សំវរធម៌

សំវរធម៌ ៥យ៉ាង

បាតិមោក្ខសំវរ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទ​ដែល​មាន​នៅ​ក្នុង​បាតិមោក្ខ បាន​ដល់​បារាជិក ៤ សង្ឃាទិសេស ១៣ អិយត ២ និស្សគ្គិយ​បាចិត្តិយ ៣០ សុទ្ធិក​បាចិត្តិយ ៩២ បាដិទេសនិយ ៤ សេក្ខិយវត្ត ៧៥ អធិករណសមថ ៧ រួមជា ២២៧ និង​សេចក្តី​សង្រួម​នូវ​កាយ វាចា មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ ខាង​ក្រៅ​បាតិមោក្ខ បានដល់​ពួក​សិក្ខាបទ​ដែលជា​ពួក​ថុល្លច្ចយាបត្តិ ទុក្កដាបត្តិ ទុព្ភាសិតាបត្តិ សីល​នេះ​ជា​បាតិមោក្ខសំវរសីល។

សតិសំវរ សេចក្តី​សង្រួម​សតិ បានដល់​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង ៦ គឺ ចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១ គឺជា​ការ​សង្រួម​ស្មារតី​តាម​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ហាមឃាត់​មិនឲ្យ​អកុសលធម៌ គឺ​អភិជ្ឈា និង​ទោមនស្ស និង​បាបធម៌​កើតឡើង​គ្រប​សង្កត់​ចិត្ត​បាន​ក្នុង​ខណៈ​ដែល​មាន​អារម្មណ៍ មាន​រូបារម្មណ៍​ជាដើម មកប៉ះ​ខ្ទប់​នឹងទ្វារ មាន​ចក្ខុទ្វារ​ជាដើម។ សីលនេះ​ជាឥន្ទ្រិយសំវរសីល។

ញាណសំវរ សេចក្តីសង្រួមញាណ (ការដឹង) បានដល់​ប្រាជ្ញាដែល​ដំកល់​ដោយ​ប្រពៃ ពិចារណា​ក្នុង​ការ​ប្រើប្រាស់​នូវបច្ច័យ ៤គឺ ចីវរប្បច្ច័យ ១ បិណ្ឌបាតបច្ច័យ ១ សេនាសន​បច្ច័យ ១ គិលានភេសជ្ជ​បច្ច័យ ១ តាម​សមគួរ​ដល់​ធម៌​នៃការ​ប្រើប្រាស់​បច្ច័យ​របស់​អ្នកបួស មាន​ធាតុបច្ចវេក្ខណៈ​ជាដើម។ សីលនេះ​ជា​​បច្ចយសន្និស្សិតសីល។

ខន្តិសំវរ សេចក្តីសង្រួម​ក្នុងការអត់ទ្រាំ​គ្រប់យ៉ាង ចំពោះ​ត្រជាក់ និងក្តៅ លោកធម៌ ៨ គឺ​លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ សរសើរ ១ សុខ ១ ទុក្ខ ១ ជាដើម ដែល​កើត​ឡើង​ដល់​ខ្លួន។

វីរិយសំវរ សេចក្តីសង្រួមនូវការព្យាយាម បានដល់​ការ​ព្យាយាម​អត់សង្កត់​កំចាត់​នូវ​នូវ​អកុសល​វិតក្កៈ ៣គឺ កាមវិតក្កៈ (សេចក្តី​ត្រិះរិះ​ពីកាម) ១ ព្យាបាទវិតក្កៈ (សេចក្តី​ត្រិះរិះ​ពីព្យាបាទ) ១ វិហិង្សាវិតក្កៈ (សេចក្តី​ត្រិះរិះ​ពីបៀតបៀន​សត្វ) ១ ដែល​កើត​ឡើង​គ្រប​សង្កត់​ចិត្ត។ ម្យ៉ាង​ទៀត សេចក្តី​បរិសុទ្ធិ​នៃ​ការ​រស់នៅ​របស់​អ្នកបួស ដោយការ​លះបង់​នូវ​បាបធម៌ ៥ និង​អនេសនៈ ២១ ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​សំដែង​ហើយ ក្នុង​អាជីវ​បារិសុទ្ធិសីល ក៏រាប់​សង្គ្រោះ​ក្នុង​វីរិយ​សំវរៈ​នេះដែរ។

សេចក្តី​សង្រួម ៥យ៉ាង និង​ចេតនា​វៀរចាក​ចំពោះ​វត្ថុ​ដែល​ដល់ព្រម​របស់​កុលបុត្ត ដែល​ជា​អ្នក​ភ័យ​ខ្លាច​ក្នុងបាប ក៏ហៅថា សំវរសីល​ទាំងអស់។

(បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

Ein Kommentar zu “សំវរធម៌

Kommentare sind geschlossen.