត្រាស់ថា​​​) សូម្បីអ្នក​ ក៏ចូរបញ្ចេញនូវសទ្ធា​យ៉ាងនោះចុះ។

[២១៥] ពាក្យថា​​ ម្នាល​បិង្គិយៈ អ្នក​នឹងដល់​ត្រើយ​នៃលំនៅ​របស់មច្ចុ សេចក្តី​ថា​​ កិលេស ខន្ធ និង​អភិសង្ខារ​ លោកហៅ​ថា​​ លំនៅ​​របស់មច្ចុ។ អមតនិព្វាន លោកហៅ​ថា​​ ត្រើយ​នៃ​លំនៅ​របស់​មច្ចុ បានដល់​ការ​រម្ងាប់សង្ខារ​ទាំងពួង ការ​រលាស់ចោលឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការ​ប្រាស​ចាក​តម្រេក សេចក្តី​​រលត់ និព្វាន។ ពាក្យថា​​ ម្នាល​បិង្គិយៈ អ្នក​​​នឹងដល់​​ត្រើយ​នៃលំនៅ​របស់​មច្ចុ បានសេចក្តី​ថា​​ អ្នក​នឹងដល់​ នឹងបាន នឹងពាល់ត្រូវ នឹង​ធ្វើ​ឲ្យ​​ជាក់ច្បាស់​​នូវត្រើយ​ ហេតុនោះ (ទ្រង់​ត្រាស់ថា​​​) ម្នាល​បិង្គិយៈ អ្នក​នឹង​ដល់​ត្រើយ​នៃលំនៅ​​របស់មច្ចុ។ ហេតុនោះ ព្រះមាន​ព្រះភាគ ត្រាស់ថា​​

វក្កលិ ភទ្រាវុធ និងអាឡវិគោតម សុទ្ធតែជាអ្នក​មាន​សទ្ធាបញ្ចេញហើយ​ ​យ៉ាងណា​ សូម្បីអ្នក ​ក៏ចូរបញ្ចេញសទ្ធា ​យ៉ាងនោះចុះ ម្នាល​បិង្គិយៈ អ្នក​នឹងដល់​ត្រើយ​​នៃលំនៅ​របស់មច្ចុ។

[២១៦] (ព្រះបិង្គិយត្ថេរទូលថា​​​) ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក ព្រោះ​បានស្ដាប់ព្រះបន្ទូលនៃ​ព្រះអង្គ ជាព្រះមុនី ព្រះអង្គ​ទ្រង់​មាន​គ្រឿងបិទ​ បើកហើយ​ ព្រះអង្គ​មិន​មាន​គ្រឿងរឹងរូស ទ្រង់​មាន​បដិភាណ។

[២១៧] ពាក្យថា​​ ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក គឺ ខ្ញុំព្រះអង្គនេះ ជ្រះថ្លា ជឿ ចុះចិត្ត​ស៊ប់ ជឿមាំក្រៃពេកថា​​ សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ ខ្ញុំព្រះអង្គនេះ ជ្រះថ្លា ជឿ ចុះចិត្ត​ស៊ប់ ជឿមាំក្រៃពេកថា​​ របស់ណា​ មាន​ការ​កើតឡើងជាធម្មតា របស់នោះ មាន​ការ​រលត់​​ទៅ​​វិញ​ជាធម្មតា ហេតុនោះ (លោក​ពោលថា​​​) ខ្ញុំព្រះអង្គនេះ ជ្រះថ្លា​ក្រៃពេក។

[២១៨] ពាក្យថា​​ ព្រោះ​បានស្ដាប់ព្រះបន្ទូលនៃព្រះអង្គ​ជាព្រះមុនិ ត្រង់ពាក្យថា​​ មុនិ សេចក្តី​​ថា​​ ញាណ លោកហៅ​ថា​​ មោនៈ បានដល់​​បញ្ញា ការ​ដឹងច្បាស់​។បេ។ មុនិនោះ កន្លងនូវ​បណ្ដាញ គឺ កិលេស ជាគ្រឿង​ចំពាក់។ ពាក្យថា​​ ព្រោះ​បានស្ដាប់​ព្រះបន្ទូលនៃ​ព្រះអង្គ​ជាព្រះមុនិ បានសេចក្តី​ថា​​ ព្រោះ​បានស្ដាប់ ឮ រៀន ចងចាំ​ទុក កំណត់ទុក​នូវព្រះបន្ទូល គន្លង​​នៃព្រះបន្ទូល ទេសនា អនុសន្ធិ​នៃព្រះអង្គ ហេតុនោះ (លោក​ពោលថា​​​) ព្រោះ​បាន​​ស្ដាប់ព្រះបន្ទូល​នៃព្រះអង្គជាព្រះមុនិ។

[២១៩] ពាក្យថា​​ ព្រះសម្ពុទ្ធទ្រង់​មាន​គ្រឿងបិទ ​បើកហើយ​ ត្រង់ពាក្យថា​​ គ្រឿងបិទ​ បានដល់ ​គ្រឿងបិទ​ ៥ គឺ គ្រឿងបិទ​គឺតណ្ហា គ្រឿងបិទ​គឺទិដ្ឋិ គ្រឿងបិទ​គឺកិលេស គ្រឿង​បិទ​គឺទុច្ចរិត គ្រឿងបិទ​គឺអវិជ្ជា។ គ្រឿងបិទ​ទាំងនោះ ព្រះពុទ្ធមាន​ព្រះភាគ ទ្រង់​បើក គឺ​កំចាត់បង់ ដកឡើង លះបង់ ផ្ដាច់ផ្ដិល រំងាប់ គ្របសង្កត់ ធ្វើ​មិន​គួរឲ្យ​​កើតឡើងបាន ដុតដោយ​​ភ្លើង គឺ ញាណហើយ​ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​ មាន​គ្រឿង​បិទ ​បើកហើយ។ ពាក្យ​ថា​​​ ព្រះពុទ្ធ បានដល់ ​ព្រះមាន​ព្រះភាគ។បេ។ បញ្ញត្តិថា​​ ព្រះពុទ្ធនេះ កើតព្រោះ​​ការ​​ត្រាស់ដឹង ហេតុនោះ (លោក​ពោលថា​​​) ព្រះសម្ពុទ្ធ​ទ្រង់​មាន​​គ្រឿងបិទ ​បើកហើយ។

[២២០] អធិប្បាយពាក្យថា​​ ព្រះអង្គមិន​មាន​គ្រឿង​រឹងរូស ទ្រង់​មាន​​បដិភាណ ត្រង់ពាក្យថា​​ មិន​មាន​​គ្រឿង​រឹងរូស សេចក្តី​ថា​​ រាគៈឈ្មោះ​ថា​​គ្រឿងរឹងរូស ទោសៈ​ឈ្មោះថា​​​​គ្រឿងរឹងរូស មោហៈឈ្មោះ​ថា​​​គ្រឿងរឹងរូស ក្រោធឈ្មោះថា​​​គ្រឿងរឹងរូស ការ​ចងគំនុំ ឈ្មោះថា​​គ្រឿង​រឹងរូស។បេ។ អកុសលាភិសង្ខារ​​ទាំងអស់​ ឈ្មោះថា​​​គ្រឿងរឹងរូស។ គ្រឿង​​រឹងរូសទាំងនោះ ព្រះពុទ្ធ​មាន​ជោគ ទ្រង់​លះបង់ ផ្ដាច់ផ្ដិលឫសគល់ ធ្វើ​ឲ្យ​សល់​តែ​ទីនៅ​ ដូច​ជាទីនៅ​នៃដើមត្នោត ឲ្យ​ដល់​នូវការ​មិន​​កើតមាន​ ធ្វើ​ឲ្យ​ជាធម៌លែង​កើតតទៅ​​ទៀត ហេតុនោះ ព្រះពុទ្ធឈ្មោះថា​​ មិន​មាន​​គ្រឿងរឹងរូស។ ពាក្យថា​​ ទ្រង់​មាន​​បដិភាណ បាន​ដល់​​បុគ្គលមាន​​បដិភាណ ៣ ពួក​ គឺ បុគ្គល​មាន​បដិភាណ​ព្រោះ​បរិយត្តិ ១ បុគ្គលមាន​​​បដិភាណ​​ព្រោះ​បរិបុច្ឆា ១ បុគ្គល​មាន​បដិភាណ​ព្រោះ​អធិគមៈ ១។

បុគ្គលមាន​បដិភាណព្រោះ​បរិយត្តិ តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ រៀនពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា​​ ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ពុទ្ធវចនៈ​នោះ រមែង​ភ្លឺច្បាស់​ដល់​បុគ្គលនោះ ព្រោះ​អាស្រ័យ​​បរិយត្តិនេះ ឈ្មោះថា​​ បុគ្គល​មាន​បដិភាណ​​ព្រោះ​បរិយត្តិ។

បុគ្គលមាន​បដិភាណព្រោះ​បរិបុច្ឆា តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ ជាអ្នក​​សាកសួរ​​ក្នុង​អត្ថ ក្នុង​ធម៌​គួរដឹង ក្នុង​លក្ខណៈ ក្នុង​ហេតុ ក្នុង​ឋានៈ និងអដ្ឋានៈ សភាវៈ​​មាន​អត្ថជាដើមនោះ រមែង​ភ្លឺច្បាស់​​ដល់​បុគ្គល​នោះ ព្រោះ​អាស្រ័យ​​ការ​សាកសួរ នេះ​ឈ្មោះ​ថា​​ បុគ្គលមាន​បដិភាណព្រោះ​បរិបុច្ឆា។

បុគ្គលមាន​បដិភាណព្រោះ​អធិគមៈ តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ ត្រាស់​ដឹង​​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោង្ឈង្គ ៧ អដ្ឋង្គិកមគ្គ​​​ដ៏ប្រសើរ អរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ បុគ្គលនោះ ដឹងអត្ថ ដឹងធម៌ ដឹងនិរុត្តិ កាលបុគ្គល​​ដឹងអត្ថហើយ​ អត្ថក៏ភ្លឺច្បាស់​ កាលបុគ្គល​ដឹងធម៌ហើយ​ ធម៌ក៏ភ្លឺ​ច្បាស់​​ កាល​បុគ្គលដឹង​និរុត្តិហើយ​ និរុត្តិក៏ភ្លឺច្បាស់​ ការ​ដឹងក្នុង​ធម៌ទាំង ៣ នេះ ឈ្មោះថា​​​​បដិភាណប្ប​ដិសម្ភិទា។ ព្រះមាន​ព្រះភាគ ទ្រង់​ប្រកប​ហើយ​ ប្រកបព្រម ចូលទៅ​ជិតដល់​ ចូលទៅ​ជិត​ដល់​ព្រម ចូលទៅ​​ជិតសម្រេច​ ចូលទៅ​ជិតសម្រេច​ព្រម រួបរួម ដោយ​បដិសម្ភិទា​នេះ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា​​ ទ្រង់​មាន​​បដិភាណ។ បុគ្គលណា​ ពុំមាន​​បរិយត្តិ ពុំមាន​បរិបុច្ឆា ពុំមាន​អធិគមៈទេ អ្វីនឹង​ភ្លឺច្បាស់​​ដល់​បុគ្គល​នោះ ហេតុនោះ (លោក​​ពោលថា) ព្រះអង្គ​​មិន​មាន​​គ្រឿងរឹងរូស ទ្រង់​មាន​បដិភាណ។ ហេតុនោះ ព្រះបិង្គិយត្ថេរ ​ពោលថា​​

ខ្ញុំព្រះអង្គនេះ ជ្រះថ្លាក្រៃពេក ព្រោះ​បានស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអង្គ​ជាព្រះមុនិ  ព្រះសម្ពុទ្ធ​ទ្រង់​​មាន​គ្រឿង​បិទ​ បើកហើយ ​ព្រះអង្គមិន​មាន​​គ្រឿង​រឹងរូស ទ្រង់​មាន​បដិភាណ។

[២២១] ព្រះសាស្ដាទ្រង់​ជ្រាប់ច្បាស់​​នូវអធិទេវតា​ទាំងឡាយ ​ទ្រង់​ជ្រាបនូវ​ធម្មជាត​ទាំងអស់​ ដែល​ថោកទាប និងប្រសើរ ទ្រង់​ធ្វើ​ទីបំផុត​​នៃប្រស្នាទាំង​ឡាយ ដល់​ពួក​ជនអ្នក​សង្ស័យដែល​ប្ដេជ្ញា (ថាអស់​សង្ស័យ)។

[២២២] អធិប្បាយពាក្យថា​​ ទ្រង់​ជ្រាបច្បាស់​នូវអធិទេវតាទាំងឡាយ ត្រង់ពាក្យថា​​ ទេវតា​​ទាំងឡាយ បានដល់​ទេវតា ៣ ពួក​ គឺ ពួក​សម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១។

សម្មតិទេវតា តើដូច​ម្ដេច។ ព្រះរាជា ព្រះរាជកុមារ និង​ព្រះរាជទេពី ទាំងនេះ ហៅ​ថា​​ សម្មតិទេវតា។

ឧបបត្តិទេវតា តើដូច​ម្ដេច។ ពួក​ទេវតា​ជាន់ចាតុម្មហារាជិកៈ ពួក​ទេវតា​ជាន់​តាវត្តិង្ស។បេ។ ពួក​ទេវតា​ជាន់​ព្រហ្មកាយិកៈ និងពួក​​ទេវតា​​ជាន់ខាង​​លើអំពី​នោះ ទាំងនេះ​​ហៅ​ថា​​ ឧបបត្តិទេវតា។

វិសុទ្ធិទេវតា តើដូច​ម្ដេច។ ព្រះអរហន្ដ​ខីណាស្រព ជាសាវ័ក​របស់​តថាគត និង​ព្រះបច្ចេកសម្ពុទ្ធ​ ទាំងនេះ ហៅ​ថា​​ វិសុទ្ធិទេវតា។

ព្រះមាន​ព្រះភាគជ្រាបច្បាស់​ នូវសម្មតិទេវតា​​ទាំងឡាយថា​​ ជាអធិទេវតា ទ្រង់​ជ្រាប​ច្បាស់​​នូវពួក​ឧបបត្តិទេវតាថា​​ ជាអធិទេវតា ទ្រង់​ជ្រាបច្បាស់​ ទ្រង់​យល់ ទ្រង់​ថ្លឹង ទ្រង់​ត្រិះរិះ ទ្រង់​ជាក់ច្បាស់​ ទ្រង់​ធ្វើ​ឲ្យ​ប្រាកដ នូវពួក​វិសុទ្ធិទេវតាថា​​ ជាអធិទេវតា ហេតុនោះ (លោក​​ពោលថា​​​) ទ្រង់​​ជ្រាបច្បាស់​​នូវអធិទេវតាទាំងឡាយ។

[២២៣] ពាក្យថា​​ ទ្រង់ជ្រាបច្បាស់​ធម្មជាត​ទាំងអស់​​ដ៏ថោកទាប និងប្រសើរ អធិប្បាយ​​ថា​​ ព្រះមាន​ព្រះភាគទ្រង់​ជ្រាបច្បាស់​ ទ្រង់​យល់ ទ្រង់​ប៉ះពាល់ ទ្រង់​ចាក់ធ្លុះ នូវ​ពួក​ធម៌ ដែល​ធ្វើ​ព្រះអង្គ និងបុគ្គលដទៃ ឲ្យ​ជា​អធិទេវតា។ ពួក​ធម៌​ដែល​ធ្វើ​ព្រះអង្គ ឲ្យ​ជា​អធិទេវតា តើដូច​ម្ដេច។ សេចក្តី​ប្រតិបត្តិដោយ​ប្រពៃ សេចក្តី​ប្រតិបត្តិ​​បណ្ដោយ​តាម សេចក្តី​ប្រតិបត្តិមិន​ទំនាស់ សេចក្តី​ប្រតិបត្តិ​ធម៌​ដ៏សមគួរដល់​ធម៌ ការ​ធ្វើ​បំពេញក្នុង​​សីល ការ​គ្រប់គ្រង​ទ្វារក្នុង​ឥន្រ្ទិយ ការ​ដឹងប្រមាណក្នុង​ភោជន ការ​ប្រកបរឿយៗ នូវសេចក្តី​​ភ្ញាក់រឭក សតិ សម្បជញ្ញៈ សតិប្បដ្ឋាន ៤។បេ។ អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ទាំងនេះ ​ហៅ​ថា​​ ធម៌​ដែល​ធ្វើ​ព្រះអង្គឲ្យ​ជាអធិទេវតា។ ធម៌​ធើ្វបុគ្គលដទៃឲ្យ​ជាអធិទេវតា តើ​ដូច​ម្ដេច។ សេចក្តី​ប្រតិបត្តិដោយ​ប្រពៃ។បេ។ អដ្ឋង្គិកមគ្គ​ដ៏ប្រសើរ ទាំងនេះ​ហៅ​ថា​​ ធម៌ធ្វើ​បុគ្គល​ដទៃ​ឲ្យ​ជាអធិទេវតា។ ព្រះមាន​ព្រះភាគ​ទ្រង់​ជ្រាប ទ្រង់​យល់ ទ្រង់​ប៉ះពាល់ ទ្រង់​ចាក់ធ្លុះ នូវធម៌​ដែល​ធ្វើ​ព្រះអង្គ និងបុគ្គល​ដទៃ ឲ្យ​ជា​អធិទេវតាហេតុនោះ (លោក​​ពោល​ថា​​​) ទ្រង់​ជ្រាប​ធម្មជាត​ទាំងអស់​​​ដ៏ថោកទាប និងប្រសើរ។

[២២៤] ពាក្យថា​​ ព្រះសាស្ដា ទ្រង់​ធ្វើ​ទីបំផុត​នៃប្រស្នា អធិប្បាយថា​​ ព្រះមាន​ព្រះភាគ​ទ្រង់​ធ្វើ​ទីបំផុត​ ធ្វើ​ទីបំផុត​ជុំវិញ ធ្វើ​ការ​កំណត់ ធ្វើ​ផ្លូវជុំវិញ នៃបារាយនិកប្បញ្ហា ទ្រង់​ធ្វើ​ទី​បំផុត​ ធ្វើ​ទីបំផុត​ជុំវិញ ធ្វើ​ការ​កំណត់ ធ្វើ​ផ្លូវជុំវិញ នៃបរិសប្បញ្ហា ទ្រង់​ធ្វើ​ទីបំផុត​ ធ្វើ​ទីបំផុត​​ជុំវិញ ធ្វើ​ការ​កំណត់ ធ្វើ​ផ្លូវជុំវិញ នៃបិង្គិយប្បញ្ហា ទ្រង់​ធ្វើ​​ទីបំផុត​ ធ្វើ​ទីបំផុត​ជុំវិញ ធ្វើ​ការ​​កំណត់ ធ្វើ​ផ្លូវ​ជុំវិញ នៃសក្កប្បញ្ហា អមនុស្សប្បញ្ហា​ ភិក្ខុប្បញ្ហា ភិក្ខុនីបញ្ហា ឧបាសកប្បញ្ហា ឧបាសិកាបញ្ហា រាជប្បញ្ហា ខត្តិយប្បញ្ហា ព្រាហ្មណប្បញ្ហា វេស្សប្បញ្ហា សុទ្ទប្បញ្ហា ព្រហ្មប្បញ្ហា ហេតុនោះ (លោក​ពោលថា​​​) ទ្រង់​ធ្វើនូវ​ទីបំផុត​នៃបញ្ហាទាំងឡាយ។ ពាក្យថា​​ ព្រះសាស្ដា បានន័យថា​​ ព្រះមាន​ព្រះភាគ ទ្រង់​ជាអ្នក​នាំពួក​។ អ្នក​នាំពួក​ ញុំាងពួក​ឲ្យ​ឆ្លង​ផ្លូវលំបាក​ គឺឲ្យ​ឆ្លងផ្លូវលំបាក​គឺចោរ ឲ្យ​ឆ្លងផ្លូវលំបាក​គឺសត្វសាហាវ ឲ្យ​ឆ្លងផ្លូវលំបាក​​គឺទុរ្ភិក្ស ឲ្យ​ឆ្លង ឲ្យ​ឆ្លងឡើង ឲ្យ​ឆ្លងចេញ​អំពី​ផ្លូវលំបាក​ គឺមិន​មាន​ទឹក ឲ្យ​ដល់​ខេមន្តភូមិ​​យ៉ាងណា​ ព្រះមាន​ព្រះភាគ ទ្រង់​ជា​អ្នក​នាំពួក​ ញុំាងសត្វឲ្យ​ឆ្លងផ្លូវលំបាក​ គឺឲ្យ​ឆ្លងផ្លូវ​លំបាក​ គឺ ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ ឲ្យ​ឆ្លងផ្លូវលំបាក​គឺ រាគៈ ឲ្យ​ឆ្លងផ្លូវលំបាក​គឺ ទោសៈ មោហៈ មានះ ទិដ្ឋិ កិលេស ទុច្ចរិត ​ឲ្យ​ឆ្លងព្រៃស្បាត គឺរាគៈ ឲ្យ​ឆ្លងព្រៃស្បាត គឺទោសៈ ឲ្យ​ឆ្លង​ព្រៃស្បាត គឺមោហៈ ឲ្យ​ឆ្លង ឲ្យ​​ឆ្លង​ឡើង ឲ្យ​ឆ្លងចេញ​អំពី​ព្រៃស្បាត គឺទិដ្ឋិ កិលេស និងទុច្ចរិត ឲ្យ​ដល់​​ខេមន្តភូមិ គឺអមត​និព្វាន ក៏​យ៉ាង​នោះដែរ ហេតុនោះ ព្រះមាន​ព្រះភាគ ឈ្មោះថា​​ ជាអ្នក​នាំពួក​ ​យ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់​នាំ ទូន្មាន ទូន្មាន​រឿយៗ ទ្រង់​ឲ្យ​យល់ ឲ្យ​ចូលចិត្ត ឲ្យ​​ឃើញ​ ឲ្យ​ជ្រះថ្លា ហេតុនោះ ព្រះមាន​ព្រះភាគ ឈ្មោះថា​​ ជាអ្នក​នាំពួក​ ​យ៉ាងនេះ​ក៏បាន។ ឬថា​​ ព្រះមាន​ព្រះភាគទ្រង់​ញុំាងមគ្គ ដែល​មិន​ទាន់កើតឲ្យ​កើតបាន ញុំាងមគ្គដែល​មិន​ទាន់ក​កើត​ឲ្យកកើតបាន​ ទ្រង់​ប្រាប់មគ្គដែល​គេមិន​ទាន់ប្រាប់ ទ្រង់​ជ្រាបមគ្គ ទ្រង់​ស្គាល់មគ្គ ទ្រង់​ឈ្លាស​ក្នុង​មគ្គ ចំណែក​ខាងពួក​សាវ័ក ក្នុង​កាល​ឥឡូវនេះ ជាអ្នក​ដើរទៅ​តាមមគ្គ ជាអ្នក​ប្រកប​ក្នុង​កាលខាងក្រោយ ហេតុនោះ ព្រះមាន​ព្រះភាគ ឈ្មោះថា​​ ជាអ្នក​នាំពួក​ ​យ៉ាងនេះក៏បាន ហេតុនោះ (លោក​ពោលថា​) ព្រះសាស្ដា ទ្រង់​ធ្វើ​ទីបំផុត​ នៃប្រស្នា​ទាំង​ឡាយ។

[២២៥] ពាក្យថា​​ ដល់​ពួក​ជនអ្នក​សង្ស័យ ដែល​ប្ដេជ្ញា (ថា​​ជាអ្នក​អស់​សង្ស័យ) អធិប្បាយថា​​ ជនទាំងឡាយ ដែល​មាន​សេចក្តី​ងឿងឆ្ងល់ មកសម្រេច​ថា​​ ជាអ្នក​មិន​មាន​​សេចក្តី​​ងឿងឆ្ងល់ អ្នក​ដែល​មាន​ចិត្តរសេមរសាម មកសម្រេច​ថា​​ ជាអ្នក​​មាន​ចិត្តមិន​​​រសេមរសាម អ្នក​ដែល​មាន​ចិត្ត​បែកជាពីរ មកសម្រេច​ថា​​ ជាអ្នក​មាន​​ចិត្តមិន​បែក​ជាពីរ អ្នក​ដែល​​មាន​សេចក្តី​ស្ទាក់ស្ទើរ មកសម្រេច​ថា​​ ជាអ្នក​មិន​មាន​សេចក្តី​ស្ទាក់ស្ទើរ អ្នក​ដែល​​​មាន​រាគៈ មកសម្រេច​ថា​​ ជាអ្នក​​មិន​មាន​រាគៈ អ្នក​ដែល​មាន​ទោសៈ មកសម្រេច​ថា​​ ជាអ្នក​​​មិន​មាន​ទោសៈ អ្នក​ដែល​មាន​​មោហៈ មកសម្រេច​ថា​​ ជាអ្នក​​មិន​មាន​មោហៈ អ្នក​ដែល​​​មាន​កិលេស មកសម្រេច​ថា​​ ជាអ្នក​មិន​​មាន​កិលេស ហេតុនោះ (លោក​ពោលថា​​ ​) ដល់​​ពួក​ជន​អ្នក​សង្ស័យ ដែល​ប្ដេជ្ញា (ថា​​ជាអ្នក​អស់​​សង្ស័យ ​)។ ហេតុនោះ ព្រះបិង្គិយត្ថេរ​​​ពោលថា​​

ព្រះសាស្ដា ទ្រង់​ជ្រាបច្បាស់​នូវអធិទេវតាទាំងឡាយ ទ្រង់​ជ្រាបនូវធម្មជាត​ទាំងអស់​ ដែល​ថោកទាប និងប្រសើរ ទ្រង់​ធ្វើ​ទីបំផុត​​នៃប្រស្នាទាំងឡាយ ដល់​ពួក​ជនអ្នក​សង្ស័យ​ដែល​ប្ដេជ្ញា (ថា​​ជាអ្នក​អស់​សង្ស័យ ​)។

[២២៦] ទីណា​ ដែល​កិលេសនាំទៅ​មិន​បាន ដែល​មិន​កម្រើក មួយទៀត ទីណា​ ដែល​មិន​មាន​ឧបមា ក្នុង​ឋានណា​មួយ ខ្ញុំនឹងទៅ​កាន់​ទីនោះ ដោយ​ពិត ខ្ញុំមិន​មាន​សេចក្តី​ងឿងឆ្ងល់ ក្នុង​ទីនោះទេ សូមព្រះអង្គចាំ​ទុក​នូវខ្ញុំព្រះអង្គ ថា​​ជាអ្នក​មាន​ចិត្ត​ចុះស៊ប់ហើយ​ ​យ៉ាងនេះចុះ។

[២២៧] ពាក្យថា​​ ទីណា​ ដែល​កិលេសនាំទៅ​មិន​បាន ដែល​មិន​កម្រើក អធិប្បាយថា​​ អមតនិព្វាន ហៅ​ថា​​ ទីដែល​កិលេសនាំទៅ​មិន​បាន បានដល់​ការ​រម្ងាប់សង្ខារ​ទាំងពួង ការ​​រលាស់​ចោលឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការ​ប្រាសចាក​រាគៈ សេចក្តី​រលត់ទុក្ខ និពា្វន។ ត្រង់ពាក្យថា​​ ដែល​កិលេសនាំទៅ​មិន​បាន គឺ ដែល​រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ឋម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេស​ទាំងពួង ទុច្ចរិតទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង សេចក្តី​អន្ទះ​អន្ទែង​ទាំងពួង អកុសលាភិសង្ខារ​ទាំងពួង នាំទៅ​មិន​បាន គឺថា​​ ជាទីទៀង ទៀងទាត់ ពិតប្រាកដ មិន​ប្រែប្រួលជាធម្មតា ហេតុនោះ (លោក​ពោលថា) ដែល​កិលេសនាំទៅ​​មិន​បាន។ ត្រង់​ពាក្យថា​​ មិន​កម្រើក សេចក្តី​ថា​​ អមតនិព្វាន ហៅ​ថា​​ ទីមិន​កម្រើក បានដល់​ ការ​រម្ងាប់សង្ខារ​​ទាំងពួង ការ​រលាស់ចោលឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការ​ប្រាសចាក​​រាគៈ សេចក្តី​រលត់ និព្វាន។ ការ​កើតឡើងនៃធម្មជាត​ណា​ ប្រាកដ ការ​វិនាស​នៃធម្មជាត​​ណា​ មិន​មាន​ ការ​ពិត​នៃធម្មជាត​នោះ ក៏រមែង​ប្រាកដ គឺថា​​ ព្រះនិព្វាន​ទៀង ជាធម្មជាត​ទៀងទាត់ ពិត​ប្រាកដ មិន​ប្រែប្រួល​ជាធម្មតា ហេតុនោះ (លោក​ពោលថា) ទីណា​ ដែល​កិលេសនាំទៅ​​មិន​បាន ដែល​មិន​កម្រើក។

[២២៨] អធិប្បាយពាក្យថា​​ ទីណា​ដែល​មិន​មាន​ឧបមា ក្នុង​ឋានណា​មួយ ត្រង់ពាក្យ​ថា​​ ទីណា​ បានដល់​និព្វាន។ ពាក្យថា​​ មិន​មាន​ឧបមា គឺ មិន​មាន​សេចក្តី​ប្រៀបផ្ទឹម មិន​មាន​​ការ​​ប្រៀបធៀប មិន​មាន​ភាពស្មើគ្នា មិន​មាន​ មិន​មាន​ព្រម មិន​បាននូវចំណែកប្រៀប ហេតុ​នោះ (លោក​ពោលថា) មិន​មាន​ឧបមា។ ពាក្យថា​​ ក្នុង​ឋានណា​មួយ គឺ ក្នុង​ទីណា​មួយ ក្នុង​ទីដូច​ម្ដេច ក្នុង​ទីណា​ ជាខាងក្នុង​ ឬខាងក្រៅ ឬទាំងខាងក្នុង​ទាំងខាងក្រៅ ហេតុនោះ (លោក​ពោលថា) ទីណា​ ដែល​មិន​មាន​ឧបមាក្នុង​ឋានណា​មួយ។

[២២៩] អធិប្បាយពាក្យថា​ ខ្ញុំនឹងទៅ​កាន់​ទីនោះ ដោយ​ពិត ខ្ញុំមិន​មាន​សេចក្តី​ងឿង​ឆ្ងល់ ​ក្នុង​ទីនោះទេ ត្រង់ពាក្យថា ខ្ញុំនឹងទៅ​ដោយ​ពិត គឺ ខ្ញុំនឹងដើរទៅ​ នឹងបាន នឹងពាល់ត្រូវ នឹងធ្វើ​ឲ្យ​ជាក់ច្បាស់​ដោយ​ពិត ហេតុនោះ (លោក​ពោលថា) ខ្ញុំនឹងទៅ​ដោយ​ពិត។ ពាក្យថា​​ ខ្ញុំមិន​មាន​សេចក្តី​ងឿងឆ្ងល់ ក្នុង​ទីនោះទេ គឺ សេចក្តី​ងឿងឆ្ងល់មិន​មាន​ ការ​ស្ទាក់ស្ទើរ​មិន​​មាន​​ ការ​គិតបែកជាពីរមិន​មាន​ ការ​សង្ស័យមិន​មាន​ មិន​មាន​ព្រម មិន​កើតមាន​ក្នុង​​និព្វាន​នោះទេ គឺថា​​ ខ្ញុំលះបង់ ផ្ដាច់ផ្ដិល រម្ងាប់ គ្របសង្កត់ ធ្វើ​មិន​គួរឲ្យ​កើតឡើងបាន ដុត​ដោយ​ភ្លើង គឺ ញាណហើយ​ ហេតុនោះ (លោក​ពោលថា) ខ្ញុំនឹងទៅ​កាន់​ទីនោះ ដោយ​ពិត ខ្ញុំមិន​មាន​សេចក្តី​ងឿងឆ្ងល់ ក្នុង​ទីនោះទេ។

[២៣០] ពាក្យថា សូមព្រះអង្គចាំ​ទុកនូវខ្ញុំព្រះអង្គ ថា​​ជាអ្នក​មាន​ចិត្តចុះស៊ប់​ហើយ​​​យ៉ាងនេះចុះ ត្រង់ពាក្យថា​​ សូមព្រះអង្គចាំ​ទុកនូវខ្ញុំព្រះអង្គ​យ៉ាងនេះ គឺ សូមព្រះអង្គកំណត់​ទុកនូវខ្ញុំព្រះអង្គ​យ៉ាងនេះ។ ពាក្យថា​​ មាន​ចិត្តចុះស៊ប់ហើយ​ គឺ មាន​ចិត្តទេរទៅ​រក​ព្រះនិព្វាន ទោរទៅ​រក​ព្រះនិព្វាន ឈមទៅ​រក​ព្រះនិព្វាន ឱនទៅ​រក​ព្រះនិព្វាន ហេតុនោះ (លោក​​ពោល​ថា) សូមព្រះអង្គចាំ​ទុកនូវខ្ញុំព្រះអង្គ ថា​​ជាអ្នក​មាន​ចិត្តចុះស៊ប់ហើយ​ ​យ៉ាងនេះចុះ។ ហេតុ​នោះ ព្រះបិង្គិយត្ថេរ​ពោលថា​​

ទីណា​ ដែល​កិលេសនាំទៅ​មិន​បាន ដែល​មិន​កម្រើក មួយទៀត ទីណា​ ដែល​មិន​មាន​ឧបមា ក្នុង​ឋានណា​មួយ ខ្ញុំនឹងទៅ​កាន់​ទីនោះ ដោយ​ពិត ខ្ញុំមិន​មាន​សេចក្តី​ងឿងឆ្ងល់ក្នុង​ទីនោះទេ សូមព្រះអង្គចាំ​ទុកនូវខ្ញុំព្រះអង្គ ថា​​ជាអ្នក​មាន​ចិត្តចុះស៊ប់ហើយ​ ​យ៉ាងនេះចុះ។

ចប់ បារាយនវគ្គ។

ខគ្គវិសាណសុត្តនិទ្ទេស

[២៣១] (ព្រះបច្ចេកពុទ្ធត្រាស់ថា) បុគ្គលទម្លាក់ចេញ​នូវអាជ្ញាចំពោះ​ពួក​សត្វទាំងពួង មិន​បៀតបៀននូវសត្វទាំងនោះ សូម្បី​សត្វណា​មួយ គេមិន​ចង់បានបុត្រទៅ​ហើយ​ តើនឹងប្រាថ្នាសម្លាញ់អំពី​ណា​កើត បុគ្គលនោះតែង​ប្រព្រឹត្តម្នាក់ឯង ដូច​​កុយរមាស។

[២៣២] អធិប្បាយពាក្យថា​​ បុគ្គលទម្លាក់ចេញ​នូវអាជ្ញា ចំពោះ​ពួក​សត្វទាំងពួង ត្រង់​ពាក្យ​ថា​​ ទាំងពួង គឺ គ្រប់ទាំងអស់​ សព្វទាំងអស់​ មិន​សល់ ឥតសល់ ពាក្យថា​​ ទាំងពួងនុ៎ះ ជាពាក្យ​ពោលរួម។ ពាក្យថា​​ ពួក​សត្វ សេចក្តី​ថា​​ ពួក​សត្វតក់ស្លុត និងពួក​សត្វនឹងនួន ហៅ​ថា​​ ពួក​សត្វ។ ពាក្យថា​​ ពួក​សត្វតក់ស្លុត បានខាងពួក​សត្វ​មិន​ទាន់លះបង់តណ្ហា និង​ពួក​​សត្វ មិន​ទាន់លះបង់ភ័យ​ដែល​គួរខ្លាច។ ដែល​លោក​ពោលថា​​ ពួក​សត្វតក់ស្លុត តើ​ព្រោះ​ហេតុដូច​ម្ដេច។ សត្វទាំងនោះ រមែង​តក់ស្លុត ញ័រចំប្រប់ ញាប់ញ័រ ដល់​នូវសេចក្តី​​តក់ស្លុត ព្រោះ​ហេតុនោះ លោក​ពោលថា​​ ពួក​សត្វ​តក់ស្លុត។ ពាក្យថា​​ ពួក​សត្វ​នឹងនួន ​បានខាង​ពួក​សត្វ​លះបង់តណ្ហាហើយ​ និងពួក​សត្វលះបង់​ភ័យ​ដែល​គួរខ្លាច។ ដែល​លោក​​ពោលថា​​ ពួក​សត្វនឹងនួន តើព្រោះ​ហេតុដូច​ម្ដេច។ សត្វទាំងនោះ​មិន​តក់ស្លុត មិន​ញ័រចំប្រប់ មិន​ញាប់ញ័រ មិន​ដល់​នូវសេចក្តី​តក់ស្លុត ព្រោះ​ហេតុនោះ លោក​ពោលថា​​ ពួក​សត្វ​នឹងនួន។ ​ពាក្យថា​​ អាជ្ញា បានដល់​អាជ្ញា ៣ គឺ អាជ្ញាគឺកាយ ១ អាជ្ញាគឺវាចា ១ អាជ្ញាគឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា​​ អាជ្ញាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា​​ អាជ្ញាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា​​ អាជ្ញាគឺចិត្ត។ ពាក្យថា​​ បុគ្គលទម្លាក់​​ចេញ​នូវអាជ្ញា ចំពោះ​ពួក​​សត្វទាំងពួង បាន​ន័យ​ថា​​ ​បុគ្គល​ទម្លាក់ចេញ​ ដាក់ចេញ​ បោះបង់ រលាស់ចោល រម្ងាប់នូវអាជ្ញា​ចំពោះ​ពួក​​សត្វ​ទាំងពួង ហេតុនោះ (លោក​ពោលថា​​​) បុគ្គលទម្លាក់​ចេញ​នូវអាជ្ញា ចំពោះ​​ពួក​សត្វ​ទាំងពួង។

[២៣៣] ត្រង់ពាក្យថា​​ មិន​បៀតបៀននូវសត្វទាំងនោះ សូម្បី​សត្វណា​មួយ គឺ មិន​​បៀតបៀន​​នូវសត្វ​​សូម្បីតែមួយ ដោយ​ដៃក្តី ដោយ​ដុំដីក្តី ដោយ​ដំបងក្តី ដោយ​សស្ត្រាក្តី ដោយ​ពួរក្តី ដោយ​ខ្សែក្តី មិន​បៀតបៀន​នូវពួក​សត្វ​ទាំងអស់​ ដោយ​ដៃក្តី ដោយ​ដុំដីក្តី ដោយ​​ដំបង​ក្តី ដោយ​សស្ត្រាក្តី ដោយ​ពួរក្តី ដោយ​ខ្សែក្តី ហេតុនោះ (លោក​ពោលថា​​​) មិន​បៀត​បៀន​​​នូវសត្វ​ទាំងនោះ សូម្បី​សត្វណា​មួយ។

[២៣៤] អធិប្បាយពាក្យថា​​ មិន​ចង់បានបុត្រទៅ​ហើយ​ តើនឹងប្រាថ្នា​សំឡាញ់អំពី​​ណា​កើត ត្រង់ពាក្យថា​​ មិន​ គឺ ជាពាក្យបដិសេធ។ ពាក្យថា​​ បុត្រ បានដល់​បុត្រ ៤ គឺ បុត្រកើតអំពី​ខ្លួន ១ បុត្រកើតអំពី​ខេត្ត ១ បុត្រដែល​គេឲ្យ​ ១ បុត្រគឺសិស្ស ១។ ពាក្យថា​​ សំឡាញ់ សេចក្តី​ថា​​ ការ​ទៅ​សប្បាយ ការ​មកសប្បាយ ការ​ទៅ​មកសប្បាយ ការ​អង្គុយ​សប្បាយ ការ​ដេកសប្បាយ ការ​ហៅ​រក​សប្បាយ ការ​និយាយសប្បាយ ការ​និយាយឆ្លើយ​ឆ្លង​​រក​គ្នាសប្បាយ ជាមួយនឹងពួក​ជនណា​ ពួក​ជននោះ លោកហៅ​ថា​​ សំឡាញ់។ ពាក្យថា​​ មិន​ចង់បានបុត្រទៅ​ហើយ​ តើនឹងប្រាថ្នាសំឡាញ់ អំពី​ណា​កើត បានសេចក្តី​ថា​​ មិន​ប្រាថ្នា មិន​ត្រេកអរ​ មិន​ស្រឡាញ់ មិន​ជាប់ចំពាក់ សូម្បីនូវបុត្រទៅ​ហើយ​ តើនឹងប្រាថ្នា នឹង​ត្រេកអរ ​​​នឹងស្រឡាញ់ នឹងជាប់ចំពាក់ចំពោះ​មិត្តក្តី ចំពោះ​ជនដែល​ធ្លាប់ឃើញ​គ្នាក្តី ចំពោះ​មិត្រ​ធ្លាប់​បរិភោគរួមគ្នាក្តី ចំពោះ​សំឡាញ់ក្តី អំពី​ណា​កើត ហេតុនោះ (លោក​ពោល​ថា​​​) មិន​ចង់​បានបុត្រទៅ​ហើយ​ តើនឹងប្រាថ្នាសំឡាញ់អំពី​ណា​កើត។

[២៣៥] អធិប្បាយពាក្យថា​​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស ត្រង់ពាក្យថា​​ ម្នាក់​ឯង គឺ ព្រះបច្ចេក​សម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះ​ចំណែកបព្វជ្ជា ជាបុគ្គលម្នាក់ឯង ព្រោះ​អត្ថថា​​ មិន​មាន​បុគ្គលជាគំរប់ពីរ ជាបុគ្គលម្នាក់ឯង ព្រោះ​អត្ថថា​​ លះបង់​តណ្ហា ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុប្រាសចាក​រាគៈ​ដោយ​ដាច់ខាត ជាបុគ្គល​ម្នាក់ឯង ព្រោះ​​ហេតុប្រាស​ចាក​ទោសៈដោយ​ដាច់ខាត ជាបុគ្គល​​ម្នាក់ឯង ព្រោះ​ហេតុប្រាស​ចាក​មោហៈ​​ដោយ​ដាច់ខាត ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​មិន​មាន​​កិលេស​ដោយ​ដាច់ខាត ជាបុគ្គល​ម្នាក់ឯង ព្រោះ​​ហេតុ​ទៅ​កាន់​ផ្លូវជាទីទៅ​​តែម្នាក់​ឯង ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ត្រាស់​ដឹង​​នូវបច្ចេក​សម្ពោធិ​​ដ៏ប្រសើរ តែម្នាក់​ឯង។

ព្រះបច្ចេកសម្ពុទ្ធ​នោះ ឈ្មោះថា​​ជាបុគ្គល​ម្នាក់ឯង ព្រោះ​ចំណែក​បព្វជ្ជា តើដូច​ម្ដេច។ ព្រះបច្ចេក​សម្ពុទ្ធ​នោះ ទ្រង់​កាត់​បលិពោធ​​ក្នុង​ឃរាវាស កាត់​បលិពោធក្នុង​បុត្រ និងភរិយា កាត់​បលិពោធ​ក្នុង​ញាតិ កាត់បលិពោធក្នុង​ការ​សន្សំ កោរសក់ ពុកមាត់ និងពុកចង្កា ស្លៀក​ដណ្ដប់​សំពត់​កាសាយៈ ចេញ​ចាក​ផ្ទះចូលទៅ​​កាន់​ផ្នួស ដល់​នូវភាពមិន​មាន​កង្វល់ ជាបុគ្គល​ម្នាក់ឯង ចរទៅ​ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា​​ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ចំណែកបព្វជ្ជា ​យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះ​អត្ថថា​​ មិន​មាន​បុគ្គលជាគំរប់ពីរ តើដូច​ម្ដេច។ ព្រះបច្ចេកសម្ពុទ្ធនោះ កាលបួស​យ៉ាងនេះហើយ​ ជាបុគ្គលម្នាក់ឯង គប់រក​​សេនាសនៈ​ដ៏ស្ងាត់ គឺ ព្រៃរបោះ និងព្រៃ​ញាតស្បាត ជាទីមិន​មាន​សំឡេង មិន​មាន​សំឡេង​គឹកកង ប្រាសចាក​ខ្យល់ដែល​កើតអំពី​សរីរៈមនុស្ស ជាទីស្ងាត់កំបាំងរបស់មនុស្ស សមគួរ​ដល់​ទីពួនសម្ងំ លោកដើរទៅ​ម្នាក់ឯង ឈរនៅ​ម្នាក់ឯង អង្គុយម្នាក់ឯង សម្រេច​​សេយ្យា​ម្នាក់ឯង ចូលទៅ​កាន់​ស្រុក ដើម្បី​បិណ្ឌបាត​ម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង អង្គុយក្នុង​ទី​ស្ងាត់​ម្នាក់ឯង អធិដ្ឋាន​ចង្រ្កម​ម្នាក់ឯង ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​តែម្នាក់ឯង ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ ជាបុគ្គល​ម្នាក់ឯង ព្រោះ​អត្ថថា ​​​មិន​មាន​បុគ្គល​ជាគំរប់ពីរ ​យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ព្រោះ​អត្ថថា​​ លះបង់តណ្ហា តើដូច​ម្ដេច។ ព្រះបច្ចេក​សម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ឥតមាន​បុគ្គល​ជាគំរប់ពីរ​យ៉ាងនេះហើយ​ ជាអ្នក​​មិន​ប្រហែស មាន​ព្យាយាម​ដុតកំដៅ​កិលេស មាន​ចិត្តស្លុង (ទៅ​កាន់​ព្រះនិព្វាន) ផ្គង​ព្យាយាម​ធំ កំចាត់​បង់មារ ព្រមទាំង​សេនានៃមារ ដែល​មិន​ដោះលែង ជាផៅពង្ស​នៃបុគ្គល​ប្រហែស គឺថា​​ លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ញុំាងតណ្ហាដូច​ជាបណ្តាញ ដែល​ហូរទៅ​ ផ្សាយទៅ​ ឲ្យ​ដល់​នូវការ​មិន​កើតមាន។

បុរសមាន​តណ្ហាជាគំរប់ពីរ កាលអន្ទោល​ទៅ​អស់​កាល​ដ៏វែង រមែង​មិន​កន្លងផុតសង្សារ មាន​ភាពបែប​នេះ និងភាព​ដទៃ ភិក្ខុអ្នក​មាន​សតិ ប្រាសចាក​តណ្ហា មិន​មាន​សេចក្តី​ប្រកាន់​ លុះឃើញ​ទោស​យ៉ាងនេះហើយ​ គួរវៀរនូវតណ្ហា ជាដែនកើត​ទុក្ខចេញ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ព្រោះ​អត្ថថា​​ លះបង់តណ្ហា​យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុប្រាសចាក​រាគៈដោយ​ដាច់ខាត តើដូច​ម្ដេច។ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុប្រាសចាក​រាគៈ​ដោយ​ដាច់ខាត ព្រោះ​លោក​​លះ​រាគៈហើយ។ ជាបុគ្គលម្នាក់ឯង ព្រោះ​ហេតុ​ប្រាសចាក​​ទោសៈដោយ​ដាច់ខាត ព្រោះ​​លោក​លះទោសៈ​ហើយ។ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុប្រាស​ចាក​មោហៈ​ដោយ​ដាច់ខាត ព្រោះ​លោកលះ​​មោហៈហើយ។ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​មិន​មាន​​កិលេស​ដោយ​​ដាច់ខាត ព្រោះ​លោក​លះកិលេស​ទាំងឡាយ​ហើយ។ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុប្រាស​​ចាក​រាគៈ​ដោយ​ដាច់ខាត ​យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គល​ម្នាក់ឯង ព្រោះ​ហេតុ​ទៅ​កាន់​ផ្លូវ​ជាទីទៅ​ម្នាក់ឯង តើដូច​ម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ លោកហៅ​ថា​​ ផ្លូវជាទីទៅ​ម្នាក់ឯង។

បុគ្គលអ្នក​ឃើញ​ទីបំផុត​នៃកិរិយាអស់​ជាតិ ជាអ្នក​អនុគ្រោះនូវប្រយោជន៍ រមែង​ដឹងច្បាស់​នូវផ្លូវជាទីទៅ​ម្នាក់ឯង ពួក​អរិយបុគ្គល បានឆ្លងហើយ​ក្នុង​អតីតកាលក្តី នឹងឆ្លងក្នុង​អនាគតក្តី កំពុងឆ្លងក្នុង​បច្ចុប្បន្ននេះក្តី នូវឱឃៈ តាមផ្លូវនេះឯង។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះ​ហេតុទៅ​កាន់​ផ្លូវជាទីទៅ​ម្នាក់ឯង ​យ៉ាងនេះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលម្នាក់ឯង ព្រោះ​ហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិ​​ដ៏ប្រសើរ តែម្នាក់ឯង តើដូច​ម្ដេច។ ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ វិមំសា វិបស្សនា សម្មាទិដិ្ឋ ក្នុង​មគ្គទាំង ៤ លោកហៅ​ថា​​ ពោធិ។ ព្រះបច្ចេកសម្ពុទ្ធនោះ ត្រាស់ដឹងហើយ​នូវសច្ចៈទាំងឡាយ ដោយ​បច្ចេកពុទ្ធញ្ញាណ ត្រាស់ដឹងហើយ​ថា​​ សង្ខារ​ទាំងពួងមិន​ទៀង ត្រាស់ដឹង​ហើយ​ថា​​ សង្ខារ​ទាំងពួងជាទុក្ខ ត្រាស់ដឹងហើយ​ថា​​ ធម៌​ទាំងពួងជាអនតា្ត ត្រាស់ដឹងហើយ​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជាជា​បច្ច័យ ត្រាស់ដឹងហើយ​ថា វិញ្ញាណ (កើតមាន) ព្រោះ​សង្ខារ​ជាបច្ច័យ ត្រាស់ដឹងហើយ​ថា​​ នាម ​និងរូប (កើតមាន) ព្រោះ​វិញ្ញាណជាបច្ច័យ ត្រាស់ដឹងហើយ​ថា អាយតនៈ ៦ (កើតមាន​) ព្រោះ​នាមរូបជាបច្ច័យ ត្រាស់ដឹងហើយ​ថា​​ ផស្សៈ (កើតមាន) ព្រោះ​អាយតនៈ ៦ ជាបច្ច័យ ​ត្រាស់ដឹងហើយ​ថា​​ វេទនា (កើតមាន) ព្រោះ​ផស្សៈ​ជាបច្ច័យ ត្រាស់ដឹង​ហើយ​ថា​​ តណ្ហា (កើតមាន​) ព្រោះ​វេទនា​ជាបច្ច័យ ត្រាស់ដឹងហើយ​ថា ឧបាទាន (កើតមាន) ព្រោះ​តណ្ហា​ជាបច្ច័យ ត្រាស់ដឹងហើយ​ថា ភព (កើតមាន) ព្រោះ​ឧបាទាន​ជាបច្ច័យ ត្រាស់ដឹង​​ហើយ​ថា ជាតិ (កើតមាន​) ព្រោះ​ភពជាបច្ច័យ ត្រាស់ដឹងហើយ​ថា​​ ជរា និងមរណៈ (កើត​មាន) ព្រោះ​ជាតិជាបច្ច័យ ត្រាស់ដឹងហើយ​ថា ការ​រលត់សង្ខារ​ ព្រោះ​ការ​រលត់​ទៅ​នៃអវិជ្ជា ត្រាស់​ដឹង​ហើយ​ថា​​ ការ​រលត់​វិញ្ញាណ ព្រោះ​ការ​រលត់​សង្ខារ​ ត្រាស់ដឹងហើយ​ថា ការ​​រលត់​នាមរូប ព្រោះ​ការ​រលត់​វិញ្ញាណ ត្រាស់ដឹងហើយ​ថា​ ការ​រលត់​អាយតនៈ ៦ ព្រោះ​ការ​រលត់​នាម ​និងរូប ត្រាស់ដឹងហើយ​ថា​​ ការ​រលត់ផស្សៈ ព្រោះ​ការ​រលត់អាយតនៈ ៦ ត្រាស់ដឹងហើយ​ថា​​ ការ​រលត់វេទនា ព្រោះ​ការ​រលត់ផស្សៈ ត្រាស់ដឹងហើយ​ថា​​ ការ​រលត់​តណ្ហា ព្រោះ​ការ​​រលត់​វេទនា ត្រាស់ដឹង​ហើយ​ថា​​ ការ​រលត់ឧបាទាន ព្រោះ​ការ​រលត់​តណ្ហា ត្រាស់ដឹងហើយ​ថា​​ ការ​រលត់ភព ព្រោះ​ការ​រលត់​ឧបាទាន ត្រាស់ដឹង​ហើយ​ថា​​ ការ​រលត់​ជាតិ ព្រោះ​ការ​​រលត់​ភព ត្រាស់ដឹង​ហើយ​ថា​​ ការ​រលត់ជរា មរណៈ ព្រោះ​ការ​រលត់​ជាតិ ត្រាស់ដឹងហើយ​ថា​​ នេះ​ទុក្ខ ត្រាស់ដឹងហើយ​ថា​​ នេះការ​កើតទុក្ខ ត្រាស់ដឹងហើយ​ថា​​ នេះការ​រលត់ទុក្ខ ត្រាស់ដឹង​ហើយ​ថា​​ នេះបដិបទា​ជាដំណើរ​ទៅ​កាន់​ការ​រលត់ទុក្ខ ​ត្រាស់ដឹង​​ហើយ​ថា​​ ទាំងនេះ​អាសវៈ ត្រាស់ដឹងហើយ​ថា​​ នេះការ​កើតអាសវៈ ត្រាស់ដឹងហើយ​ថា​​ នេះការ​រលត់អាសវៈ ត្រាស់​ដឹង​ហើយ​ថា​​ នេះបដិបទា​ជាដំណើរ​ទៅ​កាន់​ការ​រលត់អាសវៈ ត្រាស់ដឹងហើយ​ថា​​ ធម៌ទាំង​នេះ គួរដឹងច្បាស់​ ត្រាស់ដឹងហើយ​ថា​​ ធម៌ទាំងនេះគួរលះបង់​ ត្រាស់ដឹង​ហើយ​ថា​​ ធម៌ទាំង​នេះ​គួរចំរើន ត្រាស់ដឹងហើយ​នូវការ​កើតឡើងផង ការ​​វិនាសផង ទោសផង ការ​រលាស់​ចេញ​​នូវផស្សាយតនៈ ៦ ផង ត្រាស់ដឹង​ហើយ​នូវ​ការ​​កើតឡើងផង ការ​វិនាសផង ទោសផង ការ​រលាស់ចេញ​នូវ​ឧបាទានក្ខន្ធ ៥ ផង ត្រាស់​ដឹងហើយ​នូវការ​កើតឡើងផង ការ​វិនាសផង ទោសផង ការ​រលាស់ចេញ​នូវមហាភូតរូប ៤ ផង ត្រាស់ដឹងហើយ​ថា​​ ធម្មជាត​ណា​មួយ មាន​ការ​កើតឡើងជាធម្មតា ធម្មជាត​​ទាំង​អស់​នោះ មាន​ការ​រលត់ទៅ​​វិញជាធម្មតា គឺថា​​ ត្រាស់ដឹង ត្រាស់ដឹងតាម ត្រាស់ដឹងឯង ប៉ះពាល់ ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវធម៌​ដែល​ត្រូវ​ត្រាស់​ដឹង ដែល​ត្រូវត្រាស់ដឹងតាម ដែល​ត្រូវត្រាស់ដឹងឯង ដែល​ត្រូវប៉ះពាល់ ដែល​ត្រូវធ្វើ​ឲ្យ​​ជាក់ច្បាស់​ទាំងអស់​ ដោយ​បច្ចេក​ពោធិញ្ញាណនោះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ជា​បុគ្គលម្នាក់ឯង ព្រោះ​ហេតុត្រាស់ដឹងនូវបច្ចេកសម្ពោធិ​ដ៏ប្រសើរម្នាក់ឯង ​យ៉ាងនេះ។

ពាក្យថា​​ គប្បី​ប្រព្រឹត្ត បានដល់​ការ​ប្រព្រឹត្តិ ៨ គឺ ការ​ប្រព្រឹត្តិឥរិយាបថ ១ ការ​​ប្រព្រឹត្តិ​អាយតនៈ ១ ការ​ប្រព្រឹត្តិសតិ ១ ការ​ប្រព្រឹត្តិសមាធិ ១ ការ​ប្រព្រឹត្តិញាណ ១ ការ​​ប្រព្រឹត្តិមគ្គ ១ ការ​ប្រព្រឹត្តិបដិបត្តិ ១ ការ​ប្រព្រឹត្តិជាប្រយោជន៍លោក ១។ ពាក្យថា​​ ការ​​ប្រព្រឹត្តិឥរិយាបថ បានដល់​ ការ​ប្រព្រឹត្តិ​ក្នុង​ឥរិយាបថ ៤។ ពាក្យថា​​ ការ​ប្រព្រឹត្តិអាយតនៈ បានដល់​ ការ​​ប្រព្រឹត្តិ​ក្នុង​អាយតនៈ ៦ ទាំងខាងក្នុង​ទាំងខាងក្រៅ។ ពាក្យថា​​ ការ​ប្រព្រឹត្តិ​សតិ បានដល់​​ការ​ប្រព្រឹត្តិ​ក្នុង​សតិប្បដ្ឋាន ៤។ ពាក្យថា​​ ការ​ប្រព្រឹត្តិសមាធិ បានដល់​ការ​ប្រព្រឹត្តិ​ក្នុង​ឈាន ៤។ ពាក្យថា​​ ការ​ប្រព្រឹត្តិញាណ បានដល់​ការ​ប្រព្រឹត្តិក្នុង​អរិយសច្ច ៤។ ពាក្យថា​​ ការ​​ប្រព្រឹត្តិ​មគ្គ បានដល់​ការ​ប្រព្រឹត្តិក្នុង​មគ្គ ៤។ ពាក្យថា​​ ការ​ប្រព្រឹត្តិ​បដិបត្តិ បានដល់​ការ​​ប្រព្រឹត្តិ​​ក្នុង​សាមញ្ញផល ៤។ ពាក្យថា​​ ការ​ប្រព្រឹត្តិជា​ប្រយោជន៍​លោក បានដល់​ការ​ប្រព្រឹត្តិ​មាន​ក្នុង​ព្រះតថាគតទាំងឡាយ ជាអរហន្ដ​សម្មាសម្ពុទ្ធ ក្នុង​ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ដោយ​​ឯកទេសក្នុង​សាវ័ក​ទាំងឡាយ ដោយ​ឯកទេស។ ការ​ប្រព្រឹត្តិឥរិយាបថ សម្រាប់ពួក​​បុគ្គល​អ្នក​បរិបូណ៌ដោយ​សេចក្តី​កសាង ការ​ប្រព្រឹត្តិអាយតនៈ សម្រាប់បុគ្គលអ្នក​មាន​ទ្វា​រ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយទាំងឡាយ ការ​ប្រព្រឹត្តិ​សតិ សម្រាប់ពួក​បុគ្គលអ្នក​មាន​កិរិយានៅ​ដោយ​​​សេចក្តី​មិន​ប្រហែស ការ​ប្រព្រឹត្តិសមាធិ សម្រាប់ពួក​បុគ្គលអ្នក​ប្រកបរឿយៗ នូវ​អធិចិត្ត ការ​ប្រព្រឹត្តិ​ញាណ សម្រាប់ពួក​បុគ្គលអ្នក​បរិបូណ៌​ដោយ​បញ្ញា ការ​ប្រព្រឹត្តិមគ្គ សម្រាប់ពួក​បុគ្គលអ្នក​ប្រតិបត្តិត្រូវ ការ​ប្រព្រឹត្តិបដិបត្តិ​ សម្រាប់ពួក​បុគ្គលអ្នក​សម្រេច​ផល ការ​ប្រព្រឹត្តិជាប្រយោជន៍ សម្រាប់ព្រះតថាគត​ទាំងឡាយ ជាអរហន្ដសម្មាសម្ពុទ្ធ និង​សម្រាប់​ព្រះបច្ចេក​សម្ពុទ្ធ​ទាំងឡាយ ដោយ​ឯកទេស សម្រាប់​សាវ័ក​ទាំងឡាយ ដោយ​​ឯកទេស។ នេះការ​ប្រព្រឹត្តិ ៨។ ការ​ប្រព្រឹត្តិ ៨ ដោយ​ឡែកទៀត គឺ បុគ្គល​ជឿប្រព្រឹត្ត​ដោយ​សទ្ធា ១ ប្រឹងប្រព្រឹត្ត​ដោយ​វីរិយៈ ១ ប្រុងប្រព្រឹត្ត​ដោយ​សតិ ១ ធ្វើ​សេចក្តី​​មិន​​រាយមាយ ប្រព្រឹត្តដោយ​សមាធិ ១ ដឹងច្បាស់​ ប្រព្រឹត្តដោយ​បញ្ញា ១ ដឹងវិសេស ប្រព្រឹត្ត​ដោយ​វិញ្ញាណ ១ បុគ្គល​ប្រព្រឹត្តដោយ​ការ​ប្រព្រឹត្តិ​អាយតនៈថា​​ ពួក​ធម៌ជាកុសល របស់​បុគ្គលអ្នក​ប្រតិបត្តិ​​យ៉ាងនេះ រមែង​ប្រព្រឹត្តទៅ​ ១ បុគ្គល​ប្រព្រឹត្ត​ដោយ​វិសេសចរិយាថា បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ រមែង​បាននូវគុណ​វិសេស ១ នេះការ​ប្រព្រឹត្តិ ៨។ ការ​ប្រព្រឹត្តិ ៨ ដោយ​ឡែកទៀត គឺ ការ​​ប្រព្រឹត្តិដោយ​ការ​ឃើញ​ របស់សម្មាទិដិ្ឋ ១ ការ​ប្រព្រឹត្តិដោយ​​ការ​​លើកចិត្ត របស់​សម្មាសង្កប្បៈ ១ ការ​ប្រព្រឹត្តិ​​ដោយ​ការ​រក្សា របស់​សម្មាវាចា ១ ការ​ប្រព្រឹត្តិ​ដោយ​ការ​តាំងឡើង​របស់​សម្មាកម្មន្តៈ ១ ការ​ប្រព្រឹត្តិ​ដោយ​ការ​ផូរផង់ របស់​សម្មាអាជីវៈ ១ ការ​ប្រព្រឹត្តិ​​ដោយ​​ការ​ផ្គង របស់​សម្មាវាយាមៈ ១ ការ​ប្រព្រឹត្តិ​​ដោយ​ការ​ប្រុង របស់​សម្មាសតិ ១ ការ​ប្រព្រឹត្តិ​ដោយ​ការ​មិន​រាយមាយ របស់​សម្មាសមាធិ ១ នេះការ​ប្រព្រឹត្តិ ៨។

ពាក្យថា​​ ដូច​កុយរមាស គឺ កុយរមាស​មាន​តែមួយ មិន​មាន​ពីរ ​យ៉ាងណា​ ព្រះបច្ចេកសម្ពុទ្ធនោះ ប្រហែលនឹងកុយរមាសនោះ ប្រាកដស្មើដោយ​​កុយរមាស​នោះ មាន​​ការ​ប្រៀប​ដោយ​​កុយ​រមាសនោះ ​យ៉ាងនោះ។ វត្ថុមាន​រសប្រៃក្រៃលែង អ្នក​ផងតែង​និយាយ​ថា​​ ​ដូច​​អំបិល វត្ថុមាន​រសល្វីងក្រៃលែង អ្នក​ផង​តែង​និយាយថា​​ ដូច​ម្រះ វត្ថុ​មាន​រសផ្អែម​ក្រៃលែង​ អ្នក​ផង​តែង​និយាយថា​​ ដូច​ទឹកឃ្មុំ កំដៅ​ដ៏ក្រៃលែង អ្នក​ផង​តែង​និយាយថា​​ ដូច​ភ្លើង វត្ថុត្រជាក់​ដ៏ក្រៃលែង អ្នក​ផងតែង​និយាយថា​​ ដូច​ព្រឹល (ឬទឹកកក ​) ធារនៃ​ទឹក​ច្រើន អ្នក​ផងតែង​និយាយថា​​ ដូច​សមុទ្រ សាវ័កដែល​ដល់​នូវកំឡាំងអភិញ្ញា​ដ៏ច្រើន អ្នក​ផង​តែង​​​និយាយថា​​ ដូច​ព្រះសាស្ដា ​យ៉ាងណា​​មិញ ព្រះបច្ចេក​សម្ពុទ្ធ​នោះ ដូច​កុយរមាស​នោះ ប្រាកដស្មើ​ដោយ​កុយរមាសនោះ មាន​ការ​ប្រៀប​ដោយ​កុយរមាស​នោះ ជាបុគ្គលឯក​ មិន​​មាន​​​បុគ្គលជាគំរប់ពីរ របូតចាក​ចំណង​ហើយ​ តែង​ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ក្នុង​លោកដោយ​ប្រពៃ ក៏​យ៉ាងនោះ​ដែរ ព្រោះ​ហេតុនោះ លោក​ពោលថា​​ គប្បី​​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលទំលាក់ចេញ​នូវអាជ្ញា ចំពោះ​ពួក​សត្វទាំងពួង មិន​បៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណា​មួយ គេមិន​ចង់បានបុត្រទៅ​ហើយ​ តើនឹងប្រាថ្នាសំឡាញ់អំពី​ណា​កើតបុគ្គលនោះ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៣៦] សេចក្តី​ស្នេហា របស់បុគ្គលអ្នក​មាន​ការ​ជាប់ចំពាក់ រមែង​មាន ​សេចក្តី​ទុក្ខនេះ មាន​ឡើង ព្រោះ​អាស្រ័យ​សេចក្តី​ស្នេហា បុគ្គលកាលសំឡឹងឃើញ​ទោសដែល​កើតអំពី​សេចក្តី​ស្នេហា គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៣៧] អធិប្បាយពាក្យថា​​ សេចក្តី​ស្នេហា របស់បុគ្គលអ្នក​មាន​ការ​ជាប់ចំពាក់ រមែង​​មាន​ ត្រង់ពាក្យថា​​ ការ​ជាប់​ចំពាក់ បានដល់​ ការ​ជាប់ចំពាក់ ២ គឺការ​ជាប់ចំពាក់​ដោយ​​ការ​ឃើញ​ ១ ការ​ជាប់ចំពាក់ដោយ​ការ​ស្ដាប់ ១។

ការ​ជាប់ចំពាក់ ដោយ​ការ​ឃើញ​ តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ ឃើញ​ស្រី្ដ​ឬកុមារី ដែល​មាន​រូបល្អ គួររមិល​មើល ជាទី​ជ្រះថ្លា ប្រកបដោយ​​សម្បុរល្អ​ក្រៃលែង លុះ​មើលឃើញ​ហើយ​ ក៏កាន់​យកនិមិត្ត ដោយ​អនុព្យញ្ជនៈ​ថា​​ សក់ល្អ មុខល្អ ភ្នែកល្អ ​ត្រចៀក​ល្អ ច្រមុះល្អ បបូរមាត់ល្អ ធ្មេញល្អ មាត់ល្អ កល្អ ដោះល្អ ទ្រូងល្អ ពោះល្អ ចង្កេះល្អ ភ្លៅល្អ ជង្គង់ល្អ ដៃល្អ ម្រាមដៃល្អ ក្រចកល្អ លុះមើលឃើញ​ហើយ​ រមែង​ត្រេកអរ​សរសើរ ប៉ុនប៉ង ក្រវែលរក​ ជាប់តាម នូវចំណង គឺរាគៈ នេះការ​ជាប់ចំពាក់ដោយ​ការ​ឃើញ។

ការ​ជាប់ចំពាក់ដោយ​ការ​ឮ តើដូច​ម្ដេច។ បុគ្គលខ្លះ​ ក្នុង​លោកនេះ ឮថា​​ ស្រ្ដី ឬ​កុមារី ក្នុង​ស្រុកក្តី ក្នុង​និគមក្តី ឈ្មោះឯណោះ មាន​រូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយ​​សម្បុរល្អ​ក្រៃលែង លុះស្ដាប់ឮហើយ​ រមែង​ត្រេកអរ​ សសើរ ប៉ុនប៉ង ក្រវែល​រក​ ជាប់តាមនូវចំណង​គឺរាគៈ នេះការ​ជាប់ចំពាក់ដោយ​ការ​ឮ។

ពាក្យថា​​ សេចក្តី​ស្នេហា បានដល់​សេចក្តី​ស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។

តណ្ហាស្នេហា តើដូច​ម្ដេច។ អំពើដែល​បុគ្គលធ្វើ​ឲ្យ​មាន​ដែន ធ្វើ​ឲ្យ​មាន​ខាន់ ធ្វើ​ឲ្យ​​មាន​ជួរ ធ្វើ​ឲ្យ​មាន​ទីបំផុត​ ហួងហែង ប្រកាន់​ដោយ​ចំណែកតណ្ហា ទាំងប៉ុន្មានថា​​ នេះ របស់​អញ នុ៎ះ របស់អញ វត្ថុប៉ុណ្ណេះ របស់អញ វត្ថុមាន​ប្រមាណប៉ុណ្ណេះ របស់អញ រូប សំឡេង ក្លិន រស ផ្សព្វ កម្រាល ប្រដាប់​ស្លៀកពាក់ ខ្ញុំស្រីប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ជង្រុក ឃ្លាំង របស់អញ ប្រកាន់​នូវមហាប្រឹថពី សូម្បីទាំងអស់​ ដោយ​អំណា​ចតណ្ហា តណ្ហាវិបរិត ១០៨ ទាំងប៉ុន្មាន នេះតណ្ហាស្នេហា។

ទិដ្ឋិស្នេហា តើដូច​ម្ដេច។ សក្កាយទិដ្ឋិមាន​វត្ថុ ២០ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មាន​វត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ការ​សាំញ៉ាំគឺទិដ្ឋិ ផ្លូវលំបាក​គឺទិដ្ឋិ គ្រឿងចាក់ដោតគឺទិដ្ឋិ ការ​អន្ទះសាគឺទិដ្ឋិ គ្រឿងប្រកបទុក្ខគឺទិដ្ឋិ សេចក្តី​ប្រកាន់​ សេចក្តី​ប្រកាន់​ខ្ជាប់ ការ​ជាប់ចំពាក់ ការ​ស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស សភាពខុស លទិ្ធដូច​ជាកំពង់ សេចក្តី​ប្រកាន់​ក្នុង​ការ​​ស្វែងរក​ខុស ការ​ប្រកាន់​ឃ្លៀងឃ្លាត ការ​ប្រកាន់​ឃ្វាង ការ​ប្រកាន់​ខុស ការ​ប្រកាន់​ថា​​ពិត​ក្នុង​វត្ថុមិន​ពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន នេះទិដ្ឋិស្នេហា។

ពាក្យថា​​ សេចក្តី​ស្នេហា របស់បុគ្គលអ្នក​មាន​ការ​ជាប់ចំពាក់ រមែង​មាន​ បានន័យថា​​ តណ្ហាស្នេហាក្តី ទិដ្ឋិស្នេហាក្តី រមែង​មាន​ កើត កើតព្រម លូតលាស់ ចំរើនឡើង កើត​ប្រាកដឡើង ព្រោះ​វិបល្លាស​ជាបច័្ចយផង ព្រោះ​ការ​ជាប់ចំពាក់ដោយ​ការ​មើលឃើញ​ និង​ការ​ឮជាបច្ច័យផង ហេតុនោះ (លោក​ពោលថា​​​) សេចក្តី​ស្នេហារបស់បុគ្គលអ្នក​មាន​​ការ​​ជាប់ចំពាក់ រមែង​មាន។

[២៣៨] អធិប្បាយពាក្យថា​​ សេចក្តី​ទុក្ខនេះ មាន​ឡើងព្រោះ​អាស្រ័យ​​សេចក្តី​ស្នេហា ត្រង់ពាក្យថា​​ សេចក្តី​ស្នេហា បានដល់​​សេចក្តី​ស្នេហា ២ ​យ៉ាង គឺ តណ្ហាស្នេហា ១ ទិដ្ឋិ​ស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា​​ សេចក្តី​ទុក្ខនេះ មាន​​ឡើង សេចក្តី​ថា​​ បុគ្គលពួក​ខ្លះ ក្នុង​លោកនេះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្តទុច្ចរិត​​ដោយ​​វាចា ប្រព្រឹត្ត​ទុច្ចរិតដោយ​ចិត្ត សម្លាប់សត្វខ្លះ កាន់​យកទ្រព្យដែល​គេមិន​បានឲ្យ​ខ្លះ កាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់តូចខ្លះ ចាំ​ស្កាត់ផ្លូវខ្លះ គប់រក​ភរិយាបុគ្គលដទៃខ្លះ ​ពោល​ពាក្យកុហក​ខ្លះ។ ពួក​រាជបុរសចាប់បុគ្គលនុ៎ះ ថ្វាយព្រះរាជាថា​​ បពិត្រ​ព្រះសម្មតិទេព ចោរនេះ ប្រព្រឹត្ត​អាក្រក់ ទ្រង់​សព្វព្រះហឫទ័យអាជ្ញាណា​ សូមទ្រង់​ដាក់អាជ្ញានោះ ​ដល់​​ចោរនេះចុះ។ ព្រះរាជាទ្រង់​ដៀលត្មះចោរនោះ។ ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះ​ការ​​ដៀលត្មះជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​ចោរ​នោះ ព្រោះ​​សេចក្តី​ស្នេហាជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ព្រោះ​តម្រេកជា​បច្ច័យខ្លះ ព្រោះ​​សេចក្តី​រីករាយ និងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិន​សព្វព្រះហឫទ័យ ដោយ​​ហេតុ​មាន​​ប្រមាណប៉ុណ្ណេះទេ។ ព្រះរាជាញុំាងរាជបុរសឲ្យ​ចងចោរនោះ ដោយ​​ចំណង​គឺ​ខ្នោះក្តី ដោយ​ចំណងគឺខ្សែក្តី ដោយ​ចំណងគឺច្រវាក់ក្តី ដោយ​ចំណងគឺវល្លិក្តី ដោយ​ចំណង​គឺរបងក្តី ដោយ​ចំណងគឺស្រុកក្តី ដោយ​ចំណងគឺនិគមក្តី ដោយ​ចំណងគឺ​នគរក្តី ដោយ​​ចំណង​គឺដែនក្តី ដោយ​ចំណងគឺជនបទក្តី ដោយ​ហោចទៅ​ ព្រះរាជាធ្វើ​ការ​​ហាមប្រាម ដោយ​​ព្រះបន្ទូលថា​​ អ្នក​មិន​ត្រូវបានចេញ​អំពី​ទីនេះទេ។ ចោរនោះ រងទុក្ខ ទោមនស្ស ព្រោះ​ការ​ចង​ជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​ចោរនោះ ព្រោះ​​សេចក្តី​ស្នេហាជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ​ព្រោះ​​តម្រេកជាបច្ច័យខ្លះ ព្រោះ​​សេចក្តី​រីករាយនឹងតម្រេកជាបច្ច័យខ្លះ។ បើព្រះរាជាមិន​សព្វ​ព្រះហឫទ័យ ដោយ​ហេតុ​ត្រឹម​ប៉ុណ្ណេះទេ។ ព្រះរាជាទ្រង់​ឲ្យ​រឹបយកទ្រព្យនោះ រាប់រយ ឬ​រាប់ពាន់ របស់ចោរនោះ។​ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះ​ការ​សាបសូន្យទ្រព្យជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​ចោរនោះ ព្រោះ​សេចក្តី​​ស្នេហា​ជាបច្ច័យខ្លះ ព្រោះ​​សេចក្តី​​រីករាយជាបច្ច័យខ្លះ ព្រោះ​តម្រេកជាបច្ច័យខ្លះ ព្រោះ​​សេចក្តី​​រីករាយនឹងតម្រេក​ជាបច្ច័យខ្លះ។ បើព្រះរាជាមិន​សព្វព្រះហឫទ័យ ដោយ​ហេតុ​ប៉ុណ្ណេះទេ។ ព្រះរាជាក៏ទ្រង់​ឲ្យ​​ធ្វើ​កម្មករណ៍ផ្សេងៗ ដល់​ចោរនោះ គឺឲ្យ​វាយដោយ​ស៊ែខ្លះ ឲ្យ​វាយដោយ​រំពាត់ផ្ដៅខ្លះ ឲ្យ​វាយដោយ​ដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ​ទាំងជើងខ្លះ កាត់ស្លឹកត្រចៀក​ខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើ​ពិលង្គថា​​លិកកម្មខ្លះ ធ្វើ​សង្ខមុណ្ឌក​កម្មខ្លះ ធ្វើ​រាហុមុខកម្មខ្លះ ធ្វើ​ជោតិមាលិកកម្មខ្លះ ធ្វើ​ហត្ថប្បជ្ជោតិកកម្មខ្លះ ធ្វើ​​ឯរក​វដ្ដិកកម្មខ្លះ ធ្វើ​ចិរវាសិកកម្មខ្លះ ធ្វើ​ឯណេយ្យកកម្មខ្លះ ​ធ្វើ​ពលិសមំសិកកម្មខ្លះ ធ្វើ​កហាបណិកកម្មខ្លះ ធ្វើ​ខារាបតច្ឆិកកម្មខ្លះ ធ្វើ​បលិឃ​បរិវត្តិក​កម្មខ្លះ ធ្វើ​បលាលបីឋកកម្មខ្លះ ស្រោចដោយ​ប្រេងក្តៅខ្លះ ឲ្យ​ឆ្កែខាំខ្លះ ឲ្យ​ដេកផ្ងារលើឈើ​អណ្ដោតទាំងរស់ខ្លះ កាត់​ក្បាលដោយ​ដាវខ្លះ។ ចោរនោះ ក៏រងទុក្ខ ទោមនស្ស ព្រោះ​​កម្មករណ៍​​ជាបច្ច័យ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​​ចោរនោះ ព្រោះ​សេចក្តី​ស្នេហា​ជា​បច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ព្រោះ​តម្រេក​ជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយ ​និងតម្រេកជាបច្ច័យខ្លះ។ ព្រះរាជា ជាឥស្សរៈនៃអាជ្ញាទាំង ៤ នេះ។ ចោរនោះ លុះបែក​ធ្លាយរាងកាយស្លាប់ទៅ​ រមែង​ទៅ​កើតឯអបាយ ទុគ្គតិ វិនិបាត នរក​ ព្រោះ​កម្មជារបស់ខ្លួន។ ពួក​នាយនិរយបាល ឲ្យ​ធ្វើ​កម្មករណ៍ ឈ្មោះចំណង ៥​​ ប្រការ​នុ៎ះ គឺ បោះដែក​គោល​ក្ដៅត្រង់ដៃ ១ បោះដែកគោលក្ដៅត្រង់ដៃទីពីរ ១ បោះដែក​គោលក្ដៅត្រង់ជើង ១ បោះដែក​គោលក្ដៅត្រង់ជើងទីពីរ ១ បោះដែកគោលក្ដៅត្រង់​កណ្ដាលទ្រូង ១។ សត្វនោះ រងទុក្ខ​វេទនាខ្លោចផ្សា​ដ៏ក្លាខ្លាំង ក្នុង​ទីនោះ បាបកម្ម​នោះ មិន​ទាន់អស់​ ដរាបណា​ សត្វនោះ​ ក៏​មិន​ទាន់ធ្វើ​មរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើត​ហើយ​​ដល់​សត្វនោះ ព្រោះ​សេចក្តី​ស្នេហាជា​បច្ច័យ​ខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ព្រោះ​តម្រេកជា​បច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយ និងតម្រេកជាបច្ច័យខ្លះ។ ពួក​នាយនិរយបាល ញុំាងសត្វនុ៎ះ ឲ្យ​ដេកសន្ធឹង ហើយ​ចាំ​ងដោយ​​ដឹង​ទាំងឡាយ។ ពួក​នាយនិរយបាល​ចាប់​សត្វនុ៎ះ​ ឲ្យ​មាន​ជើងឡើងលើ មាន​ក្បាលចុះក្រោម​ ហើយ​ច្រាសដោយ​កាំបិត​ទាំង​ឡាយ។ ពួក​នាយនិរយបាល ទឹមសត្វនុ៎ះ ក្នុង​រថ ហើយ​​បរ​ទៅ​ខ្លះ បរត្រឡប់មកវិញខ្លះ លើផែនដីដែល​ភ្លើងឆេះសន្ធោ​សន្ធៅ​រន្ទាលច្រាល​ឆ្អៅ។ ពួក​នាយនិរយបាល ឲ្យ​សត្វនុ៎ះ​ឡើងកាន់​ភ្នំរងើកភ្លើង​ដ៏ធំ ដែល​ភ្លើងឆេះសន្ធោសន្ធៅ រន្ទាល​ច្រាលឆ្អៅខ្លះ ឲ្យ​ចុះមកវិញខ្លះ ពួក​នាយនិរយបាល ចាប់សត្វនុ៎ះ ឲ្យ​មាន​ជើងឡើងលើ ​មាន​​ក្បាលចុះក្រោម ហើយ​បោះ​ទៅ​​ក្នុង​ខ្ទះដែក​ដ៏ក្តៅ ដែល​ភ្លើងឆេះសន្ធោសន្ធៅ រន្ទាលច្រាល​ឆ្អៅ។ សត្វនោះ ពុះផុលឡើង​ដូច​ពពុះក្នុង​ខ្ទះនោះ។ សត្វនោះ កាលពុះផុលឡើងដូច​ពពុះ​ក្នុង​​ខ្ទះនោះ អណ្តែតឡើងលើម្តង លិចចុះក្រោមម្តង ទៅ​ទទឹងម្តង។ សត្វនោះ រងទុក្ខវេទនា​​ដ៏ក្លាខ្លាំង ខ្លោចផ្សាក្នុង​ខ្ទះនោះ បាបកម្មនោះ មិន​ទាន់អស់​ដរាបណា​ សត្វនោះ ក៏មិន​ទាន់​ធ្វើ​​មរណកាល ដរាបនោះ។ ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​​សត្វនោះ ព្រោះ​សេចក្តី​ស្នេហាជា​បច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជា​បច្ច័យខ្លះ ព្រោះ​តម្រេក​ជាបច្ច័យ​ខ្លះ ព្រោះ​សេចក្តី​រីករាយ​និងតម្រេក​ជាបច្ច័យខ្លះ។ ពួក​នាយនិរយបាល ក៏បោះ​សត្វ​នោះ ទៅ​ក្នុង​នរក។ មហានរក​​នោះសោត

មាន​ជ្រុង ៤ មាន​ទ្វារ ៤ ដែល​ធម្មតាចែករាប់តាមចំណែកព័ន្ធព័ទ្ធដោយ​កំពែងដែក គ្របដោយ​បន្ទះដែក។ ផ្ទៃមហានរក​នោះ សុទ្ធដែក​ច្រាលឆ្អៅ ប្រកបដោយ​កំដៅ ផ្សាយទៅ​មួយរយ​យោជន៍ដោយ​ជុំវិញ សព្វកាល។ មហានរក​ទាំងនោះ មាន​អណ្តាតភ្លើងអាក្រក់ក្តៅពន្លឹក ពុំគួរត្រេកអរ​ មាន​សភាពគួរព្រឺរោម គួរតក់ស្លុត គួរជាទុក្ខ គួរខ្លាច។ គំនរអណ្តាតភ្លើង ដែល​តាំងឡើងអំពី​ជញ្ជាំងខាងកើត ឆាបឆេះសត្វទាំងឡាយដែល​មាន​បាបកម្ម ហើយ​ផ្ទប់ទៅ​ត្រង់ជញ្ជាំងខាងលិច។ គំនរអណ្តាតភ្លើង ដែល​តាំងឡើង​អំពី​ជញ្ជាំង​ខាងលិច ឆាបឆេះសត្វទាំងឡាយ ដែល​មាន​បាកកម្ម ហើយ​ផ្ទប់ទៅ​ត្រង់ជញ្ជាំងខាងកើត។ គំនរអណ្តាតភ្លើង ដែល​តាំង​​ឡើង អំពី​ជញ្ជាំងខាងត្បូង ឆាបឆេះសត្វទាំងឡាយ ដែល​មាន​បាបកម្ម ហើយ​ផ្ទប់ទៅ​ត្រង់ជញ្ជាំងខាងជើង។ គំនរ​​​អណ្តាតភ្លើង ដែល​តាំងឡើងអំពី​ជញ្ជាំងខាងជើង ឆាប​ឆេះ​សត្វទាំងឡាយដែល​មាន​បាបកម្ម ហើយ​ផ្ទប់ទៅ​ត្រង់ជញ្ជាំងខាងត្បូង។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពី​ខាងក្រោម ឆាបឆេះសត្វទាំងឡាយ ដែល​មាន​បាបកម្ម ហើយ​ផ្ទប់ទៅ​នឹងដម្បូល។ គំនរអណ្តាតភ្លើងគួរខ្លាច តាំងឡើងអំពី​ដម្បូល ឆាបឆេះសត្វទាំងឡាយ ដែល​មាន​បាបកម្ម ហើយ​ផ្ទប់មកនឹងផ្ទៃ។ អំបែងដែក កំពុងឆេះក្តៅសព្វ រុងរឿង​យ៉ាងណា​ នរក​អវីចិ (ក៏ប្រាកដ ​) ដល់​សត្វដែល​តាំងនៅ​ខាងក្រោម និងខាងលើ ​យ៉ាងនោះដែរ។ សត្វទាំងឡាយ ជាអ្នក​អាក្រក់ខ្លាំង ធ្វើ​អំពើអាក្រក់ច្រើន មាន​អំពើបាបតែមួយ​យ៉ាង រមែង​ឆេះ តែមិន​ស្លាប់ ក្នុង​នរក​នោះទេ។ កាយសត្វនរក​ទាំងឡាយ ដែល​អាស្រ័យ​នៅ​ក្នុង​នរក​នោះ ប្រាកដស្មើដោយ​ភ្លើង អ្នក​ចូរមើលនូវភាពនៃបាបកម្ម​ដ៏មាំមួនចុះ សត្វទាំងនោះ មិន​ទៅ​ជាផេះ ទាំងមិន​ទៅ​ជាធ្យូង។ សត្វនរក​ទាំងឡាយ រមែង​ស្ទុះទៅ​តាមទិសខាងកើតខ្លះ ស្ទុះចេញ​អំពី​ទិសខាងកើតនោះមកកាន់​ទិសខាងលិចខ្លះ ស្ទុះទៅ​តាមទិសខាងជើងខ្លះ ស្ទុះ​ចេញ​អំពី​ទិសខាងជើងនោះ មកកាន់​ទិសខាងត្បូងខ្លះ។ សត្វនរក​ទាំងនោះ ស្ទុះទៅ​កាន់​ទិសណា​ៗ ទ្វារក្នុង​ទិសនោះៗក៏បិទ​ជិតឯង សត្វទាំងនោះ សុទ្ធតែមាន​សេចក្តី​ប្រាថ្នាដើម្បី​ចេញ​ ស្វែងរក​នូវការ​ចេញ។ សត្វនរក​ទាំងនោះ ចេញ​អំពី​នរក​នោះមិន​បាន ព្រោះ​កម្មជាបច្ច័យ ព្រោះ​ថា​​បាបកម្មរបស់សត្វទាំងនោះ មាន​ច្រើន​យ៉ាង ដែល​ខ្លួនធ្វើ​ហើយ​ ជាកម្មមិន​ទាន់ទំ។

ភ័យ ទុក្ខ ទោមនស្សនុ៎ះ កើតហើយ​ព្រោះ​អ្វី។ កើតហើយ​ដល់​សត្វនោះ ព្រោះ​សេចក្តី​​ស្នេហាជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ព្រោះ​តម្រេកជាបច្ច័យខ្លះ ព្រោះ​​សេចក្តី​​រីករាយ ​និងតម្រេកជាបច្ច័យខ្លះ។ ទុក្ខណា​មាន​ក្នុង​នរក​ក្តី ទុក្ខណា​មាន​ក្នុង​​កំណើត​តិរច្ឆានក្តី ទុក្ខណា​មាន​ក្នុង​បិត្តិវិស័យក្តី ទុក្ខណា​មាន​ក្នុង​ពួក​មនុស្សក្តី ទុក្ខទាំងនោះ កើត​ហើយ​​ព្រោះ​អ្វី កើតព្រមហើយ​ព្រោះ​អ្វី ដុះដាលហើយ​ព្រោះ​អ្វី ចំរើនហើយ​ព្រោះ​អ្វី កើតប្រាកដហើយ​ព្រោះ​អ្វី។ ទុក្ខទាំងនោះ មាន​ មាន​ព្រម កើត កើតព្រម ដុះដាល ចំរើន កើតប្រាកដ ព្រោះ​សេចក្តី​ស្នេហា​ជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយជាបច្ច័យខ្លះ ព្រោះ​​តម្រេកជាបច្ច័យខ្លះ ព្រោះ​សេចក្តី​រីករាយ និងតម្រេក​ជាបច្ច័យខ្លះ ហេតុនោះ (លោក​ពោលថា) ​​សេចក្តី​ទុក្ខនេះ មាន​ឡើងព្រោះ​អាស្រ័យ​សេចក្តី​សេ្នហា។

[២៣៩ ] អធិប្បាយពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​ទោស ដែល​កើតអំពី​សេចក្តី​​ស្នេហា ត្រង់ពាក្យថា​​ សេចក្តី​ស្នេហា បានដល់​សេចក្តី​ស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា បុគ្គលកាល​សំឡឹងឃើញ​ទោស ដែល​កើតអំពី​សេចក្តី​ស្នេហា បានសេចក្តី​ថា បុគ្គលកាលសំឡឹងឃើញ​ រមិលមើល ពិនិត្យមើល ពិចារណា​មើល នូវទោសក្នុង​តណ្ហាស្នេហាផង ក្នុង​ទិដ្ឋិស្នេហាផង ហេតុនោះ (លោក​ពោលថា) បុគ្គលកាលសំឡឹងឃើញ​ទោស ដែល​កើតអំពី​សេចក្តី​ស្នេហា។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

សេចក្តី​ស្នេហា របស់បុគ្គលអ្នក​មាន​ការ​ជាប់ចំពាក់ រមែង​មាន​ សេចក្តី​ទុក្ខនេះ មាន​ឡើយ ព្រោះ​អាស្រ័យ​សេចក្តី​ស្នេហា បុគ្គល​កាលសំឡឹង​ឃើញ​ទោស ដែល​កើតអំពី​សេចក្តី​​ស្នេហា គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​​កុយរមាស។

[២៤០] បុគ្គលអ្នក​មាន​ចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះ​មិត្ត និងអ្នក​មាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍ឲ្យ​វិនាស បុគ្គលកាលសំឡឹងឃើញ​ភ័យ ក្នុង​ការ​​ស្និទ្ធស្នាលនុ៎ះ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[២៤១] អធិប្បាយពាក្យថា បុគ្គលអ្នក​មាន​ចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះ​មិត្ត​អ្នក​​មាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍​ឲ្យ​វិនាស ត្រង់ពាក្យថា​​ មិត្ត បានដល់​មិត្ត ២ គឺ អាគារិកមិត្ត ១ អនាគារិកមិត្ត ១។

អាគារិកមិត្ត តើដូច​ម្ដេច។ បុគ្គលខ្លះក្នុង​លោកនេះ ឲ្យ​វត្ថុដែល​គេ​ឲ្យ​បានដោយ​ក្រ លះបង់វត្ថុ​ដែល​គេលះបង់​បានដោយ​ក្រ ធ្វើ​អំពើដែល​គេធ្វើ​បានដោយ​ក្រ អត់ទ្រាំហេតុ​ដែល​គេ​អត់ទ្រាំបាន​ដោយ​ក្រ ប្រាប់ការ​កំបាំង​ដល់​មិត្តនោះ លាក់ការ​កំបាំង​របស់មិត្តនោះ មិន​​លះបង់គ្នាក្នុង​​កាលមាន​អន្ដរាយ សូម្បីជីវិត​ក៏ហ៊ានលះបង់ ដើម្បី​ប្រយោជន៍ដល់​មិត្ត​នោះ​​ មិន​មើលងាយមិត្ត ក្នុង​កាលមិត្តអស់​ទ្រព្យ នេះអាគារិកមិត្ត។

អនាគារិកមិត្ត តើដូច​ម្ដេច។ ភិក្ខុក្នុង​សាសនា​នេះ រមែង​ជាទី​ស្រឡាញ់ផង ជាទី​ពេញ​ចិត្តផង គួរគោរព​ផង គួរអ្នក​​ផងស្ងើចផង អត់ធន់ក្នុង​​ពាក្យ​ពោលផង ធ្វើ​ពាក្យ​ឲ្យ​​ជ្រាលជ្រៅផង មិន​ដឹកនាំក្នុង​​ហេតុមិន​គួរផង ដឹកនាំក្នុង​​អធិសីល ដឹកនាំក្នុង​​ការ​ប្រកប​រឿយៗ​ នូវការ​​ចំរើន​សតិប្បដ្ឋាន ៤ ដឹកនាំក្នុង​ការ​ប្រកបរឿយៗ នូវការ​ចំរើនសម្មប្បធាន ៤។បេ។ នូវឥទ្ធិបាទ ៤ នូវឥន្រ្ទិយ ៥ នូវពលៈ ៥ នូវពោជ្ឈង្គៈ ៧ នូវអរិយមគ្គ​មាន​អង្គ ៨ ផង នេះអនាគារិកមិត្ត។

ការ​ដើរទៅ​ជាសុខ ការ​មកជាសុខ ការ​ទៅ​មកជាសុខ ការ​ឈរជាសុខ ការ​អង្គុយ​ជាសុខ ការ​ដេកជាសុខ ការ​ហៅ​​រក​ជាសុខ ការ​និយាយ​រក​គ្នាជាសុខ ការ​និយាយ​ឆ្លើយ​ឆ្លង​គ្នាជាសុខ ការ​និយាយ​ស្រុះស្រួល​គ្នាជាសុខ ជាមួយនឹង​ពួក​ជនណា​ ពួក​ជននោះ លោកហៅ​ថា​​ អ្នក​មាន​ចិត្តល្អ។

ពាក្យថា​​ បុគ្គលកាលអនុគ្រោះចំពោះ​មិត្ត និងអ្នក​​មាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍​ឲ្យ​វិនាស គឺបុគ្គល​កាលអនុគ្រោះ ទំនុក​បម្រុង ផ្ចុងផ្ដើមចំពោះ​​មិត្តផង ចំពោះ​អ្នក​​មាន​​ចិត្តល្អផង ចំពោះ​ជន​ដែល​ធ្លាប់​ឃើញ​គ្នាផង ចំពោះ​ជន​ដែល​រាប់គ្នា​ស្និទ្ធផង ចំពោះ​​សំឡាញ់​ផង រមែង​ញុំាង​ប្រយោជន៍​ខ្លួន និងប្រយោជន៍​អ្នក​ដទៃឲ្យ​វិនាស ញុំាងប្រយោជន៍​ទាំងពីរ​ឲ្យ​វិនាស ញុំាង​ប្រយោជន៍​បច្ចុប្បន្នឲ្យ​វិនាស ញុំាង​ប្រយោជន៍​​បរលោកឲ្យ​វិនាស ញុំាង​ប្រយោជន៍​ដ៏ក្រៃលែង​ឲ្យ​វិនាស ឲ្យ​ខ្ចាត់ខ្ចាយ ឲ្យ​បាត់បង់ ឲ្យ​អន្ដរធាន ហេតុនោះ (លោក​​ពោលថា​​​) បុគ្គលកាល​អនុគ្រោះ​​ចំពោះ​មិត្ត និងអ្នក​មាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍​ឲ្យ​វិនាស។

ពាក្យថា​​ អ្នក​មាន​ចិត្តជាប់​ចំពាក់ គឺ ជាអ្នក​មាន​ចិត្តជាប់ចំពាក់ដោយ​ហេតុ ២ គឺ ជាអ្នក​មាន​ចិត្តជាប់​ចំពាក់ តាំងខ្លួនឲ្យ​ទាប តាំងអ្នក​ដទៃឲ្យ​ខ្ពស់ ឬជាអ្នក​​មាន​ចិត្ត​ជាប់​ចំពាក់ តាំងខ្លួនឲ្យ​ខ្ពស់ តាំងអ្នក​ដទៃ ឲ្យ​ទាប។

បុគ្គលជាអ្នក​មាន​ចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យ​ទាប តាំងបុគ្គលដទៃឲ្យ​ខ្ពស់ តើដូច​ម្ដេច។ បុគ្គលនោះ ​ពោលថា​​ លោកមាន​ឧបការៈច្រើនដល់​ខ្ញុំ ខ្ញុំបានចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំ​គ្រឿងរក្សារោគ ជាបរិវាររបស់ជីវិត ព្រោះ​អាស្រ័យ​លោក ជនទាំងឡាយ​ដទៃ កាលអាស្រ័យ​​លោក ឃើញ​លោក ទើបសំគាល់​ដើម្បី​ឲ្យ​ ឬដើម្បី​ធ្វើ​វត្ថុណា​ ដល់​ខ្ញុំក្តី នាម​ និងគោត្រណា​ ជារបស់​​មាតាបិតា ដែល​មាន​ពីមុន របស់ខ្ញុំក្តី សូម្បីវត្ថុនោះ ទាំងនាម ​និងគោត្រនោះ ក៏បាត់បង់​ទៅ​ហើយ​ (ហេតុនេះ) ខ្ញុំសុំទទួល​ស្គាល់​លោកថា​​ ជាជីតុនរបស់​បុរសឯណោះ ជាជីតុន​របស់​ស្ត្រីឯណោះ បុគ្គលជាអ្នក​មាន​ចិត្តជាប់​ចំពាក់ តាំងខ្លួនឲ្យ​ទាប តាំងអ្នក​ដទៃឲ្យ​ខ្ពស់ ​យ៉ាងនេះឯង។

បុគ្គលជាអ្នក​មាន​ចិត្តជាប់ចំពាក់ តាំងខ្លួនឲ្យ​ខ្ពស់ តាំងអ្នក​ដទៃឲ្យ​ទាប តើដូច​ម្ដេច។ បុគ្គលនោះ ​ពោលថា​​ ខ្ញុំមាន​ឧបការៈ​ច្រើនដល់​លោក លោកអាស្រ័យ​ខ្ញុំ ទើបដល់​​ព្រះពុទ្ធ​ជាទីពឹង ដល់​​ព្រះធម៌ជា​ទីពឹង ដល់​ព្រះសង្ឃ​​ជាទីពឹង វៀរចាក​​បាណា​តិបាត វៀរចាក​​​អទិន្នាទាន វៀរចាក​កាមេសុ មិច្ឆាចារៈ វៀរចាក​មុសាវាទ វៀរចាក​ហេតុ​ជាទីតាំងនៃសេចក្តី​​ប្រមាទ ក្នុង​ទឹកស្រវឹង គឺ សុរា និងមេរ័យ ខ្ញុំបាន​ប្រាប់ឧទ្ទេសផង បរិបុច្ឆាផង សីលផង ឧបោសថផង អធិដ្ឋាននវកម្ម ដល់​លោក ប៉ុន្ដែលោក​​លះបង់ខ្ញុំ ទៅ​ធ្វើ​សក្ការៈ គោរព​ រាប់អាន បូជា ចំពោះ​បុគ្គល​​ដទៃវិញ បុគ្គល​ជា​អ្នក​មាន​ចិត្តជាប់​ចំពាក់ តាំងខ្លួនឲ្យ​ខ្ពស់ តាំងអ្នក​ដទៃឲ្យ​ទាប ​យ៉ាងនេះឯង ហេតុនោះ (លោក​ពោលថា) បុគ្គលអ្នក​​មាន​ចិត្តជាប់​ចំពាក់ កាលអនុគ្រោះ​ចំពោះ​មិត្ត ​និងអ្នក​មាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍​ឲ្យ​វិនាស។

[២៤២] អធិប្បាយពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​ភ័យ ក្នុង​ការ​ស្និទ្ធស្នាលនុ៎ះ ត្រង់​ពាក្យថា​​ ភ័យ បានដល់​​ភ័យអំពី​ជាតិ ភ័យអំពី​ជរា ភ័យអំពី​ព្យាធិ ភ័យអំពី​មរណៈ ភ័យ​អំពី​​ព្រះរាជា ភ័យអំពី​ចោរ ភ័យអំពី​ភ្លើង ភ័យអំពី​ទឹក ភ័យអំពី​ការ​តិះដៀលខ្លួនឯង ភ័យ​អំពី​ការ​តិះដៀលរបស់បុគ្គលដទៃ ភ័យអំពី​អាជ្ញា ភ័យអំពី​​ទុគ្គតិ ភ័យអំពី​​រលកទឹក​ ភ័យ​អំពី​​ក្រពើ ភ័យអំពី​​ទឹកកួច ភ័យអំពី​​ត្រីសាហាវ ភ័យអំពី​​ការ​រក​​ចិញ្ចឹមជីវិត ភ័យអំពី​​​ការ​មិន​សរសើរ ភ័យអំពី​​សេចក្តី​រញោច​រញើមក្នុង​បរិស័ទ ហេតុគួរខ្លាច ការ​ញាប់ញ័រ ការ​​ព្រឺរោម ការ​រន្ធត់ចិត្ត ការ​តក់ស្លុត។ ពាក្យថា​​ ការ​ស្និទ្ធស្នាល បានដល់​​សេចក្តី​ស្និទ្ធស្នាល ២ គឺ សេចក្តី​​ស្និទ្ធស្នាលគឺតណ្ហា ១ សេចក្តី​​ស្និទ្ធស្នាល​គឺទិដ្ឋិ ១។បេ។ នេះ សេចក្តី​​​ស្និទ្ធស្នាល គឺតណ្ហា។បេ។ នេះ សេចក្តី​ស្និទ្ធស្នាល​គឺទិដ្ឋិ។ ពាក្យថា​​ បុគ្គល កាលសំឡឹង​​ឃើញ​ភ័យ ក្នុង​សេចក្តី​​ស្និទ្ធស្នាលនុ៎ះ បានសេចក្តី​​ថា​​ បុគ្គលកាលសំឡឹងឃើញ​ ក្រឡេក​មើល ពិនិត្យ​មើល ពិចារណា​មើល នូវភ័យក្នុង​សេច​ក្តី​ស្និទ្ធស្នាលនុ៎ះ ហេតុនោះ (លោក​​ពោលថា​​​) បុគ្គលកាលសំឡឹងឃើញ​ភ័យ ក្នុង​សេចក្តី​ស្និទ្ធស្នាលនុ៎ះ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយ​រមាស ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

បុគ្គលអ្នក​មាន​ចិត្តជាប់ចំពាក់ កាលអនុគ្រោះចំពោះ​មិត្ត និងអ្នក​មាន​​ចិត្តល្អ រមែង​ញុំាងប្រយោជន៍ឲ្យ​វិនាស បុគ្គលកាល​សំឡឹង​ឃើញ​​ភ័យ ក្នុង​ការ​ស្និទ្ធស្នាលនុ៎ះ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៤៣] អាល័យណា​ ក្នុង​ពួក​បុត្ត និងប្រពន្ធ អាល័យនោះ ចាក់ស្រេះ ដូច​ឫស្សី មាន​មែកសាងញ៉ាង បុគ្គលមិន​ជាប់ចំពាក់ ដូច​​ទំពាំងឫស្សី គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[២៤៤] ពាក្យថា​​ អាល័យនោះ ចាក់ស្រេះ ដូច​ឫស្សីមាន​មែកសាងញ៉ាង អធិប្បាយថា​​ គុម្ពឫស្សី ហៅ​ថា​​ ឫស្សី។ បន្លាក្នុង​គុម្ពឫស្សី សាំញុំា ចាក់ស្រែះ ចាក់​កណ្ដាញ់ ប្រទាក់គ្នា ឆ្វាក់គ្នា ជាប់គ្នា ​យ៉ាងណា​មិញ តណ្ហា លោក​ពោលថា​​ វិសត្តិកា ក៏​យ៉ាងនោះដែរ គឺ បាន​ខាងតម្រេក តម្រេកខ្លាំង សេចក្តី​ត្រេកអរ​ សេចក្តី​ស្រើបស្រាល សេចក្តី​រីករាយ សេចក្តី​​ត្រេកត្រអាល តម្រេកខ្លាំងនៃចិត្ត ការ​ចង់បាន ការ​ជ្រប់ចិត្ត ​ការ​​ងប់ចិត្ត ការ​ប្រាថ្នា ការ​​ប្រាថ្នាខ្លាំង ការ​ជាប់នៅ​ កិលេសដូច​ភក់ ការ​ញាប់ញ័រ កិលេស​ជាតិ ជាគ្រឿង​បិទ​បាំងទោស កិលេសជាតិនាំឲ្យ​កើត ញុំាងទុក្ខឲ្យ​កើត ជាគ្រឿងដេរភ្ជាប់ ដូច​​ជាបណ្ដាញ ជាទីហូរទៅ​ ជាគ្រឿងចាក់ស្រែះ ដូច​ជាខ្សែ ផ្សាយទៅ​ ជាគ្រឿងប្រមូលមក ជាគំរប់ពីរ (របស់សត្វ ​) ជាគ្រឿងតំកល់ទុក ជាគ្រឿងនាំទៅ​កាន់​ភព ដូច​ជាព្រៃតូច ព្រៃធំ សេចក្តី​ស្និទ្ធស្នាល សេចក្តី​ស្នេហា ការ​អាល័យ ការ​ជាប់ចំពោះ​ ចំណង់ ការ​ប៉ុនប៉ង ភាពនៃសេចក្តី​​ប៉ុនប៉ង​ ការ​ប៉ុនប៉ងរូប ការ​ប៉ុនប៉ងសំឡេង ការ​ប៉ុនប៉ងក្លិន ការ​ប៉ុនប៉ង​រស​ ការ​ប៉ុនប៉ងផ្សព្វ ការ​​ប៉ុនប៉ងលាភ ការ​ប៉ុនប៉ងទ្រព្យ ការ​ប៉ុនប៉ងបុត្ត ការ​ប៉ុនប៉ងជីវិត ការ​​ជាប់ចិត្ត ការ​ជាប់​ចិត្តទួទៅ​ ការ​ជាប់ចិត្តខ្លាំង អាការ​ជាទីជាប់ចិត្ត ភាពនៃការ​ជាប់ចិត្ត ការ​រវះរវាម អាការ​​ជាទីរវះរវាម ភាពនៃចិត្តរវះរវាម ការ​ធ្វើ​ឲ្យ​​ញាប់ញ័រ ការ​ធ្វើ​មិន​ប្រពៃ តម្រេកមិន​​ត្រូវ​តាមធម៌ តម្រេកមិន​ចេះល្មម លោភមិន​ល្មម ការ​ស្រឡាញ់ ការ​កួចកាន់​ ការ​ប្រាថ្នា ការ​ពេញចិត្ត ការ​ប្រាថ្នាខ្លាំង ការ​អន្ទះសា​ក្នុង​កាម ការ​អន្ទះសាក្នុង​ភព ការ​​អន្ទះសា​ក្នុង​វិភព ការ​អន្ទះសាក្នុង​រូប ការ​អន្ទះសាក្នុង​អរូប ការ​អន្ទះសាក្នុង​និរោធ ការ​​អន្ទះសា​ក្នុង​រូប ការ​អន្ទះសាក្នុង​សំឡេង ការ​អន្ទះសាក្នុង​ក្លិន ការ​អន្ទះសាក្នុង​រស ការ​អន្ទះសាក្នុង​​ផ្សព្វ ការ​អន្ទះសាក្នុង​ធម្មារម្មណ៍ កិលេសដូច​ជាជំនន់ ជាគ្រឿងប្រកបទុក ជាគ្រឿងរួបរឹត ជាគ្រឿងថ្ដក់ ជាគ្រឿងរារាំង ជាគ្រឿងហាម ជាគ្រឿងប្រក់ ជាគ្រឿងចង គ្រឿងសៅហ្មង ជាគ្រឿងដេកនៅ​រឿយៗ ជាគ្រឿងស្ទាក់ វល្លិគឺតណ្ហា សេចក្តី​ប្រាថ្នា
ផ្សេងៗ ឫសគល់​នៃទុក្ខ ហេតុនៃទុក្ខ ដែនផ្ដើមកើតទុក្ខ អន្ទាក់មារ សន្ទូចមារ វិស័យមារ​ លំនៅ​មារ ចំណងមារ ស្ទឹងគឺតណ្ហា បណ្ដាញគឺតណ្ហា ដងដោយ​គឺតណ្ហា សមុទ្រគឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា​​ វិសត្តិកា ចុះកិលេសជាតិ ឈ្មោះថា​​​វិសត្តិកា តើ​ដោយ​​សេចក្តី​ដូច​ម្ដេច។ ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុផ្សាយទៅ​។ ឈ្មោះថា​​​​វិសត្តិកា ព្រោះ​ហេតុធំទូលាយ។ ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុ​ជ្រួតជ្រាប។ ឈ្មោះថា​​​​វិសត្តិកា ព្រោះ​ហេតុអត់ធន់។ ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុ​នាំខុស។ ឈ្មោះថា​​ វិសត្តិកា ​ព្រោះ​​ហេតុ​ពោលខុស។ ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុ​មាន​ឫសគល់ជាពិស។ ឈ្មោះថា​​​​វិសត្តិកា ព្រោះ​ហេតុមាន​ផ្លែជាពិស។ ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុមាន​ការ​​បរិភោគ​​ជាពិស។ មួយទៀត ឈ្មោះថា​​ វិសត្តិកា ព្រោះ​ហេតុតណ្ហា ​ដ៏ធំទូលាយ ផ្សាយ លាតទៅ​ ក្នុង​រូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តី​សរសើរ សេចក្តី​សុខ ចីវរ បិណ្ឌបាត សេនាសនៈ និង​ថ្នាំគ្រឿងរក្សា​រោគ ជាបរិវាររបស់ជីវិត ក្នុង​​កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការ​ភព ចតុវោការ​ភព បញ្ចវោការ​ភព ក្នុង​អតីត អនាគត បច្ចុប្បន្ន ក្នុង​អារម្មណ៍ទាំងឡាយ ដែល​ឃើញ​ ឮ ប៉ះពាល់ ដឹងច្បាស់​ ហេតុនោះ (លោក​ពោលថា) អាល័យនោះ ចាក​ស្រែះ ដូច​ឫស្សី មាន​មែកសាងញ៉ាង។

[២៤៥] ពាក្យថា​​ អាល័យណា​ ក្នុង​ពួក​បុត្ត និងប្រពន្ធ ត្រង់ពាក្យថា​​ បុត្ត បានដល់​​បុត្ត ៤ ពួក​ គឺ បុត្តកើតអំពី​ខ្លួន ១ បុត្តកើតក្នុង​ខេត្ត ១ បុត្តដែល​គេឲ្យ​ ១ បុត្តគឺសិស្ស ១។ ភរិយា ហៅ​ថា​​ ប្រពន្ធ។ តណ្ហា ហៅ​ថា​​ អាល័យ បានខាងតម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (លោក​ពោលថា​​ ​) អាល័យណា​ ក្នុង​ពួក​បុត្ត ​និងប្រពន្ធ។

[២៤៦] ពាក្យថា​​ បុគ្គលមិន​ជាប់ចំពាក់ ដូច​ទំពាំងឫស្សី អធិប្បាយថា​​ គុម្ពឫស្សី ហៅ​ថា​​ ឫស្សី។ ទំពាំង​ដ៏ខ្ចី ក្នុង​គុម្ពឫស្សី មិន​ជាប់ មិន​ចំពាក់ មិន​ព័ទ្ធព័ន្ធ មិន​ចាក់កណ្ដាញ់ គឺចេញ​ រលាស់​ផុតស្រឡះហើយ​ ​យ៉ាងណា​មិញ ការ​ចំពាក់ ២ គឺ ការ​ចំពាក់គឺតណ្ហា ១ ការ​ចំពាក់គឺទិដ្ឋិ ១ ក៏​យ៉ាងនោះ​ដែរ។បេ។ នេះ ការ​ចំពាក់គឺតណ្ហា។បេ។ នេះការ​ចំពាក់​គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះការ​ចំពាក់គឺតណ្ហា រលាស់ចោល​ការ​ចំពាក់គឺទិដ្ឋិហើយ​ ព្រោះ​លះការ​ចំពាក់គឺតណ្ហា ព្រោះ​រលាស់​ចោលការ​ចំពាក់គឺទិដ្ឋិ ព្រះបច្ចេក​សម្ពុទ្ធនោះ ទើបមិន​​ជាប់ក្នុង​រូប មិន​ជាប់ក្នុង​សំឡេង មិន​ជាប់ក្នុង​ក្លិន មិន​ជាប់ក្នុង​រស មិន​ជាប់​ក្នុង​ផ្សព្វ​ មិន​ជាប់ មិន​ប្រកាន់​ មិន​ចង មិន​ជាប់ស្អិត ក្នុង​ត្រកូល គណៈ អាវាស លាភ យស សេចក្តី​សរសើរ សេចក្តី​សុខ ចីវរ បិណ្ឌបាត សេនាសនៈ និងថ្នាំ​គ្រឿង​រក្សារោគ​​ជា​បរិវារ​របស់ជីវិត ក្នុង​កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការ​ភព ចតុវោការ​ភព បញ្ចវោការ​ភព ក្នុង​​អតីត អនាគត បច្ចុប្បន្ន ក្នុង​អារម្មណ៍​ទាំងឡាយ ដែល​ឃើញ​ ឮ ប៉ះពាល់ ដឹងច្បាស់​ គឺលោកចេញ​ រលាស់ ផុតស្រឡះ ប្រាសចេញ​ មាន​ចិត្តប្រាសចាក​​សេចក្តី​​សល់វល់ ហេតុនោះ (លោក​​​ពោលថា​​​) បុគ្គលមិន​ជាប់ចំពាក់ ដូច​ទំពាំងឫស្សី។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

អាល័យណា​ ក្នុង​ពួក​បុត្ត និងប្រពន្ធ អាល័យនោះ ចាក់ស្រែះ ដូច​ឫស្សី មាន​មែក​សាងញ៉ាង បុគ្គលមិន​​ជាប់ចំពាក់ ដូច​ទំពាំងឫស្សី គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៤៧] ម្រឹគក្នុង​ព្រៃ ជាសត្វមិន​ជាប់ចំណង ទៅ​រក​ចំណី តាមប្រាថ្នាបាន ​យ៉ាងណា​ វិញ្ញូជន កាលសំឡឹងឃើញ​សេរីភាព [ការប្រព្រឹត្ត​តាមសេចក្តី​ប្រាថ្នា​របស់ខ្លួន មិនជាប់​ទាក់ទង​នឹងបុគ្គល​ដទៃ។ អដ្ឋកថា។] គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស ​យ៉ាងនោះ។

[២៤៨] អធិប្បាយពាក្យថា​​ ម្រឹគក្នុង​ព្រៃ ជាសត្វមិន​ជាប់ចំណង ទៅ​រក​ចំណី តាម​ប្រាថ្នាបាន ​យ៉ាងណា​ ត្រង់ពាក្យថា​​ ម្រឹគ បានដល់​ ម្រឹគ ២ ពួក​គឺ ឯណិម្រឹគ ១ សរភម្រឹគ ១។ ម្រឹគព្រៃ កាលនៅ​ក្នុង​ព្រៃ រមែង​ដើរទៅ​ឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយ​ឥត​រង្កៀស​សម្រេច​​ការ​ដេកឥតរង្កៀស ​យ៉ាងណា​មិញ។

សមដូច​ពាក្យ ដែល​ព្រះមាន​ព្រះភាគទ្រង់​ត្រាស់នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ ម្រឹគព្រៃ​កាលត្រាច់ទៅ​ក្នុង​ព្រៃរបោះ ព្រៃស្បាត រមែង​ដើរទៅ​ឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយ​ឥត​​រង្កៀស សម្រេច​​ការ​ដេកឥត​រង្កៀស ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ថា​​ ម្រឹគ​នោះ​​នៅ​ក្នុង​ទីមិន​មែន​ជាគន្លងរបស់ព្រាន ​យ៉ាងណា​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ស្ងាត់​ចាក​​កាម​ទាំងឡាយ ស្ងាត់ចាក​ធម៌​ទាំងឡាយ ជាអកុសលហើយ ​ចូលបឋមជ្ឈាន ប្រកប​ដោយ​​វិតក្កៈ និងវិចារៈ មាន​បីតិ និងសុខៈ ដែល​កើត​អំពី​វិវេក ក៏​យ៉ាងនោះដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនេះ តថា​​គត​​ពោលថា​​ បានធ្វើ​​មារឲ្យ​ងងឹត សម្លាប់មារ​មិន​ឲ្យ​មាន​​ដានជើង ដល់​នូវការ​​មិន​ចួបប្រទះ​ដោយ​ភ្នែកមារ របស់មារលាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត​ ភិក្ខុចូល​ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្ត​ក្នុង​សន្តាន មាន​សេចក្តី​​ជ្រះថ្លាគឺសទ្ធា មាន​សភាព​​ជា​ធម្មជាត​​ខ្ពស់ឯក មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​តែបីតិ និងសុខៈ ដែល​កើត​អំពី​សមាធិ គឺ​បឋមជ្ឈាន ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​​ពោលថា​​ បានធ្វើ​មារឲ្យ​ងងឹត សម្លាប់​មារមិន​ឲ្យ​មាន​​ដានជើង ដល់​នូវការ​មិន​ចួបប្រទះដោយ​​ភ្នែក​មារ របស់មារលាមក ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​​ព្រងើយកន្តើយ មាន​សតិ ​និងការ​ដឹង​ច្បាស់​ សោយសុខ​ដោយ​នាមកាយ ព្រោះ​រសាយនៃបីតិ ព្រះអរិយៈ​ទាំងឡាយ តែង​​សរសើរបុគ្គល​ដែល​បាន​​តតិយជ្ឈាន​នោះឯង ថា​​ជាបុគ្គល​មាន​ចិត្តព្រងើយកន្ដើយ មាន​​ស្មារតី មាន​ការ​នៅ​​ជាសុខ ភិក្ខុចូល​តតិយជ្ឈាននោះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​​ពោលថា​​ បានធ្វើ​មារឲ្យ​ងងឹត សម្លាប់មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវការ​មិន​ចួបប្រទះ​ដោយ​ភ្នែកមារ របស់មារលាមក ម្នាល​ភិក្ខុទាំង​ឡាយ មួយទៀត ភិក្ខុចូល​ចតុត្ថជ្ឈាន ឥត​ទុក្ខ​ឥតសុខ មាន​សតិ​ដ៏បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​សុខផង លះបង់ទុក្ខផង ព្រោះ​​ដល់​​នូវការ​វិនាស​នៃសោមនស្ស និងទោមនស្ស​ក្នុង​ការ​មុនផង ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​​ពោលថា​​ បានធ្វើ​​មារឲ្យ​ងងឹត សម្លាប់​មារមិន​​ឲ្យ​មាន​ដានជើង ដល់​នូវការ​មិន​ចួប​ប្រទះដោយ​ភ្នែកមារ របស់មារលាមក ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រោះ​កន្លងរូបសញ្ញា ព្រោះ​វិនាស​នៃបដិឃសញ្ញា ព្រោះ​មិន​ធ្វើ​​ទុកក្នុង​ចិត្តនូវ​​នានត្តសញ្ញា ដោយ​ប្រការ​​ទាំងពួង ភិក្ខុចូល​អាកាសានញ្ចាយតនៈ (ដោយ​បរិកម្ម) ថា​​ អាកាសមិន​មាន​ទីបំផុត​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​ពោលថា​​ បានធ្វើ​មារឲ្យ​ងងឹត សម្លាប់មារមិន​ឲ្យ​មាន​ដានជើង ដល់​នូវការ​មិន​ចួបប្រទះដោយ​ភ្នែកមារ របស់​មារលាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ​ព្រោះ​កន្លង​អាកាសានញ្ចាយតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​ចូល​វិញ្ញាណញ្ចាយតនៈ (ដោយ​​​បរិកម្ម ​) ថា​​ វិញ្ញាណ មិន​មាន​ទីបំផុត​ ព្រោះ​កន្លង​វិញ្ញាណញ្ចាយតនៈ ដោយ​ប្រការ​​ទាំងពួង ភិក្ខុចូល​អាកិញ្ចញ្ញាយតនៈ (ដោយ​បរិកម្ម ​) ថា​​ វត្ថុតិចតួច​មិន​មាន​ ព្រោះ​​កន្លង​​អាកិញ្ចញ្ញាយតនៈ ដោយ​ប្រការ​ទាំងពួង ហើយ​ចូល​នេវសញ្ញានាសញ្ញាយតនៈ (ដោយ​​បរិកម្ម ​) ថា​​ ធម្មជាត​នុ៎ះ ជាគុណ​ដ៏ស្ងប់ ធម្មជាត​នុ៎ះ ជាគុណ​ដ៏ឧត្តម ព្រោះ​កន្លង​​នេវសញ្ញានាសញ្ញាយតនៈ​ដោយ​ប្រការ​ទាំងពួង​ហើយ ​ចូល​សញ្ញាវេទយិតនិរោធ ទាំងអាសវៈ​​ទាំង​ឡាយ​របស់ភិក្ខុ​នោះ​ ​ក៏អស់​ ព្រោះ​ឃើញ​ដោយ​បញ្ញា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថា​​គត​​​ពោលថា​​ បានធ្វើ​​មារ​ឲ្យ​ងងឹត សម្លាប់​មារមិន​ឲ្យ​មាន​​ដានជើង ដល់​នូវការ​មិន​ចួបប្រទះ​ដោយ​​​ភ្នែកមារ របស់​មារលាមក បានឆ្លងតណ្ហាឈ្មោះវិសត្តិកា​ក្នុង​លោក ភិក្ខុនោះ រមែង​​ដើរ​ទៅ​ឥតរង្កៀស ឈរឥតរង្កៀស អង្គុយ​ឥតរង្កៀស សម្រេច​​ការ​ដេកឥតរង្កៀស ដំណើរ​នោះ ព្រោះ​ហេតុអ្វី ​ម្នាល​​ភិក្ខុ​ទាំងឡាយ (ព្រោះ​ថា​​​) ភិក្ខុនោះ នៅ​ក្នុង​ទីមិន​មែនជា​គន្លងនៃ​​មារ​​ដ៏លាមក ហេតុ​នោះ (លោក​ពោលថា​) ម្រឹគក្នុង​ព្រៃ ជាសត្វមិន​ជាប់ចំណង ទៅ​រក​​ចំណីតាមប្រាថ្នាបាន ​យ៉ាងណា។

[២៤៩] អធិប្បាយពាក្យថា​​ វិញ្ញូជន កាលសំឡឹងឃើញ​សេរីភាព ត្រង់ពាក្យថា​​ វិញ្ញូជន គឺ បុគ្គលអ្នក​ដឹង ជាបណ្ឌិត មាន​បញ្ញា មាន​យោបល់ មាន​ញាណ មាន​បញ្ញា​ឈ្វេងយល់ មាន​​បញ្ញាធ្លុះធ្លាយ។ ពាក្យថា​​ ជន បានដល់​សត្វ មាណព បុរស បុគ្គល សត្វមាន​ជីវៈ សត្វមាន​ជាតិ សត្វមាន​ជរា សត្វទៅ​​ដោយ​ឥន្រ្ទិយ សត្វកើតអំពី​​មនុស្ស។​ ពាក្យថា​​ សេរី បានដល់​សេរី ២ គឺ ធម៌សេរី ១ បុគ្គលសេរី ១។

ធម៌សេរី តើដូច​ម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយ​អង្គ ៨។ នេះ ធម៌សេរី។

បុគ្គលសេរី តើដូច​ម្ដេច។ បុគ្គលណា​ ប្រកបដោយ​ធម៌សេរីនេះ បុគ្គលនោះ លោក​ហៅ​ថា​​ បុគ្គលសេរី។

ពាក្យថា​​ វិញ្ញូជន កាលសំឡឹងឃើញ​សេរីភាព បានសេចក្តី​ថា​​ វិញ្ញូជន កាលរំពឹង​មើល គន់មើល ពិនិត្យមើល ពិចារណា​មើល នូវធម៌គឺ​សេរីភាព ហេតុនោះ (លោក​ពោលថា​)​ វិញ្ញូជន កាលសំឡឹងឃើញ​សេរីភាព។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

ម្រឹគក្នុង​ព្រៃ ជាសត្វមិន​ជាប់ចំណង ទៅ​រក​ចំណីតាមប្រាថ្នាបាន ​យ៉ាងណា​ វិញ្ញូជន កាលសំឡឹង​ឃើញ​សេរីភាព គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស​យ៉ាងនោះ។

[២៥០] ការ​ប្រឹក្សា ក្នុង​លំនៅ​ ក្នុង​ទី (បំរើ​) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​មាន​ ក្នុង​កណ្ដាលសំឡាញ់ បុគ្គលកាល​សំឡឹងឃើញ​សេរីភាព ដែល​បុគ្គលពាល​មិន​ប្រាថ្នា គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៥១] ពាក្យថា​​ ការ​ប្រឹក្សាក្នុង​លំនៅ​ ក្នុង​ទី (បំរើ) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​​មាន​ក្នុង​កណ្ដាលសំឡាញ់ សេចក្តី​ថា​​ ការ​ដើរទៅ​ជាសុខ ការ​មកជាសុខ ការ​ទៅ​មក​ជាសុខ ការ​ឈរជាសុខ ការ​អង្គុយជាសុខ ការ​ដេកជាសុខ ការ​ហៅ​រក​ជាសុខ ការ​ចរចា​ជាសុខ ការ​ឆ្លើយឆ្លងរក​គ្នាជាសុខ ការ​និយាយស្រស់ស្រាយជាសុខ ជាមួយនឹងពួក​​ជន​ណា​ ពួក​ជននោះ លោកហៅ​ថា​​ សំឡាញ់។ ពាក្យថា​​ ការ​ប្រឹក្សា ក្នុង​លំនៅ​ ក្នុង​ទី (បំរើ) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​មាន​​ក្នុង​កណ្ដាល​នៃសំឡាញ់ បានសេចក្តី​ថា​​ ការ​ប្រឹក្សាអំពី​​ប្រយោជន៍​របស់ខ្លួន ការ​ប្រឹក្សាអំពី​ប្រយោជន៍​របស់បុគ្គលដទៃ ការ​ប្រឹក្សាអំពី​​​ប្រយោជន៍​ទាំងពីរ ការ​ប្រឹក្សា​អំពី​ប្រយោជន៍បច្ចុប្បន្ន ការ​ប្រឹក្សាអំពី​​ប្រយោជន៍​បរលោក ការ​ប្រឹក្សាអំពី​​​ប្រយោជន៍​ដ៏ក្រៃលែង គឺ​ព្រះនិពា្វន ក្នុង​លំនៅ​ក្តី ក្នុង​ទី (បំរើ) ក្តី ក្នុង​ការ​ដើរក្តី ក្នុង​ចារិក​ក្តី (រមែង​មាន​) ក្នុង​កណ្ដាលសំឡាញ់ ហេតុនោះ (លោក​ពោលថា​) ការ​ប្រឹក្សា ក្នុង​​លំនៅ​ ក្នុង​ទី (បំរើ) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​មាន​ក្នុង​កណ្ដាលសំឡាញ់។

[២៥២] ពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​សេរីភាព ដែល​បុគ្គលពាលមិន​ប្រាថ្នា អធិប្បាយថា​​ វត្ថុដែល​ពួក​ជនពាល​ជាអសប្បុរស ជាពួក​តិរិ្ថយ ជាពួក​សាវ័កនៃតិរ្ថិយ មិន​ប្រាថ្នា គឺការ​កោរសក់ ពុកមាត់ និងការ​ស្លៀកដណ្ដប់សំពត់កាសាយៈ វត្ថុដែល​ពួក​​បណ្ឌិតជា​សប្បុរស ជាពួក​សាវ័កព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធទាំងឡាយ ប្រាថ្នាហើយ​ គឺការ​​កោរសក់ ពុក​មាត់​ និងការ​ស្លៀក​ដណ្ដប់សំពត់​កាសាយៈ។ ពាក្យថា​​ សេរី បានដល់​សេរី ២ គឺ ធម៌សេរី ១ បុគ្គលសេរី ១។ ធម៌សេរី តើដូច​ម្ដេច។ សតិប្បដ្ឋាន ៤។បេ។ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ នេះ ធម៌សេរី។ បុគ្គលសេរី តើដូច​ម្ដេច។ បុគ្គលណា​ប្រកប​ដោយ​​ធម៌សេរីនេះ បុគ្គលនោះ លោកហៅ​ថា​​ បុគ្គលសេរី។ ពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​​សេរីភាព ដែល​បុគ្គលពាលមិន​ប្រាថ្នា បានសេចក្តី​ថា​​ បុគ្គលកាល​សំឡឹងឃើញ​ គន់មើល ពិនិត្យមើល ពិចារណា​មើល នូវសេរីភាព ហេតុនោះ (លោក​ពោលថា​​) បុគ្គល​កាល​សំឡឹង​​ឃើញ​សេរីភាព ដែល​បុគ្គល​ពាលមិន​ប្រាថ្នា។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

ការ​ប្រឹក្សា ក្នុង​លំនៅ​ ក្នុង​ទី (បំរើ​) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​មាន​ក្នុង​កណ្ដាលសំឡាញ់ បុគ្គលកាលសំឡឹងឃើញ​សេរីភាព ដែល​បុគ្គលពាលមិន​ប្រាថ្នា គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៥៣] ល្បែង តម្រេក រមែង​មាន​ក្នុង​កណ្ដាលសំឡាញ់ ទាំងសេចក្តី​ស្រឡាញ់​​ដ៏ធំទូលាយ រមែង​មាន​ក្នុង​ពួក​បុត្ត បុគ្គលកាលធុញទ្រាន់​ចំពោះ​ការ​ព្រាត់​ប្រាសចាក​អារម្មណ៍​ជាទីស្រឡាញ់ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៥៤] អធិប្បាយពាក្យថា​​ ល្បែង តម្រេក រមែង​មាន​ក្នុង​កណ្ដាល​សំឡាញ់ ត្រង់ពាក្យថា​​ ល្បែង បានដល់​ល្បែង ២ គឺ ល្បែងខាងផ្លូវកាយ ១ ល្បែងខាងផ្លូវវាចា ១។

ល្បែងខាងផ្លូវកាយ តើដូច​ម្ដេច។ ពួក​ជនរមែង​លេងដោយ​ដំរីខ្លះ លេងសេះខ្លះ លេង​រថខ្លះ លេងធ្នូខ្លះ លេងចត្រង្គមាន​ក្រឡាប្រាំបីខ្លះ [ល្បែងបាស្កា។] លេងល្បែងមាន​ក្រឡាដប់ខ្លះ [ល្បែងក្រឡា​ដប់នេះ គឺល្បែង​បាយខុំ។] លេងចត្រង្គ​ក្នុង​អាកាសខ្លះ [ចត្រង្គគ្មានក្តារ លេងថា​តែមាត់​ទទេ។] លេងផ្លូវវាងដែល​គួរវាងខ្លះ [ល្បែង​បិទពួន។ អដ្ឋកថា។] លេងផ្ទាត់គ្រាប់មាន​គ្រាប់គ្រួសជាដើមខ្លះ លេង​បាស្កាក្នុង​លានសម្រាប់លេងខ្លះ លេងហឹងខ្លះ លេងរលាស់ទឹកល័ខ ឲ្យ​ទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងល្បែងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ខ្សាច់ខ្លះ លេងរទេះតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរអក្សរឰ​ដ៏អាកាសឲ្យ​​ទាយ​ខ្លះ លេង​ទាយចិត្ត (ស្ដេចចង់​) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ នេះល្បែងខាងផ្លូវកាយ។

ល្បែងខាងផ្លូវវាចា តើដូច​ម្ដេច។ ការ​លេងវាយស្គរដោយ​មាត់ ការ​ធ្វើ​សំឡេងស្គរ ដែល​ជាប់ដោយ​មាត់ ការ​យកមាត់ធ្វើ​ត្រាប់សំឡេងស្គរ ការ​ហួច ការ​​ពោលសំឡេងដូច​ជា​សំឡេងស្គរដោយ​មាត់ ការ​បង្រៀនរាំ ការ​ច្រៀងបញ្ជើច ការ​ច្រៀង ការ​ធ្វើ​ឲ្យ​សើច នេះ ល្បែងខាងផ្លូវវាចា។

សេចក្តី​នៃពាក្យថា​​ តម្រេក គឺពាក្យថា​​ តម្រេកនុ៎ះ ជាឈ្មោះនៃ​សេចក្តី​មិន​អផ្សុក។ ពាក្យថា​​ ក្នុង​កណ្តាល​សំឡាញ់ គឺ ការ​ដើរទៅ​ជាសុខ ការ​មកជាសុខ ការ​ទៅ​មកជាសុខ ការ​ឈរជាសុខ ការ​អង្គុយជាសុខ ការ​ដេកជាសុខ ការ​ហៅ​រក​ជាសុខ ការ​ចរចាជាសុខ ការ​ឆ្លើយឆ្លងរក​គ្នា​ជាសុខ ការ​និយាយស្រស់ស្រាយជាសុខ ជាមួយពួក​ជនណា​ ពួក​​ជននោះ លោកហៅ​ថា​​ សំឡាញ់។ ពាក្យថា​​ ល្បែង តម្រេក (រមែង​មាន​) ក្នុង​កណ្ដាល​សំឡាញ់ គឺ ល្បែងផង តម្រេកផង រមែង​មាន​ក្នុង​កណ្ដាលសំឡាញ់ ហេតុនោះ (លោក​​ពោលថា​) ល្បែងតម្រេក រមែង​មាន​ក្នុង​កណ្ដាល​សំឡាញ់។

[២៥៥] អធិប្បាយពាក្យថា​​ សេចក្តី​ស្រឡាញ់​ដ៏ធំទូលាយ រមែង​មាន​ក្នុង​ពួក​បុត្ត ត្រង់ពាក្យថា​​ បុត្ត បានដល់​បុត្ត ៤ ពួក​ គឺ បុត្តកើតអំពី​ខ្លួន ១ បុត្តកើតក្នុង​ខេត្ត ១ បុត្ត​ដែល​គេឲ្យ​ ១ បុត្តគឺសិស្ស ១។ ពាក្យថា​​ សេចក្តី​ស្រឡាញ់​​ដ៏ធំទូលាយ រមែង​មាន​ក្នុង​​ពួក​បុត្ត គឺសេចក្តី​ស្រឡាញ់​ដ៏ក្រៃលែង រមែង​មាន​ក្នុង​ពួក​បុត្ត ហេតុនោះ (លោក​ពោលថា​​) ទាំងសេចក្តី​ស្រឡាញ់​​ដ៏ធំទូលាយ រមែង​មាន​ក្នុង​​ពួក​បុត្ត។

[២៥៦] ពាក្យថា​​ បុគ្គលកាលធុញទ្រាន់ ចំពោះ​ការ​ព្រាត់ប្រាសចាក​អារម្មណ៍​​ជា​ទីស្រឡាញ់ អធិប្បាយថា​​ អារម្មណ៍ជាទី​ស្រឡាញ់មាន​ ២ គឺ ពួក​សត្វ​ជាទីស្រឡាញ់ ១ ពួក​សង្ខារ​ជាទី​ស្រឡាញ់ ១។

ពួក​សត្វជាទីស្រឡាញ់ តើដូច​ម្ដេច។ ពួក​ជនណា​ ក្នុង​លោកនេះ ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី បុត្តក្តី ធីតាក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នក​ប្រាថ្នាសេចក្តី​ចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តី​សុខ ប្រាថ្នាការ​ក្សេមចាក​​យោគៈ​របស់ជននោះ នេះ ពួក​សត្វជាទីស្រឡាញ់។

ពួក​សង្ខារ​ជាទីស្រឡាញ់ តើដូច​ម្ដេច។ រូបជាទីពេញចិត្ត សំឡេងជាទីពេញចិត្ត ក្លិនជាទីពេញចិត្ត រសជាទីពេញចិត្ត ផ្សព្វជាទីពេញចិត្ត នេះ ពួក​សង្ខារ​ជាទីស្រឡាញ់។

ពាក្យថា​​ បុគ្គលកាលធុញទ្រាន់ ចំពោះ​ការ​ព្រាត់ប្រាសចាក​អារម្មណ៍ជាទីស្រឡាញ់ បានសេចក្តី​ថា​​ បុគ្គលកាលធុញទ្រាន់ នឿយណា​យ ខ្ពើមរអើម ចំពោះ​ការ​ព្រាត់ប្រាស ចាក​អារម្មណ៍ជាទីស្រឡាញ់ ហេតុនោះ (លោក​ពោលថា​​​) បុគ្គលកាលធុញទ្រាន់ចំពោះ​​ការ​ព្រាត់ប្រាសចាក​អារម្មណ៍ជាទីស្រឡាញ់។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

ល្បែង តម្រេក រមែង​មាន​​ក្នុង​កណ្ដាលសំឡាញ់ ទាំងសេចក្តី​ស្រឡាញ់ ​ដ៏ធំទូលាយ រមែង​មាន​ក្នុង​ពួក​បុត្ត បុគ្គលកាលធុញទ្រាន់ ចំពោះ​ការ​ព្រាត់ប្រាស ចាក​អារម្មណ៍ជាទីស្រឡាញ់ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៥៧] បុគ្គលមាន​កិរិយានៅ​ជាសុខ ក្នុង​ទិស ៤ ទាំងមិន​មាន​សេចក្តី​ថ្នាំងថ្នាក់ចិត្ត សន្ដោសដោយ​បច្ច័យតាមមាន​តាមបាន ជាអ្នក​អត់ធ្មត់​ចំពោះ​អន្ដរាយ​ទាំងឡាយ ជាអ្នក​មិន​តក់ស្លុត គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៥៨] អធិប្បាយពាក្យថា​​ បុគ្គលមាន​កិរិយានៅ​ជាសុខក្នុង​ទិស ៤ ទាំងមិន​មាន​​សេចក្តី​​​ថ្នាំងថ្នាក់ចិត្ត ត្រង់ពាក្យថា​​ មាន​កិរិយានៅ​ជាសុខ សេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ មាន​ចិត្ត​ប្រកបដោយ​​មេត្តា ផ្សាយទៅ​​កាន់​ទិសទី ១ ទិសទី ២ ក៏ដូច​គ្នា ទិសទី ៣ ក៏ដូច​គ្នា ទិសទី ៤ ក៏ដូច​គ្នា មាន​ចិត្តប្រកបដោយ​មេត្តា​ដ៏ធំទូលាយ ដល់​នូវសេចក្តី​ប្រសើរ ប្រមាណ​​មិន​បាន មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយទៅ​កាន់​លោក ដែល​មាន​​សត្វទាំងអស់​ ក្នុង​ទិសខាង​លើ ទិសខាងក្រោម ទិសទទឹង ព្រោះ​យកខ្លួនទៅ​ប្រៀបផ្ទឹម​ក្នុង​សត្វទាំងអស់​ ក្នុង​ទិស​ទាំងអស់​ ហើយ​​សម្រេច​សម្រាន្ដនៅ​ ដោយ​ប្រការ​ដូច្នេះ មាន​ចិត្តប្រកបដោយ​​ករុណា​​​ មាន​ចិត្តប្រកបដោយ​មុទិតា មាន​ចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅ​កាន់​ទិសទី ១ ទិសទី ២ ក៏ដូច​គ្នា ទិសទី ៣ ក៏ដូច​គ្នា ទិសទី ៤ ក៏ដូច​គ្នា មាន​ចិត្តប្រកបដោយ​​ឧបេក្ខា​​ដ៏ធំទូលាយ ដល់​នូវសេចក្តី​ប្រសើរ ប្រមាណមិន​បាន មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយទៅ​កាន់​លោក ដែល​មាន​សត្វទាំងអស់​ ក្នុង​ទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះ​យកខ្លួន​ទៅ​ប្រៀបផ្ទឹម ក្នុង​សត្វទាំងអស់​ ក្នុង​ទិសទាំងអស់​ ហើយ​សម្រេច​សម្រាន្ដនៅ​ ដោយ​​ប្រការ​ដូច្នេះ។ ពាក្យថា​​ បុគ្គលមាន​កិរិយានៅ​ជាសុខក្នុង​ទិស ៤ ទាំងមិន​មាន​សេចក្តី​​ថ្នាំងថ្នាក់ចិត្ត បានសេចក្តី​ថា​​ ព្រោះ​បានចំរើនមេត្តា (ទើបយល់ថា​​​) ពួក​សត្វណា​ ក្នុង​​ទិសខាងកើត ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសខាងលិច ពួក​សត្វនោះ​មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសខាងត្បូង ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ក្នុង​​ទិសខាងជើង ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសខាងអាគ្នេយ៍ ពួក​សត្វនោះ​ មិន​​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសពាយ័ព្យ ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសនិរតី ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសឦសាន ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសខាងក្រោម ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសខាងលើ ពួក​សត្វនោះ មិន​គួរខ្ពើម ពួក​សត្វណា​ ក្នុង​ទិសធំ ក្នុង​ទិសតូចទាំងឡាយ ពួក​សត្វនោះ​ មិន​គួរខ្ពើម ព្រោះ​បានចំរើនករុណា​ ព្រោះ​បានចំរើនមុទិតា ព្រោះ​បាន​ចំរើន​ឧបេក្ខា (ទើប​យល់ថា​​​) ពួក​សត្វណា​ក្នុង​ទិសខាងកើត ពួក​សត្វនោះ មិន​គួរខ្ពើម។បេ។ ពួក​សត្វ​ណា​ក្នុង​ទិសធំ ក្នុង​ទិសតូចទាំងឡាយ ពួក​សត្វនោះ មិន​គួរខ្ពើម ហេតុនោះ (លោក​ពោលថា​​​) បុគ្គលមាន​កិរិយានៅ​ជាសុខ ក្នុង​ទិស ៤ ទាំងមិន​មាន​​​សេចក្តី​ថ្នាំងថ្នាក់ចិត្ត។

[២៥៩] ពាក្យថា​​ សន្ដោសដោយ​បច្ច័យ តាមមាន​តាមបាន អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលសន្ដោសដោយ​ចីវរ តាមមាន​តាមបានផង ថ្លែងគុណ​សន្ដោស​ដោយ​​ចីវរ តាមមាន​​តាមបានផង មិន​ដល់​​នូវអនេសនៈ​ដែល​មិន​សមគួរ ព្រោះ​ហេតុ​តែចីវរផង ​មិន​បានចីវរ ក៏មិន​តក់ស្លុតផង បានចីវរហើយ​ ក៏មិន​ជក់ចិត្ត មិន​ឈ្លក់ចិត្ត មិន​ងប់ចិត្ត ឃើញ​ទោស មាន​ប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិន​លើកតំកើងខ្លួន មិន​បង្អាប់បុគ្គលដទៃ ព្រោះ​តែសេចក្តី​សន្ដោសដោយ​ចីវរ​តាមមាន​តាមបាននោះ ដ្បិតថា​​​​ព្រះបច្ចេកសម្ពុទ្ធណា​ វាងវៃ មិន​ខ្ជិល ដឹងខ្លួន មាន​ស្មារតីស៊ប់សួន​ក្នុង​ការ​​សន្ដោសដោយ​​ចីវរ​តាមមាន​តាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោក​ពោលថា​​ អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស មាន​ក្នុង​កាលមុន ដែល​ពួក​បណ្ឌិតគួរស្គាល់ថា​​ ប្រសើរ។ ជាបុគ្គលសន្ដោស ដោយ​​បណ្ឌិបាត តាមមាន​តាមបានផង ថ្លែងគុណសន្ដោសដោយ​បិណ្ឌបាត​តាមមាន​តាមបាន​ផង មិន​ដល់​នូវអនេសនៈ ដែល​មិន​សមគួរ ព្រោះ​ហេតុតែបិណ្ឌបាតផង មិន​បានបិណ្ឌបាត ​ក៏មិន​តក់ស្លុតផង បានបិណ្ឌបាតហើយ​ក៏មិន​ជក់ចិត្ត មិន​ឈ្លក់ចិត្ត មិន​ងប់ចិត្ត ឃើញ​ទោស មាន​ប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិន​លើកតំកើងខ្លួន មិន​បង្អាប់បុគ្គល​ដទៃ ព្រោះ​តែការ​សន្ដោស ដោយ​បិណ្ឌបាត​តាមមាន​តាមបាននោះ ដ្បិតថា​​ព្រះបច្ចេកសម្ពុទ្ធ​ណា​ វាងវៃ មិន​ខ្ជិល ដឹងខ្លួន មាន​ស្មារតីស៊ប់សួន ក្នុង​ការ​សន្ដោសដោយ​បិណ្ឌបាត តាម​មាន​​តាមបាន​នោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោក​ពោលថា​​ អ្នក​ឋិតនៅ​ក្នុង​អរិយវង្ស មាន​​ក្នុង​កាលមុន ដែល​ពួក​បណ្ឌិតគួរស្គាល់ថា​​ ប្រសើរ។ ជាបុគ្គល​សន្ដោសដោយ​​សេនាសនៈ​ តាមមាន​តាមបានផង ថ្លែងគុណសន្ដោសដោយ​សេនាសនៈ តាមមាន​តាមបានផង មិន​​ដល់​នូវអនេសនៈ ដែល​មិន​សមគួរ ព្រោះ​ហេតុតែសេនាសនៈផង មិន​បានសេនាសនៈ ក៏មិន​តក់ស្លុតផង បានសេនាសនៈ​ហើយ​ ក៏មិន​ជក់ចិត្ត មិន​ឈ្លក់ចិត្ត មិន​ងប់ចិត្ត ឃើញ​​ទោស មាន​ប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិន​​លើកតំកើងខ្លួន មិន​បង្អាប់​បុគ្គលដទៃ ព្រោះ​តែការ​សន្ដោស ដោយ​សេនាសនៈ តាមមាន​​តាម​បាន​នោះ ដ្បិតថា​​ ព្រះបច្ចេកសម្ពុទ្ធណា​ វាងវៃ មិន​ខ្ជិល ដឹងខ្លួន មាន​ស្មារតីស៊ប់សួន ក្នុង​ការ​សន្ដោសដោយ​​សេនាសនៈ តាមមាន​តាមបាននោះ ព្រះបច្ចេកសម្ពុទ្ធ​នេះ លោក​ពោល​ថា​​ អ្នក​ឋិតនៅ​ក្នុង​​អរិយវង្ស មាន​ក្នុង​កាលមុន ដែល​ពួក​បណ្ឌិតគួរ​ស្គាល់ថា​​ ប្រសើរ។ ជា​បុគ្គលសន្ដោស​ដោយ​​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ តាមមាន​តាមបានផង ថ្លែងគុណ​សន្ដោស​ដោយ​​​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន​តាមបាន​ផង មិន​ដល់​នូវ​អនេសនៈ​ដែល​​មិន​សមគួរ ព្រោះ​ហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារ មិន​បានគិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិន​​តក់ស្លុតផង បានគិលានប្បច្ចយភេសជ្ជបរិក្ខារ​ហើយ​ ក៏មិន​ជក់ចិត្ត មិន​ឈ្លក់ចិត្ត មិន​ងប់ចិត្ត ឃើញ​ទោស មាន​ប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិន​លើក​តំកើងខ្លួន មិន​បង្អាប់បុគ្គលដទៃ ព្រោះ​តែការ​សន្ដោសដោយ​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន​តាមបាននោះ ដ្បិតថា​​ ព្រះបច្ចេកសម្ពុទ្ធណា​ វាងវៃ មិន​ខ្ជិល ដឹងខ្លួន មាន​ស្មារតី​ស៊ប់សួន ក្នុង​ការ​សន្ដោសដោយ​​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន​តាម​បាន​នោះ ​ព្រះបច្ចេកសម្ពុទ្ធនេះ លោក​ពោលថា​​ ឋិតនៅ​ក្នុង​អរិយវង្ស ក្នុង​កាលមុន ដែល​ពួក​​បណ្ឌិត​ស្គាល់ថា​​ ប្រសើរ។ ហេតុនោះ (លោក​ពោលថា​​​) សន្ដោសដោយ​បច្ច័យ តាមមាន​​តាមបាន។

[២៦០] អធិប្បាយពាក្យថា​​ ជាអ្នក​អត់ធ្មត់ ចំពោះ​អន្ដរាយទាំងឡាយ ជាអ្នក​មិន​​តក់ស្លុត ត្រង់ពាក្យថា​​ អន្ដរាយ បានដល់​​អន្ដរាយ ២ គឺ អន្ដរាយប្រាកដ ១ អន្ដរាយកំបាំង ១ អន្ដរាយ​ប្រាកដ តើដូច​ម្ដេច។ ពួក​សីហៈ ពួក​ខ្លាធំ ខ្លាដំបង ពួក​ខ្លាឃ្មុំ និងខ្លារខិន ពួក​ឆ្កែព្រៃ​ពួក​គោ និងក្របី ពួក​ដំរី ពស់ ខ្ទួយ ក្អែប ឬពួក​មាណព ជាចោរធ្វើ​កម្មហើយ​ ឬមិន​ទាន់​ធ្វើ​កម្មហើយ​ ឬរោគក្នុង​ភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្ដាត រោគកាយ រោគ​ក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគឆ្មេញ ក្អក ហឺត រោគខាងក្រៅច្រមុះ​ រោគក្ដៅ រោគគ្រាំគ្រា រោគពោះ ខ្យល់ចាប់ ធ្លាក់ឈាម ចុកសៀត រាករូស ឃ្លង់ បូស ស្រែង របេង ឆ្កួតជ្រូក ដំនួចពឹស រមាស់ កម រោគក្លាយអំពី​ក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួក​អាពាធ​កើតអំពី​ប្រមាត់ ពួក​អាពាធ​​កើតអំពី​ស្លេស្ម៍ ពួក​អាពាធ​កើតអំពី​ខ្យល់ ពួក​អាពាធ​កើតអំពី​ប្រជុំនៃប្រមាត់ស្លេស្ម៍ ​និង​ខ្យល់ ពួក​អាពាធ​កើតអំពី​ការ​ប្រែប្រួលរដូវ ពួក​អាពាធ​កើតអំពី​ការ​ប្រើឥរិយាបថ​​មិន​ស្មើ ពួក​អាពាធ​​កើតអំពី​​ព្យាយាម (មាន​ការ​សំឡាប់ ចាប់ចងជាដើម​) ពួក​អាពាធ​​កើត​អំពី​វិបាករបស់កម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ ពួក​សម្ផស្ស​​នៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅ​ថា​​ អន្ដរាយ​ប្រាកដ។

អន្ដរាយកំបាំង តើដូច​ម្ដេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ពួក​កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តី​ក្រវល់ក្រវាយទាំងពួង សេចក្តី​​ក្រហល់​ក្រហាយទាំងពួង សេចក្តី​ក្តៅ​ក្រហាយទាំងពួង អកុសលាភិសង្ខារ​​ទាំងពួង ទាំងនេះ លោកហៅ​ថា​​ អន្ដរាយកំបាំង។

សំនួរត្រង់ពាក្យថា​​ ពួក​អន្ដរាយ ចុះអន្ដរាយ តើដោយ​សេចក្តី​​ដូច​ម្ដេច។ ឈ្មោះថា​​​អន្ដរាយ ព្រោះ​ហេតុ​បង្រ្គប។ ឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុ​ប្រព្រឹត្តទៅ​ ដើម្បី​សេចក្តី​​សាប​សូន្យ។ ឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុអាស្រ័យ​ក្នុង​សរីរៈនោះ។

ចុះឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុបង្រ្គប តើដូច​ម្ដេច។ ពួក​អន្ដរាយនោះ សង្រ្គប បង្រ្គប គ្របសង្កត់ រួបរឹត សង្កត់សង្កិន បៀតបៀននូវបុគ្គលនោះ ឈ្មោះថា​​ អន្ដរាយ ព្រោះ​​ហេតុ​បង្រ្គប ​យ៉ាងនេះឯង។ ចុះឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុប្រព្រឹត្តទៅ​ ដើម្បី​សេចក្តី​​សាបសូន្យ តើដូច​ម្ដេច។ ពួក​អន្ដរាយនោះ ប្រព្រឹត្តទៅ​ព្រម ដើម្បី​សេចក្តី​អន្ដរាយ ដើម្បី​​សេចក្តី​សាបសូន្យ នូវពួក​ធម៌ជាកុសល។ ពួក​ធម៌ជាកុសល តើដូច​ម្ដេចខ្លះ។ សម្មាបដិបទា អនុលោមប្បដិបទា អបច្ចនីកប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ការ​​ធ្វើ​ឲ្យ​ពេញលេញក្នុង​សីលទាំងឡាយ ការ​គ្រប់គ្រងទ្វារក្នុង​ឥន្រ្ទិយទាំងឡាយ ការ​ដឹង​ប្រមាណ​​ក្នុង​ភោជន ការ​ប្រកបរឿយៗ នូវសេចក្តី​ភ្ញាក់រឭក សតិ និងសម្បជញ្ញៈ ការ​​ប្រកបរឿយៗ នូវការ​ចំរើនសតិប្បដ្ឋាន ៤ ការ​ប្រកបរឿយៗ នូវកិរិយាចំរើនសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកប​ដោយ​អង្គ ៨ ពួក​អន្ដរាយនោះ ប្រព្រឹត្តទៅ​ព្រម ដើម្បី​សេចក្តី​អន្ដរាយ ដើម្បី​សេចក្តី​​សាបសូន្យ នូវពួក​ធម៌​ជាកុសលទាំងនេះ ឈ្មោះថា ​​អន្ដរាយ ព្រោះ​ហេតុប្រព្រឹត្តទៅ​ ដើម្បី​សេចក្តី​​សាបសូន្យ ​យ៉ាងនេះឯង។

ចុះឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុអាស្រ័យ​ក្នុង​សរីរៈ​នោះ តើដូច​ម្ដេច។ ពួក​ធម៌ជា​កុសល​​ដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យ​​ព្រមនូវអត្តភាព រមែង​កើតក្នុង​​អត្តភាពនោះ។ ពួក​​ពិលាសយសត្វ (សត្វនៅ​ក្នុង​រន្ធ) តែង​ដេកក្នុង​រន្ធ ពួក​ឧទកាសយសត្វ (សត្វនៅ​ក្នុង​ទឹក​) តែង​ដេកក្នុង​ទឹក ពួក​វនាសយសត្វ (សត្វនៅ​ក្នុង​ព្រៃ​) តែង​ដេកក្នុង​ព្រៃ ពួក​រុក្ខាសយសត្វ
(សត្វនៅ​​លើឈើ​) តែង​ដេកលើឈើ ​យ៉ាងណា​ ពួក​ធម៌ជាអកុសល​ដ៏អាក្រក់ទាំងនុ៎ះ អាស្រ័យ​​​ព្រមនូវអត្តភាព រមែង​កើតក្នុង​អត្តភាពនោះ ​យ៉ាងនោះដែរ ឈ្មោះថា ​​អន្ដរាយ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈនោះ ​យ៉ាងនេះក៏មាន។

សមដូច​ព្រះមាន​ព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​នៅ​រួមដោយ​សិស្ស អ្នក​នៅ​រួមដោយ​អាចារ្យ តែង​នៅ​ជាទុក្ខ មិន​សប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុអ្នក​នៅ​រួមដោយ​សិស្ស អ្នក​នៅ​រួមដោយ​អាចារ្យ តែង​នៅ​ជាទុក្ខ មិន​​សប្បាយ តើដូច​ម្ដេច ម្នាល​ភិក្ខុទាំងឡាយ ពួក​ធម៌ជាអកុសល​ដ៏អាក្រក់ណា​ គឺ សេចក្តី​​ត្រិះរិះ​​ ដែល​​កើត​ដោយ​អំណា​ច​នៃការ​រង្គាត់ទៅ​ (ក្នុង​អារម្មណ៍ផ្សេងៗ​) ជាគ្រឿងទំនុក​បម្រុង​​ដល់​​សំយោជនៈ របស់ភិក្ខុក្នុង​សាសនា​នេះ កើតឡើងព្រោះ​ឃើញ​រូបដោយ​ចក្ខុ ពួក​ធម៌ជា​អកុសល​​ដ៏អាក្រក់នោះ នៅ​ខាងក្នុង​សន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុ​នោះ ព្រោះ​ហេតុនោះ ភិក្ខុនោះ តថា​​គត​ហៅថា​​ អ្នក​នៅ​រួមដោយ​សិស្ស ពួក​ធម៌ជា​អកុសល​ដ៏អាក្រក់នោះ រមែង​ប្រើភិក្ខុនោះ ព្រោះ​ហេតុនោះ ភិក្ខុនោះ តថា​​គតហៅ​ថា​​ អ្នក​​នៅ​រួម​ដោយ​អាចារ្យ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ពួក​ធម៌ជាអកុសល​ដ៏អាក្រក់ណា​ គឺសេចក្តី​​ត្រិះរិះ​ដែល​កើតដោយ​អំណា​ច​នៃការ​រង្គាត់ទៅ​ ជាគ្រឿងទំនុកបម្រុងដល់​​សំយោជនៈ​របស់​ភិក្ខុ កើតឡើងព្រោះ​ឮសំឡេងដោយ​ត្រចៀក ធុំក្លិនដោយ​ច្រមុះ ក្រេប​ជញ្ជក់រសដោ​យ​អណ្ដាត ពាល់ត្រូវផ្សព្វដោយ​កាយ ដឹងធម្មារម្មណ៍ដោយ​ចិត្ត ពួក​ធម៌ជា​អកុសល​ដ៏​អាក្រក់​នោះ នៅ​ខាងក្នុង​សន្ដាននៃភិក្ខុនោះ ជាប់ដិតប្រកិតតាមភិក្ខុនោះ ព្រោះ​​ហេតុនោះ ភិក្ខុនោះ តថា​​គត​ហៅ​ថា​​ អ្នក​នៅ​រួមដោយ​សិស្ស ពួក​ធម៌ជាអកុសល​ដ៏អាក្រក់​នោះ រមែង​ប្រើ​ភិក្ខុ​នោះ ព្រោះ​ហេតុនោះ ភិក្ខុនោះ តថា​​គត​ហៅថា​​ អ្នក​នៅ​រួមដោយ​អាចារ្យ ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុអ្នក​នៅ​រួមដោយ​សិស្ស អ្នក​នៅ​រួមដោយ​អាចារ្យ តែង​នៅ​ជាទុក្ខ ​មិន​​សប្បាយ ​យ៉ាងនេះឯង។ ឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុអាស្រ័យ​ក្នុង​សរីរៈនោះ ​យ៉ាង​នេះ​ក៏មាន។

មួយទៀត ព្រះមាន​ព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ អកុសលធម៌ ៣ នេះ ជាមន្ទិលខាងក្នុង​ ជាអមិត្រខាងក្នុង​ ជាសត្រូវខាងក្នុង​ ជាពេជ្ឈឃាត​ខាងក្នុង​ ជាខ្មាំងខាងក្នុង​ អកុសលធម៌ ៣ តើដូច​ម្ដេចខ្លះ ម្នាល​ភិក្ខុទាំងឡាយ លោភៈជា​មន្ទិលខាងក្នុង​ ជាអមិត្រខាងក្នុង​ ជាសត្រូវខាងក្នុង​ ជាពេជ្ឈឃាតខាងក្នុង​ ជាខ្មាំងខាងក្នុង​ ម្នាល​ភិក្ខុទាំងឡាយ ទោសៈ។បេ។ ម្នាល​ភិក្ខុទាំងឡាយ មោហៈ ជាមន្ទិលខាងក្នុង​ ជា​អមិត្រ​ខាងក្នុង​ ជាសត្រូវខាងក្នុង​ ជាពេជ្ឈឃាតខាងក្នុង​ ជាខ្មាំងខាងក្នុង​ ម្នាល​ភិក្ខុ​​ទាំងឡាយ អកុសលធម៌ ៣ នេះឯង ជាមន្ទិលខាងក្នុង​ ជាអមិត្រខាងក្នុង​ ជាសត្រូវ​ខាងក្នុង​ ជាពេជ្ឈឃាត​ខាងក្នុង​ ជាខ្មាំងខាងក្នុង​។

លោភៈ ឲ្យ​កើតវិនាស លោភៈ ឲ្យ​ចិត្តរំជួល ភ័យកើតខាងក្នុង​ អ្នក​ផងមិន​យល់ភ័យនោះ ជនលោភ​មិន​ស្គាល់អត្ថ ជនលោភមិន​ឃើញ​ធម៌ សេចក្តី​ងងឹតឈឹង តែង​មាន​ក្នុង​កាល​ដែល​លោភៈគ្របសង្កត់នរៈនោះ ទោសៈ ឲ្យ​កើតវិនាស ទោសៈឲ្យ​ចិត្តរំជួល ភ័យកើតខាងក្នុង​ អ្នក​ផងមិន​យល់ភ័យនោះ ជនប្រទុស្ត មិន​ស្គាល់អត្ថ ជនប្រទុស្ត មិន​ឃើញ​ធម៌ សេចក្តី​ងងឹតឈឹង តែង​មាន​ក្នុង​កាលដែល​ទោសៈគ្របសង្កត់នរៈនោះ មោហៈ ឲ្យ​កើតវិនាស មោហៈឲ្យ​ចិត្តរំជួល ភ័យកើតខាងក្នុង​ អ្នក​ផងមិន​យល់ភ័យនោះ ជនវង្វេង​មិន​ស្គាល់អត្ថ ជនវង្វេងមិន​ឃើញ​ធម៌ សេចក្តី​ងងឹតឈឹងតែង​មាន​ ក្នុង​កាលដែល​មោហៈគ្របសង្កត់នរៈនោះ។

ឈ្មោះថា​​ អន្ដរាយ ព្រោះ​ហតុអាស្រ័យ​ក្នុង​សរីរៈនោះ ​យ៉ាងនេះក៏មាន។

មួយទៀត ព្រះមាន​ព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា​​ បពិត្រ​មហារាជ អកុសលធម៌ ៣ ជាធម៌អន្ដរាយ កាលកើតខាងក្នុង​ កើតឡើងដើម្បី​មិន​ជាគុណ ដើម្បី​ការ​លំបាក​ ដើម្បី​ការនៅ​មិន​ស្រួល អកុសលធម៌ ៣ តើដូច​ម្ដេចខ្លះ បពិត្រ​មហារាជ លោភៈ ជាធម៌​អន្ដរាយ កាល​កើតខាងក្នុង​ កើតឡើងដើម្បី​មិន​ជាគុណ ដើម្បី​ការ​លំបាក​ ដើម្បី​ការ​នៅ​មិន​​ស្រួល បពិត្រ​មហារាជ ទោសៈ។បេ។ បពិត្រ​មហារាជ មោហៈ ជាធម៌អន្ដរាយ កាលកើត​ខាងក្នុង​ កើតឡើង​ដើម្បី​មិន​ជាគុណ ដើម្បី​ការ​លំបាក​ ដើម្បី​ការ​នៅ​​មិន​ស្រួល បពិត្រ​​មហារាជ អកុសលធម៌ ៣ នេះឯង ជាធម៌អន្ដរាយ កាលកើតខាងក្នុង​ កើតឡើង​ដើម្បី​​មិន​ជាគុណ ដើម្បី​ការ​លំបាក​ ដើម្បី​ការ​នៅ​មិន​ស្រួល។

លោភៈ ទោសៈ និងមោហៈ កើតពីខ្លួន រមែង​សម្លាប់​បុរស​ដែល​មាន​ចិត្តបាប ដូច​ផ្លែឫស្សី​ដែល​សម្លាប់​ដើមរបស់ខ្លួន។

ឈ្មោះថា​​អន្ដរាយ ព្រោះ​ហេតុអាស្រ័យ​ក្នុង​សរីរៈនោះ ​យ៉ាងនេះក៏មាន។

មួយទៀត ព្រះមាន​ព្រះភាគបានត្រាស់ព្រះតម្រាស់នេះថា​​

រាគៈ ទោសៈ និងមោហៈ មាន​អត្តភាពនេះ​ជាហេតុ សេចក្តី​មិន​ត្រេកអរ​ សេចក្តី​ត្រេកអរ​ និងសេចក្តី​ព្រឺព្រួចរោម កើតហើយ​អំពី​អត្តភាពនេះ សេចក្តី​ត្រិះរិះក្នុង​ចិត្តទាំងឡាយ ដាលឡើងអំពី​អត្តភាពនេះ ហើយ​លែងចិត្ត ដូច​ជាពួក​ក្មេងលែងក្អែក។

ឈ្មោះថា​​ អន្ដរាយ ព្រោះ​ហេតុអាស្រ័យ​ក្នុង​សរីរៈនោះ ​យ៉ាងនេះក៏មាន។

ពាក្យថា​​ ជាអ្នក​អត់ធ្មត់ ចំពោះ​អន្ដរាយទាំងឡាយ គឺ ជាអ្នក​អត់ធ្មត់ មិន​ជក់ចិត្ត រួបរឹត បៀតបៀន នូវពួក​អន្ដរាយ ហេតុនោះ (លោក​ពោលថា​) ជាអ្នក​អត់ធ្មត់ចំពោះ​​អន្ដរាយ​ទាំងឡាយ។ ពាក្យថា​​ ជាអ្នក​មិន​តក់ស្លុត គឺ ព្រះបច្ចេកសម្ពុទ្ធនោះ មិន​ខ្លាច មិន​តក់​ស្លុត មិន​រន្ធត់ មិន​រត់ លះបង់សេចក្តី​ខ្លាច និងសេចក្តី​ញ័រចំប្រប់ហើយ​ ប្រាសចាក​សេចក្តី​​ព្រឺព្រួចរោម ហេតុនោះ (លោក​ពោលថា​​​) ជាអ្នក​អត់ធ្មត់ ចំពោះ​អន្ដរាយទាំងឡាយ ជាអ្នក​​មិន​តក់ស្លុត។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ​នោះ​​ពោលថា​​

បុគ្គលមាន​កិរិយានៅ​ជាសុខ ក្នុង​ទិស ៤ ទាំងមិន​មាន​សេចក្តី​ថ្នាំងថ្នាក់ចិត្ត សន្ដោសដោយ​បច្ច័យ តាមមាន​តាមបាន ជាអ្នក​អត់ធ្មត់​ចំពោះ​អន្ដរាយទាំងឡាយ ជាអ្នក​មិន​តក់ស្លុត គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៦១] ពួក​បព្វជិតខ្លះ និងពួក​គ្រហស្ថ​ដែល​នៅ​គ្រប់គ្រងផ្ទះខ្លះ គេសង្គ្រោះបានដោយ​កម្រ បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ​ក្នុង​ពួក​បុត្តនៃអ្នក​ដទៃទេ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៦២] ពាក្យថា​​ ពួក​បព្វជិតខ្លះ គេសង្គ្រោះបានដោយ​កម្រ អធិប្បាយថា​​ ពួក​​បព្វជិត​ខ្លះ ក្នុង​លោកនេះ កាលបើគេឲ្យ​និស្ស័យក្តី ឲ្យ​ឧទ្ទេសក្តី ឲ្យ​បរិបុច្ឆាក្តី ឲ្យ​ចីវរក្តី ឲ្យ​បាត្រក្តី ឲ្យ​ផ្ដិលលោហៈក្តី ឲ្យ​ធម្មក្រកក្តី ឲ្យ​តម្រងទឹកក្តី ឲ្យ​កូនសោក្តី ឲ្យ​ស្បែកជើងក្តី ឲ្យ​វត្ថពន្ធចង្កេះក្តី តែង​មិន​ស្ដាប់ មិន​ផ្ទៀងត្រចៀក មិន​តាំងចិត្តចង់ដឹង ជាអ្នក​មិន​​ព្រមស្ដាប់ មិន​ធ្វើ​​តាមពាក្យ ប្រព្រឹត្តច្រាស បែរមុខទៅ​កាន់​ទីដទៃ ហេតុនោះ (លោក​ពោល​ថា​​​) ពួក​បព្វជិត​ខ្លះ គេសង្គ្រោះបានដោយ​កម្រ។

[២៦៣] ពាក្យថា​​ ពួក​គ្រហស្ថដែល​នៅ​គ្រប់គ្រងផ្ទះខ្លះ គឺ ពួក​គ្រហស្ថខ្លះ ក្នុង​លោក​នេះ កាលបើគេឲ្យ​ដំរីក្តី ឲ្យ​រថក្តី ស្រែក្តី ចម្ការក្តី ប្រាក់ក្តី មាសក្តី ឲ្យ​ស្រុកក្តី ក្រុងក្តី ខេត្តក្តី តែង​មិន​ស្ដាប់ មិន​ផ្ទៀងត្រចៀក មិន​តាំងចិត្តចង់ដឹង ជាអ្នក​មិន​ព្រមស្ដាប់ មិន​ធ្វើ​តាមពាក្យ​ ប្រព្រឹត្តច្រាស បែរមុខទៅ​កាន់​ទីដទៃ ហេតុនោះ (លោក​ពោលថា​​​) ពួក​គ្រហស្ថដែល​នៅ​​គ្រប់គ្រងផ្ទះខ្លះ។

[២៦៤] ពាក្យថា​​ បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ ក្នុង​ពួក​បុត្តនៃអ្នក​ដទៃ គឺ បុគ្គលទាំងអស់​ លើកលែងតែខ្លួនចេញ​ លោក​ពោលក្នុង​អត្ថនេះ។ ពាក្យថា​​ បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ ក្នុង​ពួក​បុត្តនៃអ្នក​ដទៃ បានសេចក្តី​ថា​​ បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ ជាអ្នក​មិន​ក្រវើន ជាអ្នក​​មិន​អាឡោះអាល័យ ហេតុនោះ (លោក​ពោលថា​​​) បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ ក្នុង​ពួក​បុត្ត​នៃអ្នក​ដទៃ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​​ពោល​ថា​​

ពួក​បព្វជិតខ្លះ និងពួក​គ្រហស្ថដែល​នៅ​គ្រប់គ្រងផ្ទះខ្លះ គេសង្គ្រោះបានដោយ​កម្រ បុគ្គលជាអ្នក​មិន​ខ្វល់ខ្វាយ​ក្នុង​ពួក​បុត្តនៃអ្នក​ដទៃទេ គប្បី​ប្រព្រឹត្តម្នាក់ឯងដូច​កុយរមាស។

[២៦៥] វីរបុរស លះបង់វត្ថុទាំងឡាយជាគ្រឿងប្រាកដ​របស់​គ្រហស្ថ កាត់ចំណង​របស់​គ្រហស្ថ​​ទាំងឡាយ ដូច​រលួសផ្អុង​ដែល​ជម្រុះស្លឹក គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៦៦] ពាក្យថា​​ លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ សេចក្តី​ថា​​ សក់ ពុកមាត់ ពុកចង្កា កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប គ្រឿងអាភរណៈ គ្រឿង​ប្រដាប់ សំពត់ គ្រឿង​ដណ្ដប់ ឈ្នួតក្បាល គ្រឿងដុសខាត់ ការ​គក់រឹតនួត ការ​ផ្ងូត ការ​​គក់ច្របាច់ កញ្ចក់ ប្រដាប់​សម្រាប់បន្ដក់ កម្រងផ្កា និងគ្រឿងលាបស្រឡាប គ្រឿងលំអិត​សម្រាប់​ប្រស់មុខ គ្រឿងសម្រាប់លុបលាបមុខ គ្រឿងចងដៃ គ្រឿងចងជុក ដំបង បំពង់ថ្នាំ ព្រះខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ ស្នៀតសក់ ស៊ែ សំពត់សវែង និងខ្លី លោកហៅ​ថា​​ វត្ថុជា​គ្រឿង​​ប្រាកដ របស់​គ្រហស្ថ។ ពាក្យថា​​ លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដ​របស់​គ្រហស្ថ គឺ ទំលាក់ចោល ដាក់ចោល ជម្រុះចោល ហេតុនោះ (លោក​ពោលថា​​​) លះបង់​វត្ថុទាំងឡាយ ជាគ្រឿងប្រាកដ​របស់គ្រហស្ថ។

[២៦៧] ពាក្យថា​​ ដូច​រលួសផ្អុងដែល​ជម្រុះស្លឹក សេចក្តី​ថា​​ ស្លឹកទាំងឡាយ របស់​រលួស​ផ្អុង ដែល​របេះ ដាច់ជ្រុះ​យ៉ាងណា​ វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ នៃព្រះបច្ចេកសម្ពុទ្ធនោះ ក៏ដាច់ជ្រុះ ​យ៉ាងនោះដែរ ហេតុនោះ (លោក​ពោលថា​​​) ដូច​រលួស​ផ្អុង​ដែល​ជម្រុះស្លឹក។

[២៦៨] ពាក្យថា​​ វីរបុរស កាត់ចំណងរបស់គ្រហស្ថទាំងឡាយ អធិប្បាយថា​​ ឈ្មោះ​ថា​​​​វីរបុរស ព្រោះ​ហេតុមាន​សេចក្តី​ព្យាយាម។ ឈ្មោះថា​​វីរបុរស ព្រោះ​ហេតុជាអ្នក​អាច។ ឈ្មោះថា​​វីរបុរស ព្រោះ​ហេតុញុំាងសេចក្តី​ព្យាយាមឲ្យ​កើត។ ឈ្មោះថា​​វីរបុរស ព្រោះ​​ហេតុ​មាន​​ចិត្តអង់អាច។ ឈ្មោះថា​​វីរបុរស ព្រោះ​ហេតុជាអ្នក​ហ៊ាន។ ឈ្មោះថា​​​វីរបុរស ព្រោះ​​ហេតុ​ជាអ្នក​មោះមុត មិន​ខ្លាច មិន​រន្ធត់ មិន​ស្រឡាំងកាំង មិន​រត់ លះបង់សេចក្តី​ខ្លាច ​និង​សេចក្តី​ញ័រចំប្រប់ហើយ​ ប្រាសចាក​សេចក្តី​ព្រឺរោម។

ព្រះខីណា​ស្រព វៀរចាក​បាបទាំងពួង ក្នុង​លោកនេះឯង មាន​ការ​ព្យាយាមជាលំនៅ​ កន្លងទុក្ខក្នុង​នរក ​លោកមាន​ព្យាយាម មាន​សេចក្តី​ប្រឹងប្រែង ជាអ្នក​នឹងធឹង មាន​សភាពដូច្នោះ ទើបលោកហៅ​ថា​​ វីរបុរស។

ពួក​កូន ខ្ញុំស្រី និងខ្ញុំប្រុស ពពែ និងចៀម មាន់ និងជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំង និងវត្ថុជា​ទីត្រេកត្រអាលណា​មួយ លោកហៅ​ថា​​ ចំណងរបស់គ្រហស្ថ។ ពាក្យថា​​ វីរបុរស ​កាត់​ចំណងរបស់គ្រហស្ថទាំងឡាយ បានសេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ ជាវីរបុរស កាត់ ក្របែល លះ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស នូវចំណងរបស់គ្រហស្ថទាំងឡាយ ធ្វើ​ឲ្យ​ដល់​នូវកិរិយា​លែងកើត ហេតុនោះ (លោក​ពោលថា​​​) វីរបុរស កាត់ចំណងរបស់គ្រហស្ថទាំងឡាយ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ នោះ​ពោលថា​​

វីរបុរស លះបង់វត្ថុទាំងឡាយ ជាគ្រឿងប្រាកដរបស់គ្រហស្ថ កាត់ចំណង​របស់​គ្រហស្ថ​ទាំងឡាយ ដូច​រលួសផ្អុង​ដែល​ជម្រុះស្លឹក គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៦៩] បើបុគ្គលបានសំឡាញ់ មាន​ប្រាជ្ញាចាស់ទុំ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ អាចគ្របសង្កត់អន្ដរាយទាំងពួងបាន គប្បី​មាន​ស្មារតី មាន​ចិត្តត្រេកអរ​ ប្រព្រឹត្តនៅ​ជាមួយសំឡាញ់នោះចុះ។

[២៧០] ពាក្យថា​​ បើបុគ្គលបានសំឡាញ់ មាន​ប្រាជ្ញាចាស់ទុំ គឺបើបុគ្គលគប្បី​បាន គប្បី​​ចួប គប្បី​ប្រទះ គប្បី​ពើបពះនូវសំឡាញ់មាន​ប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មាន​សេចក្តី​​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​យល់ច្បាស់​ មាន​ប្រាជ្ញា​ជាគ្រឿងទម្លាយកិលេស ហេតុ​នោះ (លោក​ពោលថា​​​) បើបុគ្គលបាន​សំឡាញ់មាន​ប្រាជ្ញា។

[២៧១] អធិប្បាយពាក្យថា​​ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ ត្រង់ពាក្យថា​​ ជាអ្នក​​ប្រព្រឹត្តត្រូវគ្នា គឺ ប្រព្រឹត្ត​ក្នុង​មុខការ​​ជាមួយគ្នា។ ពាក្យថា​​ មាន​ការ​​នៅ​​ប្រពៃ គឺ មាន​ការ​នៅ​​​ដ៏ប្រពៃ ដោយ​បឋមជ្ឈាន​ក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃ​ដោយ​​ទុតិយជ្ឈាន​​​ក៏បាន ដោយ​តតិយជ្ឈានក៏បាន ដោយ​ចតុត្ថជ្ឈានក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃ​ដោយ​​ចេតោវិមុត្តិ គឺមេតា្តក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃដោយ​ចេតោវិមុត្តិ គឺករុណា​ក៏បាន មុទិតាក៏បាន ឧបេក្ខា​ក៏បាន មាន​ការ​នៅ​​​ដ៏ប្រពៃ​ដោយ​​អាកាសានញ្ចាយតនសមាបត្តិ​ក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃ​ដោយ​វិញ្ញាណញ្ចាយតនសមាបត្តិក៏បាន ដោយ​អាកិញ្ចញ្ញាយតន​សមាបត្តិ​​​ក៏បាន ដោយ​នេវសញ្ញានាសញ្ញាយតនសមាបត្តិក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃ​ដោយ​​និរោធសមាបត្តិក៏បាន មាន​ការ​នៅ​​ដ៏ប្រពៃ​ដោយ​ផលសមាបត្តិក៏បាន។ ពាក្យថា​​ ជាអ្នក​​ប្រាជ្ញ គឺជាអ្នក​​មាន​ប្រាជ្ញា ជាបណ្ឌិត ជាបញ្ញវន្ដ មាន​​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​​សេចក្តី​​យល់ច្បាស់​ មាន​ប្រាជ្ញា​ជាគ្រឿង​ទម្លាយកិលេស ហេតុនោះ (លោក​ពោលថា​​​) ជា​អ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ។

[២៧២] អធិប្បាយពាក្យថា​​ គ្របសង្កត់អន្ដរាយទាំងពួង ត្រង់ពាក្យថា​​ អន្ដរាយ បានដល់​ អន្ដរាយ ២ គឺ អន្ដរាយប្រាកដ ១ អន្ដរាយកំបាំង ១។បេ។ ទាំងនេះ ហៅ​ថា​​ អន្ដរាយ​ប្រាកដ។បេ។ ទាំងនេះហៅ​ថា​​ អន្ដរាយកំបាំង។ ពាក្យថា​​ គ្របសង្កត់អន្ដរាយ​ទាំងពួង​​ បាន​សេចក្តី​​ថា​​ គ្រប គ្របសង្កត់ បង្គ្រប រួបរឹតនូវពួក​អន្ដរាយទាំងពួង ហេតុនោះ (លោក​ពោលថា​​​) គ្របសង្កត់អន្ដរាយទាំងពួង។

[២៧៣] ពាក្យថា​​ គប្បី​មាន​ស្មារតី មាន​ចិត្តត្រេកអរ​ ប្រព្រឹត្តនៅ​ជាមួយសំឡាញ់នោះ​ចុះ អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ មាន​ចិត្តត្រេកអរ​ មាន​ចិត្តសប្បាយ មាន​ចិត្តរីករាយ មាន​ចិត្តស្រស់ស្រាយ មាន​ចិត្ត​អណ្ដែត មាន​ចិត្តពព្រាយ គប្បី​ត្រាច់ទៅ​ គប្បី​ត្រាច់​ទៅ​ផ្សេងៗ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​​ជាមួយនឹងសំឡាញ់ ជាអ្នក​មាន​ប្រាជ្ញា​ចាស់​ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មាន​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​យល់ច្បាស់​ មាន​ប្រាជ្ញា​ជាគ្រឿងទម្លាយ​កិលេសនោះ ហេតុនោះ (លោក​ពោលថា​​​) គប្បី​មាន​​ចិត្ត​ត្រេកអរ​ ប្រព្រឹត្ត​នៅ​ជាមួយ​សំឡាញ់នោះចុះ។ ពាក្យថា​​ មាន​ស្មារតី គឺព្រះបច្ចេកសម្ពុទ្ធ​នោះ ជា​បុគ្គលមាន​​ស្មារតី ប្រកប​ដោយ​ស្មារតី និងប្រាជ្ញា​​ដ៏ក្រៃលែង រឭក រឭកឃើញ​​នូវអំពើ​ដែល​​​​លោកធ្វើ​​យូរ​មកហើយ​ផង នូវពាក្យ​ដែល​លោក​ពោល​យូរមកហើយ​ផង ហេតុដូច្នោះ (លោក​ពោល​ថា​​​) គប្បី​មាន​ស្មារតី មាន​ចិត្តត្រេកអរ​ ប្រព្រឹត្តនៅ​ជាមួយសំឡាញ់នោះចុះ។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

បើបុគ្គលបានសំឡាញ់ មាន​ប្រាជ្ញាចាស់ទុំ ជាអ្នក​ប្រព្រឹត្ត​​ត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ អាចគ្របសង្កត់​អន្ដរាយទាំងពួង​បាន គប្បី​មាន​ស្មារតី មាន​ចិត្ត​ត្រេកអរ​ ប្រព្រឹត្តនៅ​​ជាមួយសំឡាញ់នោះចុះ។

[២៧៤] បើបុគ្គលរក​មិន​បានសំឡាញ់ មាន​ប្រាជ្ញាចាស់ទុំ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញទេ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​ព្រះរាជាលះបង់ដែន​ដែល​ទ្រង់​ឈ្នះហើយ​ ឬដូច​កុយរមាស។

[២៧៥] ពាក្យថា​​ បើបុគ្គលរក​មិន​បានសំឡាញ់មាន​ប្រាជ្ញាចាស់ទុំ គឺបើបុគ្គល​​រក​​មិន​​បាន មិនចួប មិន​ប្រទះ មិន​ពើបពះ នូវសំឡាញ់ដែល​មាន​ប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មាន​​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​យល់ច្បាស់​ មាន​ប្រាជ្ញាជាគ្រឿងទម្លាយ​កិលេស​​ ហេតុនោះ (លោក​ពោលថា​​​) បើបុគ្គលរក​មិន​បានសំឡាញ់មាន​ប្រាជ្ញាចាស់ទុំ។

[២៧៦] អធិប្បាយពាក្យថា​​ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ ត្រង់ពាក្យថា​​ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា គឺជាអ្នក​ប្រព្រឹត្ត​ក្នុង​មុខការ​ជាមួយគ្នា។ ពាក្យថា​​ មាន​​ការ​នៅ​​ប្រពៃ គឺមាន​ការ​នៅ​ប្រពៃ​ដោយ​បឋមជ្ឈានក៏បាន។បេ។ មាន​ការ​នៅ​ប្រពៃ​ដោយ​​និរោធសមាបត្តិ​ក៏បាន មាន​ការ​នៅ​ប្រពៃ​ដោយ​ផលសមាបត្តិក៏បាន។ ពាក្យថា​​ ជាអ្នក​ប្រាជ្ញ ​គឺជាអ្នក​មាន​ប្រាជ្ញា ជាបណ្ឌិត ជាបញ្ញវន្ដ មាន​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​​យល់ច្បាស់​ មាន​ប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោក​ពោលថា​​​) ជាអ្នក​​​ប្រព្រឹត្ត​ត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញ។

[២៧៧] ពាក្យថា​​ ដូច​ព្រះរាជាលះបង់ដែនដែល​ទ្រង់​ឈ្នះហើយ​ អធិប្បាយថា​​ ព្រះរាជាជា​ក្សត្រិយ៍ ដែល​បានមុទ្ធាភិសេក បានឈ្នះសង្គ្រាម បានកំចាត់បច្ចាមិត្រ បាន​សម្រេច​តាមព្រះបំណងហើយ​ មាន​ឃ្លាំងបរិបូណ៌ ទ្រង់​លះបង់ដែនផង ជនបទផង ឃ្លាំង​ដាក់ប្រាក់ និង​មាសច្រើនផង នគរផង ហើយ​កោរព្រះកេស និងព្រះមស្សុ ទ្រង់​កាសាយពស្ត្រ ​​ចេញ​ចាក​ដំណា​ក់ ហើយ​ទ្រង់​ព្រះផ្នួស ដល់​នូវភាពមិន​មាន​កង្វល់ ត្រាច់ ត្រាច់ទៅ​​ផ្សេងៗ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​​មួយអង្គឯង (​យ៉ាងណា​​) ឯព្រះបច្ចេកសម្ពុទ្ធ កាត់សេចក្តី​កង្វល់ក្នុង​​ឃរាវាសទាំងអស់​ កាត់សេចក្តី​​កង្វល់ក្នុង​កូន និងប្រពន្ធ កាត់​សេចក្តី​​កង្វល់ក្នុង​ញាតិ កាត់សេចក្តី​កង្វល់​ក្នុង​មិត្ត និងអាមាត្យ កោរសក់ ពុកមាត់ ពុក​ចង្កា ស្លៀកដណ្ដប់​កាសាយពស្ត្រ ចេញ​ចាក​​គេហដ្ឋាន ហើយ​ដល់​នូវភាពមិន​មាន​​កង្វល់ ​ត្រាច់ ត្រាច់ទៅ​​ផ្សេងៗ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​តែម្នាក់ឯង ក៏​​យ៉ាងនោះ ហេតុនោះ (លោក​ពោលថា​​​) ដូច​ព្រះរាជាលះបង់ដែន​ដែល​ទ្រង់​ឈ្នះហើយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

បើបុគ្គលរក​មិន​បានសំឡាញ់ មាន​ប្រាជ្ញាចាស់ទុំ ជាអ្នក​ប្រព្រឹត្តត្រូវគ្នា មាន​ការ​នៅ​ប្រពៃ ជាអ្នក​ប្រាជ្ញទេ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​ព្រះរាជាលះបង់ដែន​ដែល​ទ្រង់​ឈ្នះហើយ​ ឬដូច​កុយរមាស។

[២៧៨] តាមពិត យើងសរសើរនូវការ​បរិបូណ៌ដោយ​សំឡាញ់ហើយ​ តែបុគ្គលគួរគប់រក​សំឡាញ់​មាន​គុណប្រសើរជាងខ្លួន និងសំឡាញ់មាន​គុណស្មើនឹងខ្លួន បើរក​មិន​បានសំឡាញ់ទាំងនុ៎ះទេ គប្បី​ជាអ្នក​បរិភោគភោជនមិន​មាន​ទោស ហើយ​ប្រព្រឹត្តម្នាក់ឯងដូច​កុយរមាស។

[២៧៩] អធិប្បាយពាក្យថា​​ តាមពិត យើងសរសើរនូវការ​បរិបូណ៌​ដោយ​សំឡាញ់​ហើយ​ ត្រង់ពាក្យថា​​ តាមពិត គឺជាពាក្យ​ពោលដោយ​ចំណែកមួយ ជាពាក្យ​ពោលដោយ​​ឥត​មាន​សង្ស័យ ជាពាក្យ​ពោលដោយ​ឥតងឿងឆ្ងល់ ជាពាក្យមិន​បែកជាពីរ ជាពាក្យ​មិន​ព្រែក​ជាពីរ ជាពាក្យប្រកបអស់​ជើង ជាពាក្យមិន​ខុស ពាក្យថា​​ តាមពិតនុ៎ះ ជាពាក្យកំណត់។ ពាក្យថា​​ ការ​បរិបូណ៌ដោយ​សំឡាញ់ សេចក្តី​ថា​​ ដែល​ហៅ​ថា​​ ការ​បរិបូណ៌​ដោយ​សំឡាញ់ បានដល់​សំឡាញ់ ប្រកបដោយ​អសេក្ខសីលក្ខន្ធ ប្រកបដោយ​អសេក្ខ​សមាធិក្ខន្ធ ដោយ​​អសេក្ខប្បញ្ញាខន្ធ ដោយ​អសេក្ខវិមុត្តិក្ខន្ធ ដោយ​អសេក្ខវិមុត្តិញ្ញាណ​ទស្សនក្ខន្ធ។ ពាក្យថា​​ តាមពិត យើងសរសើរនូវការ​បរិបូណ៌ដោយ​សំឡាញ់ហើយ​ គឺយើងសរសើរ ស្ងើច កោត ថ្លែងគុណនូវការ​បរិបូណ៌ដោយ​សំឡាញ់ហេតុនោះ (លោក​ពោលថា​​​) តាមពិត យើង​សរសើរ​នូវការ​បរិបូណ៌ដោយ​សំឡាញ់ហើយ។

[២៨០] ពាក្យថា​​ បុគ្គលគួរគប់រក​សំឡាញ់ មាន​គុណប្រសើរជាងខ្លួន និងសំឡាញ់​មាន​គុណស្មើនឹងខ្លួន អធិប្បាយថា​​ សំឡាញ់ជាបុគ្គលប្រសើរជាងដោយ​សីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ សំឡាញ់ជាបុគ្គលស្មើដោយ​សីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ បុគ្គលត្រូវសេពគប់ ត្រូវគប់រក​ ត្រូវចូលទៅ​អង្គុយជិត ត្រូវសាកសួរ ត្រូវដេញដោល នូវសំឡាញ់មាន​គុណប្រសើរជាងខ្លួន ឬសំឡាញ់មាន​គុណ​ស្មើ​នឹងខ្លួន ហេតុ​នោះ (លោក​ពោលថា​​​) បុគ្គលគួរគប់រក​សំឡាញ់មាន​គុណប្រសើរ​ជាងខ្លួន និងសំឡាញ់មាន​​គុណ​ស្មើនឹងខ្លួន។

[២៨១] ពាក្យថា​​ បើរក​មិន​បានសំឡាញ់ទាំងនុ៎ះទេ គប្បី​ជាអ្នក​បរិភោគ​ភោជន​មិន​មាន​ទោស អធិប្បាយថា​​ បុគ្គលបរិភោគភោជនប្រកបដោយ​ទោសក៏មាន​ បុគ្គល​បរិភោគ​ភោជន​មិន​មាន​ទោសក៏មាន។

ចុះបុគ្គលបរិភោគភោជន ប្រកបដោយ​ទោស តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ បាន ចួប ប្រទះ ពើបពះ ប្រសព្វ ដោយ​អធម៌មិន​រាបទាប ហើយ​ចិញ្ចឹមជីវិត គឺដោយ​កិរិយា​បំភាន់ កិរិយារួសរ៉ាវ កិរិយាបញ្ឆិតបញ្ឆៀង កលល្បិច កិរិយាស្វែងលាភដោយ​លាភ ដោយ​ការ​ឲ្យ​ឈើ ឲ្យ​ឫស្សី ឲ្យ​ស្លឹកឈើ ឲ្យ​ផ្កាឈើ ឲ្យ​គ្រឿងសម្រាប់ងូត ឲ្យ​លំអិត ឲ្យ​ដីស្អិត ឲ្យ​ឈើស្ទន់ ឲ្យ​ទឹកសម្រាប់លុបមុខ  ដោយ​ការ​បន្ទាបខ្លួន​ចំពោះ​ត្រកូល ដោយ​​​សំដីដូច​ជាសំឡសណ្ដែកបាយ ដោយ​ការ​បី ព បញ្ជិះសេះ​កូនត្រកូល ដោយ​ការ​ស៊ី​សាច់ខ្នង​គេ ដោយ​វត្ថុវិជ្ជា តិរច្ឆានវិជ្ជា អង្គវិជ្ជា នក្ខត្តវិជ្ជា ដោយ​ធ្វើ​ទូតេយ្យកម្ម ហើយ​ទៅ ​ដោយ​ការ​ទៅ​​កាន់​ទីដែល​គេប្រើទៅ ​ដោយ​ការ​បម្រើគេដោយ​ស្មង ដោយ​វេជ្ជកម្ម ទូតកម្ម ដោយ​ដុំបាយ​តបដុំបាយ ដោយ​ការ​ឲ្យ​វត្ថុដែល​គេឲ្យ​ដល់​ខ្លួនវិញ​នេះ លោកហៅ​ថា ​​បុគ្គល​បរិភោគ​ភោជន​ប្រកបដោយ​ទោស។

ចុះបុគ្គលបរិភោគភោជន មិន​មាន​ទោស តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ បាន ចួប ប្រទះ ពើបពះ ប្រសព្វ ដោយ​ធម៌​ដ៏រាបទាប ហើយ​ចិញ្ចឹមជីវិត គឺ មិន​មែន​ដោយ​ការ​​បំភាន់ មិន​មែនដោយ​ការ​រួសរ៉ាវ មិន​មែនដោយ​ការ​បញ្ឆិតបញ្ឆៀង មិន​មែនដោយ​កលល្បិច មិន​មែនដោយ​ការ​ស្វែងលាភដោយ​លាភ មិន​មែនដោយ​ការ​ឲ្យ​ឈើ មិន​មែន​ដោយ​ការ​​ឲ្យ​ឫស្សី មិន​មែនដោយ​ការ​ឲ្យ​ស្លឹកឈើ មិន​មែនដោយ​ការ​ឲ្យ​ផ្កាឈើ មិន​មែន​ដោយ​ការ​ឲ្យ​​គ្រឿងសម្រាប់ងូត​ មិន​មែនដោយ​ការ​ឲ្យ​លំអិត មិន​មែនដោយ​ការ​ឲ្យ​ដីស្អិត មិន​មែនដោយ​​ការ​​ឲ្យ​ឈើស្ទន់ មិន​មែនដោយ​ការ​ឲ្យ​ទឹកសម្រាប់លុបមុខ មិន​មែនដោយ​ការ​បន្ទន់បន្ទាប​ខ្លួនចំពោះ​ត្រកូល មិន​មែន​ដោយ​សំដីដូច​សំឡសណ្ដែកបាយ មិន​មែនដោយ​ការ​បី ព​ បញ្ជិះសេះកូនត្រកូល មិន​មែនដោយ​ការ​ស៊ីសាច់ខ្នងគេ មិន​មែនដោយ​វត្ថុវិជ្ជា មិន​មែន​ដោយ​តិរច្ឆានវិជ្ជា មិន​មែនដោយ​អង្គវិជ្ជា មិន​មែនដោយ​នក្ខត្តវិជ្ជា មិន​មែន​ដោយ​ទូតេយ្យកម្ម ហើយ​ទៅ​ មិន​មែន​ដោយ​កិរិយាទៅ​កាន់​ទីដែល​​គេបញ្ជូនទៅ​ មិន​មែន​ដោយ​​ការ​បម្រើគេ ដោយ​ស្មង មិន​មែន​ដោយ​វេជ្ជកម្ម មិន​មែន​ដោយ​ទូតកម្ម មិន​មែនដោយ​​ដុំបាយ​តបដុំបាយ មិន​មែន​ដោយ​ការ​ឲ្យ​នូវវត្ថុដែល​គេឲ្យ​ដល់​ខ្លួនវិញ នេះលោកហៅ​ថា​​ បុគ្គលបរិភោគ​ភោជន មិន​មាន​ទោស។

ពាក្យថា​​ បើរក​មិន​បានសំឡាញ់ទាំងនុ៎ះទេ គប្បី​ជាអ្នក​បរិភោគភោជនមិន​មាន​ទោស គឺ មិន​បាន មិនចួប មិន​ប្រទះ មិន​ពើបពះ មិន​ប្រសព្វនូវសំឡាញ់នុ៎ះ ហេតុនោះ (លោក​​ពោលថា​​​) បើរក​មិន​បានសំឡាញ់ទាំងនុ៎ះទេ គប្បី​ជាអ្នក​បរិភោគភោជនមិន​មាន​ទោស។ គប្បី​​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

តាមពិត យើងសរសើរនូវការ​បរិបូណ៌ដោយ​សំឡាញ់ហើយ​ តែបុគ្គលគួរគប់រក​សំឡាញ់​មាន​គុណប្រសើរជាងខ្លួន និងសំឡាញ់មាន​គុណស្មើនឹងខ្លួន បើរក​មិន​បានសំឡាញ់ទាំងនុ៎ះទេ គប្បី​ជាអ្នក​បរិភោគភោជនមិន​មាន​ទោស ហើយ​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៨២] បុគ្គលឃើញ​កងមាសទាំងពីរ ​ដ៏ភ្លឺផ្លេកៗ ដែល​កម្មារបុត្ត ធ្វើ​សម្រេច​ល្អហើយ​ ទង្គិចគ្នាឰ​ដ៏ដៃ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៨៣] ពាក្យថា​​ ឃើញ​កងមាស​ដ៏ភ្លឺផ្លេកៗ គឺ ឃើញ​ មើល​​ ស្ទង់ ត្រួត បញ្ជាក់ ធ្វើ​ឲ្យ​ច្បាស់​។ ពាក្យថា​​ មាស គឺ ជាតរូប។ ពាក្យថា​​ ភ្លឺផ្លេកៗ គឺស្អាត ផូរផង់ ហេតុនោះ (លោក​ពោលថា​​​) ឃើញ​កងមាស​​ដ៏ភ្លឺផ្លេកៗ។

[២៨៤] ពាក្យថា​​ ដែល​កម្មារបុត្តធ្វើ​សម្រេច​ល្អហើយ​ សេចក្តី​ថា​​ ជាងមាស លោកហៅ​ថា​​ កម្មារបុត្ត។ ពាក្យថា​​ ដែល​កម្មារបុត្តធ្វើ​សម្រេច​ល្អហើយ​ បានសេចក្តី​ថា​​ ដែល​កម្មារបុត្តឲ្យ​សម្រេច​ល្អហើយ​ ធ្វើ​ល្អហើយ​ មាន​ការ​សម្រិតសម្រាំងល្អហើយ​ ហេតុ​នោះ (លោក​ពោលថា​​​) ដែល​កម្មារបុត្តធ្វើ​សម្រេច​ល្អហើយ។

[២៨៥] ពាក្យថា​​ កងមាសទាំងពីរ ដែល​ទង្គិចគ្នាឰ​ដ៏ដៃ អធិប្បាយថា​​ ហត្ថៈ លោកហៅ​ថា​​ ដៃ។ កងមាសទាំងពីរ​ឰ​ដ៏ដៃមួយ ទង្គិចគ្នា​យ៉ាងណា​ ពួក​សត្វតែងទង្គិច​ដោយ​អំណា​ច​តណ្ហា គឺទង្គិចក្នុង​កំណើតតិរច្ឆាន ទង្គិចក្នុង​បិត្តិវិស័យ ទង្គិចក្នុង​មនុស្ស​លោក ទង្គិចក្នុង​ទេវលោក​ គឺថា​​ ទង្គិច ត្រាច់ នៅ​ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ កាន់​គតិ​ដោយ​គតិ កាន់​ឧបបត្តិ​ដោយ​ឧបបត្តិ កាន់​បដិសន្ធិ​ដោយ​បដិសន្ធិ កាន់​ភព​ដោយ​​ភព កាន់​សង្សារ​ដោយ​សង្សារ កាន់​វដ្តៈ​ដោយ​វដ្តៈ ហេតុនោះ (លោក​ពោលថា​​​) កងមាស​ទាំងពីរ​ដែល​ទង្គិចគ្នា​ឰ​ដ៏ដៃ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលឃើញ​ កងមាសទាំងពីរ​​ដ៏ភ្លឺផ្លេកៗ ដែល​កម្មារបុត្ត​ធ្វើ​សម្រេច​ល្អហើយ​ ទង្គិចគ្នា ឰ​ដ៏ដៃ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៨៦] ការ​រួសរាយ ដោយ​វាចាក្តី ការ​ជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គល​ជាគម្រប់ពីរ របស់អញ ​យ៉ាងនេះ បុគ្គលកាលសំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​អនាគត គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[២៨៧] អធិប្បាយពាក្យថា​​ ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ ​យ៉ាងនេះ គឺ បុគ្គល​មាន​តណ្ហាជាគម្រប់ពីរ។ បុគ្គលមាន​តណ្ហា​ជាគម្រប់ពីរក៏មាន​ មាន​បុគ្គល​ជាគម្រប់​ពីរ​ក៏មាន។ បុគ្គល​មាន​តណ្ហាជា​គម្រប់ពីរ តើដូច​ម្ដេច។ ពាក្យថា​​ តណ្ហា បានដល់​ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ បុគ្គលណា​មិន​​បានលះបង់​តណ្ហានេះ បុគ្គលនោះ លោកហៅ​ថា​​ មាន​តណ្ហាជាគម្រប់ពីរ។

បុរស មាន​តណ្ហាជាគម្រប់ពីរ តែង​អន្ទោលទៅ​អស់​កាលយូរ មិន​ប្រព្រឹត្តកន្លង​នូវសង្សារ​ដែល​មាន​ភាព​នេះ និងភាពដទៃបានទេ។

បុគ្គលមាន​តណ្ហាជាគម្រប់ពីរ ​យ៉ាងនេះឯង។ បុគ្គលមាន​បុគ្គលគម្រប់ពីរ តើដូច​ម្ដេច។ បុគ្គលខ្លះ ក្នុង​លោកនេះ រាយមាយ មាន​ចិត្តមិន​ស្ងប់រំងាប់ មិន​មែនព្រោះ​ហេតុខ្លួន មិន​មែន​ព្រោះ​ហេតុដំណើរទេ ជាគម្រប់ពីរនឹងបុគ្គលមួយនាក់ក៏មាន​ ជាគម្រប់បី​នឹងបុគ្គល​ពីរនាក់ក៏មាន​ ជាគម្រប់បួន​នឹងបុគ្គលបីនាក់ក៏មាន​ និយាយសម្ផប្បលាបៈ​ច្រើនក្នុង​ទីនោះ គឺ និយាយរាជកថា​​ ចោរក​ថា​​ មហាមត្តកថា​​ សេនាកថា​​ ភយកថា​​ យុទ្ធកថា​​ អន្នកថា​​ បានកថា​​ វត្ថកថា​​ មាលាកថា​​ ញាតិកថា​​ យានកថា​​ គាមកថា​​ និគមកថា​​ នគរក​ថា​​ ជនបទកថា​​ ឥត្ថីកថា​​ បុរិសកថា​​ សូរក​ថា​​ វិសិក្ខាកថា​​ កុម្ភដ្ឋានកថា​​ លោកក្ខាយិកកថា​​ សមុទ្ទកាយិកកថា​​ ឥតិភវាភវកថា​​ ដូច្នេះៗ ខ្លះ បុគ្គល​មាន​បុគ្គលជាគម្រប់ពីរ ​យ៉ាងនេះឯង ហេតុនោះ (លោក​ពោលថា​) ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ ​យ៉ាងនេះ។

[២៨៨] ពាក្យថា​​ ការ​រួសរាយដោយ​វាចាក្តី ការ​ជាប់ចំពាក់ក្តី អធិប្បាយថា​​ ការ​រួស​រាយដោយ​វាចា លោកសំដៅយកតិរច្ឆានកថា​​ ៣២ គឺ រាជកថា​​ ចោរក​ថា​​។បេ។ ឥតិ​ភវាភវកថា​​ ដូច្នេះៗ ខ្លះ ពាក្យថា​​ការ​ជាប់ចំពាក់ បានដល់​កាជាប់ចំពាក់ ២ គឺ ការ​ជាប់​ចំពាក់គឺតណ្ហា ១ការ​ជាប់ចំពាក់គឺទិដ្ឋិ ១។បេ។ នេះ ការ​ជាប់ចំពាក់គឺតណ្ហា។បេ។ នេះ ការ​ជាប់ចំពាក់គឺទិដ្ឋិ ហេតុនោះ (លោក​ពោលថា​​​) ការ​រួសរាយដោយ​វាចាក្តី ការ​ជាប់​ចំពាក់ក្តី។

[២៨៩] អធិប្បាយពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​អនាគត ត្រង់​ពាក្យថា​​ ភ័យ បានដល់​ភ័យអំពី​ជាតិ ភ័យអំពី​ជរា ភ័យអំពី​ព្យាធិ ភ័យអំពី​មរណៈ ភ័យអំពី​ព្រះរាជា ភ័យអំពី​ចោរ ភ័យអំពី​ភ្លើង ភ័យអំពី​ទឹក ភ័យអំពី​ការ​តិះដៀលរបស់ខ្លួន ភ័យអំពី​ការ​តិះដៀលរបស់បុគ្គលដទៃ ភ័យអំពី​អាជ្ញា ភ័យអំពី​ទុគ្គតិ ភ័យអំពី​រលក ភ័យ​អំពី​ក្រពើ ភ័យអំពី​កន្លែងទឹកវល់ ភ័យអំពី​ឆ្លាម ភ័យអំពី​ការ​ចិញ្ចឹមជីវិត​ ភ័យអំពី​ដំណៀល ភ័យអំពី​ការ​ញញើតបរិស័ទ អារម្មណ៍គួរស្បើម សេចក្តី​រន្ធត់ សេចក្តី​ព្រឺរោម សេចក្តី​តក់​ស្លុតចិត្ត សេចក្តី​ស្រឡាំងកាំងចិត្ត។ ពាក្យថា​​ បុគ្គលកាលសំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​អនាគត ​សេចក្តី​ថា​​ បុគ្គលកាលសំឡឹងឃើញ​ មើល រមិលមើល ពិនិត្យ ជញ្ជឹងនូវភ័យនុ៎ះក្នុង​អនាគត ហេតុនោះ (លោក​ពោលថា​​​) បុគ្គលកាលសំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​អនាគត។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

ការ​រួសរាយដោយ​វាចាក្តី ការ​ជាប់ចំពាក់ក្តី ជាមួយនឹងបុគ្គលជាគម្រប់ពីរ របស់អញ ​យ៉ាងនេះ បុគ្គលការ​សំឡឹងឃើញ​ភ័យនុ៎ះ ក្នុង​អនាគត គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៩០] ពិតណា​ស់ កាមទាំងឡាយ​ដ៏វិចិត្រ មាន​រសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត តែង​ញាំញីចិត្ត ដោយ​សភាពនៃរូបផ្សេងៗ បុគ្គលឃើញ​ទោស ក្នុង​កាមគុណទាំងឡាយហើយ​ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៩១] អធិប្បាយពាក្យថា​​ ពិតណា​ស់ កាមទាំងឡាយ​ដ៏វិចិត្រមាន​រសឆ្ងាញ់ ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា​​ កាម តាមឧទ្ទាន កាមមាន​ ២ គឺ វត្តុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅ​ថា​​ វត្ថុកាម។បេ។ ទាំងនេះហៅ​ថា​​ កិលេសកាម។ ពាក្យថា​​ ​ដ៏វិចិត្រ គឺរូបមាន​បែបផ្សេងៗ សំឡេងមាន​បែបផ្សេងៗ ក្លិនមាន​បែបផ្សេងៗ រសមាន​បែបផ្សេងៗ ផោដ្ឋព្វៈមាន​បែបផ្សេងៗ។ ពាក្យថា​​ មាន​រសឆ្ងាញ់ សេចក្តី​ថា​​ មែនពិត ព្រះមាន​ព្រះភាគបាន​ត្រាស់ព្រះតម្រាស់​នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ កាមគុណនេះ មាន​ ៥ កាមគុណ ៥ គឺអ្វីខ្លះ គឺ រូបដែល​ត្រូវដឹងដោយ​​ចក្ខុ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មាន​ភាពជាទីស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យ​ត្រេកត្រអាល ១ សំឡេងដែល​ត្រូវដឹងដោយ​សោតៈ ១ ក្លិនដែល​​ត្រូវ​ដឹងដោយ​ឃានៈ ១ រសដែល​ត្រូវដឹងដោយ​ជិវ្ហា ១ ផោដ្ឋព្វៈ ដែល​ត្រូវដឹងដោយ​កាយ ជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីគាប់ចិត្ត មាន​ភាពជាទីស្រឡាញ់ ប្រកបដោយ​កាមគួរឲ្យ​​ត្រេកត្រអាល ១ ម្នាល​ភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាល​ភិក្ខុទាំងឡាយ សុខ សោមនស្សណា​ កើតឡើងព្រោះ​អាស្រ័យ​កាមគុណ ៥ នេះ សុខ សោមនស្សនេះ តថា​​គត​ហៅ​ថា​​ សុខក្នុង​កាម សុខដូច​លាមក សុខរបស់បុថុជ្ជន សុខមិន​ប្រសើរ តថា​​គត​ពោលថា​​ បុគ្គលមិន​គួរសេព មិន​គួរគប់ មិន​គួរចំរើន មិន​គួរធ្វើ​ឲ្យ​រឿយៗ បុគ្គលគួរខ្លាចសុខនុ៎ះ ហេតុនោះ (លោក​ពោលថា​​ ពិតណា​ស់ កាមទាំងឡាយ​​ដ៏វិចិត្រ មាន​រសឆ្ងាញ់។ ពាក្យថា​​ ជាទីត្រេកអរនៃចិត្ត ត្រង់ពាក្យថា​​ ចិត្ត បានដល់​ ចិត្តៈ មនៈ មាន​សៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែល​កើតអំពី​វិញ្ញាណក្ខន្ធនោះ។

[២៩២] ពាក្យថា​​ តែង​ញាំញីចិត្ត ដោយ​សភាពនៃរូបផ្សេងៗ គឺតែង​ញាំញី ញុំាងចិត្ត​ឲ្យ​តក់ស្លុត ឲ្យ​សាបសូន្យ ឲ្យ​សាបរលាបដោយ​រូបទាំងឡាយ មាន​បែបផ្សេងៗ។បេ។ ដោយ​ផោដ្ឋព្វៈទាំងឡាយ មាន​បែបផ្សេងៗ ហេតុនោះ (លោកពោលថា​​​) តែង​ញាំញីចិត្ត ដោយ​សភាពនៃរូបផ្សេងៗ។

[២៩៣] ពាក្យថា​​ បុគ្គលឃើញ​ទោស ក្នុង​កាមគុណទាំងឡាយ អធិប្បាយថា​​ មែនពិត ព្រះមាន​ព្រះភាគ បានត្រាស់ព្រះតម្រាស់នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ ទោសរបស់កាម​ទាំងឡាយ តើដូច​ម្ដេច ម្នាល​ភិក្ខុទាំងឡាយ កុលបុត្រក្នុង​លោកនេះ ចិញ្ចឹមជីវិត ដោយ​ថ្នាក់​នៃសិប្បៈណា​ គឺ ការ​រាប់ដោយ​ដៃទទេក្តី ការ​រាប់មិន​ដាច់ក្តី ការ​រាប់បូកក្តី ការ​ភ្ជួររាស់ក្តី ជំនួញក្តី ការ​រក្សាគោក្តី ការ​កាន់​អាវុធបម្រើក្តី ភាពជារាជបុរសក្តី សិប្បៈ មាន​ហតិ្ថសិប្បៈ​ជាដើមក្តី ជាអ្នក​ត្រូវត្រជាក់បៀតបៀន ត្រូវកម្តៅបៀតបៀន ប៉ះ ទង្គិច ទង្គុក ដោយ​សម្ផស្ស​នៃរបោម មូលខ្យល់ កម្តៅថ្ងៃ និងសត្វលូន ស្លាប់ដោយ​គម្លាន និងសម្រេក​ ម្នាល​ភិក្ខុ​ទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែល​គេត្រូវឃើញ​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះ​កាមជាហេតុ ព្រោះ​កាមជាដើមចម​ ព្រោះ​កាមជាដើមទង ព្រោះ​ហេតុ​នៃ​កាម​ទាំឡាយតែម្យ៉ាង ម្នាល​ភិក្ខុទាំងឡាយ បើកាលកុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាម​យ៉ាងម្ល៉េះហើយ​ ភោគៈទាំងនោះ មិន​សម្រេច​ទេ កុលបុត្រនោះ តែង​ក្រៀមក្រំ លំបាក​ ខ្សឹកខ្សួល កន្ទក់កន្ទេញ គក់ទ្រូង ដល់​នូវសេចក្តី​ងេងងោងថា​​ ការ​ប្រឹងប្រែងរបស់អញ ឥតអំពើហើយ​តើ សេចក្តី​ព្យាយាម​របស់អញ មិន​មាន​ផលហើយ​តើ ម្នាល​ភិក្ខុទាំងឡាយ នេះទោស​របស់កាមទាំងឡាយ ដែល​គេត្រូវ​ឃើញ​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះ​កាមជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាម​ជាដើមទង ព្រោះ​ហេតុ​នៃកាម​ទាំង​ឡាយតែម្យ៉ាង ម្នាល​ភិក្ខុ​ទាំងឡាយ បើកាល​កុលបុត្រនោះ ខ្នះខ្នែង ប្រឹងប្រែង ព្យាយាម​​​យ៉ាងម្ល៉េះហើយ​ ភោគៈទាំងនោះ សម្រេច​ កុលបុត្រនោះ ក៏គង់រង​ទុក្ខ និងទោមនស្ស ដែល​មាន​ការ​ហួងហែងភោគៈ​ទាំងនោះជាហេតុថា​​ ធ្វើ​ដូច​ម្ដេច កុំឲ្យ​ព្រះរាជា​នាំយកទៅ​បាន កុំឲ្យ​ចោរនាំយកទៅ​បាន កុំឲ្យ​ភ្លើងឆេះ កុំឲ្យ​ទឹកនាំយក​ទៅ​បាន កុំឲ្យ​ពួក​ជន​ជាទាយាទ​​មិន​ជា​ទីស្រឡាញ់​នាំយកទៅ​បាន នូវភោគៈទាំងឡាយ​របស់អញ កាលបើកុលបុត្រនោះ ហួង​ហែង គ្រប់គ្រង ​យ៉ាងម្ល៉េះហើយ​ ព្រះរាជាទាំងឡាយនាំយកទៅ​ក្តី ចោរទាំងឡាយនាំ​យកទៅ​ក្តី ភ្លើងឆេះក្តី ទឹកនាំទៅ​ក្តី ពួក​ជនជាទាយាទមិន​ជាទីស្រឡាញ់​នាំយកទៅ​ក្តី នូវភោគទាំងឡាយនោះ កុលបុត្រនោះ តែង​ក្រៀមក្រំ។បេ។ ដល់​នូវ​សេចក្តី​ងេងងោង​ថា​​ ទ្រព្យណា​ របស់អញ​មាន​ហើយ​ អញមិន​មាន​ទ្រព្យនោះវិញ ម្នាល​ភិក្ខុទាំងឡាយ នេះទោស​​របស់កាមទាំងឡាយ ដែល​គេត្រូវឃើញ​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង​) ព្រោះ​កាម​ជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុនៃកាម​ទាំងឡាយ​តែម្យ៉ាង។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រោះ​កាម​ជាហេតុ ព្រោះ​កាមជា​ដើមចម ព្រោះ​កាម​ជាដើមទង ព្រោះ​ហេតុ​នៃកាមទាំងឡាយ​តែម្យ៉ាង ពួក​ព្រះរាជា​ក៏វិវាទ​ដោយ​ពួក​ព្រះរាជា ពួក​ក្សត្រិយ៍ក៏វិវាទដោយ​ពួក​ក្សត្រិយ៍ ពួក​ព្រាហ្មណ៍​ក៏វិវាទដោយ​ពួក​ព្រាហ្មណ៍ ពួក​គហបតី​​ក៏វិវាទដោយ​​ពួក​គហបតី មាតាក៏វិវាទដោយ​បុត្រ បុត្រក៏វិវាទដោយ​​មាតា បិតាក៏វិវាទ​​ដោយ​​បុត្រ បុត្រក៏វិវាទ​ដោយ​បិតា បងប្អូនប្រុស​ក៏វិវាទដោយ​​បងប្អូនស្ត្រី បងប្អូស្រ្តី​ក៏វិវាទ​ដោយ​​បងប្អូនប្រុស សំឡាញ់​ក៏វិវាទដោយ​សំឡាញ់ ពួក​ជននោះ​ដល់​នូវ ជម្លោះ និងការ​វិវាទ​ក្នុង​ទីនោះ ប្រហារគ្នាដោយ​ដៃខ្លះ ប្រហារគ្នាដោយ​ដុំដីខ្លះ ប្រហារគ្នា ដោយ​ដំបងខ្លះ ប្រហារ​គ្នាដោយ​សស្ត្រាខ្លះ ពួក​ជននោះ ដល់​នូវសេចក្តី​ស្លាប់ខ្លះ ដល់​នូវទុក្ខ ស្ទើរស្លាប់ខ្លះ ព្រោះ​តែ​ការ​ប្រហារគ្នានោះ ម្នាល​ភិក្ខុទាំងឡាយ នេះទោសរបស់កាម ទាំងឡាយ ដែល​គេត្រូវឃើញ​​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង) ព្រោះ​កាមជាហេតុ ព្រោះ​ កាមជាដើមចម ព្រោះ​កាមជា​ដើមទង ព្រោះ​ហេតុនៃ​កាមទាំងឡាយ​តែម្យ៉ាង។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រោះ​កាម​ជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុនៃកាម​ទាំងឡាយតែម្យ៉ាង ជនទាំងឡាយក៏កាន់​ដាវ និងខែល សៀតធ្នូរ និងបំពង់ ព្រួញ ហើយ​រុករាន​គង្គាន​ទៅ​កាន់​​សង្រ្គាម ដែល​ពពាក់ពពូន​ទាំងសងខាង កាលបើ​ព្រួញ ទាំងឡាយ ដែគេបាញ់ទៅ​ខ្លះ លំពែង​​ទាំងឡាយដែល​​គេពួយទៅ​ខ្លះ ដាវទាំងឡាយ​ដែល​គេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះ​បាញ់ដោយ​​ព្រួញទាំងឡាយ​ក្នុង​សង្រ្គាមនោះខ្លះ ចាក់ដោយ​​ លំពែង​ទាំងឡាយខ្លះ កាត់ក្បាលដោយ​​ដាវខ្លះ ជនទាំងនោះ ដល់​នូវសេចក្តី​​ស្លាប់ខ្លះ ដល់​នូវ​ទុក្ខស្ទើរស្លាប់ខ្លះ ក្នុង​សង្រ្គាមនោះ ម្នាល​ភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ ដែល​គេត្រូវឃើញ​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង​) ព្រោះ​កាមជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុ​នៃកាមទាំងឡាយតែម្យ៉ាង។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រោះ​កាមជាហេតុ ព្រោះ​កាម​ជា​ដើម​ចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុនៃ​កាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយ​ក៏​កាន់​​ដាវ និងខែល សៀតធ្នូរ និងបំពង់ព្រួញ រុករាន គង្គានទៅ​កាន់​ជើងកំពែង មាន​ប៉មដែល​បូក​ដោយ​បាយអ កាលបើព្រួញទាំងឡាយដែល​គេ បាញ់ទៅ​ខ្លះ លំពែងទាំងឡាយ​ដែល​​គេពួយ​ទៅ​ខ្លះ ដាវទាំងឡាយដែល​គេគ្រវីគ្រវាត់ខ្លះ ជនទាំងនោះបាញ់ដោយ​ព្រួញទាំងឡាយ ក្នុង​​សង្រ្គាម​នោះខ្លះ ចាក់ដោយ​លំពែងទាំងឡាយខ្លះ ស្រោចចុះដោយ​អាចម៍គោកំពុងពុះខ្លះ ច្រំដោយ​អាវុធមាន​ធ្មេញ ៧ ខ្លះ កាត់ក្បាល​ដោយ​ដាវខ្លះ ជនទាំងនោះ​ដល់​នូវសេចក្តី​​ស្លាប់ខ្លះ ដល់​នូវទុក្ខស្ទើរស្លាប់ខ្លះ ក្នុង​សង្រ្គាម​នោះ ម្នាល​ភិក្ខុទាំងឡាយ នេះទោសរបស់​កាមទាំងឡាយ ដែល​គេត្រូវឃើញ​​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង​) ព្រោះ​កាមជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុ​នៃកាមតែម្យ៉ាង។ ម្នាល​ភិក្ខុ​​ទាំងឡាយ មួយទៀត ព្រោះ​កាម​ជាហេតុ ព្រោះ​កាម​ជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​​ហេតុ​នៃកាមតែម្យ៉ាង ជនទាំងឡាយ​កាន់​ទីតផ្ទះខ្លះ ប្លន់ធំខ្លះ ធ្វើ​នូវការ​ប្លន់ផ្ទះ​មួយខ្លះ ឈរស្កាត់ផ្លូវខ្លះ គប់រក​ប្រពន្ធគេខ្លះ ព្រះរាជាទាំងឡាយ ប្រើឲ្យ​​ចាប់ជននោះ ហើយ​ឲ្យ​​ធ្វើ​​កម្មករណ៍ផ្សេងៗ គឺឲ្យ​វាយដោយ​សែតីទាំងឡាយខ្លះ ឲ្យ​វាយដោយ​រំពាត់ផ្តៅទាំងឡាយខ្លះ ​ឲ្យ​ដំដោយ​អន្លូងទាំងឡាយខ្លះ ឲ្យ​កាត់ដៃខ្លះ ឲ្យ​កាត់​ជើងខ្លះ។បេ។ ឲ្យ​កាត់ក្បាល​ដោយ​​ដាវ​ខ្លះ ជនទាំងនោះ ដល់​នូវសេចក្តី​ស្លាប់ខ្លះ ដល់​នូវ​ទុក្ខស្ទើរស្លាប់ខ្លះ ព្រោះ​តែដំណើរនោះ ម្នាល​ភិក្ខុទាំងឡាយ នេះទោស​របស់កាមទាំងឡាយ ដែល​គេត្រូវឃើញ​ផ្ទាល់ខ្លួន ជាកងទុក្ខ (កើតឡើង​) ព្រោះ​កាមជាហេតុ ព្រោះ​កាមជា​ដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុ​នៃកាមទាំងឡាយតែម្យ៉ាង។ ម្នាល​ភិក្ខុទាំងឡាយ មួយវិញទៀត ព្រោះ​កាមជាហេតុ ព្រោះ​​កាម​ជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុ​នៃកាមទាំងឡាយតែម្យ៉ាង ជនទាំងឡាយ​​ប្រព្រឹត្តទុច្ចរិតដោយ​កាយ ប្រព្រឹត្តទុច្ចរិតដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយ​ចិត្ត ជនទាំងនោះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្តទុច្ចរិត​ដោយ​វាចា ប្រព្រឹត្តទុច្ចរិត​ដោយ​ចិត្តហើយ​ លុះ​បែកធ្លាយរាងកាយ ស្លាប់ទៅ​ រមែង​ទៅ​កើត​ក្នុង​ទុគ្គតិ វិនិបាត នរក​ ម្នាល​ភិក្ខុទាំងឡាយ នេះទោសរបស់កាមទាំងឡាយ​ដែល​ត្រូវឃើញ​ក្នុង​លោកខាងនាយ ជាកងទុក្ខ (កើតឡើង​) ព្រោះ​កាមជាហេតុ ព្រោះ​កាមជាដើមចម ព្រោះ​កាមជាដើមទង ព្រោះ​ហេតុនៃកាម​ទាំងឡាយ​តែម្យ៉ាង។​ ពាក្យថា​​ បុគ្គលឃើញ​ទោស​ក្នុង​កាមគុណទាំងឡាយ បានសេចក្តី​ថា​​​ ឃើញ​ មើល ថ្លឹង ត្រួត បញ្ជាក់ ធ្វើ​ឲ្យ​ជាក់ នូវទោសក្នុង​កាមគុណទាំងឡាយ ហេតុនោះ (លោក​ពោលថា​​​) បុគ្គលឃើញ​ទោស ក្នុង​កាមគុណទាំងឡាយ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា​​

ពិតណា​ស់ កាមទាំងឡាយ​ដ៏វិចិត្រ មាន​រសឆ្ងាញ់ ជាទីត្រេកអរ​នៃចិត្ត តែង​ញាំញីចិត្ត ដោយ​សភាពនៃរូបផ្សេងៗ បុគ្គលឃើញ​ទោស​ក្នុង​កាមគុណ​ទាំងឡាយហើយ​ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៩៤] បុគ្គលឃើញ​ភ័យនុ៎ះ ក្នុង​កាមគុណទាំងឡាយថា​​ នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យ​របស់អញហើយ​ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[២៩៥] ពាក្យថា​​ នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យ​​របស់អញ អធិប្បាយថា​​ ព្រះមាន​ព្រះភាគបានត្រាស់​ព្រះតម្រាស់​នេះថា​​ ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ ភ័យ នេះជាឈ្មោះ​នៃកាមទាំងឡាយ ​ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា​​ ទុក្ខ នេះ​ជាឈ្មោះនៃកាមទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ រោគ នេះជាឈ្មោះនៃកាម​ទាំង​ឡាយ ​ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ បូស នេះ​ជាឈ្មោះនៃកាមទាំងឡាយ ​ម្នាល​ភិក្ខុទាំង​ឡាយ ពាក្យថា​​ ការ​ថ្ពក់ នេះជាឈ្មោះ​នៃកាមទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ ភាវៈជាប់ នេះ​ជាឈ្មោះនៃកាម​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ ភក់ នេះជា​ឈ្មោះ​នៃកាមទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ពាក្យថា​​ គភ៌ នេះជាឈ្មោះ​នៃកាមទាំងឡាយ​ ម្នាល​​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​តែពាក្យថា​​ ភ័យ នេះ​ជាឈ្មោះនៃ​កាមទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ បានជាសត្វអ្នក​ត្រេកត្រអាល​ដោយ​កាមរាគៈនេះ ជាប់ចំពាក់ដោយ​ឆន្ទរាគៈ ទើបមិន​រួចចាក​ភ័យ ដែល​មាន​ក្នុង​បច្ចុប្បន្នផង មិន​រួចចាក​ភ័យដែល​មាន​ក្នុង​បរលោកផង ព្រោះ​ហេតុនោះ ពាក្យថា​​ ភ័យ នេះ​ជាឈ្មោះនៃកាម​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​​ហេតុតែពាក្យថា​​ ទុក្ខ ថា​​រោគ ថា​​បូស ថា​​ការ​ថ្ពក់ ថា​​ភាវៈជាប់ ថា​​ភក់ ថា​​គភ៌ នេះ ជាឈ្មោះ​នៃកាមទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ បានជា​សត្វអ្នក​ត្រេកត្រអាល​​ដោយ​​កាមរាគៈ​នេះ ជាប់ចំពាក់ដោយ​ឆន្ទរាគៈ ទើបមិន​រួចចាក​គភ៌ ដែល​មាន​ក្នុង​បច្ចុប្បន្នផង មិន​រួចចាក​គភ៌ដែល​​មាន​ក្នុង​បរលោកផង ព្រោះ​ហេតុនោះ ពាក្យថា​​ គភ៌ នេះជាឈ្មោះ​នៃ​កាមទាំងឡាយ។

បុថុជ្ជន ជាប់ក្នុង​កាមទាំងឡាយណា​ កាមទាំងឡាយនុ៎ះ ព្រះមាន​ព្រះភាគត្រាស់ហៅ​ថា​​ ភ័យផង ទុក្ខផង រោគផង ភាវៈជាប់ផង ភក់ផង ធម្មជាតិទាំងពីរ គឺការ​ថ្ពក់ផង គភ៌ផង ជាសត្វ​ត្រូវរាគៈមាន​​សភាពឆ្ងាញ់​សម្រុកហើយ​ តែងទៅ​កាន់​គភ៌។ ម្នាល​ភិក្ខុទាំងឡាយ លុះណា​តែភិក្ខុ មិន​លះបង់ឈាន ទើបភិក្ខុ​នោះកន្លងផ្លូវ មាន​ភក់ គឺកាមនេះ ជាជង្ហុក​មាន​បែបដូច្នោះ ហើយ​សំឡឹងមើល​នូវពួក​សត្វ​ដែល​ប្រកប​ដោយ​ជាតិ និងជរា កំពុងញញាក់​ញញ័រ។

ហេតុនោះ (លោក​ពោលថា) នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យ​របស់អញ។

[២៩៦] ពាក្យថា បុគ្គលឃើញ​ភ័យនុ៎ះ ក្នុង​កាមគុណ​ទាំងឡាយ គឺឃើញ​ មើល ថ្លឹង ត្រួត បញ្ជាក់ ធ្វើ​ឲ្យច្បាស់​ នូវភ័យនុ៎ះ ក្នុង​កាមគុណ​ទាំងឡាយ ហេតុនោះ (លោក​ពោលថា) បុគ្គល​ឃើញ​ភ័យនុ៎ះ ក្នុង​កាមគុណ​ទាំងឡាយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។​ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ​ពោលថា

បុគ្គលឃើញភ័យនុ៎ះ ក្នុង​កាមគុណទាំងឡាយថា​​ នេះជាចង្រៃ ជាបូស ជាឧបទ្រព ជារោគ ជាព្រួញ និងជាភ័យ​របស់អញហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯងដូច​កុយរមាស។

[២៩៧] បុគ្គលគ្របសង្កត់នូវធម្មជាត​ទាំងអស់​នុ៎ះ គឺត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់ និងកម្ដៅថ្ងៃ របោម និង​សត្វលូនហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯងដូច​កុយរមាស។

[២៩៨] ពាក្យថា​​ ត្រជាក់ កម្ដៅ គម្លាន សម្រេក សេចក្តី​ថា​​ ត្រជាក់ ដោយ​ហេតុ ២ គឺ ត្រជាក់ដោយ​អំណា​ចកម្រើកធាតុខាងក្នុង​ ឬត្រជាក់ដោយ​អំណា​ចរដូវខាងក្រៅ។ ពាក្យថា​​ កម្ដៅ បានដល់​ កម្ដៅដោយ​ហេតុ ២ គឺ កម្ដៅដោយ​អំណា​ចកម្រើកធាតុ​ខាងក្នុង​ ឬកម្ដៅដោយ​​អំណាច​រដូវ​ខាងក្រៅ។ ដែល​ហៅ​ថា​​ គម្លាន បានដល់​សេចក្តី​​ឃ្លាន។ ដែល​ហៅ​ថា​​ សម្រេក បានដល់​ការ​ស្រេកទឹក ហេតុនោះ (លោក​ពោលថា) ត្រជាក់ កម្ដៅ គម្លាន សម្រេក។

[២៩៩] ពាក្យថា ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូន ត្រង់ពាក្យថា​​ ខ្យល់ គឺ ខ្យល់ខាងកើត ខ្យល់ខាងលិច​ ខ្យល់ខាង​ជើង ខ្យល់ខាង​ត្បូង ខ្យល់មាន​ធូលី ខ្យល់ត្រជាក់ ខ្យល់ក្ដៅ ខ្យល់រំភើយ ខ្យល់​យ៉ាងខ្លាំង ខ្យល់​កំបុតត្បូង ខ្យល់គ្រុឌ ខ្យល់ស្លឹកត្នោត ខ្យល់ផ្លិត។ ដែល​ហៅ​ថា​​ កម្ដៅថ្ងៃ បានដល់​ កម្ដៅព្រះអាទិត្យ។ ដែល​ហៅ​ថា​​ របោម បានដល់​ ពួក​មក្ខិកាលឿង។ ដែល​ហៅ​ថា​​ សត្វលូន បានដល់​ពួក​សត្វពស់ ហេតុនោះ (លោក​​ពោល​ថា​​​) ខ្យល់ និងកម្ដៅថ្ងៃ របោម និងសត្វលូន។

[៣០០] ពាក្យថា​​ បុគ្គលគ្របសង្កត់​នូវធម្មជាត​ទាំងអស់​នុ៎ះ គឺគ្របសង្កត់ បង្រ្គប សង្កត់សង្កិន ញាំញី ហេតុនោះ (លោក​ពោលថា) បុគ្គលគ្របសង្កត់​នូវធម្មជាត​ទាំងអស់​នុ៎ះ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​

បុគ្គល​គ្របសង្កត់នូវធម្មជាត​ទាំងអស់​នុ៎ះ គឺត្រជាក់ កម្ដៅ គម្លាន សម្រេក ខ្យល់ និង​កម្ដៅថ្ងៃ របោម និងសត្វ​លូនហើយ​ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣០១] បុគ្គលដូច​នាគ មាន​ខន្ធកើតព្រមហើយ​ មាន​សម្បុរដូច​ផ្កាឈូក ជាសត្វខ្ពង់ខ្ពស់ គេចចាក​ហ្វូងហើយ ​នៅ​ក្នុង​ព្រៃតាមសប្បាយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣០២] ពាក្យថា​​ ដូច​នាគ​គេចចាក​ហ្វូង អធិប្បាយថា​​ ដំរី​ដ៏ប្រសើរ លោកហៅ​ថា​​ នាគ។ ព្រះបច្ចេកសម្ពុទ្ធ ក៏ឈ្មោះ​នាគដែរ។ ព្រះបច្ចេក​សម្ពុទ្ធ ឈ្មោះថា​​នាគ ព្រោះ​ហេតុអ្វី។ ឈ្មោះថា​​នាគ ព្រោះ​ហេតុមិន​ធ្វើ​អំពើ​អាក្រក់។ ឈ្មោះថា​​នាគ ព្រោះ​ហេតុមិន​លុះ។ ឈ្មោះថា​​នាគ ព្រោះ​ហេតុមិន​មក។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា​​នាគ ព្រោះ​ហេតុមិន​ធ្វើ​អំពើអាក្រក់ តើដូច​ម្ដេច។ ធម៌​ទាំងឡាយ ជាអកុសល​ដ៏លាមក ប្រកប​ដោយ​សេចក្តី​សៅហ្មង នាំសត្វឲ្យ​កើត​ក្នុង​ភពថ្មី ប្រកប​ដោយ​សេចក្តី​ក្រវល់​ក្រវាយ មាន​ទុក្ខជាវិបាក ជាទីតាំង​នៃជាតិ ជរា និងមរណៈ​តទៅ​ លោកហៅ​ថា​​ អំពើអាក្រក់។

ព្រះបច្ចេកសម្ពុទ្ធ មិន​ធ្វើ​អំពើអាក្រក់តិចតួចក្នុង​លោក លះបង់កិលេស​ជាគ្រឿងប្រកបទាំងពួង និងចំណង​ទាំងឡាយ ផុតស្រឡះ មិន​ជាប់ចំពាក់ក្នុង​អារម្មណ៍ទាំងពួង មិន​រំភើបដោយ​លោកធម៌ លោកហៅ​ថា​​ នាគ ព្រោះ​ទ្រង់​គុណ ប្រាកដដូច្នោះ។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា ​​នាគ ព្រោះ​ហេតុមិន​ធ្វើនូវ​អំពើអាក្រក់​យ៉ាងនេះឯង។

ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា​​ នាគ ព្រោះ​ហេតុមិន​លុះ តើដូច​ម្ដេច។ ព្រះបច្ចេក​សម្ពុទ្ធ​នោះ មិន​លុះឆន្ទាគតិ មិន​លុះ​ទោសាគតិ មិន​លុះ​មោហាគតិ មិន​លុះ​ភយាគតិ មិន​លុះ​ដោយ​​អំណា​ចរាគៈ មិន​លុះ​ដោយ​​អំណា​ចទោសៈ មិន​លុះ​ដោយ​អំណា​ច​មោហៈ មិន​លុះដោយ​​អំណា​ច​មានះ មិន​លុះដោយ​​អំណា​ចទិដ្ឋិ មិន​លុះដោយ​​អំណា​ចឧទ្ធច្ចៈ មិន​លុះ ដោយ​អំណា​ច​វិចិកិច្ឆា មិន​លុះដោយ​អំណា​ចអនុស័យ មិន​ត្រូវធម៌ជាពួក​នាំទៅ​ ដឹកទៅ​ បន្សាត់ទៅ​ កួចទៅ​ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ នាគ ព្រោះ​ហេតុមិន​លុះ ​យ៉ាងនេះឯង។

​ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា​​ នាគ ព្រោះ​ហេតុមិន​មក តើដូច​ម្ដេច។ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់ហើយ​ ដោយ​​សោតាបត្តិមគ្គ លោកមិន​មក មិន​ត្រឡប់​មក មិន​វិលមក​រក​កិលេស​​ទាំងនោះទៀត កិលេស​​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយ​ ដោយ​​សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ លោកមិន​មក មិន​ត្រឡប់មក មិន​វិលមក​រក​កិលេស​ទាំងនោះ​​ទៀត ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​នាគ ព្រោះ​ហេតុ​មិន​​មក ​យ៉ាងនេះឯង។ ពាក្យថា​​ ដូច​នាគ គេចចាក​ហ្វូង បានសេចក្តី​ថា​​ ដំរី​ដ៏ប្រសើរនោះ វៀងលែង ចៀសវាង វៀរស្រឡះ​​នូវហ្វូង​ទាំងឡាយ ចូលទៅ​​នៅ​កណ្តាល​​ព្រៃ ក្នុង​អរញ្ញ​ប្រទេស ចរ ត្រាច់ទៅ​ ​ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​តែម្នាក់ឯង ​យ៉ាងណា​ ចំណែក​ព្រះបច្ចេកសម្ពុទ្ធ ក៏វៀរលែង ចៀសវាង វៀរ​ស្រឡះ​​នូវពួក​ ប្រព្រឹត្តនៅ​តែ​មួយ​អង្គឯង ដូច​កុយរមាស ទ្រង់​គប់​រក​ព្រៃតូច និងព្រៃធំ ជាសេនាសនៈ​​ដ៏ស្ងាត់ មិន​មាន​​សម្លេង មិន​មាន​សូរគឹកកង ប្រាសចាក​ខ្យល់​ដែល​កើត​អំពី​សរីរៈ​នៃជន ជាសេនាសនៈ​​ដ៏ស្ងាត់ចាក​​​មនុស្ស សមគួរដល់​​​ការ​ពួនសម្ងំ ព្រះបច្ចេកសម្ពុទ្ធ​នោះ និមន្តទៅ​តែ​មួយ​អង្គឯង ឈរតែ​មួយ​អង្គឯង គង់នៅ​​តែ​មួយអង្គឯង សម្រេច​​ការ​សិងតែ​​មួយអង្គឯង ចូលទៅ​​បិណ្ឌបាត​ក្នុង​​ស្រុកតែ​មួយអង្គ​ឯង ត្រឡប់​មកវិញ​​តែមួយ​អង្គឯង គង់ក្នុង​ទីស្ងាត់​តែ​មួយអង្គឯង អធិដ្ឋាន​ចង្រ្កម​តែ​មួយអង្គឯង ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ តែមួយ​អង្គឯង (ក៏​យ៉ាងនោះដែរ) ហេតុនោះ (លោក​ពោលថា) ដូច​នាគ គេចចាក​ហ្វូង។

[៣០៣] ពាក្យថា​​ មាន​ខន្ធកើតព្រមហើយ​ មាន​សម្បុរ​ដូច​ផ្កាឈូក ជាសត្វ​​ខ្ពង់ខ្ពស់ អធិប្បាយ​ថា​​ ដំរី​ដ៏ប្រសើរ​នោះ មាន​ខន្ធកើត​ព្រមហើយ​ ជាដំរី ៧ ហត្ថ ឬ ៨ ហត្ថ ​យ៉ាងណា​ ឯព្រះបច្ចេក​​សម្ពុទ្ធ ក៏មាន​ខន្ធ​កើត​ព្រមហើយ​ ដោយ​​អសេក្ខសីលក្ខន្ធ អសេក្ខសមាធិក្ខន្ធ អសេក្ខបញ្ញាខន្ធ អសេក្ខវិមុត្តិក្ខន្ធ អសេក្ខវិមុត្តិញ្ញាណ​ទស្សនក្ខន្ធ ក៏​យ៉ាងនោះ។ ដំរី​ដ៏​​ប្រសើរ​នោះ មាន​ផ្កាឈូក​​យ៉ាងណា​ ឯព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា​​ មាន​ផ្កាឈូក ដោយ​ផ្កា​គឺ​ពោជ្ឈង្គ ៧ គឺ ដោយ​ផ្កា​គឺ​សតិសម្ពោជ្ឈង្គ ១ ផ្កាគឺ​ធម្មវិចយសម្ពោជ្ឈង្គ ១ ផ្កាគឺ​​វីរិយសម្ពោជ្ឈង្គ ១ ផ្កា​គឺ​​បីតិសម្ពោជ្ឈង្គ ១ ផ្កាគឺ​​បស្សទ្ធិសម្ពោជ្ឈង្គ ១ ផ្កាគឺ​​សមាធិសម្ពោជ្ឈង្គ ១ ផ្កាគឺ​​ឧបេក្ខា​សម្ពោជ្ឈង្គ ១ (យ៉ាងនោះ​ដែរ)។ ដំរី​ដ៏ប្រសើរ​នោះ ជាសត្វ​​លើសលុប ដោយ​កម្លាំងកាយ កម្លាំងចិត្ត សន្ទុះ និង​សេចក្តី​ក្លៀវក្លា​​យ៉ាងណា​ ឯព្រះបច្ចេកសម្ពុទ្ធ ក៏ជាបុគ្គល​​លើសលុប​​ដោយ​សីល សមាធិ បញ្ញា វិមុត្តិ និងវិមុត្តិញ្ញាណ​ទស្សនៈ (យ៉ាងនោះ​ដែរ) ហេតុនោះ (លោក​ពោលថា) មាន​ខន្ធកើត​ព្រម​ហើយ​ មាន​សម្បុរដូច​ផ្កាឈូក ជាសត្វ​ខ្ពង់ខ្ពស់។

[៣០៤] ពាក្យថា​​ នៅ​ក្នុង​ព្រៃតាមសប្បាយ សេចក្តី​ថា​​ ដំរី​ដ៏ប្រសើរនោះ នៅ​ក្នុង​​ព្រៃ​តាមសប្បាយ ​យ៉ាងណា​ ឯព្រះបច្ចេកសម្ពុទ្ធ ក៏នៅ​ក្នុង​​ព្រៃតាមសប្បាយ (យ៉ាងនោះដែរ) គឺនៅ​ក្នុង​ព្រៃ​តាម​សប្បាយ​ដោយ​បឋមជ្ឈានខ្លះ នៅ​ក្នុង​ព្រៃ​តាមសប្បាយ​ដោយ​​ទុតិយជ្ឈាន​ខ្លះ តតិយជ្ឈាន​ខ្លះ ចតុត្ថជ្ឈានខ្លះ នៅ​ក្នុង​ព្រៃ​តាមសប្បាយ​ដោយ​​មេត្តាចេតោវិមុត្តិខ្លះ នៅ​ក្នុង​ព្រៃតាម​​សប្បាយដោយ​​ករុណា​ចេតោវិមុត្តិខ្លះ មុទិតាចេតោវិមុត្តិខ្លះ ឧបេក្ខាចេតោវិមុត្តិខ្លះ នៅ​ក្នុង​​ព្រៃតាម​​សប្បាយ​​ដោយ​​អាកាសានញ្ចាយតន​សមាបត្តិខ្លះ នៅ​​ក្នុង​ព្រៃ​តាម​សប្បាយដោយ​​វិញ្ញាណញ្ចាយតន​សមាបត្តិខ្លះ ដោយ​​អាកិញ្ចញ្ញាយតន​សមាបត្តិ​ខ្លះ ដោយ​​នេវសញ្ញានាសញ្ញា​យតនសមាបត្តិខ្លះ ដោយ​​ផលសមាបត្តិ​ខ្លះ ហេតុនោះ (លោក​​ពោលថា) នៅ​ក្នុង​ព្រៃ​តាមសប្បាយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេក​​សម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលដែល​ដូច​នាគ មាន​ខន្ធកើតព្រមហើយ​ មាន​សម្បុរ​ដូច​ផ្កាឈូក ជាសត្វ​ខ្ពង់ខ្ពស់ គេចចាក​ហ្វូងហើយ​ នៅ​ក្នុង​ព្រៃ​តាមសប្បាយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯងដូច​​កុយរមាស។

[៣០៥] បុគ្គលគប្បី​បានសាមយិកវិមុត្តិ [វិមុត្តិ​ប្រព្រឹត្ត​ទៅតាម​សម័យ គឺ​វិមុត្តិ​ជាលោកិយ។] ដោយ​ហេតុណា ​ហេតុនោះ មិន​មែនជាទីតាំង​នៃបុគ្គល​អ្នក​ត្រេកអរ​​​ក្នុង​ពួក​ទេ បុគ្គល​ពិចារណា​​ពាក្យ​នៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣០៦] ពាក្យថា​​ បុគ្គលគប្បី​បានសាមយិកវិមុត្តិ ដោយ​ហេតុណា​ ហេតុនោះ មិន​មែន​ជាទីតាំង​នៃបុគ្គល​អ្នក​ត្រេកអរ​​ក្នុង​ពួក​ទេ អធិប្បាយថា​​ មែនពិត ព្រះមាន​ព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកា​នេះថា​​ ម្នាល​អានន្ទ ភិក្ខុមាន​​ការ​នៅ​ច្រឡូក​ច្រឡំដោយ​ពួក​​ ជាទី​ត្រេកអរ​ ត្រេកអរ​ក្នុង​​ការ​នៅ​​ច្រឡូកច្រឡំ​ដោយ​ពួក​ ប្រកបរឿយៗ​នូវសេចក្តី​ត្រេកអរ​ ក្នុង​ការ​​នៅ​ច្រឡូកច្រឡំ​ដោយ​ពួក​ មាន​ពួក​ជាទីត្រេកអរ​ ត្រេកអរ​ក្នុង​ពួក​ រួសរាយ​ក្នុង​ពួក​ ប្រកបរឿយៗ នូវ​សេចក្តី​ត្រេកអរ​​ក្នុង​​ពួក​ ជាកំណត់ សេចក្តី​សុខ​ក្នុង​ការ​ចេញ​បួស សេចក្តី​​សុខ​ក្នុង​ការ​ស្ងាត់ សេចក្តី​​សុខក្នុង​​ការ​​ស្ងប់ សេចក្តី​សុខក្នុង​ការ​​ត្រាស់ដឹងណា​ (ភិក្ខុនោះ​) នឹងជាអ្នក​បានតាមប្រាថ្នា បានដោយ​មិន​ក្រ បានដោយ​មិន​លំបាក​ នូវសេចក្តី​សុខនោះ ហេតុការ​ណ៍​បែបនេះ មិន​មាន​ទេ។ ម្នាល​អានន្ទ លុះតែភិក្ខុណា​ ចៀសចេញ​​ចាក​ពួក​ ហើយ​​នៅ​តែម្នាក់ឯង សេចក្តី​សុខនុ៎ះ ទើបមាន​​ប្រាកដដល់​​ភិក្ខុនោះ គឺថា​​ សេចក្តី​សុខ​ក្នុង​​ការ​ចេញ​​បួស សេចក្តី​សុខ​ក្នុង​ការ​ស្ងាត់ សេចក្តី​សុខ​ក្នុង​ការ​ស្ងប់ សេចក្តី​សុខ​ក្នុង​ការ​ត្រាស់​ដឹង​ណា​ (ភិក្ខុនោះ​) នឹងជាអ្នក​​បាន​តាម​ប្រាថ្នា បានដោយ​មិន​ក្រ បានដោយ​​មិន​លំបាក​ នូវសេចក្តី​​សុខនោះ ហេតុការ​ណ៍​​បែបនេះ ទើបមាន។ ម្នាល​អានន្ទ ភិក្ខុមាន​​ការ​នៅ​ច្រឡូក​​ច្រឡំដោយ​​ពួក​ជាទីត្រេកអរ​ ត្រេកអរ​​​ក្នុង​ការ​នៅ​ច្រឡូក​ច្រឡំដោយ​ពួក​ ប្រកបរឿយៗ នូវសេចក្តី​​ត្រេកអរ​ក្នុង​​ការ​នៅ​​ច្រឡូក​ច្រឡំដោយ​ពួក​ មាន​ពួក​​ជាទីត្រេកអរ​ ត្រេកអរ​​ក្នុង​​ពួក​ រួសរាយក្នុង​ពួក​ ប្រកបរឿយៗ នូវសេចក្តី​ត្រេកអរ​ក្នុង​ពួក​ ជាកំណត់ (ភិក្ខុនោះ) នឹងបានសាមយិកចេតោវិមុត្តិ (ចេតោវិមុត្តិជាលោកិយ) ឬអសាមយិកអកុប្បធម៌ (មគ្គជាលោកុត្តរៈ​) ហេតុការ​ណ៍​បែបនេះ មិន​មាន​ទេ ម្នាល​អានន្ទ លុះតែ​ភិក្ខុណា​ ចៀស​ចេញ​​ចាក​ពួក​ ហើយ​នៅ​តែម្នាក់ឯង ​សេចក្តី​សុខនោះ ទើបមាន​​ប្រាកដដល់​ភិក្ខុនោះ គឺថា​​ (ភិក្ខុនោះ) នឹងបាន​​សាមយិកចេតោវិមុត្តិ ឬ​អសាមយិកអកុប្បធម៌ ហេតុការណ៍​បែបនេះ​​ទើប​មាន​ ហេតុនោះ (លោក​ពោលថា) បុគ្គលគប្បី​​បាន​​សាមយិកវិមុត្តិ ដោយ​ហេតុណា​ ហេតុនោះ មិន​មែន​ជាទីតាំង​​នៃបុគ្គល​អ្នក​ត្រេកអរ​​ក្នុង​ពួក​ទេ។

[៣០៧] ពាក្យថា​​ បុគ្គលពិចារណា​ពាក្យនៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ សេចក្តី​ថា​​ ព្រះអាទិត្យ លោកហៅ​ថា​​ អាទិច្ចៈ។ ព្រះអាទិត្យនោះ ជាគោតមដោយ​គោត្ត ចំណែកព្រះបច្ចេកសម្ពុទ្ធ ក៏ជា​គោតមដោយ​គោត្ត ព្រះបច្ចេក​សម្ពុទ្ធនោះ ជាញាតិ​ដោយ​គោត្ត ជា​ផៅពង្សដោយ​គោត្ត​នៃ​ព្រះអាទិត្យ ព្រោះ​ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធ ឈ្មោះថា​​ ព្រះអាទិច្ចពន្ធុ។ ពាក្យថា​​ បុគ្គល​​ពិចារណា​ពាក្យ​នៃ​ព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ បានសេចក្តី​ថា​​ បុគ្គល​បាន​ស្ដាប់ ឮ រៀន ចាំ​ទុក កំណត់​នូវ​ពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិ​នៃព្រះពុទ្ធ​ជា​ព្រះអាទិច្ចពន្ធុ​ ហេតុនោះ (លោក​ពោលថា) បុគ្គល​​ពិចារណា​ពាក្យ​នៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ​នោះ ​ពោលថា​​

បុគ្គលគប្បី​បានសាមយិកវិមុត្តិ ដោយ​ហេតុណា​ ហេតុនោះ មិន​មែន​ជាទីតាំងនៃ​បុគ្គល​អ្នក​ត្រេកអរ​​ក្នុង​ពួក​ទេ បុគ្គល​ពិចារណា​ពាក្យ​នៃព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣០៨] បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ បានសម្រេច​​ធម៌​ដ៏ទៀងទាត់ បានចំពោះ​នូវមគ្គ មិន​មាន​បុគ្គល​ដទៃណែនាំ (ព្រោះ​ដឹងថា​​ ​) អាត្មា​អញមាន​ញាណកើតហើយ​ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣០៩] ពាក្យថា​​ បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ សេចក្តី​ថា​​ សក្កាយទិដ្ឋិ មាន​វត្ថុ ២០ ហៅ​ថា​​ ចម្រូង គឺទិដ្ឋិ។ បុថុជ្ជន​ក្នុង​លោកនេះ ជាអ្នក​​មិន​ចេះដឹង មិន​ឃើញ​នូវពួក​​ព្រះអរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិន​បាន​ទូន្មានខ្លួន​ក្នុង​អរិយធម៌ មិន​​ឃើញ​​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិន​បាន​ទូន្មានខ្លួនក្នុង​​សប្បុរិសធម៌ រមែង​​ពិចារណា​ឃើញ​​រូបថា​​ខ្លួន នូវខ្លួនថា​​មាន​រូបខ្លះ នូវរូបក្នុង​ខ្លួនខ្លះ នូវខ្លួនក្នុង​រូបខ្លះ ពិចារណា​​​ឃើញ​នូវវេទនា សញ្ញា សង្ខារ​ វិញ្ញាណ​ថា​​ខ្លួន នូវខ្លួនថា​មាន​វិញ្ញាណខ្លះ នូវ​វិញ្ញាណក្នុង​ខ្លួនខ្លះ នូវខ្លួនក្នុង​វិញ្ញាណខ្លះ ទិដ្ឋិ ដំណើរ​គឺទិដ្ឋិ ព្រៃស្បាត​គឺទិដ្ឋិ ផ្លូវដាច់​​ស្រយាល​គឺទិដ្ឋិ ចម្រូង​គឺទិដ្ឋិ សេចក្តី​​ញាប់ញ័រ​គឺទិដ្ឋិ ចំណង​គឺទិដ្ឋិ ការ​ប្រកាន់​ ការ​ប្រកាន់​​​ខ្ជាប់ ការ​ប្រកាន់​មាំ ការ​ស្ទាប​​អង្អែល ផ្លូវខុស គន្លងខុស សេចក្តី​ខុស លទ្ធិដូច​​ជាកំពង់ សេចក្តី​​ប្រកាន់​ដោយ​​ការ​​ស្វែង​រក​​ខុស ការ​ប្រកាន់​​វិបរិត ការ​ប្រកាន់​​វិបល្លាស ការ​ប្រកាន់​​ខុស ការ​ប្រកាន់​ថា​​ពិត ក្នុង​របស់​ដែល​មិន​ពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មាន​សភាព​​យ៉ាងនេះ​ឯណា​ នេះឈ្មោះថា ​​ចម្រូងគឺទិដ្ឋិ។ ពាក្យថា​​ប្រព្រឹត្ត​កន្លង គឺប្រព្រឹត្តរំលង ឈានកន្លង ឈានរំលង ប្រព្រឹត្តកន្លង​នូវចម្រូង ​គឺទិដ្ឋិ​ទាំងឡាយ ហេតុនោះ (លោក​​ពោលថា) បុគ្គល​ប្រព្រឹត្តកន្លង​នូវចម្រូង គឺទិដ្ឋិទាំងឡាយ។

[៣១០] ពាក្យថា​​ បានសម្រេច​ធម៌​ដ៏ទៀងទាត់ បានចំពោះ​នូវមគ្គ សេចក្តី​ថា​​ មគ្គ ៤ មគ្គ​ដ៏ប្រសើរ ប្រកបដោយ​អង្គ ៨ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ លោកហៅ​ថា​​ ធម៌​ដ៏ទៀង។​ បុគ្គល​ប្រកប សម្រេច​ បាន ប៉ះពាល់ ធ្វើ​ឲ្យ​ជាក់ច្បាស់​​ដោយ​​អរិយមគ្គ​ទាំង ៤ ហេតុនោះ (លោក​ពោលថា) បានសម្រេច​​ធម៌​ដ៏ទៀងទាត់។ ពាក្យថា​​ បានចំពោះ​​នូវមគ្គ គឺបានមគ្គ បាន​ចំពោះ​​មគ្គ បានសម្រេច​មគ្គ បានប៉ះ​ពាល់​មគ្គ ហេតុនោះ (លោក​​ពោលថា) បាន​សម្រេច​​ធម៌​ដ៏ទៀងទាត់ បានចំពោះ​​នូវមគ្គ។

[៣១១] ពាក្យថា​​ មិន​មាន​បុគ្គលដទៃណែនាំ (ព្រោះ​ដឹងថា) អាត្មា​អញ​មាន​​ញាណ​កើតហើយ​ អធិប្បាយថា​​ ព្រះបច្ចេក​សម្ពុទ្ធនោះ មាន​ញាណ​កើតឡើង កើតឡើងព្រម កើត កើត​ចំពោះ​ កើតប្រាកដ គឺមាន​​ញាណ​កើតឡើង កើតឡើងព្រម កើត កើតចំពោះ​ កើតប្រាកដ​ថា​​ សង្ខារ​ទាំងពួង​មិន​ទៀង ថា​​សង្ខារ​​ទាំងពួង​ជាទុក្ខ។បេ។ មាន​ញាណ​កើត​ឡើង កើតឡើង​ព្រម កើត កើតចំពោះ​ កើត​ប្រាកដថា​​ របស់ណា​មួយ មាន​ការ​​កើតឡើង​ជា​ធម្មតា របស់​ទាំងអស់​​នោះ មាន​ការ​រលត់​ទៅ​វិញជា​ធម្មតា ហេតុនោះ (លោក​​ពោលថា) អាត្មា​អញមាន​ញាណ​កើតហើយ។ ពាក្យថា​​ មិន​មាន​​បុគ្គលដទៃ​ណែនាំ គឺព្រះបច្ចេក​សម្ពុទ្ធ​នោះ មិន​មាន​បុគ្គល​ដទៃណែនាំ មិន​មាន​​បុគ្គលដទៃឲ្យ​ជឿ មិន​មាន​​បុគ្គលដទៃ​​ជាទី​អាង មិន​ដល់​នូវការ​ជាប់ចំពាក់​ដោយ​បុគ្គលដទៃ រមែង​ដឹង ឃើញ​តាមពិត ជាបុគ្គលមិន​​វង្វេង ជាអ្នក​ដឹងច្បាស់​ មាន​ស្មារតីប្រុងជានិច្ចថា​​ សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ មិន​មាន​​បុគ្គល​ដទៃណែនាំ មិន​មាន​បុគ្គលដទៃឲ្យ​ជឿ មិន​មាន​បុគ្គលដទៃជាទីអាង មិន​ដល់​នូវការ​​ជាប់ចំពាក់ដោយ​បុគ្គលដទៃ រមែង​ដឹង ឃើញ​តាមពិត ជាបុគ្គលមិន​វង្វេង ជាអ្នក​ដឹងច្បាស់​ មាន​ស្មារតី​ប្រុងជានិច្ច​ថា​​ របស់ណា​មួយ មាន​ការ​កើត​ឡើង​ជាធម្មតា របស់ទាំង​អស់​នោះ មាន​ការ​រលត់​ទៅ​វិញជាធម្មតា ហេតុនោះ (លោក​​ពោលថា) មិន​មាន​​បុគ្គលដទៃ​ណែនាំ (ព្រោះ​ដឹងថា) អាត្មា​អញ​មាន​ញាណ​កើតហើយ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ បានសម្រេច​​ធម៌​ដ៏ទៀងទាត់ បានចំពោះ​​នូវមគ្គ មិន​មាន​បុគ្គល​ដទៃណែនាំ (ព្រោះ​ដឹងថា) អាត្មា​អញ​មាន​ញាណកើតហើយ​ គប្បី​​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣១២] បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមាន​ការ​ស្រេកឃ្លាន អ្នក​មិន​​មាន​ការ​លុបគុណគេ មាន​ទឹកចត់ និងមោហៈ​​កំចាត់ចេញ​ហើយ​ មិន​មាន​​សេចក្តី​ប្រាថ្នា ក្នុង​លោកទាំងមូល គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣១៣] ពាក្យថា​​ បុគ្គលអ្នក​មិន​លោភ អ្នក​មិន​កុហក អ្នក​មិន​មាន​​ការ​ស្រេកឃ្លាន អធិប្បាយ​ថា​​ តណ្ហា ហៅ​ថា​​ សេចក្តី​លោភ បានដល់​តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺសេចក្តី​លោភនោះ ព្រះបច្ចេកសម្ពុទ្ធ​នោះ បានលះបង់ គាស់រំលើងឫស ធ្វើ​ឲ្យ​សល់​តែទីនៅ​ ដូច​ជាទីនៅ​​នៃដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​កើតមាន​ ឲ្យ​ជាធម៌លែង​កើតឡើង​តទៅ​ទៀត ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ អ្នក​មិន​​​មាន​លោភ។ ពាក្យថា​​ អ្នក​មិន​កុហក សេចក្តី​ថា​​ កុហនវត្ថុ មាន​ ៣ គឺកុហនវត្ថុប៉ែកខាង​ការ​​សេពបច្ច័យ ១ កុហនវត្ថុ​​ប៉ែកខាង​ឥរិយាបថ ១ កុហនវត្ថុ​​ប៉ែកខាង​ការ​ខ្សឹប ១។

កុហនវត្ថុប៉ែកខាងការសេពបច្ច័យ តើដូច​ម្ដេច។ ពួក​គហបតី​ក្នុង​សាសនា​នេះ និមន្តភិក្ខុដោយ​​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ។ ភិក្ខុនោះ ជាអ្នក​មាន​​សេចក្តី​ប្រាថ្នា​លាមក ត្រូវសេចក្តី​​​ប្រាថ្នា​គ្របសង្កត់ មាន​សេចក្តី​​ត្រូវការ​​ដោយ​​ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​​ភេសជ្ជបរិក្ខារ អាស្រ័យ​សេចក្តី​ប្រាថ្នាខ្លាំង ក៏​ពោលឃាត់ចីវរ ​ពោលឃាត់បិណ្ឌបាត ​​ពោលឃាត់សេនាសនៈ ​ពោលឃាត់​​គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ បាននិយាយ​​​យ៉ាងនេះថា​​ សមណៈ​មាន​ប្រយោជន៍​អ្វីដោយ​​ចីវរ​ដែល​មាន​ថ្លៃច្រើន ឯអំពើ​ដ៏សមគួរនុ៎ះ ត្រង់សមណៈ​រើសកំណា​ត់សំពត់​អំពី​ព្រៃស្មសាន អំពី​គំនរសំរាម ឬអំពី​រានផ្សារ ធ្វើ​​ជា​សង្ឃាដិ ហើយ​ទ្រទ្រង់​ សមណៈ​មាន​​ប្រយោជន៍​អ្វីដោយ​​បិណ្ឌបាត​ដែល​មាន​ថ្លៃច្រើន ឯ​អំពើ​ដ៏សមគួរនុ៎ះ ត្រង់សមណៈ​ចិញ្ចឹម​ជីវិត​ដោយ​ពំនូត​អាហារ ដោយ​ការ​ដើរស្វែង សមណៈ​​មាន​ប្រយោជន៍​អ្វី ដោយ​សេនាសនៈ​​ដែល​មាន​ថ្លៃច្រើន ឯអំពើ​ដ៏សមគួរនុ៎ះ ត្រង់សមណៈ​​គួរជាអ្នក​នៅ​ជិតគល់ឈើ ឬនៅ​ក្នុង​​ទីវាល សមណៈមាន​ប្រយោជន៍អ្វី ដោយ​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដែល​មាន​ថ្លៃច្រើន ឯអំពើ​ដ៏សមគួរនុ៎ះ ត្រង់សមណៈធ្វើ​​ថ្នាំ​ដោយ​​ទឹកមូត្រគោ ឬដោយ​​ចំណិតផ្លែសម៉ ភិក្ខុ​អាស្រ័យ​​ដំណើរនោះ ក៏ទ្រទ្រង់​​ចីវរសៅហ្មង បរិភោគ​បិណ្ឌបាតសៅហ្មង ប្រើប្រាស់​សេនាសនៈ​សៅហ្មង សេព​គិលានប្បច្ចយភេសជ្ជ​បរិក្ខារសៅហ្មង។ ពួក​គហបតី ដឹងនូវភិក្ខុនោះ​​យ៉ាងនេះថា​​ សមណៈនេះ ជាអ្នក​ប្រាថ្នាតិច ជា​អ្នក​សន្តោស ជាអ្នក​ស្ងប់ស្ងាត់ ជាអ្នក​មិន​​ច្រឡូកច្រឡំ (ដោយ​ពួក) ប្រារព្ធ​ព្យាយាម ​ពោលពាក្យជា​គ្រឿងកំចាត់បង់​កិលេស ក៏រឹតតែ​​និមន្តដោយ​​ចីវរ បិណ្ឌបាត សេនាសនៈ ​និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។

ភិក្ខុនោះ បាននិយាយ​យ៉ាងនេះថា​​ កុលបុត្រអ្នក​មាន​សទ្ធា បានបុណ្យច្រើនព្រោះ​ធម៌ ៣ មាន​ចំពោះ​មុខ គឺកុលបុត្រអ្នក​មាន​សទ្ធា បានបុណ្យច្រើន ព្រោះ​មាន​សទ្ធាចំពោះ​មុខ ១ កុលបុត្រអ្នក​មាន​សទ្ធា បានបុណ្យច្រើន ព្រោះ​មាន​ទេយ្យធម៌ចំពោះ​មុខ ១ កុលបុត្រអ្នក​មាន​​សទ្ធា បានបុណ្យច្រើន ព្រោះ​ពួក​​ទក្ខិណេយ្យ​បុគ្គល​មាន​ចំពោះ​មុខ ១ (ឥឡូវ)​ សទ្ធានេះ របស់អ្នក​​ទាំងឡាយ ក៏មាន​ផង ទេយ្យធម៌​ក៏មាន​ផង ទាំងអាត្មា​​ក៏ជាអ្នក​ទទួល​ស្រាប់ បើអាត្មា​មិន​​ទទួល​ទេ អ្នក​ទាំងឡាយ​នឹង​សាបសូន្យ​ចាក​បុណ្យ​​យ៉ាងនេះ​មិន​ខាន អាត្មា​​មិន​មាន​សេចក្តី​​ត្រូវការ​ដោយ​​ទេយ្យធម៌​នេះទេ ប៉ុន្តែអាត្មា​ទទួលដើម្បី​អនុគ្រោះ​ដល់​អ្នក​​ទាំងឡាយប៉ុណ្ណោះ (ភិក្ខុ) អាស្រ័យ​ដំណើរនោះ ក៏ទទួលចីវរ​យ៉ាងច្រើនផង ទទួល​បិណ្ឌបាត​​យ៉ាងច្រើនផង ទទួលសេនាសនៈ​​យ៉ាងច្រើនផង ទទួលគិលានប្បច្ចយភេសជ្ជ​បរិក្ខារ ​យ៉ាងច្រើនផង។ អាការ​​ធ្វើ​​មុខ​ស្រពោន ភាពនៃការ​ធ្វើ​មុខស្រពោន ការ​កុហក អាការ​នៃកុហក ភាពនៃកុហក មាន​សភាព​យ៉ាងនេះ​ឯណា​ នេះលោកហៅ​ថា​​ កុហនវត្ថុ​ប៉ែកខាងការ​សេពបច្ច័យ។

កុហនវត្ថុប៉ែកខាងឥរិយាបថ តើដូច​ម្ដេច។ ភិក្ខុខ្លះ ក្នុង​សាសនា​នេះ មាន​សេចក្តី​​ប្រាថ្នាលាមក ត្រូវសេចក្តី​ប្រាថ្នាគ្របសង្កត់ មាន​បំណងនូវការ​សរសើរថា​​ អ្នក​ផង​នឹង​សរសើរ​អញ​យ៉ាងនេះ ក៏រៀបចំដំណើរ រៀបចំជំហរ រៀបចំបង្គុយ រៀបចំដំណេក រៀបឫក​ដើរ​ រៀបឫកឈរ រៀបឫកអង្គុយ រៀបឫកសម្រេច​ការ​ដេក ដើរដូច​ជាមាន​ចិត្តតម្ដល់មាំ ឈរ​ដូច​ជាមាន​ចិត្តតម្ដល់មាំ អង្គុយដូច​ជាមាន​ចិត្តតម្ដល់មាំ សម្រេច​ការ​ដេកដូច​ជា​មាន​​ចិត្ត​​តម្ដល់មាំ ហាក់ដូច​ជា​ចូលឈានក្នុង​​ទីចំពោះ​មុខ (នៃអ្នក​ផង)។ ការ​តាំងក្នុង​​ខាងដើម ការ​​តាំងទុក ការ​រៀបចំឥរិយាបថ អាការ​ធ្វើ​​មុខស្រពោន ភាពនៃការ​​ធ្វើ​មុខស្រពោន ការ​​កុហក អាការ​នៃ​កុហក ភាពនៃកុហក មាន​សភាព​​យ៉ាងនេះ​ឯណា​ នេះហៅ​ថា​​ កុហកវត្ថុ ប៉ែកខាងឥរិយាបថ។

កុហនវត្ថុប៉ែកខាងការ​ខ្សឹប តើដូច​ម្ដេច។ ភិក្ខុខ្លះ ក្នុង​សាសនា​នេះ មាន​សេចក្តី​​​ប្រាថ្នាលាមក ត្រូវសេចក្តី​​ប្រាថ្នាគ្របសង្កត់ មាន​បំណង​នូវការ​សរសើរ​ថា​​ អ្នក​ផងនឹង​​សរសើរ​អញ​យ៉ាងនេះ ក៏​ពោលវាចាផ្តួល​ទៅ​រក​អរិយធម៌ គឺ​ពោលថា​​ សមណៈណា​ ទ្រទ្រង់​​ចីវរមាន​សភាព​​យ៉ាងនេះ សមណៈនោះ មាន​ស័ក្តិធំ។ ​ពោលថា​​ សមណៈណា​ ទ្រទ្រង់​បាត្រ ទ្រទ្រង់​ផ្ដិលលោហៈ ទ្រទ្រង់​ធម្មក្រក ទ្រទ្រង់​​សំពត់តម្រងទឹក ទ្រទ្រង់​កូនសោ ទ្រទ្រង់​​ស្បែកជើង ទ្រទ្រង់​​វត្ថពន្ធន៍ចង្កេះ ទ្រទ្រង់​សំពត់​អាយោគពន្ធន៍ មាន​សភាព​យ៉ាងនេះៗ សមណៈនោះ មាន​ស័ក្តិធំ។ ​ពោលថា​​ ឧបជ្ឈាយ៍នៃសមណៈណា​ មាន​សភាព​​យ៉ាងនេះ សមណៈនោះ មាន​ស័ក្តិធំ។ ​ពោលថា​​ សមណៈណា​ មាន​អាចារ្យ មាន​ពួក​ភិក្ខុ​​ដែល​មាន​​​ឧបជ្ឈាយ៍​ស្មើគ្នា មាន​ពួក​ភិក្ខុ​ដែល​មាន​​អាចារ្យស្មើគ្នា មាន​មិត្ត មាន​មិត្ត​ស្ទាក់​ស្ទើរ មាន​មិត្ត​ស៊ប់សួន មាន​សំឡាញ់ មាន​សភាព​យ៉ាងនេះៗ សមណៈនោះ មាន​ស័ក្តិធំ។ ​ពោលថា​​ សមណៈណា​ នៅ​ក្នុង​វិហារមាន​​សភាព​យ៉ាង សមណៈនោះ​មាន​ស័ក្តិធំ។ ​ពោល​ថា​​ សមណៈណា​ នៅ​ក្នុង​​អឌ្ឍយោគ (បង្ហា) នៅ​ក្នុង​ប្រាសាទ​មាន​កំពូល នៅ​ក្នុង​​គុហា នៅ​ក្នុង​​ខ្ទម នៅ​ក្នុង​​ផ្ទះកំពូល នៅ​ក្នុង​​ប៉ម នៅ​ក្នុង​​រោងមូល នៅ​ក្នុង​​ថែវ នៅ​ក្នុង​​ឧបដ្ឋាន​សាលា នៅ​ក្នុង​​មណ្ឌប (បារាំ ​) នៅ​ក្បែរ​គល់ឈើ មាន​សភាព​​យ៉ាងនេះៗ សមណៈនោះ​​មាន​​ស័ក្តិធំ។ ម្យ៉ាងទៀត ភិក្ខុជាអ្នក​​ស្រគត់ស្រគំពេក មាន​មុខ​ស្រពាប់ស្រពោន​ពេក ជា​អ្នក​​​កុហក​ពេក ជាអ្នក​រួសរាយ​ពេក ដែល​ត្រូវ​គេសរសើរ ដោយ​អំណា​ច​មាត់ (របស់ខ្លួន) ថា​​ សមណៈនេះ ជាអ្នក​បាន​នូវវិហារ​សមាបត្តិ​​ទាំងនេះ ជាគុណ​ដ៏​ស្ងប់ស្ងាត់ មាន​សភាព​​យ៉ាងនេះ តែង​​ពោលពាក្យ​ប្រាកដដូច្នោះ ជាពាក្យជ្រាលជ្រៅ លំបាក​យល់​ ដ៏ល្អិត កំបិទ​​កំបាំង ជាវាចា​ប្រកបដោយ​​លោកុត្តរធម៌ និងសុញ្ញតនិព្វាន។ អាការ​ធ្វើ​មុខស្រពោន ភាពនៃការ​ធ្វើ​មុខស្រពោន ការ​កុហក អាការ​នៃកុហក ភាពនៃកុហក មាន​​សភាព​យ៉ាង​នេះ​ឯណា​ នេះហៅ​ថា​​ កុហនវត្ថុប៉ែកខាងការ​ខ្សឹប។

កុហនវត្ថុទាំង ៣ នេះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើ​មិន​គួរ​ឲ្យ​កើតឡើងបាន ដុតដោយ​ភ្លើង គឺញាណហើយ​ ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ អ្នក​​មិន​កុហក។ ពាក្យថា​​ អ្នក​មិន​មាន​ការ​ស្រេកឃ្លាន សេចក្តី​ថា​​ តណ្ហា លោក​ហៅ​ថា​​ ការ​ស្រេកឃ្លាន បានដល់​តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការ​​ស្រេកឃ្លាន​នោះ ព្រះបច្ចេកសម្ពុទ្ធនោះ បានលះបង់ គាស់ឫស​គល់ ធ្វើ​ឲ្យ​សល់តែទីនៅ ​ដូច​ជាទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​កើតមាន​ ឲ្យ​ជា​ធម៌លែង​​កើត​តទៅ​ទៀត ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ អ្នក​មិន​មាន​​ការ​​ស្រេក​ឃ្លាន ហេតុនោះ (លោក​ពោលថា) បុគ្គល​អ្នក​មិន​លោភ អ្នក​មិន​កុហក អ្នក​មិន​មាន​ការ​​ស្រេក​ឃ្លាន។

[៣១៤] អធិប្បាយពាក្យថា​​ អ្នក​មិន​មាន​ការ​លុបគុណគេ មាន​ទឹកចត់ និងមោហៈ​កំចាត់​ចេញ​ហើយ​ ត្រង់ពាក្យថា​​ ការ​លុបគុណ បានខាង​ការ​បំបាត់​គុណ អាការ​​នៃ​ការ​លុបគុណ ភាពនៃ​ការ​លុបគុណ សេចក្តី​​ច្រណែន កម្មគឺសេចក្តី​​​ច្រណែន។ ពាក្យថា​​ ទឹកចត់ សំដៅយក​ រាគៈ​ឈ្មោះថា​​ទឹកចត់ ទោសៈ​ឈ្មោះថា​​ទឹកចត់ មោហៈ​ឈ្មោះថា​​ទឹក​ចត់ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ។បេ។ អកុសលាភិសង្ខារ​​ទាំង​អស់ ​​ឈ្មោះថា​​ទឹកចត់។ ពាក្យថា​​ មោហៈ បានដល់​ការ​​មិន​ដឹងក្នុង​ទុក្ខ ការ​មិន​ដឹង​ក្នុង​​ទុក្ខសមុទ័យ ការ​មិន​ដឹង​​ក្នុង​ទុក្ខនិរោធ ការ​មិន​ដឹងក្នុង​​ទុក្ខនិរោធគាមិនីបដិបទា ការ​មិន​ដឹង​​ក្នុង​​ចំណែក​ខន្ធមុន ការ​មិន​ដឹងក្នុង​ចំណែកខន្ធក្រោយ ការ​មិន​ដឹងក្នុង​ចំណែក​ខន្ធមុន និង​ចំណែក​​ខន្ធក្រោយ ការ​មិន​ដឹង​ក្នុង​ធម៌ទាំងឡាយ ដែល​អាស្រ័យ​គ្នា​កើតឡើង ព្រោះ​ធម៌​នេះជា​បច្ច័យគឺ ដែល​​ជា​ការ​មិន​ដឹង ការ​មិន​ឃើញ​ ការ​មិន​យល់ច្បាស់​ ការ​មិន​​ត្រាស់ដឹង​តាម ការ​មិន​​ត្រាស់ដឹង​ព្រម ការ​មិន​ចាក់ធ្លុះ ការ​មិន​កាន់​យក (ដោយ​​សាមញ្ញលក្ខណៈ) ការ​មិន​ចុះកាន់​ (សាមញ្ញលក្ខណៈ​) ការ​មិន​សំឡឹងស្មើ ការ​មិន​ពិចារណា​ អំពើមិន​​ជាក់​ច្បាស់​ សន្ដានចិត្ត​អាក្រក់ ភាពជា​បុគ្គលល្ងង់ ការ​មិន​ដឹងខ្លួន ការ​វង្វេង ការ​វង្វេងសព្វ អន្លង់​គឺអវិជ្ជា យោគៈ​​គឺអវិជ្ជា អនុស័យ​គឺអវិជ្ជា កិលេស​ជា​គ្រឿង​គ្របសង្កត់​ចិត្ត​គឺ​អវិជ្ជា បណ្ដាញ​​គឺអវិជ្ជា សន្ទះ​ទ្វារ​ធំ​គឺអវិជ្ជា មោហៈ អកុសលមូល ​មាន​សភាព​យ៉ាងនេះ។ ការ​​លុបគុណ ទឹកចត់ និងមោហៈ ព្រះបច្ចេក​​សម្ពុទ្ធនោះ ​បានខ្ជាក់ចោល កំចាត់ចោល លះបង់ កាត់ផ្ដាច់ រម្ងាប់ ​គ្រប​សង្កត់ ធ្វើ​មិន​គួរ​ឲ្យ​កើតឡើង​បាន ដុតបំផ្លាញ​ដោយ​ភ្លើងគឺញាណ ​ព្រោះ​ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ឈ្មោះថា​​ អ្នក​មិន​មាន​​ការ​លុបគុណគេ មាន​ទឹកចត់ និង​មោហៈ​​កំចាត់ចេញ​ហើយ។

[៣១៥] ពាក្យថា មិនមានសេចក្តីប្រាថ្នា ក្នុងលោក​ទាំងមូល សេចក្តី​ថា​​ តណ្ហា លោកហៅ​ថា​​ សេចក្តី​ប្រាថ្នា បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា​​ ក្នុង​លោភទាំងមូល គឺ ក្នុង​អបាយលោកទាំងមូល មនុស្សលោក​ទាំងមូល ទេវលោកទាំងមូល ខន្ធលោកទាំងមូល ធាតុលោកទាំងមូល អាយតន​លោក​ទាំងមូល។ ពាក្យថា​​ មិន​មាន​សេចក្តី​ប្រាថ្នា​ក្នុង​លោកទាំង​មូល បានសេចក្តី​ថា​​ ជាអ្នក​​​មិន​​មាន​​សេចក្តី​ប្រាថ្នា មិន​មាន​តណ្ហា មិន​មាន​​សេចក្តី​ស្រេកឃ្លាន​ក្នុង​លោកទាំង​មូល ហេតុ​នោះ (លោក​​ពោលថា​) មិន​មាន​សេចក្តី​ប្រាថ្នាក្នុង​លោកទាំងមូល។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ព្រោះ​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលអ្នកមិនលោភ អ្នកមិនកុហក អ្នកមិនមានការស្រេកឃ្លាន អ្នកមិន​មានការ​លុបគុណគេ មាន​ទឹកចត់ និងមោហៈ​​កំចាត់ចេញ​ហើយ​ មិន​មាន​សេចក្តី​​ប្រាថ្នាក្នុង​លោកទាំងមូល គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣១៦] បុគ្គលគួរចៀសវាង នូវសំឡាញ់អាក្រក់ អ្នក​ឃើញ​នូវអំពើ​មិន​មាន​​ប្រយោជន៍ អ្នក​តាំងនៅ​​ក្នុង​អំពើមិន​ស្មើ មិន​គួរសេពគប់​នូវបុគ្គល​អ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស​ដោយ​ខ្លួនឯង គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣១៧] ពាក្យថា​​ បុគ្គលគួរចៀសវាង​នូវសំឡាញ់អាក្រក់ សេចក្តី​ថា​​ ដែល​ហៅថា សំឡាញ់​​អាក្រក់ បានដល់​សំឡាញ់ដែល​ប្រកបដោយ​​មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ ​យ៉ាងថា​​ ទាន​ដែល​គេឲ្យ​មិន​មាន​ផល បូជាធំមិន​មាន​ផល បូជាតូច​មិន​មាន​ផល ផលវិបាក​នៃកម្ម​ដែបុគ្គលធ្វើ​ល្អធ្វើ​អាក្រក់ មិន​មាន​ លោកនេះ​​មិន​មាន​ លោកដទៃ​មិន​មាន​ មាតា​មិន​មាន​​គុណ បិតាមិន​មាន​គុណ ពួក​សត្វ​ជាឱបបាតិកៈ​មិន​មាន​ ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ដែល​ប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិ​​ត្រឹមត្រូវ បានធ្វើ​ឲ្យ​ជាក់ច្បាស់​​ដោយ​ប្រាជ្ញា​​យ៉ាងខ្ពង់ខ្ពស់​​ចំពោះ​ខ្លួន ហើយ​ប្រកាសនូវលោកនេះ និងលោក​ខាងមុខ មិន​មាន​ សំឡាញ់បែបនេះ ឈ្មោះថា​​​សំឡាញ់អាក្រក់។ ពាក្យថា​​ បុគ្គលគួរចៀសវាង​នូវសំឡាញ់អាក្រក់ បាន​សេចក្តី​​ថា​​ បុគ្គល​គួរ​ចៀសវាង គួរវៀរលែង គួរគេចវាង​នូវសំឡាញ់អាក្រក់ ហេតុនោះ (លោក​ពោលថា) បុគ្គល​គួរ​ចៀសវាង​នូវសំឡាញ់​អាក្រក់។

[៣១៨] ពាក្យថា​​ អ្នក​ឃើញ​នូវអំពើមិន​មាន​ប្រយោជន៍ អ្នក​តាំងនៅ​​ក្នុង​អំពើមិន​ស្មើ សេចក្តី​ថា​​ ដែល​ហៅ​ថា​​ អ្នក​ឃើញ​​នូវអំពើ​មិន​មាន​​ប្រយោជន៍ បានខាង​សំឡាញ់ ដែល​ប្រកប​ដោយ​មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ ​យ៉ាងថា​​ ទានដែល​គេឲ្យ​ មិន​មាន​ផល បូជាធំ មិន​មាន​ផល ។បេ។ ដែល​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ ដោយ​ប្រាជ្ញា​​យ៉ាងខ្ពង់ខ្ពស់​ចំពោះ​ខ្លួន ហើយ​ប្រកាស​នូវ​លោក​នេះ និង​លោកខាងមុខ មិន​មាន​ សំឡាញ់បែបនេះ ឈ្មោះថា​​ សំឡាញ់អ្នក​ឃើញ​​នូវអំពើមិន​​មាន​ប្រយោជន៍។ ពាក្យថា​​ អ្នក​តាំងនៅ​ក្នុង​អំពើមិន​ស្មើ សេចក្តី​ថា​​ អ្នក​តាំង​នៅ​ក្នុង​​​កាយកម្មមិន​ស្មើ តាំងនៅ​​ក្នុង​វចីកម្ម​មិន​ស្មើ តាំងនៅ​ក្នុង​មនោកម្មមិន​ស្មើ គឺថា​​ តាំងនៅ​​ក្នុង​​កម្មមិន​ស្មើ គឺបាណាតិបាត តាំងនៅ​ក្នុង​កម្មមិន​ស្មើ គឺអទិន្នាទាន តាំង​នៅ​ក្នុង​កម្មមិន​ស្មើ​ គឺ​កាមេសុមិច្ឆាចារ តាំងនៅ​ក្នុង​កម្មមិន​ស្មើ គឺមុសាវាទ តាំងនៅ​ក្នុង​កម្ម​មិន​ស្មើ គឺ​បិសុណវាចា តាំងនៅ​ក្នុង​កម្មមិន​ស្មើ គឺផរុសវាចា តាំងនៅ​​ក្នុង​កម្ម​មិន​ស្មើ គឺ​សម្ផប្បលាបៈ តាំង​នៅ​​ក្នុង​​កម្មមិន​ស្មើ គឺអភិជ្ឈា តាំងនៅ​ក្នុង​​កម្មមិន​ស្មើ គឺ ព្យាបាទ តាំងនៅ​​ក្នុង​កម្ម​មិន​​ស្មើ គឺមិច្ឆាទិដ្ឋិ តាំងនៅ​​ក្នុង​កម្ម​ទាំងឡាយ​មិន​ស្មើ គឺសង្ខារ​ តាំងនៅ ​ជាប់ ជាប់ស្អិត ចូលទៅ​​ដល់​ស៊ប់ លិចចុះ ចុះចិត្តស៊ប់ ក្នុង​កម្ម​មិន​ស្មើ គឺកាមគុណ ៥ ហេតុនោះ (លោក​​ពោលថា​) អ្នក​ឃើញ​នូវអំពើមិន​មាន​ប្រយោជន៍ អ្នក​តាំងនៅ​ក្នុង​​អំពើមិន​ស្មើ។

[៣១៩] អធិប្បាយពាក្យថា​​ មិន​គួរសេពគប់​នូវបុគ្គលអ្នក​​ខ្វល់ខ្វាយ អ្នក​ធ្វេស​ប្រហែស ដោយ​​ខ្លួនឯង ត្រង់ពាក្យថា​​ បុគ្គល​អ្នក​ខ្វល់ខ្វាយ សេចក្តី​ថា​​ បុគ្គលណា​ ដើររក​ ស្វែងរក​ ស្វះស្វែងរក​ នូវកាមទាំងឡាយ ជាអ្នក​​ប្រព្រឹត្តកាមនោះ ច្រើនដោយ​​កាមនោះ ធ្ងន់ក្នុង​កាមនោះ ទេរទៅ​​រក​កាមនោះ ទោរទៅ​​រក​កាមនោះ ឈមទៅ​​រក​កាមនោះ ចុះចិត្ត​​ស៊ប់ក្នុង​កាមនោះ យកកាម​នោះជា​អធិបតី បុគ្គលនោះឯង ឈ្មោះថា​​ អ្នក​ខ្វល់ខ្វាយក្នុងកាម។ បុគ្គលណា ​ស្វះស្វែងរក​​រូបទាំងឡាយ​ដោយ​អំណា​ច​តណ្ហាក្តី បុគ្គលណា ​បានរូប​ទាំងឡាយ​ដោយ​អំណា​ចតណ្ហាក្តី បុគ្គលណា​ ប្រើប្រាស់​រូបទាំងឡាយ ដោយ​អំណា​ច​​តណ្ហាក្តី ប្រើប្រាស់សម្លេង ក្លិន រស និងផោដ្ឋព្វៈ ដោយ​អំណា​ច​តណ្ហាក្តី ជាអ្នក​​ប្រព្រឹត្ត​​អារម្មណ៍នោះ ច្រើនដោយ​​អារម្មណ៍នោះ ធ្ងន់ក្នុង​​អារម្មណ៍នោះ ទេរទៅ​រក​អារម្មណ៍នោះ ទោរទៅ​រក​​អារម្មណ៍នោះ ឈមទៅ​រក​អារម្មណ៍​នោះ ចុះចិត្តស៊ប់ក្នុង​​អារម្មណ៍នោះ យក​អារម្មណ៍នោះ​ជាអធិបតី បុគ្គលនោះឯង ក៏ឈ្មោះថា ​​អ្នក​ខ្វល់ខ្វាយ​ក្នុង​កាមដែរ។ ពាក្យថា​​ អ្នក​ធ្វេសប្រហែស គឺសេចក្តី​​ធ្វេសប្រហែស ខ្ញុំគប្បី​​ពោល​ដូច​តទៅ​នេះ។ ការ​បណ្តោយចិត្ត ការ​ផ្តល់កម្លាំងដល់​ការ​បណ្តោយចិត្ត ក្នុង​កាយទុច្ចរិតក្តី ក្នុង​វចីទុច្ចរិតក្តី ក្នុង​មនោទុច្ចរិតក្តី ក្នុង​កាមគុណទាំង ៥ ក្តី ពុំនោះសោត ការ​មិន​ធ្វើ​ដោយ​ផ្ចិតផ្ចង់ ការ​មិន​ធ្វើ​រឿយៗ ការ​មិន​​ធ្វើ​ឲ្យ​ឋិតថេរ កិរិយា​ប្រព្រឹត្ត​រួញរា ការ​ដាក់សេចក្តី​ប្រាថ្នា ការ​ដាក់ធុរៈ ការ​មិន​​សេពគប់ ការ​មិន​ចម្រើន ការ​មិន​ធ្វើ​ឲ្យ​ច្រើន ការ​មិន​អធិដ្ឋាន ការ​មិន​​ប្រកបរឿយៗ ក្នុង​ការ​ចម្រើន​នូវធម៌ទាំងឡាយជាកុសល សេចក្តី​ប្រហែស សេចក្តី​ធ្វេស​ប្រហែស ភាព​នៃ​​សេចក្តី​​ធ្វេស​ប្រហែស មាន​សភាព​យ៉ាងនេះ​ឯណា​ នេះលោកហៅ​ថា​​ សេចក្តី​ធ្វេស​​ប្រហែស។​ ពាក្យថា​​ មិន​គួរសេពគប់​នូវបុគ្គលអ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស​ដោយ​​ខ្លួនឯង បាន​សេចក្តី​ថា​​ មិន​គួរសេព​នូវបុគ្គលអ្នក​ខ្វល់ខ្វាយផង មិន​គួរសេព មិន​គួរគប់រក​ មិន​គួររាប់រក​ មិន​គួររាប់អាន មិន​គួរប្រព្រឹត្តអើពើ មិន​គួរប្រព្រឹត្តរួម មិន​គួរប្រព្រឹត្តសមាទាន នូវបុគ្គល​អ្នក​​ធ្វេស​​ប្រហែសផង ហេតុនោះ (លោក​ពោលថា​) មិន​គួរសេពគប់​នូវបុគ្គល​អ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស​ដោយ​ខ្លួនឯង។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ព្រោះ​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលគួរចៀសវាងនូវសំឡាញ់អាក្រក់ អ្នក​ឃើញ​នូវអំពើ​មិន​មាន​ប្រយោជន៍ អ្នក​តាំងនៅ​ក្នុង​​អំពើមិន​ស្មើ មិន​គួរ​សេពគប់​នូវបុគ្គលអ្នក​ខ្វល់ខ្វាយ អ្នក​ធ្វេសប្រហែស ដោយ​ខ្លួនឯង គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣២០] បុគ្គលគួរគប់រក​ជនជាពហុស្សូត អ្នក​ទ្រទ្រង់​ធម៌ជាមិត្ត​ដ៏ខ្ពង់ខ្ពស់ មាន​បដិភាណ បុគ្គលបាន​ដឹងច្បាស់​នូវ​ប្រយោជន៍​ទាំងឡាយហើយ​ គួរកំចាត់​នូវសេចក្តី​សង្ស័យ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣២១] អធិប្បាយពាក្យថា​​ បុគ្គលគួរគប់រក​ជនជាពហុស្សូត អ្នក​ទ្រទ្រង់​ធម៌ ត្រង់ពាក្យថា់ ជនជាពហុស្សូត គឺជនអ្នក​ចេះដឹងច្រើន អ្នក​ចងចាំ​នូវសូត្រ សន្សំទុកនូវសូត្រ គឺថា​​ ធម៌ទាំងឡាយណា​ មាន​លំអបទដើម លំអ​បទកណ្តាល លំអបទចុង ព្រមទាំងអត្ត​ និងព្យញ្ជនៈ ប្រកាសនូវ​​ព្រហ្មចរិយៈ​​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់​ ធម៌ទាំងឡាយមាន​​សភាព​ដូច្នោះ ជននោះ បានស្ដាប់ច្រើន បានទ្រទ្រង់​ បានចាំ​ស្ទាត់​រត់មាត់ បានពិនិត្យ​​មើលដោយ​ចិត្ត បានចាក់ធ្លុះប្រពៃ​ដោយ​សេចក្តី​យល់។ ពាក្យថា​​ អ្នក​ទ្រទ្រង់​ធម៌ សេចក្តី​ថា​​ អ្នក​ទ្រទ្រង់​នូវ​ធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា​​ ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ពាក្យថា​​ បុគ្គលគួរគប់រក​ជនជា​ពហុស្សូត អ្នក​ទ្រទ្រង់​ធម៌ បានសេចក្តី​ថា​​ បុគ្គលគួរគប់រក​ គួរសេព គួររាប់រក​ គួររាប់អាន គួរសេពចំពោះ​​នូវមិត្តជាពហុស្សូតផង អ្នក​ទ្រទ្រង់​ធម៌ផង ហេតុនោះ (លោក​ពោលថា) បុគ្គលគួរគប់រក​ជនជាពហុស្សូត អ្នក​ទ្រទ្រង់​ធម៌។

[៣២២] ពាក្យថា​​ ជាមិត្ត​ដ៏ខ្ពង់ខ្ពស់ មាន​បដិភាណ អធិប្បាយថា​​ ជនជាមិត្ត​ដ៏ខ្ពង់ខ្ពស់ ដោយ​សីល សមាធិ បញ្ញា វិមុត្តិ វិមុត្តិញ្ញាណទស្សនៈ។ ពាក្យថា​​ មាន​បដិភាណ គឺជន​មាន​​បដិភាណ ៣ ពួក​ គឺ មាន​បដិភាណក្នុង​បរិយត្តិ ១ មាន​បដិភាណក្នុង​បរិបុច្ឆា ១ មាន​​បដិភាណ​ក្នុង​អធិគមៈ ១។

ជនអ្នក​មាន​បដិភាណក្នុង​បរិយត្តិ តើដូច​ម្ដេច។ ជនខ្លះក្នុង​សាសនា​នេះ បានរៀននូវ​ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យករណៈ គាថា​​ ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ (ពុទ្ធវចនៈនោះ​) រមែង​ភ្លឺច្បាស់​ដល់​ជននោះ ព្រោះ​អាស្រ័យ​បរិយត្តិ នេះឈ្មោះថា​​ អ្នក​មាន​​បដិភាណ ​ក្នុង​បរិយត្តិ។

ជនអ្នក​មាន​បដិភាណក្នុង​បរិបុច្ឆា តើដូច​ម្ដេច។ ជនខ្លះក្នុង​សាសនា​នេះ ជាអ្នក​​សាក​​សួរ​​ក្នុង​អត្ថ ក្នុង​ធម៌​ដែល​គួរដឹង ក្នុង​លក្ខណៈ ក្នុង​ហេតុ ក្នុង​ឋានៈ និងអដ្ឋានៈ (សភាវៈ​​មាន​អត្ថជាដើម ​) រមែង​ភ្លឺច្បាស់​ដល់​ជននោះ ព្រោះ​អាស្រ័យ​ការ​សាកសួរ នេះ​ឈ្មោះថា​​ ​អ្នក​​មាន​​បដិភាណ​ក្នុង​បរិបុច្ឆា។

ជនអ្នក​មាន​បដិភាណ ក្នុង​អធិគមៈ តើដូច​ម្ដេច។ ជនខ្លះ ក្នុង​សាសនា​នេះ បាន​ត្រាស់​​ដឹង​នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏ប្រសើរ ប្រកប​ដោយ​អង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះ បានដឹងអត្ថ ដឹងធម៌ ដឹងនិរុតិ្ត។ កាលបើ​ដឹងអត្ថហើយ​ អត្ថរមែង​ច្បាស់​ប្រាកដ កាល​បើដឹងធម៌ហើយ​ ធម៌រមែង​ច្បាស់​ប្រាកដ កាលបើ​ដឹង​និរុត្តិហើយ​ និរុត្តិ​រមែង​ច្បាស់​​​ប្រាកដ។ ការ​ដឹងក្នុង​បដិភាណ​ទាំង ៣ នេះ ឈ្មោះថា​​ បដិភាណប្បដិសម្ភិទា។ ព្រះបច្ចេកសម្ពុទ្ធ​នោះ ប្រកប ប្រកបព្រម ចូលទៅ​ជិត ចូលទៅ​ជិតព្រម ចូលទៅ​ដល់​ ចូលទៅ​ដល់​​ព្រម ប្រកបព្រម​ដោយ​បដិភាណប្បដិសម្ភិទា​នេះ ព្រោះ​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ ឈ្មោះថា​​​ មាន​បដិភាណ។ បុគ្គលណា​ មិន​មាន​បរិយត្តិ មិន​មាន​បរិបុច្ឆា មិន​មាន​អធិគមៈ ធម្មជាត​អ្វី នឹងច្បាស់​​ប្រាកដ ដល់​បុគ្គលនោះ​បាន ហេតុនោះ (លោក​ពោលថា) ជាមិត្ត​ដ៏ខ្ពង់ខ្ពស់ មាន​បដិភាណ។

[៣២៣] ពាក្យថា​​ បុគ្គលបានដឹងច្បាស់​នូវប្រយោជន៍ទាំងឡាយហើយ​ គួរកំចាត់នូវ​សេចក្តី​សង្ស័យ សេចក្តី​ថា​​ បុគ្គលដឹងនូវ​ប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍ជនដទៃ ដឹងនូវ​ប្រយោជន៍ទាំងពីរ ដឹងនូវប្រយោជន៍​​បច្ចុប្បន្ន ដឹង ដឹងច្បាស់​ ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើ​ឲ្យ​ច្បាស់​ ធ្វើ​ឲ្យ​ប្រាកដ នូវប្រយោជន៍​​ក្នុង​លោក​ខាងមុខហើយ​ គួរកំចាត់ បំបាត់ចេញ​ លះបង់ ​បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​មិន​កើតមាន​​នូវសេចក្តី​សង្ស័យ ហេតុនោះ (លោក​ពោលថា) បុគ្គល​បានដឹងច្បាស់​នូវប្រយោជន៍​ទាំងឡាយហើយ​ គួរកំចាត់នូវសេចក្តី​សង្ស័យ។ គប្បី​​​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលគួរគប់រក​ជនជាពហុស្សូត អ្នក​ទ្រទ្រង់​ធម៌ ជាមិត្ត​ដ៏ខ្ពង់ខ្ពស់ មាន​បដិភាណ បុគ្គល​បានដឹងច្បាស់​នូវ​ប្រយោជន៍ទាំងឡាយ​ហើយ​ គួរកំចាត់​នូវសេចក្តី​សង្ស័យ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣២៤] បុគ្គលមិន​អើពើ មិន​អាឡោះអាល័យ​នូវល្បែង នូវសេចក្តី​ត្រេកអរ​ និងកាមសុខក្នុង​លោក ជាអ្នក​វៀរ​ចាក​គ្រឿងស្អិតស្អាង អ្នក​​ពោលពាក្យពិត គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣២៥] អធិប្បាយពាក្យថា​​ នូវល្បែង នូវសេចក្តី​ត្រេកអរ​ និងកាមសុខ​ក្នុង​លោក ត្រង់ពាក្យថា​​ ល្បែង បានដល់​​ល្បែង ២ ​យ៉ាង គឺ ល្បែងប្រកបដោយ​កាយ ១ ល្បែងប្រកប​ដោយ​វាចា ១។បេ។ នេះ ល្បែងប្រកបដោយ​កាយ។បេ។ នេះ ល្បែងប្រកបដោយ​វាចា។​ពាក្យថា​​ សេចក្តី​​ត្រេកអរ​ ចំពោះ​ពាក្យថា​​ សេចក្តី​ត្រេកអរ​​នេះ ជាឈ្មោះនៃសេចក្តី​​មិន​​អផ្សុក។ ពាក្យថា​​ កាមសុខ សេចក្តី​ថា​​ មែនពិត ព្រះមាន​ព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកា​​នេះថា​​ ម្នាល​ភិក្ខុទាំង​ឡាយ កាមគុណនេះ មាន​ ៥ កាមគុណ ៥ តើដូច​ម្ដេច រូប ដែល​គប្បី​​ដឹងដោយ​ភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ​ ជាទីគាប់ចិត្ត មាន​សភាព​គួរស្រឡាញ់ ប្រកប​ដោយ​​សេចក្តី​ប្រាថ្នា ជាទីតាំងនៃ​សេចក្តី​ត្រេកអរ​ សំឡេង ដែល​គប្បី​ដឹងដោយ​ត្រចៀក ក្លិន ដែល​គប្បី​​ដឹងដោយ​ច្រមុះ រស ដែល​​គប្បី​ដឹង​ដោយ​អណ្តាត ផោដ្ឋព្វៈ ដែល​គប្បី​​ដឹងដោយ​​​កាយ ជាទីប្រាថ្នា ជាទីត្រេកអរ​ ជាទី​គាប់ចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​​ដោយ​​សេចក្តី​​​ប្រាថ្នា ជាទីតាំង​នៃសេចក្តី​ត្រេកអរ​ ម្នាល​ភិក្ខុទាំងឡាយ នេះឯង កាមគុណ ៥ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​សុខ សោមនស្ស​ណា​ កើតឡើង​ព្រោះ​អាស្រ័យ​​កាមគុណ ៥ នេះ សេចក្តី​សុខ សោមនស្ស​នេះ តថា​​គត​ហៅ​ថា​​ កាមសុខ ហេតុនោះ (លោក​ពោលថា) កាមសុខ។ ពាក្យថា​​ ក្នុង​លោក គឺ ក្នុង​មនុស្សលោក ហេតុនោះ (លោក​ពោលថា) នូវ​ល្បែង នូវសេចក្តី​​ត្រេកអរ​ និងកាមសុខ ក្នុង​លោក។

[៣២៦] ពាក្យថា​​ មិន​អើពើ មិន​អាឡោះអាល័យ សេចក្តី​ថា​​ មិន​អើពើ មិន​​អាឡោះ​អាល័យ គឺថា​​ លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​កើត​មាន​ នូវល្បែង​ផង នូវសេចក្តី​​ត្រេកអរ​ផង នូវកាមសុខផង ក្នុង​លោក ហេតុនោះ (លោក​ពោលថា) មិន​អើពើ មិន​អាឡោះ​អាល័យ។

[៣២៧] អធិប្បាយពាក្យថា​​ ជាអ្នក​វៀរចាក​គ្រឿងស្អិតស្អាង អ្នក​​ពោលពាក្យ​ពិត ត្រង់ពាក្យថា​​ គ្រឿងស្អិតស្អាង សំដៅយក​​គ្រឿងស្អិតស្អាង ២ ​យ៉ាង គឺ គ្រឿង​ស្អិតស្អាង​​សម្រាប់​គ្រហស្ថ​ក៏មាន​ គ្រឿង​ស្អិតស្អាង​​សម្រាប់​បព្វជិត​ក៏មាន។

គ្រឿងស្អិតស្អាងសម្រាប់គ្រហស្ថ តើដូច​ម្ដេច។ សក់ ពុកមាត់ ពុកចង្កា ផ្កាកម្រង គ្រឿងក្រអូប គ្រឿងស្រឡាប គ្រឿងអាភរណៈ គ្រឿងប្រដាប់ សំពត់ គ្រឿងសំអាង ឆ្នួត គ្រឿងអប់ ការ​ច្របាច់រឹត ការ​ផ្ងូតទឹក ការ​គក់ច្របាច់ កញ្ចក់ គ្រឿងបន្តក់ កម្រងផ្កា គ្រឿង​លាប លំអិតសម្រាប់​​ប្រស់មុខ វត្ថុសម្រាប់លាបមុខ គ្រឿងប្រដាប់ដៃ ប្រដាប់ផ្នូងសក់ ដំបង បំពង់ថ្នាំ ព្រះខ័ន ឆត្រ ស្បែកជើង ក្បាំងមុខ ស៊ែ សំពត់ស វែងខ្លះ ខ្លីខ្លះ នេះគ្រឿង​ស្អិតស្អាង​សម្រាប់គ្រហស្ថ។

គ្រឿងស្អិតស្អាងសម្រាប់បព្វជិត តើដូច​ម្ដេច។ គ្រឿងប្រដាប់ចីវរ គ្រឿង​​ប្រដាប់​បាត្រ គ្រឿងប្រដាប់​សេនាសនៈ ការ​ប្រដាប់ ការ​ស្អិតស្អាង ការ​លេង ការ​លេងសព្វ ការ​​ជាប់​ចិត្ត សេចក្តី​​ជាប់ចិត្ត ការ​តាក់តែង​ សេចក្តី​​តាក់តែង​ នូវកាយស្អុយនេះ ឬនូវបរិក្ខារ​​ខាងក្រៅ នេះគ្រឿងស្អិតស្អាង​សម្រាប់បព្វជិត។

ពាក្យថា​​ អ្នក​​ពោលពាក្យពិត សេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធ​នោះ ជាអ្នក​​ពោល​ពាក្យពិត តពាក្យពិត មាន​សំដីទៀង មាន​សំដី​គួរជឿ មិន​បោកប្រាស់​សត្វលោក គឺជាអ្នក​​នៅ​ឆ្ងាយ វៀរស្រឡះ ឃ្លាតចេញ​ រលាស់ចេញ​ ផុតស្រឡះ ប្រាសចេញ​ ចាក​គ្រឿង​ស្អិតស្អាង នៅ​ដោយ​ចិត្តដែល​​ប្រាសចាក​ដែន គឺកិលេស ហេតុនោះ (លោក​ពោលថា) ជាអ្នក​វៀរចាក​​​គ្រឿងស្អិតស្អាង អ្នក​​ពោល​នូវពាក្យពិត។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ព្រោះ​​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលមិន​អើពើ មិន​អាឡោះអាល័យ​នូវល្បែង នូវសេចក្តី​ត្រេកអរ​ និងកាមសុខ ក្នុង​លោក ជាអ្នក​វៀរចាក​​គ្រឿងស្អិតស្អាង អ្នក​​ពោលពាក្យពិត គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣២៨] បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣២៩] ពាក្យថា​​ បុត្ត ប្រពន្ធ បិតា មាតា ត្រង់ពាក្យថា​​ បុត្ត បានដល់​បុត្ត ៤ ពួក​ គឺ បុត្តកើតអំពី​ខ្លួន ១ បុត្តកើតក្នុង​ខេត្ត ១ បុត្តដែល​គេឲ្យ​ ១ បុត្តគឺកូនសិស្ស ១។ ភរិយា​ទាំងឡាយ ហៅ​ថា​​ ប្រពន្ធ។ ពាក្យថា​​ បិតា បានដល់​ បុរស​អ្នក​បង្កើត​កូន។ ពាក្យថា​​ មាតា បាន​ដល់​ស្រ្តីអ្នក​បង្កើតកូន ហេតុនោះ (លោក​ពោលថា) បុត្ត ប្រពន្ធ បិតា មាតា។

[៣៣០] ពាក្យថា​​ ទ្រព្យ ស្រូវ ផៅពង្ស គឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាល ប្រាក់ មាស កែវទទឹម កែវមរក​ត ហៅ​ថា​​ ទ្រព្យ។ បុព្វណ្ណជាត [វត្ថុដែល​ត្រូវបរិភោគ​មុន។] អបរណ្ណជាត [វត្ថុដែល​ត្រូវបរិភោគ​ក្រោយ។] ហៅ​ថា​​ ស្រូវ។ ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវ​ដំណើប ស្រងែ ស្ពៅ ស្គួយ គែ​លលក ឈ្មោះថា​​ បុព្វណ្ណជាត។ គ្រឿងសម្ល ឈ្មោះថា​​ ​អបរណ្ណជាត។ ពាក្យថា​​ ផៅពង្ស បានដល់​ផៅពង្ស ៤ ពួក​ គឺ បុគ្គល​ជាប់ដោយ​ញាតិ ឈ្មោះថា​​ផៅពង្ស ១ បុគ្គលជាប់ដោយ​​គោត្រ ឈ្មោះថា​​ផៅពង្ស ១ បុគ្គលជាប់​ដោយ​មិត្ត ឈ្មោះថា​​ផៅពង្ស ១ បុគ្គល​ជាប់ដោយ​​សិល្បៈ ឈ្មោះថា​​ផៅពង្ស ១ ហេតុនោះ (លោក​ពោលថា) ទ្រព្យ ស្រូវ ផៅពង្ស។

[៣៣១] អធិប្បាយពាក្យថា​​ លះបង់កាមទាំងឡាយ តាមថ្នាក់ តាមជាន់ ត្រង់ពាក្យថា​​ កាម តាមឧទ្ទាន កាមមាន​ ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅ​ថា​​ វត្ថុកាម។បេ។ ទាំងនេះហៅ​ថា​​ កិលេសកាម។ ពាក្យថា​​ លះបង់កាមទាំងឡាយ គឺកំណត់​ដឹងនូវ​​វត្ថុកាម ហើយ​លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​មិន​កើតមាន​ នូវ​កិលេសកាម ហេតុនោះ (លោក​ពោលថា) លះបង់កាមទាំងឡាយ។ ពាក្យថា​​ តាម​ថ្នាក់​តាមជាន់ គឺកិលេសទាំងឡាយណា​ ដែល​ព្រះបច្ចេកសម្ពុទ្ធលះបង់ហើយ​ ដោយ​​សោតាបត្តិ​មគ្គ​​ លោកមិន​មក មិន​វិលមក មិន​ត្រឡប់​មក កាន់​កិលេស​ទាំងនោះ​ទេ កិលេស​​ទាំង​ឡាយណា​ ដែល​លោកលះបង់​ហើយ​ ដោយ​​សកទាគាមិមគ្គ កិលេសទាំង​ឡាយណា​ ដែល​​លោកលះបង់ហើយ​ ដោយ​​អនាគាមិមគ្គ កិលេស​​ទាំងឡាយណា​ ដែល​លោក​លះបង់​ហើយ​​ដោយ​អរហត្តមគ្គ លោកមិន​មក មិន​វិលមក មិន​ត្រឡប់​មក កាន់​កិលេស​ទាំងនោះទេ ​ហេតុនោះ (លោក​ពោលថា) លះបង់នូវ​​កាមទាំងឡាយ តាមថ្នាក់ តាមជាន់។ គប្បី​ប្រព្រឹត្ត​​ម្នាក់ឯង ដូច​កុយរមាស។ ព្រោះ​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់​ហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣៣២] កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តី​សុខក្នុង​កាមគុណនេះ មាន​ប្រមាណតិច កាមគុណនេះ មាន​សេចក្តី​​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាមគុណ​នេះ មាន​ច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គល​អ្នក​មាន​ប្រាជ្ញា​បានដឹង​ដូច្នេះហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣៣៣] អធិប្បាយពាក្យថា​​ កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តី​សុខក្នុង​កាមនេះ មាន​ប្រមាណតិច ពាក្យថា​​ គ្រឿងចំពាក់ក្តី ថា​​សន្ទូចក្តី ថា​​នុយក្តី ថា​​គ្រឿងថ្ពក់ក្តី ថា​​គ្រឿង​កង្វល់ក្តី នេះជា​ឈ្មោះ​នៃ​កាមគុណ​​ទាំង ៥។ ពាក្យថា សេចក្តី​សុខ​ក្នុង​កាមនេះ មាន​​ប្រមាណ​តិច សេចក្តី​ថា​​ មែនពិត ព្រះមាន​ព្រះភាគ បានត្រាស់​​ព្រះពុទ្ធដីកា​​នេះថា​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាមគុណ​​នេះ មាន​ ៥ កាមគុណ ៥ តើដូច​ម្ដេច រូប ដែល​គប្បី​​ដឹងដោយ​ភ្នែក ជាទីប្រាថ្នា ជាទី​ត្រេកអរ​ ជាទីគាប់ចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​​ដោយ​សេចក្តី​​ប្រាថ្នា ​ជាទីតាំងនៃ​​សេចក្តី​ត្រេកអរ​ សំឡេង ដែល​គប្បី​​ដឹងដោយ​​ត្រចៀក ក្លិន ដែល​គប្បី​​ដឹង​ដោយ​​ច្រមុះ រស ដែល​គប្បី​ដឹង​ដោយ​អណ្តាត ផ្សព្វ ដែល​គប្បី​ដឹង​ដោយ​កាយ ជាទីប្រាថ្នា ជាទី​ត្រេកអរ​ ជាទី​គាប់ចិត្ត មាន​សភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​សេចក្តី​​ប្រាថ្នា ជាទីតាំង​នៃ​សេចក្តី​ត្រេកអរ​ ម្នាល​ភិក្ខុទាំងឡាយ ទាំងនេះឯង កាមគុណ ៥ ម្នាល​​ភិក្ខុទាំងឡាយ សេចក្តី​សុខ សោមនស្ស​ណា​ កើតឡើង​​ព្រោះ​អាស្រ័យ​​កាមគុណ ៥ នេះ សេចក្តី​សុខ សោមនស្ស​នេះ តថា​​គត​ហៅ​ថា​​ កាមសុខ សេចក្តី​​សុខនេះ មាន​ប្រមាណតិច សេចក្តី​​សុខ​នេះ ថោកទាប សេចក្តី​​សុខនេះ លាមក សេចក្តី​​សុខនេះ នាំមកនូវ​ទុក្ខ ហេតុនោះ (លោក​​ពោលថា) កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តី​សុខក្នុង​កាមនេះ មាន​ប្រមាណតិច។

[៣៣៤] ពាក្យថា​​ កាមគុណនេះ មាន​សេចក្តី​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាម​គុណ​នេះ មាន​ច្រើន​ក្រៃលែង អធិប្បាយថា​​ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​សេច​ក្តី​​ត្រេកអរ​​តិច មាន​ទុក្ខច្រើន មាន​សេចក្តី​​ចង្អៀត​ចង្អល់ច្រើន ទោសក្នុង​កាមនេះ​ មាន​​ច្រើន​ក្រៃលែង។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​ដោយ​​រាងឆ្អឹង។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​ដោយ​ដុំសាច់។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​ដោយ​​គប់ភ្លើង។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​​ត្រាស់ថា​​ មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមាដោយ​ការ​​យល់សប្តិ។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​​ដោយ​របស់ខ្ចីគេ។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​ដោយ​ផ្លែឈើ។ កាម​ទាំងឡាយ ព្រះមាន​ព្រះភាគ​ត្រាស់ថា​​ មាន​ឧបមា​ដោយ​កាំបិត និងជ្រញ់។ កាមទាំង​ឡាយ ព្រះមាន​ព្រះភាគត្រាស់​ថា​​ មាន​ឧបមាដោយ​ចុងលំពែង។ កាមទាំងឡាយ ព្រះមាន​ព្រះភាគ​​ត្រាស់ថា​​ មាន​ឧបមាដោយ​ក្បាលពស់  កាមទាំងឡាយ មាន​ទុក្ខច្រើន មាន​សេចក្តី​​​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុង​កាមនេះ មាន​ច្រើន​ក្រៃលែង ហេតុនោះ (លោក​ពោលថា) កាមមាន​​សេចក្តី​ត្រេកអរ​​តិច ទុក្ខក្នុង​កាមនេះ មាន​ច្រើន​ក្រៃលែង។

[៣៣៥] អធិប្បាយពាក្យថា​​ កាមគុណនេះ ជាពក បុគ្គលអ្នក​​មាន​ប្រាជ្ញា ដឹង​ដូច្នេះ​ហើយ​ ពាក្យថា​​ ពកក្តី ថា​​សន្ទូចក្តី ថា​​នុយក្តី ថា​​កង្វល់​ក្តី នេះជាឈ្មោះ​​នៃកាមគុណ ៥។ ពាក្យថា​​ ដូច្នេះ ជាតំណបទ ជាពាក្យ​ភ្ជាប់បទ ជាពាក្យ​បំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួល​ព្យញ្ជនៈ ពាក្យថា​​ ដូច្នេះ នេះ ជាលំដាប់​បទ។ ពាក្យថា​​ កាមគុណនេះ ជាពក បុគ្គលអ្នក​មាន​​ប្រាជ្ញាដឹងដូច្នេះ​ហើយ​ បានសេចក្តី​ថា​​ គឺបុគ្គល​អ្នក​មាន​គំនិត ជាបណ្ឌិត មាន​​ប្រាជ្ញា មាន​ការ​​ត្រាស់ដឹង មាន​ញាណ មាន​ប្រាជ្ញាភ្លឺច្បាស់​ មាន​ប្រាជ្ញា​ជាគ្រឿង​​ទំលាយ​នូវកិលេស ដឹងថា​​​ជាពក ដឹងថា​​​ជាសន្ទូច ដឹងថា​​​ជានុយ ដឹងថា​​​ជាគ្រឿង​ជាប់ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើ​ឲ្យ​ជាក់ច្បាស់​ ធ្វើ​ឲ្យ​ប្រាកដ ថា​​ជាកង្វល់ ហេតុនោះ (លោក​ពោលថា​​​) កាមគុណ​នេះ ជាពក បុគ្គល​អ្នក​មាន​ប្រាជ្ញា ដឹងដូច្នេះ​ហើយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយ​រមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

កាមគុណនេះ ជាគ្រឿងចំពាក់ សេចក្តី​សុខ ក្នុង​កាមគុណនេះ មាន​ប្រមាណតិច កាមគុណនេះ មាន​សេចក្តី​​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាមគុណ​នេះ មាន​ច្រើនក្រៃលែង កាមគុណនេះ ជាពក បុគ្គលអ្នក​​មាន​ប្រាជ្ញា ដឹងដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣៣៦] បុគ្គលទំលាយនូវ​សំយោជនៈ​ទាំងឡាយ ដូច​សត្វ​ត្រាច់ទៅ​​ក្នុង​ទឹក ដែល​ទំលាយនូវ​បណ្តាញ គេមិន​ត្រឡប់មក (រក​សំយោជនៈវិញ​) ដូច​ភ្លើងឆេះ (មិន​ត្រឡប់វិលវិញ) គប្បី​ប្រព្រឹត្ត​​ម្នាក់ឯង ដូច​កុយរមាស។

[៣៣៧] ពាក្យថា​​ ទំលាយនូវសំយោជនៈទាំងឡាយ បានដល់​​សំយោជនៈទាំង ១០ គឺ កាមរាគសំយោជនៈ បដិឃសំយោជនៈ មាន​សំយោជនៈ ទិដ្ឋិសំយោជនៈ វិចិកិច្ឆា​សំយោជនៈ សីលព្វតបរាមាស​សំយោជនៈ ភវរាគ​សំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយ​សំយោជនៈ អវិជ្ជាសំយោជនៈ។ ពាក្យថា​​ ទំលាយនូវ​សំយោជនៈទាំងឡាយ គឺ ទំលាយ ទំលាយចោល លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​កើត​មាន​នូវសំយោជនៈ ទាំង ១០ ហេតុនោះ (លោក​ពោលថា) ទំលាយនូវ​សំយោជនៈ​ទាំងឡាយ។

[៣៣៨] ពាក្យថា​​ ដូច​សត្វត្រាច់ទៅ​ក្នុង​ទឹក ដែល​ទំលាយនូវបណា្តញ អធិប្បាយថា​​ សំណា​ញ់ដែល​ត្បាញដោយ​អំបោះ ហៅ​ថា​​ បណ្តាញ។ ឧទកៈ ហៅ​ថា​​ ទឹក។ ត្រី ហៅ​ថា​​ សត្វត្រាច់ទៅ​​ក្នុង​ទឹក។ ត្រីទំលាយ ទម្លុះ ហែក ប្រឹងទំលាយ ប្រឹងទម្លុះ នូវសំណា​ញ់ ហើយ​​ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រា​ទៅ​។ បណា្តញ​មាន​ ២ គឺ បណ្តាញគឺតណ្ហា ១ បណ្តាញគឺទិដ្ឋិ ១។បេ។ នេះ បណ្តាញ​គឺតណ្ហា។បេ។ នេះ បណ្តាញ​គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់​នូវ​បណ្តាញ​​គឺតណ្ហា បានរលាស់​​ចោលនូវ​​បណ្តាញ​គឺទិដ្ឋិ ដូច​ត្រី​ទំលាយ​សំណា​ញ់​​យ៉ាងនោះឯង។ ព្រោះ​លះបង់​នូវបណ្តាញ​​គឺតណ្ហា ព្រោះ​រលាស់​​ចោល​នូវ​​បណ្តាញ​គឺទិដ្ឋិ​ហើយ​ ទើបព្រះបច្ចេក​សម្ពុទ្ធនោះ មិន​ជាប់ក្នុង​រូប មិន​ជាប់ក្នុង​សំឡេង មិន​​ជាប់ក្នុង​ក្លិន។បេ។ មិន​ជាប់ មិន​កួចកាន់​ មិន​ចំពាក់ក្នុង​​ធម្មារម្មណ៍ ដែល​ឃើញ​ ឮ ប៉ះពាល់ ដឹងច្បាស់​ គឺថា​​ លោកឃ្លាតចេញ​ រលាស់ចេញ​ ផុតស្រឡះ មិន​ប្រកប​នៅ​ដោយ​​ចិត្ត​​ដែល​ប្រាស​ចាក​ដែន គឺកិលេស ហេតុនោះ (លោក​ពោលថា) ដូច​សត្វត្រាច់ទៅ​ក្នុង​​ទឹក ដែល​ទំលាយនូវ​បណ្តាញ។

[៣៣៩] ពាក្យថា​​ មិន​ត្រឡប់មក (រក​សំយោជនៈវិញ) ដូច​ភ្លើងឆេះ (មិន​ត្រឡប់​​វិលវិញ) អធិប្បាយ​ថា​​ ភ្លើងកាលឆេះ​នូវចំណី​ភ្លើង គឺស្មៅ និងឧស រាលទៅ​ មិន​វិល​​ត្រឡប់​វិញ ​យ៉ាងណា​ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់​​កិលេស​​ទាំងឡាយណា​ ដោយ​​សោតាបត្តិមគ្គ​​ហើយ​ លោកមិន​មក មិន​វិលមក មិន​ត្រឡប់មក​រក​កិលេស​​ទាំងនោះទេ លោក​លះបង់​កិលេស​ទាំងឡាយណា​ ដោយ​សកទាគាមិមគ្គ លះបង់​កិលេស​​ទាំងឡាយ​ណា​ ដោយ​​​អនាមិមគ្គ លះបង់​​កិលេស​​ទាំងឡាយណា​ ដោយ​អរហត្តមគ្គ លោកមិន​មក មិន​​វិលមក មិន​ត្រឡប់មករក​​កិលេស​​ទាំងនោះទេ ក៏​យ៉ាងនោះ​ដែរ ហេតុនោះ (លោក​ពោលថា) ដូច​ភ្លើងឆេះ (មិន​ត្រឡប់​​វិលវិញ)។ គប្បី​​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលទំលាយនូវសំយោជនៈទាំ​ងឡាយ ដូច​សត្វត្រាច់ទៅ​ក្នុង​ទឹក ដែល​ទំលាយ​នូវ​បណ្តាញ មិន​ត្រឡប់មក (រក​សំយោជនៈវិញ) ដូច​ភ្លើងឆេះ (មិន​ត្រឡប់​វិលវិញ) គប្បី​ប្រព្រឹត្ត​​ម្នាក់ឯង ដូច​កុយរមាស។

[៣៤០] ភិក្ខុមាន​ចក្ខុដាក់ចុះ ជាអ្នក​មិន​រពឹសជើង ជាអ្នក​គ្រប់គ្រង​ឥន្ទ្រិយ រក្សាចិត្តទុក មាន​ចិត្ត​មិន​ទទឹក មិន​រោលរាល (ដោយ​កិលេស) គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

[៣៤១] អធិប្បាយពាក្យថា​​ ភិក្ខុមាន​ចក្ខុដាក់ចុះ ជាអ្នក​មិន​​រពឹសជើង សំនួរថា​​ ភិក្ខុមាន​ចក្ខុ​បោះទៅ​ តើដូច​ម្ដេច។ ភិក្ខុខ្លះ​ក្នុង​សាសនា​នេះ ជាអ្នក​​រពឹសភ្នែក ប្រកប​ដោយ​​ការ​រពឹសភ្នែក ដោយ​គិតថា​​ អាត្មា​អញ​គប្បី​ឃើញ​​នូវរបស់​ដែល​មិន​ធ្លាប់​ឃើញ​ គប្បី​រំលង​ចោលនូវរបស់​ដែល​ធ្លាប់​ឃើញ​ហើយ​ ជាអ្នក​ប្រកបរឿយៗ នូវការ​ត្រាច់​ទៅ​ឆ្ងាយៗ នូវ​ការ​ត្រាច់ទៅ​រឿយៗ ដើម្បី​ឃើញ​រូប គឺចេញ​អំពី​​អារាមទៅ​អារាម ចេញ​អំពី​​ឧទ្យាន​ទៅ​ឧទ្យាន ចេញ​អំពី​ស្រុកទៅ​ស្រុក ចេញ​​អំពី​និគម​ទៅ​និគម ចេញ​អំពី​​នគរទៅ​នគរ ចេញ​​អំពី​​​ដែនទៅ​ដែន ចេញ​អំពី​ជនបទ​ទៅ​ជនបទ ភិក្ខុជា​អ្នក​មាន​ចក្ខុ​បោះទៅ​ ​យ៉ាងនេះឯង។​ មួយ​​ទៀត ភិក្ខុចូលទៅ​កាន់​​ចន្លោះផ្ទះ ដើរទៅ​កាន់​ថ្នល់ មិន​សង្រួមដើរទៅ​ ក្រឡេក​មើល​ដំរី ក្រឡេកមើលសេះ ក្រឡេក​​មើលរថ ក្រឡេក​មើល​​ពលថ្មើរជើង ក្រឡេកមើល​ពួក​​ក្មេង​ប្រុស ក្រឡេកមើលពួក​ក្មេងស្រី ក្រឡេក​​មើលពួក​ស្រ្តី ក្រឡេកមើល​ពួក​បុរស ក្រឡេក​​មើលរានផ្សារ ក្រឡេកមើលមុខផ្ទះ ក្រឡេក​​មើលលើ ក្រឡេក​​មើលក្រោម ​ក្រឡេក​​មើល​ក្នុង​​ទិសតូច និងទិសធំ ដើរទៅ​ ភិក្ខុជាអ្នក​​មាន​ចក្ខុបោះទៅ​ ​យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុឃើញ​​នូវរូបដោយ​ភ្នែក ជាអ្នក​កាន់​យកនូវនិមិត្ត កាន់​យកនូវ​​អនុព្យញ្ជនៈ អភិជ្ឈា និង​ទោមនស្ស ដែល​ជាអកុសលធម៌​​ដ៏លាមក គប្បី​ជាប់តាម​ភិក្ខុដែល​មិន​​សង្រួម​នូវ​ចក្ខុន្រ្ទិយនុ៎ះ ព្រោះ​ហេតុ​មិន​បានសង្រួម​នូវចក្ខុន្រ្ទិយណា​ មិន​ប្រតិបត្តិដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ មិន​រក្សានូវចក្ខុន្រ្ទិយ មិន​ដល់​នូវការ​សង្រួមក្នុង​​ចក្ខុន្រ្ទិយ ភិក្ខុជាអ្នក​​មាន​​ចក្ខុបោះទៅ​ ​យ៉ាងនេះខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍​ដ៏ចំរើនពួក​ខ្លះ បរិភោគ​ភោជន​ដែល​គេឲ្យ​​ដោយ​សទ្ធាហើយ​ សមណព្រាហ្មណ៍ទាំងនោះ តែង​ប្រកប​រឿយៗ នូវការ​​មើល​​របស់ដែល​​ជាសត្រូវ មាន​សភាព​យ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ មហោស្រព ការ​​និយាយ (រឿងស្ដេច​ភារតៈ និងព្រះរាម​​ជាដើម) គង រគាំង ស្គរមាន​ជ្រុង ៤ រូបគំនូរ ល្បែង​ដុំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់​កែះ ប្រជល់មាន់ គុណដំបង ប្រដាល់ ចំបាប់ ទីសម្រាប់​ច្បាំង ទីសម្រាប់​រៀបពល ទីនៅ​​សេនា ទីត្រួតកងទ័ព ភិក្ខុជាអ្នក​​ប្រកបរឿយៗ នូវការ​មើល​របស់ដែល​ជាសត្រូវ មាន​​សភាព​​​យ៉ាង​នេះ​ ដូច្នេះៗ ខ្លះ ភិក្ខុជាអ្នក​​មាន​ចក្ខុបោះ​ទៅ​ ​យ៉ាងនេះខ្លះ។

ភិក្ខុជាអ្នក​មាន​ចក្ខុដាក់ចុះ តើដូច​ម្ដេច។ ភិក្ខុក្នុង​សាសនា​នេះ មិន​មែន​ជាអ្នក​រពឹស​ភ្នែក មិន​មែន​ប្រកបដោយ​​ការ​រពឹសភ្នែក ដោយ​គិតថា​​ អាត្មា​អញ​គប្បី​ឃើញ​​របស់​ដែល​មិន​​ដែល​​ឃើញ​ គប្បី​ដើររំលង​របស់ដែល​បាន​ឃើញ​ហើយ​ ដូច្នេះទេ ជាអ្នក​មិន​ប្រកបនូវការ​​ត្រាច់​ទៅ​​ឆ្ងាយៗ នូវការ​ត្រាច់​ទៅ​រឿយៗ ដើម្បី​ឃើញ​​រូបទេ គឺមិន​ចេញ​​អំពី​អារាម​ទៅ​​អារាម មិន​ចេញ​អំពី​​ឧទ្យានទៅ​ឧទ្យាន មិន​ចេញ​​អំពី​ស្រុកទៅ​ស្រុក មិន​ចេញ​​អំពី​និគម​​ទៅ​និគម មិន​​ចេញ​អំពី​​នគរទៅ​នគរ មិន​ចេញ​​អំពី​ដែនទៅ​ដែន មិន​ចេញ​​អំពី​ជនបទ​ទៅ​ជនបទ ភិក្ខុជា​អ្នក​មាន​ចក្ខុ​ដាក់ចុះ ​យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុចូល​ទៅ​កាន់​​ចន្លោះផ្ទះ ដើរទៅ​តាម​​ថ្នល់ ជាអ្នក​សង្រួមដើរទៅ​ មិន​ក្រឡេក​មើលដំរី មិន​ក្រឡេក​មើលសេះ មិន​ក្រឡេក​​មើលរថ មិន​ក្រឡេក​មើលពល​ថ្មើរជើង មិន​ក្រឡេក​មើលពួក​ក្មេងប្រុស មិន​ក្រឡេក​មើល​ពួក​​ក្មេងស្រី មិន​ក្រឡេក​មើលពួក​ស្ត្រី មិន​ក្រឡេក​មើលពួក​ប្រុស មិន​ក្រឡេក​មើលរាន​ផ្សារ មិន​ក្រឡេក​មើលមុខផ្ទះ មិន​ក្រឡេក​មើលលើ មិន​ក្រឡេក​មើលក្រោម  មិន​មៀង​​មើល​​ក្នុង​​ទិសតូច​ និងទិសធំ ដើរទៅ​ ភិក្ខុជា​អ្នក​មាន​​ចក្ខុដាក់ចុះ ​យ៉ាងនេះខ្លះ។ មួយទៀត ភិក្ខុឃើញ​រូបដោយ​ភ្នែក តែជាអ្នក​មិន​កាន់​​យកនូវនិមិត្ត មិន​កាន់​​យកនូវអនុព្យញ្ជនៈ អភិជ្ឈា​ និងទោមនស្ស ដែល​ជាអកុសលធម៌​​ដ៏លាមក គប្បី​ជាប់​តាមភិក្ខុដែល​​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិន​សង្រួមនូវ​ចក្ខុន្រ្ទិយណា​ មិន​ប្រតិបត្តិ​ដើម្បី​សង្រួម នូវចក្ខុន្ទ្រិយ​នោះ​​ រក្សានូវ​ចក្ខុន្រ្ទិយ ដល់​នូវការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ភិក្ខុជាអ្នក​មាន​ចក្ខុដាក់ចុះ ​យ៉ាងនេះ​ខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍​​ដ៏ចំរើនពួក​ខ្លះ បរិភោគភោជន​​ដែល​គេឲ្យ​​ដោយ​​សទ្ធា​ហើយ​ សមណព្រាហ្មណ៍ទាំងនោះ មិន​ប្រកប​​រឿយៗ នូវការ​មើល​នូវ​ល្បែង ដែល​ជា​សត្រូវ មាន​សភាព​យ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ។បេ។ ទីសម្រាប់​​ត្រួតកងទ័ព ជាអ្នក​​វៀរចាក​​ការ​ប្រកបរឿយៗ នូវការ​មើលល្បែង ដែល​ជាសត្រូវ មាន​សភាព​​យ៉ាងនេះ ដូច្នេះៗ ភិក្ខុជាអ្នក​មាន​​ចក្ខុដាក់ចុះ ​យ៉ាងនេះខ្លះ។

អធិប្បាយពាក្យថា​​ ជាអ្នក​មិន​រពឹសជើង សំនួរថា​​ ភិក្ខុជាអ្នក​រពឹសជើង តើដូច​ម្ដេច។ ភិក្ខុខ្លះ ក្នុង​សាសនា​នេះ ជាអ្នក​រពឹសជើង ប្រកបដោយ​​ការ​រពឹសជើង ជាអ្នក​ប្រកបរឿយៗ នូវការ​ត្រាច់ទៅ​ឆ្ងាយៗ នូវការ​ត្រាច់ទៅ​រឿយៗ គឺចេញ​​អំពី​អារាមទៅ​អារាម ចេញ​​អំពី​​ឧទ្យានទៅ​ឧទ្យាន ចេញ​អំពី​ស្រុក​ទៅ​ស្រុក ចេញ​អំពី​​និគមទៅ​និគម ចេញ​អំពី​​នគរទៅ​នគរ ចេញ​អំពី​​ដែនទៅ​ដែន ចេញ​អំពី​​ជនបទ​ទៅ​ជនបទ ភិក្ខុជា​អ្នក​រពឹសជើង ​យ៉ាងនេះខ្លះ។ ម្យ៉ាងទៀត ភិក្ខុជា​អ្នក​ប្រកប​ដោយ​ការ​រពឹស​ជើង តែខាងក្នុង​អារាមរបស់សង្ឃ ជាអ្នក​មាន​​ចិត្តរាយមាយ មាន​ចិត្តមិន​ស្ងប់ មិន​មែន​ព្រោះ​ហេតុប្រយោជន៍ មិន​មែនព្រោះ​​​ហេតុដំណើរ​អ្វីទេ ចេញ​អំពី​បរិវេណ​ទៅ​បរិវេណ ចេញ​អំពី​​វិហារទៅ​វិហារ ចេញ​អំពី​​អឌ្ឍយោគ​ទៅ​​អឌ្ឍយោគ ចេញ​អំពី​ប្រាសាទ​ទៅ​ប្រាសាទ ចេញ​អំពី​​ប្រាសាទត្រងិល​ទៅ​ប្រាសាទត្រងិល ចេញ​អំពី​​គុហាទៅ​គុហា ចេញ​អំពី​​លេណដ្ឋាន​ទៅ​លេណដ្ឋាន ចេញ​អំពី​​ខ្ទមទៅ​ខ្ទម ចេញ​​អំពី​​ផ្ទះកំពូល​ទៅ​ផ្ទះកំពូល ចេញ​អំពី​​ប៉មទៅ​ប៉ម ចេញ​អំពី​​រោងមូល​ទៅ​រោងមូល ចេញ​អំពី​​​រោងដោល​ទៅ​រោងដោល ចេញ​អំពី​​ឃ្លាំងរបស់ទៅ​​ឃ្លាំងរបស់ ចេញ​អំពី​​ឧបដ្ឋានសាលា​​ទៅ​ឧបដ្ឋានសាលា ចេញ​អំពី​មណ្ឌប​ទៅ​មណ្ឌប ចេញ​អំពី​​គល់ឈើទៅ​​គល់ឈើ បើពុំនោះទេ ពួក​ភិក្ខុ​អង្គុយ ឬដើរ​ទៅ​ក្នុង​ទីណា​ (ភិក្ខុនោះ) ជាគម្រប់ពីរ​​នឹងភិក្ខុ​មួយ​រូបខ្លះ ជាគម្រប់បី​​នឹងភិក្ខុ​ពីររូបខ្លះ ជាគម្រប់​បួន​នឹងភិក្ខុ​បី​រូបខ្លះ ក្នុង​ទីទាំងនោះ និយាយ​​ពាក្យឥត​ប្រយោជន៍​​ច្រើនក្នុង​ទីនោះ គឺនិយាយ​រាជកថា​​ ចោរក​ថា។បេ។ ឥតិភវាភវកថា​​​ដូច្នេះៗ ភិក្ខុជាអ្នក​​​រពឹសជើង ​យ៉ាងនេះខ្លះ។ ពាក្យថា​​ ជាអ្នក​មិន​​រពឹសជើង សេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ នៅ​ឆ្ងាយ វៀរ វៀរលែង ចេញ​ រលាស់ចេញ​ រួចផុត ប្រាសចេញ​ ចាក​ការ​រពឹសដោយ​​ជើង​ មាន​ព្រះទ័យមិន​សល់វល់ មាន​ការ​សម្ងំ​នៅ​ក្នុង​កម្មដ្ឋាន ជាទីត្រេកអរ​ ត្រេកអរ​​ក្នុង​ការ​សម្ងំ ប្រកបរឿយៗ នូវការ​ស្ងប់​ចិត្តក្នុង​ខាងក្នុង​ មិន​ឃ្លាតចាក​ឈាន ប្រកប​ដោយ​វិបស្សនា ចម្រើន​​​សុញ្ញាគារដ្ឋាន ជាអ្នក​មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ប្រកបរឿយៗ នូវភាព​​នៃ​ខ្លួន​ជាបុគ្គល​ម្នាក់ឯង ជាអ្នក​ធ្ងន់​ក្នុង​ប្រយោជន៍​របស់ខ្លួន ហេតុនោះ (លោក​ពោលថា)​ មាន​​ចក្ខុដាក់ចុះ ទាំងមិន​រពឹសជើង។

[៣៤២] ពាក្យថា​​ អ្នក​គ្រប់គ្រងឥន្ទ្រិយ អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ ឃើញ​​រូបដោយ​ភ្នែក មិន​កាន់​យកនិមិត្ត មិន​កាន់​យកអនុព្យញ្ជនៈ ពួក​អកុសលធម៌​ដ៏លាមក គឺ អភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាមបុគ្គលមិន​សង្រួមចក្ខុន្រ្ទិយនោះ ព្រោះ​ហេតុមិន​​សង្រួម​​នូវចក្ខុន្រ្ទិយ​ណា​ លោកប្រតិបត្តិដើម្បី​សង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយ ដល់​នូវ​ការ​សង្រួមក្នុង​ចក្ខុន្រ្ទិយ ឮសំឡេងដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ ទទួលរសដោយ​​អណ្តាត ពាល់ត្រូវផោដ្ឋព្វៈដោយ​កាយ ដឹង​ធម្មារម្មណ៍​ដោយ​ចិត្ត មិន​កាន់​យកនិមិត្ត មិន​​កាន់​យកអនុព្យញ្ជនៈ ពួក​អកុសលធម៌​ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម​បុគ្គល​អ្នក​មិន​សង្រួមមនិន្រ្ទិយនោះ ព្រោះ​ហេតុមិន​សង្រួម​មនិន្រ្ទិយណា​ លោកប្រតិបត្តិ​ដើម្បី​​សង្រួម​មនិន្រ្ទិយ​នោះ រក្សានូវ​មនិន្រ្ទិយ ដល់​នូវការ​សង្រួមក្នុង​មនិន្រ្ទិយ ហេតុនោះ (លោក​ពោលថា​) ជាអ្នក​គ្រប់គ្រងឥន្រ្ទិយ។ ពាក្យថា​​ រក្សាចិត្ត គឺ គ្រប់គ្រង​ចិត្ត ថែទាំចិត្ត ហេតុនោះ (លោក​ពោលថា​) ជាអ្នក​គ្រប់គ្រង​ឥន្រ្ទិយ រក្សាចិត្ត។

[៣៤៣] អធិប្បាយពាក្យថា​​ មាន​ចិត្តមិន​ទទឹក មិន​រោលរាល (ដោយ​កិលេស​) ត្រង់​ពាក្យថា​​ មាន​ចិត្តមិន​ទទឹក សេចក្តី​ថា​​ ព្រះមហាមោគ្គល្លាន​មាន​អាយុ បាន​ពោល​ពាក្យនេះថា​​ ម្នាល​លោកមាន​អាយុ ខ្ញុំនឹងសំដែង​នូវបរិយាយនៃបុគ្គល​មាន​ចិត្តទទឹកផង នូវបរិយាយ​​នៃបុគ្គល​មាន​ចិត្ត​មិន​ទទឹកផង ចំពោះ​អ្នក​​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​​ស្តាប់​នូវ​​បរិយាយ​នោះ ចូរធ្វើ​ទុក​ក្នុង​ចិត្តឲ្យ​ល្អចុះ ខ្ញុំនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់​​ព្រះមហាមោគ្គល្លាន​​មាន​​អាយុថា​​ អើ អាវុសោ។ ព្រះមហាមោគ្គល្លាន​មាន​អាយុ បាន​ពោលពាក្យនេះ​ថា​​ ម្នាល​​អាវុសោ​ បុគ្គល​មាន​ចិត្តទទឹក តើដូច​ម្ដេច ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនា​នេះ ​ឃើញ​រូបដោយ​ភ្នែកហើយ​ ងប់ក្នុង​រូបមាន​សភាព​ជាទី​ស្រឡាញ់ ស្អប់ក្នុង​រូបមាន​សភាពមិន​​ជាទីស្រឡាញ់ មិន​ប្រុងសតិក្នុង​កាយ មាន​ចិត្តស្តួច​ស្តើងផង អកុសលធម៌​ដ៏លាមក​ទាំង​នោះ កើតឡើងដល់​បុគ្គលនោះ ហើយ​រលត់ទៅ​វិញ មិន​សេសសល់​ក្នុង​វិមុត្តិណា​ ក៏មិន​​ដឹងច្បាស់​​នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ តាមពិតផង ឮសំឡេងដោយ​ត្រចៀក ធុំក្លិន​ដោយ​​ច្រមុះ ទទួលរសដោយ​អណ្តាត ពាល់ត្រូវ​សម្ផស្សដោយ​កាយ ដឹងធម្មារម្មណ៍​ដោយ​​ចិត្តហើយ​ ងប់ក្នុង​ធម្មារម្មណ៍ មាន​សភាពជា​ទីស្រឡាញ់ ស្អប់​ធម្មារម្មណ៍ ដែល​មាន​​សភាព​មិន​ជាទីស្រឡាញ់ មិន​ប្រុងសតិក្នុង​កាយ មាន​ចិត្តស្តួចស្តើងផង អកុសលធម៌​​ដ៏​លាមកទាំងនោះ កើតឡើងដល់​បុគ្គលនោះ ហើយ​រលត់ទៅ​វិញ មិន​សេសសល់ ក្នុង​វិមុត្តិ​ណា​ ក៏មិន​ដឹងច្បាស់​ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ តាមពិតផង ម្នាល​អាវុសោ ភិក្ខុនេះ គេ​ហៅ​ថា​​ អ្នក​មាន​ចិត្តទទឹក ក្នុង​រូបដែល​គប្បី​ដឹងដោយ​ភ្នែក អ្នក​មាន​ចិត្តទទឹក ក្នុង​សំឡេង​ដែល​គប្បី​ដឹងដោយ​ត្រចៀក។បេ។ អ្នក​មាន​ចិត្តទទឹក ក្នុង​ធម្មារម្មណ៍ ដែល​គប្បី​ដឹង​ដោយ​ចិត្ត ម្នាល​អាវុសោ ភិក្ខុមាន​កិរិយានៅ​​យ៉ាងនេះ ប្រសិនបើ មារចូលទៅ​ជិតភិក្ខុនោះ តាមទ្វារភ្នែក មារគង់បាននូវឱកាស មារ​គង់បាននូវអារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិតភិក្ខុ​នោះ តាមទ្វារ​ត្រចៀក។បេ។ ប្រសិន​បើមារចូល​ទៅ​ជិតភិក្ខុនោះ តាមទា្វរចិត្ត មារ​គង់បាននូវ​ឱកាស មារគង់​បាននូវ​អារម្មណ៍ ម្នាល​អាវុសោ ដូច​ផ្ទះបបុស​ក្តី ផ្ទះស្មៅក្តី ជា​អាគារស្ងួត ពុក កន្លងយូរឆ្នាំ ប្រសិនបើ បុរសកាន់​គប់ស្មៅ ដែល​ភ្លើងឆេះ ទៅ​ជិតផ្ទះនោះ ពីទិសខាងកើត ភ្លើងតែង​បាននូវឱកាស ភ្លើងតែង​បាននូវអារម្មណ៍ ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងលិច ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងជើង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិស​ខាងត្បូង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងក្រោម ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងលើ ប្រសិន​បើ បុរសកាន់​គប់ស្មៅដែល​ភ្លើងឆេះ ទៅ​ជិតផ្ទះនោះ ពីទិស​ខាងណា​ ក៏ដោយ​ ភ្លើងតែង​បាននូវឱកាស ភ្លើងតែង​បាននូវអារម្មណ៍ មាន​ឧបមា​​យ៉ាងណា​​មិញ​ ម្នាល​អាវុសោ ភិក្ខុមាន​កិរិយានៅ​​យ៉ាងនេះ ប្រសិនបើ មារចូលទៅ​ជិតភិក្ខុ​នោះ​តាម​ទ្វារភ្នែក មារគង់​បាននូវ​ឱកាស មារគង់​បាននូវ​អារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិត​ភិក្ខុនោះ តាមទ្វារត្រចៀក។បេ។ ប្រសិនបើ មារចូលទៅ​ជិតភិក្ខុនោះ តាមទា្វរ​ចិត្ត មារ​តែង​បាននូវឱកាស មារតែង​បាននូវអារម្មណ៍ មាន​ឧបមេយ្យដូច្នោះឯង ម្នាល​​អាវុសោ​ រូបគ្របសង្កត់​ភិក្ខុ អ្នក​មាន​កិរិយានៅ​​យ៉ាងនេះ ភិក្ខុមិន​គ្របសង្កត់រូបបានឡើយ សំឡេង​គ្របសង្កត់ភិក្ខុ ភិក្ខុមិន​គ្របសង្កត់សំឡេងបានឡើយ ក្លិនគ្របសង្កត់ភិក្ខុ ភិក្ខុមិន​​គ្របសង្កត់​ក្លិនបាន​ឡើយ រសគ្រប​សង្កត់ភិក្ខុ ភិក្ខុមិន​គ្របសង្កត់​រសបាន​ឡើយ ផ្សព្វគ្រប​សង្កត់ភិក្ខុ ភិក្ខុមិន​គ្របសង្កត់​ផ្សព្វបាន​ឡើយ ធម្មារម្មណ៍​គ្របសង្កត់​ភិក្ខុ ភិក្ខុមិន​គ្របសង្កត់​ធម្មារម្មណ៍​បានឡើយ ម្នាល​អាវុសោ ភិក្ខុនេះ គេហៅ​ថា​​ អ្នក​ត្រូវរូប​គ្របសង្កត់ អ្នក​ត្រូវ​សំឡេង​គ្រប​សង្កត់ អ្នក​ត្រូវក្លិន​គ្របសង្កត់ អ្នក​ត្រូវរស​គ្របសង្កត់ អ្នក​ត្រូវផ្សព្វ​គ្របសង្កត់ អ្នក​ត្រូវពួក​​កិលេសទាំងនោះ គ្រប​សង្កត់ ព្រោះ​ថា​​ ភិក្ខុនោះ មិន​បានគ្របសង្កត់នូវ​ពួក​​អកុសលធម៌​​ដ៏លាមក ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង នាំទៅ​កើតក្នុង​ភពថ្មីទៀត ប្រកបដោយ​​សេចក្តី​ក្រវល់ក្រវាយ មាន​ទុក្ខជាផល មាន​ជាតិ ជរា និងមរណៈតទៅ​ខាងមុខ​ទៀតទេ ម្នាល​​អាវុសោ ភិក្ខុមាន​ចិត្តទទឹក ​យ៉ាងនេះឯង។ ម្នាល​អាវុសោ ភិក្ខុមាន​ចិត្ត​មិន​​ទទឹក តើដូច​ម្ដេច។ ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនា​នេះ ឃើញ​រូបដោយ​ភ្នែក មិន​ងប់ក្នុង​រូប​មាន​​សភាព​​ជាទី​ស្រឡាញ់ មិន​ស្អប់រូប​មិន​ជាទី​ស្រឡាញ់ ប្រុងសតិក្នុង​កាយ មាន​ចិត្ត​ប្រមាណ​មិន​បានផង អកុសលធម៌​​ដ៏លាមកទាំងនោះ កើតឡើងដល់​​បុគ្គលនោះហើយ​ រលត់ទៅ​មិន​​មាន​​សេស​សល់​ក្នុង​វិមុត្តិណា​ ក៏ដឹងច្បាស់​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិនោះ តាមពិតផង ឮសំឡេង​ដោយ​ត្រចៀក។បេ។ ដឹងធម្មារម្មណ៍​ដោយ​ចិត្ត មិន​ងប់ក្នុង​​ធម្មារម្មណ៍ មាន​​សភាព​ជាទី​ស្រឡាញ់ មិន​ស្អប់ធម្មារម្មណ៍ មាន​សភាព​មិន​ជាទី​ស្រឡាញ់ ប្រុងសតិក្នុង​កាយ មាន​ចិត្ត​ប្រមាណ​មិន​បានផង អកុសលធម៌​ដ៏លាមក​​ទាំងនោះ កើតឡើង​ដល់​​បុគ្គលនោះហើយ​ រលត់ទៅ​​មិន​មាន​សេសសល់​ក្នុង​វិមុត្តិណា​ ក៏ដឹងច្បាស់​​នូវ​ចេតោវិមុត្តិ​ និងបញ្ញាវិមុត្តិនោះ ​តាម​ពិតផង ម្នាល​អាវុសោ ភិក្ខុនេះ គេហៅ​ថា​​ អ្នក​មាន​​ចិត្ត​មិន​ទទឹក​ក្នុង​រូប ដែល​គប្បី​​ដឹងដោយ​ភ្នែក អ្នក​មាន​ចិត្ត​មិន​ទទឹកក្នុង​សំឡេង ដែល​គប្បី​​ដឹង​ដោយ​ត្រចៀក។បេ។ អ្នក​​មាន​ចិត្ត​មិន​ទទឹក ក្នុង​ធម្មារម្មណ៍ ដែល​គប្បី​ដឹងដោយ​ចិត្ត ម្នាល​អាវុសោ ភិក្ខុមាន​កិរិយា​​នៅ​​យ៉ាងនេះ ប្រសិនបើ មារចូលទៅ​​ជិតភិក្ខុនោះ តាម​ទា្វរភ្នែក ​មារ​មិន​បាននូវ​ឱកាស មារមិន​បាន​នូវ​អារម្មណ៍ ប្រសិនបើមារ (ចូលទៅ​) ជិតភិក្ខុ​នោះ តាមទា្វរ​ត្រចៀក។បេ។ ប្រសិនបើមារ​ចូលទៅ​ជិតភិក្ខុនោះ តាមទា្វរចិត្ត មារមិន​បាន​នូវឱកាស មារមិន​បាននូវអារម្មណ៍ ម្នាល​អាវុសោ ប្រៀបដូច​​កូដាគារសាលាក្តី សណ្ឋាគារ​សាលាក្តី ដែល​បូក​ដោយ​ដី​ដ៏ក្រាស់ លាបដោយ​​អាចម៍គោស្រស់ ប្រសិនបើ បុរសកាន់​​គប់ស្មៅ​ដែល​​ភ្លើងឆេះ ទៅ​ជិតសាលា​នោះ ពីទិសខាង​កើត ភ្លើងមិន​​បាននូវឱកាស ភ្លើង​មិន​​បាននូវ​អារម្មណ៍ ប្រសិនបើ ទៅ​ជិត​សាលានោះ ពីទិស​ខាងលិច ប្រសិនបើ ទៅ​ជិត​​សាលានោះ ពីទិសខាងជើង ប្រសិនបើ ទៅ​ជិតសាលានោះ ពីទិស​ខាងត្បូង ប្រសិនបើ ទៅ​ជិតសាលា​នោះ​ ពីខាង​ក្រោម ប្រសិនបើ ទៅ​ជិតសាលា​នោះ ពីខាងលើ ប្រសិនបើ បុរស​កាន់​​គប់ស្មៅ ដែល​ភ្លើងឆេះ ទៅ​ជិត​សាលានោះ ពីទិសខាងណា​ក៏ដោយ​ ភ្លើងមិន​បាន​​នូវឱកាស ភ្លើងមិន​​​បាននូវអារម្មណ៍ មាន​ឧបមា​​យ៉ាងណា​មិញ ម្នាល​អាវុសោ ភិក្ខុ​មាន​​កិរិយា​នៅ​​យ៉ាងនេះ ប្រសិនបើមារចូល​ទៅ​ជិតភិក្ខុនោះ​តាមទា្វរភ្នែក មារមិន​​បាននូវឱកាស មារមិន​បាន​នូវ​អារម្មណ៍ ប្រសិនបើ (ចូលទៅ) ជិតភិក្ខុ​នោះ តាមទ្វារត្រចៀក។បេ។​ ប្រសិន​បើ មារចូល​ទៅ​​​ជិតភិក្ខុនោះ តាមទា្វរចិត្ត មារមិន​​បាននូវឱកាស មារ​មិន​​បាននូវ​អារម្មណ៍ មាន​ឧបមេយ្យ​​ដូច្នោះឯង ម្នាល​អាវុសោ រូបមិន​​គ្របសង្កត់ភិក្ខុ ដែល​មាន​កិរិយា​​នៅ​​យ៉ាងនេះ ភិក្ខុគ្រប​សង្កត់​រូប សំឡេងមិន​គ្របសង្កត់​ភិក្ខុ ភិក្ខុគ្របសង្កត់​​សំឡេង។បេ។ ធម្មារម្មណ៍មិន​​គ្រប​សង្កត់​ភិក្ខុ ភិក្ខុគ្រប​សង្កត់ធម្មារម្មណ៍ ម្នាល​អាវុសោ ភិក្ខុនេះ គេហៅ​​ថា​​ អ្នក​គ្របសង្កត់រូប អ្នក​គ្របសង្កត់សំឡេង អ្នក​គ្របសង្កត់​ក្លិន អ្នក​គ្របសង្កត់រស អ្នក​គ្រប​សង្កត់ផោដ្ឋព្វៈ អ្នក​គ្របសង្កត់ធម្មារម្មណ៍ អ្នក​មិន​ត្រូវពួក​កិលេស​ទាំងនោះ គ្រប​សង្កត់ទេ ព្រោះ​ថា​​ ភិក្ខុ​នោះ ​គ្របសង្កត់ពួក​អកុសលធម៌​ដ៏លាមក ដែល​ប្រកបដោយ​​សេចក្តី​​សៅហ្មង នាំឲ្យ​កើត​ក្នុង​ភពថ្មី ប្រកប​ដោយ​សេចក្តី​ក្រវល់​ក្រវាយ មាន​ទុក្ខជាផល ជា​ទីតាំងនៃជាតិ ជរា និង​មរណៈតទៅ​ ម្នាល​អាវុសោ ភិក្ខុមាន​ចិត្តមិន​ទទឹក​យ៉ាងនេះឯង ហេតុនោះ (លោក​ពោល​ថា) មាន​ចិត្ត​មិន​ទទឹក។ ពាក្យថា​​ មិន​រោលរាល គឺ មិន​ក្តៅ​ក្រហាយ​ដោយ​ភ្លើងរាគៈ មិន​ក្តៅក្រហាយ​ដោយ​ភ្លើងទោសៈ មិន​ក្តៅក្រហាយដោយ​​ភ្លើង​មោហៈ ហេតុនោះ (លោក​​​ពោលថា) មាន​ចិត្តមិន​ទទឹក មិន​រោលរាល (ដោយ​កិលេស)។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ​ពោលថា​​

ភិក្ខុមាន​ចក្ខុដាក់ចុះ ជាអ្នក​មិន​រពឹសជើង អ្នក​គ្រប់គ្រងឥន្រ្ទិយ រក្សាចិត្ត មាន​ចិត្តមិន​ទទឹក មិន​រោលរាល (ដោយ​កិលេស) គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៤៤] បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដ​នៃគ្រហស្ថ ចេញ​ទៅ​បួស ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ដូច​ដើមបារិច្ឆត្តព្រឹក្ស មាន​ស្លឹក​ដ៏ខ្នាប់ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៤៥] ពាក្យថា​​ បុគ្គលលះបង់នូវវត្ថុ​ជាគ្រឿង​ប្រាកដនៃ​គ្រហស្ថ អធិប្បាយថា​​ សក់ ពុកមាត់ ពុកចង្កា។បេ។ សំពត់វែង និងខ្លី ហៅ​ថា​​ វត្ថុជា​គ្រឿងប្រាកដ​នៃគ្រហស្ថ។ ពាក្យ​ថា​​ បុគ្គល​លះបង់​​នូវវត្ថុ​ជាគ្រឿង​​ប្រាកដ​នៃគ្រហស្ថ គឺ ដាក់ចុះ ដាក់ស្រឡះ លះបង់ នូវវត្ថុ​ជាគ្រឿង​ប្រាកដ​នៃ​គ្រហស្ថ ហេតុនោះ (លោក​ពោលថា) បុគ្គល​​លះបង់​​នូវវត្ថុ​ជា​​គ្រឿង​ប្រាកដនៃគ្រហស្ថ។

[៣៤៦] ពាក្យថា​​ ដូច​ដើមបារិច្ឆត្តព្រឹក្ស មាន​ស្លឹក​ដ៏ខ្នាប់ គឺព្រះបច្ចេក​សម្ពុទ្ធនោះ ទ្រទ្រង់​នូវបាត្រ និងចីវរ​ដ៏បរិបូណ៌ ដូច​ដើមបារិច្ឆត្តព្រឹក្ស គឺដើម​រលួសផ្អុង មាន​ស្លឹក និង​ត្រួយ​ដ៏ក្រាស់ មាន​ម្លប់ត្រឈៃ ហេតុនោះ (លោក​ពោលថា) ដូច​ដើមបារិច្ឆត្តព្រឹក្ស មាន​​ស្លឹក​ដ៏ខ្នាប់។

[៣៤៧] ពាក្យថា​​ ចេញ​ទៅ​បួស ស្លៀកដណ្តប់សំពត់កាសាយៈ អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ កាត់កង្វល់ក្នុង​ឃរាវាសទាំងពួង កាត់កង្វល់ក្នុង​បុត្រ និងភិរិយា កាត់កង្វល់ក្នុង​ញាតិ កាត់កង្វល់ក្នុង​ការ​សន្សំ កោរសក់ ពុកមាត់ ពុកចង្កា ទ្រទ្រង់​នូវ​សំពត់កាសាយៈ ចេញ​ចាក​ផ្ទះចូលទៅ​កាន់​ផ្នួស ដល់​នូវភាពជាអ្នក​មិន​មាន​កង្វល់ ចរ ត្រាច់ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​តែម្នាក់ឯង ហេតុនោះ (លោក​ពោលថា​) ចេញ​ទៅ​បួស ស្លៀកដណ្តប់សំពត់កាសាយៈ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលលះបង់នូវវត្ថុជា​គ្រឿងប្រាកដ​នៃគ្រហស្ថ ចេញ​ទៅ​បួស ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ដូច​ដើមបារិច្ឆត្តព្រឹក្ស មាន​ស្លឹក​ដ៏ខ្នាប់ គប្បី​ប្រព្រឹត្តម្នាក់ឯងដូច​កុយរមាស។

[៣៤៨] បុគ្គលមិន​ធ្វើ​នូវចំណង់ក្នុង​រសទាំងឡាយ ជាអ្នក​មិន​រពឹស មិន​ចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅ​តាមលំដាប់​ច្រក មិន​មាន​ចិត្តជាប់ក្នុង​ត្រកូល ក្នុង​ត្រកូល គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៤៩] អធិប្បាយពាក្យថា​​ មិន​ធ្វើ​នូវចំណង់ក្នុង​រសទាំងឡាយ ជាអ្នក​មិន​រពឹស ត្រង់ពាក្យថា​​ រសទាំងឡាយ បានដល់​រសមើម រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរចត់ ចត់ ឆ្ងាញ់ មិន​ឆ្ងាញ់ ត្រជាក់ ក្តៅ។ មាន​ពួក​​សមណព្រាហ្មណ៍ក្នុង​លោក ជាអ្នក​ល្មោភក្នុង​រស សមណព្រាហ្មណ៍ទាំងនោះ រមែង​​ដើរស្វែង​រក​នូវរស ព្រោះ​ចុងអណ្តាត។ បានរសជូរហើយ​ ស្វែងរក​រសមិន​ជូរ បានរស​មិន​​ជូរហើយ​ ស្វែងរក​រសជូរ។ បានរសផ្អែមហើយ​ ស្វែងរក​រសមិន​ផ្អែម បានរសមិន​​ផ្អែម​ហើយ​ ស្វែង​រក​​រសផ្អែម។ បានរសល្វីងហើយ​ ស្វែងរក​រសមិន​ល្វីង បានរសមិន​ល្វីងហើយ​ ស្វែងរក​​រសល្វីង។ បានរសហឹរហើយ​ ស្វែងរក​រសមិន​ហឹរ បានរសមិន​ហឹរហើយ​ ស្វែងរក​​រសហឹរ។ ​បានរសប្រៃហើយ​ ស្វែងរក​រសមិន​ប្រៃ បានរសមិន​ប្រៃហើយ​ ស្វែងរក​រសប្រៃ។ បានរសខារហើយ​ ស្វែងរក​រសមិន​ខារ បានរសមិន​ខារហើយ​ ស្វែងរក​រសខារ។ បានរស​ជូរចត់ហើយ​ ស្វែងរក​រសចត់ បានរសចត់ហើយ​ ស្វែងរក​រសជូរចត់។ បានរសឆ្ងាញ់​ហើយ​​ ​ស្វែងរក​រសមិន​ឆ្ងាញ់ បានរសមិន​ឆ្ងាញ់ហើយ​ ស្វែងរក​រសឆ្ងាញ់។ បានត្រជា​ក់​ហើយ​ ស្វែងរក​ក្តៅ បានក្តៅហើយ​ ស្វែងរក​ត្រជាក់។ ពួក​សមណព្រាហ្មណ៍ទាំងនោះ បានរសណា​ៗ រមែង​មិន​សន្តោសដោយ​រសនោះៗ ទេ នៅ​តែស្វែងរក​រសផ្សេងៗ ទៀត ជាអ្នក​ត្រេកអរ​​ជាប់ចិត្ត ជ្រប់ចិត្ត លង់ចិត្ត ងប់ចិត្ត ស្អិត ទាក់ ចំពាក់ ក្នុង​រសទាំងឡាយ។​ ចំណង់ក្នុង​រស​នោះ ព្រះបច្ចេក​សម្ពុទ្ធនោះ លះបង់ គាស់រំលើង​ឫសគល់ ធ្វើ​ឲ្យ​សល់តែ​ទីនៅ​ ដូចជាទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវការមិន​កើតមាន​ ឲ្យ​ជាធម៌​លែងកើតតទៅ​ទៀត ព្រោះ​ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពិចារណា​ដោយ​ឧបាយនៃប្រាជ្ញាហើយ​ ទើបឆាន់នូវ​អាហារ មិន​មែន​ដើម្បី​លេង មិន​មែនដើម្បី​ស្រវឹង មិន​មែនដើម្បី​ប្រដាប់ មិន​មែនដើម្បី​​ស្អិតស្អាង​ទេ គ្រាន់តែ​ដើម្បី​ឲ្យ​តាំងនៅ​នៃកាយនេះតែប៉ុណ្ណោះ ដើម្បី​ញុំាំងឥរិយាបថឲ្យ​​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់នូវ​សេចក្តី​​លំបាក​ ដើម្បី​អនុគ្រោះដល់​ព្រហ្មចរិយៈ (ឆាន់ដោយ​គិត​) ថា​​ អាត្មា​អញ​នឹង​បំបាត់​បង់នូវវេទនាចាស់ផង មិន​ឲ្យ​វេទនាថ្មីកើតឡើងផង ការ​ប្រព្រឹត្តិទៅ​​ផង ការ​មិន​មាន​​ទោសផង ការ​នៅ​ជាសុខផង នឹងមាន​ដល់​អាត្មា​អញ ដោយ​ឧបាយនេះ។ ​ដូច​បុគ្គល​លាបដំបៅ គ្រាន់តែនឹងឲ្យ​ដុះសាច់ ឬដូច​ពួក​អ្នក​រទេះលាបភ្លៅរទេះ គ្រាន់តែ​នឹង​ដឹក​នូវ​របស់ធ្ងន់ ឬក៏ដូច​បុគ្គល​ស៊ីសាច់កូន គ្រាន់តែនឹងឆ្លងផ្លូវកន្តារៈ ព្រះបច្ចេកសម្ពុទ្ធនោះ ​ក៏ដូច្នោះដែរ លោក​ពិចារណា​ដោយ​ឧបាយនៃប្រាជ្ញា ហើយ​ឆាន់នូវអាហារ មិន​មែនដើម្បី​​លេង មិន​មែនដើម្បី​ស្រវឹង មិន​មែនដើម្បី​ប្រដាប់ មិន​មែនដើម្បី​ស្អិតស្អាងទេ គ្រាន់តែដើម្បី​​ឲ្យ​តាំងនៅ​នៃកាយនេះ ដើម្បី​ញុំាំង​ឥរិយាបថឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់នូវ​សេចក្តី​លំបាក​ ដើម្បី​អនុគ្រោះដល់​ព្រហ្មចរិយៈ (ឆាន់ដោយ​គិត) ថា​​ អាត្មា​អញនឹង​បំបាត់បង់​នូវវេទនា​ចាស់​ផង មិនឲ្យ​វេទនា​ថ្មីកើត​ឡើងផង ការ​ប្រព្រឹត្តិ​ទៅផង ការ​មិនមាន​ទោសផង ការ​នៅជា​​សុខ​ផង នឹងមាន​ដល់​អាត្មា​អញ ដោយ​ឧបាយនេះ។ ជាអ្នក​ឆ្ងាយ វៀរ វៀរលែង ចេញ ​​ដោះ​ចេញ​ រួចផុត ប្រាសចេញ​ ចាក​ចំណង់ក្នុង​រស មាន​ចិត្តមិន​សល់វល់ ហេតុនោះ (លោក​ពោលថា) មិន​ធ្វើ​នូវចំណង់ក្នុង​រសទាំងឡាយ។ ពាក្យថា​​ មិន​រពឹស សេចក្តី​ថា​​ តណ្ហា លោកហៅ​ថា​​ ការ​រពឹសផង ហៅ​ថា​​ សេចក្តី​ប្រាថ្នាក្រៃពេកផង បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការ​រពឹស និងសេចក្តី​​ប្រាថ្នា​ក្រៃពេកនោះ ព្រះបច្ចេកសម្ពុទ្ធនោះ លះបង់ គាស់រំលើងឫសគល់ ធ្វើ​ឲ្យ​សល់តែ​ទីនៅ​ ដូច​ជាទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវការ​មិន​កើតមាន​ ឲ្យ​ជាធម៌លែងកើតតទៅ​ទៀត ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធ​ ឈ្មោះថា​​ ជាអ្នក​មិន​រពឹស ហេតុនោះ (លោក​ពោលថា) មិន​ធ្វើ​នូវចំណង់​ក្នុង​រស ជាអ្នក​មិន​រពឹស។

[៣៥០] អធិប្បាយពាក្យថា​​ មិន​ចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅ​តាមលំដាប់​ច្រក ត្រង់​ពាក្យ​ថា​​ មិន​ចិញ្ចឹមបុគ្គលដទៃ គឺព្រះបច្ចេកសម្ពុទ្ធនោះ ចិញ្ចឹមតែព្រះអង្គឯង មិន​ចិញ្ចឹម​បុគ្គលដទៃទេ។

តថាគតហៅ​បុគ្គល ដែល​មិន​ចិញ្ចឹមបុគ្គលដទៃ ជាអ្នក​ត្រាស់ដឹង តាំងនៅ​ស៊ប់ក្នុង​សារធម៌​ទាំងឡាយ អស់​អាសវៈ ខ្ជាក់ចោល​នូវទោស ថា​​ជាព្រាហ្មណ៍។

ហេតុនោះ (លោក​ពោលថា) មិន​ចិញ្ចឹមបុគ្គលដទៃ។ ពាក្យថា​​ ត្រាច់ទៅ​តាម​លំដាប់​​ច្រក គឺព្រះបច្ចេកសម្ពុទ្ធនោះ ទ្រង់​ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​កាន់​ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត មាន​កាយរក្សាហើយ​ មាន​វាចារក្សា​ហើយ​ មាន​ចិត្តរក្សាហើយ​ មាន​សតិប្រុងហើយ​ មាន​ឥន្រ្ទិយសង្រួមហើយ​ មាន​ចក្ខុដាក់ចុះ​ហើយ​ បរិបូណ៌ដោយ​ឥរិយាបថ ចេញ​អំពី​ត្រកូលទៅ​កាន់​ត្រកូល ត្រាច់ទៅ​ដើម្បី​បិណ្ឌបាត ហេតុនោះ (លោក​ពោលថា) មិន​ចិញ្ចឹមបុគ្គលដទៃ ត្រាច់ទៅ​តាមលំដាប់​ច្រក។

[៣៥១] ពាក្យថា​​ មិន​មាន​ចិត្តជាប់ក្នុង​ត្រកូល ក្នុង​ត្រកូល អធិប្បាយថា​​ ភិក្ខុដែល​​មាន​​ចិត្តជាប់ចំពាក់ ដោយ​ហេតុ ២ ​យ៉ាង គឺភិក្ខុបន្ទាបខ្លួនឯងឲ្យ​ទាប លើកអ្នក​ដទៃឲ្យ​ខ្ពស់ ឈ្មោះថា​​ អ្នក​មាន​ចិត្តជាប់ចំពាក់ ឬភិក្ខុលើកខ្លួនឯងឲ្យ​ខ្ពស់ បន្ទាបអ្នក​ដទៃឲ្យ​ទាប ឈ្មោះថា​​​អ្នក​មាន​ចិត្តជាប់ចំពាក់។

ភិក្ខុបន្ទាបខ្លួនឯងឲ្យ​ទាប លើកអ្នក​ដទៃឲ្យ​ខ្ពស់ ឈ្មោះថា​​ អ្នក​មាន​ចិត្តជាប់ចំពាក់ តើ​ដូច​ម្ដេច។ ភិក្ខុនោះ ​ពោល​យ៉ាងនេះថា​​ លោកមាន​ឧបការៈច្រើនដល់​ខ្ញុំ ខ្ញុំអាស្រ័យ​លោក ទើបបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះ​ពួក​ជនដទៃ អាស្រ័យ​នូវលោក ស្គាល់លោក ទើបសំគាល់នឹងឲ្យ​ នឹងធ្វើ​ដល់​ខ្ញុំ សូម្បីនាម និងគោត្រ​ណា​ ពីដើម របស់មាតាបិតានៃខ្ញុំ នាម និងគោត្ររបស់ខ្ញុំនោះ បាត់បង់ទៅ​ហើយ​ ខ្ញុំដែល​គេ​ស្គាល់​ថា​​ ជាជីតុននៃ​ឧបាសក​ឯណោះ ជាជីតុននៃ​ឧបាសិកា​ឯណោះ ដោយ​សារតែលោក ភិក្ខុ​បន្ទាបខ្លួនឯងឲ្យ​ទាប លើកអ្នក​ដទៃឲ្យ​ខ្ពស់ ឈ្មោះថា​​ អ្នក​មាន​ចិត្តជាប់ចំពាក់ ​យ៉ាងនេះ​ឯង។

ភិក្ខុលើកខ្លួនឯងឲ្យ​ខ្ពស់ បន្ទាបអ្នក​ដទៃឲ្យ​ទាប ឈ្មោះថា​​ អ្នក​មាន​ចិត្តជាប់ចំពាក់ តើដូច​ម្ដេច។ ភិក្ខុ​ពោល​យ៉ាងនេះថា​​ ខ្ញុំមាន​ឧបការៈច្រើនដល់​ពួក​អ្នក​ ពួក​អ្នក​អាស្រ័យ​ខ្ញុំ ទើបបានដល់​នូវព្រះពុទ្ធជាទីពឹង ដល់​នូវព្រះធម៌ជាទីពឹង ដល់​នូវព្រះសង្ឃជាទីពឹង វៀរចាក​​បាណា​តិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​​សុរាមេរយមជ្ជប្បមាទដ្ឋាន ខ្ញុំឲ្យ​ឧទ្ទេស ខ្ញុំឲ្យ​បរិបុច្ឆា ខ្ញុំប្រាប់ឧបោសថ ខ្ញុំអធិដ្ឋាន​នវកម្ម ដល់​លោក លុះមក​ខាងក្រោយ លោកលះ​ចោលខ្ញុំ ហើយ​ទៅ​ធ្វើ​សក្ការៈ ធ្វើ​ការ​គោរព​ រាប់អាន បូជាអ្នក​ដទៃវិញ ភិក្ខុលើកខ្លួនឯងឲ្យ​ខ្ពស់ បន្ទាបអ្នក​ដទៃឲ្យ​ទាប ឈ្មោះថា​​ ​អ្នក​មាន​​ចិត្តជាប់ចំពាក់ ​យ៉ាងនេះឯង។

ពាក្យថា​​ មិន​មាន​ចិត្តជាប់ក្នុង​ត្រកូល ក្នុង​ត្រកូល បានសេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធ​នោះ មិន​មាន​ចិត្តជាប់​ចំពាក់ដោយ​កង្វល់ក្នុង​ត្រកូល មិន​មាន​ចិត្តជាប់​ចំពាក់ដោយ​កង្វល់​ក្នុង​គណៈ មិន​មាន​ចិត្តជាប់​ចំពាក់ដោយ​កង្វល់ក្នុង​អាវាស មិន​មាន​ចិត្តជាប់​ចំពាក់ដោយ​​កង្វល់ក្នុង​ចីវរ មិន​មាន​ចិត្តជាប់​ចំពាក់ដោយ​កង្វល់ក្នុង​បិណ្ឌបាត មិន​មាន​ចិត្តជាប់ចំពាក់​ដោយ​​កង្វល់ក្នុង​សេនាសនៈ មិន​មាន​ចិត្តជាប់ចំពាក់ដោយ​កង្វល់ក្នុង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (លោក​ពោលថា) មិន​មាន​ចិត្តជាប់​ចំពាក់ក្នុង​ត្រកូល ក្នុង​ត្រកូល។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលមិន​ធ្វើ​នូវចំណង់ក្នុង​រសទាំងឡាយ ជាអ្នក​មិន​រពឹស មិន​ចិញ្ចឹមបុគ្គលដទៃ ត្រាច់​ទៅ​តាមលំដាប់​ច្រក មិន​មាន​ចិត្តជាប់ក្នុង​ត្រកូល ក្នុង​ត្រកូល គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៥២] បុគ្គលលះបង់នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នក​មិន​អាស្រ័យ​ កាត់បង់នូវសេចក្តី​ស្នេហា និងទោសៈ គប្បី​ប្រព្រឹត្តម្នាក់ឯងដូច​កុយរមាស។

[៣៥៣] ពាក្យថា​​ លះបង់នូវរបាំងរបស់ចិត្ត ៥ គឺព្រះបច្ចេកសម្ពុទ្ធនោះ លះ លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​មិន​កើតមាន​ នូវកាមច្ឆន្ទនីវរណៈ លះ លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​មិន​កើតមាន​ នូវព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ ជាអ្នក​ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំង​ឡាយ ហើយ​ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និងវិចារៈ មាន​បីតិ និងសុខៈ កើត​អំពី​សេចក្តី​ស្ងាត់ ហេតុនោះ (លោក​ពោលថា) លះបង់នូវរបាំងរបស់ចិត្ត ៥។

[៣៥៤] ពាក្យថា​​ បន្ទោបង់នូវឧបក្កិលេសទាំងពួង សេចក្តី​ថា​​ រាគៈជាឧបក្កិលេស​របស់ចិត្ត ទោសៈជាឧបក្កិលេសរបស់ចិត្ត មោហៈជាឧបក្កិលេសរបស់ចិត្ត កោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារ​ទាំងពួង ជាឧបក្កិលេសរបស់ចិត្ត។ ពាក្យថា​​ បន្ទោបង់​នូវ​ឧបក្កិលេសទាំងពួង គឺ បន្ទោ បន្ទោបង់ បន្សាត់បង់ លះបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​​មិន​កើត​មាន​​នូវឧបក្កិលេសទាំងពួងនៃចិត្ត ហេតុនោះ (លោក​ពោលថា) បន្ទោបង់នូវ​ឧបក្កិលេស​ទាំងពួង។

[៣៥៥] អធិប្បាយពាក្យថា​​ ជាអ្នក​មិន​អាស្រ័យ​ កាត់បង់នូវសេចក្តី​ស្នេហា និង​ទោសៈ ត្រង់ពាក្យថា​​ ជាអ្នក​មិន​អាស្រ័យ​ សេចក្តី​ថា​​ ការ​អាស្រ័យ​មាន​ ២ គឺ ការ​អាស្រ័យ​​គឺតណ្ហា ១ ការ​អាស្រ័យ​គឺទិដ្ឋិ ១។បេ។ នេះការ​អាស្រ័យ​គឺតណ្ហា។បេ។ នេះការ​​អាស្រ័យ​គឺទិដ្ឋិ។ ពាក្យថា​​ សេចក្តី​ស្នេហា បានដល់​ស្នេហា ២ គឺ តណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១។បេ។ នេះតណ្ហាស្នេហា។បេ។ នេះទិដ្ឋិស្នេហា។ ពាក្យថា​​ ទោសៈ បានដល់​ការ​​អាឃាត គំនុំ ការ​ថ្នាំងថ្នាក់ ការ​អាក់អន់ ការ​ក្រោធ ការ​ក្រោធខ្លាំង ការ​ក​ម្រើក ការ​​ប្រទូស្ត ការ​ប្រទូស្តខ្លាំង ការ​ក្តៅក្រហាយនៃចិត្ត សេចក្តី​ចង្អៀតចង្អល់នៃចិត្ត សេចក្តី​ប្រទូស្ត​នៃចិត្ត សេចក្តី​ក្រោធ អាការ​នៃសេចក្តី​ក្រោធ ភាពនៃសេចក្តី​ក្រោធ សេចក្តី​ប្រទូស្ត អាការ​​នៃ​សេចក្តី​ប្រទូស្ត ភាពនៃសេចក្តី​ប្រទូស្ត សេចក្តី​ចង្អៀតចង្អល់ អាការ​នៃសេចក្តី​​ចង្អៀត​ចង្អល់ ភាពនៃសេចក្តី​ចង្អៀតចង្អល់ សេចក្តី​ខឹង ការ​ថ្នាំងថ្នាក់ កាច ការ​​ពោលពាក្យ​មិន​ពីរោះ​ ភាព​នៃចិត្តមិន​ត្រេកអរ។ ពាក្យថា​​ ជាអ្នក​មិន​អាស្រ័យ​ កាត់បង់នូវសេចក្តី​ស្នេហា និងទោសៈ បានសេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ កាត់ កាត់ផ្តាច់ កាត់ចោល លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវការ​មិន​កើតមាន​ នូវតណ្ហាស្នេហា ទិដ្ឋិស្នេហា និងទោសៈ មិន​​អាស្រ័យ​នូវចក្ខុ មិន​អាស្រ័យ​នូវសោតៈ។បេ។ មិន​អាស្រ័យ​ មិន​ផ្តេកផ្តិត មិន​ប្រកប មិន​ងប់ចិត្ត មិន​ចុះចិត្តស៊ប់ ងាកចេញ​ ដោះចេញ​ រួចស្រឡះ មិន​ប្រកប​នូវធម្មារម្មណ៍ ដែល​គប្បី​ឃើញ​ ឮ ប៉ះពាល់ ឬដឹង មាន​ចិត្តមិន​សល់វល់ ហេតុនោះ (លោក​ពោលថា​​) ជាអ្នក​មិន​អាស្រ័យ​ កាត់បង់នូវសេចក្តី​ស្នេហា និងទោសៈ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយ​រមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលលះបង់ នូវរបាំងរបស់ចិត្ត ៥ បន្ទោបង់នូវឧបក្កិលេសទាំងពួង ជាអ្នក​មិន​អាស្រ័យ​ កាត់បង់នូវសេចក្តី​ស្នេហា និងទោសៈ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៥៦] បុគ្គលធ្វើ​ឲ្យ​នៅ​ពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុង​កាលមុន បាននូវ​ឧបេក្ខា និងសមថៈ​ដ៏បរិសុទ្ធ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៥៧] ពាក្យថា​​ បុគ្គលធ្វើ​ឲ្យ​នៅ​ពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និង​ទោមនស្ស ក្នុង​កាលមុន សេចក្តី​ថា​​ ព្រោះ​លះសុខផង លះទុក្ខផង ធ្វើ​នូវសោមនស្ស​ និងទោមនស្សក្នុង​កាលមុន ឲ្យ​វិនាសផង ព្រះបច្ចេកសម្ពុទ្ធនោះ ចូលចតុត្ថជ្ឈាន ឥតទុក្ខ​ឥតសុខ មាន​សេចក្តី​បរិសុទ្ធិដោយ​ឧបេក្ខា និងសតិ ហេតុនោះ (លោក​ពោលថា) ធ្វើ​ឲ្យ​​នៅ​ពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្សក្នុង​កាលមុន។

[៣៥៨] អធិប្បាយពាក្យថា​​ បាននូវឧបេក្ខា និងសមថៈ​ដ៏បរិសុទ្ធ ត្រង់ពាក្យថា​​ ឧបេក្ខា បានដល់​ការ​ព្រងើយ អាការ​នៃការ​ព្រងើយ ការ​ព្រងើយកន្តើយ ភាពនៃចិត្តស្ងប់ ភាពនៃ​ចិត្តតាំងនៅ​ជាកណ្តាល ក្នុង​ចតុត្ថជ្ឈាន។ ពាក្យថា​​ សមថៈ បានដល់​ការ​តាំងនៅ​ ការ​តាំង​នៅ​ព្រម ការ​តាំងនៅ​ខ្ជាប់ ការ​មិន​រសេមរសាម ការ​មិន​រាយមាយ ភាពមិន​អណ្តែតអណ្តូង នៃចិត្ត សមថៈ សមាធិន្រ្ទិយ សមាធិពលៈ សម្មាសមាធិ។ ឧបេក្ខា និងសមថៈ ក្នុង​​ចតុត្ថជ្ឈាន ជាសភាវៈបរិសុទ្ធ ស្អាត ផូរផង់ មិន​មាន​ទីទួល គឺកិលេស ប្រាសចាក​​ឧបក្កិលេស ​ជាសភាពទន់ភ្លន់ គួរដល់​កម្ម នឹងនួន ដល់​នូវការ​មិន​ញាប់ញ័រ។ ពាក្យថា​​ បាននូវឧបេក្ខា និងសមថៈ​ដ៏បរិសុទ្ធ បានសេចក្តី​ថា​​ បាន បានហើយ​ នូវឧបេក្ខា និងសមថៈ ក្នុង​ចតុត្ថជ្ឈាន ហេតុនោះ (លោក​ពោលថា​) បាននូវ​ឧបេក្ខា និងសមថៈ​ដ៏បរិសុទ្ធ។ គប្បី​​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេក​សម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលធ្វើ​ឲ្យ​នៅ​ពីខាងក្រោយខ្នង នូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុង​កាលមុន បាននូវឧបេក្ខា និងសមថៈ​ដ៏បរិសុទ្ធ គប្បី​ប្រព្រឹត្តម្នាក់ឯងដូច​កុយរមាស។

[៣៥៩] បុគ្គលប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវប្រយោជន៍​ដ៏ឧត្តម មាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល មាន​ព្យាយាមមាំ បរិបូណ៌ដោយ​កំឡាំងចិត្ត និងកំឡាំងកាយ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៦០] ពាក្យថា​​ ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវប្រយោជន៍​ដ៏ឧត្តម សេចក្តី​ថា​​ អមតនិព្វាន ហៅ​ថា​​ ប្រយោជន៍ដ៏ឧត្តម បានដល់​ការ​រំងាប់សង្ខារ​ទាំងពួង ការ​លះបង់នូវ​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការ​អស់​តម្រេក ការ​រលត់ និព្វាន។ បុគ្គលជាអ្នក​ប្រារព្ធ​​ព្យាយាមក្នុង​ការ​លះអកុសលធម៌ ក្នុង​ការ​បំពេញកុសលធម៌ ដើម្បី​ការ​ដល់​ ការ​បាន ការ​​បានចំពោះ​ ការ​ត្រាស់ដឹង ការ​ពាល់ត្រូវ ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវប្រយោជន៍​ដ៏ឧត្តម គឺជា​អ្នក​មាន​កំឡាំងចិត្ត មាន​សេចក្តី​ប្រឹងប្រែងមាំ មិន​ដាក់ធុរៈ ក្នុង​កុសលធម៌ទាំងឡាយ ហេតុនោះ (លោក​ពោលថា) ប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​​នូវប្រយោជន៍​ដ៏ឧត្តម។

[៣៦១] ពាក្យថា​​ មាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធ​នោះ ញុំាងឆន្ទៈឲ្យ​កើត ព្យាយាម ប្រារព្ធ​នូវសេចក្តី​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ញុំាំងអកុសលធម៌​ដ៏លាមក ដែល​មិន​ទាន់កើតឡើង មិន​ឲ្យ​កើតឡើងបាន ញុំាងឆន្ទៈ​ឲ្យ​កើត ព្យាយាម ប្រារព្ធ​នូវសេចក្តី​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​លះនូវកុសលធម៌​ដ៏​លាមក​ ដែល​កើតឡើងហើយ​ ញុំាងឆន្ទៈឲ្យ​កើត ព្យាយាម ប្រារព្ធ​នូវសេចក្តី​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ញុំាំងកុសលធម៌ ដែល​មិន​ទាន់កើត ឲ្យ​កើតឡើង ញុំាងឆន្ទៈឲ្យ​កើត ព្យាយាម ប្រារព្ធ​នូវសេចក្តី​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ញុំាំងកុសលធម៌ ដែល​​កើត​ឡើងហើយ​ ឲ្យ​ឋិតថេរ មិន​ឲ្យ​សាបសូន្យ ឲ្យ​ចំរើនក្រៃលែង ឲ្យ​ទូលំទូលាយ​ ឲ្យ​ពេញ​លេញ​ដោយ​ភាវនា ហេតុនោះ (លោក​ពោលថា) មាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ​យ៉ាងនេះ។ មួយទៀត បុគ្គលផ្គងចិត្ត តាំងចិត្តថា​​ ចង់សល់នៅ​តែស្បែក សរសៃ និងឆ្អឹង ក៏ដោយ​ចុះ ចង់សាច់ និងឈាមក្នុង​សរីរៈ រីងស្ងួតទៅ​ក៏ដោយ​ចុះ គុណជាតណា​ ដែល​​បុគ្គល​គប្បី​សម្រេច​ដោយ​កំឡាំងចិត្តរបស់បុរស ដោយ​កំឡាំងកាយ​របស់បុរស ដោយ​​សេចក្តី​ព្យាយាមរបស់បុរស ដោយ​សេចក្តី​ប្រឹងប្រែង​របស់​បុរស បើអាត្មា​មិន​ទាន់សម្រេច​​នូវគុណជាតនោះទេ នឹងមិន​បញ្ឈប់នូវព្យាយាមឡើយ បុគ្គលមាន​ចិត្តមិន​រួញរា ជាអ្នក​​ប្រព្រឹត្ត​មិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា​​ ចិត្តរបស់អាត្មា​អញ មិន​ទាន់រួចចាក​អាសវៈ ព្រោះ​មិន​ប្រកាន់​មាំ ដរាបណា​ អាត្មា​អញនឹងមិន​ទំលាយ​ភ្នែនដរាប​នោះ បុគ្គលមាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។ បុគ្គល​ផ្គងចិត្ត តាំងចិត្តថា​​

កាលបើសរ គឺតណ្ហា មិន​ទាន់រដកចេញ​ទេ អាត្មា​អញនឹងមិន​ស៊ី នឹងមិន​ផឹក នឹងមិន​ចេញ​អំពី​វិហារ ទាំងនឹងមិន​ដាក់នូវបង្អៀង (ទម្រេត) ឡើយ។

បុគ្គល មាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។ បុគ្គល​ផ្គងចិត្ត តាំងចិត្តថា​​ បើចិត្តរបស់អាត្មា​អញ នឹងមិន​ទាន់រួចចាក​អាសវៈ ព្រោះ​មិន​ប្រកាន់​មាំ ដរាបណា​ អាត្មា​អញនឹងមិន​ក្រោកចាក​អាសនៈនេះ ដរាបនោះ បុគ្គលមាន​ចិត្តមិន​រួញរា ជា​អ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា​​ អាត្មា​អញនឹង​មិន​ចុះអំពី​ទីចង្រ្កមនេះ មិន​ចេញ​អំពី​វិហារនេះ មិន​ចេញ​អំពី​អឌ្ឍយោគនេះ មិន​ចេញ​អំពី​​ប្រាសាទនេះ មិន​ចេញ​អំពី​ប្រាសាទមាន​ជ្រុង ៤ នេះ មិន​ចេញ​អំពី​គុហានេះ មិន​ចេញ​​អំពី​​គុកនេះ មិន​ចេញ​អំពី​កុដិនេះ មិន​ចេញ​អំពី​ផ្ទះមាន​កំពូលនេះ មិន​ចេញ​អំពី​ប៉មនេះ មិន​ចេញ​​អំពី​រោងនេះ មិន​ចេញ​អំពី​រោងដោលនេះ មិន​ចេញ​អំពី​ឧបដ្ឋានសាលានេះ មិន​ចេញ​អំពី​​មណ្ឌបនេះ មិន​ចេញ​អំពី​គល់ឈើនេះ បើចិត្តរបស់អាត្មា​អញមិន​ទាន់រួចចាក​អាសវៈ​ទាំង​ឡាយ ព្រោះ​មិន​ប្រកាន់​មាំ បុគ្គលមាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​​យ៉ាងនេះ ក៏មាន។ បុគ្គល​ផ្គងចិត្ត តាំងចិត្តថា​​ អាត្មា​អញនឹង​នាំមក នឹងប្រមូល​មក នឹង​ត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើ​ឲ្យ​ជាក់ច្បាស់​ នូវអរិយធម៌ ឲ្យ​ទាន់ក្នុង​បុព្វណ្ហសម័យនេះ បុគ្គលមាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា​​ អាត្មា​អញនឹងនាំមក នឹង​ប្រមូល​មក នឹងត្រាស់ដឹង នឹងពាល់ត្រូវ នឹងធ្វើ​​ឲ្យ​​ជាក់ច្បាស់​ នូវអរិយធម៌ ឲ្យ​ទាន់ក្នុង​វេលាថ្ងៃត្រង់នេះ ក្នុង​វេលាថ្ងៃ​រសៀលនេះ ក្នុង​វេលា​មុនភត្តនេះ ក្នុង​វេលា​ក្រោយ​ភត្តនេះ ក្នុង​បឋមយាមនេះ ក្នុង​មជ្ឈិមយាមនេះ ក្នុង​បច្ឆិមយាម​នេះ ក្នុង​រនោចនេះ ក្នុង​ខ្នើតនេះ ក្នុង​វស្សានរដូវនេះ ក្នុង​ហេមន្តរដូវនេះ ក្នុង​គិម្ហរដូវនេះ ក្នុង​​ចំណែក​បឋមវ័យនេះ ក្នុង​ចំណែកមជ្ឈិមវ័យនេះ ក្នុង​ចំណែក​បច្ឆិមវ័យ​នេះ បុគ្គលមាន​​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល ដោយ​វិធី​យ៉ាងនេះ ក៏មាន។

[៣៦២] អធិប្បាយពាក្យថា​​ មាន​ព្យាយាមមាំ បរិបូណ៌ដោយ​កំឡាំងចិត្ត និងកំឡាំង​កាយ ត្រង់ពាក្យថា​​ មាន​ព្យាយាមមាំ សេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នក​មាន​ការ​​សមាទាន​មាំ ក្នុង​ពួក​កុសលធម៌ មាន​ការ​សមាទានខ្ជាប់ខ្ជួន ក្នុង​កាយសុចរិត ក្នុង​វចីសុចរិត ក្នុង​មនោសុចរិត ក្នុង​ការ​ចែករលែក ក្នុង​ការ​សមាទានសីល ក្នុង​ការ​រក្សា​ឧបោសថ ក្នុង​ភាពជាអ្នក​គោរព​មាតា ក្នុង​ភាពជាអ្នក​គោរព​បិតា ក្នុង​ភាពជាអ្នក​គោរព​​សមណៈ ក្នុង​​ភាពជាអ្នក​គោរព​ព្រាហ្មណ៍ ក្នុង​សេចក្តី​គោរព​បុគ្គលជាច្បងក្នុង​ត្រកូល ក្នុង​ធម៌ទាំងឡាយ​ ជាអធិ​កុសលណា​មួយ ហេតុនោះ (លោក​ពោលថា) មាន​ព្យាយាមមាំ។​ ពាក្យថា​​ បរិបូណ៌​ដោយ​កម្លាំងចិត្ត និងកម្លាំង​កាយ បានសេចក្តី​ថា​​ ព្រះបច្ចេកសម្ពុទ្ធ​នោះ ដល់​ ដល់​ព្រម មកជិត មកជិតព្រម ចូលដល់​ ចូលដល់​ព្រម ប្រកបដោយ​កម្លាំង​ចិត្តផង កម្លាំងកាយផង ព្យាយាមផង សេចក្តី​ប្រឹងប្រែង​ផង ហេតុនោះ (លោក​ពោលថា) មាន​ព្យាយាមមាំ​ បរិបូណ៌​ដោយ​កម្លាំងចិត្ត និងកម្លាំងកាយ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលប្រារព្ធ​ព្យាយាម ដើម្បី​សម្រេច​នូវប្រយោជន៍​ដ៏ឧត្តម មាន​ចិត្តមិន​រួញរា ជាអ្នក​ប្រព្រឹត្តមិន​ខ្ជិល មាន​ព្យាយាមមាំ បរិបូណ៌ដោយ​កម្លាំងចិត្ត និងកម្លាំងកាយ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៦៣] បុគ្គលមិន​លះបង់នូវការ​សម្ងំផង នូវឈានផង ជាអ្នក​ប្រព្រឹត្តធម៌​បន្ទាប់បន្សំ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ច ពិចារណា​ឃើញ​ទោស​ក្នុង​ភពទាំងឡាយ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៦៤] ពាក្យថា​​ មិន​លះបង់នូវការ​សម្ងំផង នូវឈានផង អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ ជាអ្នក​មាន​ការ​សម្ងំជាទីត្រេកអរ​ ត្រេកអរ​ក្នុង​ការ​សម្ងំ ប្រកបរឿយៗ​ នូវ​ចេតោសមថៈខាងក្នុង​ មិន​ធ្វើ​ឈានឲ្យ​របូតចុះ មិន​លះបង់ឈាន ប្រកប ប្រកបរឿយៗ ប្រកបព្រម ប្រកបមិន​ដាច់ ប្រកបមិន​ដាច់ព្រម ដើម្បី​ធ្វើ​បឋមជ្ឈាន​​ដែល​​មិន​ទាន់កើត ឲ្យ​​កើតឡើង ឬប្រកប ប្រកបរឿយៗ ប្រកបព្រម ប្រកបមិន​ដាច់ ប្រកបមិន​​ដាច់ព្រម ដើម្បី​ធ្វើ​​ទុតិយជ្ឈាន ដែល​មិន​ទាន់កើត ឬតតិយជ្ឈានដែល​មិន​ទាន់កើត ឬក៏​ចតុត្ថជ្ឈាន​ដែល​​មិន​ទាន់​កើត ឲ្យ​កើតឡើង ហេតុនោះ ឈ្មោះថា​​ មិន​លះបង់នូវឈាន ​យ៉ាង​នេះ​ឯង។ មួយ​ទៀត​ ព្រះបច្ចេកសម្ពុទ្ធ សេព ចម្រើន ធ្វើ​ឲ្យ​ច្រើន នូវបឋមជ្ឈាន ដែល​កើត​ឡើងហើយ​ ឬសេព ចម្រើន ធ្វើ​ឲ្យ​ច្រើន នូវទុតិយជ្ឈាន ដែល​កើតឡើងហើយ​ ឬ​តតិយជ្ឈាន ​ដែល​​កើតឡើងហើយ​ ឬចតុត្ថជ្ឈាន ដែល​កើតឡើងហើយ​ ហេតុនោះ ឈ្មោះថា​​ មិន​លះបង់​នូវ​ឈាន ​យ៉ាងនេះក៏មាន​ ហេតុនោះ (លោក​ពោលថា) មិន​លះបង់នូវការ​សម្ងំ​ផង ​នូវ​ឈាន​ផង។

[៣៦៥] ពាក្យថា​​ ជាអ្នក​ប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ច អធិប្បាយថា​​ សតិប្បដ្ឋាន ៤។បេ។ មគ្គប្រកបដោយ​អង្គ ៨ ​ដ៏ប្រសើរ ហៅ​ថា​​ ធម៌។ ធម៌បន្ទាប់បន្សំ តើដូច​ម្ដេច។ ការ​ប្រតិបត្តិត្រូវ ការ​ប្រតិបត្តិ​ជាអនុលោម ការ​ប្រតិបត្តិ​​មិន​​មាន​​ទំនាស់ ការ​ប្រតិបត្តិគួរ​តាមប្រយោជន៍ ការ​ប្រតិបត្តិ​នូវធម៌តាមធម៌ ការ​បំពេញក្នុង​​សីលទាំងឡាយ ការ​គ្រប់គ្រង​ទ្វារក្នុង​ឥន្រ្ទិយ ការ​ស្គាល់ប្រមាណ​ក្នុង​ភោជន ការ​ប្រកប​​រឿយៗ នូវសេចក្តី​ភ្ញាក់រឭក សតិ និងសម្បជញ្ញៈ​ទាំងនេះហៅ​ថា​​ ធម៌បន្ទាប់បន្សំ។ ពាក្យថា​​ ជាអ្នក​ប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ច បានសេចក្តី​ថា​​ ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ចរឿយៗ ជាប់​តមិន​ដាច់ញយៗ មិន​ល្បោះ ជាប់មិន​ដាច់ ជាប់ត ជិតស្និទ្ធ វេលាមុនភត្ត វេលាក្រោយ​ភត្ត បុរិមយាម មជ្ឈិមយាម បច្ឆិមយាម រនោច ខ្នើត វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ ចំណែកបុរិមវ័យ ចំណែកមជ្ឈិមវ័យ ចំណែកបច្ឆិមវ័យ ហេតុនោះ (លោក​ពោលថា) ជា​អ្នក​ប្រព្រឹត្តធម៌​បន្ទាប់បន្សំ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ច។

[៣៦៦] ពាក្យថា​​ ពិចារណា​ឃើញ​ទោស ក្នុង​ភពទាំងឡាយ គឺពិចារណា​​ឃើញ​នូវ​ទោស​ក្នុង​ភពថា​​ សង្ខារ​ទាំងពួងមិន​ទៀង ថា​សង្ខារ​ទាំងពួងជាទុក្ខ ថា​​ ធម៌ទាំងពួងជាអនត្តា។បេ។ ពិចារណា​ឃើញ​ទោសក្នុង​ភពថា​​ ធម្មជាត​ណា​មួយមាន​ការ​កើតឡើងជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​ការ​រលត់ទៅ​វិញជាធម្មតា ហេតុនោះ (លោក​ពោលថា​​​) ពិចារណា​ឃើញ​ទោសក្នុង​ភពទាំងឡាយ។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលមិន​លះបង់នូវការ​សម្ងំផង នូវឈានផង ជាអ្នក​ប្រព្រឹត្តធម៌បន្ទាប់បន្សំ ក្នុង​ធម៌ទាំងឡាយ អស់​កាលជានិច្ច ពិចារណា​​ឃើញ​ទោស ក្នុង​ភពទាំងឡាយ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៦៧] បុគ្គលកាលប្រាថ្នានូវកាអស់​តណ្ហា ជាអ្នក​មិន​ប្រហែស មិន​ល្ងង់ខ្លៅ ជាអ្នក​ចេះដឹង មាន​ស្មារតី មាន​ធម៌ពិចារណា​ហើយ​ ជាអ្នក​ទៀងទាត់ មាន​ព្យាយាម គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៦៨] អធិប្បាយពាក្យថា​​ កាលប្រាថ្នានូវការ​អស់​តណ្ហា ជាអ្នក​មិន​ប្រហែស ត្រង់ពាក្យថា​​ តណ្ហា បានដល់​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា​​ កាលប្រាថ្នានូវការ​អស់​តណ្ហា គឺ កាលប្រាថ្នា ប៉ុនប៉ង ផ្គង បំណង នូវការ​​អស់​រាគៈ ការ​អស់​ទោសៈ ការ​អស់​មោហៈ ការ​អស់​គតិ ការ​អស់​ឧបបត្តិ ការ​អស់​​បដិសន្ធិ ការ​អស់​ភព ការ​អស់​សង្សារ ការ​អស់​វដ្តៈ ហេតុនោះ (លោក​ពោលថា) កាល​ប្រាថ្នានូវការ​អស់​តណ្ហា។ ពាក្យថា​​ ជាអ្នក​មិន​ប្រហែស គឺព្រះបច្ចេក​សម្ពុទ្ធនោះ ជាអ្នក​​ធ្វើ​​សេចក្តី​គោរព។បេ។ ជាអ្នក​មិន​ប្រហែសក្នុង​កុសលធម៌​ទាំងឡាយ ហេតុនោះ (លោក​​ពោល​ថា) កាលប្រាថ្នានូវការ​អស់​តណ្ហា ជាអ្នក​មិន​ប្រហែស។

[៣៦៩] អធិប្បាយពាក្យថា​​ មិន​ល្ងង់ខ្លៅ ជាអ្នក​ចេះដឹង មាន​ស្មារតី ត្រង់ពាក្យថា​​ មិន​ល្ងង់ខ្លៅ គឺព្រះបច្ចេក​សម្ពុទ្ធនោះ ជាបណ្ឌិត មាន​ប្រាជ្ញា មាន​ការ​ត្រាស់ដឹង មាន​ញាណ មាន​ការ​ភ្លឺស្វាង មាន​ប្រាជ្ញា​ជាគ្រឿងទម្លាយ​កិលេស ហេតុនោះ (លោក​ពោលថា) មិន​​ល្ងង់ខ្លៅ។ ពាក្យថា​​ ជាអ្នក​ចេះដឹង គឺព្រះបច្ចេក​សម្ពុទ្ធនោះ ជាពហុស្សូត ទ្រទ្រង់​នូវចំណេះ សន្សំនូវ​ចំណេះ ពួក​ធម៌ណា​ដែល​ល្អខាងដើម ល្អកណ្តាល ល្អទីបំផុត​ ប្រកបដោយ​អត្ថ ប្រកបដោយ​ព្យញ្ជនៈ ប្រកាសនូវ​​ព្រហ្មចរិយធម៌​​ដ៏បរិសុទ្ធ​​បរិបូណ៌ ពេញលេញ ពួក​ធម៌​មាន​សភាពដូច្នោះ គឺព្រះបច្ចេក​សម្ពុទ្ធនោះ បានចេះចាំ​ច្រើន បានទ្រទ្រង់​ទុក ចាំ​ស្ទាត់រត់មាត់ ចូលចិត្តច្បាស់​លាស់ ចាក់ធ្លុះដោយ​ទិដ្ឋិ ហេតុនោះ (លោក​ពោលថា​) ជាអ្នក​ចេះដឹង។ ពាក្យថា​​ មាន​ស្មារតី គឺ ព្រះបច្ចេកសម្ពុទ្ធនោះ មាន​ស្មារតី ប្រកបដោយ​សតិ និងប្រាជ្ញា ជា​គ្រឿង​រក្សាខ្លួន​ដ៏ក្រៃលែង ជាអ្នក​រឭកឃើញ​នូវអំពើ​ដែល​ធ្វើ​យូរ​ហើយ​ផង នូវសំដីដែល​​​​ពោល​យូរហើយ​ផង ហេតុនោះ (លោក​ពោលថា) មិន​ល្ងង់ខ្លៅ ជាអ្នក​ចេះដឹង មាន​ស្មារតី។

[៣៧០] ពាក្យថា​​ មាន​ធម៌ពិចារណា​ហើយ​ ជាអ្នក​ទៀងទាត់ មាន​ព្យាយាម អធិប្បាយ​ថា​​ ញាណ លោកហៅ​ថា​​ ធម៌ដែល​ពិចារណា​ហើយ​ បានដល់​ បញ្ញា ការ​ដឹង​ច្បាស់​។បេ។ ការ​មិន​វង្វេង ការ​ពិចារណា​នូវធម៌ ការ​យល់ត្រូវ។ ពាក្យថា​​ មាន​ធម៌​ពិចារណា​​ហើយ​ គឺព្រះបច្ចេកសម្ពុទ្ធនោះ មាន​ធម៌ពិចារណា​ហើយ​ មាន​ធម៌ដឹងហើយ​ មាន​ធម៌ថ្លឹងហើយ​ មាន​ធម៌ត្រិះរិះហើយ​ មាន​ធម៌ច្បាស់​ហើយ​ មាន​ធម៌ធ្វើ​ឲ្យ​កើតប្រាកដ​ហើយ​ថា​​​ សង្ខារ​ទាំងពួង មិន​ទៀង។បេ។ មាន​ធម៌ពិចារណា​ហើយ​ មាន​ធម៌ដឹងហើយ​ មាន​ធម៌ថ្លឹងហើយ​ មាន​ធម៌ត្រិះរិះហើយ​ មាន​ធម៌ច្បាស់​ហើយ​ មាន​ធម៌ធ្វើ​ឲ្យ​កើតប្រាកដ​ហើយ​ថា​​ ធម្មជាត​ណា​មួយ មាន​ការ​កើតឡើងជាធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​ការ​​រលត់​ទៅ​វិញ ជាធម្មតា។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធនោះ បានពិចារណា​ ខន្ធ ពិចារណា​​ធាតុ ពិចារណា​អាយតនៈ ពិចារណា​គតិ ពិចារណា​ឧបបត្តិ ពិចារណា​បដិសន្ធិ ពិចារណា​​ភព ពិចារណា​សង្សារ ពិចារណា​វដ្តៈ។ មួយទៀត ព្រះបច្ចេកសម្ពុទ្ធ ឋិតនៅ​​ក្នុងទី​បំផុត​នៃខន្ធ ឋិតនៅ​ក្នុង​ទីបំផុត​នៃធាតុ ឋិតនៅ​ក្នុង​ទីបំផុត​នៃអាយតនៈ ឋិតនៅ​ក្នុង​ទីបំផុត​​នៃគតិ ឋិតនៅ​​ក្នុង​ទីបំផុត​នៃឧបបត្តិ ឋិតនៅ​ក្នុង​ទីបំផុត​នៃបដិសន្ធិ ឋិតនៅ​ក្នុង​ទីបំផុត​នៃភព ឋិតនៅ​ក្នុង​​ទីបំផុត​នៃសង្សារ ឋិតនៅ​ក្នុង​ទីបំផុត​នៃវដ្តៈ ឋិតនៅ​ក្នុង​ទីបំផុត​នៃសង្ខារ​ ឋិតនៅ​ក្នុង​​ភពជា​ទីបំផុត​ ព្រះបច្ចេក​សម្ពុទ្ធ ទ្រទ្រង់​នូវរាងកាយជាទីបំផុត​។

ភពនេះ ជាខាងក្រោយ រាងកាយនេះ ជាខាងក្រោយ របស់បុគ្គលណា​ ការ​អន្ទោលទៅ​កាន់​ជាតិ ជរា មរណៈ គឺភពថ្មី របស់បុគ្គលនោះ មិន​មាន​ឡើយ។

ហេតុនោះ (លោក​ពោលថា) មាន​ធម៌ពិចារណា​ហើយ។ ពាក្យថា​​ ជាអ្នក​ទៀងទាត់ សេចក្តី​ថា​​ អរិយមគ្គ ៤ ហៅ​ថា​​ ការ​ទៀងទាត់។ បុគ្គលប្រកបដោយ​អរិយមគ្គ ៤ ឈ្មោះថា​​​ជាអ្នក​ទៀងទាត់ គឺ ជាអ្នក​ដល់​ ដល់​ព្រម ពាល់ត្រូវ ធ្វើ​ឲ្យ​ជាក់ច្បាស់​ នូវការ​ទៀងទាត់ ដោយ​អរិយមគ្គទាំងឡាយ ហេតុនោះ (លោក​ពោលថា) ជាអ្នក​ទៀងទាត់។ ពាក្យថា មាន​ព្យាយាម សេចក្តី​ថា​​ សេចក្តី​ប្រឹងប្រែង ហៅ​ថា​​ សេចក្តី​ព្យាយាម បានដល់​ ការ​ប្រារព្ធ​​ព្យាយាមនៃចិត្ត ការ​ប្រឹងប្រែង ការ​ខ្នះខ្នែង ការ​ឧស្សាហ៍ ការ​ខ្មីឃ្មាត ការ​សង្វាត ការ​​សង្វាត​មាំ ការ​មិន​បន្ធូរបន្ថយព្យាយាម ការ​មិន​ដាក់បំណង ការ​មិន​ទម្លាក់ធុរៈ ការ​ផ្គងនូវ​ធុរៈ វីរិយៈ វីរិយិន្រ្ទិយ វីរិយពលៈ សម្មាវាយាមៈ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដល់​ ​ដល់​ព្រម មកជិត មកជិតព្រម ចូលទៅ​ដល់​ ចូលទៅ​ដល់​ព្រម ប្រកបដោយ​សេចក្តី​​ព្យាយាមនេះ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ឈ្មោះថា​​ មាន​ព្យាយាម ហេតុនោះ (លោក​​ពោលថា) មាន​ធម៌ពិចារណា​ហើយ​ ជាអ្នក​ទៀងទាត់ មាន​ព្យាយាម។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយ​រមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលប្រាថ្នានូវការ​អស់​តណ្ហា ជាអ្នក​មិន​ប្រហែស មិន​ល្ងង់ខ្លៅ ជាអ្នក​ចេះដឹង មាន​ស្មារតី មាន​ធម៌ពិចារណា​ហើយ​ ជាអ្នក​ទៀងទាត់ មាន​ព្យាយាម គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៧១] បុគ្គលអ្នក​មិន​តក់ស្លុត ព្រោះ​សំឡេងទាំងឡាយដូច​សីហៈ មិន​ជាប់ក្នុង​ជាលដូច​ខ្យល់ មិន​ទទឹកដោយ​ទឹកដូច​ឈូក គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៧២] ពាក្យថា​​ បុគ្គលមិន​តក់ស្លុត ព្រោះ​សំឡេងទាំងឡាយ ដូច​សីហៈ អធិប្បាយ​ថា​​ សីហៈជាស្តេចម្រឹគ មិន​តក់ស្លុត មិន​រន្ធត់ មិន​ញាប់ញ័រ មិន​ភ្ញាក់ផ្អើល មិន​ព្រឺព្រួច មិន​រំភើប មិន​ខ្លាច មិន​ភិតភ័យ មិន​ស្ញប់ស្ញែង មិន​រត់ ព្រោះ​សំឡេងទាំងឡាយ ​យ៉ាងណា​​មិញ ឯព្រះបច្ចេកសម្ពុទ្ធ ក៏មិន​តក់ស្លុត មិន​រន្ធត់ មិន​ញាប់ញ័រ មិន​ភ្ញាក់ផ្អើល មិន​ព្រឺព្រួច មិន​រំភើប មិន​ខ្លាច មិន​ភិតភ័យ មិន​ស្ញប់ស្ញែង មិន​រត់ លះភ័យគួរខ្លាច មិន​ព្រឺរោម ព្រោះ​សំឡេងទាំងឡាយ ក៏​យ៉ាងនោះដែរ ហេតុនោះ (លោក​ពោលថា) បុគ្គលមិន​តក់ស្លុត ព្រោះ​សំឡេងទាំងឡាយ ដូច​សីហៈ។

[៣៧៣] អធិប្បាយពាក្យថា​​ មិន​ជាប់ក្នុង​ជាលដូច​ខ្យល់ ត្រង់ពាក្យថា​​ ខ្យល់ បានដល់​ ខ្យល់ខាងកើត ខ្យល់ខាងលិច ខ្យល់ខាងជើង ខ្យល់ខាងត្បូង ខ្យល់មាន​ធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ច្រើន ខ្យល់កើតតាមកាល ខ្យល់ព្យុះ ខ្យល់ស្លាបសត្វ ខ្យល់គ្រុឌ ខ្យល់ផ្លិតស្លឹកត្នោត ខ្យល់កើតអំពី​ការ​បក់។ បណ្តាញធ្វើ​អំពី​អំបោះ ហៅ​ថា​​ ជាល។ ខ្យល់មិន​ជាប់ បុគ្គល​ចាប់មិន​បាន មិន​ទើសទាក់ មិន​ជាប់ចំពាក់​ក្នុង​ជាល ​យ៉ាងណា​មិញ ជាលមាន​ ២​យ៉ាង គឺ ជាលគឺតណ្ហា ១ ជាលគឺទិដ្ឋិ ១។បេ។ នេះជាល​គឺតណ្ហា។បេ។ នេះជាល​គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធនោះ លះចោល​នូវជាលគឺតណ្ហា រលាស់ចោលនូវជាល​គឺទិដ្ឋិ ព្រោះ​តែលះចោលនូវ​ជាលគឺ​តណ្ហា ព្រោះ​តែរលាស់​ចោលនូវ​ជាលគឺទិដ្ឋិ ព្រះបច្ចេក​សម្ពុទ្ធនោះ ទើបមិន​ជាប់ក្នុង​រូប មិន​ជាប់ក្នុង​សំឡេង។បេ។ មិន​ជាប់ មិន​កាន់​យក មិន​​ទើសទាក់ មិន​ជាប់ចំពាក់ក្នុង​ធម្មារម្មណ៍ ដែល​ឃើញ​ ឮ ប៉ះពាល់ ឬដឹង គឺលោកងាក​ចេញ​ ដោះចេញ​ រួចស្រឡះ មិន​ប្រកប មាន​ចិត្តមិន​សល់វល់ ក៏​យ៉ាងនោះឯង ហេតុនោះ (លោក​​ពោលថា) មិន​ជាប់ក្នុង​ជាល ដូច​ខ្យល់។

[៣៧៤] ពាក្យថា​​ មិន​ទទឹកដោយ​ទឹក ដូច​ឈូក អធិប្បាយថា​​ ផ្កាឈូក ហៅ​ថា​​ ឈូក។ ឧទកៈ ហៅ​ថា​​ ទឹក។ ផ្កាឈូកមិន​ជាប់ មិន​ប្រឡាក់ មិន​ដិតដាម​ដោយ​ទឹក ​យ៉ាង​ណា​​​មិញ គ្រឿងប្រឡាក់ពីរ​យ៉ាង គឺ គ្រឿងប្រឡាក់គឺតណ្ហា ១ គ្រឿងប្រឡាក់ គឺទិដ្ឋិ ១។បេ។​ នេះ​គ្រឿងប្រឡាក់គឺតណ្ហា។បេ។ នេះគ្រឿងប្រឡាក់គឺទិដ្ឋិ។ ព្រះបច្ចេកសម្ពុទ្ធ​នោះ លះបង់​នូវគ្រឿងប្រឡាក់គឺតណ្ហា រលាស់ចោលនូវគ្រឿងប្រឡាក់គឺទិដ្ឋិ ព្រោះ​តែ​លះ​បង់​​នូវ​គ្រឿង​ប្រឡាក់គឺតណ្ហា ព្រោះ​តែរលាស់ចោលនូវគ្រឿងប្រឡាក់គឺទិដ្ឋិ ព្រះបច្ចេកសម្ពុទ្ធ​នោះ ទើបមិន​ប្រឡាក់ក្នុង​រូប មិន​ប្រឡាក់ក្នុង​សំឡេង។បេ។ មិន​ជាប់ មិន​ជាប់​ស្អិត ក្នុង​​ធម្មារម្មណ៍​ដែល​ឃើញ​ ឮ ប៉ះពាល់ ឬដឹង គឺថា​​លោកមិន​ប្រឡាក់ មិន​ដិតដាម ងាកចេញ​ ដោះចេញ​ រួចស្រឡះ មិន​ប្រកប មាន​ចិត្តមិន​សល់វល់ ក៏​យ៉ាងនោះដែរ ហេតុនោះ (លោក​​ពោលថា​​) មិន​ទទឹកដោយ​ទឹកដូច​ឈូក។ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ​ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

បុគ្គលមិន​តក់ស្លុត ព្រោះ​សំឡេងទាំងឡាយ ដូច​សីហៈ មិន​ជាប់ក្នុង​ជាល ដូច​ខ្យល់ មិន​ទទឹកដោយ​ទឹក ដូច​ឈូក គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៧៥] សីហៈជាស្តេចម្រឹគ មាន​ចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង​នូវសត្វទាំងឡាយ ​យ៉ាងណា ​បុគ្គលសេពសេនាសនៈ​ដ៏ស្ងាត់ ក៏​យ៉ាងនោះ គប្បី​ប្រព្រឹត្តទៅ​ម្នាក់ឯង ដូច​កុយរមាស។

[៣៧៦] ពាក្យថា​​ សីហៈជាស្តេចចម្រឹគ មាន​ចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង ​យ៉ាងណា​ អធិប្បាយថា​​ សីហៈជាស្តេចម្រឹគ មាន​ចង្កូមជាកម្លាំង មាន​ចង្កូម​ជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញី នូវសត្វតិរច្ឆានទាំងពួង ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ​យ៉ាងណា​មិញ ឯព្រះបច្ចេកសម្ពុទ្ធ មាន​បញ្ញាជាកម្លាំង ​មាន​បញ្ញាជាអាវុធ គំរាម កំហែង គ្របសង្កត់ កាច់កិន ញាំញី នូវសត្វទាំងពួង​ដោយ​បញ្ញា ហើយ​ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ក៏​យ៉ាងនោះដែរ ហេតុនោះ (លោក​ពោលថា​) សីហៈជាស្តេចម្រឹគ មាន​ចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង ​យ៉ាងណា។

[៣៧៧] ពាក្យថា​​ សេពនូវសេនាសនៈ​ដ៏ស្ងាត់ អធិប្បាយថា​​ សីហៈជាស្តេចម្រឹគ ចូលកាន់​ព្រៃតូច ព្រៃធំ ហើយ​ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​យាត្រាទៅ​ ​យ៉ាងណា​ ឯព្រះបច្ចេកសម្ពុទ្ធ ក៏សេពព្រៃតូច ព្រៃធំ ជាសេនាសនៈ​ដ៏ស្ងាត់ មិន​មាន​សំឡេង មិន​មាន​​សូរគឹកកង ប្រាសចាក​ខ្យល់​ដែល​កើត​អំពី​សរីរៈ​របស់ជន ជាទីស្ងាត់​របស់មនុស្ស គួរដល់​​​ការ​ពួនសម្ងំ ​យ៉ាងនោះដែរ។ ព្រះបច្ចេកសម្ពុទ្ធនោះ ដើរម្នាក់ឯង ឈរម្នាក់ឯង អង្គុយម្នាក់​ឯង សិងម្នាក់ឯង ចូលទៅ​កាន់​ស្រុក ដើម្បី​បិណ្ឌបាតម្នាក់ឯង ត្រឡប់មកវិញម្នាក់ឯង គង់​នៅ​ក្នុង​ទីស្ងាត់ម្នាក់ឯង អធិដ្ឋាន​ចង្រ្កមម្នាក់ឯង ចរ ត្រាច់ ទៅ​ ប្រព្រឹត្ត រក្សា យាត្រា ឲ្យ​​យាត្រាទៅ​ ម្នាក់ឯង ហេតុនោះ (លោក​ពោលថា) សេពនូវសេនាសនៈ​ដ៏ស្ងាត់។ គប្បី​​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ​ពោលថា​​

សីហៈជាស្តេចម្រឹគ មាន​ចង្កូមជាកម្លាំង ប្រព្រឹត្តគ្របសង្កត់ កំហែង នូវសត្វទាំងឡាយ ​យ៉ាងណា​ បុគ្គលសេពសេនាសនៈ​ដ៏ស្ងាត់ ក៏​យ៉ាងនោះ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៧៨] បុគ្គលកាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា​ និងមុទិតា ក្នុង​កាលគួរ តែង​ត្រូវសត្វលោកទាំងពួងមិន​ស្អប់ គប្បី​ប្រព្រឹត្តម្នាក់ឯង ដូច​កុយរមាស។

[៣៧៩] ពាក្យថា​​ កាលសេពនូវវិមុត្តិ គឺ មេត្តា ឧបេក្ខា ករុណា​ និងមុទិតា ក្នុង​កាល​គួរ អធិប្បាយថា​​ ព្រះបច្ចេកសម្ពុទ្ធនោះ មាន​ចិត្តប្រកបដោយ​មេត្តា ផ្សាយទៅ​កាន់​ទិសទី ១ ទិស​ទី ២ ដូច​គ្នា ទិសទី ៣ ដូច​គ្នា ទិស