សីល

តើអ្វីជាតួសីល?

ធម៌ ៤យ៉ាង គឺ ចេតនា ១ ចេតសិក ១ សំវរៈ ១ អវីតិក្កមៈ ១ របស់​បុគ្គល​វៀរចាក​អំពើ មាន​បាណាតិបាត​ (ការសម្លាប់សត្វ) ជាដើម ឬថា របស់​បុគ្គល​កាល​បំពេញ​នូវ​វត្ត​ប្រតិបត្តិ ហៅ​ថា សីល។

ន័យ​ក្នុង​បដិសម្ភិទា មាន​ពោលថា

មាន​ព្រះពុទ្ធដីកា​ថា ចេតនាហំ ភិក្ខវេ សីលំ វទាមិ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ហៅ​ចេតនា​ជា​តួសីល។

ចេតនា គឺ​ធម្មជាត​អ្នកគិត ចាត់ចែង សន្សំ។ បានសេចក្តីថា ធម្មជាត​ដែលញុំាង​សម្បយុត្ត​ធម៌ គឺចិត្ត និងចេតសិក ដែល​ប្រកប​ជាមួយ ឲ្យហូរ​ចុះទៅ​ក្នុងសីល។

ការគិត គំនិត ការចាត់ចែង​របស់បុគ្គល វៀរចាក​បញ្ចវេរា (ការ​សម្លាប់សត្វ ១ ការ​លួចទ្រព្យគេ ១ ការ​ប្រព្រឹត្ត​ខុស​ក្នុងកាម ១ ការ​ពោលពាក្យ​កុហក ១ ការ​ផឹក​នូវ​ទឹកស្រវឹង ១) តាម​ផ្លូវ​កាយ ឬផ្លូវ​វាចា ហៅថា សីល។ ម្យ៉ាងទៀត ចេតនា​ក្នុងការ​លះ​អកុសល​​កម្មបថ ៧ (កាយកម្ម ៣ វចីកម្ម ៤) របស់​បុគ្គល ក៏​ហៅថា សីល។

ការគិត គំនិត ការចាត់ចែង​របស់បុគ្គល​អ្នករក្សា​ឧបោសថសីល​ក្តី សីល​ ១០ក្តី ការ​លះបង់​នូវ​អំពើ មាន​បាណាតិបាត​ (សម្លាប់សត្វ) ជាដើម ហៅថា​ សីល។ 

ការគិត គំនិត ការចាត់ចែងរបស់បុគ្គល កាល​បំពេញនូវ​វត្តប្រតិបត្ត មានឧបជ្ឈាយវត្ត ដោយ​កាយ វាចា អាចរិយវត្ត​ជាដើម ក្នុង​ព្រះពុទ្ធសាសនា​នេះ ក៏ហៅថា សីល។​

ចេតសិកំ សីលំ ចេតសិក​ជាតួ​សីល។ ចេតសិក គឺ​ធម្មជាតិ​ មានការកើត និងការរលត់​ព្រម​គ្នា​នឹង​ចិត្ត ហៅថា ចេតសិក។ ចេតសិក​ក្នុងទីនេះ បានដល់​ធម៌ ៣យ៉ាង គឺ

  1. អនភិជ្ឈា ការមិនសំឡឹងរំពៃចង់បាន​ទ្រព្យរបស់អ្នកដទៃ ជា​អលោភចេតសិក។
  2. អព្យាបាទ ការមិនចងគំនុំ​ចង់ឲ្យអ្នក​ដទៃវិនាស ជាអទោសចេតសិក។
  3. សម្មាទិដ្ឋិ កាលយល់ឃើញត្រូវ ជាអមោហចេតសិក។

សំវរោសីលំ សេចក្តី​សង្រួម​ជាតួ​សីល។ សេចក្តីសង្រួម (សំវរធម៌) មាន ៥យ៉ាងគឺ

  1. បាតិមោក្ខសំវរ
  2. សតិសំវរ
  3. ញាណសំវរ
  4. ខន្តិសំវរ
  5. វីរិយសំវរ

អវិតិក្កមោសីលំ ការ​មិន​ប្រព្រឹត្ត​កន្លង​ ជាតួសីល។ បានដល់​ការ​មិន​ប្រព្រឹត្ត​កន្លង​ដែល​ប្រកប​ដោយ​កាយ វាចា​របស់​បុគ្គល​ដែល​បាន​សមាទាន​សីល មាន​សីល ៥ សីល ៨ សីល ១០ ហ្នឹង​ឯង។ ឧបាសក ឧបាសិកា​ដែល​បាន​សមាទាន​សីល​ហើយ ក៏ប្រឹង​សង្រួម​កាយ វាចា​ដោយ​ប្រពៃ​តាម​សិក្ខាបទ​ទាំងឡាយ​ដែល​ខ្លួន​បាន​សមាទាន​ហើយ គឺ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ណាមួយឡើយ។ សីល​របស់​ឧបាសក ឧបាសិកា ដែល​កើត​ឡើង​នេះ​ឯង ហៅថា អវិតិក្កមសីល។

សីលមាន ៤ប្រភេទ

សីលមាន ៤ប្រភេទគឺ សីល ៥ សីល ៨ សីល ១០ និងសីល ៤។

សីល ៥ និងសីល​ ១០ ហៅ​ថា​និច្ចសីល គឺសីល​ដែល​បុគ្គល​អ្នក​មាន​បំណង​សមាទាន អាច​​រក្សារាល់ថ្ងៃបាន។

សីល ៨ ហៅថា ឧបោសថសីល ជាសីល​ដែល​បុគ្គល​អ្នក​សមាទាន ត្រូវ​រក្សា​តាម​ពេល​វេលា​នៃ​ថ្ងៃ​ឧបោសថ។

សីល ៤ ហៅថា អធិសីល ជាសីល​ដ៏​ក្រៃលែង​របស់​ភិក្ខុ និង​ភិក្ខុនី ដែលជា​ញត្តិសីល។

សីល​របស់​សាមណេរ ក៏ដូច​ជា​សីល​របស់​ភិក្ខុដែរ តែ​មាន​សិក្ខាបទ​តិចជាង​សិក្ខាបទ​របស់​ភិក្ខុ។ សីល​របស់​សាមណេរ មាន​សិក្ខាបទ ១០ ទណ្ឌកម្ម ១០ នាសនង្គ ១០ សេក្ខិយវត្ត ៧៥ និង​សិក្ខាបទ​ជា​លោកវជ្ជ ៤៩ ដែល​មាន​ក្នុង​បាតិមោក្ខ​របស់​ភិក្ខុ​ដែរ។ សាមណេរ ក៏​ត្រូវ​មាន​ការ​សង្រួម​នូវ​ឥន្ទ្រិយ ៦ មាន​ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ និង​ការ​ការ​ចិញ្ចឹម​ជីវិត​ដ៏ស្អាត លះបង់​នូវ​ធម៌​ដ៏លាមក មានការ​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​នូវ​បច្ច័យ ៤ មាន​ធាតុបច្ចវេក្ខណៈ​ជាដើម ដូច​ភិក្ខុដែរ។

អត្ថរបស់សីល

សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ

  1. សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។
  2. ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​

ន័យម្យ៉ាងទៀត

សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺ

  1. សិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។
  2. សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។
  3. សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។
  4. សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។ សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។

ពាក្យថា កិច្ច ឬ​សម្បត្តិ ជា​រសរបស់សីល។

សីល មានកិរិយាកំចាត់បង់​នូវ​ភាព​ទ្រុស្តសីល​ជាកិច្ច។
សីល មានគុណ គឺការ​មិនមាន​ទោសជាសម្បត្តិ។
សីល មានភាពស្អាត (គឺស្អាតកាយ វាចា ចិត្ត) ជាអាការៈប្រាកដ គឺផល។

សីល មានធម៌ពីរយ៉ាង ជាហេតុពិត។

  1. ហិរិ សេចក្តីខ្មាសបាប។ មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។
  2. ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។

សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។

អានិសង្សរបស់សីល

ក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា

កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។

អានិសង្ស​សីល ៥ទៀតគឺ

  1. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។
  2. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។
  3. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។
  4. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។
  5. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។

សិក្ខាបទ ៥

  1. បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
  2. អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
  3. កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។
  4. មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។

សិក្ខាបទ ១០

  1. បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
  2. អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
  3. អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។
  4. មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។
  6. វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។
  7. នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។
  8. មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។
  9. ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។
  10. ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។

សិក្ខាបទ

  1. បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។
  2. អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
  3. អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។
  4. មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។
  5. សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។
  6. វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។
  7. នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។
  8. ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។

ឧបោសថសីល ៣យ៉ាង

ឧបោសថសីល មាន​៣យ៉ាង​គឺ

  1. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។
  2. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។
    កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។

    រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។

  3. បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។
    ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។
    ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។

    បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។

    ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។

    បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។

    អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។
    អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។

សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។

ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។

បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។

អង្គនៃសិក្ខាបទ

បាណាតិបាត មានអង្គ៥

  1. បាណោ សត្វមានជីវិត។
  2. បាណសញ្ញិតោ សេចក្តីដឹងថា សត្វមានជីវិត។
  3. វធកចិត្តំ គិតនឹងសម្លាប់។
  4. ឧបក្កមោ ព្យាយាមនឹងសម្លាប់។
  5. តេនមរណំ សត្វស្លាប់ដោយព្យាយាមនោះ។

អទិន្នាទាន មានអង្គ ៥

  1. បរបរិគ្គហិតំ ទ្រព្យដែលម្ចាស់គេហួងហែងរក្សា។
  2. បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថា ទ្រព្យមានម្ចាស់គេ​ហួង​ហែង​រក្សា។
  3. ថេយ្យចិត្តំ គិតនឹងលួច។
  4. ឧបក្កមោ ព្យាយាមនឹងលួច។
  5. តេនហរណំ លួចបានមកដោយព្យាយាមនោះ។

កាមេសុមិច្ឆាចារ មានអង្គ ៤

  1. អគមនីយដ្ឋានំ ស្ត្រីដែលមិនគួរនឹងគប់រក គឺស្ត្រី​ដែល​មាន​គេហួង​ហែង​រក្សា(*)។
  2. តស្មឹសេវនចិត្តំ ព្យាយាម​នឹងសេពនូវ​មេថុនធម្ម។
  3. ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម។
  4. មគ្គេនមគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឲ្យដល់គ្នា។

(*) ស្ត្រីដែល​មិនគួរ​នឹង​គប់រក បានដល់​ស្ត្រី ២០ពួក គឺ

  1. មាតុរក្ខិតា ស្ត្រីដែលមាតាថែរក្សា។
  2. បិតុរក្ខិតា ស្ត្រីដែលបិតាថែរក្សា។
  3. មាតាបិតុរក្ខិតា ស្ត្រីដែលមានមាតាបិតាថែរក្សា។
  4. ភាតុរក្ខិតា ស្ត្រីដែលមានបងប្រុស ឬប្អូនប្រុសថែរក្សា។
  5. ភគិនិរក្ខិតា ស្ត្រីដែលមានបងស្រី ឬប្អូនស្រីថែរក្សា។
  6. ញាតិរក្ខិតា ស្ត្រីដែលមានញាតិថែរក្សា។
  7. គោត្តរក្ខិតា ស្ត្រីដែលមានគោត្តថែរក្សា (អ្នកមានត្រកូលដូចគ្នាថែរក្សា)។
  8. ធម្មរក្ខិតា ស្ត្រីដែលមានធម៌ថែរក្សា ។
    ស្ត្រីទាំង ៨ពួកនេះ បើបុរសណាមួយសេពហើយ ត្រូវទោស​កាមេសុមិច្ឆាចារ​តែ​ខាង​បុរស ឯស្រី​ មិនត្រូវ​ទោស​អ្វីឡើយ ព្រោះស្រីនោះ មាតាបិតាជាដើម គ្រាន់តែ​ឃុំគ្រង​រក្សា​កេរិ៍្តមារយាទ​ខាង​ក្រៅៗ​ប៉ុណ្ណោះ មិនមែន​ជា​ម្ចាស់​សម្ផ័ស្ស​របស់​ស្រីនោះ​ទេ គឺ​គ្មាន​ស្វាមី​គ្រប់គ្រង។
  9. សារក្ខា ស្ត្រីដែលមានប្តីថែរក្សា។
  10. សបរិទណ្ឌា ស្ត្រីដែលមានស្តេច​ដាក់អាជ្ញាថា យកធ្វើជាទេពី។
  11. ធនក្កីតា ស្ត្រីដែលគេទិញដោយទ្រព្យ។
  12. ឆន្ទវាសិនី ស្ត្រីដែលនៅដោយស្ម័គ្រចិត្តគ្នានឹងគ្នា។
  13. ភោគវាសិនី ស្ត្រីដែលនៅដោយសម្បត្តិ។
  14. បជវាសិនី ស្ត្រីដែលនៅនឹងគ្នាដោយសំពត់ស្លៀកដណ្តប់។
  15. ឱទបត្តភិនី ស្ត្រីដែលគេផ្អោបដៃជាមួយបុរស ហើយជ្រលក់​ទៅ​ក្នុង​ពាងទឹក ឬផ្តិលទឹក។
  16. ឱភតចុម្កដា ស្ត្រីដែលគេដាក់ទ្រនូលពីក្បាល គឺស្ត្រីអ្នករកឧសជាដើម។
  17. ទាសី ច ភរិយា ច ស្ត្រីដែលជាទាសីគេផង ជាភរិយាគេផង គឺ​ស្រីដែលជា​ទាសី​របស់​បុរស​ណាមួយ ហើយបុរស​នោះ​យក​ធ្វើជា​ភរិយា។
  18. កម្មការីភរិយា ស្ត្រីដែលជាកូនឈ្នួល​របស់​បុរស​ណាមួយ ហើយ​បុរស​នោះ​យក​ធ្វើ​ជា​ភរិយា។
  19. ធជាហដា ស្ត្រីដែលគេចាប់​ពីក្នុង​ទ័ព។
  20. មហុត្តិកា ស្ត្រីដែលនៅជាមួយគ្នាជាប្តីប្រពន្ធ​តែមួយ​វេលា។
    ស្ត្រីទាំង១២នេះ បើបុរសណាមួយទៅសេពហើយ ត្រូវទោស​កាមេសុមិច្ឆាចារទាំង​បុរស​ទាំង​ស្ត្រី ព្រោះស្រី​នោះ មានស្វាមី​គ្រប់គ្រង​ថែរក្សា ឈ្មោះថា លួច​សម្ផស្ស​របស់​ស្វាមី​ទៅ​ឲ្យ​បុរស​ដទៃ។

អព្រហ្មចរិយ មានអង្គ ៤

  1. ភេទនវត្ថុ វត្ថុជាទីទំលាយនៃសីល គឺទ្វារមគ្គ ៣០(*) ចំពោះទ្វារ​ណាមួយ។
  2. សេវនចិត្តំ គិតនឹងសេព។
  3. តជ្ជោវាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
  4. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនិងមគ្គឲ្យដល់គ្នា។

(*) ទ្វារមគ្គ មាន ៣០ គឺ មនុស្ស ១០ អមនុស្ស ១០ សត្វតិរច្ឆាន ១០។

  • ទ្វារមគ្គរបស់មនុស្ស ១០ គឺ បុរសមានទ្វារ ២ (ទ្វារមាត់ ១ ទ្វារលាមក ១)។ ស្ត្រីមានទ្វារ ៣ (ទ្វារមាត់ ១ ទ្វារមូត្រ ១ ទ្វារលាមក ១)។ ខ្ទើយ​មានទ្វារ ២ (ទ្វារមាត់ ១ ទ្វារលាមក ១)។ ឧភតោព្យញ្ជនក​មានទ្វារ ៣ (ទ្វារមាត់ ១ ទ្វារមូត្រ ១ ទ្វារលាមក ១)។
  • ទ្វារមគ្គរបស់អមនុស្ស ១០ និងសត្វតិរច្ឆាន ១០ ក៏រាប់តាមរបៀបដូច​ទ្វារមគ្គ​របស់​មនុស្ស។

មុសាវាទ មានអង្គ ៤

  1. អតថំវត្ថុ វត្ថុមិនពិត។
  2. វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
  3. តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុសនោះ។
  4. បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃ​ឲ្យដឹងច្បាស់​នូវ​សេចក្តី​នោះ។

សុរាមេរយ មានអង្គ ៤

  1. មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរា និងមេរ័យ។
  2. បាតុកម្យតាចិត្តំ ចិត្តប្រាថ្នាដើម្បីនឹងផឹក។
  3. តជ្ជោ វាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
  4. តស្សបានំ បានផឹកនូវទឹកស្រវឹងនោះ ឲ្យកន្លងបំពង់កចូលទៅ។

វិកាលភោជន មានអង្គ ៣

  1. វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់នឹង​អរុណរះ។
  2. យាវកាលិកំ របស់ដែល​គួរ​បរិភោគ​បាន​ក្នុងកាល គឺតាំង​ពីអរុណរះ​ឡើង ដរាប​ដល់​ថ្ងៃ​ត្រង់។
  3. អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។

នច្ចគីត ព្រមទាំងមាលា រួមគ្នា​បានជា​សិក្ខាបទ​មានអង្គ ៦

  1. នច្ចគិតាទិ ការល្បែង មានរាំ និងច្រៀងជាដើម។
  2. កត្តុកម្យតាចិត្តំ ចិត្តប្រាថ្នាដើម្បីនឹងធ្វើ។
  3. សុតទស្សនត្ថាយគមនំ ទៅដើម្បីនឹងស្តាប់ ឬមើល​ហើយបាន​ស្តាប់ ឬមើល។
  4. មាលាទិ វត្ថុសម្រាប់ប្រដាប់កាយ មានផ្កាកម្រងជាដើម។
  5. ធារណឆន្ទតា សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង។
  6. តស្សធារណំ បានប្រដាប់តាក់តែង​នូវវត្ថុ​សម្រាប់​ប្រដាប់​កាយ មានផ្កា​កម្រង​ជា​ដើម​នោះ។

ឧច្ចាសយន មានអង្គ ៣

  1. ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរ​ហួស​ប្រមាណ (*)។
  2. បរិភោគចិត្តំ គិតនឹងដេក ឬអង្គុយ។
  3. បរិភោគករណំ បានដេក ឬអង្គុយ។

(*) ទីដេកអង្គុយ មានគ្រែ ឬតាំងជាដើមដែលខ្ពស់លើសជាង ៨ធ្នាប់ព្រះសុគតឡើងទៅ ហៅថា​ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ។
ខ្នាត ៨ធ្នាប់ព្រះសុគតនោះគឺ រាប់ចាប់ពីមេគ្រែ ឬតាំង​ឰដ៏ខាងក្រោម​ចុះមកស្មើនឹង ១​ហត្ថ​ក្តាប់​ដៃ និង​ ១ចំអាម​នៃ​បុរស​ធម្មតា។

ជាតរូប មានអង្គ ៣

  1. ជាតរូបរជតំ មាស ឬប្រាក់ជាអកប្បិយភណ្ឌ។
  2. អត្តុទ្ទិសតា ចំពោះជារបស់ខ្លួន។
  3. បដិគណ្ហាទិ បានទទួលកាន់យកដោយខ្លួនឯង ឬប្រើគេឲ្យទទួល​កាន់​យក​ទុក​ដាក់​ឲ្យ ហើយ​ត្រេកអរ​ចំពោះ​មាស ឬប្រាក់​នោះដោយ​ឧបាយ​ឯណា​នីមួយ។

កាលបើឧបាសក ឧបាសិកាប្រព្រឹត្តឲ្យកន្លងសិក្ខាបទណាៗ លុះតែ​ព្រម​ដោយ​អង្គ​ក្នុង​សិក្ខាបទ​នោះៗ ទើប​ឈ្មោះ​ថា​កន្លង បើ​មិនទាន់​ព្រម​ដោយ​អង្គ​នោះទេ ក៏​មិនបាន​ឈ្មោះ​ថា កន្លង​នូវ​សិក្ខាបទ​នោះៗ​ឡើយ។

គ្រឿងសៅហ្មងនៃសីល

ការកើតឡើងធម៌ គឺ ​ខណ្ឌ ដាច់ ឆិទ្ទ ធ្លុះ សពល ពពាល កម្មាស ពព្រុះ នៃសីល ព្រោះ​ហេតុ​តែ​លាភ យស ញាតិ រាងកាយ ជីវិត​ផង​ ដោយ​មេថុនសំយោគ ៧ផង ហៅថា គ្រឿង​សៅហ្មង​របស់​សីល។

សីលដាច់ គឺដាច់ត្រង់សិក្ខាបទខាងដើម ឬត្រង់ទីបំផុត​ក្នុង​អាបត្តិ​ទាំង ៧កង ដូច​ជាសំពត់​សាដក ដែល​ដាច់​ត្រង់ជាយ។ តួយ៉ាង ដូចជាសីល ៥ គឺដាច់ត្រង់​សិក្ខាបទ ទី១ (បាណាតិបាត) និងសិក្ខាបទ ទី៥ (​សុរាមេរយមជ្ជប្បមាទដ្ឋាន)។

សីលធ្លុះ គឺបែកធ្លាយត្រង់សិក្ខាបទកណ្តាល ដូចជាសំពត់សាដក ដែលធ្លុះ​ចំកណ្តាល។ តួយ៉ាង ដូចជាសីល ៥ គឺ​បែក​ធ្លាយ​ត្រង់​សិក្ខាបទ ​ទី៣ (កាមេសុមិច្ឆាចារ)។

សីលពពាល គឺបែកធ្លាយ​ត្រង់​សិក្ខាបទ​ពីរបី តាម​លំដាប់ ដូច​មេគោ​ពពាល។ តួយ៉ាង​ដូច​ជា សីល៥ បែក​ធ្លាយ​ត្រង់​សិក្ខាបទ ទី២ (អទិន្នាទាន) ឬ​សិក្ខាបទ ទី៣ (កាមេសុមិច្ឆាចារ) តាម​លំដាប់។

សីលពព្រុះ គឺដាច់​ត្រង់​សិក្ខាបទ​ជាចន្លោះៗ ដូចមេគោ​ពព្រុះ។ តួយ៉ាង​សីល ៥ គឺ​បែក​ធ្លាយ​ត្រង់​សិក្ខាបទ ទី២ (អទិន្នាទាន) និងសិក្ខាបទ​ ​ទី៤ (មុសាវាទ) ជាដើម។

វិធីសមាទានសីល

ក្នុង​កិច្ច​សមាទានសីលនេះ​ ឧបាសក​ ឧបាសិកា​ ដែល​មានសទ្ធាជ្រះថា្ល​ ក្នុង​ព្រះពុទ្ធសាសនា​ គប្បី​សមាទានសីលនឹងអាចារ្យ​ ឬភិក្ខុសាមណេរជាបុគ្គល ឬក៏សង្ឃដែលគង់នៅក្នុងទីនោះ​ ។

សមាទាន​ និច្ច​សីល​ ឬបញ្ចសីល

ឧកាស (អហំ/មយំ)​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ បញ្ចសីលានិ​ យាចា (មិ/ម)​ ។

ទុតិយម្បិ (អហំ/មយំ)​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ បញ្ចសីលានិ​ យាចា (មិ/ម)​ ។

តតិយម្បិ (អហំ/មយំ)​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ បញ្ចសីលានិ​ យាចា (មិ/ម)​ ។
ខ្ញុំ​សូមគោរព​បពិត្រព្រះករុណាដ៏ចម្រេីន​ ខ្ញុំ​ព្រះករុណា​/​ ខ្ញុំ​ព្រះករុណា​​ទាំងឡាយ​ សូម​នូវ​សីល​ទាំងឡាយ​ ៥​ មួយអន្លេី​ដោយព្រះត្រៃសរណគមន៍​ ដេីម្បីប្រយោជន៍​ និងរក្សាផ្សេងៗគ្នា​ បពិត្រ​ព្រះករុណា​ដ៏ចម្រេីន​ ខ្ញុំ​ព្រះករុណា​/ខ្ញុំ​ព្រះករុណា​ទាំងឡាយ​ សូមនូវសីលទាំងឡាយ​ ៥​ មួយ​អន្លេី​ដោយ​ព្រះត្រៃសរណគមន៍​ ដេីម្បី​ប្រយោជន៍​ និង​រក្សា​ផ្សេងៗគ្នា​។ ជា​គម្រប់​ពីរដងផង​ /ជា​គម្រប់​​​បីដងផង​ ។

ការទទួលសីល
(ត្រូវ​ថាតាមលោកឲ្យច្បាស់ៗ​ កុំឲ្យខ្សឹបជាដាច់ខាត)

ន​ មោ​ តស្ស​ ភគវតោ​ អរហតោ​ សម្មាសម្ពុទ្ធ​ស្ស។​ (បីដង)
រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមាន​ដល់​ព្រះដ៏មានព្រះភាគ​អង្គនោះ ព្រះអង្គ​​ជា​ព្រះអរហន្ត​ដ៏ប្រសេីរ​ ទ្រង់​ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ឥត​មាន​គ្រូ​អាចារ្យ​ណា​ប្រដៅ​ព្រះអង្គ​ឡេីយ​ ។

ពុទ្ធំ​ សរណំ​ គច្ឆាមិ​ ខ្ញុំ​ព្រះករុណា​សូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក​។
ធម្មំ​ សរណំ​ គច្ឆាមិ​ ខ្ញុំ​ព្រះករុណា​សូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក​។
សង្ឃំ​ សរណំ​ គច្ឆាមិ​
ខ្ញុំ​ព្រះករុណា​សូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក​។

ទុតិយម្បិ ពុទ្ធំ​ សរណំ​ គច្ឆាមិ​ ​ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះពុទ្ធ​​ ជាទីពឹង​ទីរលឹក​ជាគម្រប់​ពីរ​ដង​​ផង​។
ទុតិយម្បិ ធម្មំ សរណំ​ គច្ឆាមិ​ ​ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះធម៌ ជាទីពឹង​ទីរលឹក​ជាគម្រប់​ពីរ​ដង​​ផង​។
ទុតិយម្បិ សង្ឃំ សរណំ​ គច្ឆាមិ​ ​ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះសង្ឃ ជាទីពឹង​ទីរលឹក​ជាគម្រប់​ពីរ​ដង​ផង​។

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះពុទ្ធ​​ ជាទីពឹង​ទីរលឹក​ជាគម្រប់បី​ដង​​ផង​។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះធម៌ ជាទីពឹង​ទីរលឹក​ជាគម្រប់បី​ដង​​ផង​។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំ​ព្រះករុណា​ សូមដល់នូវព្រះសង្ឃ​​ ជាទីពឹង​ទីរលឹក​ជាគម្រប់បី​ដង​​ផង​។

តិសរណគ្គហនំ​ បរិបុណ្ណំ​ កិរិយា​កាន់យកនូវព្រះត្រៃសរណគមន៍បរិបូរតែប៉ុណ្ណោះ​ ។
អាម​ ភន្តេ​ ករុណា​លោកម្ចាស់​ ។

ទទួល​សិក្ខាបទ

បាណាតិបាតា​ វេរមណី​ សិក្ខាបទំ​ សមា​ទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​ នូវ​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​​មាន​ជីវិត​ឲ្យធ្លាក់​ចុះគន្លង​ គឺ​​សម្លាប់​​សត្វ​ ។

អទិន្នាទានា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​​នូវ​សិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​ កាន់​យកនូវ​វត្ថុដែល​គេមិន​បាន​ឲ្យដោយ​កាយ​ ឬដោយ​វាចា​ ។

កាមេ​សុមិច្ឆាចារា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវ​​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​ខុសក្នុង​កាម​ទាំងឡាយ​ ។

មុសាវាទា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវសិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​​ពោល​នូវពាក្យ​កុហក​ ។

សុរាមេរយមជ្ជប្បមាទដ្ឋានា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូម​សមាទាន​នូវ​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​ គឺផឹក​នូវទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ​ ។

ឥមានិ​ បញ្ចសិក្ខាបទានិ​ សាធុកំ​ កត្វា​ អប្បមាទេន​ និច្ច​កាលំ​ សម្មារក្ខិតព្វំ​ អ្នក/អ្នក​ទាំងឡាយ​ គប្បី​​ធ្វើ​​សិក្ខាបទ​​ទាំងឡាយ​ ៥នេះ​ ឲ្យ​ប្រពៃ​ ត្រូវ​រក្សា​​ឲ្យ​ល្អ​ អស់​កាល​ជានិច្ច​ដោយ​សេចក្តី​មិនប្រមាទ​ គឺថា​កុំធ្វេស​ប្រហែស​ឡេីយ​ ។

អានិសង្សសីល

សីលេន​ សុគតឹ​ យន្តិ​ សីលេន​ ភោគសម្បទា​ សីលេន​ និព្វុតឹ​ យន្តិ​ តស្មា​ សីលំ​ វិសោធយេ​
សត្វ​ទាំងឡាយ​ បានទៅកាន់​ឋានសួគ៌​ក៏ព្រោះសីល​ សត្វ​​ទាំងឡាយ​ បាន​បរិបូណ៌​ដោយ​ភោគ​ក៏ព្រោះ​សីល​ សត្វ​ទាំង​ឡាយ​ បានទៅ​កាន់ទី​រលត់ទុក្ខ​ គឺព្រះនិព្វាន​ក៏ព្រោះ​សីល​ ព្រោះ​ហេតុ​នោះ​ បុគ្គល​​ជាសប្បុរស​ គប្បី​​ជម្រះនូវ​សីលឲ្យ​បានបរិសុទ្ធ​ កុំឲ្យ​សៅហ្មង​ឡេីយ​ ។
សាធុ​ សាធុ​ សាធុ​ ។

សមាទានឧបោសថសីល

កាលបេីឧបាសក​ ឧបាសិកា​ នឹងសមាទាននូវ​ឧបោសថសីល​ប្រកប​ដោយអង្គ​ ៨​ ជា​បច្ចេក​សមាទាន​អំពីភិក្ខុ​ ឬសាមណេរ​នោះ​ ត្រូវ​​សូមនូវ​ឧបោសថសីល​ ព្រមទាំង​ព្រះត្រៃ​សរណគមន៍​ចំពោះ​ភិក្ខុ​ ឬសាមណេរ​ថា:

ឧកាស​ អហំ/មយំ​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ អដ្ឋង្គសមនាគតំ​ ឧបោសថំ​ យាចាមិ/ម​។

ទុតិយម្បិ​ អហំ/មយំ​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ អដ្ឋង្គសមនាគតំ​ ឧបោសថំ​ យាចាមិ/ម​ ។

តតិយម្បិ​ អហំ/មយំ​ ភន្តេ​ វិសុំ​ វិសុំ​ រក្ខនត្ថាយ​ តិសរណេន​ សហ​ អដ្ឋង្គសមនាគតំ​ ឧបោសថំ​ យាចាមិ/ម​ ។ អនុគ្គហំ កត្វា​ សីលំ​ ទេថ​ មេ/នោ​ ភន្តេ​ ។
សូមគោរព​ បពិត្រព្រះករុណា​ដ៏ចម្រេីន​ ខ្ញុំ​ព្រះករុណា​ /ខ្ញុំ​ព្រះករុណា​​ទាំងឡាយ​ សូម​នូវ​ឧបោសថសីល​ប្រកប​ដោយអង្គ​ ៨​ មួយ​អន្លើ​​ដោយ​ព្រះត្រៃ​សរណគមន៍​ ដេីម្បី​ប្រយោជន៍​ និង​រក្សា​ផ្សេងៗគ្នា​ បពិត្រ​ព្រះករុណា​ដ៏ចម្រេីន​ សូម​ព្រះករុណា​មេត្តា​​ធ្វើ​នូវ​​សេចក្ដី​​អនុគ្រោះ​​ឲ្យ​នូវ​សីល​ដល់ខ្ញុំ​ព្រះករុណា/​ ខ្ញុំ​ព្រះករុណា​​ទាំងឡាយ​ ជាគម្រប់​​ពីរដងផង​ /ជាគម្រប់​​បីដងផង​ ។

ទទួល​សិក្ខាបទ

១​ បាណាតិបាតា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​ នូវ​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​​មាន​ជីវិត​ឲ្យធ្លាក់​ចុះគន្លង​ គឺ​​សម្លាប់​​សត្វ​ ។

២​ អទិន្នាទានា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​​នូវ​សិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​ កាន់​យកនូវ​វត្ថុដែល​គេមិន​បាន​ឲ្យដោយ​កាយ​ ឬដោយ​វាចា​ ។

៣​ អព្រហ្មចរិយា​ វេរមណី​ សិក្ខាបទំសមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាននូវសិក្ខាបទគឺ​ ចេតនា​ជាហេតុ​វៀរចាក​ កិរិយា​ប្រព្រឹត្ត​នូវធម៌​មិនប្រសេីរ​ គឺសេព​នូវមេថុនធម្ម ។

៤​ មុសាវាទា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវសិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​​ពោល​នូវពាក្យ​កុហក​ ។

៥​ សុរាមេរយមជ្ជប្បមាទដ្ឋានា​ វេរមណី​ សក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូម​សមាទាន​នូវ​​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​ គឺផឹក​នូវទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ​ ។

៦​ វិកាលភោជនា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាននូវសិក្ខាបទ​ គឺចេតនា​ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​​នូវ​ភោជនាហារ​ក្នុងកាល​ខុស។

៧​ នច្ចគីតវាទិតសូកទស្សនមាលាគន្ធវិលេបនធារណមណ្ឌន​ វិភូសនដ្ឋានា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវ​សិក្ខាបទ​ គឺចេតនា​ជាហេតុ​វៀរចាក​កិរិយា​​រាំ​ និងច្រៀង​ និងប្រគំ និងមេីល​នូវល្បែង​ដែលជា​សត្រូវ​ដល់​កុសលធម៌​ និង​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង​ស្អិតស្អាង​រាងកាយ​ដោយ​ផ្កាកម្រង​ និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ​ ។

៨​ ឧច្ចាសយនមហាសយនា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា​ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ​ និង​ទីសេនាសនៈ​ដ៏ប្រសេីរ​ ។

អ្នកសមាទានសូត្រកំណត់ឧបោសថថា​

ឥមំ​ អដ្ឋង្គសមនាគតំ​ ពុទ្ធប្បញ្ញត្តំ​ ឧបោសថំ​ ឥមញ្ចរត្តឹ​ ឥមញ្ចទិវសំ​ សម្មទេវ​ អភិរក្ខិតុំ​ សមាទិយាមិ​។ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវ​ឧបោសថសីល​ ដ៏ប្រកប​ព្រម​ដោយអង្គ​ ៨​ ដែល​ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់​ទ្រង់ត្រាស់​បញ្ញត្តិទុក​ហេីយនេះ ដេីម្បី​នឹងរក្សា​ឲ្យបរិបូណ៌​ប្រពៃ​អស់​កាល​​កំណត់​ថ្ងៃនេះ និងយប់នេះ (សូមកុសល​ចូរជា​ឧបនិស្ស័យ ធ្វេីឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ឰដ៏​អនាគត​កាលទៅ​ឯខាងមុខ​នេះហោង)​ ។

ព្រះសង្ឃ​រំលឹក​ថា

ឥមានិ​ អដ្ឋសិក្ខាបទានិ​ ឧបោសថសីលវសេន​ ឥមញ្ចរត្តឹ​ ឥមញ្ចទិវសំ​ សាធុកំ​ កត្វា​ អប្បមាទេន​ សម្មារក្ខិតព្វំ​ ។ អ្នកទាំងឡាយ​ គប្បី​ធ្វើ​នូវ​សិក្ខាបទទាំង​ ៨នេះ​ ឲ្យ​ប្រពៃ​ ត្រូវ​រក្សា​​ឲ្យ​ល្អ​ ដោយ​​អំណាច​​នៃ​ឧបោសថសីល​អស់កាល​កំណត់​ត្រឹម​ ១ថ្ងៃ​ ១យប់​នេះ​ ដោយ​​សេចក្តី​​មិន​ប្រមាទ​ គឺថា​កុំបី​ធ្វេស​ប្រហែស​ឡេីយ​ ។

អាម​ ភន្តេ​ ។ ព្រះករុណា លោកម្ចាស់។

សមាទានសីល ១០

ឧបាសក ឧបាសិកាអ្នករក្សាសីល ១០ ត្រូវកោរសក់ ពុកមាត់ ពុកចង្កា កាត់​ក្រចក​ដៃជើង​ឲ្យ​ស្មើ​នឹង​សាច់ ត្រូវ​ស្លៀក​ពាក់​ស និង​ពានា​សំពត់​សផង​ក៏បាន។ នេះគឺ​ជា​ទំនៀម​សម្រាប់​គ្រហស្ថ​អ្នក​រក្សា​សីល ១០ ដើម្បី​ជា​គ្រឿង​សំគាល់​ឲ្យឃើញ​ប្លែក​ពីគ្រហស្ថ​ទាំង​ពួង និង​ដើម្បី​ជាការ​រំលឹក​ស្មារតី​អ្នករក្សា​សីល​ទាំងឡាយ កុំឲ្យ​ធ្វេស​ប្រហែស​ ម្យ៉ាង​ទៀត ដើម្បី​សំគាល់​នូវ​ការ​គោរព​ថ្នាក់​សីល​តាម​លំដាប់។

ឧកាស អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។

ទុតិយម្បិ អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។

តតិយម្បិ អហំ (មយំ) ភន្តេ តិសរណេន សហ ទស សីលានិ យាចាមិ (យាចាម)។ អនុគ្គហំ កត្វា សីលំ ទេថ មេ (នោ) ភន្តេ ។

សូមគោរព, បពិត្រព្រះករុណាដ៏ចំរើន ខ្ញុំព្រះករុណា (ខ្ញុំព្រះករុណាទាំងឡាយ) សូម​នូវ​សីល​ទាំង​ឡាយ ១០ មួយ​អន្លើ​ដោយ​ព្រះ​ត្រៃសរណគមន៍​ផង។ អស់វារៈ​ពីរ​ដងផង។ អស់​វារៈ​បីដង​ផង។ សូមព្រះករុណា មេត្តាធ្វើ​នូវ​សេចក្តី​អនុគ្រោះ​ឲ្យនូវ​សីល​ដល់​ខ្ញុំ​ព្រះករុណា (ដល់​ខ្ញុំ​ព្រះករុណា​ទាំងឡាយ) ។

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។ (សូត្របីដង) រីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គ​ជា​ព្រះអរហន្ត​ដ៏​ប្រសើរ ទ្រង់ត្រាស់​ដឹងនូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ឥត មាន​គ្រូ​អាចារ្យ​ណា​ប្រដៅ​ព្រះអង្គ​ឡើយ។

ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរឭក ។

ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរឭក ។

សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរឭក ។

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូម​ដល់នូវ​ព្រះពុទ្ធ​ជាទី​ពឹងទី​រឭក​ជា​គម្រប់​ពីរ​ដង​ផង

ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះធម៌​ជាទីពឹង​ទីរឭក​ជា​គម្រប់​ពីរដង​ផង

ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់​នូវព្រះសង្ឃ​ជាទី​ពឹងទី​រឭក​ជា​គម្រប់​ពីរ​ដង​ផង ។

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់​នូវព្រះពុទ្ធ​ជាទី​ពឹងទី​រឭក​ជាគម្រប់​បីដង​ផង ។

តតិយម្បិ ធម្មំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះធម៌​ជាទីពឹង​ទីរឭក​ជាគម្រប់​បីដង​ផង ។

តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីពឹង​ទីរឭក​ជាគម្រប់​បីដង​ផង ។

តិសរណគ្គហណំ បរិបុណ្ណំ ការទទួលត្រៃសរណគមន៍ ចប់បរិបូណ៌ហើយ ។

អ្នកទទួលសីលត្រូវតបថា អាម ភន្តេ ព្រះករុណាលោកម្ចាស់ ។

ទទួល​សិក្ខាបទ

១​ បាណាតិបាតា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​ នូវ​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​​មាន​ជីវិត​ឲ្យធ្លាក់​ចុះគន្លង​ គឺ​​សម្លាប់​​សត្វ​ ។

២​ អទិន្នាទានា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​​នូវ​សិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​ កាន់​យកនូវ​វត្ថុដែល​គេមិន​បាន​ឲ្យដោយ​កាយ​ ឬដោយ​វាចា​ ។

៣​ អព្រហ្មចរិយា​ វេរមណី​ សិក្ខាបទំសមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាននូវសិក្ខាបទគឺ​ ចេតនា​ជាហេតុ​វៀរចាក​ កិរិយា​ប្រព្រឹត្ត​នូវធម៌​មិនប្រសេីរ​ គឺសេព​នូវមេថុនធម្ម ។

៤​ មុសាវាទា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាន​នូវសិក្ខាបទ​ គឺ​ចេតនា​ជា​ហេតុវៀរ​ចាកកិរិយា​​ពោល​នូវពាក្យ​កុហក​ ។

៥​ សុរាមេរយមជ្ជប្បមាទដ្ឋានា​ វេរមណី​ សក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូម​សមាទាន​នូវ​​សិក្ខាបទ​ គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ​ គឺផឹក​នូវទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ​ ។

៦​ វិកាលភោជនា​ វេរមណី​ សិក្ខាបទំ​ សមាទិយាមិ​ ខ្ញុំ​ព្រះករុណា​ សូមសមាទាននូវសិក្ខាបទ​ គឺចេតនា​ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​​នូវ​ភោជនាហារ​ក្នុងកាល​ខុស។

នច្ចគីតវាទិតវិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។

មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។

ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។

១០ ជាតរូបរជតប្បដិគ្គហនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំ​ព្រះករុណា សូម​សមាទាន​នូវ​សិក្ខាបទ គឺ​ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។

សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ
សត្វ​​ទាំងឡាយ ទៅកាន់ស្ថានសួគ៌បាន ក៏ព្រោះសីល សត្វ​ទាំង​ឡាយ​បាន​បរិបូណ៌​ដោយ​ភោគៈ ក៏ព្រោះ​សីល សត្វ​ទាំងឡាយ បាន​ទៅកាន់​ទីរំលត់​ទុក្ខ គឺ​ព្រះនិព្វាន ក៏​ព្រោះ​សីល ព្រោះ​ហេតុនោះ បុគ្គល​ជា​សប្បុរស គប្បី​ជម្រះ​នូវសីល​ឲ្យ​បរិសុទ្ធ កុំឲ្យ​សៅហ្មង ។

អ្នកសមាទានត្រូវទទួលថា សាធុ ប្រពៃហើយ ។

កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីលំ អនុរក្ខមានកា សុបេសលា ហោថ សទា សគារវា ។ សត្វត្រដេវ៉ិច រក្សានូវស៊ុតវា យ៉ាងណាមិញ សត្វ​ចាមរី រក្សា​នូវ​កន្ទុយវា យ៉ាង​ណា​មិញ មាតា​រក្សា​នូវបុត្រា​តែមួយ​យ៉ាង​ណាមិញ ជន​មានភ្នែក​តែម្ខាង រក្សា​នូវភ្នែក យ៉ាង​ណា​មិញ អ្នក​ទាំងឡាយ កំពុង​រក្សាសីល ជាអ្នក​មាន​សីល​ជាទី​ស្រឡាញ់​ក្រៃលែង ចូរជា​អ្នក​ប្រកប​ដោយ​សេចក្ដី​គោរព​សីល ឲ្យ​បាន​សព្វកាល ក៏​យ៉ាងនោះ​ដែរ ។

សូមអនុមោទនា !!!

Oben-pfeil


%d Bloggern gefällt das: