អង្គុត្តរនិកាយ ចតុក្កនិបាត

តតិយភាគ
ភាគទី៤២

សូមនមស្ការ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។

បឋមបណ្ណាសក

ភណ្ឌគ្គាមវគ្គ

អនុពុទ្ធសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុ ទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែល​តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ ៤។ ធម៌ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាល​ដ៏វែង​យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសីល (សីលដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ (សមាធិ​ដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោល​ទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវ​អរិយបញ្ញា (បញ្ញាដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំង​ឡាយ​ក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបាន​ចាក់ធ្លុះ នូវអរិយវិមុត្តិ (វិមុត្តិដ៏ប្រសើរ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្តី អ្នក​ទាំងឡាយក្តី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បាន ត្រាស់​ដឹង​ហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្តិ ក៏បាន​ត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្តីប្រាថ្នាក្នុងភព ក៏បានកាត់​ចោលហើយ តណ្ហា ជា​គ្រឿងនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ ការកើត​តទៅទៀត​ មិនមានឡើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគត ជា​សាស្តា ទ្រង់ត្រាស់​នូវពាក្យ​នេះរួចហើយ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ តទៅទៀតថា

សីល សមាធិ បញ្ញា និងវិមុត្តិ ជាធម៌រកគុណជាតិដទៃ ប្រសើរ​ជាង​​គ្មាន ធម៌ទាំង​អម្បាល​នេះ ព្រះគោតមមានយស បាន​ត្រាស់​ដឹង​ហើយ។ ព្រះពុទ្ធសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់​ដឹង​ច្បាស់ ដោយប្រការដូច្នេះ សាស្តាមានចក្ខុ ធ្វើនូវទីបំផុត​នៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ។

បបតិតសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាត​ចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​បាន​ប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យ​នេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាក​ធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគត​ហៅ​ថា ឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបាន​ប្រកប​ដោយ​ធម៌ ៤ យ៉ាងនេះឯង តថាគត ហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គល​ប្រកប​ដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិន​ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​អរិយសមាធិ តថាគត​ហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​អរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាក​ធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។

បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គល​ដែលធ្លាក់​ចុះ ជាអ្នកជាប់ជំពាក់​ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុង​គុណជាត ដែលបុគ្គល​គប្បី​ត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ [សេចក្តីសុខ បានដល់ព្រមហើយ ដោយ​សេចក្តី​សុខ គឺថា សេចក្តីសុខជាទិព្វ សម្រេចមកដោយសេចក្តីសុខ ជារបស់មនុស្ស សេចក្តី​សុខរបស់វិបស្សនា សម្រេចមក​ដោយសេចក្តីសុខ​របស់​ឈាន សេចក្តីសុខ របស់មគ្គ សម្រេចមក ដោយសេចក្តីសុខ​របស់​វិបស្សនា សេចក្តីសុខរបស់ផល សម្រេច​មក​​​ដោយសេចក្តីសុខ​របស់​មគ្គ សេចក្តីសុខរបស់ព្រះនិញ្វន សម្រេចមកដោយ​សេចក្តី​សុខ​របស់ផល។ អដ្ឋកថា។] (រមែងមានដល់បុគ្គលនោះ)។

បឋមខតសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកប​ដោយ​ធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នក​ប្រកប​ដោយ​ទោស​ផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាន​នូវ​បាប​ដ៏ច្រើន​ផង។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់​មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាប​ស្ទង់មើល ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិន​បាន​ពិចារណា​ស្ទាបស្ទង់​មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែង​រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នក​ប្រកប​ដោយ​ទោសផង ប្រកប​ដោយ​សេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង រមែង​បាន​នូវបាប ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជា​សប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបាន​កំចាត់​គុណចោល ជាអ្នកមិនមាន​ទោសផង មិនមានសេចក្តីតិះដៀល របស់​អ្នក​ប្រាជ្ញ​ទាំងឡាយផង តែងបាននូវបុណ្យដ៏​ច្រើនផង។ ធម៌ ៤ តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គល ដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើប​ពោលសរសើរបុគ្គល ដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើប​កើត​សេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិន​គួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែល គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជា​បណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយ​ធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួន​មិនបាន​ជីកគាស់ មិនបានកំចាត់​គុណ​ចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តី​តិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។

បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្តី តិះដៀលបុគ្គល ដែល​គួរសរសើរក្តី បុគ្គល​នោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ ពាក្យរមែងមិនបានសេចក្តីសុខ ព្រោះ​កំហុសនោះ​ឡើយ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្តី ទាំងខ្លួនក្តី ព្រោះ​ល្បែងភ្នាល់ ការចាញ់ដោយទ្រព្យនេះ ជាកំហុស មានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ក្នុងពួក​បុគ្គល ដែលស្រុះស្រួលមូលមិត្រគ្នា កំហុសរបស់បុគ្គល​នោះ​ឯង ទើប​ធំជាង បុគ្គលដែលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅ​កើត​ក្នុងនរក អស់ ១ សែនកប្ប និង ៣៦ និរព្វុទៈផង និង ៥ អព្វុទៈផង។

ទុតិយខតសូត្រ ទី៤

[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាល​ប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់​គុណ​ចោលហើយ ជាអ្នក​ប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់​អ្នកប្រាជ្ញទាំងឡាយផង បាន​នូវបាបដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលពាល មិន​ឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិ​ខុស​ ក្នុង​មាតា ឈ្មោះថា រក្សាខ្លួន ដែល​ខ្លួន​ជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកប​ដោយ​ទោសផង ប្រកបដោយ​សេចក្តី​តិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏​ច្រើនផង ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បុគ្គលពាល ប្រតិបត្តិខុសក្នុងបិតា។បេ។ ម្នាល​ភិក្ខុទាំងឡាយ កាល​ប្រតិបត្តិខុស ក្នុង​ព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពាល មិនឈ្លាសវៃ ជាអសប្បុរស កាល​ប្រតិបត្តិខុស ក្នុងសាវ័ករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែល​ខ្លួន​ជីកគាស់ កំចាត់​គុណចោលហើយ ជាអ្នកប្រកប​ដោយទោសផង ប្រកបដោយ​សេចក្តីតិះដៀល របស់អ្នក​ប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិន​ឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុស ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយ​សេចក្តីតិះដៀល របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង តែងបាននូវ​បាប​ដ៏ច្រើនផង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបាន​ជីក​គាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមាន​ទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែល​ខ្លួន​មិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមាន​សេចក្តី​តិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ម្នាលភិក្ខុទាំង​ឡាយ កាលប្រតិបត្តិត្រូវ ក្នុងបិតា។បេ។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវ ក្នុងព្រះ​តថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាល​ប្រតិបត្តិត្រូវ ក្នុងសាវ័ក នៃព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិន​បានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នក​ប្រាជ្ញ​ទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវ ក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន​ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នក​មិនមានទោសផង មិនមាន​សេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង។

ជនណាប្រតិបត្តិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះ​តថាគត ​ជា​សម្ពុទ្ធ ១ ក្នុងសាវក​របស់​ព្រះតថាគត​នោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន។ ក្នុងលោកនេះ បណ្ឌិត​ទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះ ទៅកាន់លោក​ខាង​មុខ​ហើយ រមែង​ទៅ​កាន់អបាយទៀត ព្រោះការប្រព្រឹត្តិ​មិនត្រូវ​តាម​ធម៌នោះ ក្នុងមាតា និងបិតា​ទាំង​ឡាយ។ ជនណា ប្រតិបត្តិ​ត្រូវ ក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគត ជាសម្ពុទ្ធ ១ ក្នុងសាវក របស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាន​នូវបុណ្យដ៏ច្រើន។ ក្នុង​លោកនេះ បណ្ឌិតទាំងឡាយ រមែង​សរសើរ​ជននោះ លុះជននោះ ទៅកាន់​លោកខាង​មុខ​ហើយ រមែងរីករាយ ក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តិត្រូវ តាមធម៌នោះ ចំពោះមាតា និងបិតា​ទាំងឡាយ។

អនុសោតសូត្រ ទី៥

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ១ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គល​បានឆ្លងទៅដល់ត្រើយ​នាយ​ហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមាន​ដំណើរ​ទៅ​បណ្តោយតាមខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែង​សេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង។ ម្នាលភិក្ខុទាំង  ឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅ​ច្រាស​ខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិន​សេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយ​ទុក្ខ និងទោមនស្ស មានមុខទទឹក ដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក។ ម្នាលភិក្ខុទាំង​ឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិញ្វន ក្នុងលោកនោះ មានការ​មិនបាន​ត្រឡប់​ចាក​លោកនោះ ជាធម្មតា ព្រោះអស់ទៅ នៃឱរម្ភាគិយសញ្ញោជនៈ ទាំង ៥។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​បានឆ្លង ទៅដល់ត្រើយនាយ ជាព្រាហ្មណ៍ ឋិតនៅលើគោក តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយ​ប្រាជ្ញា ដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍​ឋិត​នៅ​លើគោក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិន​បាន​ប្រាសចាករាគៈ ជាអ្នក​បរិភោគកាម ក្នុងលោកនេះ ជន​ទាំង​នោះ​ឯង តែងចូលទៅកាន់ជាតិ និងជរាជារឿយ ៗ ត្រូវតណ្ហា​គ្រប​សង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក។ ព្រោះ​ហេតុ​នោះ បុគ្គលអ្នកមានប្រាជ្ញា ក្នុងលោកនេះ ជាអ្នក​មានសតិដម្កល់ខ្ជាប់ មិនសេពកាម​ទាំងឡាយ​ផង មិនធ្វើនូវ​អំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះ​បង់​កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នក​មាន​ដំណើរទៅច្រាសខ្សែទឹក។ ជនណា លះបង់នូវកិលេស ទាំង ៥ មាន​ការសិក្សាបរិបូណ៌ហើយ មានសភាព​មិនបាន​សាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្រ្ទិយដំកល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ។ ធម៌ទាំង​ឡាយ ដ៏ឧត្តម និងលាមក ដែលខ្លួន​បាន​ត្រាស់​ដឹងហើយ បានកំចាត់​ចោល​ហើយ ដល់នូវសេចក្តីវិនាសទៅ មិនមានដល់​បុគ្គល​ណា បុគ្គលនោះ ហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុត នៃត្រៃលោក ដល់នូវត្រើយ  ហើយ។

អប្បស្សុតសូត្រ ទី៦

[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តី​ចេះ​ដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិន​បានប្រកប​ដោយ​ការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន ហើយបាន​ប្រកប​ដោយ​ការចេះដឹង ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបាន​ប្រកប​ដោយ​ការចេះដឹង តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ [បាឡីក្នុងឧភតោវិភង្គនិទ្ទេស ខន្ធក បរិវារ សុត្តនិបាត មង្គលសុត្ត រតនសុត្ត នាឡកសុត្ត តុវដសុត្ត និងពុទ្ធវចនៈដទៃ ដែលមាន​ឈ្មោះ​ថា សុត្ត (សូត្រ) ហៅថា សុត្តៈ។ សុត្តៈ ដែលប្រកបដោយគាថាទាំងអស់ ហៅថា​គេយ្យៈ។ សគាថវគ្គទាំងអស់ ក្នុងសំយុត្តនិកាយ ដោយឡែកក្តី អភិធម្មបិដកទាំងអស់ក្តី សូត្រដែលមិនមានគាថាក្តី និង​ពុទ្ធវចនៈណា ដែលមិនបានសង្គ្រោះ ដោយអង្គទាំង ៨ គឺដទៃអំពីអង្គ ទាំង៨ ក្តី ពុទ្ធវចនៈនោះ ហៅថា វេយ្យាករណៈ។ ធម្មបទ ថេរគាថា ថេរីគាថា និងពាក្យជាគាថាសុទ្ធ ដែល​មិនមាន​ឈ្មោះថា​​សុត្តៈ ក្នុងសុត្តនិបាត ហៅថា គាថា។ សុត្តៈ ៨២ ដែល​ប្រកបដោយគាថា កើតអំពីសេចក្តីសោមនស្ស ហៅថាឧទានៈ។ សុត្តៈ ១១០ ដែលប្រព្រឹត្តទៅ ដោយន័យថា “វុត្តមិទំ ភគវតា” (ពាក្យនេះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពោលហើយ) ដូច្នេះ ជាដើម ហៅថា ឥតិវុត្តកៈ។ ជាតកទាំង ៥៥០ មានអបណ្ណកជាតក ជាដើម ហៅថា ជាតកៈ។ សូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ គឺធម៌ជាអស្ចារ្យ ចំឡែក ដែលប្រព្រឹត្តទៅ ដោយន័យថា “ចត្តារោ មេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទេ”  (ម្នាលភិក្ខុទាំងឡាយ ធម៌ជាអស្ចារ្យ ចំឡែក ៤យ៉ាងនេះ មានក្នុង​អានន្ទ) ដូច្នេះ ជាដើម ហៅថា អព្ភូតធម៌។ ចូឡវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហសូត្រ និង​សង្ខារភាជនិយមហាបុណ្ណមសូត្រ ជាដើម និងសូត្រ​ទាំងពួង ដែលកើតឡើងដោយ​បុគ្គលណាមួយ បានចំពោះ នូវសេចក្តីរីករាយ ត្រេកអរ ហើយចូលទៅក្រាបទូលសួរ ហៅថា វេទល្លៈ។] មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ [បានដល់បុថុជ្ជន មានសេចក្តីចេះដឹងតិច ហើយជា​អ្នក​ទ្រុស្តសីល។ អដ្ឋកថា។]។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គល​មាន​សេចក្តីចេះដឹងតិច មិនបានប្រកប ដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​មានសេចក្តីចេះដឹងតិច បាន​ប្រកប​ដោយការចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គល​នោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណតិចនោះ ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់​ធម៌ [បានដល់​ព្រះខីណាស្រព ដែលមានសេចក្តីចេះដឹងតិច។ អដ្ឋកថា។]។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកប​ដោយ​ការ​ចេះដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ។បេ។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ មិនចេះអដ្ឋកថា មិនចេះ​បាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ [បានដល់​បុថុជ្ជន មានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល។]។ ម្នាលភិក្ខុទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកប​ដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយ​ការចេះដឹង តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ មានច្រើន ដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គល​នោះ ចេះអដ្ឋកថា ចេះបាលី នៃពុទ្ធវចនៈ មានប្រមាណច្រើននោះ ហើយប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ [បានដល់ព្រះខីណាស្រព ដែលមានសេចក្តី​ចេះដឹងច្រើន។ អដ្ឋកថា]។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយ​ការចេះដឹង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅ ក្នុង​សីល​ទាំង​ឡាយ អ្នកប្រាជ្ញទាំង​ឡាយ រមែងតិះដៀលបុគ្គលនោះ ដោយ​ហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១។ បើ​បុគ្គល​មាន​សេចក្តី​ចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញ​ទាំង​ឡាយ តែងសរសើរបុគ្គលនោះ តែដោយសីល ប៉ុន្តែ សេចក្តីចេះដឹង មិនសម្រេច​ដល់​បុគ្គលនោះទេ។ បើបុគ្គល​មាន​សេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះដោយសីល ប៉ុន្តែសេចក្តីចេះដឹង តែង​សម្រេចដល់បុគ្គលនោះ។ បើ​បុគ្គល​មានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួន ក្នុង​សីលទាំង​ឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយ​ហេតុទាំង ២ គឺ សីល ១ សេចក្តីចេះដឹង ១។ អ្នកណាគួរនិន្ទា បុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់​នូវធម៌ ប្រកប​ដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំ នៃមាស​ជម្ពូនទបាន ទេវតា និង​មនុស្សទាំងឡាយ រមែងសរសើរ​បុគ្គល​នោះ សូម្បីព្រហ្ម ក៏សរសើរដែរ។

សោភនសូត្រ ទី៧

[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់​នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរ ដល់ឋានៈនៃបុគ្គល ៤ ពួកនេះ​ រមែងញុំាង​សង្ឃ​ឲ្យ​រុងរឿង។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹង​ច្រើន ទ្រទ្រង់​នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ រមែងញុំាងសង្ឃ ឲ្យរុងរឿង ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលឆ្លៀវឆ្លាស វាងវៃ ភ្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ ទាំង ៤ ពួកនេះឯង រមែងញុំាងសង្ឃ ឲ្យរុងរឿង។

បុគ្គលណា ឆ្លៀវឆ្លាស ក្លៀវក្លា ជាអ្នកចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ជា​អ្នកប្រព្រឹត្តធម៌ ដ៏សម​គួរដល់ធម៌ បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះ​ថា ញុំាងសង្ឃឲ្យរុងរឿង។ គឺភិក្ខុបរិបូណ៌ ដោយ​សីល ១ ភិក្ខុនី មានសេចក្តីចេះដឹងច្រើន ១ ឧបាសកមានសទ្ធា ១ ឧបាសិកា​មាន​សទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែង​ញុំាង​សង្ឃ​ឲ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នក​ធ្វើ​សង្ឃ ឲ្យរុង​រឿង។

វេសារជ្ជសូត្រ ទី៨

[៨] ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) បែបណា តែងបេ្តជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រ គឺធម៌ដ៏​ប្រសើរ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគត មាន ៤ យ៉ាង។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោក​បេ្តជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងឯង ដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិន​បាន​ត្រាស់​ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់​នូវ​សេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាល​ភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យ ប្រកបដោយធម៌ ក្នុងហេតុនោះថា លោកប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ ហើយ ប៉ុន្តែអាសវៈទាំងអម្បាលនេះ មិនទាន់អស់ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិន​ឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់​នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គល​នុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹង​ចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ទាំង ឡាយ​ណា ដែល​លោក​ពោលថា ធម៌ជាគ្រឿងធ្វើនូវអន្តរាយ ធម៌ទាំងអម្បាលនោះ មិនអាចធ្វើអន្តរាយ ដល់បុគ្គលអ្នកសេពបានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត មិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺ ធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍​ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយ​ពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ ដែលលោកសំដែងហើយ ដើម្បី​ប្រយោជន៍ ដល់​គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឲ្យអស់ទៅ នៃទុក្ខ​ដោយ​ប្រពៃ ដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឃើញនូវ​និមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាព​ជាអ្នក​ក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណណា តែងប្តេជ្ញា​នូវទីដ៏​ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណ​នោះ របស់តថាគត មាន ៤ យ៉ាងនេះឯង។

គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្តី ពួក​សមណព្រាហ្មណ៍ ដែល​​អាស្រ័យនូវគន្លង នៃពាក្យណាក្តី គន្លងពាក្យទាំងនោះ លុះមកដល់ព្រះតថាគត ដែលជាអ្នក​មានសេចក្តីក្លៀវក្លា គ្របសង្កត់ នូវគន្លងនៃពាក្យហើយ ក៏រមែងវិនាស​សាប​សូន្យ​ទៅ ព្រះតថាគតណា គ្របសង្កត់​នូវ​ធម៌​ទាំងអស់ មានសេចក្តីអនុគ្រោះ ដល់សត្វ​ទាំង​អស់ ហើយញុំាង​ធម្មចក្រ ឲ្យប្រព្រឹត្តទៅ ពួកសត្វតែងថ្វាយបង្គំ នូវព្រះតថាគត ប្រាកដដូច្នោះនោះ ព្រះអង្គ ប្រសើរជាងទេវតា និងមនុស្ស ទ្រង់ឆ្លងដល់ត្រើយនៃភព។

តណ្ហុប្បាទសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងនេះ។ បច្ច័យជាទីកើតឡើង នៃតណ្ហា ៤ យ៉ាង តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែង​កើតឡើង ព្រោះហេតុ ចីវរ ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែង​កើត​ឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលភិក្ខុទាំងឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែងកើតឡើង ព្រោះហេតុសេនាសនៈ ១ ម្នាលភិក្ខុ​ទាំងឡាយ តណ្ហា កាលកើត​ឡើង​ដល់​ភិក្ខុ រមែងកើតឡើង ព្រោះហេតុ​ភេសជ្ជៈឧត្តម និងថ្លៃថ្លា ដូច្នេះ ៗ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ តណ្ហា កាលកើតឡើងដល់ភិក្ខុ រមែង កើតឡើង ព្រោះបច្ច័យណា បច្ច័យនោះ ឈ្មោះថា ជាទីកើតឡើង នៃតណ្ហា មាន ៤ យ៉ាងប៉ុណ្ណេះ។

បុរសមានតណ្ហាជាគំរប់ពីរ អន្ទោលទៅ (ក្នុងសង្សារវដ្ត) អស់​កាល​ដ៏វែង រមែងមិន​ប្រព្រឹត្ត​កន្លង នូវសង្សារ គឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ។ លុះភិក្ខុ​ដឹង​​ច្បាស់នូវតណ្ហានេះ ថាជាទោស ជាដែនកើតព្រមនៃទុក្ខ ហើយ​ជាអ្នកប្រាសចាក​តណ្ហា មិនមានសេចក្តីប្រកាន់មាំ មានស្មារតីនៅ​គ្រប់ឥរិយាបថ។

យោគសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង។ យោគៈ ៤ យ៉ាង តើដូចម្តេច។ គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើត​ឡើង​ផង សេចក្តី​វិនាស​ផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើ​បុគ្គល​​នោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស​​ផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេក​ក្នុង​កាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តី​ស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែង ព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តី​ប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ [បានដល់​សេចក្តី​ត្រេកត្រអាល ប្រកបដោយកាមគុណ ទាំង ៥ ។ អដ្ឋកថា។]។ កាម​យោគៈ ដូច្នេះឯង។ ភវយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ មិនដឹង​ច្បាស់​តាម​ពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការ​រលាស់​ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិន​ដឹងច្បាស់តាមពិត នូវហេតុ​ជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភព​ទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តី​ងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង​ព្រោះភព សេចក្តី​ជ្រុលជ្រប់​ក្នុងភព សេចក្តីប្រាថ្នា​ក្នុងភព ក្នុងភព​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា ភវយោគៈ [បានដល់សេចក្តីប្រាថ្នា និង​សេចក្តីត្រេកអរ ក្នុងរូបភព និង​អរូបភព។]។ កាមយោគៈ និងភវយោគៈ ដូច្នេះឯង។ ទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាល​បើ​បុគ្គលនោះ មិនដឹង​ច្បាស់​តាម​ពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស​ផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមាន​តម្រេក​ក្នុងទិដ្ឋិ សេចក្តី​រីករាយក្នុងទិដ្ឋិ សេចក្តីស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តី​ស្រេកឃ្លាន​ក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុង​ទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ [បានដល់តម្រេក ប្រកប​ដោយសស្សតទិដ្ឋិ ៦២ ។ អដ្ឋកថា។]។ កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង។ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹង​ច្បាស់​តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ កាលបើបុគ្គល​នោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់​ចេញ​ផង នូវផស្សាយតនៈ ទាំង ៦ ក៏កើតមាន​សេចក្តីល្ងង់​ មិនដឹងក្នុងផស្សាយតនៈ ទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រកបដោយ អកុសលធម៌ ដ៏លាមក ជាគ្រឿង​សៅហ្មង ជាគ្រឿងនាំឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខ​ជា​វិបាក ជាគ្រឿងនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ហៅថា ជាអ្នកមិនមានសេចក្តី​ក្សេម ចាក​យោគៈទេ។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះ មាន ៤ យ៉ាង ។ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ​ការ​មិន​ប្រកប ដោយកាមយោគៈ ១ ការមិន​ប្រកប​ដោយ​ភវយោគៈ ១ ការមិនប្រកប ដោយ​ទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះ​ការ​មិន​ប្រកប​ដោយកាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តី​វិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាល​បើ​បុគ្គល​នោះ ដឹងច្បាស់តាមពិត នូវ​ហេតុ​ជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស​ផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្តី​រីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តី​ស្រេក​ឃ្លាន​ក្នុងកាម សេចក្តីអន្ទះអន្ទែងព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នា​ក្នុង​កាម ក្នុងកាម​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកប​ដោយ​កាម​យោគៈ។ ការមិនប្រកបដោយកាមយោគៈ ដូច្នេះឯង។ ចុះការមិនប្រកប ដោយភវយោគៈ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវ​ហេតុ​ជា​ទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តី​វិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើត​មានតម្រេកក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីសេ្នហាក្នុងភព សេចក្តី​ងប់នៅ​ក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែង ព្រោះភព សេចក្តី​ជ្រុល​ជ្រប់ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការ​មិន​ប្រកបដោយភវយោគៈ។ ការមិនប្រកបដោយកាមយោគៈ និង​ការមិនប្រកប​ដោយ​ភវយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុ​ជាទីកើតឡើងផង សេចក្តី​វិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើ​បុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស​ផង ទោសផង ការរលាស់ចេញ​ផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តី ស្នេហា​ក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេក​ឃ្លាន​ក្នុង​ទិដ្ឋិ សេចក្តីអន្ទះ​អន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិ​ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ។ ការមិន​ប្រកប​ដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយ​ទិដ្ឋិយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តី​វិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាល​បើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស​ផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិន​មាន​សេចក្តី​ល្ងង់ សេចក្តីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិន​ប្រកបដោយអវិជ្ជាយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិន​ប្រកប​ដោយ​ភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះ​ឯង។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើត​ក្នុង​ភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុ​នាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមាន​សេចក្តី​ក្សេម​ចាក​យោគៈ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ  មាន ៤ យ៉ាងប៉ុណ្ណេះ។

ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកប​ដោយ​ទិដ្ឋិយោគៈ ត្រូវ​អវិជ្ជាយោគៈ ចោមរោម ជាអ្នកមាន​ដំណើរ​ទៅ​កាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែង​​អន្ទោល​ទៅ​រក​សង្សារ។ ចំណែកពួកជនណា បានកំណត់ដឹង នូវ​កាម​យោគៈ​ផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើង​នូវ​ទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈ​ផង ជា​អ្នក​ប្រាស​ចាក​យោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ។

ចប់ ភណ្ឌគ្គាមវគ្គ ទី១។

ឧទ្ទាននៃភណ្ឌគ្គាមវគ្គនោះគឺ

និយាយអំពីការត្រាស់ដឹងធម៌ ៤ យ៉ាង ១ អំពីភិក្ខុជាអ្នកធ្លាក់ចុះចាកធម្មវិន័យ ១ អំពីការ​ជីករំលើងគុណ មាន២លើក ១ ជាគំរប់ ៥ នឹងបុគ្គលមានដំណើរ ទៅតាម​ខ្សែ​ទឹក ១ អំពី​បុគ្គលមានសេចក្តីចេះដឹងតិច ១ អំពីបុគ្គលញុំាងសង្ឃឲ្យរុងរឿង ១ (អំពី​វេសារជ្ជញ្ញាណ) ១ អំពីការកើតឡើងនៃតណ្ហា ១ និងយោគៈ ១ ទៀត ជា ១០។

ចរវគ្គ

ចរសូត្រ ទី១

[១១] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើត​ឡើង​ដល់ភិក្ខុកំពុងដើរទៅ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យ​អស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​ដើរទៅ មានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាម ដុតកំដៅកិលេស មិនខ្លាច​ពាក្យ​តិះដៀល ខ្ជិលច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិន​បើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងឈរ បើភិក្ខុតាំង​ចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់​នូវសេចក្តីវិនាស នូវវិតក្កៈ​ទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈរ មានសភាព​យ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាម​ថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​កាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុតាំងចិត្តទទួល មិនលះបង់ មិន​បន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់​នូវ​សេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុដែលអង្គុយ មានសភាព​យ៉ាងនេះ ហៅថា មិនមានព្យាយាម​ដុត​កំដៅ​កិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិល ច្រអូស មានព្យាយាមថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាម​វិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើង​ដល់​ភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុតាំង​ចិត្តទទួល មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យអស់ទៅ មិនឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈទាំងនោះទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុដែលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មិនមានព្យាយាមដុតកំដៅកិលេស មិនខ្លាចពាក្យតិះដៀល ខ្ជិលច្រអូស មានព្យាយាម ថោកថយ ជានិច្ចនិរន្ត។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើង​ដល់ភិក្ខុ​កំពុងដើរ បើភិក្ខុមិនបានតាំងចិត្ត​ទទួល ខំលះបង់ បន្ទោបង់ចេញ ធ្វើឲ្យអស់ទៅ ឲ្យ​ដល់​នូវសេចក្តីវិនាស នូវវិតក្កៈ​ទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរ មានសភាព យ៉ាង​នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មាន​ព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំង​ឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់​ភិក្ខុ​កំពុង​ឈរ បើភិក្ខុមិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវ​សេចក្តី​វិនាស​​នូវវិតក្កៈទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈរមានសភាពយ៉ាងនេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាម ប្រារឰ​ហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើ​កាមវិតក្កៈក្តី ព្យាបាទវិតក្កៈក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុកំពុងអង្គុយ បើភិក្ខុមិន​បាន​តាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈ​ទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយ មានសភាពយ៉ាងនេះ ហៅថា មានព្យាយាម​ដុត​កំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មានព្យាយាមប្រារឰ​ហើយ មានចិត្តបញ្ជូន​ទៅ​កាន់ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើកាមវិតក្កៈក្តី ព្យាបាទ​វិតក្កៈ​ក្តី វិហឹសាវិតក្កៈក្តី កើតឡើងដល់ភិក្ខុ កំពុងដេក កំពុងភ្ញាក់រលឹក បើភិក្ខុមិន​បាន​តាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវវិតក្កៈ​ទាំង​នោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹកមានសភាពយ៉ាងនេះ ហៅថា មាន​ព្យាយាមដុតកំដៅកិលេស មានសេចក្តី​ខ្លាច​ពាក្យ​តិះដៀល មានព្យាយាម ប្រារឰហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។

ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី តែងត្រិះរិះនូវវិតក្កៈ ដែល​អាស្រ័យនូវផ្ទះ គឺ​កិលេសដ៏លាមក ភិក្ខុប្រាកដដូច្នោះនោះ ឈ្មោះថា ដើរទៅកាន់ផ្លូវ ដែលបណ្ឌិតគប្បីខ្ពើម ជ្រប់នៅ​ក្នុង​អារម្មណ៍ ជាគ្រឿងវង្វេង មិនអាចពាល់ត្រូវនូវញាណ ជាគ្រឿង​ត្រាស់ដឹង​ដ៏ឧត្តមទេ។ ភិក្ខុណា កាលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី បានរម្ងាប់នូវវិតក្កៈ ត្រេកអរ​ក្នុងធម៌ ជាគ្រឿងរម្ងាប់នូវវិតក្កៈ ភិក្ខុប្រាកដដូច្នោះនោះ ទើបអាចពាល់ត្រូវ នូវញាណ ជាគ្រឿង​​ត្រាស់​ដឹងដ៏ឧត្តមបាន។

សីលសូត្រ ទី២

[១២] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យ​ក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំង​ឡាយ កាលបើអ្នកទាំងឡាយ បរិបូណ៌ដោយសីល បរិបូណ៌​ដោយ​បាតិមោក្ខ សង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញ​ភ័យ​ក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ តើគប្បីមានកិច្ចអ្វី ដែលគួរធ្វើ ឲ្យក្រៃលែងឡើង​ទៀត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុកាលដើរ មាន អភិជ្ឈា … មានព្យាបាទ​ទៅ​ប្រាសហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តី​រវើរវាយ និងសេចក្តី​រំខាន​ចិត្ត … មានសេចក្តីសង្ស័យលះបង់ហើយ មាន​ព្យាយាម​ប្រារឰ​ហើយ មិនបានរួញរា មាន​ស្មារតីប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ មិនបានក្រវល់ក្រវាយ មាន​ចិត្ត​ដំកល់មាំ នៅក្នុងអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដើរមានសភាព យ៉ាង​នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មាន​ព្យាយាម​ប្រារឰហើយ មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិញ្វន ជានិច្ចនិរន្ត។ ម្នាលភិក្ខុទាំង​ឡាយ ប្រសិនបើភិក្ខុឈរ … ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុអង្គុយ … ម្នាលភិក្ខុទាំង​ឡាយ ប្រសិនបើភិក្ខុកំពុងដេក កំពុងភ្ញាក់រលឹក មានអភិជ្ឈា … មានព្យាបាទទៅ​ប្រាស​ហើយ មានសេចក្តីងងុយ និងងោកងក់ … មានសេចក្តីរវើរវាយ និងសេចក្តីរំខានចិត្ត … មាន​​សេចក្តីសង្ស័យលះបង់ហើយ មានព្យាយាមប្រារឰហើយ មិនបានរួញរា មាន​ស្មារតី​ប្រុងខ្ជាប់ មិនបានវង្វេងភ្លេច មានកាយស្ងប់រម្ងាប់ហើយ មិនបានក្រវល់ក្រវាយ មាន​ចិត្តដំកល់មាំ នៅក្នុងអារម្មណ៍​តែមួយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដេក ភ្ញាក់រលឹក មាន​សភាព​ដូច្នេះ ហៅថា មានព្យាយាមដុតកំដៅកិលេស មានសេចក្តីខ្លាចពាក្យតិះដៀល មាន​ព្យាយាមប្រារឰ​ហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ចនិរន្ត។

ភិក្ខុគប្បីដើរ សង្រួម គប្បីឈរ សង្រួម គប្បីអង្គុយ សង្រួម គប្បីដេក សង្រួម គប្បីបត់ (នូវ​អវយវៈតូចធំ) សង្រួម គប្បីលានូវអវយវៈតូចធំនុ៎ះ សង្រួម គតិនៃសត្វលោក ទាំងខាង​លើ កណ្តាល និងខាងក្រោម [បានដល់បញ្ចក្ខន្ធជាអតីត បច្ចុប្បន្ន និងអនាគត។ អដ្ឋកថា។] មានកំណត់ត្រឹមណា អ្នក​ប្រាជ្ញ​ទាំងឡាយ ពិចារណាឃើញ នូវកិរិយាកើតឡើង និង​វិនាស​ទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សា នូវបដិបទាដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះ​ថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ជានិច្ច។

បធានសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន (សេចក្តីព្យាយាមប្រពៃ) នេះ មាន ៤ យ៉ាង។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ​ឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ១​ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំង​ព្យាយាមមាំ ដើម្បីញុំាងកុសលធម៌ ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យកើតឡើង ១ ញុំាង​ឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំង​ព្យាយាម​មាំ ដើម្បីញុំាង​កុសលធម៌ ដែលកើតឡើងហើយ ឲ្យស្ថិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យ​ចំរើនធំទូលាយ បរិបូណ៌​ក្រៃលែងឡើង ១ ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ យ៉ាង​ប៉ុណ្ណេះ។

ព្រះខីណាស្រពទាំងនោះ ជាអ្នកមានព្យាយាមដោយប្រពៃ គ្រប​សង្កត់​នូវមារ គឺវដ្តៈបាន ជាអ្នកមិនបានអាស្រ័យ ជា​អ្នក​ដល់​ត្រើយ​នៃភ័យ គឺជាតិ និងមរណៈ ត្រេកអរ បាន​ឈ្នះ​នូវមារ​ ព្រម​ទាំង​វាហនៈ គឺសេនារបស់មារ ព្រះខីណាស្រពនោះ មិនបាន​ញាប់​ញ័រដោយ​តណ្ហា កន្លងបង់នូវពល នៃមារទាំងអស់បាន (លោកដល់នូវសេចក្តីសុខហើយ)។

សំវរសូត្រ ទី៤

[១៤] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធានទាំង ៤ យ៉ាង តើដូចម្តេច។ គឺ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ សំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបាន​កាន់​យក នូវ​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល ដែល​មិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏​ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវ​សេចក្តី​សង្រួមក្នុង​ចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់​ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិន​​បានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​គ្រប​​សង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវ​មនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់​នូវ​សេចក្តី​សង្រួម​ ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិន​បាន​តាំង​ចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ … វិហឹសាវិតក្កៈ ដែល​កើត​ឡើងហើយ … មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់​នូវ​សេចក្តី​វិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ភាវនាបធាន តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែល​អាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ​នូវ​សេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ … ចំរើននូវ​វីរិយ​សម្ពោជ្ឈង្គ … ចំរើននូវបីតិសម្ពោជ្ឈង្គ … ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ … ចំរើននូវ​សមាធិ​សម្ពោជ្ឈង្គ … ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យនូវ​ការ​ប្រាស​ចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាទុកនូវសមាធិនិមិត្ត គឺ​អដ្ឋិកសញ្ញា បុឡវកសញ្ញា វិនីលកសញ្ញា វិបុព្វកសញ្ញា វិច្ឆិទ្ទកសញ្ញា ឧទ្ធុមាតកសញ្ញា [ប្រែថា សេចក្តីសំគាល់នូវរាងឆ្អឹង សេចក្តីសំគាល់នូវអសុភមានគំនរដង្កូវ សេចក្តីសំគាល់​នូវអសុភ មានសម្បុរខៀវ សេចក្តីសំគាល់នូវអសុភមានខ្ទុះហូរចេញ សេចក្តីសំគាល់នូវ​អសុភដាច់ពាក់កណ្តាល សេចក្តីសំគាល់នូវអសុភហើមប៉ោង។ ក្នុងទីនេះ សំដៅយក​អសុភទាំង ១០ ដែលមានពិស្តារ ក្នុងវិសុទ្ធិមគ្គ។ អដ្ឋកថា។] ដ៏ល្អ ដែលកើតឡើងហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាលភិក្ខុទាំងឡាយ បធាន មាន ៤ យ៉ាងប៉ុណ្ណេះ។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធានទាំង ៤ យ៉ាងនេះ ព្រះពុទ្ធជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់​សំដែងហើយ ដែលភិក្ខុក្នុងសាសនានេះ មានព្យាយាម ដុតកំដៅកិលេស បានដល់នូវអរហត្ត ជាធម៌អស់ទៅនៃទុក្ខ។

បញ្ញត្តិសូត្រ ទី៥

[១៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ (បញ្ញត្តិដ៏ប្រសើរ) នេះ មាន ៤ យ៉ាង។ អគ្គប្បញ្ញត្តិ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រាហុអសុរិន្ទ នេះ ធំលើសជាង​ពួកសត្វ​មាន​អត្តភាព [បានឮរៀងមកថា រាហុអសុរិន្ទ មានកំពស់ ៤៨០០ យោជន៍ ចន្លោះដើមដៃ គឺពីស្មាម្ខាង ទៅស្មាម្ខាង ប្រវែង១២០០ យោជន៍ ផ្ទៃបាតដៃ និង​បាតជើងកម្រាស់ ៣០០ យោជន៍ ថ្នាំងម្រាមដៃ ប្រវែង ៥០ យោជន៍ ចន្លោះចិញ្ចើម (ប្រជុំចិញ្ចើម) ប្រវែង ៥០ យោជន៍ ថ្ងាស ៣០០ យោជន៍ ក្បាល ៩០០ យោជន៍។ រាហុអសុរិន្ទ មានអត្តភាពធំសំបើម យ៉ាងនេះ។] ១ ម្នាលភិក្ខុទាំងឡាយ ព្រះបាទ​មន្ធាតុ នេះ ប្រសើរជាងបុគ្គល​អ្នក​បរិភោគ​កាម [ស្តេចមន្ធាតុនេះ បានសោយរាជ្យ បរិភោគកាម​ជាទិព្វ ក្នុងស្ថានសួគ៌ផង ក្នុងមនុស្ស​ផង ស្តេចនេះ កើតក្នុងមនុស្សលោកមានអាយុ ១ អសំខេយ្យ អាចញុំាងភ្លៀងប្រាក់ ឲ្យ​ធ្លាក់​ចុះមកបាន ក្នុងខណៈដែលប្រាថ្នា​ លុះ​បរិភោគ​កាម របស់មនុស្សលោក អស់កាល​ជាយូររួចហើយ ក៏ទៅសោយរាជ្យ បរិភោគកាមដ៏ឧត្តម​ក្នុងទេវលោក កំណត់​កាល​អស់​អាយុនៃព្រះឥន្ទ្រ ៣៦ អង្គទៀត ជាបុគ្គល​ប្រសើរជាងអ្នកបរិភោគកាម យ៉ាងនេះ។ អដ្ឋកថា។] ទាំងឡាយ ១ ម្នាលភិក្ខុទាំងឡាយ មារ​មានចិត្តបាបនេះ ប្រសើរជាងពួកសត្វ ដែល​មានតំណែងធំ ៗ ១ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដ​ជាប្រសើរ ក្នុងមនុស្សលោក ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម​ទាំងសមណព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ១។ ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ មាន ៤ យ៉ាងប៉ុណ្ណេះ។

រាហុ ធំលើសពួកសត្វ ដែលមានអត្តភាព ស្តេចមន្ធាតុ ប្រសើរជាងបុគ្គលអ្នកបរិភោគកាម​ទាំងឡាយ មារ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ជាអ្នករុងរឿង ដោយ​ឫទ្ធិ គឺការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ គតិ​នៃ​សត្វ​លោក មានកំណត់​ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោមក្តី ព្រះពុទ្ធ ដែលអ្នកប្រាជ្ញ​ទាំងឡាយ​ពោលថា ប្រសើរ ជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណោះ។

សោខុម្មសូត្រ ទី៦

[១៦] ម្នាលភិក្ខុទាំងឡាយ ញាណជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិតនេះ មាន ៤ យ៉ាង។ ញាណជាគ្រឿងចាក់ធ្លុះនូវលក្ខណៈដ៏ល្អិត ៤ យ៉ាង តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយញាណ ជាគ្រឿងកំណត់នូវលក្ខណៈ ដ៏​ល្អិត​ក្នុងរូប​ក្រៃលែង ប៉ុន្តែមិនពិចារណាឃើញ នូវញាណជាគ្រឿងកំណត់ នូវលក្ខណៈ ដ៏ល្អិត ក្នុងរូប​ដទៃ​ទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណជាគ្រឿង​កំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងរូបនោះ ទាំង​មិនបាន​ប្រាថ្នា​ នូវ​ញាណ​ជា​គ្រឿង​កំណត់​នូវលក្ខណៈដ៏ល្អិត ក្នុងរូបដទៃ​ទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណជាគ្រឿង កំណត់​ នូវលក្ខណៈដ៏ល្អិត ក្នុងរូបនោះឯង ១ ប្រកបដោយញាណ ជាគ្រឿងកំណត់​នូវលក្ខណៈ ដ៏ល្អិតក្នុងវេទនា ១ ប្រកបដោយញាណ ជាគ្រឿងកំណត់ នូវលក្ខណៈ​ដ៏ល្អិត ក្នុងសញ្ញា ១ ប្រកបដោយ​ញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដ៏ក្រៃលែង ប៉ុន្តែមិនពិចារណា​ឃើញ​នូវញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដទៃ ដែលលើសលុបជាង ឬ​ថ្លៃថ្លា​ជាង​ញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារនោះ ទាំងមិនបាន​ប្រាថ្នា​នូវ​ញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារដទៃទៀត ដែលលើស​លុបជាង ឬថ្លៃថ្លាជាងញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារនោះឯង ១។ ម្នាលភិក្ខុទាំងឡាយ ញាណ ជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិត មាន ៤ យ៉ាងប៉ុណ្ណេះ។

ភិក្ខុណា ដឹងសភាពដ៏ល្អិត នូវរូបក្ខន្ធផង នូវហេតុជាដែន​កើត​ឡើង នៃ​វេទនា​ខន្ធផង សញ្ញាខន្ធតាំងឡើង ដោយហេតុណា ដល់​នូវការរលត់ទៅ ក្នុងទីណា (ដឹងច្បាស់នូវ​ហេតុ​នោះ ដឹង​ទីនោះ) ផង ដឹងនូវសង្ខារក្ខន្ធ ថាជារបស់អ្នកដទៃ គឺមិនទៀង ជាទុក្ខ មិនមែន​ជារបស់​ខ្លួនផង ភិក្ខុនោះ ឈ្មោះថា ឃើញដោយ​ប្រពៃ ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុង​សន្តិបទ គឺព្រះនិញ្វន បានឈ្នះនូវមារ​ព្រមទាំងវាហនៈ គឺសេនាហើយ រមែងទ្រទ្រង់​ទុកនូវ​រាងកាយ ក្នុង​ភពជា​ទី​បំផុត។

បឋមអគតិសូត្រ ទី៧

[១៧] ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ (សេចក្តីលំអៀង) នេះ មាន ៤ យ៉ាង។ អគតិ ៤ យ៉ាង តើដូចម្តេច។ គឺលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះ​សេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ការលុះអគតិ មាន ៤ យ៉ាង ប៉ុណ្ណេះ។

បុគ្គលណា កន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់​ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តី​ល្ងង់ យសរបស់បុគ្គលនោះ រមែងសាបសូន្យទៅ ដូចជាព្រះចន្រ្ទ ក្នុងកាឡបក្ស គឺខាង​រនោច។

ទុតិយអគតិសូត្រ ទី៨

[១៨] ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិនេះ មាន ៤ យ៉ាង។ ឯការ​មិនលុះអគតិ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះ​សេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិ មាន ៤ យ៉ាងប៉ុណ្ណេះ។

បុគ្គលណា មិនបានកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែង​ពេញបរិបូណ៌ ដូចជាព្រះចន្រ្ទ ក្នុងសុក្កបក្ស គឺខាងខ្នើត។

តតិយអគតិសូត្រ ទី៩

[១៩] ម្នាលភិក្ខុទាំងឡាយ ការលុះអគតិនេះ មាន ៤ យ៉ាង។ ការលុះអគតិ ៤ យ៉ាង តើដូចម្តេច។ គឺលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ ៤ យ៉ាងប៉ុណ្ណេះ។

បុគ្គលណា ប្រព្រឹត្តកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យស របស់បុគ្គលនោះ រមែងសាបសូន្យទៅ ដូចជាព្រះចន្រ្ទ ក្នុងកាឡបក្ស។

 [២០] [ត្រង់កន្លែងនុ៎ះ មិនមានបព្វៈនេះទេ។] ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិនេះ មាន ៤ យ៉ាង។ ការមិនលុះអគតិ ៤ យ៉ាង តើដូចម្តេច។ គឺមិនលុះអគតិ ព្រោះ​សេចក្តី​ស្រឡាញ់ ១ មិនលុះអគតិ ព្រោះ​សេចក្តី​ស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិន​លុះ​អគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាល​ភិក្ខុទាំងឡាយ ការមិនលុះអគតិ មាន ៤ យ៉ាង​ប៉ុណ្ណេះ។

បុគ្គលណា មិនប្រព្រឹត្តកន្លងនូវសុចរិតធម៌ ព្រោះសេចក្តី​ស្រឡាញ់ សេចក្តីស្អប់ សេចក្តី​ខ្លាច សេចក្តីល្ងង់ យសរបស់​បុគ្គល​នោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្រ្ទក្នុង​សុក្កបក្ស។

ភត្តុទ្ទេសសកសូត្រ ទី១០

[២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ (អ្នកសំដែងនូវភត្ត) ប្រកប​ដោយធម៌ ៤ យ៉ាង រមែងធ្លាក់ចុះទៅក្នុងនរក ដូចជាគេនាំទៅទំលាក់ចោល។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំ យកទៅទំលាក់ចោល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះសេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។

ជនណានីមួយ មិនសង្រួមក្នុងកាម មិនប្រកបដោយធម៌ មិន​គោរព​ក្នុងធម៌ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច (សេចក្តីល្ងង់) ជននោះ ហៅថា ជា​មនុស្ស​កាក ក្នុងបរិសទ្យ ព្រោះព្រះពុទ្ធសមណៈអ្នកត្រាស់ដឹង ទ្រង់សំដែងទុក យ៉ាង​នេះ ព្រោះហេតុនោះ ជនទាំងឡាយណា ស្ថិតនៅក្នុងធម៌ មិនធ្វើអំពើលាមក មិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច (សេចក្តីល្ងង់) ជនទាំងនោះ ជា​សប្បុរស ដែលអ្នកប្រាជ្ញគប្បីសរសើរ។ ជននោះ ហៅថា ជាអ្នកផូរផង់ ក្នុងបរិសទ្យ ព្រោះព្រះពុទ្ធ​សមណៈអ្នកត្រាស់ដឹង ទ្រង់សំដែង​ទុក​ហើយ យ៉ាងនេះ។

ចប់ ចរវគ្គ ទី២។

ឧទ្ទាននៃចរវគ្គនោះ គឺ

និយាយអំពីការដើរជាដើម ១ អំពីសីល ១ អំពីសេចក្តីព្យាយាម ១ អំពីសេចក្តីសង្រួម ១ អគ្គប្បញ្ញត្តិមួយទៀត ជាគំរប់ ៥ អំពីញាណជាគ្រឿងកំណត់ដឹង នូវលក្ខណៈដ៏ល្អិត ១ អំពីអគតិ មាន ៣ លើក និងភិក្ខុជាអ្នកសំដែងនូវភត្ត មួយទៀត ត្រូវជា ១០។

ឧរុវេលវគ្គ

បឋមឧរុវេលសូត្រ ទី១

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម័យ​មួយ តថាគត បានត្រាស់ដឹងជាដំបូងហើយ នៅក្រោមដើមអជបាលនិគ្រោធ ក្បែរ​ឆ្នេរស្ទឹងនេរញ្ជរា ក្នុង​ឧរុវេលានិគមឯណោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ សម្ងំ​នៅ​ក្នុង​ទីស្ងាត់តែម្នាក់ឯង មានចិត្តត្រិះរិះ យ៉ាងនេះថា បុគ្គលមិនមានសេចក្តី​គោរព​កោត​ក្រែង រមែងនៅបានទាំង​លំបាក​ណាស់ តថាគត គួរចូលទៅ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬព្រាហ្មណ៍​ណាហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា តថាគត គប្បីចូល​ទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពសមណៈ ឬព្រាហ្មណ៍ឯទៀត ដើម្បី​បំពេញ នូវសីលក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬព្រាហ្មណ៍ឯទៀត ដែល​បរិបូណ៌​ដោយសីលជាងតថាគត គួរឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព​បាន​ឡើយ នូវសមាធិក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ … នូវបញ្ញាខន្ធ … តថាគត គួរចូល​ទៅ​ធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬព្រាហ្មណ៍ឯទៀត ដើម្បី​បំពេញ​វិមុត្តិក្ខន្ធ តែក្នុង​លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម ទាំង​សមណ​ព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិន​ឃើញ​សមណៈ ឬព្រាហ្មណ៍ឯទៀត ឲ្យបរិបូណ៌ដោយវិមុត្តិ ជាងតថាគត ល្មមឲ្យ​តថាគត ចូល​ទៅ​ធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មាន​សេចក្តីត្រិះរិះថា បើដូច្នោះ គួរតែតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តី​គោរពធម៌ ដែល​តថាគតត្រាស់ដឹងហើយនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បាន​ដឹង​សេចក្តីត្រិះរិះ ក្នុងចិត្តរបស់តថាគត ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទី ចំពោះ​មុខតថាគត ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែល​ខ្លួន​លា​ចេញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ សហម្បតិព្រហ្ម បង់កសំពត់ ឆៀងស្មាម្ខាង លុតជង្គង់​ខាងស្តាំ លើប្រថពី ប្រណម្យអញ្ជលី ចំពោះតថាគត និយាយ​នឹង​តថាគត យ៉ាង​នេះថា បពិត្រព្រះដ៏មានព្រះភាគ ការនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ការនុ៎ះ យ៉ាងនេះ​ហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយណា មានហើយ ក្នុងកាលអតីតក្តី ព្រះដ៏មានព្រះភាគទាំង​ឡាយ​នោះ ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌តែប៉ុណ្ណោះ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងកាលអនាគតក្តី ព្រះដ៏មានព្រះភាគ​ទាំង​ឡាយនោះ នឹងចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះ​ព្រះធម៌ដែរ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូមព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ក្នុង​កាល​ឥឡូវនេះ ចូលទៅធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព ចំពោះព្រះធម៌ដែរចុះ។ សហម្បតិព្រហ្ម បានពោលពាក្យ​នេះ​ហើយ លុះពោលពាក្យនេះហើយ ក៏ពោល​ពាក្យ​ជា​គាថាពន្ធ យ៉ាងនេះតទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ក្នុងកាលជាអតីតក្តី ព្រះសម្ពុទ្ធ​ទាំង​ឡាយ​ណា ក្នុងកាល​អនាគត​ក្តី ព្រះសម្ពុទ្ធណា ក្នុង​កាល​ឥឡូវ​នេះ​ក្តី ព្រះអង្គបានញុំាងសេចក្តីសោក របស់ពួក​ជនច្រើន ឲ្យ​វិនាស ព្រះសម្ពុទ្ធគ្រប់អង្គនោះ គោរពព្រះសទ្ធម្មហើយផង កំពុងគោរព​ព្រះសទ្ធម្ម​ផង នឹងគោរពព្រះសទ្ធម្មផង នេះជាធម្មតា របស់ព្រះពុទ្ធទាំងឡាយ ហេតុនោះ បុគ្គលអ្នក​ត្រូវការប្រយោជន៍​ផ្ទាល់ខ្លួន ប្រាថ្នានូវភាវៈ នៃខ្លួនជាធំ កាលរលឹកពាក្យ​ប្រៀន​ប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ត្រូវតែគោរពព្រះសទ្ធម្ម។

ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បាននិយាយពាក្យនេះ លុះនិយាយ​ពាក្យនេះហើយ ក៏ថ្វាយបង្គំតថាគត រួចធ្វើប្រទក្សិណ ហើយបាត់ពីទីនោះទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានដឹងច្បាស់ នូវការនិមន្តរបស់សហម្បតិព្រហ្មផង នូវការដ៏សមគួរ ដល់​តថាគត​ផង ក្នុងទីឯណោះ ហើយក៏ធ្វើសក្ការៈ ធ្វើសេចក្តីគោរព ចំពោះធម៌ ដែលតថាគត​ត្រាស់ដឹងហើយនោះ ម្នាលភិក្ខុទាំងឡាយ បើសង្ឃ​ដែល​ប្រកប​ដោយគុណដ៏ធំ ក្នុងកាល​ណា កាលនោះ តថាគតមានសេចក្តីគោរព ចំពោះសង្ឃដែរ។

ទុតិយឧរុវេលសូត្រ ទី២

[២៣] ម្នាលភិក្ខុទាំងឡាយ សម័យមួយ កាលតថាគត ទើបនឹងបានត្រាស់​ដឹង​ជា​ដំបូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាឯណោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះឯង ពួកព្រាហ្មណ៍ច្រើនគ្នា ចាស់គ្រាំគ្រា ព្រិទ្ធាចារ្យ មានអាយុច្រើន រស់នៅ​យូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ បានចូលទៅ​រក​តថាគត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលភិក្ខុទាំង​ឡាយ លុះពួកព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​និយាយ​នឹងតថាគត ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំបានឮយ៉ាងនេះថា ព្រះសមណគោតម មិន​សំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់​នៅ​បានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុង​បច្ឆិមវ័យហើយ ទោះបី​គ្រាន់​តែអញ្ជើញហៅរក នូវព្រាហ្មណ៍ទាំងនោះ ឲ្យ​អង្គុយ​លើអាសនៈ (ព្រះអង្គ ក៏មិនធ្វើផង) បពិត្រព្រះគោតមដ៏ចំរើន ពាក្យ​ដែល​យើង​ខ្ញុំ​បាន​ឮ​មកនោះ ជាប្រាកដថា ព្រះគោតម​ដ៏ចំរើន មិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមាន​អាយុ​ច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយថា សូម្បី​ត្រឹមតែអញ្ជើញ ហៅរក​ពួកព្រាហ្មណ៍​ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើ) បពិត្រព្រះគោតមដ៏ចំរើន កិច្ច​មាន​ការ​មិន​សំពះ ជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា អ្នកដ៏មានអាយុ​ទាំងឡាយ​នេះ មិនស្គាល់នូវបុគ្គលចាស់ផង នូវធម៌ទាំងឡាយ ដែលធ្វើខ្លួន ឲ្យជាបុគ្គលចាស់ផង ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​ចំរើន​ដោយ​វ័យ តាំងពីកើតមក មានអាយុ ៨០ ឆ្នាំក្តី ៩០ ឆ្នាំក្តី ១០០ ឆ្នាំក្តី តែបុគ្គលនោះ ជា​អ្នក​និយាយខុសកាល និយាយពាក្យមិនពិត និយាយ​ពាក្យឥតប្រយោជន៍ និយាយ​ពាក្យ​មិន​មែនធម៌ និយាយពាក្យមិនមែនវិន័យ និយាយពាក្យ ដែលមិនគួរ​ឲ្យ​ដំកល់ទុក​ក្នុងហឫទ័យ ខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមាន​ទីបំផុត មិន​ប្រកប​ដោយ​ប្រយោជន៍ កាលបើដូច្នោះ បុគ្គលពាលនោះ ក៏ដល់នូវការរាប់ថា ជាបុគ្គលចាស់ខ្លៅ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលនៅក្មេង កម្លោះជំទង់ មានសក់ខ្មៅ ប្រកប​ដោយវ័យចំរើន គឺបឋមវ័យមែន តែបុគ្គលនោះ ជាអ្នកនិយាយពាក្យត្រូវកាល និយាយ​ពាក្យពិត និយាយពាក្យជាប្រយោជន៍ និយាយពាក្យជាធម៌ និយាយពាក្យជាវិន័យ និយាយ​សំដីគួរដំកល់ទុក ក្នុងហឫទ័យ ត្រូវតាមកាល មានគ្រឿងអាង មានទីបំផុត ប្រកប​ដោយ​ប្រយោជន៍ កាលបើដូច្នោះ បុគ្គលនោះ ក៏រាប់ថាជាចាស់ចេះដឹង។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំង ៤ នេះ ជាធម៌សម្រាប់ធ្វើឲ្យជាថេរៈ (បុគ្គលចាស់)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង  ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន​សីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុង​ទោស គ្រាន់​តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់​សុតៈ​មិនភ្លេច សន្សំទុកនូវសុតៈ ពួកធម៌ណា មានលំអបទខាងដើម លំអ​បទ​កណ្តាល លំអបទ​ចុង ប្រកាសនូវព្រហ្មចារ្យ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ប្រកប​ដោយ​អត្ថ​ ព្រម​ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ​ មានសភាពដូច្នោះ ភិក្ខុនោះ ចេះចាំច្រើន ទ្រទ្រង់ រត់មាត់ ពិចារណា​បានតាមចិត្ត ដឹងដោយប្រពៃ ដោយទិដ្ឋិ គឺបញ្ញា ១ ជាអ្នក​បាន​តាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយមិនខុសវេលា នូវឈានទាំង ៤ ដែលកើតក្នុង​ចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើឲ្យជាក់ច្បាស់ បានដល់ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌ធ្វើ​ឲ្យ​បាន​ឋានៈ​ជាថេរៈ។

អ្នកណា មានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យ​ឥត​ប្រយោជន៍ មានគំនិតមិន​តម្កល់​ស៊ប់សួន មិនត្រេកអរ​នឹង​ព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមាន​ទិដ្ឋិដ៏​លាមក មិនមានសេចក្តីអើពើនោះ (តែងតែ) ឆ្ងាយចាកសភាវៈមាំទាំ។ បើ​អ្នក​ណា បរិបូណ៌ ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយ ដែលធ្វើឲ្យ​ជាថេរៈ ឃើញច្បាស់នូវ សេចក្តី​នៃសច្ចៈទាំង ៤ ដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនា ជាអ្នកឆ្លងផុតនូវធម៌ទាំងអស់ (មានខន្ធជាដើម) បាន​មាន​ចិត្ត​មិន​ជាប់ចំពាក់ (មានការមិន​ជាប់ចំពាក់ ព្រោះរាគៈ ជាដើម) បរិបូណ៌ដោយសេចក្តីឆ្លៀវឆ្លាស។ អ្នកណា លះបង់ជាតិ និង​មរណៈបានហើយ មានព្រហ្មចារ្យ គ្រប់គ្រាន់ តថាគតហៅអ្នកនោះ ថាជាថេរៈ ភិក្ខុណា មិនមានអាសវៈ​ទាំងឡាយ ព្រោះអស់អាសវៈទាំងឡាយ តថាគត ហៅភិក្ខុនោះ ថាជាថេរៈ។

លោកសូត្រ ទី៣

[២៤] ម្នាលភិក្ខុទាំងឡាយ លោក (គឺទុក្ខសច្ច) តថាគតបានត្រាស់ដឹងហើយ តថាគត​ផុតចាកលោក (គឺទុក្ខសច្ច) ហើយ ម្នាលភិក្ខុទាំងឡាយ លោកសមុទយៈ តថាគត បាន​ត្រាស់​ដឹងហើយ លោកសមុទយៈ តថាគត បានលះបង់ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោកនិរោធៈ តថាគត បានត្រាស់ដឹងហើយ លោកនិរោធៈ តថាគត បានធ្វើ​ឲ្យជាក់​ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធគាមិនីបដិបទា តថាគត បាន​ត្រាស់​ដឹងហើយ លោកនិរោធគាមិនីបដិបទា តថាគត បានចំរើនហើយ។ ម្នាលភិក្ខុទាំង ឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែល​ពពួក​សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស ឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ត្រេចរង្គាត់រក អារម្មណ៍នោះ តថាគត បានដឹង​ជាក់ស្តែងហើយ ដោយសារចិត្ត ព្រោះហេតុនោះ បាន​ជា​គេហៅថា តថាគត។ ម្នាល​ភិក្ខុទាំងឡាយ តថាគតបានត្រាស់ ក្នុងរាត្រីណា បរិនិញ្វន ក្នុងរាត្រីណា តែងពោលចរចា សំដែងចេញនូវវាចាណា ក្នុងចន្លោះនោះ កិច្ច មានការ​ត្រាស់ដឹង ជាដើមទាំងនោះ ដូច្នោះ​មែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះ បាន​ជា​គេ​ហៅថា តថាគត។ ម្នាល​ភិក្ខុទាំង​ឡាយ តថាគតថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើ​យ៉ាង​ណា ថាយ៉ាងនោះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើប​បានជាគេហៅថា តថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នកគ្របសង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាច​គ្របសង្កត់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេសបាន ហេតុនោះ បានជាគេហៅថា តថាគត។

បុគ្គលណា ដឹងច្បាស់នូវលោកទាំងអស់ ដឹងច្បាស់ ក្នុង​លោក​ទាំង​អស់ តាមពិត ផុតចាក​លោកទាំងអស់ មិនមានការកពូន ក្នុង​លោក​ទាំងអស់ បុគ្គលនោះឯង ជាអ្នកប្រាជ្ញ គ្រប​សង្កត់​នូវ​អារម្មណ៍​ទាំងអស់បាន ជាអ្នករួចចាកគន្ថៈទាំងអស់ ព្រះនិញ្វន បុគ្គលនោះ ពាល់​ត្រូវហើយ ព្រះនិញ្វន មិនមានភ័យ​មក​ពី​ណា​ទេ បុគ្គលនោះ ជាខីណាសវៈ បានត្រាស់ដឹង​ហើយ ជាអ្នកមិន មាន​ទុក្ខ អ្នកផ្តេចនូវសេចក្តីសង្ស័យហើយ ដល់នូវការ​អស់​ទៅ​នៃ​កម្មទាំងអស់ រួចស្រឡះ (ដោយផលវិមុត្តិ ដែលមានអារម្មណ៍) ក្នុង​ធម៌ ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស បុគ្គលនោះ ជាភគវន្ត អ្នក​ត្រាស់ដឹង បុគ្គលនេះ ជាសីហៈ មិនមាន​បុគ្គលដ៏ទៃស្មើ ញុំាងចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងលោក ព្រមទាំងទេវលោក ដោយ​ប្រការដូច្នេះឯង។ ពួកទេវតា និងពួកមនុស្ស ដែល​បាន​ដល់​ព្រះពុទ្ធ ជាទីរលឹក តែងនាំ​គ្នាមកនមស្ការព្រះតថាគតនោះ អ្នក​មានគុណធំ ប្រាសចាកសេចក្តីញញើតញញើម។ តថាគត មាន​ខ្លួនទូន្មានល្អហើយ ប្រសើរជាងពួកបុគ្គលអ្នកទូន្មានខ្លួន ពុទ្ធឥសី ដែលមាន​ចិត្តស្ងប់រម្ងាប់ហើយ ប្រសើរជាងពួកបុគ្គល អ្នក​ទូន្មានខ្លួន តថាគត មានចិត្តផុត​ស្រឡះ​ហើយ ខ្ពង់ខ្ពស់​ជាងពួកបុគ្គលអ្នកមានចិត្តផុតស្រឡះហើយ តថាគត ឆ្លង​ផុតហើយ ប្រសើរ​ជាងពួកបុគ្គលអ្នកឆ្លង ពួកទេវតា និងមនុស្ស តែងនាំគ្នាមកនមស្ការ តថាគតនោះ មានគុណដ៏ធំ ប្រាស​ចាក​សេចក្តីញញើតញញើម ដោយប្រការដូច្នេះ។ ក្នុង​លោកនេះ ព្រម​ទាំងទេវលោក មិនមានបុគ្គលប្រៀបនឹងតថាគតបានទេ។

កាឡការាមសូត្រ ទី៤

[២៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកាឡការាម ជិត​ក្រុងសាកេត។ ក្នុង​ទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក នឹងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ និង​មនុស្សជាសម្មតិទេព និង​មនុស្ស​ដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយ​ចិត្ត តថាគត ដឹងច្បាស់នូវអារម្មណ៍នោះ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែល​លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណ​ព្រាហ្មណ៍ និងមនុស្ស ជា​សម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹង​ច្បាស់ បានដល់ ស្វែងរក ពិចារណា​រឿយ ៗ ដោយចិត្ត តថាគតដឹង នូវអារម្មណ៍នោះ ឯអារម្មណ៍នោះ តថាគត ដឹងប្រាកដហើយ អារម្មណ៍នោះ មិនឋិតនៅ ក្នុងតថាគតទេ។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក… បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ពិចារណារឿយ ៗ ដោយចិត្ត ប្រសិនបើ តថាគត​ពោលថា អាត្មាអញ ដឹងនូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហក របស់តថាគត … ប្រសិនបើ តថាគត​ពោល​ថា អាត្មាអញដឹងខ្លះ មិនដឹងខ្លះ នូវអារម្មណ៍នោះ ពាក្យនោះ គប្បី​ជា​ពាក្យ​កុហកដែរ… ប្រសិនបើតថាគតពោលថា អាត្មាអញ មិនមែនដឹង មិនមែនជា​មិនដឹង នូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាទោស របស់តថាគត ម្នាលភិក្ខុទាំងឡាយ តថាគត មិនសំគាល់នូវអារម្មណ៍ ដែលមហាជនឃើញហើយ ថាគួរឃើញ ព្រោះបាន​ឃើញ មិនសំគាល់នូវអារម្មណ៍ ដែលមហាជនមិនឃើញ មិនសំគាល់នូវអារម្មណ៍ ដែល​មហាជន គប្បីឃើញ មិនសំគាល់ នូវបុគ្គលអ្នកឃើញ មិនសំគាល់នូវសំឡេង ដែល មហាជន​ឮហើយ ថាគួរឮ ព្រោះបានឮ មិនសំគាល់នូវសំឡេង ដែលមហាជន មិនបានឮ​ហើយ មិនសំគាល់នូវសំឡេង ដែលមហាជន ត្រូវឮ មិនសំគាល់​ នូវបុគ្គល​អ្នកឮសំឡេង មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន ពាល់ត្រូវហើយ ថា គួរពាល់ត្រូវ ព្រោះបាន​ពាល់ត្រូវ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន មិនពាល់ត្រូវហើយ មិនសំគាល់ នូវ​អារម្មណ៍ ដែលមហាជនគប្បីពាល់ត្រូវ មិនសំគាល់ នូវបុគ្គល​អ្នក​ពាល់ត្រូវ មិនសំគាល់ នូវ​អារម្មណ៍ ដែលមហាជនដឹងច្បាស់ហើយ ថា គួរដឹងច្បាស់ ព្រោះបានដឹងច្បាស់ មិន​សំគាល់នូវអារម្មណ៍ដែលមហាជនមិនដឹងច្បាស់ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន​ត្រូវដឹងច្បាស់ មិនសំគាល់ នូវបុគ្គលអ្នកដឹងច្បាស់ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ជា​តាទិបុគ្គល ប្រាកដដូចនោះ ក្នុងធម៌ គឺអារម្មណ៍ទាំងឡាយ ដែលមហាជនត្រូវឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ តថាគត ហៅថា តាទិបុគ្គលឯទៀត មិន​ថ្លៃថ្នូរ​ផង មិនវិសេស​វិសាល​ផង ជាងតថាគត ជាតាទិបុគ្គលនោះ ដោយ​ប្រការ​ដូច្នេះ​ឡើយ។

អារម្មណ៍ណាមួយ ដែលពួកជនបានឃើញក្តី បានឮក្តី បាន​ពាល់​ត្រូវ​ក្តី ដឹងច្បាស់ក្តី អារម្មណ៍នោះ ពួកជនដទៃ សំគាល់​ថា​ជា​របស់​ពិត ហើយប្រកាន់មាំ។ បណ្តាពួកជន សង្រួមដោយខ្លួនឯង ព្រះ​តថាគត ជាតាទិបុគ្គល មិនគប្បីជឿពាក្យដទៃ ដែលពិតក្តី មិន​ពិតក្តី។ ពួកសត្វឃើញសរ គឺទិដ្ឋិនោះ មុនបំផុត ហើយជ្រុលជ្រប់​ជាប់នៅ ក្នុងអារម្មណ៍​ណា តថាគតដឹងច្បាស់ ឃើញច្បាស់ នូវ​សរ គឺអារម្មណ៍នោះ ដូច្នោះ សេចក្តីជ្រុលជ្រប់ (ដោយសរ គឺទិដ្ឋិ) នោះ មិនមានដល់ព្រះតថាគតទាំងឡាយឡើយ។

ព្រហ្មចរិយសូត្រ ទី៥

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បី​កុហក​មហាជន ក៏ទេ ដើម្បីល្បួងលួងមហាជន ក៏ទេ ដើម្បីលាភសក្ការៈ និង​សេចក្តីសរសើរ​ជាអានិសង្ស ក៏ទេ ដើម្បីបានអានិសង្ស ព្រោះការដោះ នូវពាក្យ​ជនដទៃ ដូច្នេះ ដូច្នោះ ថា មហាជន ចូរស្គាល់នូវតថាគត ដូច្នេះ ក៏ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រព្រឹត្ត​ព្រហ្មចារ្យនេះ ដើម្បីសង្រួម ដើម្បីលះ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ តែ​ប៉ុណ្ណេះ​ឯង។

ព្រះដ៏មានព្រះភាគនោះ ទ្រង់បានសំដែងនូវព្រហ្មចារ្យ មិនបាន​ជឿ​អ្នកដទៃ ដើម្បីសង្រួម ដើម្បីលះបង់ ជាដំណើរទៅ ក្នុង​ព្រះនិញ្វន ផ្លូវហ្នឹង ដែលព្រះពុទ្ធជាចម្បង យាត្រាទៅ។ បើ​ពួក​ជនណា ដើរតាមផ្លូវ ដែលព្រះពុទ្ធ សំដែងហើយនោះ បើពួកជននោះ ធ្វើតាមពាក្យ​ប្រៀនប្រដៅ របស់ព្រះសាស្តានោះ ទើបនឹងធ្វើ​ទីបំផុតទុក្ខបាន។

កុហសូត្រ ទី៦

[២៧] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស រឡេះ រឡោះ មានកិលេស​លេចឡើង ប្រាកដដូចជាស្នែង ដំឡើងមានះ មានចិត្តមិននឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនជាអ្នករាប់អានតថាគតទេ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ជាអ្នកប្រាសចាកធម្មវិន័យនេះ ពួកភិក្ខុទាំងនោះ មិនដល់នូវសេចក្តីចំរើន ដុះដាលធំ​ទូលាយ ក្នុងធម៌វិន័យនេះបានឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ជាអ្នកមិនកុហក មិន​រឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ​ទាំង​នោះ ឈ្មោះថា ជាអ្នករាប់អាន​តថាគតផង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនប្រាសចាកធម្មវិន័យនេះផង ពួកភិក្ខុទាំងនោះ តែងដល់នូវសេចក្តីចំរើនដុះដាល ធំ​ទូលាយ ក្នុងធម្មវិន័យនេះផង។

ពួកភិក្ខុណា កុហក រឹងរូស រឡេះរឡោះ មានកិលេសលេចឡើង ប្រាកដ​ដូចជាស្នែង ដំឡើង​មានះ មានចិត្តមិននឹងធឹង ភិក្ខុទាំង​នោះ រមែងមិនដុះដាលក្នុងធម៌ដែល​ព្រះសម្មា​សម្ពុទ្ធ ទ្រង់​សំដែង​ហើយទេ។ ភិក្ខុណា ជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ភិក្ខុទាំងនោះ ទើបដុះដាល ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ។

សន្តុដ្ឋិសូត្រ ទី៧

[២៨] ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ យ៉ាងនេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង។ វត្ថុ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បង្សុកូលចីវរ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភោជនទាំងឡាយ ដុំបាយ ដែលភិក្ខុបានដោយកំឡាំង នៃកំភួនជើង ជា​របស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តា​សេនាសនៈ​ទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់តិចផង បានដោយងាយផង មិនមាន​ទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ បូតិមុត្តភេសជ្ជៈ ជារបស់​តិចផង បានដោយងាយផង មិនមានទោសផង ១។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ៤ នេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ម្នាលភិក្ខុទាំងឡាយ កាល​ណាភិក្ខុ ជាអ្នកសន្តោស ដោយវត្ថុតិចផង បានដោយងាយផង តថាគតហៅថា នេះ ជាអង្គ របស់សមណៈដ៏ប្រសើរ។

សេចក្តីចង្អៀតចង្អល់ចិត្ត តែងមិនមានដល់ភិក្ខុអ្នកត្រេកអរ ដោយ​របស់មិនមានទោសផង តិចផង បានដោយងាយផង ព្រោះប្រារឰ នូវសេនាសនៈផង ចីវរផង ភេសជ្ជៈផង ភោជនផង ទាំងទិស ក៏មិនបៀតបៀន [មិនច្រាស់ច្រាលចិត្ត ព្រោះការស្វែង​លាភ ក្នុងទិស​ផ្សេង ៗ។ អដ្ឋកថា។] (ភិក្ខុនោះ)។ មួយទៀត ពួក​ធម៌ណា ដែលតថាគតសំដែងហើយ ជាធម៌សមគួរ ដល់សមណ​ភាព ធម៌នោះ តាំងនៅខាងក្នុង (ចិត្ត) របស់ភិក្ខុអ្នកមានសេចក្តី​សន្តោស អ្នកមិនប្រមាទនោះ។

អរិយវង្សសូត្រ ទី៨

[២៩] ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិន​រាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិន​អាច​តិះដៀលបាន។ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរ តាមមានតាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុតែចីវរ មិន​ច្រាស់ច្រាល់ ព្រោះមិនបាន​ចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិន​ទំរន់​ឲ្យ​តណ្ហាគ្របសង្កត់ចិត្ត ជាអ្នក​ឃើញ​ទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគ មិនលើកតម្កើង​ខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយ​ចីវរ តាមមានតាម​បាននោះ។ មែនពិត ភិក្ខុណា ឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតី​ដម្កល់មាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំង​នៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​សន្តោស ដោយបិណ្ឌបាត តាមមានតាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាត មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុ​តែ​បិណ្ឌបាត មិន​ច្រាស់ច្រាល់ ព្រោះតែមិនបានចង្ហាន់បិណ្ឌបាត បានចង្ហាន់បិណ្ឌបាត​ហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់​បុគ្គលដទៃ ព្រោះតែ​សេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណា​ឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីដម្កល់មាំ ក្នុង សេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ​ ក្នុង​អរិយវង្ស ជាច្បាប់​ទម្លាប់​ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈ តាម​មាន​តាមបាន ជាអ្នកសរសើរគុណ នៃសេចក្តីសន្តោស ដោយ​សេនាសនៈ តាមមាន​តាមបាន មិនដល់នូវការស្វែងរក ដ៏មិនសមគួរ ព្រោះហេតុ​តែ​សេនាសនៈ មិនច្រាស់​ច្រាល់ ព្រោះតែមិនបានសេនាសនៈ បានសេនាសនៈហើយ ក៏មិនរីករាយ មិនជ្រុលជ្រប់ មិនទំរន់ឲ្យតណ្ហាគ្របសង្កត់ ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះ​បង្អាប់​បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបាននោះឡើយ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិល​ច្រអូស ជាអ្នកដឹងខ្លួន មានស្មារតី ដម្កល់មាំ ក្នុង​សេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត ហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នក​មានការចំរើន ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការចំរើន មានការលះបង់កិលេស​ទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរ ក្នុងការលះ មិនលើក​តម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែការចំរើន ជាទីត្រេកអរ ត្រេកអរក្នុង​ការចំរើន មានការលះ ជាទីត្រេកអរ ត្រេកអរក្នុងការលះនោះឡើយ។ មែនពិត ភិក្ខុណា​ឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ ក្នុងការត្រេកអរនោះ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកតាំងនៅ ក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១។ ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើភិក្ខុបរិបូណ៌ ដោយអរិយវង្សទាំង ៤ នេះ ទុកណាជានៅក្នុងបុរត្ថិមទិស ភិក្ខុ នោះ​ឯង អាចអត់សង្កត់ នូវសេចក្តីអផ្សុកបាន សេចក្តីអផ្សុក ក៏មិនអាចគ្របសង្កត់​ភិក្ខុនោះ​បានឡើយ ទុកណាជានៅក្នុងបច្ឆិមទិស… ទុកណាជានៅ ក្នុងឧត្តរទិស… ទុកណាជានៅ​ក្នុង​ទក្ខិណទិស ភិក្ខុនោះឯង អាចគ្របសង្កត់ នូវសេចក្តីអផ្សុក សេចក្តីអផ្សុក ក៏មិនគ្រប​សង្កត់ភិក្ខុនោះបានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុជាអ្នកខ្ជាប់ខ្ជួន អាចអត់សង្កត់ នូវសេចក្តីអផ្សុក និង​សេចក្តី​ត្រេកអរ (ក្នុងកាមគុណ ទាំង ៥) បាន។

សេចក្តីអផ្សុក មិនអាចគ្របសង្កត់ នូវភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ទាំង​សេចក្តី​អផ្សុក មិនអាច​គ្របសង្កត់ភិក្ខុអ្នកខ្ជាប់ខ្ជួនបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន ក៏អាចគ្របសង្កត់ នូវសេចក្តីអផ្សុកបាន ភិក្ខុអ្នកខ្ជាប់ខ្ជួន គ្របសង្កត់នូវសេចក្តីអផ្សុកបាន។ រាគៈ ទោសៈ ដូចម្តេច ឃាត់នូវបុគ្គល អ្នកលះបង់នូវកម្មទាំងពួង អ្នកបន្ទោបង់ នូវ​កិលេសទាំងឡាយបាន អ្នកណាគួរនឹងនិន្ទា នូវបុគ្គលដែល ប្រាកដ​ស្មើដោយឆ្តោរ នៃមាសជម្ពូនទនោះបាន ពួកទេវតា ​និងមនុស្ស​ក៏សរសើរ សូម្បីតែព្រហ្មក៏សរសើរបុគ្គលនោះដែរ។

ធម្មបទសូត្រ ទី៩

[៣០] ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹង​អស់​រាត្រី​ដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនបានច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិន​អាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺអនភិជ្ឈា ជាធម្មបទ ជា​ច្បាប់ទម្លាប់ គប្បីដឹង​អស់រាត្រី​ដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១ ម្នាលភិក្ខុទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាល ភិក្ខុទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជា​បវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់​រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលភិក្ខុទាំង​ឡាយ ធម្មបទ ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់​ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។

ភិក្ខុគប្បីជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនប្រកបដោយព្យាបាទ បរិបូណ៌ដោយស្មារតី មាន​ចិត្ត​តាំងនៅនឹង ក្នុងអារម្មណ៍តែមួយ មានចិត្តតាំងនៅមាំ ជាកណ្តាល។

បរិព្វាជកសូត្រ ទី១០

[៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ សម័យនោះ ពួកបរិញ្វជកដ៏ច្រើន ជាអ្នកចេះដឹង អាស្រ័យ​នៅ​ក្នុងអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹងឈ្មោះ សិប្បិនី បរិញ្វជកទាំងនោះ គឺអន្នភារបរិញ្វជក ១ វធរបរិញ្វជក ១ សកុលុទាយិបរិញ្វជក ១ និងពួកបរិញ្វជក ជាអ្នកចេះដឹងឯទៀត។ គ្រានោះ ព្រះដ៏មានព្រះ​ភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ក៏យាង​ចូលទៅ​ឯអារាម នៃបរិញ្វជក ក្បែរឆ្នេរស្ទឹង ឈ្មោះសិប្បិនី លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់​តែងថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ បាន​ត្រាស់នឹងពួកបរិញ្វជកទាំងនោះ ដូច្នេះថា ម្នាលបរិញ្វជកទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់​រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់​រតាយ មិនរាត់រាយ ដែល​ពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន។ ធម្មបទ ៤ តើដូចម្តេច។ ម្នាលបរិញ្វជកទាំងឡាយ អនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀល​បាន ១។ ម្នាល​បរិញ្វជកទាំងឡាយ អព្យាបាទ ជាធម្មបទ… ម្នាលបរិញ្វជកទាំងឡាយ សម្មាសតិ ជាធម្មបទ … ម្នាលបរិញ្វជកទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិន​រតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀល​បាន ១។ ម្នាលពួកបរិញ្វជក ធម្មបទទាំងឡាយ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹង​អស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ក៏មិនអាចតិះដៀល​បាន។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា​គប្បី​និយាយ យ៉ាងនេះថា អាត្មាអញ នឹង​ឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលអ្នកមានអភិជ្ឈា អ្នកមានតម្រេក​ដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជា​សមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ​និយាយដូច្នេះ​ហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរ​និយាយ​​ដោះ​ស្រាយ​ទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក ម្នាលបរិញ្វជក​ទាំង​ឡាយ អ្នកនោះនឹងឃាត់ហាម នូវអនភិជ្ឈា ជាធម្មបទហើយ បញ្ញត្តបុគ្គលណាមួយ ដែល​មាន​អភិជ្ឈា អ្នកមានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ ថាជាសមណៈ ឬព្រាហ្មណ៍​​ដូច្នេះ ហេតុនោះ មិនមានឡើយ។ ម្នាលបរិញ្វជកទាំងឡាយ អ្នកណា គប្បីនិយាយ​យ៉ាង​នេះថា អាត្មាអញ នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមាន​ចិត្តព្យាបាទ មានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគតត្រូវនិយាយនឹងអ្នកនោះ ចំពោះ​ហេតុនោះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគតនឹងមើល​អានុភាព​របស់​អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវអព្យាបាទ ជា​ធម្មបទ ហើយ​បញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ អ្នកមានគំនិត ដែល​ទោសប្រទូស្ត​ហើយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជក​ទាំង​ឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹង​ឃាត់ហាម នូវសម្មាសតិ ជាធម្មបទ​នោះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមាន​សម្បជញ្ញៈ ថាជា​សមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយ​នឹងអ្នក​នោះ ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរ​និយាយ​ដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម​ នូវសម្មាសតិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមាន​សម្បជញ្ញៈ ថាជាសមណៈ ឬព្រាហ្មណ៍ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិញ្វជក​ទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាមសម្មាសមាធិ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ ដែល​មិនមានចិត្តដំកល់មាំ ដែលមានចិត្ត​រវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយ​ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិញ្វជកទាំងឡាយ អ្នកនោះឯង ឃាត់ហាម​សម្មាសមាធិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដម្កល់មាំ ដែល​មាន​ចិត្តរវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាល​បរិញ្វជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទ ទាំង ៤ នេះថា ជារបស់​ដែល​គេគួរតិះដៀល គួរឃាត់ហាម​គន្លង នៃពាក្យប្រកបដោយហេតុ ទាំង ៤ យ៉ាង ក៏មក​កាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ន។ ធម្មបទ ៤ តើដូចម្តេច។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់​ហាមអនភិជ្ឈា ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍​ទាំងឡាយណា ជាអ្នកប្រកប​ដោយអភិជ្ឈា អ្នកមានតម្រេកដ៏ក្រាស់ ក្នុងកាមទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍​ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់​ហាមអព្យាបាទ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តព្យាបាទ មានគំនិត ដែលទោស​ប្រទូស្តហើយ សមណៈ ឬព្រាហ្មណ៍​ទាំងឡាយ​នោះ ជាទីបូជា​របស់​អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសតិ ជាធម្មបទ ថា​សមណៈ ឬព្រាហ្មណ៍​ទាំងឡាយណា ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ សមណៈ ឬព្រាហ្មណ៍ទាំង​ឡាយ​នោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍​ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាម​សម្មាសមាធិ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តមិនដម្កល់មាំ មានចិត្តរវើរវាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយ​នោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ ម្នាលបរិញ្វជក​ទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម គន្លងនៃពាក្យប្រកប​ដោយ​ហេតុទាំង ៤នេះ ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុង​បច្ចុប្បន្ន​នេះ។ ម្នាលបរិញ្វជកទាំងឡាយ ជនទាំងឡាយ ពីរនាក់ គឺវស្សៈ ១ ភញ្ញៈ ១ ជាអ្នក​នៅ​ក្នុង​ឧក្កលជនបទ ជាអហេតុកវាទ អកិរិយវាទ និងនត្ថិកវាទ ក៏ជន​ទាំង​ពីរនាក់​នោះ បាន​សំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលមិនត្រូវតិះដៀល ថាជារបស់​ដែល​មិនត្រូវឃាត់ហាមឡើយ។ ដំណើរនោះព្រោះហេតុអ្វី។ ព្រោះ​ខ្លាច​គេ​និន្ទា ពេបជ្រាយ តិះដៀលដល់ខ្លួន។

បុគ្គលអ្នកមិនមានចិត្តព្យាបាទ មានស្មារតីគ្រប់កាល មានចិត្តដម្កល់មាំ ប្រព្រឹត្តទៅក្នុង​ខាងក្នុង សិក្សាក្នុងការ​បន្ទោបង់នូវអភិជ្ឈា តថាគតហៅថា អ្នកមិនប្រមាទ។

ចប់ ឧរុវេលវគ្គ ទី៣។

ឧទ្ទាននៃឧរុវេលវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឧរុវេលនិគម ពីរដង ១ លោក គឺទុក្ខជាដើម ដែល​ព្រះតថាគត​ត្រាស់ដឹងហើយ ១ ព្រះអង្គគង់ក្នុងកាឡការាម ១ ព្រហ្មចរិយធម៌ ជា​គំរប់ប្រាំ ១ ពួកកុហក ជាដើម ១ សេចក្តីសន្តោស ១ អរិយវង្ស ១ ធម្មបទ (ជាច្បាប់ចាស់) ១ ធម្មបទ ទ្រង់សំដែង ចំពោះពួកបរិញ្វជក ១។

ចក្កវគ្គ

ចក្កសូត្រ ទី១

[៣២] ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ ចក្រ ៤ តែងប្រព្រឹត្តទៅ (ដើម្បីជាប្រយោជន៍) ដល់ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្រ ពួកទេវតា និងមនុស្ស ដែលប្រកប​ដោយចក្រហើយ មិនយូរប៉ុន្មាន ក៏បានដល់នូវភាព នៃខ្លួនជាធំទូលាយ ក្នុងភោគៈ​ទាំង​ឡាយ ។ ចក្រ ៤ ដូចម្តេចខ្លះ។ គឺការ​នៅក្នុង​ប្រទេសដ៏សមគួរ ១ ការចូលទៅសេពគប់​នឹងពួកសប្បុរស ១ ការដម្កល់ទុកខ្លួនដោយល្អ ១ បុណ្យដែលបានធ្វើទុកហើយ ក្នុងកាល​មុន ១។ ម្នាលភិក្ខុទាំងឡាយ ចក្រនេះ មាន ៤ យ៉ាង ចក្រ ៤ នេះ តែងប្រព្រឹត្តទៅ ដល់ពួកទេវតា និង​មនុស្ស ដែលប្រកប​ព្រមដោយ ចក្រ ពួកទេវតា និងមនុស្ស ដែល​ប្រកបដោយចក្រហើយ មិនយូរប៉ុន្មាន គង់បាន​ដល់នូវភាវៈ នៃខ្លួនជាធំទូលាយ ក្នុងភោគ​ទាំងឡាយ។

ជនណា នៅក្នុងប្រទេសដ៏សមគួរ សេពគប់នូវមិត្តដ៏ប្រសើរ ប្រកបដោយ ការដម្កល់ទុក នូវខ្លួនដោយល្អ បានធ្វើបុណ្យទុក ក្នុងកាលមុន ធញ្ញជាត ទ្រព្យ យស សេចក្តីសរសើរ សុខ តែង​ឃុំគ្រងនូវជននុ៎ះ។

សង្គហសូត្រ ទី២

[៣៣] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះ មាន ៤។ សង្គហវត្ថុ ៤ តើដូចម្តេចខ្លះ។ គឺ​ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពនៃ​បុគ្គល​អ្នកមានខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ មាន ៤ យ៉ាងនេះឯង។

ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការ​ប្រព្រឹត្តិ​ជា​ប្រយោជន៍ ១ ភាពនៃ​បុគ្គល​អ្នកមានខ្លួនស្មើ ១ ដែលមាន​ក្នុងលោកនេះ តាមសមគួរក្នុងធម៌ទាំងឡាយនោះ ៗ បើ​សង្គហវត្ថុ​ទាំងឡាយនេះ មានក្នុងលោក ដូចជាភ្លៅរបស់រថ ដែល​អាច​វិល​ទៅ​បាន។ បើពួកសង្គហៈនេះ មិនមានទេ មាតាមិនគួរបាន នូវ​សេចក្តីរាប់អាន ឬការបូជាអំពីបុត្រ បិតា ក៏មិនគួរបាន នូវ​សេចក្តី​រាប់អាន ឬការបូជាអំពីបុត្រ (ប្រុសស្រី) ឡើយ ព្រោះ​ហេតុ​ណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ តែងសម្លឹងមើល នូវ​សង្គហៈ​ទាំងឡាយនេះ បណ្ឌិតទាំងឡាយនោះ ក៏បាន​ដល់នូវភាព នៃខ្លួនជាធំផង ជាបុគ្គលគួរសរសើរផង។

សីហសូត្រ ទី៣

[៣៤] ម្នាលភិក្ខុទាំងឡាយ វេលាថ្ងៃរសៀល សត្វសីហៈ ជាស្តេចម្រឹគ រមែងចេញអំពី​ដំណេក លុះចេញអំពីដំណេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេក​មៀង​មើល​ទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទិសទាំង ៤ ជុំវិញរួច ​ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបដើរចេញទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណា ឮសំឡេងសត្វសីហៈ ជាស្តេចម្រឹគ កំពុងបន្លឺ ពួក​សត្វតិរច្ឆាននោះ ក៏ភិតភ័យ សង្វេគ ញ័រចំប្រប់រាល់គ្នា ពួកសត្វនៅក្នុងរូង រមែង​ស្ទុះចូលទៅកាន់រូង ពួកសត្វ​អាស្រ័យនៅនឹងទឹក ក៏ស្ទុះទៅរកទឹក ពួកសត្វអាស្រ័យនៅ​ក្នុងព្រៃ ក៏ចូលព្រៃ ពួកសត្វ​បក្សី​ហើរទៅឯអាកាស។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណា របស់ស្តេច ដែល​គេចង​ដោយ​ចំណងព្រ័ត្រដ៏មាំ ក្នុងស្រុក និគម និងរាជធានីទាំងឡាយ ក៏ពួកដំរីទាំងនោះ ស្ទុះផ្តាច់​ចំណង​ទាំងអំបាលនោះហើយ ភិតភ័យរាកនោម រាកអាចម៍ បោលប្រាសទៅ​ខាងណេះ​ខ្លះ ខាងណោះខ្លះ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចនៃម្រឹគ មានឫទ្ធិច្រើន​យ៉ាងនេះ មានយសសក្តិធំយ៉ាងនេះ មាន​អានុភាព​ច្រើន​យ៉ាងនេះ ជាងពួកសត្វតិរច្ឆាន មានឧបមាយ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ កាលណា​ព្រះតថាគត បានត្រាស់ឡើង ក្នុង​លោក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំងពួង ដោយប្រពៃ បរិបូណ៌​ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ​សីលាទិ​គុណ រកបុគ្គលដទៃប្រៀបផ្ទឹមមិនបាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលត្រឡប់​មកកាន់​ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់សំដែងធម៌ថា សក្កាយ ដូច្នេះ ការកើតនៃសក្កាយ ដូច្នេះ ការរលត់នៃសក្កាយ ដូច្នេះ បដិបទា ដំណើរទៅកាន់ទីរលត់ នៃសក្កាយ ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកទេវតាណា ដែលមានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ឋិតនៅ​​លើវិមាន​ទាំងឡាយ​ដ៏ខ្ពស់ អស់កាលយូរ ពួកទេវតាទាំងនោះ បានស្តាប់នូវធម៌​ទេសនា របស់ព្រះតថាគត ហើយច្រើនតែភិតភ័យ សង្វេគ ញ័រចំប្រប់គ្រប់គ្នាថា ម្នាលអ្នក​ដ៏ចំរើន ពួកយើង​មិន​ទៀង​ទេ​តើ តែពួកយើងសំគាល់ថា ទៀង ម្នាលអ្នកដ៏ចំរើន ពួកយើង​មិនមាំមួនទេតើ តែ​ពួក​យើងសំគាល់ថា មាំមួន ម្នាលអ្នកដ៏ចំរើន ពួកយើងមិនឋិតថេរទេតើ តែពួកយើង​សំគាល់ថា ឋិតថេរ ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀង មិនមាំមួន មិន​ឋិតថេរ​ទេ (ព្រោះ) រាប់បញ្ចូលក្នុងសក្កាយ គឺខន្ធទាំង ៥ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មានយសស័ក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងសត្វ​លោក ព្រម​ទាំងទេវលោក ក៏មានឧបមេយ្យយ៉ាងនោះដែរ។

កាលព្រះពុទ្ធ បានត្រាស់ដឹងហើយ ទ្រង់ធ្វើធម្មចក្រ ឲ្យប្រព្រឹត្តទៅ ដល់​សត្វលោក ព្រមទាំង​ទេវលោក ជាសាស្តា មិនមានបុគ្គលដទៃ ប្រៀប​ផ្ទឹមស្មើបាន ទ្រង់សំដែង នូវ​សក្កាយ​ផង នូវសេចក្តីរលត់ទៅ នៃ​សក្កាយផង នូវហេតុជាទីកើតឡើង នៃសក្កាយផង នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរលត់ទុក្ខផង ពួកទេវតា ដែល​មាន​អាយុវែង មានសម្បុរល្អ មានយសស័ក្តិ ដែលមិនទាន់ផុតអំពីសក្កាយ លុះ​ឮ​ព្រះពុទ្ធដីកា របស់ព្រះ​អរហន្ត ជាតាទិបុគ្គល ដែលរួចស្រឡះ (ចាកអកុសលធម៌) ហើយ ក៏ភិត​ភ័យ ដល់នូវសេចក្តីតក់ស្លុតថា ពួកយើងមិនទៀងទេតើ ដូចពួក​ម្រឹគ​ដទៃខ្លាច​សីហៈ។

អគ្គប្បសាទសូត្រ ទី៤

[៣៥] ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តីជ្រះថ្លាដ៏ប្រសើរ) នេះ មាន ៤។ អគ្គប្បសាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ដែលឥតជើងក្តី មាន​ជើង ២ ក្តី មានជើង ៤ ក្តី មានជើងច្រើនក្តី មានរូបក្តី គ្មានរូបក្តី មានសញ្ញាក្តី គ្មាន​សញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជា​ប្រសើរ​លើស ជាងពួកសត្វទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួក​សត្វ​ណា ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ពួកសត្វទាំងនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលប្រសើរ ផល​ដ៏​ប្រសើរ តែងមាន​ដល់ពួកសត្វអ្នកជ្រះថ្លា ក្នុងបុគ្គលប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ពួក​សង្ខតធម៌ ធម៌​ដែល​បច្ច័យតាក់តែងទាំងប៉ុន្មាន មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ប្រាកដជា​ប្រសើរជាង​ពួកសង្ខតធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លា ក្នុងមគ្គប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងព្រះធម៌​ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ទាំង​ប៉ុន្មាន ជាសង្ខតធម៌ក្តី អសង្ខតធម៌ក្តី វិរាគធម៌ ប្រាកដជា​ប្រសើរ​ជាងពួកធម៌ទាំងនោះ ព្រោះថា វិរាគធម៌នេះ ជាធម៌សម្រាប់បន្ទោបង់ នូវសេចក្តីស្រវឹង ជាធម៌កំចាត់បង់ នូវ​សេចក្តី​ស្រេកឃ្លាន ជាធម៌អាចដកនូវសេចក្តីអាល័យ ជាធម៌​ផ្តាច់បង់នូវវដ្តៈ ជាធម៌អស់​ទៅ​នៃតណ្ហា ជាធម៌ប្រាសចាកតម្រេក ជាធម៌រលត់ ជា​ធម៌​មិន​មានគ្រឿងចាក់ស្រែះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុង​ធម៌​ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់​ពួកសត្វ​អ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ ១។ ម្នាល​ភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវក នៃតថាគត បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ នេះ​ជា​សង្ឃសាវក របស់ព្រះដ៏មានព្រះភាគ គួរទទួល​របស់ដែលគេនាំមកបូជា គួរទទួលនូវ​អាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់​អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជា​ស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក ប្រាកដជា​ប្រសើរជាងសង្ឃ ឬគណៈទាំងនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុង​ព្រះសង្ឃ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមាន​ដល់ពួក​សត្វ អ្នកជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ (សេចក្តី​ជ្រះថ្លា ដ៏ប្រសើរ) មាន ៤ យ៉ាងនេះឯង។

បុណ្យដ៏ប្រសើរផង អាយុដ៏ប្រសើរផង វណ្ណៈដ៏ប្រសើរផង យស​ដ៏​ប្រសើរផង សេចក្តី​សរសើរ​ដ៏ប្រសើរផង សេចក្តីសុខដ៏ប្រសើរផង កំឡាំងដ៏ប្រសើរផង រមែងចំរើន ដល់​បុគ្គល​ទាំងឡាយ អ្នកជ្រះថ្លា ចំពោះ​វត្ថុដ៏ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាទក្ខិណេយ្យបុគ្គល មិនមានបុគ្គលដទៃលើស ជ្រះថ្លាក្នុងព្រះធម៌ដ៏​ប្រសើរ ជាធម៌រម្ងាប់រាគៈ នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃ ដ៏ប្រសើរ ជាស្រែ​បុណ្យ មិនមាន​ស្រែដទៃ​លើស ឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ។ អ្នកប្រាជ្ញ ដែលមាន​ចិត្ត​ដម្កល់មាំ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ដល់បុគ្គល​ដ៏ប្រសើរ ទោះកើតជាទេវតាក្តី ជាមនុស្សក្តី តែងដល់នូវភាវៈ ដ៏ប្រសើរ រមែងរីករាយ។

វស្សការសូត្រ ទី៥

[៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះដ៏មាន​ព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើប​អង្គុយ​ក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើង​ខ្ញុំ​តែង​បញ្ញត្តនូវជន ដែល​មាន​បញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ ថាជាមហាបុរស។ ប្រកបដោយធម៌ ទាំង ៤ តើ​ដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ជនជាពហុស្សូត ក្នុង​លោកនេះ រមែងដឹងច្បាស់ នូវសេចក្តី នៃអ្នកចេះនោះ ៗ ១ នៃភាសិតនោះ ៗ ថា នេះជាសេចក្តី នៃភាសិតនេះ នេះ​ជាសេចក្តីនៃភាសិតនេះ ១ ជនជាអ្នកមានស្មារតី តែងនឹករលឹករឿយ ៗ នូវកិច្ច ដែលខ្លួនធ្វើយូរហើយផង នូវពាក្យដែលពោលយូរហើយផង ១ កិច្ចការទាំងឡាយ​ណា ជារបស់គ្រហស្ថ ក៏ជាអ្នកឈ្លាសវៃ ក្នុងកិច្ចការទាំងឡាយនោះ មិនខ្ជិល ប្រកប​ដោយ​បញ្ញា ដែលជាឧបាយ ក្នុងកិច្ចនោះថា គួរធ្វើ គួរចាត់ចែង ១។ បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំតែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន បើព្រះអង្គសព្វ​ព្រះពុទ្ធ​ហឫទ័យ​នឹងពាក្យខ្ញុំ សូមព្រះគោតមដ៏ចំរើន អនុមោទនាដល់ខ្ញុំចុះ បពិត្រព្រះគោតម​ដ៏ចំរើន បើព្រះអង្គ​ត្រូវការហាមឃាត់ពាក្យរបស់ខ្ញុំ សូមព្រះគោតមដ៏ចំរើន ហាមឃាត់​ពាក្យរបស់ខ្ញុំចុះ។ ម្នាលព្រាហ្មណ៍ តថាគតមិនទទួលអនុមោទនា មិនហាមឃាត់ពាក្យ​របស់អ្នកទេ។ ម្នាលព្រាហ្មណ៍ តថាគត ក៏តែងបញ្ញត្ត នូវបុគ្គលដែលមានបញ្ញាច្រើន ប្រកប​ដោយធម៌ ៤ ថាជា​មហាបុរសដែរ។ ប្រកបដោយធម៌ ៤ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ បុគ្គលក្នុង​លោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ពួកជនច្រើនគ្នា បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ បុគ្គលនោះ ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏ត្រិះរិះ នូវវិតក្កៈនោះបាន មិនប្រាថ្នា​ដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នា​ដើម្បីសម្រេច នូវគំនិតណា ក៏សម្រេច នូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវ​គំនិតនោះឡើយ។ បុគ្គលជាអ្នកបានដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈ​ទាំង​ឡាយ ជាអ្នក​បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ មិនខុសវេលា​កំណត់នូវឈាន​ទាំង ៤ ដែលកើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បាន​ធ្វើឲ្យ​ជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ម្នាលព្រាហ្មណ៍ តថាគត មិនអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ។ ម្នាលព្រាហ្មណ៍ តថាគត តែងបញ្ញត្តនូវជន ដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជា​មហាបុរស។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ អស្ចារ្យណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ហេតុនេះ មិនដែលមានទេ ព្រោះថា ពាក្យដែលព្រះគោតមដ៏ចំរើន​ សំដែងហើយ នេះជា​ពាក្យសុភាសិត។ ខ្ញុំព្រះអង្គ សូមចាំទុក នូវព្រះគោតមដ៏ចំរើន ដែល​ប្រកបដោយធម៌ ទាំង ៤ នេះថា ព្រះគោតមដ៏ចំរើន ប្រតិបត្តិដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើនមែន ជនច្រើននាក់ បានដម្កល់ហើយ ក្នុងផ្លូវដ៏ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ព្រះគោតមដ៏ចំរើន ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា តែងត្រិះរិះនូវវិតក្កៈ​នោះបាន មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ ប្រាថ្នាដើម្បី​សម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះ មិនប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏មិន​សម្រេច នូវគំនិតនោះឡើយ ព្រះគោតម​ដ៏ចំរើន ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ព្រះគោតមដ៏ចំរើន បានមិនបាច់ប្រាថ្នា បាន​ដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើត​ក្នុងព្រះហឫទ័យ ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ព្រះគោតម​ដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាល​ព្រាហ្មណ៍ សំដីនាំឲ្យចង្អៀតចង្អល់ ដែលអ្នកនិយាយហើយទាំងប៉ុន្មាន តថាគត នឹងព្យាករ នូវសំដីនោះ ឲ្យអ្នកស្តាប់ ម្នាលព្រាហ្មណ៍ តថាគត ប្រតិបត្តិហើយ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​សេចក្តីសុខ ដល់ជនច្រើន ពួកជនច្រើនគ្នា បានដំកល់នៅក្នុង​ផ្លូវដ៏​ប្រសើរ គឺកល្យាណធម៌ និងកុសលធម៌ ម្នាលព្រាហ្មណ៍ តថាគត ប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ទើបត្រិះរិះ នូវ​វិតក្កៈនោះ មិនប្រាថ្នាដើម្បីត្រិះរិះ នូវវិតក្កៈណា ក៏មិនត្រិះរិះ នូវវិតក្កៈនោះ តថាគត​ប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះបាន មិនប្រាថ្នាសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត ដល់​នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគត បានមិនបាច់​ប្រាថ្នា បាន​ដោយ​មិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្នហើយ ម្នាលព្រាហ្មណ៍ តថាគត បានធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

បុគ្គលណាជាអ្នកដឹងនូវឧបាយជាគ្រឿងរួចអំពីអន្ទាក់ នៃមច្ចុមារ របស់ពួកសត្វទាំងពួង ប្រកាសនូវញេយ្យធម៌ ជាប្រយោជន៍ ដល់​ទេវតា និងមនុស្សទាំងឡាយ ជនច្រើន បាន​ឃើញ បាន​ស្តាប់​បុគ្គល​ណាហើយ ជ្រះថ្លា បុគ្គលណា ជាអ្នកឈ្លាសវៃ នូវ​មគ្គ និងមិនមែន​មគ្គ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមាន​អាសវៈ ដឹងនូវសច្ចៈ ទាំង ៤ មានសរីរៈ​តាំងនៅ ក្នុងទីបំផុត តថាគត ហៅបុគ្គលនោះ ថាជាមហាបុរស។

ទោណសូត្រ ទី៦

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុង​ចន្លោះ​ឧក្កដ្ឋនគរ និងសេតព្យនគរ។ ចំណែកទោណព្រាហ្មណ៍ ក៏ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ។ ទោណព្រាហ្មណ៍ ក៏បាន​ឃើញ​កងចក្រទាំងឡាយមួយពាន់ ក្នុង​ស្នាម​​ព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគ ដែលប្រកបដោយខ្នងកង់ និងដុំ បរិបូណ៌​ដោយអាការគ្រប់យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើអស្ចារ្យ​ណាស់ហ្ន៎ យីអើ មិនដែលមានទេ ស្នាម​ជើង​ទាំង​ពីរនេះ មិនដែលមានដល់​មនុស្ស​ធម្មតាទេ។ គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​យាង​បែរចេញពីផ្លូវ ហើយទ្រង់គង់ផ្គត់​ព្រះភ្នែន ដម្កល់​ព្រះកាយឲ្យ​ត្រង់ តម្រង់ព្រះស្មារតីឲ្យនឹង ក្រោមម្លប់ឈើមួយ។ ឯ​ទោណព្រាហ្មណ៍ ដើរទៅតាម​ស្នាមព្រះបាទ ព្រះដ៏មានព្រះភាគ ក៏បានឃើញ​ព្រះដ៏មានព្រះភាគ គួរជាទីជ្រះថ្លា ជាទី​រីករាយ មានព្រះឥន្រ្ទិយស្ងប់រម្ងាប់ មានព្រះ​ហឫទ័យ​ស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិ ដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្រ្ទិយរក្សាហើយ ជាបុគ្គល​ដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញ​ហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ បានក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា លោកដ៏ចំរើន នឹង​កើត​ជា​ទេវតា។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ តថាគត​នឹងមិនកើតជាទេវតាទេ។ លោក​ដ៏ចំរើននឹងកើតជាគន្ធព្វ។ ម្នាលព្រាហ្មណ៍ តថាគត​​នឹងមិនកើតជាគន្ធព្វទេ។ លោក​ដ៏ចំរើននឹងកើតជាយក្ខ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ។ លោកដ៏ចំរើន នឹងកើតជាមនុស្សឬ។ ម្នាលព្រាហ្មណ៍ តថាគត នឹងមិនកើតជាមនុស្សទេ។ ទោណព្រាហ្មណ៍​ពោលថា កាលខ្ញុំសួរថា លោក​ដ៏ចំរើន នឹងកើតជាទេវតាឬ លោក​ពោលថា ម្នាលព្រាហ្មណ៍ តថាគត នឹងមិនកើត​ជាទេវតាទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹង​កើតជាគន្ធព្វឬ លោកពោលថា ម្នាល​ព្រាហ្មណ៍ តថាគត នឹងមិនកើតជាគន្ធព្វទេ កាលខ្ញុំសួរថា លោកដ៏ចំរើន នឹងកើតជាយក្ខឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគត នឹងមិនកើតជាយក្ខទេ កាលខ្ញុំសួរថា លោក​ដ៏ចំរើន នឹងកើតជាមនុស្សឬ លោកពោលថា ម្នាលព្រាហ្មណ៍ តថាគត នឹងមិនកើត​ជា​មនុស្សទេ កាលបើដូច្នេះ តើលោកដ៏ចំរើន នឹងទៅកើតជាអ្វីទៅ។ ម្នាលព្រាហ្មណ៍ បើ​តថាគត កើតជាទេវតា ព្រោះថា តថាគត មិន​បានលះបង់អាសវៈទាំងឡាយណា អាសវៈទាំងឡាយនោះ តថាគត បានលះបង់ស្រឡះ​ហើយ បានគាស់រំលើងឫសគល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត ម្នាលព្រាហ្មណ៍ បើតថាគត កើតជាគន្ធព្វ ព្រោះ​តថាគត មិនទាន់បានលះបង់ នូវអាសវៈទាំងឡាយណា … បើកើតជាយក្ខ … បើកើតជា​មនុស្ស អាសវៈទាំងឡាយនោះ តថាគត បាន​លះបង់​ស្រឡះហើយ បានគាស់រំលើង​ឫសគល់​អស់ហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើមិនឲ្យ​មាន​បែប​ភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលព្រាហ្មណ៍ ផ្កាព្រលឹតក្តី ផ្កាឈូកក្រហម​ក្តី ផ្កាឈូកសក្តី កើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ដុះផុតពីទឹក មិនជាប់ដោយទឹកវិញទេ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ តថាគត ដែលកើតឡើងក្នុងលោក ចំរើនឡើងក្នុងលោក រមែងគ្របសង្កត់នូវលោក មិនបានជាប់ចំពាក់ ដោយលោកវិញ ក៏យ៉ាងនោះដែរ ម្នាល​ព្រាហ្មណ៍ អ្នកចូរចំណាំតថាគតថា ព្រះពុទ្ធដូច្នេះចុះ។

តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធព្វ ត្រាច់ទៅតាមអាកាស ព្រោះអាសវៈណាក្តី គប្បីដល់នូវភាព នៃខ្លួនជាយក្ខ និងជួបប្រទះនូវភាព នៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះ របស់តថាគតអស់ហើយ បានកំចាត់​បង់ហើយ ធ្វើឲ្យរបូតចំណង​ហើយ។ ផ្កាឈូកស ដុះឡើងផុត (ពីទឹក) មិនជាប់ដោយទឹកយ៉ាងណា តថាគត មិនជាប់​ដោយលោក​យ៉ាងនោះ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ តថាគត ជាព្រះពុទ្ធ។

អបរិហានិយសូត្រ ទី៧

[៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាង មិនគួរសាបសូន្យ តែងនៅ​ក្នុង​ទីជិត នៃព្រះនិញ្វន។ ប្រកបដោយធម៌ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមានសីលបរិបូណ៌ ១ ជាអ្នកមានទ្វារ​គ្រប់គ្រងហើយ ក្នុង​ឥន្រ្ទិយទាំង​ឡាយ ១ ជាអ្នកដឹងប្រមាណក្នុងភោជន ១ ជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និង​គោចរៈ អ្នកឃើញនូវភ័យ ក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​សីល​បរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយ​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាន​ឃើញ​រូបដោយចក្ខុ ហើយមិនកួចកាន់ នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បី​គ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមចក្ខុន្រ្ទិយ ព្រោះហេតុ មិនបានសង្រួម នូវចក្ខុន្រ្ទិយ​ណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួម ក្នុង​ចក្ខុន្រ្ទិយ បានឮ​សំឡេងដោយត្រចៀក … បានហិតក្លិនច្រមុះ … បានទទួលរស​ដោយ​អណ្តាត … ពាល់ត្រូវផោដ្ឋព្វដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ជាអ្នកមិន​កួចកាន់នូវ​និមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវភិក្ខុ ដែលមិនបានសង្រួមមនិន្រ្ទិយ ព្រោះហេតុ​មិនបាន​សង្រួមនូវ​មនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម​មនិន្ទ្រិយនោះ រក្សានូវមនិន្រ្ទិយ ដល់​នូវការសង្រួម ក្នុងមនិន្រិ្ទយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្រិ្ទយ​ទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកដឹង​ប្រមាណ ក្នុង​ភោជន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ដោយ​ឧបាយ នៃបញ្ញា និងបរិភោគនូវអាហារ ដើម្បីលេងក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បី​ប្រដាប់​តាក់តែង​រាង​កាយ​ក៏ទេ ដើម្បីឲ្យផូរផង់សម្បុរក៏ទេ ដើម្បីនឹងឲ្យតាំងនៅ នៃកាយនេះ ដើម្បីនឹងញុំាង​ជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវសេចក្តីលំបាក ដើម្បី​នឹងអនុគ្រោះ ដល់​ព្រហ្មចារ្យប៉ុណ្ណោះឯង អាត្មាអញ នឹងឃាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មី​កើត​ឡើងផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តី​មិន​មាន​ទោសក្តី កិរិយា​នៅ​សប្បាយក្តី នឹងមានដល់អាត្មាអញផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​ដឹងប្រមាណ ក្នុងភោជន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជា​អ្នកប្រកបរឿយ ៗ នូវការភ្ញាក់​រលឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ចូលទៅចង្ក្រម ក្នុងវេលាថ្ងៃ សំអាតចិត្ត ចាកអាវរណីយធម៌ទាំងឡាយ ចូល​ទៅ​ចង្ក្រម អស់បឋមយាម​នៃរាត្រី សំអាត​ចិត្ត ចាកអាវរណីយធម៌ទាំងឡាយ សម្រេច​សីហសេយ្យា ដោយបង្អៀង​ខាងស្តាំ អស់​មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង មាន​ស្មារតី ជាអ្នកដឹងខ្លួន ធ្វើទុក​ក្នុងចិត្តនូវ​ឧដ្ឋានសញ្ញា ដល់បច្ឆិមយាមនៃរាត្រី ក្រោកឡើង ចូល​ទៅចង្រ្កម សំអាតចិត្ត ចាក​អាវរណីយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រកបរឿយ ៗ នូវការភ្ញាក់​រលឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបដោយធម៌ទាំង ៤ នេះ មិនគួរ​សាបសូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

ភិក្ខុឋិតនៅក្នុងសីលផង សង្រួមក្នុងឥន្រិ្ទយទាំងឡាយផង ដឹង​ប្រមាណ ក្នុងភោជនផង ប្រកបរឿយ ៗ ក្នុងការភ្ញាក់រលឹកផង កាល​ភិក្ខុ​ប្រកបដោយសេចក្តីព្យាយាម មិនខ្ជិល​ច្រអូស ទាំង​ថ្ងៃ​ទាំង​យប់ ចំរើននូវកុសលធម៌ ដើម្បីដល់នូវព្រះនិញ្វន ជាទី​ក្សេម​ ចាក​យោគៈ យ៉ាងនេះ ភិក្ខុដែលមានសេចក្តីត្រេកអរ ក្នុង​សេចក្តី​មិនប្រមាទ ឬឃើញភ័យ ក្នុង​សេចក្តីប្រមាទ មិនគួរដើម្បីសាប​សូន្យ តែងនៅក្នុងទីជិត នៃព្រះនិញ្វន។

បតិលីនសូត្រ ទី៨

[៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលតថាគតហៅថា អ្នកមានបច្ចេកសច្ចៈ​បន្ទោបង់ហើយ ១ មានការស្វែងរកលះបង់ហើយ ដោយបរិបូណ៌ ១ មាន​កាយ​សង្ខារ​ស្ងប់រម្ងាប់ ជាអ្នក​ពួនសម្ងំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានបច្ចេកសច្ចៈ​បន្ទោបង់ហើយ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបច្ចេកសច្ចៈដ៏ច្រើនណា របស់ពួកសមណៈ និងព្រាហ្មណ៍​ដ៏ច្រើន ដោយយល់ថា លោកទៀង ដូច្នេះក៏មាន លោកមិនទៀង ដូច្នេះក៏មាន លោកមាន​ទីបំផុត ដូច្នេះក៏មាន លោកមិនមានទីបំផុត ដូច្នេះក៏មាន ជីវិតនោះ គឺសរីរៈនោះ ដូច្នេះ​ក៏មាន ជីវិតដទៃ សរីរៈដទៃ ដូច្នេះក៏មាន សត្វ​ស្លាប់ទៅ កើតទៀត ដូច្នេះក៏មាន សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះក៏មាន សត្វស្លាប់​ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើត​ទៀតក៏មិនមែន ដូច្នេះក៏មាន ពួកបច្ចេកសច្ចៈ ទាំងអស់នោះ ភិក្ខុក្នុងសាសនានេះ បន្ទោបង់ហើយ កំចាត់បង់ហើយ លះបង់ហើយ ខ្ជាក់ចោលហើយ ច្បូតចេញហើយ បណ្តេញបង់ហើយ បំបាត់បង់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​បច្ចេកសច្ចៈ​បន្ទោបង់ហើយ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភិក្ខុអ្នកមានការស្វែងរក​លះបង់ហើយ ដោយបរិបូណ៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកកាម ភិក្ខុក្នុងសាសនានេះ លះបង់ហើយ (ដោយ​អនាគាមិមគ្គ) ការស្វែងរកភព ភិក្ខុលះបង់ហើយ (ដោយអរហត្តមគ្គ) ការ​ស្វែង​រក​ព្រហ្មចារ្យ ភិក្ខុបានរម្ងាប់ហើយ (ដោយអរហត្តមគ្គ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​មាន​ការ​ស្វែងរកលះបង់ហើយ ដោយបរិបូណ៌ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ​អ្នក​មានកាយសង្ខារ ស្ងប់រម្ងាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះរលត់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ដល់នូវ​ចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានឧបេក្ខា និងសតិដ៏បរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានកាយសង្ខារស្ងប់រម្ងាប់ហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះភិក្ខុអ្នកពួនសម្ងំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុង​សាសនានេះ លះបង់ហើយ គាស់រំលើងឫសចោលហើយ ធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅ នៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកពួនសម្ងំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែល​តថាគត​ហៅថា មានបច្ចេកសច្ចៈបន្ទោបង់ហើយ មានការស្វែងរក លះបង់ហើយ ដោយ​បរិបូណ៌ មាន​កាយសង្ខារស្ងប់រម្ងាប់ ជាអ្នកពួនសម្ងំ យ៉ាងនេះឯង។

ការប្រកាន់ថា ពិតដូច្នេះ ៗ នឹងជាទីតាំងនៃទិដ្ឋិ ភិក្ខុដកចោល​ហើយ ការស្វែងរក គឺការ​ស្វែង​រកកាម ស្វែងរកភព​ ព្រម​ទាំង​ការស្វែងរក​ព្រហ្មចារ្យ និងទីតាំងនៃទិដ្ឋិ ភិក្ខុអ្នកប្រាស​ចាក​តម្រេក ក្នុងរាគៈទាំងពួង អ្នករួចផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហា បាន​លះ​បង់​ហើយ បានដកចោលហើយ ភិក្ខុនោះឯង ជាអ្នកស្ងប់រម្ងាប់ មានស្មារតី មានកាយ និងចិត្ត​ស្ងប់រម្ងាប់ មិនចាញ់កិលេស ជាអ្នក​ដឹង​នូវសច្ចៈ ព្រោះស្គាល់ច្បាស់ នូវមានះ តថាគត​ហៅថា ជាអ្នក​ពួន​សម្ងំ។

ខជ្ជយសូត្រ ទី៩

[៤០] គ្រានោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង​ពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ឧជ្ជព្រាហ្មណ៍ អង្គុយក្នុង​ទី​សម​គួរ​ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរ​ការបូជា​របស់យើង ដែរឬទេ។ ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាល​ព្រាហ្មណ៍ តែតថាគត មិនមែនជា​មិនសរសើរការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូក​ទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏ដល់​នូវសេចក្តីស្លាប់ ព្រោះការបូជា មានសភាព​យ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត​មិនសរសើរការបូជា ប្រកបដោយ​សេចក្តីអន្តរាយ យ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្ត​ទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជា ប្រកប​ដោយសេចក្តីអន្តរាយ មាន​សភាពយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់​គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏មិន​ស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត​តែងសរសើរការ​បូជា ដែលមិន​ប្រកប​ដោយ​សេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជា តាមលំអានត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្ត​ទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងពេញ​ចិត្តការបូជា ដែលមិន​ប្រកប​ដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។

ការបូជាធំ មានកិច្ចដែលត្រូវធ្វើច្រើន គឺការសម្លាប់សេះ សម្លាប់​បុរស ការទុកដាក់មនុស្ស ដោយប្រពៃ ការពោលពាក្យ​ជាទី​ស្រឡាញ់ ផ្ទះមិនបាច់មានគន្លឹះទ្វារ ការបូជាធំទាំងនោះ មិន​មាន​ផលឡើយ គេសម្លាប់ពពែ និងចៀមក្តី គោទាំងឡាយក្តី ពួកសត្វ​ផ្សេង ៗ ក្តី ព្រោះការបូជាណា ពួកបុគ្គលអ្នកដល់នូវអរហត្តមគ្គ និង​បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) តែងមិននិយម​ នូវការបូជានោះទេ។ ពួកជនបូជាសព្វកាល នូវយញ្ញណា ដែល​មិនប្រកបដោយសេចក្តីអន្តរាយ តាមលំអាននៃត្រកូលក្តី គេមិនសម្លាប់ពួកពពែ និងចៀម ឬពួកគោ ឬក៏ពួកសត្វផ្សេង ៗ ព្រោះ​ការបូជាណាក្តី ពួកបុគ្គលអ្នក​ដល់នូវ​អរហត្តមគ្គ និងបុគ្គលអ្នកស្វែងរកនូវគុណដ៏ធំ (ព្រះអរហន្ត) ទើប​ពេញ​ចិត្តការបូជានោះ ៗ។ អ្នកប្រាជ្ញ ត្រូវបូជាយ៉ាងនេះ ការបូជានុ៎ះ មានផលច្រើន។ ក៏កាលបុគ្គលបូជាយ៉ាងនេះ ទើបប្រសើរ មិន​មាន​បាប ការបូជា ឈ្មោះថា មានផលច្រើនផង ទេវតាទាំងឡាយ តែង​ជ្រះថ្លាផង។

ឧទាយីសូត្រ ទី១០

[៤១] គ្រានោះ ឧទាយិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និង​ពាក្យ​ដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ឧទាយិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន សរសើរការបូជា​របស់​យើង ដែរឬទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជាទាំងអស់ទេ ម្នាល​ព្រាហ្មណ៍ ប៉ុន្តែតថាគត មិនមែនជា​មិនសរសើរ​ការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេ​សម្លាប់​គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ស្លាប់​ព្រោះ​ការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត មិនសរសើរការបូជា ប្រកប​ដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំង​ឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិននិយមការបូជា ប្រកបដោយសេចក្តីអន្តរាយ មាន​សភាពយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ មិនស្លាប់ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត តែងសរសើរ ការបូជា មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជា​តាមលំអាននៃត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្ត​ទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែង​ចូលទៅជិតការបូជា ដែល​មិន​ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។

យញ្ញដែលគេតាក់តែងហើយ មិនប្រកបដោយសេចក្តីអន្តរាយ គួរតាមកាល ពួកព្រហ្មចារី​បុគ្គល ជាអ្នកសង្រួម តែង​ចូល​ទៅជិត នូវយញ្ញប្រាកដដូច្នោះ ព្រះពុទ្ធទាំងឡាយ មាន​កិលេស​ដូច​ជា​គ្រឿងប្រក់បើកហើយ ក្នុងលោក បានប្រព្រឹត្តកន្លង នូវវដ្តត្រកូល និងវដ្តគតិ ព្រះអង្គឆ្លៀវឆ្លាសក្នុងបុណ្យ ទ្រង់សរសើរនូវការបូជានុ៎ះ បុគ្គលមានចិត្តជ្រះថ្លា ធ្វើនូវ​គ្រឿង​បូជា ដ៏សមគួរ ទោះ​ក្នុងយញ្ញ គឺបកតិទានក្តី ទោះក្នុងការបូជា ដោយសទ្ធា គឺ​មតកទានក្តី ហើយ​បូជា ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ជាស្រែបុណ្យដ៏ល្អ យញ្ញណា ដែលជនធ្វើហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយ (យញ្ញនោះ) ឈ្មោះថា បូជាហើយ ដោយប្រពៃ បូជាហើយ ដោយល្អ សម្រេចហើយ ដោយស្រួល ឈ្មោះថា យញ្ញមានផល ច្រើន​ផង ទេវតាទាំងឡាយ តែងជ្រះថ្លាផង។ បណ្ឌិត ជាមេធាវី មានសទ្ធា មានចិត្តលះ (ទ្រព្យ) បូជាយ៉ាងនេះហើយ រមែង​ចូល​ទៅ​កាន់លោកជាសុខ មិនមានការបៀតបៀន។

ចប់ ចក្កវគ្គ ទី៤។

ឧទ្ទាននៃចក្កវគ្គនោះគឺ

និយាយអំពីចក្កធម៌ ១ សង្គហវត្ថុ ១ ប្រៀបដោយសត្វសីហៈ ១ ការជ្រះថ្លា ១ វស្សការព្រាហ្មណ៍ ១ ជាគំរប់ ៥ ទោណព្រាហ្មណ៍ ១ ការមិនសាបសូន្យ (ចាកព្រះនិញ្វន) ១ ភិក្ខុមានការស្ងប់ស្ងាត់ ១ ឧជ្ជយព្រាហ្មណ៍ ១ ឧទាយិព្រាហ្មណ៍ ១ រួមទាំងអស់ត្រូវជា ១០។

រោហិតស្សវគ្គ

សមាធិភាវនាសូត្រ ទី១

[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា [ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ។] នេះមាន ៤យ៉ាង។ សមាធិភាវនា ៤ យ៉ាង ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចំរើន បាន​ធ្វើ​ឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែល​បុគ្គល​បានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី​បាននូវញាណទស្សនៈ [ចូរមើលតាមនយលក្ខណៈ ក្នុងសង្គីតិសូត្រ ទីឃនិកាយ ឆដ្ឋមភាគ បាដិកវគ្គ។] ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលចំរើន បាន​ធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្ត​ទៅ ដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គល​បានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បី អស់ទៅនៃអាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ ជាអកុសលទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែល​កើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលទៅកាន់​ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តី​ជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្តខ្ពស់ឯក​ មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺ​បឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិ និងសម្បជញ្ញៈផង ទទួលយកនូវសុខ ដោយនាម​កាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈាន​ណា ក៏បានដល់ នូវតតិយជ្ឈាន​នោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសេចក្តីសុខ​ផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជា​ឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបាន​ចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា (សេចក្តី​សំគាល់​ក្នុងពន្លឺ) អធិដ្ឋាន នូវទិវាសញ្ញា (សេចក្តីសំគាល់ក្នុងវេលាថ្ងៃ) គឺថា ក្នុងវេលាថ្ងៃ​យ៉ាងណា  វេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា វេលាថ្ងៃ ក៏យ៉ាងនោះដែរ។ ភិក្ខុ​មាន​ចិត្ត​ស្ងប់​ស្ងាត់ មិនមានកិលេស ជាគ្រឿងរួបរឹត តែងចំរើនចិត្ត ដែលប្រកបដោយ​ពន្លឺ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលបានចំរើន បាន​ធ្វើឲ្យរឿយ ៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ របស់ភិក្ខុ​ក្នុង​សាសនានេះ តែងកើតឡើងប្រាកដ តែងឋិតនៅប្រាកដ តែងដល់នូវ​សេចក្តីអស់​ទៅវិញប្រាកដ សញ្ញា… ប្រាកដ វិតក្កៈទាំងឡាយ តែងកើតឡើងប្រាកដ តែងឋិតនៅ​ប្រាកដ តែងដល់នូវសេចក្តីអស់ទៅវិញប្រាកដ។ ម្នាលភិក្ខុទាំងឡាយ នេះជាសមាធិ​ភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និង​សម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនា ដែលបុគ្គលបានចំរើន​ហើយ បានធ្វើ​ឲ្យ​រឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវទី​កើត និងទីរលត់ ក្នុងឧបាទានក្ខន្ធទាំង ៥ ថា រូបដូច្នេះ ការកើតឡើង នៃរូបដូច្នេះ សេចក្តី​អស់ទៅ នៃរូប​ដូច្នេះ វេទនាដូច្នេះ ការកើតឡើង នៃវេទនាដូច្នេះ សេចក្តីអស់ទៅ នៃវេទនាដូច្នេះ សញ្ញា​ដូច្នេះ ការកើតឡើង នៃសញ្ញាដូច្នេះ សេចក្តីអស់ទៅ នៃសញ្ញាដូច្នេះ សង្ខារទាំង​ឡាយ​ដូច្នេះ ការកើតឡើងនៃសង្ខារទាំងឡាយ ដូច្នេះ សេចក្តីអស់ទៅ នៃសង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណដូច្នេះ ការកើតឡើង នៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះជា​សមាធិភាវនា ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ ប្រព្រឹត្តទៅ ដើម្បីអស់ នៃ​អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា មាន ៤ យ៉ាង នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីនេះ តថាគតបានពោលហើយ ក្នុង​បុណ្ណប្បញ្ហា ត្រង់បារាយនវគ្គ ព្រោះសំដៅយកសមាធិភាវនានុ៎ះ។

បុគ្គលបានពិចារណា នូវសភាពធម៌ដ៏ថោកទាប និងឧត្តម ក្នុងលោក សេចក្តីរំភើប​ចិត្ត​បន្តិចបន្តួច របស់បុគ្គលណា មិនមានក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នករម្ងាប់ (នូវសឹកសត្រូវ គឺកិលេស) មិនមានផ្សែង គឺសេចក្តីក្រោធ មិនមានទុក្ខ មិនមាន​សេចក្តី​ប្រាថ្នា ឈ្មោះថា ឆ្លងនូវជាតិ និងជរាបាន។

បញ្ហព្យាករណសូត្រ ទី២

[៤៣] ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា) នេះ មាន ៤ យ៉ាង។ បញ្ហាព្យាករណ៍ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយ​ទៅ​តែម្តង ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែលគួរឆ្លើយចែករលែកឲ្យពិស្តារ ១ ម្នាលភិក្ខុ​ទាំង​ឡាយ បញ្ហាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ ១ ម្នាលភិក្ខុទាំងឡាយ បញ្ហាដែល​គួរ​បញ្ឈប់ទុក ១។ ម្នាលភិក្ខុទាំងឡាយ បញ្ហាព្យាករណ៍ មាន ៤ យ៉ាងនេះឯង។

បញ្ហាទី ១ ជាពាក្យគួរឆ្លើយទៅតែម្តង បញ្ហាដទៃ (ទី២) ជាពាក្យគួរឆ្លើយ​ចែករលែក​ឲ្យ​ពិស្តារ បញ្ហាទី ៣ ជា ពាក្យគួរសួរតបទៅវិញ ហើយទើបឆ្លើយ ចំណែកបញ្ហា ទី៤ ជាពាក្យ​គួរបញ្ឈប់ទុក។ ភិក្ខុណា ដឹងនូវបញ្ហាព្យាករណ៍​ទាំងនោះ ដ៏សមគួរតាមធម៌ ក្នុងទីនោះ ៗ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវភិក្ខុបែបនោះ ថាជាអ្នកឈ្លាសវៃ ក្នុងបញ្ហាទាំង ៤ យ៉ាង។ មួយទៀត ភិក្ខុដែលគេបៀតបៀនបានដោយកម្រ គ្របសង្កត់បានដោយកម្រ មានធម៌ដ៏ជ្រាលជ្រៅ ដែលគេ​កំចាត់បង់បានដោយកម្រ ជាអ្នកឈ្លាសវៃ ក្នុងប្រយោជន៍​ទាំងពីរ គឺសេចក្តីចំរើន ១ សេចក្តីមិនចំរើន ១។ ភិក្ខុជាបណ្ឌិត តែងវៀរបង់ នូវសេចក្តី​មិនចំរើន កាន់យកតែសេចក្តីចំរើន ទើបហៅថា​ជា​អ្នក​ប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់ ព្រោះដឹងនូវប្រយោជន៍ (ទាំងពីរ​ប្រការនោះ)។

បឋមកោធគរុសូត្រ ទី៣

[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ​ឯង មាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅ​ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ  ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុងលោក។

ភិក្ខុណា ជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នក​ធ្ងន់​ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចំរើន ក្នុង​ព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែង​ឡើយ។ ភិក្ខុ​ទាំង​ឡាយ​ណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុ ទាំងនោះ រមែងចំរើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មា​សម្ពុទ្ធ ត្រាស់សំដែងហើយ។

ទុតិយកោធគរុសូត្រ ទី៤

[៤៥] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង ។ អសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុង​ព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គល​ជាអ្នកធ្ងន់ ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសក្ការៈ មិនធ្ងន់​ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ ទាំង​ឡាយ ព្រះសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង។ ព្រះសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ភាពនៃបុគ្គល​ជា​អ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុង​ព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្ម មាន ៤ យ៉ាងនេះឯង។

ភិក្ខុជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នកធ្ងន់ ក្នុង​លាភ ក្នុងសក្ការៈ រមែងមិនដុះដាលឡើង ក្នុងព្រះសទ្ធម្ម​បាន​ឡើយ ដូចជាពូជ ដែលគេព្រោះក្នុង​ស្រែមិន​ល្អ។ ចំណែក​ភិក្ខុ​ទាំងឡាយណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវ​នេះ​ផង ភិក្ខុទាំងនោះឯង តែងចំរើនក្នុងព្រះធម៌ ដូចជាពូជ តែងដុះឡើង ព្រោះអាស្រ័យ​ទឹកដូច្នោះ។

រោហិតស្សសូត្រ ទី៥

[៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង រោហិតស្សទេវបុត្ត កាល​វេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យ​ភ្លឺស្វាង ក៏ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយឋិតនៅក្នុង​ទីសមគួរ។ លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់នូវទីបំផុតនៃលោក (នោះ) ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារ​លោក​ណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង​ គប្បីឃើញ គប្បីដល់ នូវ​ទីបំផុត នៃសង្ខារ​លោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ រោហិតស្សទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែក ពេក​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិន​កើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិន​បាន​ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយ​កិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់កើតជាឥសីឈ្មោះ រោហិតស្សៈ ជាបុត្ររបស់ព្រានព្រៃ មានឫទ្ធិទៅ​ដោយ​អាកាសវេហាស៍បាន។ បពិត្រ​ព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់​ខ្ញុំព្រះអង្គនោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយប្រពៃហើយ មានដៃដ៏ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលង​ទទឹង​ស្រមោល​ដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅ ដោយជើង មានសភាព​យ៉ាងនេះ បានកើត (ដល់ខ្ញុំព្រះអង្គ) ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយអំពី) សមុទ្រ​ទិស​ខាង [សមុទ្រទិសខាងលិច ឆ្ងាយពីសមុទ្រទិសខាងកើត យ៉ាងណា កាលឈាន​ជំហានដើរទៅក្នុងទីឆ្ងាយ ក៏យ៉ាងនុ៎ះដែរ។ អដ្ឋកថា។] កើត។ បពិត្រ ព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាងនេះ ដោយការ​ឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មាន​សភាព​យ៉ាងនេះ ក៏កើត​ឡើងថា អាត្មាអញ នឹងដល់នូវទីបំផុតនៃលោក ដោយការដើរទៅ (ដោយជើង) បាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេលស៊ីផឹក ទំពាហុតស្រូប (នូវអាហារ​ជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែពេលដេក និង​បន្ទោបង់​នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិតរស់នៅបាន ១០០ ឆ្នាំ ដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់ នូវទីបំផុត​នៃលោកបានឡើយ ធ្វើ​មរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យ​ពេកណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែល​ព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គល​មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបាន ពោល​ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន​បដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ ម្នាល​អាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃ​សង្ខារ​លោក​ហើយ ក៏មិនបាន​ពោល នូវកិរិយាធ្វើនូវទីបំផុត នៃទុក្ខឡើយ ។ ម្នាលអាវុសោ មួយទៀត តថាគត តែង​បញ្ញត្តនូវលោក គឺទុក្ខផង លោកសមុទយៈផង លោកនិរោធផង លោក និរោធគាមិនី​បដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាមនេះឯង ដែល​ប្រកប​ដោយ​សញ្ញាផង ប្រកប​ដោយ​ចិត្តផង។

ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការដើរទៅ (ដោយ​ជើង) ក្នុងកាលណា​ម្តងឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុត​នៃលោក ឈ្មោះថា មិនបានរួចចាក​ទុក្ខឡើយ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់មាន​បញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់​ព្រហ្មចរិយៈហើយ។ ទ្រង់មានបាប​រម្ងាប់បង់ហើយ ទ្រង់ជ្រាប ច្បាស់នូវទីបំផុត នៃលោកហើយ មិនប្រាថ្នានូវលោកនេះ និង​លោក​ខាងមុខឡើយ។

ទុតិយរោហិតស្សសូត្រ ទី៦

[៤៧] លុះកន្លងរាត្រីនោះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ រោហិតស្សទេវបុត្ត កាលដែលវេលារាត្រី (បឋមយាម) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលមករក​តថាគត លុះចូលមកដល់ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ ម្នាលភិក្ខុទាំង​ឡាយ លុះរោហិតស្ស​ទេវបុត្ត អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាស​នៃចក្រវាឡ​លោក​ណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បី​ដល់ នូវទីបំផុត​នៃលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានដែរឬ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលរោហិតស្សទេវបុត្ត ពោលនឹងតថាគត យ៉ាងនេះហើយ តថាគតបាន​ពោល ទៅនឹង​រោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគត មិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតពោល យ៉ាងនេះហើយ រោហិតស្ស​ទេវបុត្ត បាន​និយាយ​នឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គដ៏​ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់នេះ ដែល ព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គល​គប្បីដឹង គប្បីឃើញ គប្បីដល់ នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយមក ខ្ញុំព្រះអង្គ ធ្លាប់​កើតជាឥសី ឈ្មោះរោហិតស្សៈ ជាបុត្តរបស់ព្រានព្រៃ មានឫទ្ធិទៅ​ដោយ​អាកាស​វេហាស៍បាន។ បពិត្រព្រះអង្គដ៏ចំរើន សន្ទុះមានសភាពយ៉ាងនេះ បានកើតដល់ខ្ញុំព្រះអង្គ​នោះ ប្រៀបដូចនាយខ្មាន់ធ្នូ មានធនុធម៌ដ៏មាំ បានសិក្សាដោយ​ប្រពៃហើយ មានដៃដ៏​ស្ទាត់ មានការបាញ់ដ៏ស្ទាត់ បានយកព្រួញដ៏ស្រាល  (បាញ់) ឲ្យឆ្លងរំលងទទឹង​ស្រមោល​ដើមត្នោត ដោយមិនលំបាក ជំហានឈានដើរទៅដោយជើង មានសភាពយ៉ាងនេះ បាន​កើត​ដល់ខ្ញុំព្រះអង្គនោះ ប្រៀបដូចសមុទ្រទិសខាងលិច (ឆ្ងាយ) អំពីសមុទ្រទិសខាង​កើត។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពយ៉ាង​នេះ ដោយការឈានដើរទៅ (ដោយជើង) មានសភាពយ៉ាងនេះហើយ សេចក្តីប្រាថ្នា មានសភាពយ៉ាងនេះ ក៏កើតឡើងថា អាត្មាអញ និងដល់នូវទីបំផុតនៃលោក ដោយកិរិយា​ដើរទៅ (ដោយជើង) បាន។ បពិត្រ ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ លើកលែងតែពេល​ស៊ីផឹក ទំពា ហុតស្រូប (នូវអាហារជាដើម) លើកលែងតែពេលធ្វើនូវឧច្ចារៈ និងបស្សាវៈ លើកលែងតែ​ពេលដេក និងបន្ទោបង់ នូវសេចក្តីទុក្ខលំបាក ទាំងប្រកបដោយអាយុ ១០០ ឆ្នាំ មានជីវិត​រស់នៅ​បាន ១០០ ឆ្នាំ ទាំងដើរទៅអស់ ១០០ ឆ្នាំ ក៏គង់មិនដល់នូវទីបំផុត នៃលោកបានឡើយ ក៏ធ្វើមរណកាល ក្នុងចន្លោះនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះតម្រាស់​នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គល​គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលរោហិតស្សទេវបុត្ត ពោលយ៉ាងនេះ​ហើយ តថាគត បានពោលទៅនឹងរោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបាន ពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុត នៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ (ដោយជើង) បានឡើយ។ ម្នាលអាវុសោ មួយទៀត បើតថាគត មិនបានដល់នូវទីបំផុត នៃសង្ខារលោកហើយ ក៏មិនបានពោល​នូវកិរិយាធ្វើនូវទីបំផុត​នៃទុក្ខឡើយ។ ម្នាល​អាវុសោ មួយទៀត តថាគត តែងបញ្ញត្តនូវលោកផង លោក​សមុទយៈផង លោកនិរោធ​ផង លោកនិរោធគាមិនីបដិបទាផង ក្នុងអត្តភាពប្រមាណ ១ ព្យាម​នេះឯង ដែលប្រកប​ដោយសញ្ញាផង ប្រកបដោយចិត្តផង។

ទីបំផុតនៃលោក បុគ្គលមិនគប្បីដល់ ដោយការដើរទៅ (ដោយ​ជើង) ក្នុងកាលណាម្តង​ឡើយ មួយទៀត ការមិនទាន់ដល់ នូវទីបំផុត​នៃលោក ឈ្មោះថា មិនបានរួចចាក​ទុក្ខឡើយ។ ព្រោះ​ហេតុ​នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជា្របច្បាស់នូវលោក ទ្រង់មាន​បញ្ញាល្អ ទ្រង់ដល់នូវទីបំផុតនៃលោក ទ្រង់ប្រព្រឹត្តចប់​ព្រហ្មចរិយៈ​ហើយ។ ទ្រង់មានបាប​រម្ងាប់បង់ហើយ ទ្រង់ជ្រាបច្បាស់ នូវទីបំផុតនៃលោកហើយ មិនប្រាថ្នានូវលោកនេះ និងលោក​ខាងមុខឡើយ។

សុវិទូរសូត្រ ទី៧

[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ របស់​ដែលឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ១ ម្នាលភិក្ខុទាំងឡាយ ត្រើយសមុទ្រខាងអាយ និងត្រើយសមុទ្រខាងនាយ នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យរះឡើងអំពីទិសណា អស្តង្គតទៅក្នុងទិសណា នេះជារបស់ឆ្ងាយក្រៃលែង​ឆ្ងាយទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៤។ ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែង​ឆ្ងាយមាន ៤ យ៉ាងនេះឯង។

មេឃ និងផែនដី រមែងឆ្ងាយអំពីគ្នា ត្រើយសមុទ្រនោះ លោកពោលថា ឆ្ងាយអំពីគ្នា ព្រះអាទិត្យជាអ្នកធ្វើនូវពន្លឺ ​រះឡើង អំពីទិសណា អស្តង្គតទៅវិញ ក្នុងទិសណា រមែងឆ្ងាយអំពីគ្នា បណ្ឌិតទាំងឡាយ ពោលថា ធម៌របស់ពួកសប្បុរស និង​ធម៌របស់​ពួកអសប្បុរស ឆ្ងាយក្រៃលែងឆ្ងាយជាងនោះទៅទៀត។ សមាគម​របស់ពួកសប្បុរស មិន​បាន​ព្រាត់ប្រាសចាកគ្នា សមាគមរបស់ ពួកសប្បុរស ឋិតនៅដរាបណា ធម៌របស់​ពួកសប្បុរស ក៏មាននៅ​ដរាបនោះ។ សមាគមរបស់ពួកអសប្បុរស តែងព្រាត់ប្រាស​ទៅ​ឆាប់ ព្រោះហេតុនោះ ធម៌ទាំងឡាយ របស់ពួកសប្បុរស ទើបឈ្មោះ​ថា ឆ្ងាយអំពីធម៌​របស់ពួកអសប្បុរស។

វិសាខសូត្រ ទី៨

[៤៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះវិសាខបញ្ចាលីបុត្រ (វិសាខភិក្ខុ កូននៃនាង​ព្រាហ្មណី​ឈ្មោះបញ្ចាលី) ដ៏មានអាយុ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់​យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយ​សំដីជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូល​ចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបាន​អាស្រ័យនូវវដ្តសង្សារ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីពួនសម្ងំ ក្នុង​សាយណ្ហសម័យ ហើយស្តេច​ចូលទៅ​កាន់រោងឆាន់ លុះចូលទៅដល់ ទ្រង់​គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់ស្រេចហើយ បាន ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ នរណាហ្ន៎ ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក​ដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយ​សំដីជា​របស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្ត​សេចក្តី​ជាក់លាក់បាន រាប់បញ្ចូលក្នុងវិវដ្តៈ មិនបាន​អាស្រ័យនូវវដ្តសង្សារ។ ភិក្ខុទាំង​ឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវិសាខបញ្ចាលីបុត្តដ៏មានអាយុ ពន្យល់​ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់​យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា ក្នុងរោងឆាន់ ប្រកបដោយសំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាក​ទោស អាចញុំាងអ្នកស្តាប់ ឲ្យចូល​ចិត្តសេចក្តីជាក់លាក់ រាប់បញ្ចូលក្នុងវិវដ្តៈ មិនបាន​អាស្រ័យ​នូវវដ្តសង្សារ។ លំដាប់​នោះ ព្រះមានព្រះភាគ បានត្រាស់ទៅនឹង​ព្រះវិសាខបញ្ចាលី​បុត្ត ដ៏មានអាយុថា ម្នាល​វិសាខៈ ប្រពៃណាស់ហើយ ម្នាលវិសាខៈ ប្រពៃណាស់ហើយ អ្នកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យកដោយល្អ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ប្រកប​ដោយ​សំដី ជារបស់អ្នកក្រុង ជាវាចាច្បាស់​លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន រាប់បញ្ចូល​ក្នុងវិវដ្តៈ មិនបានអាស្រ័យនូវវដ្តសង្សារ។

បណ្ឌិតដែលនៅច្រឡំដោយពួកបុគ្គលពាល កាលបើមិនទាន់​និយាយ​ទេ ជនទាំងឡាយ ក៏មិនស្គាល់ថា (ជាបណ្ឌិតឡើយ) លុះតែ​បណ្ឌិតបាននិយាយ ឬសំដែង នូវចំណែកនៃ​ព្រះនិញ្វន ទើបជនទាំងឡាយ ស្គាល់បាន។ បណ្ឌិតគួរសំដែង គួរបំភ្លឺ គួរលើកដំកើង នូវព្រះនព្វលោកុត្តរធម៌ ដែលជាទង់ជ័យ របស់​ពួកឥសី ពួកឥសី (គឺអរិយបុគ្គល មាន​ព្រះពុទ្ធ ជាដើម) មាន​សុភាសិតជាទង់ជ័យ ព្រោះថា ព្រះនព្វលោកុត្តរធម៌ ជា​ទង់ជ័យ របស់ពួកឥសី។

វិបល្លាសសូត្រ ទី៩

[៥០] ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស​ទាំងឡាយនេះ មាន ៤ យ៉ាង។ វិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ជាសុខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាសថា ខ្លួន ក្នុងរបស់​ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស ថា ស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស និងទិដ្ឋិវិបល្លាស មាន ៤ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិន​វិបល្លាស និងទិដ្ឋិមិនវិបល្លាស​នេះ មាន ៤ យ៉ាង។ មិនវិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស  ថា មិនទៀង ក្នុងរបស់ដែលមិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិន​វិបល្លាស និងទិដ្ឋិមិនវិបល្លាសថា ជាទុក្ខ ក្នុងរបស់ដែលជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញា​មិន​វិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស ថា មិនមែនខ្លួន ក្នុងរបស់​ដែលមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិនវិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិន​វិបល្លាស ថា មិនស្អាត ក្នុងរបស់ដែលមិនស្អាត ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមិន​វិបល្លាស ចិត្តមិនវិបល្លាស និងទិដ្ឋិមិនវិបល្លាស មាន ៤ យ៉ាងនេះឯង។

សត្វទាំងឡាយ ដែលមិច្ឆាទិដ្ឋិបៀតបៀនហើយ ជាអ្នកមាន​ចិត្ត​រវើរវាយ មានសញ្ញាទៅ​ប្រាស​ហើយ រមែងមានសេចក្តីសំគាល់ថា ទៀង ក្នុងរបស់ដែលមិនទៀង មានសេចក្តី​សំគាល់ថា សុខ ក្នុង​របស់ដែលជាទុក្ខ មានសេចក្តីសំគាល់ថា ខ្លួន ក្នុងរបស់​ដែល​មិន​មែន​ខ្លួន មានសេចក្តីសំគាល់ថា ល្អ ក្នុងរបស់ដែលមិនល្អ ជន​ទាំង​នោះ ឈ្មោះថា ជាអ្នក​ប្រកបក្នុងយោគៈរបស់មារ មិនដល់នូវព្រះ​និញ្វន ជាទីក្សេមចាកយោគៈបានឡើយ សត្វ​ទាំង​ឡាយ តែង​មាន​ប្រក្រតីដល់នូវជាតិ និងមរណៈ រមែងទៅកាន់សង្សារវដ្ត លុះ​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់កើតឡើង ក្នុងលោកវេលាណា ក៏​ទ្រង់ធ្វើនូវពន្លឺ។ ព្រះពុទ្ធទាំងនោះ ទ្រង់សំដែងនូវព្រះធម៌ គឺសច្ចៈ ៤ នេះ ដែលជាធម៌ប្រព្រឹត្តទៅកាន់ទីរំលត់ទុក្ខ ពួកសត្វ ដែល​ប្រកបដោយប្រាជ្ញា លុះបានស្តាប់ព្រះធម៌ របស់ព្រះពុទ្ធទាំងនោះ​ហើយ ក៏ត្រឡប់​ងាក​ចិត្តរបស់ខ្លួន បានឃើញនូវ​របស់ ដែល​មិន​ទៀង​ថា មិនទៀង ឃើញនូវរបស់​ដែលជាទុក្ខ ថាជាទុក្ខ បាន​ឃើញ​ថា មិនមែនខ្លួន ក្នុងរបស់ដែលមិនមែនខ្លួន បានឃើញ​របស់ ដែលមិនល្អ ថា មិនល្អ (ជនទាំងនោះ) ជាអ្នកសមាទាន នូវសម្មាទិដ្ឋិ បានរួចចាក​ទុក្ខទាំងពួង។

ឧបក្កិលេសសូត្រ ទី១០

[៥១] ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មងដោយឧបក្កិលេស​ទាំងឡាយ​ណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យ​ទាំងឡាយ​នេះ មាន ៤ យ៉ាង។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែង​មិន​ក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺ ពពក ១។ ម្នាលភិក្ខុទាំង​ឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិន​រុងរឿង ឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ គឺ​ទឹក​សន្សើម ១ ម្នាលភិក្ខុទាំង​ឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺផ្សែង ឬធូលី ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យសៅហ្មង ព្រោះ​ឧបក្កិលេស​ណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់​ព្រះចន្ទ និង​ព្រះអាទិត្យទាំងឡាយនោះ គឺ រាហុអសុរិន្ទ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេស​ទាំងឡាយ​ណា រមែងមិនក្តៅ មិនភ្លឺ មិន​រុងរឿង ឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យ​ទាំងឡាយ មាន ៤ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ សមណព្រាហ្មណ៍​ទាំងឡាយ​ពួកមួយ សៅហ្មង ព្រោះ​ឧបក្កិលេស​ទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសទាំងឡាយ របស់​ពួក​សមណព្រាហ្មណ៍ មាន ៤ យ៉ាងនោះដែរ។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ផឹកនូវសុរា និងមេរ័យ មិន​វៀរចាក​ការផឹកនូវសុរា និងមេរ័យឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ពួក មួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះជាឧបក្កិលេស របស់ពួកសមណព្រាហ្មណ៍ទី ១។ ម្នាលភិក្ខុ​ទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ពួកមួយ សេពនូវមេថុនធម្ម មិនវៀរចាកការ​សេពមេថុនធម្មឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ពួកមួយ សៅហ្មងដោយ​ឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិន​រុង​រឿង នេះជាឧបក្កិលេស របស់សមណ​ព្រាហ្មណ៍ទី ២។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ពួកមួយ ត្រេកអរនូវ​មាស និងប្រាក់ មិនវៀរចាកការទទួល​នូវមាស និងប្រាក់ឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយ ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង នេះជា​ឧបក្កិលេស របស់​ពួកសមណព្រាហ្មណ៍ទី ៣។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ពួកមួយ ចិញ្ចឹម​ជីវិត ដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណ​ព្រាហ្មណ៍ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសណា តែងមិន​ក្តៅ មិនភ្លឺ មិនរុងរឿង នេះ ជា​ឧបក្កិលេស របស់ពួកសមណព្រាហ្មណ៍ ទី៤។ ម្នាលភិក្ខុទាំងឡាយ សមណ​ព្រាហ្មណ៍ ពួកមួយ សៅហ្មង ព្រោះឧបក្កិលេស​ទាំងឡាយ​ណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ពួកសមណព្រាហ្មណ៍ មាន ៤ យ៉ាងនេះឯង។

សមណព្រាហ្មណ៍ ពួកមួយ ជាអ្នកសៅហ្មង ដោយរាគៈ និងទោសៈ ត្រូវអវិជ្ជារួបរឹតហើយ មានប្រក្រតីរីករាយ ចំពោះរូបជាទីស្រឡាញ់ ជាជនល្ងង់ រមែងផឹកនូវសុរា និងមេរ័យ សេព​នូវមេថុនធម្ម ត្រេកអរចំពោះប្រាក់ និងមាស។ សមណព្រាហ្មណ៍ ពួកមួយ ចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ សមណព្រាហ្មណ៍ពួកមួយ មិនស្អាត ប្រកបដោយធូលី រមែងមិនក្តៅ មិនភ្លឺ ព្រោះ​ឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងនុ៎ះ ព្រះសម្ពុទ្ធ ជាផៅពង្ស​ នៃ​ព្រះអាទិត្យ បានត្រាស់ទុកហើយ ពួកសត្វត្រូវ សេចក្តី​ងងឹត គ្របសង្កត់ហើយ ជាខ្ញុំនៃ​តណ្ហា ប្រព្រឹត្តទៅ តាម​ខ្សែនៃតណ្ហា ញុំាងអត្តភាពដ៏ក្លៀវក្លា ឲ្យចំរើនឡើង តែង​កាន់​យក​នូវ​ភពថ្មី។

ចប់ រោហិតស្សវគ្គ ទី៥។

ឧទ្ទាននៃរោហិតស្សវគ្គនោះគឺ

និយាយអំពីសមាធិភាវនា ១ អំពីបញ្ហាព្យាករណ៍ ១ អំពីបុគ្គលធ្ងន់ ក្នុង​សេចក្តីក្រោធ មាន ២ លើក អំពីរោហិតស្សទេវបុត្តដទៃ ២ លើក​ទៀត អំពីរបស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ១ អំពី​បញ្ចាលីបុត្ត ឈ្មោះ​វិសាខៈ ១ អំពីវិបល្លាស ១ អំពីឧបក្កិលេស ១ រួមត្រូវជា ១០។

ចប់ បណ្ណាសក ទី១។

ទុតិយបណ្ណាសក

បុញ្ញាភិសន្ទវគ្គ

បឋមបុញ្ញាភិសន្ទសូត្រ ទី១

[៥២] ម្នាលភិក្ខុទាំងឡាយ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុង​ស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទី​ប្រាថ្នា ជាតីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរ​មក នៃកុសល មាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់​ចីវរ​ របស់ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជា​ទីហូរមក​នៃបុណ្យ ជាទីហូរមកនៃកុសល របស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទី​នាំ​មក​នូវ​សេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុង​ស្ថាន​សួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់​ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគបិណ្ឌបាត របស់ទាយកណា… ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុកាលប្រើប្រាស់សេនាសនៈ របស់ទាយកណា… ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបរិភោគភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ របស់ទាយកណា ចូលកាន់​ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទី​ហូរមក នៃកុសលរបស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវ​ផល​ដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ជាទីនាំមក នូវ​សេចក្តី​សុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ៤ យ៉ាង​នេះ​ឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត។  ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលបើអរិយសាវក ដែលប្រកប​ដោយ​អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ នេះហើយ បុគ្គល​មិនងាយនឹងរាប់នូវប្រមាណនៃបុណ្យថា អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក​នៃកុសល ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាមពិតនោះ គឺដល់នូវ​ការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណមិនអស់។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយរាប់នូវប្រមាណនៃទឹក ក្នុងមហាសមុទ្រថា ទឹកមាន​ប៉ុណ្ណេះ​អាឡ្ហក ទឹកមានប៉ុណ្ណេះរយអាឡ្ហក ទឹកមានប៉ុណ្ណេះពាន់អាឡ្ហក ទឹកមាន​ប៉ុណ្ណេះសែន​អាឡ្ហក​បាន​ឡើយ តាមពិតនោះ គឺដល់នូវការរាប់ថា គំនរទឹកធំ ដែលបុគ្គលរាប់មិនបាន ប្រមាណ​មិនអស់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដែល​ប្រកបដោយ​អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល ទាំង ៤ យ៉ាងនេះឯងហើយ បុគ្គល​មិនងាយនឹងរាប់ នូវប្រមាណ​នៃបុណ្យថា អានិសង្ស ជាទីហូរ​មកនៃបុណ្យ ជាទីហូរ​មក​នៃកុសល ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុង​ស្ថានសួគ៌ មានប្រមាណប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្តបានឡើយ តាម​ពិតនោះ គឺដល់​នូវការរាប់ថា ជាគំនរបុណ្យយ៉ាងធំ ដែលបុគ្គលរាប់មិនបាន ប្រមាណ​មិនអស់ ក៏យ៉ាង​នោះ​ដែរ។

ទន្លេទាំងឡាយ ដែលមានពួកត្រីនៅអាស្រ័យ ច្រើនតែហូរចុះ​ទៅ​កាន់​សាគរ មានអន្លង់​ទឹកធំ ដែលបុគ្គលរាប់មិនបាន ជាស្រះធំ ប្រកប​ដោយអារម្មណ៍គួរស្ញប់ស្ញែងដ៏ច្រើន ជាទីកើត នៃរតនវត្ថុ​ទាំងឡាយ យ៉ាងណាមិញ។ ធារនៃបុណ្យ រមែងប្រព្រឹត្ត ហូរទៅកាន់​នរជន ដែលជាបណ្ឌិត អ្នកឲ្យនូវបាយ ទឹក និងសំពត់ អ្នកឲ្យនូវទីដេក ទីអង្គុយ និង​គ្រឿងកម្រាល ដូចជាទន្លេស្ទឹង ដែល​ហូរទៅកាន់សាគរ យ៉ាងនោះដែរ។

ទុតិយបុញ្ញាភិសន្ទសូត្រ ទី២

[៥៣] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរ​មកនៃកុសល នាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធដូច្នេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំង​ពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់​ជា្របច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណា​មួយ​ស្មើ​គ្មាន ទ្រង់ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូ នៃទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាល​ភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសលទី ១ ដែលនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត​ក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា​ ជា​ទី​ត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកប​ដោយ​សេចក្តី​ជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែងហើយដោយល្អ ព្រះនព្វលោកុត្តរធម៌ ជាធម៌ ដែលព្រះអរិយបុគ្គល​ទាំងពួង ដឹងពិត ឃើញពិត ដោយបច្ចវេក្ខណញ្ញាណ ជាធម៌ ឲ្យនូវ​ផល មិនរង់ចាំកាល ជាធម៌គួរដល់​ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បី​បង្អោន​ចូលមកទុកក្នុងខ្លួន ដោយអំណាច​នៃភាវនា ជាធម៌ ដែលអ្នកប្រាជ្ញទាំងឡាយ មាន​ឧគ្ឃដិតញ្ញូបុគ្គល ជាដើម គប្បីឃើញ​ច្បាស់ ក្នុងចិត្តនៃខ្លួន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមក​នៃបុណ្យ ជាទីហូរ​មក​នៃកុសល ទី ២ ដែលនាំ​មក​នូវ​សេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នក​ប្រកបដោយសេចក្តីជ្រះថ្លា មិន​កម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវកនៃ​ព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិញ្វន ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ព្រះសង្ឃអង្គណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀង​ជា​បុរសបុគ្គល មាន ៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវ​ទក្ខិណា​ទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែង​ជាងគ្មាន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក​នៃកុសលទី ៣ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសីលទាំងឡាយ ជាទីតេ្រកអរនៃព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ​ធ្លាយ មិនពពាល មិនពព្រុះ ជាសីលរបស់អ្នកជា ជាសីលដែលវិញ្ញូជនតែងសរសើរ ជាសីល​​មិនប៉ះពាល់ដោយ​តណ្ហាទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ ម្នាលភិក្ខុទាំង​ឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៤ ដែលនាំមក​នូវសេចក្តីសុខ ឲ្យនូវផល​ដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុង​ស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទី​គាប់​ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក​នៃកុសល មាន ៤ យ៉ាងនេះឯង ជាទីនាំមក នូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មាន​ផលជាសុខ ប្រព្រឹត្តទៅ ដើម្បី​កើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត។

សេចក្តីជឿក្នុងព្រះតថាគត របស់បុគ្គលណា មិនបានញាប់ញ័រ បានដម្កល់ហើយដោយ​ប្រពៃ សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ នៃព្រះអរិយៈ ដែលព្រះអរិយៈ​សរសើរ​ហើយ។ សេចក្តី​ជ្រះថ្លាក្នុងព្រះសង្ឃ និងការឃើញដោយត្រង់ពិត របស់បុគ្គល​ណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវបុគ្គលនោះថា ជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់​បុគ្គល​នោះ មិនបានសូន្យឡើយ។ ព្រោះ​ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកឃើញពាក្យប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំងឡាយ គួរប្រកបទុក នូវសេចក្តីជឿផង នូវសីលផង នូវសេចក្តី​ជ្រះថ្លាផង នូវការ​ឃើញធម៌ផង។

បឋមសំវាសសូត្រ ទី៣

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះ​ស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា។ មានពួក [ជនទាំងនោះ មាន​ដំណើរ​ទៅ​រៀប​ចំអាវាហវិវាហមង្គល ឲ្យកូនចៅក្នុងស្រុកនោះ ព្រោះហេតុនោះ បានជានាំគ្នាដើរ ទៅ​តាម​ផ្លូវនោះដែរ។ អដ្ឋកថា។] គហបតី និងពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវ​ឆា្ងយ​ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជាដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​គេចចេញ ចាកផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ។ ពួកគហបតី និងគហបតានី ទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ សេ្តចគង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកគហបតី និងគហបតានីទាំងនោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមីភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នា​ជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នា​ជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នក​ធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្ត​សីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នក​ប្រព្រឹត្ត​ធ្វើ​នូវបាណាតិបាត ប្រព្រឹត្តធ្វើ នូវអទិន្នាទាន ប្រព្រឹត្តធ្វើនូវកាមេសុមិច្ឆាចារ ពោលនូវពាក្យ​មុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែល​ជា​ទីតាំង​នៃ​សេចក្តីប្រមាទ ជាអ្នក​ទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្ត​ត្រូវ​មន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ដែរ។ ម្នាល​គហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នា​ជាមួយ​នឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោច​ប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុង​លោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំង​នៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តី​កំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ ប៉ុន្តែភរិយារបស់​ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តី​កំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណព្រាហ្មណ៍។ ម្នាល​គហបតី​ទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាល​គហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។ ម្នាល គហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ មានសីល មានធម៌ល្អ មានចិត្ត​ប្រាស​ចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរ​ប្រទេចពួក​សមណ​ព្រាហ្មណ៍ ទើបឯភរិយារបស់ស្វាមីនោះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត។បេ។ ក្រេបផឹក​នូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅ​គ្រប់គ្រងផ្ទះ ជាអ្នកជេរ​ប្រទេចពួកសមណព្រាហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតី​ទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងទេវតាស្រី តើដូចម្តេច។ ម្នាល​គហបតី​ទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាក​ការក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់​គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណព្រាហ្មណ៍ ទាំង​ភរិយា​របស់​ស្វាមីនោះ ក៏ជាអ្នកវៀរចាកបាណាតិបាត។បេ។ វៀរចាកការក្រេបផឹក នូវទឹក​ស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ដ៏ល្អ មានចិត្ត ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេច ពួកសមណព្រាហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ សង្វាស (ការនៅរួមគ្នា មាន ៤) យ៉ាងនេះឯង។

ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរ​ប្រទេច (នូវសមណ​ព្រាហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះថា ខ្មោចមកនៅរួមគ្នា។ ស្វាមី ជាអ្នក​ទ្រុស្តសីល មាន​សេចក្តី​កំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវសមណព្រាហ្មណ៍) ភរិយា ជា​អ្នក​មានសីល ដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់ ប្រាសចេញហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នា​ជា​មួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នកមានសីល ដឹង​នូវពាក្យពេចន៍ នៃ​ពួក​ស្មូម ជាអ្នកមានសេចក្តីកំណាញ់ប្រាសចេញហើយ ភរិយា ជា​អ្នក​ទ្រុស្តសីល មានសេចក្តីកំណាញ់ស្វិតស្វាញ ជេរប្រទេច (នូវ​សមណព្រាហ្មណ៍) ភរិយា​នោះឯង ឈ្មោះថា ស្រីខ្មោចនៅរួម គ្នាជា​មួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នក​មានសទ្ធា ដឹង​នូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នក​ចិញ្ចឹម​ជីវិតតាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងពីរនាក់នោះ ពោលពាក្យ​ផ្អែម​ល្ហែម ទៅរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំង​មាន​ការ​នៅ​ជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួក​សត្រូវ រមែងអាក់អន់ចិត្ត​ចំពោះ​ជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មាន​សីល​ និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើនៅ​មាន​ចំណង់ក្នុងកាម ក៏រមែងជាអ្នកត្រេកអរ រីករាយ ក្នុង​ទេវលោក​បាន។

ទុតិយសំវាសសូត្រ ទី៤

[៥៥] ម្នាលភិក្ខុទាំងឡាយ សង្វាស (ការនៅរួមគ្នាជាមួយនឹងស្វាមី ភរិយា) នេះ មាន ៤ យ៉ាង។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺខ្មោចប្រុស នៅរួមគ្នា​ជាមួយ​នឹង​ខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ទេវតាប្រុស នៅរួមគ្នា​ជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវកាមេសុមិច្ឆា​ចារ ពោលពាក្យ​មុសា ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យរោយរាយ មានអភិជ្ឈា មាន​ចិត្តព្យាបាទ មានសេចក្តីឃើញខុស ទ្រុស្តសីល មានធម៌លាមក មានចិត្តត្រូវមន្ទិល គឺ​សេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរ​ប្រទេច​ពួក​សមណព្រាហ្មណ៍ ទាំងភរិយា​របស់​បុរសនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវ​កាមេសុមិច្ឆាចារ ពោលពាក្យមុសា ពោលពាក្យញុះញង់ ពោល​ពាក្យ​អាក្រក់ ពោលពាក្យរោយរាយ មាន​អភិជ្ឈា មានចិត្តព្យាបាទ មាន​សេចក្តី​ឃើញ​ខុស ទ្រុស្តសីល មានធម៌លាមក មានចិត្តត្រូវ​មន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅ​គ្រប់​គ្រង​ផ្ទះ ជេរប្រទេចពួកសមណព្រាហ្មណ៍ដែរ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាល​ភិក្ខុទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នា​ជា​មួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ស្វាមីក្នុងលោកនេះ ជាអ្នក​ប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់​រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណ​ព្រាហ្មណ៍ ប៉ុន្តែភរិយា របស់បុរសនោះ ជា​អ្នក​វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មានចិត្តមិនព្យាបាទ ឃើញត្រូវ មានសីល មានធម៌​ល្អ មាន​ចិត្ត​ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេច​ពួក​សមណព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នា​ជាមួយ​នឹងទេវតាស្រី។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរ​ចាក​សម្ផប្បលាបៈ មិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មាន​សេចក្តីឃើញត្រូវ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេច​ពួកសមណព្រាហ្មណ៍ ទើបឯភរិយារបស់បុរសនោះ ជាអ្នក​ប្រព្រឹត្តធ្វើនូវបាណាតិ​បាត។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់​គ្រង​ផ្ទះ ជេរ​ប្រទេច​ពួក​សមណព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ឈ្មោះថា ទេវតាប្រុស នៅរួមគ្នា​ជា​មួយ​នឹងខ្មោចស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតា​ប្រុស នៅរួម​គ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរ​ចាកបាណាតិបាត។បេ។ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួក សមណ​ព្រាហ្មណ៍ ទាំងភរិយារបស់បុរសនោះ ក៏ជាអ្នកវៀរចាក​បាណាតិបាត។បេ។ មិន​ជេរ​ប្រទេចពួកសមណព្រាហ្មណ៍ដែរ។ ម្នាលភិក្ខុទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលភិក្ខុទាំងឡាយ សង្វាស មាន ៤ យ៉ាង នេះឯង។

ជនទាំងពីរនាក់ ជាអ្នកទ្រុស្តសីល ជាអ្នកកំណាញ់ស្វិតស្វាញ ជេរ​ប្រទេច (សមណ​ព្រាហ្មណ៍) ប្រពន្ធ និងប្តី ទាំងពីរនាក់នោះ ឈ្មោះ​ថា ខ្មោច នៅរួមជាមួយគ្នា។ ស្វាមី ជាអ្នក​ទ្រុស្តសីល មានសេចក្តី​កំណាញ់​ស្វិតស្វាញ ជេរប្រទេច (សមណព្រាហ្មណ៍) ភរិយា​ជា​អ្នក​មាន​សីល ជាអ្នកដឹងនូវពាក្យពេចន៍ នៃពួកស្មូម មានសេចក្តី​កំណាញ់​ប្រាសចេញ​ហើយ ភរិយានោះឯង ឈ្មោះថា ទេវតាស្រី នៅរួមគ្នាជាមួយនឹងប្តីខ្មោច។ ស្វាមី ជាអ្នក​មានសីល ជាអ្នក​ដឹង​នូវ​ពាក្យពេចន៍ នៃពួកស្មូម មានសេចក្តីកំណាញ់​ប្រាស​ចេញ​ហើយ ភរិយា ជាអ្នកទ្រុស្តសីល មានសេចក្តី​កំណាញ់​ស្វិតស្វាញ ជេរប្រទេច (សមណព្រាហ្មណ៍) ភរិយានោះឯង ឈ្មោះថា ស្រី​ខ្មោច នៅរួមគ្នាជាមួយនឹងប្តីទេវតា។ ជនទាំងពីរនាក់ ជាអ្នក​មាន​សទ្ធា អ្នកដឹងនូវពាក្យពេចន៍ នៃពួកស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នក​ចិញ្ចឹមជីវិត​តាម​គន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោល​ពាក្យ​ផ្អែម​ល្ហែម ទៅរកគ្នានឹងគ្នា រមែង​មានសេចក្តីចំរើនដ៏ច្រើន ទាំង​មានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែង​​អាក់​អន់​ចិត្ត ចំពោះជនទាំងពីរ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មាន​ចំណង់ក្នុងកាម ក៏រមែង​ជាអ្នកត្រេកអរ រីករាយ ក្នុង​ទេវលោក​បាន។

បឋមសមជីវឹសូត្រ ទី៥

[៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់​សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេច​ចូល​ទៅ​កាន់​និវេសន៍ របស់គហបតី ឈ្មោះ​នកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់​នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាន​នាំ​គ្នា​ចូលទៅគាល់ ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុង​ទី​សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បាន​ប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃ​នកុលមាតាគហបតានី សូម្បីដោយ​ចិត្តម្តងទេ មិនបាច់ពោលដល់​ទៅ​ការ​ធ្វើ​ដោយ​កាយ​ឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួប​គ្នា ក្នុងបរលោកផង។ ចំណែក​នកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះដែរថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹង​នកុលបិតា​គហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្ត​កន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់​ពោលដល់​ទៅការធ្វើ​ដោយ​កាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នា​ឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់​ថា ម្នាល​គហបតី និង​គហបតានី​ទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុង​បច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈ​ស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួប​គ្នា​ក្នុងបរលោកផង។

ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុង​សីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តី​ទាំងនោះ ពោលពាក្យ​ផ្អែមល្ហែម​រកគ្នា​នឹងគ្នា រមែង​មាន​សេចក្តី​ចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើង​ដល់​គ្នា​នឹងគ្នា ពួក​សត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែល​មានសីលស្មើគ្នា ជនទាំង​ពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្ត​ធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុង​កាម ក៏រមែង ជា​អ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។

ទុតិយសមជីវឹសូត្រ ទី៦

[៥៧] ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធ និងប្តីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ន​នេះ​ផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មាន​សទ្ធាស្មើគ្នា មានសីល​ស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជន​ទាំងនោះ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ជួបគ្នា​ក្នុងបរលោកផង។

ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុង​សីល) ជាអ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និង​ប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែម​រកគ្នា​នឹងគ្នា រមែង​មាន​សេចក្តី​ចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើង​ដល់​គ្នា​នឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមាន សីល​ស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ​ប្រព្រឹត្ត​ធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម រមែង​ជា​អ្នក​ត្រេកអរ រីករាយ ក្នុងទេវលោកបាន។

សុប្បវាសាសូត្រ ទី៧

[៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ បជ្ជនេលៈ របស់ពួក​កោលិយៈ​រាជត្រកូល ក្នុងដែនកោលិយៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូល​ទៅកាន់​និវេសន៍​របស់នាង​សុប្បវាសា ជាធីតា នៃស្តេចកោឡិយៈ លុះស្តេចចូលទៅដល់ ទ្រង់គង់លើអាសនៈ ដែលគេក្រាល​ថ្វាយ។ វេលានោះ នាងសុប្បវាសា ជាធីតានៃស្តេចកោឡិយៈ បាន​អង្គាសថ្វាយ​ខាទនីយ​ភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះដ៏​មាន​ព្រះភាគ ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែដល់ព្រះអង្គប្រកែក លែងទទួលទៀត។ លុះព្រះដ៏មាន​ព្រះភាគ ទ្រង់​សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ ទើបនាង​សុប្បវាសា អង្គុយក្នុង​ទីសមគួរ។ លុះនាងសុប្បវាសា ជាកោឡិយធីតា អង្គុយក្នុងទីសមគួរហើយ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនាហារ ឈ្មោះថា​ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេច។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺ បានទទួលយក នូវអាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ រមែង​ជាអ្នកមានចំណែក គឺបានទទួលយកនូវវណ្ណៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះ​ឲ្យសុខហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវសុខ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យពលៈហើយ រមែង​ជាអ្នកមានចំណែក គឺបាន​ទទួល​យក​នូវពលៈ ដែលជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលសុប្បវាសា អរិយសាវិកា ឲ្យភោជនា​ហារ ឈ្មោះថា ឲ្យឋានៈ ទាំង ៤ យ៉ាងនេះ ដល់បដិគា្គហកៈទាំងឡាយ។

បុគ្គលឲ្យភោជនដែលខ្លួនតាក់តែងស្អាត ឆ្ងាញ់ពីសា បរិបូណ៌ដោយរស (ដល់​បដិគ្គាហកៈ) ទក្ខិណាទាននោះ ដែល​បុគ្គលឲ្យហើយ ដល់ព្រះខីណាស្រពទាំងឡាយ មាន​ដំណើរត្រង់ ប្រកបដោយចរណៈ ដល់នូវភាពដ៏ប្រសើរ ជាទីរួបរួមមកនូវបុណ្យ ដោយបុណ្យ ព្រះលោកវិទូ ទ្រង់សរសើរ (នូវទក្ខិណាទាននោះ) ថា ជាទានមានផលច្រើន ជនទាំងឡាយណា រលឹកឃើញនូវយញ្ញៈ ដូច្នោះ កើតមានសេចក្តីតេ្រកអរ កំចាត់​បង់នូវមន្ទិល គឺសេចក្តី​កំណាញ់ ព្រមទាំងឫសក្នុងលោក ជនទាំងនោះ ឥតមានគេនិន្ទា តែង​ចូលទៅកាន់ស្ថានសួគ៌បាន។

សុទត្តសូត្រ ទី៨

[៥៩] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​គហបតី អរិយសាវក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់​បដិគ្គាហកៈ​ទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួល​យក នូវអាយុជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ… លុះឲ្យសុខៈហើយ… លុះឲ្យពលៈហើយ រមែងជា​អ្នក​មានចំណែក គឺបានទទួលយក នូវពលៈ ជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាល​គហបតី អរិយសាវក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យនូវ​ឋានៈ ៤ យ៉ាងនេះ ដល់​បដិគ្គាហកៈទាំងឡាយ។

បុគ្គលណាឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលសង្រួម (ក្នុងសីល) ជាអ្នកបរិភោគភោជន ដែលបុគ្គលដទៃឲ្យ ដោយគោរពតាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែងជាអ្នកមានអាយុវែង មាន​យសបរិវារ ក្នុងភពនោះ ៗ។

ភោជនសូត្រ ទី៩

[៦០] ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគា្គហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែង​ជា​អ្នក​មាន​ចំណែក គឺបានទទួលនូវ​អាយុ ជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ … លុះឲ្យសុខហើយ … លុះឲ្យ​ពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវពលៈ ជារបស់ទិព្វ ឬជា​របស់​មនុស្ស ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។

បុគ្គលណា ឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកបរិភោគ​នូវភោជន ដែលអ្នកដទៃឲ្យ ដោយ​គោរព​តាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែង​ជាអ្នក​មាន​អាយុវែង មានយសបរិវារ ក្នុងភពនោះ ៗ។

គិហិសាមីចិសូត្រ ទី១០

[៦១] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូលទៅដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អរិយ​សាវក ប្រកបដោយធម៌ ៤ យ៉ាង ប្រតិបត្តិ នូវបដិបទា ដ៏សម​គួរ របស់គ្រហស្ថ មានប្រក្រតី​បាននូវយស ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌។ អរិយ​សាវក ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុង​សាសនា​នេះ ទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយបិណ្ឌបាត ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយ​សេនាសនៈ ១ ទំនុកបម្រុងភិក្ខុសង្ឃ ដោយភេសជ្ជៈបរិក្ខារ ជាបច្ច័យ ដល់មនុស្សមានជម្ងឺ ១។ ម្នាលគហបតី អរិយសាវក ប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះឯង ឈ្មោះថា ប្រតិបត្តិ នូវបដិបទា ដ៏សមគួរ របស់​គ្រហស្ថ មាន​ប្រក្រតី​បាន​នូវ​យស ប្រព្រឹត្តទៅ ដើម្បីកើត​ក្នុង​ស្ថានសួគ៌។

បណ្ឌិតទាំងឡាយ តែងប្រតិបត្តិនូវបដិបទាដ៏សមគួរ របស់​គ្រហស្ថ គឺទំនុកបម្រុងភិក្ខុ ដែលមានសីល ជាអ្នកព្រមព្រៀងគ្នាដោយចីវរ ដោយបិណ្ឌបាត ដោយសេនាសនៈ និងគិលានប្បច្ច័យ បុណ្យ​តែង​ចំរើនដល់បណ្ឌិតទាំងឡាយនោះ សព្វ ៗ កាល ទាំងយប់​ទាំងថ្ងៃ លុះ​ធ្វើកម្មដ៏ចំរើនហើយ រមែងទៅកាន់ស្ថានសួគ៌។

ចប់ បុញ្ញាភិសន្ទវគ្គ ទី១។

ឧទ្ទាននៃបុញ្ញាភិសន្ទវគ្គនោះគឺ

និយាយពីអានិសង្សនៃបុណ្យ ២លើក និយាយពីសង្វាស ២លើក និយាយ​ពីការចិញ្ចឹម​ជីវិត តាមគន្លងធម៌ ២លើក និយាយ​ពីរឿង​នាងសុប្បវាសា ១ និយាយពីការឲ្យ​ទានដោយ​ប្រពៃ ១ និយាយ​ពី​ការ​ឲ្យភោជន ១ និយាយពីអរិយសាវក ប្រតិបត្តិ​ដ៏សមគួរ របស់​គ្រហស្ថ ១។

បត្តកម្មវគ្គ

បត្តកម្មសូត្រ ទី១

[៦២] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីតេ្រកអរ ជាទីគាប់​ចិត្ត ដែលបុគ្គលរកបាន​ដោយក្រ​ក្នុងលោក។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ បំណង​ថា ភោគៈទាំងឡាយ ចូរកើតដល់​អាត្មាអញ ដែលប្រកបដោយធម៌ នេះជាធម៌ទី១ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្មប្រកបដោយធម៌ហើយ សូមឲ្យយស របស់អាត្មាអញ ល្បីខ្ចរខ្ចាយឡើង ព្រម​ទាំង​ពួកញាតិ ព្រមទាំង​ពួកឧបជ្ឈាយ៍ គឺមិត្រសំឡាញ់ទាំងឡាយ នេះជាធម៌ទី២ ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ បំណងថា កាលបើអាត្មាអញ បានភោគៈ ដោយកម្មប្រកបដោយធម៌ហើយ បានយសហើយ ទើប​អាត្មាអញ ព្រម​ទាំង​ពួកញាតិ ព្រមទាំងពួកឧបជ្ឈាយ៍ នឹងចិញ្ចឹមជីវិត អស់កាលយូរ រក្សាអាយុឲ្យបានវែង នេះ​ជាធម៌ទី៣ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គលរកបាន​ដោយក្រ​ក្នុងលោក។ បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្ម ប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំង​ឧបជ្ឈាយ៍ បានចិញ្ចឹមជីវិតអស់កាលយូរ រក្សាអាយុឲ្យបានវែងហើយ លុះបែកធ្លាយរាង កាយ បន្ទាប់អំពីមរណៈទៅ សូមឲ្យបានទៅកើតក្នុងសុគតិសួគ៌ ទេវលោក នេះជាធម៌ទី៤ ជា​ទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាល​គហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបាន​ដោយ​ក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ ៤ ប្រការ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុង​លោក​នេះ។ ធម៌ ៤ ប្រការដូចម្តេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលគហបតី ចុះសទ្ធាសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយ​សាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹងព្រះតថាគតថា ព្រះដ៏មាន​ព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មាន​ព្រះដំណើរ​ល្អ ជ្រាបច្បាស់ នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មានបុរស ដែលគួរទូន្មាន​បាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច លែងវិលត្រឡប់ មកកាន់ភពថ្មីទៀត ម្នាលគហបតី នេះហៅថា សទ្ធាសម្បទា។ ម្នាលគហបតី ចុះ​សីលសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ វៀរចាក​បាណាតិបាត។បេ។ វៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំង នៃ​សេចក្តី​ប្រមាទ ម្នាលគហបតី នេះហៅថា សីលសម្បទា។ ម្នាលគហបតី ចុះចាគសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មាន​ចិត្ត​ប្រាសចាក​សេចក្តី​កំណាញ់ ជាមន្ទិល មានការបរិច្ចាគហើយ មានដៃលាងស្អាត ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងទាន និងការចែកចាយ នៅគ្រប់គ្រងផ្ទះ ម្នាលគហបតី នេះហៅ​ថា ចាគសម្បទា។ ម្នាលគហបតី ចុះបញ្ញាសម្បទា តើដូចម្តេច។ ម្នាលគហបតី បុគ្គល​កាលមានចិត្តត្រូវអភិជ្ឈាវិសមលោភៈគ្របសង្កត់ រមែង​ធ្វើការងារ ដែលមិនគួរ ញុំាង​ការងារ​ដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាល​មានចិត្តត្រូវព្យាបាទគ្របសង្កត់ រមែងធ្វើការងារដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែង​សាបសូន្យចាកយស និងសេចក្តីសុខ ម្នាល​គហបតី បុគ្គល កាលមានចិត្ត​ត្រូវថីនមិទ្ធៈ គ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើ​ការងារដែលមិនគួរធ្វើ ញុំាង ការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងធ្វើ​ការងារ ដែលមិនគួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិន​គួរធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យ ចាកយស និងសេចក្តីសុខ ម្នាលគហបតី បុគ្គលកាលមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រមែងធ្វើការងារ ដែលមិនគួរ​ធ្វើ ញុំាងការងារដែលគួរធ្វើ ឲ្យវិនាសទៅ កាលធ្វើការងារ ដែលមិនគួរធ្វើ ញុំាងការងារ ដែលគួរធ្វើ ឲ្យវិនាសទៅ រមែងសាបសូន្យចាកយស និងសេចក្តីសុខ។ ម្នាលគហបតី អរិយសាវកនោះឯង ដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបកិ្កលេសនៃចិត្តហើយ ក៏លះបង់​អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ព្យាបាទ ជា​ឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ព្យាបាទ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្តចេញ ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេស នៃចិត្តហើយ ក៏លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជា​ឧបក្កិលេស​នៃចិត្តចេញ ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តហើយ ក៏លះបង់​វិចិកិច្ឆា ជាឧបក្កិលេស នៃចិត្តចេញ។ ម្នាលគហបតី កាលណាអរិយសាវកដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តហើយ ក៏បានលះបង់អភិជ្ឈាវិសមលោភៈ ជា​ឧបក្កិលេសនៃចិត្តចេញ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត… ថីនមិទ្ធៈ ជាឧបក្កិលេសនៃចិត្ត… ឧទ្ធច្ចកុក្កុច្ចៈ ជាឧបក្កិលេសនៃចិត្តហើយ … ដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេស​នៃចិត្ត​ហើយ ក៏បានលះបង់វិចិកិច្ឆា ជាឧបក្កិលេសនៃចិត្តចេញ។ ម្នាល​គហបតី អរិយសាវកនេះ ហៅថា ជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ ជាអ្នក​យល់​សេចក្តីតាមគន្លងនៃពាក្យ បរិបូណ៌ដោយប្រាជ្ញា។ ម្នាលគហបតី នេះហៅថា បញ្ញាសម្បទា។ ម្នាលគហបតី ធម៌ទាំង ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវ​ធម៌ទាំង ៤ ប្រការនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរក​បាន​ដោយក្រក្នុងលោក។ ម្នាលគហបតី អរិយសាវកនោះ ជាអ្នកធ្វើកម្មដ៏សមគួរ ៤ ប្រការ ដោយ​ភោគៈទាំងឡាយ ដែល​អរិយសាវក បានដោយសេចក្តីព្យាយាម ពោល គឺ​សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌។ កម្មដ៏សមគួរ ៤ ប្រការ ដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ ញុំាងខ្លួន​ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាង​មាតាបិតាឲ្យសុខ ឲ្យឆ្អែត រក្សាសុខ​ដោយ​ប្រពៃ ញុំាងកូនប្រពន្ធ និងបុរស ជាទាសកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខដោយប្រពៃ ញុំាងមិត្ត អាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសុខ​ដោយ​ប្រពៃ ដោយភោគៈទាំងឡាយ ដែល​បានមកដោយសេចក្តីព្យាយាម​ ពោល គឺសេចក្តីខ្នះខ្នែង សន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជារបស់ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុ ទី១ ដែល​អរិយសាវកនោះ បានដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយ​ទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត សេចក្តីអន្តរាយណា ដែល​កើត​អំពី​ភ្លើង​ក្តី អំពីទឹកក្តី អំពីសេ្តចក្តី អំពីចោរក្តី អំពីបុគ្គលមិនជាទីស្រឡាញ់ក្តី អំពីអ្នកទទួលមត៌កក្តី អរិយសាវក ក៏ការពារទប់ទល់ ចំពោះអន្តរាយ មានសភាពដូច្នោះបាន ដោយភោគៈ​ទាំងឡាយ ធ្វើខ្លួនឲ្យដល់នូវសួស្តីបាន ក៏ដោយភោគៈទាំងឡាយ ដែលបានដោយ​ព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើស​ហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី២ ដែល​អរិយសាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគហើយ ដោយ​ទំនង​ដ៏​សមគួរ។ ម្នាលគហបតី ប្រការមួយទៀត អរិយសាវក ធ្វើពលិ ទាំង៥ គឺ ញាតិពលិ ១ អថិតិពលិ ១ បុព្វបេតពលិ ១ រាជពលិ ១ ទេវតាពលិ ១ ដោយភោគៈទាំងឡាយ ដែលបានមក​ដោយ​ព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើស​ហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជាហេតុទី៣ ដែលអរិយ​សាវកនោះ ដល់ហើយ បានសម្រេចហើយ បរិភោគ ហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ប្រការមួយទៀត ពួកសមណព្រាហ្មណ៍​ណា វៀរចាកសេចក្តីវង្វេង និង​សេចក្តី​ប្រមាទ ឋិតនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួន​មួយ រម្ងាប់កិលេស ចំពោះ​ខ្លួនមួយ ញុំាងតែខ្លួនមួយ ឲ្យបរិនិញ្វន អរិយសាវក រមែង​ញុំាង​ទក្ខិណាទាន មានផល​ដ៏ខ្ពស់ប្រសើរ នាំឲ្យទៅកើតក្នុងស្ថានសួគ៌ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ឲ្យប្រតិស្ថាននៅក្នុងពួកសមណព្រាហ្មណ៍ មាន​សភាព​ដូច្នោះ បានដោយភោគៈទាំង​ឡាយ ដែលបានមកដោយព្យាយាម ពោលគឺ​សេចក្តី​ខ្នះខ្នែង ដែលសន្សំបានមក ដោយ​កំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ នេះចាត់ជា​ហេតុទី៤ ដែលអរិយសាវកនោះ ដល់ហើយ បាន​សម្រេចហើយ បរិភោគហើយ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី អរិយសាវកនោះឯង ជាអ្នកធ្វើកម្ម ដ៏សមគួរ ទាំង៤ប្រការនេះ បានដោយភោគៈទាំងឡាយ ដែលបាន​មកដោយព្យាយាម ពោលគឺ​សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ​ប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី ភោគៈទាំងឡាយ របស់បុគ្គល​ណាមួយ តែវៀរលែងចាកកម្មដ៏សមគួរទាំង៤ប្រការ ចេញហើយ រមែងដល់នូវការអស់​ទៅ ម្នាលគហបតី ភោគៈទាំងឡាយនេះ ហៅថា មិនដល់នូវហេតុដ៏សមគួរ មិនបាន​សម្រេច មិនបានបរិភោគ ដោយទំនងដ៏សមគួរ។ ម្នាលគហបតី ភោគៈទាំងឡាយ របស់​បុគ្គល​ណាមួយ អស់ទៅដោយកម្ម ដ៏សមគួរទាំង ៤ នេះ ម្នាលគហបតី ភោគៈ​ទាំងឡាយនេះ ហៅថា ដល់នូវហេតុដ៏សមគួរ បានសម្រេច បាន​បរិភោគ ដោយ​ទំនងដ៏​សមគួរ។

ភោគៈទាំងឡាយ អាត្មាអញបរិភោគហើយ មិត្តអាមាត្យ អាត្មាអញ​ចិញ្ចឹម​ហើយ អាត្មាអញ ឆ្លងអន្តរាយទាំងឡាយបានហើយ ទក្ខិណា​ទាន មានផលដ៏ខ្ពស់ប្រសើរ អាត្មាអញ បាន​ឲ្យហើយ ឯពលីទាំង៥ អាត្មាអញ បានធ្វើហើយ អ្នកមានសីល មាន​សេចក្តី​សង្រួម មាន​ព្រហ្មចរិយធម៌ អាត្មាអញ បានទំនុកបំរុងហើយ បណ្ឌិត​ កាលនៅគ្រប់គ្រងផ្ទះ គប្បី​ប្រាថ្នាភោគៈ ដើម្បីប្រយោជន៍​ណា ប្រយោជន៍នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិន​នាំឲ្យកើតសេចក្តីក្តៅក្រហាយ អាត្មាអញ បានធ្វើហើយ ជន​អ្នក​មាន​សេចក្តីស្លាប់ជាធម្មតា កាលរលឹកឃើញ នូវប្រយោជន៍នុ៎ះ រមែងឋិតនៅក្នុងអរិយធម៌ បណ្ឌិតទាំងឡាយ រមែង​សរសើរ​ជន​នោះ ក្នុងលោកនេះដោយពិត ជននោះ លុះលះ​លោក​នេះទៅ រមែងត្រេកអរក្នុងឋានសួគ៌។

អានណ្យសូត្រ ទី២

[៦៣] គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​អនាថ​បិណ្ឌិក​គហបតី អង្គុយក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​គហបតី គិហិសុខ (សុខរបស់គ្រហស្ថ) នេះ មាន ៤ យ៉ាង ដែលគ្រហស្ថ អ្នកបរិភោគកាម អាស្រ័យ​នូវកាលតាមកាល នូវសម័យតាមសម័យ គប្បីបានសម្រេច។ សេចក្តីសុខ ៤ ប្រការ ដូចម្តេចខ្លះ។ គឺអត្ថិសុខ (សុខព្រោះចេះតែមាន) ១ ភោគសុខ (សុខព្រោះ​ចេះ​ប្រើប្រាស់) ១ អនណសុខ (សុខព្រោះមិនជំពាក់បំណុលគេ) ១ អនវជ្ជសុខ (សុខ​ព្រោះ​មិនមានទោស) ១។ ម្នាលគហបតី ចុះអត្ថិសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រ​ក្នុងលោកនេះ មានភោគៈ ដែលបានមក ដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ រមែងបានសោមនស្សថា ភោគៈ​ទាំងឡាយ ដែលបាន​មកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មាន​ញើស​ហូរចេញ ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ របស់​អាត្មាអញ មាន។ ម្នាលគហបតី នេះហៅថា អត្ថិសុខ។ ម្នាលគហបតី ចុះភោគសុខ តើដូចម្តេច។ ម្នាលគហបតី កុលបុត្រក្នុងលោកនេះ ប្រើប្រាស់នូវភោគៈទាំងឡាយផង ធ្វើបុណ្យទាំង​ឡាយ​ផង ដោយភោគៈទាំងឡាយ ដែលបានមកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញ ជាភោគៈ ប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ រមែងបានសុខ បានសោមនស្ស​ដូច្នេះថា អាត្មាអញ​ប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផង ដោយ​ភោគៈ​ទាំងឡាយ ដែល​បាន​មកដោយព្យាយាម ពោលគឺ សេចក្តីខ្នះខ្នែង ដែលសន្សំបានមក ដោយកំឡាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌។ ម្នាលគហបតី នេះហៅថា ភោគសុខ។ ម្នាលគហបតី ចុះអនណសុខ តើដូចម្តេច។ ម្នាល​គហបតី កុលបុត្រក្នុង​លោកនេះ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់​បុគ្គល​ណាមួយ កុលបុត្រនោះ រមែងបានសេចក្តីសុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ អ្នកប្រកបដោយកាយកម្ម ឥតមានទោស ប្រកបដោយ​វចីកម្ម ឥតមានទោស ប្រកប​ដោយមនោកម្ម ឥតមានទោស អរិយសាវកនោះ រមែងបាន សុខ បានសោមនស្ស ដូច្នេះ​ថា អាត្មាអញ ប្រកបដោយកាយកម្ម ឥតមានទោសទេ ប្រកបដោយវចីកម្ម ឥតមាន​ទោសទេ ប្រកបដោយមនោកម្ម ឥតមានទោសទេ។ ម្នាល​គហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតី សេចក្តីសុខ ៤ យ៉ាងនេះឯង ដែល​គ្រហស្ថ​អ្នកបរិភោគកាម អាស្រ័យ​នូវកាលតាមកាល នូវសម័យ​តាម​សម័យ ហើយគប្បីបានសម្រេច ដោយប្រការ​ដូច្នេះ។

បុគ្គលដឹងនូវសុខ ដែលមិនមានបំណុលក្តី រលឹកឃើញ នូវសុខ ដែលមានភោគៈក្តី ពិចារណា​ឃើញនូវសុខ ដែលកំពុង​ប្រើប្រាស់​នូវ​ភោគៈ ដោយប្រាជ្ញាក្តី កាលពិចារណា​ឃើញច្បាស់ រមែងដឹង​នូវ​ចំណែកទាំងពីរ ដោយប្រាជ្ញាដ៏ប្រពៃថា សុខ (ទាំង ៣) នុ៎ះ មិន​ដល់​នូវចំណែកមួយ ក្នុងចំណែកទី ១៦ របស់អនវជ្ជសុខ​ឡើយ។

ព្រហ្មសូត្រ ទី៣

[៦៤] ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាព្រហ្ម ម្នាលភិក្ខុទាំងឡាយ មាតាបិតា​ទាំងឡាយ ដែលពួកបុត្រណា បូជាហើយ ក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកប​ដោយ​ឋានៈជាបុញ្វចារ្យ ម្នាលភិក្ខុទាំងឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈជាបុព្វទេព ម្នាលភិក្ខុ​ទាំង​ឡាយ មាតាបិតាទាំងឡាយ ដែលពួកបុត្រ​ណា បូជាហើយក្នុងផ្ទះ ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយឋានៈ​ជា​អាហុនេយ្យ​បុគ្គល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុញ្វចារ្យនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេពនុ៎ះ ជាឈ្មោះ​របស់មាតាបិតាទាំង​ឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យបុគ្គលនុ៎ះ ជាឈ្មោះ​របស់មាតាបិតា​ទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតាបិតា​ទាំងឡាយ មានឧបការៈច្រើន ជាអ្នករក្សា ជាអ្នកចិញ្ចឹម ជាអ្នក​បង្ហាញនូវ​លោកនេះ ដល់បុត្រទាំងឡាយ។

មាតាបិតាទាំងឡាយ ជាអ្នកអនុគ្រោះដល់ពួកបុត្រ ហៅថា​ជា​ព្រហ្មផង ហៅថា ជា​បុញ្វចារ្យ​ផង ជាអាហុនេយ្យបុគ្គលផង របស់បុត្រទាំងឡាយ។ ព្រោះហេតុដូច្នោះ បណ្ឌិត​គប្បីនមស្ការ ធ្វើសក្ការៈ ចំពោះមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក ការ​ដុស​ជំរះ ការផ្ងូតទឹក ការលាងជើង និងការបំរើ ចំពោះមាតាបិតាទាំងឡាយនោះ បណ្ឌិតទាំងឡាយ តែងសរសើរ បុគ្គលនោះ ក្នុងលោកនេះដោយពិត លុះលះលោក​នេះទៅ រមែងរីករាយក្នុងឋានសួគ៌។

និរយសូត្រ ទី៤

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងធ្លាក់​ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ គឺ​បុគ្គល​អ្នក​សម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ពោល​ពាក្យ​កុហក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ រមែងធ្លាក់ប្រូង ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។

ការសម្លាប់សត្វ ១ ការកាន់យករបស់ ដែលគេមិនបានឲ្យ ១ ការពោលមុសា ១ ការប្រព្រឹត្តិ​ខុស ក្នុងប្រពន្ធបុគ្គលដទៃ ១ បណ្ឌិតទាំងឡាយ រមែងមិនសរសើរទេ។

រូបសូត្រ ទី៥

[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលជ្រះថ្លាក្នុងរូប ឈ្មោះថា រូបប្បមាណ ១ ជ្រះថ្លាក្នុងសំឡេង ឈ្មោះថា ឃោសប្បមាណ ១ ជ្រះថ្លាក្នុងវត្ថុសៅហ្មង ឈ្មោះថា លូខប្បមាណ ១ ជ្រះថ្លាក្នុងធម៌ ឈ្មោះថា ធម្មប្បមាណ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែង​មាននៅ​ក្នុងលោក។

ជនទាំងឡាយណា រាប់អានដោយរូប និយមទៅតាមសំឡេង លុះក្នុងអំណាច នៃឆន្ទរាគ ជនទាំងនោះ ឈ្មោះថា មិនដឹង (តាមពិត) បុគ្គលពាល អ្នកមានធម៌ជា​គ្រឿងរារាំង​ដោយ​ជុំវិញ រមែងមិនដឹងនូវគុណខាងក្នុង ទាំងមិនឃើញ​សេចក្តីប្រតិបត្តិ​ខាង​ក្រៅ បុគ្គលពាល​នោះ រមែងអណ្តែត (ចិត្ត) ទៅតាមសំឡេង។ មួយទៀត បុគ្គលពាល មិនដឹងនូវ​គុណ​ខាងក្នុង តែឃើញច្បាស់ នូវ​សេចក្តីប្រតិបត្តិខាងក្រៅ បុគ្គលពាលនោះ ឈ្មោះថា ជាអ្នក​ឃើញផលខាងក្រៅ ជាប្រក្រតី រមែងអណ្តែត (ចិត្ត) ទៅតាម​សំឡេង។ ឯជនដឹងច្បាស់​នូវគុណខាងក្នុង ទាំងឃើញច្បាស់ នូវសេចក្តីប្រតិបត្តិជាខាងក្រៅ ជននោះ ឈ្មោះថា ជាអ្នក​ឃើញធម៌ ជាគ្រឿងប្រាសចាកនីវរណៈ ជាប្រក្រតី រមែងមិនអណ្តែត (ចិត្ត) ទៅតាម​សំឡេងឡើយ។

សរាគសូត្រ ទី៦

[៦៧]  ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលប្រកបដោយរាគៈ ១ ប្រកបដោយទោសៈ ១ ប្រកប​ដោយ​មោហៈ ១ ប្រកបដោយមានះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាន​នៅ​ក្នុងលោក។

ពួកសត្វ ឥតមានធម៌ ប្រកបដោយសេចក្តីត្រេកអរ ក្នុងអារម្មណ៍​គួរត្រេកត្រអាល រីករាយ ក្នុងរូបជាទីស្រឡាញ់ ជាប់ដោយមោហៈ ញុំាង​ចំណង (នៃមារ) ឲ្យចំរើន។ ពួកសត្វ អ្នកមិនដឹង​នូវហេតុ ដែលកើតអំពីរាគៈ កើតអំពីទោសៈ កើតអំពីមោហៈ រមែងធ្វើ​អកុសលកម្ម ប្រកបដោយទុក្ខ មានទុក្ខជាកម្រៃ ពួកសត្វត្រូវ​អវិជ្ជារួបរឹត ដូចជាខ្វាក់ ឥតចក្ខុ គឺបញ្ញា ទើបមិនសំគាល់​នូវ​អកុសលកម្មនោះថា យើងទាំងឡាយ នឹងមានសភាព ប្រព្រឹត្តទៅ​តាម​ធម៌ទាំងឡាយយ៉ាងនេះ មិនខាន។

អហិរាជសូត្រ ទី៧

[៦៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ក្រុងសាវត្ថី មានភិក្ខុមួយរូប ត្រូវពស់ចឹក ធ្វើមរណកាលទៅ។ លំដាប់នោះ ភិក្ខុជាច្រើន ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងសាវត្ថីនេះ មានភិក្ខុមួយរូប ត្រូវ​ពស់ចឹក ធ្វើមរណកាល​ទៅ។ ម្នាលភិក្ខុទាំងឡាយ ពិតដូច្នោះមែន ព្រោះថា ភិក្ខុនោះ មិន​ផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ ទាំង៤ពួក ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើ​ភិក្ខុ​នោះ ផ្សាយចិត្ត​មេត្តា ចំពោះត្រកូលស្តេចពស់ ទាំង៤ពួក ម្នាលភិក្ខុទាំងឡាយ ពស់​មិន​គប្បី​ចឹកភិក្ខុនោះ​ឲ្យស្លាប់ទៅទេ។ ត្រកូលស្តេចពស់ ៤ ពួក ដូចម្តេចខ្លះ។ គឺ​ត្រកូលស្តេចពស់ ឈ្មោះ វិរូបក្ខៈ ១ ត្រកូលស្តេចពស់ឈ្មោះ ឯរាបថៈ ១ ត្រកូលស្តេចពស់ ឈ្មោះ ឆព្យាបុត្តៈ ១ ត្រកូល​ស្តេចពស់ឈ្មោះ កណ្ហាគោតមកៈ ១។ ម្នាលភិក្ខុទាំងឡាយ ពិតដូច្នោះមែន ព្រោះថា ភិក្ខុនោះ មិនផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេចពស់ ទាំង ៤ ពួកនេះ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុនោះ ផ្សាយចិត្តមេត្តា ចំពោះត្រកូលស្តេច​ពស់​ទាំង ៤ ពួកនេះ ម្នាលភិក្ខុទាំងឡាយ ពស់មិនហ៊ានចឹកភិក្ខុនោះឲ្យស្លាប់ទេ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ដើម្បីឲ្យផ្សាយចិត្តមេត្តា ចំពោះត្រកូលសេ្តចពស់ ទាំង ៤ ពួកនេះ ដើម្បី​គ្រប់គ្រងខ្លួន រក្សាខ្លួន ការពារខ្លួន។

ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូល​ស្តេច​ពស់​ឈ្មោះវិរូបក្ខៈទាំង​ឡាយ​ផង ភាវៈជាមិត្រ របស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេចពស់ ឈ្មោះ​ឯរាបថៈទាំងឡាយផង ភាវៈ​ជា​មិត្រ​របស់អាត្មាអញ (ចូរមាន) ជាមួយនឹងត្រកូលស្តេច​ពស់​ ឈ្មោះឆព្យាបុត្តៈទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរ​មាន) ជាមួយនឹង​ត្រកូល​ស្តេចពស់ ឈ្មោះកណ្ហាគោតមកៈទាំង​ឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយនឹងសត្វ​ឥត​ជើងទាំងឡាយផង ភាវៈជាមិត្ររបស់អាត្មាអញ (ចូរមាន) ជាមួយ​នឹងសត្វមានជើងពីរទាំងឡាយផង ភាវៈជាមិត្រ របស់​អាត្មាអញ (ចូរមាន) ជាមួយ​នឹងសត្វជើង ៤ ទាំងឡាយផង ភាវៈជា មិត្រ​របស់អាត្មាអញ (ចូរមាន) ជាមួយនឹង​សត្វ​មានជើងច្រើន​ទាំងឡាយផង។ សត្វឥតជើង កុំបៀតបៀនអាត្មាអញ សត្វជើងពីរ កុំបៀត​បៀនអាត្មាអញ សត្វជើង ៤ កុំបៀតបៀនអាត្មាអញ សត្វជើងច្រើន កុំបៀតបៀន​អាត្មាអញ​ឡើយ។ សព្វសត្វទាំង​ឡាយផង សព្វប្រាណទាំងឡាយផង សព្វភូត​ទាំងឡាយ​ផង ទាំងអស់គ្នា សត្វទាំងអស់ (នោះ) ចូរប្រទះ នូវសេចក្តីចំរើនទាំង​ឡាយ សេចក្តី​អាក្រក់បន្តិចបន្តួច កុំមកឡើយ។

ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមាន​គុណ​ប្រមាណ​មិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីង​ពាង តុកកែ កណ្តុរ សុទ្ធតែមានប្រមាណ (រាប់បាន) គឺថា មិនច្រើន​ដូចគុណ​ព្រះរត្នត្រ័យទេ។ កិរិយា​រក្សា ខ្ញុំបានធ្វើហើយ កិរិយាការពារ ខ្ញុំបានធ្វើហើយ ពួកសត្វចូរចៀសទៅ ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ សូម​នមស្ការ​ព្រះសម្មាសម្ពុទ្ធ ទាំង ៧ ព្រះអង្គ។

ទេវទត្តសូត្រ ទី៨

[៦៩] សម័យមួយ​ ព្រះមានព្រះភាគ ស្តេចគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ កាល​ទេវទត្តភិក្ខុ ចេញទៅមិនយូរប៉ុន្មាន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ប្រារព្ធ​ទេវទត្ត​ភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើម ចេក​តែបញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម តែបញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាស​យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី​សំឡាប់​ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី​សេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឫស្សី បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញេ្ចញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូចគ្នាដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូចជាដើមបបុស បញ្ចេញផ្លែមក ដើម្បីសំឡាប់ដើម បញ្ចេញផ្លែមក ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់​ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏ដូចគ្នាដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេសេះអស្សតរ តែចាប់មានផ្ទៃឡើង ដើម្បីសំឡាប់ខ្លួន តែចាប់មានផ្ទៃឡើង ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏ដូចគ្នាដែរ។

ផ្លែចេក រមែងសំឡាប់ដើមចេក ផ្លែឫស្សី រមែងសំឡាប់ដើមឫស្សី ផ្លែបបុស រមែងសំឡាប់​ដើមបបុស សក្ការៈ រមែងសំឡាប់បុរស​អាក្រក់ ដូចជាគភ៌ រមែងសំឡាប់មេសេះអស្សតរ។

បធានសូត្រ ទី៩

[៧០] ម្នាលភិក្ខុទាំងឡាយ បធាន (សេចក្តីព្យាយាម) នេះ មាន ៤ យ៉ាង។ បធាន ៤ យ៉ាង ដូចម្តេចខ្លះ។ សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះសំវរប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ញុំាង​អកុសល​ធម៌​ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន ។ ម្នាលភិក្ខុទាំងឡាយ ចុះបហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​លះបង់​អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បហានប្បធាន។ ម្នាលភិក្ខុទាំងឡាយ ចុះភាវនាបធាន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា ភាវនាបធាន។ ម្នាលភិក្ខុទាំងឡាយ អនុរក្ខនាបធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បណ្តុះឆន្ទៈ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ដើម្បីឲ្យឋិតនៅ មិនឲ្យ​ភ្លេចភ្លាំងទៅ ឲ្យចំរើនពេញលេញ ធំទូលាយ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុរក្ខនាបធាន។ ម្នាល​ភិក្ខុ​ទាំងឡាយ បធាន មាន ៤ យ៉ាងនេះឯង។

សំវរប្បធាន ១ បហានប្បធាន ១ ភាវនាបធាន ១ អនុរក្ខនាបធាន ១ បធាន ទាំង៤នុ៎ះ ព្រះពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ ទ្រង់សំដែង​ហើយ ជាហេតុឲ្យភិក្ខុក្នុងសាសនានេះ ជាអ្នកមានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស គប្បីដល់នូវការអស់ទៅ នៃទុក្ខបាន។

អធម្មិកសូត្រ ទី១០

[៧១] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏មិនប្រកបដោយធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កាល​ពួក​អ្នករាជការ មិន​ប្រកប​ដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏មិន​ប្រកប​ដោយ​ធម៌ដែរ កាលពួកព្រាហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកប​ដោយ​ធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យ គោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរទៅមិនស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅ​មិន​ស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាល​ខែ និងកន្លះខែ ប្រព្រឹត្តទៅមិនស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ កាលខ្យល់បក់មិនស្មើ ខ្យល់បក់ខុសផ្លូវ​ទាំង​ឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ កាលខ្យល់​បក់​ខុសផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតា​ទាំងឡាយ ខឹងសម្បា កាលទេវតា​ទាំង​ឡាយ ខឹងសម្បា ភ្លៀង ក៏មិនបង្អុរ​ទឹក​ភ្លៀង​ចុះមកដោយប្រពៃ កាលភ្លៀងមិនបង្អុរ​ទឹក​ភ្លៀង​​ចុះមក ដោយប្រពៃ ស្រូវទាំងឡាយ ក៏ឲ្យផលមិនស្មើល្អ ម្នាលភិក្ខុទាំងឡាយ ពួក​មនុស្ស កាលបរិភោគស្រូវឲ្យផលមិនស្មើ រមែង​មានអាយុខ្លី មានសម្បុរអាក្រក់ មាន​កំឡាំង​តិច មានអាពាធច្រើន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យណា ពួកព្រះរាជា ប្រកប​ដោយ​ធម៌ សម័យនោះ ពួកខ្ញុំរាជការ ក៏ប្រកបដោយធម៌ដែរ កាលបើពួកខ្ញុំរាជការ ប្រកប​ដោយ​ធម៌ ក្នុងសម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏ប្រកបដោយធម៌ដែរ កាលពួក​ព្រាហ្មណ៍ និងគហបតី ប្រកបដោយធម៌ ក្នុងសម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ ក៏ប្រកប​ដោយធម៌ដែរ កាលបើពួកអ្នកនិគម និងអ្នកជនបទ ប្រកបដោយធម៌ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏គោចរ​ទៅស្មើដែរ កាលព្រះចន្រ្ទ និងព្រះអាទិត្យគោចរទៅស្មើ ពួកផ្កាយ​នក្ខត្តឫក្ស ក៏គោចរ​ទៅ​ស្មើដែរ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅស្មើ យប់ និងថ្ងៃ ក៏ប្រព្រឹត្តទៅស្មើដែរ កាលយប់ និងថ្ងៃ ប្រព្រឹត្តទៅស្មើ ខែ និងកន្លះខែ ក៏ប្រព្រឹត្តទៅស្មើដែរ កាលខែ និងកន្លះខែ ប្រព្រឹត្តទៅស្មើ រដូវ និងឆ្នាំ ក៏ប្រព្រឹត្តទៅស្មើដែរ កាលរដូវ និងឆ្នាំ ប្រព្រឹត្ត​ទៅ​ស្មើ ខ្យល់ក៏បក់ស្មើដែរ កាលខ្យល់បក់ទៅស្មើ ផ្លូវខ្យល់ទាំងឡាយ ក៏ប្រព្រឹត្តទៅ​បានស្មើ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតា ក៏មិនខឹងសម្បា កាលពួកទេវតា មិនខឹង សម្បា ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមក ដោយប្រពៃ កាលភ្លៀងបង្អុរទឹកភ្លៀង ចុះមក​ដោយ​ប្រពៃ ស្រូវក៏ឲ្យផលស្មើល្អ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ កាលបរិភោគ​ស្រូវ ដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកំឡាំង ព្រម​ទាំង​មាន​អាពាធតិច។

បើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូងនាំទៅកាន់ផ្លូវខុសកំពង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវខុសកំពង់ ពួកគោទាំងអស់នោះ ក៏នាំគ្នាទៅកាន់ផ្លូវខុសកំពង់ដែរ មាន​ឧបមា​យ៉ាង​ណា ក្នុងពួក​មនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តមិនត្រូវតាមធម៌ និងបាច់និយាយទៅថ្វី ដល់ប្រជាជន​ដទៃឡើយ បើ​ព្រះរាជាមិនប្រកបដោយធម៌ រាស្រ្ត ទាំងអស់ រមែងដេកកើតទុក្ខ។ កាលបើគោទាំងឡាយ កំពុងឆ្លងទៅ គោមេហ្វូង នាំទៅកាន់ផ្លូវត្រង់ កាលបើគោមេហ្វូង នាំទៅកាន់ផ្លូវ​ត្រង់ គោ​ទាំងអស់នោះ រមែងទៅកាន់ផ្លូវត្រង់ដែរ មានឧបមា​យ៉ាង​ណា ក្នុងពួកមនុស្ស ក៏ដូច្នោះដែរ អ្នកណាដែលគេសន្មតថា ប្រសើរជាងគេ បើអ្នកនោះ ប្រព្រឹត្តតាមធម៌ និងបាច់និយាយ​ទៅថ្វី ដល់​ប្រជាជនដទៃ បើព្រះរាជាប្រកបដោយធម៌ រាស្រ្តទាំងអស់ រមែង​ដេកនៅជា​សុខ។

ចប់ បត្តកម្មវគ្គ ទី២។

ឧទ្ទាននៃបត្តកម្មវគ្គនោះគឺ

និយាយអំពីកម្មដ៏គួរ ១ អំពីសេចក្តីសុខ មានការមិនជំពាក់​បំណុល​ជាដើម ១ អំពីត្រកូល​ប្រកប​ដោយឋានៈជាព្រហ្មជាដើម ១ អំពីបុគ្គល​ធ្លាក់ទៅក្នុងនរក ១ អំពីរូបប្បមាណ​បុគ្គល ជាដើម ជា​គំរប់ប្រាំ ១ អំពីបុគ្គលប្រកបដោយរាគៈ ជាដើម ១ អំពីពស់ចឹកភិក្ខុ ១ អំពីទេវទត្ត ១ អំពីបធានបួន ១ អំពីអធម្មិករាជ ១។

អបណ្ណកវគ្គ

បធានសូត្រ ទី១

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ជាអ្នកប្រតិបត្តិ ចំពោះអបណ្ណកប្បដិបទា គឺប្រតិបត្តិមិនខុសផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយផង។ ធម៌  ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ១ ជាអ្នកចេះដឹងច្រើន ១ ជាអ្នកមាន​ព្យាយាម​ប្រារព្ធ ១ ជាអ្នកមានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់​ទៅនៃអាសវៈទាំងឡាយផង។

សម្មាទិដ្ឋិសូត្រ ទី២

[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា ប្រតិបត្តិ នូវ​អបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈ​ទាំងឡាយផង។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សេចក្តីត្រិះរិះ ក្នុងការចេញចាកកាម ១ សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ ១ សេចក្តីត្រិះរិះ ក្នុងការមិនបៀតបៀន ១ សេចក្តី​ឃើញ​ត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ជា​អ្នក​ប្រតិបត្តិ នូវអបណ្ណកប្បដិបទាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកប្រារព្ធហេតុ ដើម្បីអស់ទៅ នៃអាសវៈ​ទាំងឡាយផង។

សប្បុរិសសូត្រ ទី៣

[៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ អ្នក​ប្រាជ្ញ​គប្បី​ដឹង​ថា​ ជា​អសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់​បុគ្គល​ដទៃ អសប្បុរសក្នុងលោកនេះ ទុកជាគេមិនសួរ ក៏​ប្រាប់​រឿង​នោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ តែថា​អសប្បុរស ដែល​គេសួរ គេនាំមកដើម្បី​ចោទសួរ ក៏ពោលទោសរបស់បុគ្គលដទៃ ដោយពិស្តារពេញទី មិន​ចេះអស់ មិនចេះ​ហើយ​ទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ បុគ្គលដទៃ អសប្បុរស ទុកជាមាន​គេសាកសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹង​បាច់ពោលទៅថ្វី ដល់រឿងដែល​គេមិនសួរ។ តែថា​អសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ​របស់​បុគ្គលដទៃ ដោយសេចក្តីមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹង​ដំណើរ​នុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំង​ឡាយ មួយទៀត រឿងណា ជាទោស​របស់ខ្លួន អសប្បុរស ទុកជាមានគេសួរ ក៏មិនប្រាប់​រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់​ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ តែថា អសប្បុរស ដែលគេសួរ គេនាំមកដើម្បី​ចោទសួរ ក៏ពោលទោសរបស់ខ្លួន មិនដោយ​សេចក្តី​ពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ​គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជា​អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ខ្លួន អសប្បុរស ទុកជា​មិនមានគេសួររឿងនោះ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹង​បាច់​ពោល​ទៅ​ថ្វី​ ដល់រឿងដែលគេសួរ។ តែថា អសប្បុរស​ដែល​គេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណរបស់ខ្លួន ឲ្យពិស្តារ ឲ្យពេញលេញ មិនឲ្យ​អស់ មិនឲ្យហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជា​អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញ​គប្បីដឹងថា​ជា​អសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ (ដោយឡែកទៀត) អ្នកប្រាជ្ញគប្បីដឹងថា ជាសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ រឿងណា ជាទោសរបស់បុគ្គលដទៃ សប្បុរសក្នុងលោកនេះ បើទុក​ជា​មាន​គេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងពោលទៅថ្វី ដល់រឿងដែល​គេមិនសួរ។ ចំណែកខាងសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់បុគ្គលដទៃ ដោយមិនពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត រឿងណា ដែលជាគុណ របស់បុគ្គលដទៃ សប្បុរស ទុកជាគេមិនសួរ ក៏ប្រាប់​រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ ចំណែកខាង​សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់បុគ្គលដទៃ ឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹង​ដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត រឿងណា ជាទោស​របស់ខ្លួន សប្បុរសទុកជាគេមិនសួរ ក៏ប្រាប់ រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោល​ទៅថ្វី ដល់រឿងដែលគេសួរ។ មួយទៀត សប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោស របស់ខ្លួនឲ្យពិស្តារ ឲ្យពេញលេញ មិនចេះអស់ មិនចេះហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំង​ឡាយ ចំណែកខាងឯរឿងណា ជាគុណរបស់ខ្លួន សប្បុរស ទុកជាគេសួរ ក៏មិនប្រាប់​រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ មួយវិញ​ទៀត សប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណ របស់ខ្លួនដោយ​សេចក្តីមិន​ពិស្តារ មិនឲ្យពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ គប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រ្តី​មាន​គូ​ស្រករ ដែលគេនាំមក ក្នុងវេលាយប់ណា ឬថ្ងៃណា វេលានោះ ស្រ្តីនោះ ក៏តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកម្តាយកេ្មកផង ឪពុកកេ្មកផង ប្តីផង ដោយហោចទៅ សូម្បីចំពោះពួក​បុរស ជាទាសកម្មករ សម័យក្រោយមក ស្រ្តីនោះ អាស្រ័យការ​នៅ​រួម​សំវាស​ហើយ និយាយយ៉ាងនេះ នឹងម្តាយកេ្មក ឪពុកកេ្មក និងប្តីថា សូមអ្នកទាំងឡាយ ចៀស​ចេញទៅ  សូមអ្នកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ មានឧបមាយ៉ាងណា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ក៏មានឧបមេយ្យ ដូច្នោះដែរ គឺបានចេញ​ចាកផ្ទះ ចូលកាន់ផ្នួស ក្នុងពេលយប់ ឬថ្ងៃណាហើយ វេលានោះ ភិក្ខុនោះ តាំងហិរិ និងឱត្តប្បៈ ដ៏មាំមួន ទៅរកពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដោយហោចទៅ សូម្បីពួក​អារាមិកជន គឺអ្នកធ្វើការក្នុងអារាម និងសមណុទ្ទេស (សាមណេរ) សម័យក្រោយមក ភិក្ខុនោះ អាស្រ័យការនៅរួបរួមគ្នា ទើបនិយាយ យ៉ាងនេះ នឹងអាចារ្យខ្លះ ឧបជ្ឈាយ៍ខ្លះ ថា សូមលោកទាំងឡាយ ចៀសចេញទៅ សូមលោកទាំងឡាយ ដឹងការងារអ្វី ៗ ចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងមានចិត្តស្មើ ដូចជាស្រ្តី​មាន​គូស្រករ ដែលទើបមកដល់ថ្មី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាង​នេះចុះ។

បឋមអគ្គសូត្រ ទី៤

[៧៥] ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះ មាន ៤ ប្រការ។ ការប្រសើរមាន ៤ ប្រការ ដូចម្តេចខ្លះ។ គឺ សីលប្រសើរ ១ សមាធិប្រសើរ ១ បញ្ញាប្រសើរ ១ វិមុត្តិប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ មាន ៤ ប្រការ នេះឯង។

ទុតិយអគ្គសូត្រទី៥

[៧៦] ម្នាលភិក្ខុទាំងឡាយ ការប្រសើរនេះ មាន ៤ ប្រការ។ ការប្រសើរ មាន ៤ ប្រការ ដូចម្តេចខ្លះ។ គឺរូបប្រសើរ ១ វេទនាប្រសើរ ១ សញ្ញាប្រសើរ ១ ភពប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ការប្រសើរ ៤ យ៉ាងនេះឯង។

កុសិនារសូត្រ ទី៦

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅនាចន្លោះដើមសាល​ព្រឹក្ស​ទាំងគូ ក្នុងសាលវន នៃស្តេចមល្លៈទាំងឡាយ ជាទីបត់ចូលទៅក្នុងក្រុង ជិតនគរកុសិនារា ក្នុង​សម័យជិតបរិនិញ្វន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទូលព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះ​ដ៏​មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តី​រង្កៀស​ចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំឲ្យ​មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្រោយថា ព្រះសាស្តារបស់យើង គង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបាន​ទូលសួរ​ព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ កាល​ព្រះដ៏មានព្រះភាគ ត្រាស់​យ៉ាងនេះ​ហើយ ពួកភិក្ខុទាំងនោះ ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ត្រាស់នឹង​ពួកភិក្ខុ ជាគំរប់ពីរ​ដងទៀត … ព្រះដ៏មានព្រះភាគ ត្រាស់នឹងពួកភិក្ខុ ជាគំរប់ ៣ ដងទៀតថា ម្នាលភិក្ខុទាំង​ឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំមាន​សេចក្តីក្តៅក្រហាយ ស្តាយក្រោយថា ព្រះសាស្តារបស់យើង គង់​នៅ​ក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ ភិក្ខុ​ទាំងនោះ នៅស្ងៀមអស់វារៈ ជាគំរប់ ៣ ដងទៀត។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនហ៊ានសួរ ព្រោះមាន​សេចក្តី​គោរព ក្នុងព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុជាសំឡាញ់ ចូរប្រាប់ភិក្ខុជា​សំឡាញ់​ផងគ្នាចុះ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះ ក៏នៅ​ស្ងៀម។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដោយ​ពាក្យដូច្នេះថា អស្ចារ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុនេះ ដោយប្រការ​យ៉ាងនេះ។ សេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួក​ភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។ ម្នាលអានន្ទ អ្នកពោលតាម​សេចក្តី​ជ្រះថ្លាពិត ម្នាលអានន្ទ តថាគត ក៏មាន​សេចក្តីដឹង ក្នុងដំណើរ​នោះ​ដែរថា សេចក្តីសង្ស័យ ឬរង្កៀស​ចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង ៥០០ រូបនេះ ភិក្ខុណា ដែលមានគុណជាន់ទាបជាងគេ ភិក្ខុនោះ គង់​ជា​សោតាបន្នៈ មិនធ្លាក់ចុះ​ទៅក្នុង​អបាយទេ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្ត​ទៅខាងមុខ។

អចិន្តេយ្យសូត្រ ទី៧

[៧៨] ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយ (ហេតុដែលមិនគួរគិត) នេះ មាន ៤ ប្រការ ដែល​បុគ្គលមិនគួរគិតទេ តែអ្នកណាគិត អ្នកនោះ គប្បី​បាន​នូវ​ចំណែក នៃសេចក្តីឆ្កួត និង​សេចក្តីលំបាក។ អចិន្រ្តៃយ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវិស័យ របស់​ព្រះពុទ្ធទាំងឡាយ ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាន​នូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ ឈាន​វិស័យ របស់បុគ្គលអ្នកបានឈាន ជាអចិន្រ្តៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ បាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ វិបាក​របស់កម្ម ជាអចិន្ត្រៃយ ដែលបុគ្គលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាន​នូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ១ ម្នាលភិក្ខុទាំងឡាយ លោកចិន្តា [គិតថា​ព្រះចន្ទ្រ ព្រះអាទិត្យ ផែនដី មហាសមុទ្រ អ្នកណាសាងពួកសត្វ និងភ្នំ និង​ព្រៃព្រឹក្សា មានដើមស្វាយ ដើមចេក និងដើមដូង ជាដើម អ្នកណាបង្កើតជាដំបូង គំនិតយ៉ាងនេះ ហៅថា លោកចិន្តា។ អដ្ឋកថា។] (ការគិតអំពីលោក) ជាអចិន្ត្រៃយ ដែល​បុគ្គល​មិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាន​នូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តី​លំបាកទទេ ១។ ម្នាលភិក្ខុទាំងឡាយ អចិន្ត្រៃយ មាន ៤ ប្រការប៉ុណ្ណេះ ដែលមិនគួរគិត តែអ្នកណាគិត អ្នកនោះ គប្បីបាននូវចំណែក នៃសេចក្តីឆ្កួត និងសេចក្តីលំបាកទទេ ៗ។

ទក្ខិណសូត្រ ទី៨

[៧៩] ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ (សេចក្តីបរិសុទ្ធនៃទក្ខិណាទាន) នេះ មាន ៤ ប្រការ។ ទក្ខិណាវិសុទ្ធិ ៤ ប្រការ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពី​ទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពី​បដិគ្គាហកៈ មិនបរិសុទ្ធ អំពីទាយក ក៏មាន ១ ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិន​បរិសុទ្ធ អំពីបដិគ្គាហកៈ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ ទក្ខិណា បរិសុទ្ធអំពី​ទាយក​ផង បរិសុទ្ធអំពីបដិគ្គាហកៈផង ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយក​ក្នុង​សាសនា​នេះ មាន​សីល មានកល្យាណធម៌ តែបដិគ្គាហកៈ ជាអ្នកទ្រុស្តសីល មានបាប​ធម៌។ ម្នាលភិក្ខុទាំង​ឡាយ យ៉ាងនេះ ឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីទាយក មិន​បរិសុទ្ធអំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធអំពីទាយក តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ តែបដិគ្គាហកៈ ជាអ្នកមានសីល មានកល្យាណធម៌។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ​ឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីបដិគ្គាហកៈ មិនបរិសុទ្ធ​អំពីទាយក។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិន​បរិសុទ្ធអំពីបដិគ្គាហកៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ទាយកក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ទាំងបដិគ្គាហកៈ ក៏ជាអ្នកទ្រុស្តសីល មានបាបធម៌ដែរ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធ​អំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយកផង អំពី​បដិគ្គាហកៈ​ផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុង​សាសនានេះ ជាអ្នកមាន សីល មានកល្យាណធម៌ បដិគ្គាហកៈ ក៏ជាអ្នកមានសីល មានកល្យាណធម៌ដូចគ្នា។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា បរិសុទ្ធអំពី​ទាយកផង អំពីបដិគ្គាហកៈផង។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ មាន ៤ ប្រការប៉ុណ្ណេះឯង។

វណិជ្ជសូត្រ ទី៩

[៨០] គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្រដ៏មាន​អាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកប​ទៅហើយ មានតែខាតទុន ជាប្រក្រតី បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មិនបានចំណេញដូចបំណង បពិត្រព្រះអង្គដ៏ចំរើន ហេតុដូច ម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់​បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មានចំណេញដូចបំណង បពិត្រ​ព្រះអង្គដ៏ចំរើន ចុះ​ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ បានចំណេញលើសបំណង។ ម្នាល​សារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបវារណា​ថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់ (សុំ) ដោយបច្ច័យចុះ បុគ្គលនោះ បវារណា​ដោយបច្ច័យណាមែន តែមិនឲ្យបច្ច័យនោះទេ បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ មកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបការជំនួញណា ជំនួញរបស់បុគ្គលនោះ រមែង​ខាត​ទុនទៅ ជាប្រក្រតី។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរ​ប្រាប់​ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយបច្ច័យណាមែន តែឲ្យបច្ច័យនោះ មិនតាម​បំណងទេ បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ មកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបការជំនួញណា ជំនួញរបស់បុគ្គលនោះ មិនមានចំណេញដូចបំណង។ ម្នាល​សារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយ​បវារណាថា បពិត្រលោកដ៏ចំរើន លោក​ចូរប្រាប់ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយបច្ច័យណា ក៏ឲ្យបច្ច័យនោះ តាមបំណងមែន បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ បានមកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកបជំនួញណា ជំនួញរបស់បុគ្គលនោះ រមែង​មាន​ចំណេញ​ដូច​បំណង។ ម្នាលសារីបុត្រ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយបវារណាថា បពិត្រលោកដ៏ចំរើន លោកចូរប្រាប់​ដោយបច្ច័យចុះ បុគ្គលនោះ បវារណា ដោយ​បច្ច័យណា ក៏ឲ្យបច្ច័យនោះលើសបវារណា បុគ្គលនោះ បើច្យុតអំពីលោកនោះទៅ បានមកកើតក្នុងលោកនេះ បុគ្គលនោះ ប្រកប​ជំនួញណា ជំនួញរបស់បុគ្គលនោះ រមែងមានចំណេញលើសបំណង។ ម្នាលសារីបុត្រ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែល​ខ្លួន​ប្រកបទៅហើយ មានតែខាតទុន ជាប្រក្រតី ១ ម្នាលសារីបុត្រ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួនប្រកបទៅហើយ មិនមានចំណេញដូចបំណង ១ ម្នាលសារីបុត្រ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ​ជំនួញ​បែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួន​ប្រកបទៅហើយ បាន​ចំណេញដូចបំណង ១ ម្នាលសារីបុត្រ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំ​ឲ្យជំនួញបែបនោះ របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលខ្លួន​ប្រកបទៅហើយ មាន​ចំណេញ​លើសបំណង ១។

កម្ពោជសូត្រ ទី១០

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងឃោសិតារាម ទៀប​ក្រុង​កោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែល​នាំ​ឲ្យ​មាតុគ្រាម មិនបាន​អង្គុយក្នុងសភា មិនបានប្រកបការងារ (ធំ ៗ) មិនសម្រេច នូវភោគ​សម្បត្តិ ដែលកើត​អំពីការងារបាន។ ម្នាលអានន្ទ មាតុគ្រាមហៃក្រោធ មា្នលអានន្ទ មាតុគ្រាមហៃឫស្សា មា្នលអានន្ទ មាតុគ្រាមហៃកំណាញ់ ម្នាលអានន្ទ មាតុគ្រាម​អប្បប្រាជ្ញា។ ម្នាលអានន្ទ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមាតុគ្រាម មិន​បាន​ចូល​ទៅ​អង្គុយក្នុងសភា មិនបាន​ប្រកបការងារ (ធំ ៗ) មិនសម្រេចនូវភោគសម្បត្តិ ដែល​កើត​អំពីការងារបាន។

ចប់ អបណ្ណកវគ្គ ទី៣។

ឧទ្ទាននៃអបណ្ណកវគ្គនោះគឺ

ពោលអំពីអបណ្ណកប្បដិបទា មានសេចក្តីព្យាយាម ជាដើម ១ អំពី​អបណ្ណកប្បដិបទា មាន​សម្មាទិដ្ឋិជាដើម ១ អំពីអសប្បុរស ១ អំពី​សប្បុរស ១ អំពីភិក្ខុមានហរិឱត្តប្បៈ មានសេចក្តី​ប្រៀប​ដូចស្រ្តីមាន​គូស្រករ ១ អំពីការប្រសើរ មានពីរលើក ១ អំពីព្រះដ៏មានព្រះភាគ​ គង់​ទៀបក្រុងកុសិនារា ១ អំពីអចិន្ត្រៃយ ១ អំពីទក្ខិណាវិសុទ្ធិ ១ អំពីជំនួញ ១ អំពីមាតុគ្រាម មិនសម្រេចនូវភោគសម្បត្តិ ដែលកើត​អំពីការងារជាដើម ១ ទើបហៅថា អបណ្ណកវគ្គ។

មចលវគ្គ

បាណាតិបាតសូត្រ ទី១

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នក​សម្លាប់​សត្វ​មានជីវិត ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ និយាយ​ពាក្យកុហក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកប​ដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាក​អទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅ​ដាក់។

មុសាវាទសូត្រ ទី២

[៨៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជា​អ្នក​និយាយ​ពាក្យ​កុហក ១ និយាយពាក្យញុះញង់ ១ និយាយពាក្យអាក្រក់ ១ ពោលពាក្យឥត​ប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងធ្លាក់​ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកវៀរចាកមុសាវាទ ១ វៀរចាកបិសុណាវាចា ១ វៀរចាកផរុសវាចា ១ វៀរចាកសម្ផប្បលាបៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

អវណ្ណារហសូត្រ ទី៣

[៨៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គល​មិន​ពិនិត្យ​មើល មិនស្ទង់មើល (ជាមុន) ហើយពោលសរសើរបុគ្គល ដែលគួរតិះដៀល ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលមិន​គួរ​ជ្រះថ្លា ១ មិនពិនិត្យមើល មិនស្ទង់មើល (ជាមុន) ហើយបណ្តុះសេចក្តី​មិនជ្រះថ្លា ក្នុងទីដែល​គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែង​ធ្លាក់​ប្រូង​ទៅ​ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលបានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោល​ទោស ចំពោះ​បុគ្គល ដែលប្រកបដោយទោស ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលគុណ ចំពោះបុគ្គល ដែលប្រកបដោយគុណ ១ បានពិនិត្យមើល បានស្ទង់មើល​រួចហើយ ទើបបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិនិត្យមើល បាន​ស្ទង់​មើលរួចហើយ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំ​យក​ទៅដាក់។

កោធគរុសូត្រ ទី៤

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គល​ជាអ្នក​ធ្ងន់​ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់​ក្នុង​ព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់​ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់​ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកប​ដោយ​ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គល ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់​ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅ​ដាក់។

តមោតមសូត្រ ទី៥

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត ១ បុគ្គលងងឹត មាន​ពន្លឺ​ទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ ១ បុគ្គលភ្លឺ មានពន្លឺទៅ​ខាង​មុខទៀត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺ ត្រកូល​ចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូល​អ្នក​ចោល​សម្រាម ឬត្រកូលកំសត់ ដែលមានបាយ ទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹម​ជីវិត​បាន​ដោយលំបាក ដែលជាត្រកូលរកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បាន​ដោយត្រដាបត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជា​មនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនសូវបានបាយទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយ​ចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងងឹត មានងងឹតទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត តែមានពន្លឺទៅខាងមុខ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នក​ត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូល​កំសត់ ដែលមានបាយទឹក និងភោជនតិច ប្រព្រឹត្តចិញ្ចឹមជីវិតបានដោយលំបាក ជាត្រកូល​រកអាហារសម្រាប់បរិភោគ និងសំពត់សម្រាប់បិទបាំង បានដោយត្រដាប ត្រដួស។ បុគ្គលនោះ ជាអ្នកមានសម្បុរអាក្រក់ មានរូបឆោមអាក្រក់ ជាមនុស្សតឿ មានអាពាធ​ច្រើន ខ្វាក់ ក្ងែង ខ្ចក ឬខ្វិន ជាអ្នកមិនសូវបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត​ដោយចិត្ត លុះបុគ្គល​នោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុង​សុគតិសួគ៌ទេវលោក។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលងងឹត តែមានពន្លឺទៅខាងមុខយ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ភ្លឺ តែមានងងឹតទៅខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូល ខត្តិយ មហាសាល ឬត្រកូលព្រាហ្មណ៍មហាសាល និងត្រកូលគហបតិមហាសាល ដែល​ជា​ត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿង​ប្រើប្រាស់​ច្រើន មានមាសប្រាក់ច្រើន មាន​គ្រឿងឧបករណ៍ជាទីតេ្រកអរច្រើន មានស្រូវ​ជា​ទ្រព្យច្រើន បុគ្គលនោះ រមែងមានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកប​ដោយរូបឆោមល្អក្រៃលែង ​ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គល​នោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលភ្លឺ តែមានងងឹតទៅខាងមុខ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង​ឡាយ ចុះបុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូល​ព្រាហ្មណមហាសាល និងត្រកូលគហបតិមហាសាល ដែលជាត្រកូលស្តុកស្តម្ភ មាន​ទ្រព្យ​ច្រើន មានគ្រឿងប្រើ​ប្រាស់​ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានស្រូវ​ជា​ទ្រព្យច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួរពិតពិល​រមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយរូបឆោម ល្អក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង ក្រអូប គ្រឿងលាបផ្សេង ៗ ទីដេក ផ្ទះសំណាក់ និងគ្រឿងប្រទីប ជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្ត​សុចរិតដោយចិត្ត លុះបុគ្គល​នោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្ត​សុចរិត ដោយ​ចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត ក្នុងសុគតិ​សួគ៌ ទេវលោក។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលភ្លឺ មានពន្លឺ ទៅខាងមុខទៀត យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។

ឱណតោណតសូត្រ ទី៦

[៨៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលទាប កាន់តែទាបទៅ ១ បុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ ១ បុគ្គលខ្ពស់ ត្រឡប់មកជាទាបវិញ ១ បុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលទាប កាន់តែទាបទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។បេ។ បុគ្គលនោះ តែងប្រព្រឹត្ត​ទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាប កាន់តែទាបទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលទាប ត្រឡប់ទៅជាខ្ពស់វិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល។បេ។ បុគ្គលនោះ ប្រព្រឹត្ត​សុចរិត​ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្ត​សុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ លុះបែក​ធ្លាយរាងកាយ ស្លាប់ទៅ តែងទៅ​កើតក្នុងសុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលទាប ត្រឡប់ជាខ្ពស់វិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ពស់ ត្រឡប់​មកជាទាបវិញ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុង​ត្រកូលខ្ពស់ គឺត្រកូលខត្តិយ​មហាសាល។បេ។ ប៉ុន្តែបុគ្គលនោះ ប្រព្រឹត្តទុច្ចរិត​ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយ​រាង​កាយ ស្លាប់ទៅ តែងទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ពស់ ត្រឡប់​មកជាទាបវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូល​ខត្តិយ​មហាសាល។បេ។ បុគ្គលនោះ ប្រព្រឹត្តសុចរិត​ដោយកាយ ប្រព្រឹត្ត​សុចរិត​ដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅ​កើត​ក្នុង​សុគតិសួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ពស់ កាន់តែខ្ពស់ឡើង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

បុត្តសូត្រ ទី៧

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា​សមណៈ​មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខៈ អ្នកប្រតិបត្តិប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចព្រះរាជបុត្រច្បង របស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជា​ព្រះរាជ​កុមារ គួរនឹងអភិសេក តែមិនទាន់អភិសេកនៅឡើយ តែងដល់នូវសេចក្តីមិនរំភើប (ចំពោះការ​អភិសេក) យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខៈ អ្នកប្រតិបត្តិ ប្រាថ្នានូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ដ៏ប្រសើរ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​សមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា សមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ ច្បាស់ សម្រេច​នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន តែមិនទាន់ពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា​សមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យ​ជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទៀតផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំង​ឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើទាយកអង្វរ ទើបប្រើប្រាស់​ចីវរច្រើន បើគេមិនអង្វរទេ ក៏​ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេ​មិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់គិលានប្បច្ច័យភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ​ទេ ក៏ឆាន់តិច។ បើ​ភិក្ខុនោះ នៅជាមួយនឹងសព្រហ្មចារីបុគ្គលទាំងឡាយណា សព្រហ្មចារី​បុគ្គល​ទាំង​នោះ តែង​ប្រព្រឹត្តកិច្ចការច្រើន ដោយកាយកម្ម ជាទីគាប់ចិត្តនៃភិក្ខុនោះ ដែល​មិនជា​ទី​គាប់​ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយវចីកម្ម ជាទីគាប់ចិត្ត ដែលមិនជា​ទីគាប់ចិត្តតិច តែងប្រព្រឹត្តកិច្ចការច្រើន ដោយមនោកម្ម ជាទីគាប់ចិត្ត ដែលមិនជាទី​គាប់ចិត្តតិច តែង​ប្រគេន នូវគ្រឿងបូជាច្រើន ជាទីគាប់ចិត្ត ដែលមិនជាទីគាប់ចិត្តតិច។ មួយទៀត វេទនា​ទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការ​ផ្លាស់ប្តូរ​ឥរិយាបថ មិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់ភិក្ខុនោះ ៗ ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួល នូវឈានទាំង ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿង នៅជាសុខ ក្នុងបច្ចុប្បន្ន តែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរ បុគ្គលណាថា ជាសមណៈ ចំរើន​ដោយ​សុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផង​ដែល​ពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈចំរើន​ដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា តថាគត បើទាយកអង្វរ ទើបប្រើប្រាស់​ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច បើទាយកអង្វរ ទើបឆាន់បិណ្ឌបាតច្រើន បើគេមិនអង្វរទេ ក៏ឆាន់តិច បើទាយកអង្វរ ទើបប្រើប្រាស់សេនាសនៈច្រើន បើគេ​មិន​អង្វរទេ ក៏ប្រើប្រាស់តិច បើ​ទាយក​អង្វរ ទើបឆាន់គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ច្រើន បើគេមិនបានអង្វរទេ ក៏ឆាន់​តិច។ បើតថាគតនៅជាមួយនឹងភិក្ខុទាំងឡាយណា ភិក្ខុទាំងនោះ តែងប្រព្រឹត្តកិច្ចការ​ច្រើន ដោយកាយកម្មជាទីគាប់ចិត្តនៃតថាគត ដែលមិនជាទីគាប់ចិត្តតិច តែងប្រព្រឹត្ត​កិច្ចការ​​ច្រើន ដោយវចីកម្មជាទីគាប់ចិត្ត ដែលមិនជា​ទីគាប់ចិត្តតិច តែងប្រព្រឹត្ត​កិច្ចការ​ច្រើន ដោយមនោកម្មជាទីគាប់ចិត្ត ដែលមិន​ជាទីគាប់ចិត្តតិច តែងប្រគេន នូវគ្រឿងបូជា​ច្រើន ជាទីគាប់ចិត្ត ដែលមិន​ជាទីគាប់​ចិត្តតិច។ មួយទៀត វេទនាទាំងឡាយណា កើតអំពី​ប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នាក្តី កើត​អំពី​សេចក្តី​ព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់តថាគតឡើយ តថាគត ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាប​ត្រដួស នូវឈាន ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយ​ប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរបុគ្គលណាថា ជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង ដែលគេពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ជា​សមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ​ឯង រមែងមាននៅក្នុងលោក។

សំយោជនសូត្រ ទី៨

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈ​មិន​រំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈ​ចំរើនដោយសុខ ក្នុង​ពួក​សមណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ជា​សមណៈ មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជា​សោតាបន្ន​បុគ្គល មិនបានធ្លាក់ចុះ ក្នុងអបាយជាធម្មតា ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅ​ខាងមុខ ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលជាសមណៈ មិន​រំភើប យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា​សមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសកទាគាមិ​បុគ្គល ព្រោះអស់សញ្ញោជនៈ ៣ ទាំងមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់​លោក​នេះម្តងទៀត ទើបធ្វើនូវទី​បំផុតនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា​សមណៈ​ឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាឱបបាតិកៈកំណើត រលត់​កិលេស​ក្នុងទីនោះ មិនបានត្រឡប់ចាក​លោកនោះមកវិញទេ ព្រោះអស់​ឱរម្ភាគិយសញ្ញោជនៈ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាសមណៈឈូក​ក្រហម​យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះ​អស់អាសវៈ ដោយ​ប្រាជ្ញា​ដ៏​ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួក​នេះ រមែងមាននៅក្នុងលោក។

សម្មាទិដ្ឋិសូត្រ ទី៩

[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា​សមណៈ​​មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មាន​សេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការ​ចិញ្ចឹម​ជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ជាសមណៈឈូកស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមាន​សេចក្តីយល់ត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹម​ជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ មានការដឹងត្រូវ មាន​ការ​រួចចាកកិលេសត្រូវ តែមិនទាន់បានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នកមានសេចក្តីយល់ត្រូវ។បេ។ មានការដឹងត្រូវ មានការរួចចាកកិលេសត្រូវ ទាំងបាន​ពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជា​សមណៈ​ឈូកក្រហម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើន​ដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើ គេ​អង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកផងកាលបើពោលសរសើរបុគ្គលណា ថាជាសមណៈចំរើនដោយសុខ ក្នុងពួក​សមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវ​ត្រង់​តថាគត​ហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំង ឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏​ប្រើប្រាស់​តិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែង​មាននៅក្នុង​លោក។

ខន្ធសូត្រ ទី១០

[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ជា​សមណៈ​​មិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាសេក្ខបុគ្គល​ ជាអ្នកមានសេចក្តីប្រាថ្នាក្នុងចិត្ត មិនទាន់បានសម្រេច រមែងប្រាថ្នានូវធម៌ ជាគ្រឿង​ក្សេម ចាកយោគៈដ៏ប្រសើរ គឺព្រះនិញ្វន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ មិនរំភើប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកស តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាឃើញ នូវការកើតឡើង និង​ការ​វិនាស​ទៅវិញ ក្នុងឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើតនៃរូប ដូច្នេះ ការវិនាស​ទៅ​នៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ តែមិន​បាន​ពាល់​ត្រូវ​នូវវិមោក្ខ ៨ ដោយនាមកាយទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកស យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាសមណៈឈូកក្រហម តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពិចារណា នូវការកើត និងការវិនាសទៅ ក្នុង​ឧបាទានក្ខន្ធ ៥ ថា រូប ដូច្នេះ ហេតុជាទីកើត នៃរូបដូច្នេះ ការរលត់ទៅនៃរូប ដូច្នេះ វេទនា ដូច្នេះ… សញ្ញា ដូច្នេះ… សង្ខារ ដូច្នេះ… វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ ការរលត់នៃវិញ្ញាណ ដូច្នេះ ទាំងបានពាល់ត្រូវ នូវវិមោក្ខ ៨ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈឈូកក្រហម យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងពោលសរសើរបុគ្គលណា ថា​ជាសមណៈ ចំរើននដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែល​ពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរ​ច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់ចីវរតិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។

ចប់ មចលវគ្គ ទី៤។

ឧទ្ទាននៃមចលវគ្គនោះគឺ

និយាយអំពីបាណាតិបាត ជាដើម ១ អំពីមុសាវាទ ជាដើម ១ អំពីបុគ្គល​ពោលសរសើរ​គុណ ១ អំពីបុគ្គលធ្ងន់ ក្នុងសេចក្តីក្រោធ ១ អំពីបុគ្គលងងឹត ១ អំពីបុគ្គលទាប ១ អំពីសេក្ខភិក្ខុ ប្រៀបដោយព្រះរាជបុត្រ ១ អំពីសញ្ញោជនៈ ១ អំពីភិក្ខុជាអ្នកយល់ត្រូវ ជាដើម ១ អំពីភិក្ខុ​ជាអ្នកពិចារណា ក្នុងឧបាទានក្ខន្ធ ១ រួមទាំងអស់នោះ ត្រូវជា ១០។

អសុរវគ្គ

អសុរសូត្រ ទី១

[៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺអសុរ មានអសុរ ជាបរិវារ ១ អសុរ មានទេវតាជាបរិវារ ១ ទេវតា មានអសុរជាបរិវារ ១ ទេវតា មានទេវតា ជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអសុរ មានអសុរ ជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ទាំងបរិសទ្យ នៃបុគ្គលនោះ ក៏ជាអ្នក ទ្រុស្តសីល មានធម៌អាក្រក់ដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរ មានអសុរ ជាបរិវារ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអសុរ មានទេវតាជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ ប៉ុន្តែឯបរិសទ្យ នៃបុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអសុរ មានទេវតាជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាទេវតា មាន​អសុរជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​មានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យ នៃបុគ្គលនោះ ជាអ្នក​ទ្រុស្តសីល មានធម៌អាក្រក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតា មានអសុរ ជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលជាទេវតា មានទេវតា ជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិសទ្យ នៃបុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាទេវតា មានទេវតា ជាបរិវារ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល ទាំង ៤ ពួកនេះ រមែងមាន​នៅក្នុង​លោក។

បឋមសមាធិសូត្រ ទី២

[៩៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវ​ចេតោសមថៈ [អប្បនាសមាធិ។] ខាងក្នុងសន្តាន មិនបាននូវអធិប្បញ្ញាធម្មវិបស្សនា [វិបស្សនាញាណ សម្រាប់កំណត់នូវសង្ខារ។ អដ្ឋកថា។] ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុង​សន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវ ចេតោសមថៈ ខាងក្នុង​សន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាន​នៅក្នុងលោក។

ទុតិយសមាធិសូត្រ ទី៣

[៩៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវ​ចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាន​នូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុង​សន្តាន​ផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណាដែលបាន នូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាន​នូវ​អធិប្បញ្ញាធម្មវិបស្សនាទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅ​ក្នុងចេតោសមថៈ ខាងក្នុងសន្តាន ហើយធ្វើសេចក្តីព្យាយាម ក្នុងអធិប្បញ្ញាធម្មវិបស្សនា លុះសម័យ​ខាង​ក្រោយមក បុគ្គលនោះ រមែងបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គល ទាំង ៤ ពួកនោះ បុគ្គលណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន​ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅក្នុងអធិប្បញ្ញាធម្មវិបស្សនា ហើយធ្វើ​សេចក្តី​ព្យាយាម ក្នុងចេតោសមថៈ ខាងក្នុងសន្តាន លុះសម័យខាងក្រោយមក បុគ្គលនោះ រមែងបាននូវអធិប្បញ្ញាធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុង​សន្តានផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង​៤ ពួកនោះ បុគ្គលណា មិនបាននូវ​ចេតោសមថៈ ខាងក្នុងសន្តានផង មិនបាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គល​នោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តី​មិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីឲ្យបាន​សម្រេច នូវកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូច បុគ្គលមានភ្លើងឆេះសំពត់ ឬមានភ្លើងឆេះក្បាល គប្បីធ្វើ​សេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តី​ប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈដ៏ក្រៃលែង ដើម្បីលត់នូវសំពត់ ឬ ក្បាលនោះ ៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីធ្វើសេចក្តីប៉ុនប៉ង សេចក្តីព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង សេចក្តីមិនរួញរា សតិ និងសម្បជញ្ញៈ​ដ៏ក្រៃលែង ដើម្បីឲ្យបាន​សម្រេចនូវកុសលធម៌ទាំងនោះ ក៏ដូច្នោះដែរ លុះសម័យខាង​ក្រោយមក បុគ្គលនោះ រមែង​បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញា​ធម្មវិបស្សនាផង។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាបុគ្គល ៤ ពួកនោះ បុគ្គលណា បាននូវ​ចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំង​ឡាយ បុគ្គលនោះ គប្បីតាំងនៅស៊ប់ ក្នុងកុសលធម៌ទាំងនោះ ហើយធ្វើសេចក្តីព្យាយាម ដើម្បីឲ្យអស់ទៅ នៃអាសវៈ តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែង​មាននៅ​ក្នុងលោក។

តតិយសមាធិសូត្រ ទី៤

[៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវ​ចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួក​ខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាន​នូវ​ចេតោសមថៈ ខាងក្នុង​សន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិន​បាន​នូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា​ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាង​ក្នុង​សន្តានផង បាននូវ​អធិប្បញ្ញា​ធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវ​អធិប្បញ្ញា​ធម្មវិបស្សនា ម្នាលភិក្ខុទាំង​ឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាន​នូវ​អធិប្បញ្ញាធម្មវិបស្សនា ហើយសួរ​យ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវ​ឃើញ​ដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវ​ឃើញច្បាស់ ដោយហេតុដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែលខ្លួនធ្លាប់យល់ តាម​ដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុ​នោះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវ​ឃើញ​យ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវ​ពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញ​ច្បាស់​យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុង​សន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បុគ្គលទាំង ៤ ពួកនោះ បុគ្គល​ណា បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូល​ទៅ​រក​បុគ្គល ដែល​បាននូវចេតោសមថៈ ខាងក្នុងសន្តាន ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្ត គេត្រូវដម្កល់ ដូចម្តេច ចិត្ត គេត្រូវពត់ដូចម្តេច ចិត្ត គេត្រូវធ្វើ​ឲ្យមាន​អារម្មណ៍​ខ្ពស់​ឯក​ដូចម្តេច ចិត្ត គេត្រូវតាំង​ឲ្យនឹងធឹង ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែល ខ្លួនធ្លាប់យល់ តាមដែល​ខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេ​ត្រូវដម្កល់យ៉ាងនេះ ចិត្ត គេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យ​មាន​អារម្មណ៍​ខ្ពស់​ឯក​យ៉ាង​នេះ ចិត្តគេត្រូវតាំងឲ្យ​នឹងធឹង យ៉ាងនេះ ឯភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាន​នូវអធិប្បញ្ញា​ធម្មវិបស្សនាផង បាននូវចេតោសមថៈ ខាងក្នុងសន្តានផង។ ម្នាលភិក្ខុទាំង​ឡាយ បណ្តា​បុគ្គលទាំង ៤ ពួកនោះ បុគ្គលណា មិនបាននូវចេតោសមថៈ ខាងក្នុង​សន្តានផង ទាំងមិន​បាន នូវអធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅ​រក​បុគ្គល ដែលបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងបាននូវ​អធិប្បញ្ញា​ធម្មវិបស្សនា ហើយ​សួរយ៉ាងនេះថា ម្នាលអាវុសោ ចិត្តគេត្រូវដម្កល់ដូចម្តេច ចិត្តគេ​ត្រូវ​ពត់ដូចម្តេច ចិត្តគេត្រូវធ្វើឲ្យមានអារម្មណ៍ខ្ពស់ឯក ដូចម្តេច ចិត្តគេត្រូវតាំងឲ្យនឹងធឹងដូចម្តេច សង្ខារទាំង​ឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវ​ពិចារណា​ដូចម្តេច សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ដូចម្តេច។ ភិក្ខុនោះ ក៏ដោះស្រាយ តាមដែល​ខ្លួនធ្លាប់យល់ តាមដែលខ្លួនធ្លាប់ដឹងមក ចំពោះភិក្ខុនោះថា ម្នាលអាវុសោ ចិត្តគេត្រូវ​ដម្កល់ យ៉ាងនេះ ចិត្តគេត្រូវពត់យ៉ាងនេះ ចិត្តគេត្រូវធ្វើឲ្យមាន​អារម្មណ៍​ខ្ពស់​ឯក​យ៉ាងនេះ ចិត្តគេត្រូវតាំងឲ្យនឹងធឹងយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញ​យ៉ាងនេះ សង្ខារទាំង​ឡាយ គេត្រូវពិចារណាយ៉ាងនេះ សង្ខារទាំងឡាយ គេត្រូវឃើញ​ច្បាស់​យ៉ាងនេះ ភិក្ខុនោះ លុះសម័យខាងក្រោយមក រមែងបាននូវចេតោសមថៈ ខាងក្នុង​សន្តានផង បាននូវ​អធិប្បញ្ញា​ធម្មវិបស្សនាផង។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បុគ្គល​ទាំង ៤ ពួកនោះ បុគ្គល​ណា បាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីតាំងនៅ ក្នុង​ធម៌ជា​កុសល​ទាំងនោះ ហើយធ្វើ​សេចក្តី​ព្យាយាម ដើម្បីឲ្យអស់អាសវៈ តទៅទៀត។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៤ពួកនេះ រមែងមាននៅក្នុងលោក។

ឆវាលាតសូត្រ ទី៥

[៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍ខ្លួន ១ បុគ្គល ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍​អ្នកដទៃ ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអង្កត់ឧសដុតខ្មោច ដែលភ្លើងឆេះរន្ទាល ទាំងសងខាង មានលាមកប្រលាក់ត្រង់កណ្តាល រមែង​មិន​សម្រេចជាឧស ក្នុងស្រុកបាន ទាំងមិន​សម្រេច​ជាឧសក្នុងព្រៃបាន មានឧបមាយ៉ាងណា មិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តថាគត​ពោលថា បុគ្គលនេះ មានឧបមេយ្យ យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន បណ្តាបុគ្គលទាំងពីរនេះ បុគ្គលនេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ជាអ្នកប្រតិបត្តិ ដើម្បី​ប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​អ្នកដទៃ បណ្តាបុគ្គលទាំងបីនេះ បុគ្គល​នេះ ចាត់ថាល្អជាង ប្រសើរជាង។ ម្នាល​ភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គល​ទាំង ៤ នេះ បុគ្គលនេះ ចាត់ថា ជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀបដូចទឹកដោះស្រស់ ចេញមកអំពីមេគោ ទឹកដោះជូរ ក្លាយមក​អំពី​ទឹក​ដោះ​ស្រស់ ទឹកដោះខាប់ ក្លាយមកអំពីទឹកដោះជូរ ទឹកដោះថ្លា ក្លាយមកអំពី​ទឹកដោះខាប់ ដុំនៃ​ទឹកដោះថ្លា ក្លាយមកអំពីទឹកដោះថ្លា បណ្តាទឹកដោះទាំងនោះ ដុំនៃ​ទឹកដោះថ្លា ប្រាកដថាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង បណ្តាបុគ្គលទាំង ៤ នេះ បុគ្គល​នេះ ចាត់ថាជាអ្នកលើសលុប ជាចម្បង ជាប្រធាន ឧត្តម ប្រសើរ យ៉ាងនោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

រាគវិនយសូត្រ ទី៦

[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​​អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​​អ្នកដទៃ១ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍​អ្នក​ដទៃ​ផង១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិន​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បកំចាត់បង់រាគៈចំពោះខ្លួន តែមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បី​កំចាត់បង់រាគៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈ ចំពោះខ្លួន តែមិនបបួល​បុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះ​ខ្លួន មិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិន​ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ មិនប្រតិបត្តិ ដើម្បីកំចាត់រាគៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បី​កំចាត់បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់ទោសៈចំពោះខ្លួន តែបបួលបុគ្គលដទៃ (ឲ្យ​ប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈ ចំពោះខ្លួន តែបបួល​បុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍​អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់​បង់រាគៈ មិនប្រតិបត្តិ ដើម្បីកំចាត់បង់ ទោសៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់ទោសៈ ជាអ្នកមិនប្រតិបត្តិ ដើម្បីកំចាត់បង់មោហៈចំពោះខ្លួន ទាំងមិនបបួលបុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍​អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់រាគៈចំពោះខ្លួនផង បបួលអ្នកដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់រាគៈផង ជាអ្នកប្រតិបត្តិ ដើម្បីកំចាត់បង់ទោសៈចំពោះខ្លួនផង បបួលអ្នក​ដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់​ទោសៈផង ជាអ្នក​ប្រតិបត្តិ ដើម្បី​កំចាត់​បង់​មោហៈ​ចំពោះខ្លួនផង បបួល​បុគ្គលដទៃ (ឲ្យប្រតិបត្តិ) ដើម្បីកំចាត់បង់មោហៈផង។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាង​នេះ​​ឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ខិប្បនិសន្តិសូត្រ ទី៧

[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤​ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍​អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាចដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ជាអ្នកចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹងនូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិ នូវធម៌​ដ៏​សមគួរ​ដល់ធម៌ផង តែជាអ្នកមានពាក្យមិនពីរោះ មិនបញ្ចេញនូវពាក្យដែលពីរោះ មិនប្រកបដោយពាក្យអ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាសចាកសេចក្តីរង្កៀស ជាពាក្យ​ឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិន​អាច​ដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយផង ជាអ្នកមិនចងចាំ នូវធម៌ដែល​ខ្លួន​បាន​ស្តាប់មកផង ជាអ្នកមិនត្រិះរិះសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកមិនដឹង​ នូវអដ្ឋកថា មិនដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង តែជាអ្នកមាន​ពាក្យ​ពីរោះ បញ្ចេញនូវពាក្យពីរោះ ប្រកបដោយពាក្យអ្នកក្រុង ជាអ្នកពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាស​ចាក​សេចក្តី​រង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន​ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនអាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកមិនអាច​ចង​ចាំ​នូវធម៌ ដែលខ្លួន​បាន​ស្តាប់មកផង ជាអ្នកមិនត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួន​ចង​ចាំមកផង ជាអ្នកមិនដឹង នូវអដ្ឋកថា មិនដឹងនូវបាលី ហើយមិនប្រតិបត្តិនូវធម៌ ដ៏សមគួរដល់​ធម៌ផង ទាំងជាអ្នក​មិនមានពាក្យពីរោះ មិនបញ្ចេញនូវពាក្យពីរោះ មិនប្រកបដោយពាក្យ របស់អ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គល​ទាំងឡាយ ដោយពាក្យប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវ​សេចក្តី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិន​ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិន​ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នក​ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បី​ប្រយោជន៍​អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​អាចដឹងឆាប់ ក្នុងកុសលធម៌ផង ជាអ្នកចង​ចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចង​ចាំមកផង ជាអ្នកដឹង នូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ផង ជាអ្នកមានពាក្យពីរោះ បញ្ចេញនូវពាក្យពីរោះ ប្រកបដោយពាក្យរបស់អ្នកក្រុង ជាអ្នក​ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យ​ប្រាស​ចាក​សេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

អត្តហិតសូត្រ ទី៨

[៩៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍​អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន ១ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍​អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅ​ក្នុងលោក។

សិក្ខាបទសូត្រ ទី៩

[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​​អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍ខ្លួន ១ បុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍ អ្នក​ដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិន​ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោកនេះ ជាអ្នកវៀរចាកបាណាតិបាត ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាក​បាណាតិបាត ជាអ្នកវៀរចាកអទិន្នាទាន ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាក​អទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរ​ចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរ​ចាក​មុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុ​ជាទីតាំង នៃសេចក្តី​ប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​មិនវៀរចាកបាណាតិបាត ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត។បេ។ ជាអ្នកមិនវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និង​មេរ័យ ចំពោះខ្លួន តែបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​អ្នកដទៃ តើដូចម្តេច។​ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​មិនវៀរចាកបាណាតិបាតចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាក​បាណាតិបាត។បេ។ ជាអ្នកមិនវៀរចាក ហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួន ទាំងមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាក​បាណាតិបាតចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាតផង វៀរចាក​អទិន្នាទាន​ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទានផង វៀរចាក​កាមេសុមិច្ឆាចារ ចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរ​ចាក​មុសាវាទចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរ ចាកមុសាវាទផង វៀរចាក​ហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។

បោតលិយសូត្រ ទី១០

[១០១] គ្រានោះឯង បោតលិយបរិញ្វជក បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ កាល​បោតលិយ​បរិញ្វជក អង្គុយក្នុងទីសមគួរស៊ប់ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាល​បោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួកនេះ តើដូច​ម្តេចខ្លះ។ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក ពោល​នូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោល​នូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវ​ពាក្យសរសើរ ចំពោះ​បុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោល​នូវពាក្យ​តិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ ម្នាលបោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ ម្នាល​បោតលិយៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល​ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ ម្នាលបោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលបោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ តើបុគ្គលដូចម្តេច ដែលល្អជាងផង ប្រសើរជាងផង រមែង​គាប់​ចិត្តដល់អ្នក។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវ​ពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែមិនពោលពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យ ពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា មិនពោលនូវពាក្យតិះដៀល ចំពោះបុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គល ទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះឧបេក្ខានោះ ជាគុណជាតិដ៏ល្អ។ ម្នាល​បោតលិយៈ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។បេ។ ម្នាលបោតលិយៈ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាល  បោតលិយៈ បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គល​ទាំង ៤ ពួកនេះ បុគ្គលនេះ ល្អជាងផង ប្រសើរជាងផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលបោតលិយៈ ព្រោះថា ការដឹងនូវកាលដ៏សមគួរ ក្នុងហេតុនោះ ៗ នោះចាត់​ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាន​នៅក្នុងលោក។ បុគ្គលទាំង ៤ ពួក តើដូចម្តេចខ្លះ។ បពិត្រ​ព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ តែ​មិន​ពោលពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល​សរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយ​កាលគួរ តែ​មិន​ពោល​តិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរ ១ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនពោល​នូវ​ពាក្យ​តិះ​ដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង មិនពោលនូវពាក្យសរសើរ ចំពោះ​បុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១ បពិត្រ​ព្រះគោតម​ដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោល នូវពាក្យតិះដៀល ចំពោះ​បុគ្គលដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោលនូវពាក្យ​សរសើរ ចំពោះបុគ្គល ដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ១។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បពិត្រ​ព្រះគោតមដ៏ចំរើន បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលណា ពោលនូវពាក្យតិះដៀល ចំពោះបុគ្គល ដែលគួរតិះដៀល ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង ពោល​នូវ​ពាក្យ​សរសើរ ចំពោះ​បុគ្គល​ដែលគួរ​សរសើរ ជាពាក្យពិត ពាក្យមែន ដោយ​កាល​គួរ​ផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថាល្អជាងផង ប្រសើរជាងផង រមែង​គាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ការដឹងកាលដ៏សមគួរ ក្នុងហេតុនោះ ៗ នុ៎ះចាត់ថាជាការល្អ។ បពិត្រ​ព្រះគោតមដ៏​ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បពិត្រ​ព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយយ៉ាងនេះ ភ្លឺច្បាស់ណាស់ ឧបមា​ដូចបុគ្គលផ្ងារ នូវរបស់ដែលគេផ្កាប់ ឬបើកនូវរបស់ ដែលកំបាំង ឬបង្ហាញផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយ​បំណងថា អ្នកមានភ្នែកភ្លឺ រមែងមើលឃើញ នូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គ សូមដល់​នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតម​ដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើម​តាំងអំពីថ្ងៃនេះ ជាដើមទៅ។

ចប់ អសុរវគ្គ ទី៥។

ឧទ្ទាននៃអសុរវគ្គនោះគឺ

បុគ្គលជាអសុរ មានអសុរជាបរិវារ ជាដើម ១ បុគ្គលបាន នូវចេតោសមថៈ ជាដើម មាន ៣ លើក បុគ្គល ៤ ពួក មាន​សេចក្តីប្រៀប​ដោយ​អង្កត់ឧស ជាគំរប់ប្រាំ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីកំចាត់រាគ​ ជាដើម ១ បុគ្គល អាចដឹងឆាប់ ក្នុងកុសលធម៌ ជាដើម ១ អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ជាដើម ១ បុគ្គលអ្នកប្រតិបត្តិ តាមសិក្ខាបទ ៥ ជាដើម ១ បោតលិយបរិញ្វជក ១។

ចប់ បណ្ណាសក ទី២។

តតិយបណ្ណាសក

វលាហកវគ្គ

បឋមវលាហកសូត្រ ទី១

[១០២] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ យ៉ាង។ មេឃ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺមេឃគ្រហឹម ឥតភ្លៀង ១ មេឃបង្អុរភ្លៀង ឥតគ្រហឹម ១ មេឃទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ មេឃគ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ឧបមា ដោយមេឃនេះ មាន ៤ ពួក រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ​ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបានតែនិយាយ តែមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះគ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើ តែមិននិយាយ ម្នាលភិក្ខុទាំង​ឡាយ បុគ្គល ជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃ នោះបង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទាំង​មិននិយាយ ទាំងមិនធ្វើ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងមិនគ្រហឹម ទាំងមិន​បង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិនគ្រហឹម ទាំងមិន​បង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកគ្រហឹមផង បង្អុរភ្លៀង​ផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយផង ជាអ្នកធ្វើផង ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលដែលឧបមា ដោយមេឃ ៤ ពួក​នេះ រមែងមាននៅក្នុងលោក។

ទុតិយវលាហកសូត្រ ទី២

[១០៣] ម្នាលភិក្ខុទាំងឡាយ មេឃនេះ មាន ៤ ​យ៉ាង។ មេឃ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺគ្រហឹមឥតបង្អុរភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិន​គ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ មេឃ មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ ឧបមាដោយមេឃ រមែងមាននៅ​ក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកគ្រហឹម ឥត​បង្អុរ​ភ្លៀង ១ បង្អុរភ្លៀង ឥតគ្រហឹម ១ ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង ១ គ្រហឹមផង បង្អុរភ្លៀងផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មេឃ​នោះ គ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានរៀន សូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់​តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃនោះ បង្អុរភ្លៀង ឥតគ្រហឹម មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំង   ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនគ្រហឹម ទាំងមិនបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាម​សេចក្តី​ពិតថា នេះ​ជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះ​ជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិន​គ្រហឹម ទាំងមិនបង្អុរភ្លៀង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មេឃនោះ ទាំងមិន​គ្រហឹម ទាំងមិនបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គល​នេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលគ្រហឹមផង បង្អុរភ្លៀងផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខសមុទយៈដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ ដឹងច្បាស់​តាម​សេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី​បដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នក​គ្រហឹមផង បង្អុរភ្លៀងផង យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ មេឃនោះ គ្រហឹមផង បង្អុរភ្លៀងផង មានឧបមាយ៉ាងណា ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល មានឧបមាដោយមេឃ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

កុម្ភសូត្រ ទី៣

[១០៤] ម្នាលភិក្ខុទាំងឡាយ ក្អមនេះ មាន ៤ យ៉ាង។ ក្អម ៤ យ៉ាង ដូចម្តេចខ្លះ។ គឺក្អមទទេ គ្របមាត់ ១ ក្អមពេញ (ដោយទឹក) តែបើកចំហមាត់ ១ ក្អមទទេ បើកចំហមាត់ ១ ក្អមពេញ (ដោយទឹក) គ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ក្អម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាន​នៅ​ក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលទទេ គ្របមាត់ ១ បុគ្គលពេញដោយទឹក តែបើកចំហមាត់ ១ បុគ្គលទទេ បើកចំហមាត់ ១ បុគ្គលពេញ ដោយ​ទឹក ទាំងគ្របមាត់ ១។ ម្នាលភិក្ខុទាំង​ឡាយ ចុះបុគ្គលទទេ គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈាន​ថយ​ក្រោយ ក្រឡេកមើលចំ ក្រឡេកមើល​ចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាម​សេចក្តី​ពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី បដិបទា ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលទទេ គ្របមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អម​ទទេ​គ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលពេញដោយទឹក បើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរ​ឈាន​ថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈ​ចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាម​សេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមពេញដោយទឹក បើកចំហមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលទទេ ទាំងបើកចំហមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់​សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹង​ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹង​ច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ បើកចំហមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេ បើកចំហមាត់ មានឧបមាយ៉ាង​ណា ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលពេញដោយទឹក គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឈានដើរទៅមុខ ឈានដើរថយក្រោយ ក្រឡេក​មើលចំ ក្រឡេកមើល​ចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលពេញដោយទឹក ទាំងបិទមាត់ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្អមនោះ ជាក្អមពេញដោយទឹក គ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ឧទករហទសូត្រ ទី៤

[១០៥] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនេះ មាន ៤ យ៉ាង។ អន្លង់ទឹក ៤យ៉ាង តើដូចម្តេច។ គឺ អន្លង់ទឹករាក់ មានឱភាស (ឆ្លុះស្រមោលទៅជ្រៅ) ១ អន្លង់ទឹកជ្រៅ មានឱភាសរាក់ ១ អន្លង់ទឹករាក់ មានឱភាសរាក់ ១ អន្លង់ទឹកជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មាន ៤យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមា​ដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺ បុគ្គលរាក់ មាន​ឱភាសជ្រៅ ១ បុគ្គលជ្រៅ មានឱភាសរាក់ ១ បុគ្គលរាក់ មានឱភាសរាក់ ១ បុគ្គលជ្រៅ មានឱភាសជ្រៅ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសជ្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានទៅក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាត​អវយវៈ​ចេញ ទ្រទ្រង់​សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា តែបុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹង​ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលរាក់ មានឱភាស​ជ្រៅយ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ អន្លង់ទឹកនោះរាក់ មានឱភាសជ្រៅ មានឧបមា​យ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ជ្រៅ មានឱភាសរាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈាន​ទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈ​ចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់​តាម​សេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជ្រៅ មានឱភាសរាក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសរាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក   នេះ ដើរឈានទៅខាងមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាម​សេចក្តី​ពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលរាក់ មានឱភាសរាក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក​នោះរាក់ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជ្រៅ មានឱភាស​ជ្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈ​ចូល លាត​អវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី​បដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រៅ មានឱភាសជ្រៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសជ្រៅ មានឧបមា​យ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមា​ដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក។

អម្ពសូត្រ ទី៥

[១០៦] ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនេះ មាន ៤ យ៉ាង។ ផ្លែស្វាយ ៤ យ៉ាង តើ​ដូចម្តេចខ្លះ។ គឺ ផ្លែស្វាយខ្ចី មានសម្បុរទុំ ១ ផ្លែស្វាយទុំ មានសម្បុរខ្ចី ១ ផ្លែស្វាយខ្ចី មានសម្បុរខ្ចី ១ ផ្លែស្វាយទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ មានឧបមា ដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលខ្ចី មានសម្បុរទុំ ១ បុគ្គលទុំ មានសម្បុរខ្ចី ១ បុគ្គលខ្ចី មានសម្បុរខ្ចី ១ បុគ្គលទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិនដឹង​ច្បាស់​តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈដូច្នេះ មិនដឹងច្បាស់តាម​សេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី​បដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរទុំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលទុំ មាន​សម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេមើល​ចំហៀង បត់អវយវៈចូល លាត​អវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា តែបុគ្គលនោះ រមែងដឹង​ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់​តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរខ្ចី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្ចី មានសម្បុរខ្ចី តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេក​មើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ មិន​ដឹង​​ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាម​សេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធគាមិនី​​​បដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្ចី មានសម្បុរខ្ចី យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះខ្ចី មានសម្បុរខ្ចី មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទុំ មានសម្បុរទុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរ​ឈាន​ថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាត​អវយវៈ​ចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់​តាម​សេចក្តី​ពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាម​សេចក្តី​ពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់​តាមសេចក្តីពិតថា នេះជាទុក្ខនិរោធដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលទុំ មានសម្បុរទុំ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនោះទុំ មានសម្បុរទុំ មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ទុតិយអម្ពសូត្រ ទី៦ (មិនមានក្នុងបិដក)

មូសិកសូត្រ ទី៧

[១០៧] ម្នាលភិក្ខុទាំងឡាយ កណ្តុរនេះ មាន ៤ ពួក។ កណ្តុរ ៤ ពួក តើដូចម្តេចខ្លះ។ គឺកណ្តុរកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ កណ្តុរ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយកណ្តុរ ៤ ពួកនេះ រមែងមាននៅក្នុងលោក ក៏ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលកកាយរន្ធ តែមិនៅ ១ នៅ តែមិនកកាយរន្ធ ១ ទាំងមិនកកាយរន្ធ ទាំងមិននៅ ១ កកាយរន្ធផង នៅផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកកកាយរន្ធ តែមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធ តែមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធ តែមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកនៅ តែមិនកកាយរន្ធ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តី​ពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាម​សេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី​បដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាអ្នកនៅ តែមិនកកាយរន្ធ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះនៅ តែមិន​កកាយរន្ធ មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មាន​ឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនរៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់តាម​សេចក្តី​ពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់​តាម​សេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធ ដូច្នេះ មិនដឹង​ច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គល ទាំងមិនកកាយរន្ធ ទាំងមិននៅ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ កណ្តុរនោះ ទាំងមិនកកាយរន្ធ ទាំងមិននៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ជាអ្នកកកាយរន្ធផង នៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជា ទុក្ខ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹង​ច្បាស់តាមសេចក្តី​ពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះជា​ទុក្ខនិរោធគាមិនី​​បដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកកកាយរន្ធផង នៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កណ្តុរនោះ កកាយរន្ធផង នៅផង មាន​ឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មានឧបមាដោយកណ្តុរ រមែងមាន​នៅក្នុងលោក។

ពលីពទ្ទសូត្រ ទី៨

[១០៨] ម្នាលភិក្ខុទាំងឡាយ គោបម្រើនេះ​ មាន ៤ ពួក។ គោបម្រើ ៤ពួក តើដូចម្តេចខ្លះ។ គឺជាសត្វកាចក្នុងហ្វូងគោរបស់ខ្លួន មិនកាចក្នុងហ្វូងគោដទៃ ១ ជាសត្វកាចក្នុងហ្វូង​គោដទៃ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ១ ជាសត្វកាច​ក្នុងហ្វូងគោ​របស់ខ្លួនផង កាចក្នុង​ហ្វូង​គោ​ដទៃផង ១ ជាសត្វមិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ គោបម្រើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅ​ក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលដូចគោកាច ក្នុងហ្វូង គោរបស់ខ្លួន តែមិនកាចក្នុងហ្វូងគោដទៃ ១ កាចក្នុងហ្វូងគោដទៃ តែមិនកាចក្នុង​ហ្វូងគោរបស់ខ្លួន ១ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង ១ មិនកាចក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុង​ហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​គំរាមបរិសទ្យរបស់ខ្លួន តែមិនគំរាមបរិសទ្យដទៃ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជា​សត្វកាច ក្នុងហ្វូងគោរបស់ខ្លួន តែមិនកាច ក្នុងហ្វូងគោដទៃ មាន​ឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោដទៃ តែមិនកាច ក្នុងហ្វូងគោរបស់ខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកគំរាមបរិសទ្យ របស់អ្នកដទៃ តែមិនគំរាមបរិសទ្យរបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោកាចក្នុង ហ្វូងគោរបស់អ្នកដទៃ តែមិនកាចក្នុងហ្វូងគោរបស់ខ្លួន យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ គោបម្រើនោះ ជាសត្វកាច ក្នុងហ្វូងគោដទៃ តែមិនកាចក្នុង​ហ្វូងគោរបស់ខ្លួន មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់​ខ្លួនផង កាចក្នុងហ្វូងគោដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោកនេះ ជាអ្នកគំរាមបរិសទ្យរបស់ខ្លួនផង គំរាមបរិសទ្យរបស់អ្នកដទៃផង ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលដូចគោកាច ក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោដទៃផង យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ កាចក្នុងហ្វូងគោរបស់ខ្លួនផង កាចក្នុងហ្វូងគោ​ដទៃផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនគំរាមបរិសទ្យរបស់ខ្លួន ទាំងមិនគំរាម​បរិសទ្យ​របស់អ្នកដទៃ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចគោមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិន​កាចក្នុងហ្វូងគោដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ គោបម្រើនោះ ជាសត្វមិនកាច ក្នុងហ្វូងគោរបស់ខ្លួន ទាំងមិនកាចក្នុងហ្វូងគោដទៃ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយគោបម្រើ ៤ ពួកនេះ រមែងមាននៅក្នុងលោក។

រុក្ខសូត្រ ទី៩

[១០៩] ម្នាលភិក្ខុទាំងឡាយ ដើមឈើនេះ មាន ៤ ពួក។ ដើមឈើ ៤ពួក តើដូចម្តេចខ្លះ។ គឺដើមឈើស្រាយ មានដើមឈើស្រាយជាបរិវារ ១ ដើមឈើស្រាយ មានដើមឈើខ្លឹមជា​បរិវារ ១ ដើមឈើខ្លឹម មានដើមឈើស្រាយជាបរិវារ ១ ដើមឈើខ្លឹម មានដើមឈើខ្លឹម​ជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើ មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល មានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាននៅ​ក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលស្រាយ មានស្រាយ​ជាបរិវារ ១ បុគ្គលស្រាយ មានខ្លឹម​ជាបរិវារ ១ បុគ្គលខ្លឹម មានស្រាយជាបរិវារ ១ បុគ្គល ខ្លឹម មានខ្លឹមជាបរិវារ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលស្រាយ មានស្រាយ​ជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នក​ទ្រុស្តសីល មានធម៌ដ៏លាមក ទាំងបរិសទ្យ​របស់បុគ្គលនោះ ក៏ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមកដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ស្រាយ មានស្រាយ​ជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាឈើស្រាយ មានដើមឈើ​ស្រាយជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​ស្រាយ មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មាន​ធម៌ដ៏លាមក ប៉ុន្តែបរិសទ្យរបស់បុគ្គលនោះ ជាអ្នកមានសីល មានធម៌ល្អ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលស្រាយ មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើស្រាយ មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ​ដូច្នោះ​ដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានស្រាយជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ប៉ុន្តែបរិសទ្យ​របស់បុគ្គលនោះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏​លាមក ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា បុគ្គលខ្លឹម មានស្រាយជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើខ្លឹម មានដើមឈើ​ស្រាយ ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលខ្លឹម មានខ្លឹមជាបរិវារ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសីល មានធម៌ល្អ ទាំងបរិសទ្យរបស់បុគ្គលនោះ ក៏ជាអ្នកមានសីល មានធម៌ល្អដែរ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លឹម មានខ្លឹមជាបរិវារ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើនោះ ជាដើមឈើមានខ្លឹម មានដើមឈើខ្លឹម ជាបរិវារ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយដើមឈើ ៤ ពួកនេះ រមែងមាន​នៅ​ក្នុង​លោក។

អាសីវិសសូត្រ ទី១០

[១១០] ម្នាលភិក្ខុទាំងឡាយ អាសិរពិសនេះ មាន ៤ ពួក។ អាសិរពិស ៤ ពួក តើ​ដូចម្តេចខ្លះ។ គឺអាសិរពិស មានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិស​ដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាល​ភិក្ខុទាំងឡាយ អាសិរពិស មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូច​ម្តេចខ្លះ។ គឺបុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក ១ មានពិសដ៏ពន្លឹក តែមិនមាន​ពិសជ្រួតជ្រាបឆាប់ ១ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង ១ មិន​មានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមាន​ពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ តែសេចក្តីក្រោធ​របស់បុគ្គលនោះ មិនងំនៅ​អស់​កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសជ្រួតជ្រាបឆាប់ តែមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ តែមិនមាន​ពិសដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​មានពិសដ៏ពន្លឹក តែមិនមាន​ពិសជ្រួតជ្រាបឆាប់ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនក្រោធរឿយ ៗទេ តែសេចក្តីក្រោធ របស់បុគ្គលនោះ រមែងងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាប​ឆាប់ មានឧបមាយ៉ាងណា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មាន​ឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ផង មាន​ពិស​ដ៏​ពន្លឹកផង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ ផង សេចក្តី​ក្រោធ​របស់បុគ្គលនោះ រមែងងំនៅអស់កាលយូរផង ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិស ជ្រួត​ជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹក​ផង មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះដែរ​។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមាន​ពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនក្រោធរឿយ ៗ ទាំងសេចក្តីក្រោធ របស់​បុគ្គល​នោះ ក៏មិនងំនៅអស់កាលយូរ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមិន​មានពិស​ជ្រួត​ជ្រាប​ឆាប់ ទាំងមិនមានពិសដ៏ពន្លឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិស​ដ៏ពន្លឹក មានឧបមាយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលថា បុគ្គលនេះ មានឧបមេយ្យ​ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមានឧបមា ដោយអាសិរពិស ៤ ពួកនេះ រមែងមាននៅក្នុងលោក។

ចប់ វលាហកវគ្គ ទី១។

ឧទ្ទាននៃវលាហកវគ្គនោះគឺ

និយាយអំពីមេឃ មានពីរលើក អំពីក្អម ១ អំពីអន្លង់ទឹក មានពីរលើក អំពីផ្លែស្វាយ ១ អំពីសត្វកណ្តុរ ១ អំពីគោបម្រើ ១ អំពីដើមឈើ ១ អំពីអាសិរពិស ១ រួមត្រូវជា ១០។

កេសីវគ្គ

កេសិសូត្រ ទី១

[១១១] គ្រានោះ កេសី ជាសារថី អ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ​ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ។ លុះកេសីជាសារថី អ្នកបង្ហាត់សេះដែលគួរបង្ហាត់ អង្គុយក្នុងទី​សមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកេសី ខ្លួនអ្នក គេតែងដឹងច្បាស់​ថា ជាសារថីអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ម្នាលកេសី ចុះអ្នកបង្ហាត់សេះ ដែលគួរបង្ហាត់ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបង្ហាត់សេះ ដែលគួរបង្ហាត់ ដោយល្អខ្លះ ដោយ​អាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី ប្រសិនបើសេះ ដែលគួរបង្ហាត់របស់អ្នក ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់​ដោយល្អ និងអាក្រក់ ក៏មិនបាន ចុះអ្នកធ្វើសេះនោះ ដូចម្តេចទៅវិញ។ បពិត្រព្រះអង្គដ៏​ចំរើន ប្រសិនបើសេះ​ដែល​គួរ​បង្ហាត់ របស់ខ្ញុំព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ក៏សម្លាប់សេះនោះចោល។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យមានពាក្យដំនៀល ដល់ត្រកូល នៃអាចារ្យរបស់ខ្ញុំព្រះអង្គឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះមានព្រះភាគ ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន​ រកបុគ្គល​ណាមួយស្មើគ្មាន បពិត្រព្រះអង្គដ៏​ចំរើន ចុះព្រះដ៏មានព្រះភាគ ទ្រង់ណែនាំបុរស ដែល​គួរទូន្មាន តើដូចម្តេច។ ម្នាលកេសី តថាគត រមែងណែនាំបុរស ដែលគួរទូន្មាន ដោយល្អខ្លះ ដោយអាក្រក់ខ្លះ ដោយល្អ និងអាក្រក់ខ្លះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ ដូច្នេះ គឺកាយសុចរិត ដូច្នេះ ផលរបស់កាយសុចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងអស់នោះ អំពើអាក្រក់ ដូច្នេះ គឺកាយទុច្ចរិត ដូច្នេះ ផលរបស់កាយទុច្ចរិត ដូច្នេះ វចីទុច្ចរិតដូច្នេះ ផលរបស់វចីទុច្ចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោ​ទុច្ចរិត ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ ម្នាលកេសី បណ្តាអំពើទាំងនោះ អំពើល្អ និងអំពីអាក្រក់ ដូច្នេះ គឺ កាយសុចរិត ដូច្នេះ ផលរបស់ កាយសុចរិត ដូច្នេះ កាយទុច្ចរិត ដូច្នេះ ផលរបស់​កាយទុច្ចរិត ដូច្នេះ វចីសុចរិត ដូច្នេះ ផលរបស់វចីសុចរិត ដូច្នេះ វចីទុច្ចរិត ដូច្នេះ ផល​របស់វចីទុច្ចរិត ដូច្នេះ មនោសុចរិត ដូច្នេះ ផលរបស់មនោសុចរិត ដូច្នេះ មនោទុច្ចរិត ដូច្នេះ ផលរបស់មនោទុច្ចរិត ដូច្នេះ ទេវតា ដូច្នេះ មនុស្ស ដូច្នេះ នរក ដូច្នេះ កំណើតតិរច្ឆាន ដូច្នេះ បិត្តិវិស័យ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើបុរស ដែលគួរ​ទូន្មានរបស់ព្រះអង្គ ប្រើវិធីបង្ហាត់ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិន​បាន ប្រើវិធីបង្ហាត់ដោយល្អ និងអាក្រក់ក៏មិនបាន ចុះព្រះដ៏មានព្រះភាគ ទ្រង់ធ្វើបុរស​នោះ ដូចម្តេចទៅវិញ។ ម្នាលកេសី ប្រសិនបើបុរស ដែលគួរទូន្មានរបស់តថាគត ប្រើវិធី​បង្ហាត់ ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយល្អ និង​អាក្រក់ ក៏មិនបាន ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ បពិត្រព្រះអង្គ​ដ៏ចំរើន បាណាតិបាត មិនគួរដល់ព្រះដ៏មានព្រះភាគរបស់យើងទេ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកេសី តថាគត ក៏សម្លាប់បុរសនោះដែរ។ ម្នាលកេសី បាណាតិបាត មិនគួរដល់តថាគត ក៏ពិតមែន តែថាបុរស ដែលគួរទូន្មានណា ប្រើវិធី​បង្ហាត់​ដោយល្អ ក៏មិនបាន ប្រើវិធីបង្ហាត់ដោយអាក្រក់ ក៏មិនបាន ប្រើវិធីបង្ហាត់​ដោយល្អ និង​អាក្រក់ ក៏មិនបាន តថាគត រមែងមិនសំគាល់នូវបុរសនោះថា គួរពោល គួរប្រៀនប្រដៅទេ សូម្បីវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ (បុរសនោះ) ថា គួរពោល គួរប្រៀនប្រដៅដែរ មួយទៀត តថាគត មិនសំគាល់បុរសណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់ នូវបុរសណាថា គួរពោល គួរប្រៀនប្រដៅដែរ ម្នាលកេសី បុរសនោះ ឈ្មោះថា ត្រូវសម្លាប់ដោយល្អ ក្នុងអរិយវិន័យ។ ព្រះតថាគត មិនសំគាល់បុរស​ណាថា គួរពោល គួរប្រៀនប្រដៅ សូម្បីពួកវិញ្ញូជន ជាសព្រហ្មចារី ក៏មិនសំគាល់បុរស​ណា​ថា គួរពោល គួរប្រៀនប្រដៅ​ដែរ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ឈ្មោះថា ត្រូវ​សម្លាប់​ដោយល្អ ដោយពិត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុរស ផ្ងារនូវរបស់ដែលគេផ្កាប់ ឬបើក​បង្ហាញ នូវរបស់ដែលកំបាំង ពុំនោះសោត ដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬទ្រោល​ប្រទីប ក្នុងទីងងឹត ដោយគិតថា បុគ្គលមានចក្ខុ រមែងមើលឃើញ នូវរូបទាំង​ឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយ ដោយអនេក​បរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយ​ជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

ជវសូត្រ ទី២

[១១២] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ ប្រកបដោយអង្គ ៤ ជាសេះ​ចំរើន​របស់ស្តេច គួរដល់ស្តេច ទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថាជាអង្គរបស់ស្តេច។ ប្រកប​ដោយអង្គ ៤ ដូចម្តេចខ្លះ។ គឺប្រកបដោយសេចក្តីស្មោះត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយការស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ សេះជាអាជានេយ្យ ប្រកបដោយអង្គ ៤ នេះ ជាសេះចំរើនរបស់ស្តេច គួរដល់ស្តេចទុកជាព្រះរាជទ្រព្យ ដល់ នូវការរាប់ថា ជាអង្គរបស់ស្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ក៏ដូច្នោះដែរ គឺជាអ្នកគួរគេបូជា គួរទទួលនូវអាគន្តុកទាន ជាអ្នកគួរទទួល នូវទក្ខិណាទាន ជាអ្នកគួរ​ដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរនៃសត្វលោក។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺប្រកបដោយសេចក្តីស្មោះត្រង់ ១ ដោយសន្ទុះ ១ ដោយអំណត់ ១ ដោយ​ការស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ជាអ្នកគួរទទួលនូវទាន ដែលគេនាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរនៃសត្វលោក។

បតោទសូត្រ ទី៣

[១១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន មាន ៤ ពួក រមែងមាននៅក្នុង​លោក។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញនូវស្រមោល នៃជន្លួញហើយ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើ​តប​ទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននពួកខ្លះ ក្នុងលោកនេះ មានសភាព​ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅ​ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏​ចំរើន​ពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តី តក់ស្លុតទេ លុះតែគេចាក់ត្រង់រោម ដោយជន្លួញ ទើបរំភើបដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹង​ធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យ​ដ៏ចំរើន​ពួកខ្លះ ក្នុងលោកនេះ ឃើញនូវស្រមោល នៃជន្លួញហើយ នៅតែមិនរំភើប ដល់នូវសេចក្តី​តក់ស្លុត ទុកជាចាក់ត្រង់រោម (ដោយជន្លួញ) ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែចាក់ត្រង់ស្បែក ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នក​ទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើនូវហេតុអ្វីដល់អញ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ មាន​សភាព​ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅ​ក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើន ពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញ​ហើយ នៅតែមិនរំភើបដល់នូវសេចក្តី​តក់​ស្លុត ទុកជាគេ​ចាក់​ត្រង់​រោម ដោយជន្លួញ ក៏នៅតែមិនរំភើបដល់នូវសេចក្តីតក់ស្លុតដែរ ទុកជាគេចាក់​ត្រង់​ស្បែក ដោយជន្លួញ ក៏នៅតែមិនរំភើប ដល់នូវសេចក្តីតក់ស្លុតដែរ លុះតែគេចាក់ដល់​ឆ្អឹង ដោយជន្លួញ ទើបរំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែល​គួរ​ទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងត្រូវធ្វើតបទៅនាយសារថីនោះ ដូច​ម្តេច។ ម្នាល​ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ ក៏មានសភាព​យ៉ាង​នេះ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុង​លោក។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ចំរើននេះ មាន ៤ ពួក រមែង​មាននៅក្នុង​លោក ក៏ដូច្នោះដែរ។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យ​ដ៏ចំរើន​ពួកខ្លះ ក្នុងលោកនេះ ឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តី​ទុក្ខ​ក្តី ធ្វើមរណកាលទៅក្តី បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់ព្យាយាម ដោយឧបាយ​នៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើ​ឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយ​នាមកាយ​ផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏​ចំរើននោះ គ្រាន់តែឃើញ​នូវ​ស្រមោល​ជន្លួញហើយ ក៏រំភើបដល់នូវសេចក្តី​តក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុរសអាជានេយ្យ​ដ៏ចំរើន​នេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ បុរសអាជានេយ្យដ៏ចំរើន​ពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះបុរសអាជានេយ្យ​ដ៏​ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុរសអាជានេយ្យដ៏​ចំរើន​ពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវ​សេចក្តីទុក្ខ ឬធ្វើមរណកាល ស្រាប់តែឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តី​ទុក្ខ ឬធ្វើមរណកាល បុរស​អាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុ​នោះ (បុរសអាជានេយ្យ​នោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃ​ប្រាជ្ញា មានចិត្ត​បញ្ជូន​ទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយ​នាមកាយ​ផង ចាក់ធ្លុះ ឃើញ​ច្បាស់ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ចំរើននោះ គ្រាន់​តែ​ត្រូវ​គេចាក់ដោយជន្លួញត្រង់រោម ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏​ចំរើននេះ មាន​ឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យ​ដ៏ចំរើន​ពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាបុរស​អាជានេយ្យ​ដ៏ចំរើន ទី២ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុរសអាជានេយ្យ​ដ៏ចំរើន​ពួកខ្លះ ក្នុងលោកនេះ មិនបានឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬក្នុងនិគមឯណោះ ដល់នូវ​សេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនបានឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់​នូវ​សេចក្តី​ទុក្ខ ឬធ្វើមរណកាលឡើយ មួយទៀត លុះតែញាតិ ឬសាលោហិត របស់​បុរស​អាជានេយ្យនោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ បុរស​អាជានេយ្យនោះ ទើប​រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ដំកល់នូវសេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយ​បញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញ​ត្រង់ស្បែក ទើបរំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុរសអាជានេយ្យដ៏​ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាព ដូច្នេះ ម្នាល​ភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាល​ភិក្ខុទាំងឡាយ មួយវិញទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិន​ឃើញ​ដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ទោះបីញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ក៏មិនដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ស្រាប់តែខ្លួនឯង ពាល់ត្រូវដោយទុក្ខវេទនា ជាទីប្រជុំចុះក្នុងកាយដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ជាទីនាំបង់នូវជីវិត បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ទើប​ដំកល់​សេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិញ្វន ទើប​ធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយ​បញ្ញាផង ម្នាល​ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយ​ជន្លួញ​ត្រង់ឆ្អឹង ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៤ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ បុរសអាជានេយ្យដ៏ចំរើន ៤ ពួកនេះ រមែងមាននៅក្នុងលោក។

នាគសូត្រ ទី៤

[១១៤] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៤ ជាដំរី​គួរដល់​ស្តេចទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេច។ ប្រកបដោយអង្គ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វ​មាន​ត្រចៀក (វៃ) ១ ជាសត្វបៀតបៀន ១ ជាសត្វអត់ធ្មត់ ១ ជាសត្វដើរ (លឿន) ១។ ម្នាលភិក្ខុទាំង​ឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វមានត្រចៀក (វៃ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ សារថី អ្នកបង្ហាត់នូវដំរី ដែល​គួរបង្ហាត់ ឲ្យធ្វើនូវហេតុណា ទោះបីខ្លួនធ្លាប់ធ្វើក្តី ទោះបីខ្លួនមិនធ្លាប់ធ្វើក្តី ក៏ធ្វើនូវហេតុ​នោះ ឲ្យមានប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមក នូវហេតុទាំងអស់ ដោយ ចិត្ត មាន​ត្រចៀកផ្ទៀងស្តាប់។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វមានត្រចៀក (វៃ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលចូល​សង្គ្រាម ក៏បៀតបៀននូវដំរីផងគ្នាផង បៀតបៀន នូវទ្រម័កដំរី ផង បៀតបៀននូវសេះផង បៀតបៀននូវអ្នកជិះសេះផង បៀតបៀននូវរថផង បៀតបៀន នូវបុរសអ្នកជិះរថផង បៀតបៀននូវសេនាថ្មើជើងផង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ​អត់ធ្មត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាល​ចូល​សង្រ្គាម ជាសត្វអត់ធ្មត់នឹងការ​ប្រហារដោយលំពែង ប្រហារដោយដាវ ប្រហារដោយ​ពូថៅ (ជាសត្វអត់ធ្មត់) នឹង សំឡេងស្គរជ័យ ខ្លុយ ស័ង្ខ ស្គរធំ និងសូរសំឡេង​គឹកកង​ទាំងឡាយបាន។ ម្នាល​ភិក្ខុទាំងឡាយ ដំរីដ៏ប្រសើរ របស់ស្តេច ជាសត្វអត់ធ្មត់ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ សារថីអ្នកបង្ហាត់នូវដំរី ដែលគួរបង្ហាត់ បញ្ជូនទៅកាន់ទិសណា ទោះបីធ្លាប់ទៅក្តី មិនធ្លាប់ទៅក្តី ក៏ជាសត្វដើរ (លឿន) ទៅកាន់​ទិសនោះ ដោយឆាប់។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វដើរ (លឿន) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកប​ដោយអង្គ ៤ នេះ ជាដំរីគួរដល់ស្តេចទុកជាព្រះរាជទ្រព្យ ដល់នូវការរាប់ថាជាអង្គរបស់​ស្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង ក៏ដូច្នោះដែរ គឺជាអ្នកគួរ​ទទួល​នូវទាន ដែល​គេនាំ​មកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជា​បុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៤ យ៉ាង តើដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសោតប្រសាទវៃផង ជាអ្នកបៀតបៀនផង ជា​អ្នក​អត់ធ្មត់ផង ជាអ្នកដើរ (លឿន) ផង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានសោត ប្រសាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលគេកំពុង​សំដែង​ធម្មវិន័យ ដែលតថាគតប្រកាសហើយ ក៏ធ្វើឲ្យមានប្រយោជន៍ ធ្វើទុក​ក្នុងចិត្ត ប្រមូល​មក​នូវ​ធម្មវិន័យទាំងអស់ដោយចិត្ត មានសោតប្រសាទ ផ្ទៀងចុះ ចាំស្តាប់នូវធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមានសោតប្រសាទវៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ​ជា​អ្នកបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនទទួល​រ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវកាមវិតក្កៈ ដែល​កើត​ឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិន​ឲ្យកើតតទៅទៀត នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង ​លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្កៈ ដែលកើត​ឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ ៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធ្មត់ តើដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធ្មត់ នូវត្រជាក់ ក្តៅ សេចក្តី​ឃ្លាន សេចក្តីស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និង​ពាក្យ​ដែល​គេ​និយាយ​អាក្រក់ និងគន្លងនៃពាក្យ ដែលកើតឡើង និងទុក្ខវេទនា ជាទីប្រជុំចុះ ក្នុងសរីរៈ ដ៏​ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទី​នាំបង់នូវជីវិត ជាអ្នកប្រកប​ដោយអធិវាសនក្ខន្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអត់ធ្មត់ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ ទិសណា ដែលគេមិនធ្លាប់ទៅ ដោយកាលយូរអង្វែងនេះ សភាវៈណា ដែលជាទី​រម្ងាប់​​បង់ នូវសង្ខារទាំងពួង ជាទីលះបង់ នូវឧបធិទាំងពួង ជាទី​អស់​ទៅ​នៃ​តណ្ហា ជាទី​ប្រាស​ចាក​​រាគៈ ជាទីរលត់ គឺព្រះនិញ្វន ភិក្ខុក្នុងសាសនានេះ ជាអ្នកដើរទៅកាន់ទិស និងសភាវៈ​នោះ ដោយឆាប់រួសរាន់បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដើរ (លឿន) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ជាអ្នកគួរទទួល​នូវទាន ដែលគេនាំមកបូជា ជាអ្នកគួរទទួលនូវអាគន្តុកទាន ជាអ្នកគួរ​ទទួល​នូវ​ទក្ខិណា​ទាន ជាអ្នកគួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើររបស់សត្វលោក។

ឋានសូត្រ ទី៥

[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះ រមែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីមិនជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិន​ជាទី​គាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បី​មិន​ជា​ប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែល​បុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន។ ម្នាល​ភិក្ខុទាំងឡាយ បណ្តា​ហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវ​ហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺ ការ​ធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើ ១ ហេតុណាដែល​បុគ្គលធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ក៏សំគាល់​នូវហេតុនេះ ថាជាហេតុ​ដែល​ខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គល រមែងសំគាល់នូវហេតុនេះ ថាជាហេតុ​ដែល​ខ្លួនមិនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្ត​ទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់​ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុង​សេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹង​ប្រែង របស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុ​មិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជា​ប្រយោជន៍ ជនពាលនោះ ទើបមិន​ធ្វើ​នូវហេតុនោះ ហេតុដែលជនពាលមិនធ្វើនោះ រមែង​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែង​ពិចារណា​​ដូច្នេះថា ការធ្វើនូវហេតុ​មិនជា​ទី​គាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែល​បណ្ឌិតធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ បណ្ឌិតនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុ ទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គេត្រូវដឹងច្បាស់ ក្នុងហេតុនេះ គឺក្នុងកំឡាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹង​ប្រែង​របស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណាដូច្នេះថា ការធ្វើនូវហេតុ ជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជា​ប្រយោជន៍ ជនពាលនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលជនពាលធ្វើនោះ រមែង​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែង​ពិចារណា​ ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏មែនពិតហើយ តែថា ហេតុដែល​ធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះ មិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវ​ហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គលរមែងសំគាល់នូវ​ហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជា​ប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុ ដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ មាន ៤ យ៉ាងនេះឯង។

អប្បមាទសូត្រ ទី៦

[១១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីធ្វើសេចក្តីមិនប្រមាទ ដោយហេតុ ៤ យ៉ាង។ ដោយហេតុ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវ​កាយទុច្ចរិត ចូរចំរើននូវកាយសុចរិតវិញ ទាំងកុំបីប្រមាទ ក្នុងកាយសុចរិតនោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវវចីទុច្ចរិត ចូរចំរើននូវវចីសុចរិតវិញ ទាំងកុំបី​ធ្វេសប្រហែស ក្នុងវចីសុចរិត​នោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវមនោទុច្ចរិត ចូរចំរើននូវមនោសុចរិតវិញ ទាំងកុំបីធ្វេសប្រហែល ក្នុង​មនោសុចរិត​នោះឡើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់នូវមិច្ឆាទិដ្ឋិ ចូរចំរើននូវសម្មាទិដ្ឋិ ទាំងកុំបី​ធ្វេសប្រហែស ក្នុងសម្មាទិដ្ឋិនោះឡើយ ១។ ម្នាលភិក្ខុទាំង​ឡាយ កាលណាបើភិក្ខុ​លះបង់ នូវកាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត លះបង់មិច្ឆាទិដ្ឋិ ចំរើនសម្មាទិដ្ឋិ​ហើយ ភិក្ខុនោះ តែងមិនខ្លាចសេចក្តី​ស្លាប់ ដែលប្រព្រឹត្តទៅក្នុងខាងមុខ។

អារក្ខសូត្រ ទី៧

[១១៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនប្រមាទ គឺការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរ​ធ្វើតាមសមគួរដល់ខ្លួន ក្នុងហេតុ ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ​សេចក្តី​មិន​ប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើ តាមសមគួរដល់ខ្លួន​ថា ចិត្តរបស់​អាត្មាអញ កុំត្រេកត្រអាលទៅក្នុងធម៌ទាំងឡាយ ដែលគួរត្រេកត្រអាល​ឡើយ ១ សេចក្តី​មិន​ប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ ដែលបុគ្គល​គួរធ្វើតាម​សមគួរដល់ខ្លួនថា ចិត្តរបស់​អាត្មាអញ កុំប្រទុស្ត ក្នុងធម៌ទាំងឡាយ ដែលគួរ​ប្រទុស្ត​ឡើយ ១ សេចក្តីមិន​ប្រមាទ បានដល់ការថែរក្សា នូវចិត្តដោយសតិ បុគ្គលគួរធ្វើតាមសមគួរ​ដល់ខ្លួនថា ចិត្ត​របស់​អាត្មាអញ កុំភាន់ច្រឡំ ក្នុងធម៌ទាំងឡាយ ដែលគួរភាន់ច្រឡំ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយសតិ បុគ្គលគួរធ្វើតាម​សមគួរដល់ខ្លួនថា អាត្មាអញ កុំស្រវឹង ក្នុងធម៌ទាំងឡាយ ដែលគួរស្រវឹងឡើយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណា​បើភិក្ខុមានចិត្តមិនត្រេកអរ ក្នុងធម៌ដែលគួរត្រេកអរ ព្រោះប្រាសចាករាគៈ មានចិត្តមិន​ប្រទុស្ត ក្នុងធម៌ដែល​គួរ​ប្រទុស្ត ព្រោះប្រាសចាកទោសៈ មានចិត្តមិនវង្វេង ក្នុងធម៌ដែល​គួរវង្វេង ព្រោះប្រាស​ចាកមោហៈ មានចិត្តមិនស្រវឹង ក្នុងធម៌ដែលគួរស្រវឹង ព្រោះប្រាស​ចាក​សេចក្តីស្រវឹង ភិក្ខុនោះ មិនញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនដល់នូវសេចក្តីតក់ស្លុត ទាំងមិនប្រព្រឹត្តទៅ ព្រោះហេតុតែពាក្យរបស់សមណៈ។

សំវេជនីយសូត្រ ទី៨

[១១៨] ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រ​មានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត កើតក្នុងលោកនេះ​ហើយ ដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត​ត្រាស់ដឹង ចំពោះនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោកនេះហើយ ដូច្នេះ ១ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែលកុលបុត្រ​មានសទ្ធា គួរឃើញ គួរសំវេគថា​ ព្រះតថាគត ញុំាង​ធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងលោកនេះ​ហើយ ដូច្នេះ ១ ម្នាលភិក្ខុទាំងឡាយ ហេតុដែលកុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគថា ព្រះតថាគត ទ្រង់បរិនិញ្វន ដោយ​អនុបាទិសេសនិញ្វនធាតុ ក្នុងលោក​នេះហើយ ដូច្នេះ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដែល​កុលបុត្រមានសទ្ធា គួរឃើញ គួរសំវេគ មាន ៤ យ៉ាងនេះ។

បឋមភយសូត្រ ទី៩

[១១៩] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ មាន ៤ យ៉ាងនេះឯង។

ទុតិយភយសូត្រ ទី១០

[១២០] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ អគ្គិភ័យ ១ ឧទកភ័យ ១ រាជភ័យ ១ ចោរភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ មាន ៤ យ៉ាងនេះឯង។

ចប់ កេសីវគ្គ ទី២។

ឧទ្ទាននៃកេសីវគ្គនោះគឺ

និយាយអំពីសារថី អ្នកបង្ហាត់សេះ ឈ្មោះកេសី ១ អំពីសន្ទុះ ១ អំពីជន្លួញ ១ អំពីដំរី​ដ៏ប្រសើរ ១ អំពីហេតុ ជាគំរប់ប្រាំ ១ អំពីសេចក្តីមិនប្រមាទ គឺការ​ថែរក្សាចិត្ត ដោយសតិ ១ អំពីហេតុដែលគួរសំវេគ ១ អំពីភ័យ មានពីរលើក។

ភយវគ្គ

អត្តានុវាទសូត្រ ទី១

[១២១] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺ អត្តានុវាទភ័យ (ភ័យអំពីការតិះដៀលខ្លួនឯង) ១ បរានុវាទភ័យ (ភ័យអំពីការ​តិះដៀល របស់បុគ្គលដទៃ) ១ ទណ្ឌភ័យ (ភ័យអំពីទណ្ឌកម្ម) ១ ទុគ្គតិភ័យ (ភ័យអំពី​ទុគ្គតិ គឺអបាយ​ទាំងបួន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះអត្តានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើខ្លួនអញ ប្រព្រឹត្តទុច្ចរិត​ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើខ្លួនអញ នឹងមិន​តិះដៀល​ខ្លួនឯង ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើង អំពីការតិះដៀលខ្លួនឯង ហើយលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា អត្តានុវាទភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះបរានុវាទភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា ប្រសិនបើ អញប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តើ​បុគ្គល​ដទៃ នឹងមិនតិះដៀលខ្លួនអញ ព្រោះសីលទេឬ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីការតិះដៀល របស់បុគ្គលដទៃ ហើយលះបង់កាយទុច្ចរិត ចំរើន​កាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើន មនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បរានុវាទភ័យ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះទណ្ឌភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឃើញព្រះរាជាទាំងឡាយ កំពុងចាប់ចោរ ប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់​ឲ្យធ្វើ​កម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយ​ដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម គឺអំពើដែលគេ​ធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [ពីត្រឹមពិលង្គថាលិកកម្ម ទៅដល់បលាលបីឋកកម្ម មានយោងលេខពន្យល់យ៉ាង​ពិស្តារ ក្នុងសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក ភាគ២០ ត្រង់ទំព័រ ៣២១ និង៣២២ រួចហើយ។] ធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែល​គេធ្វើក្បាល ឲ្យរលីងដូចជាសម្បកស័ង្ខខ្លះ ធ្វើនូវរាហុមុខកម្ម គឺ អំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហូខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កា​ភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺ អំពើ​ដែលគេដុតដៃខ្លះ ធ្វើនូវឯរកវដ្តិកកម្ម គឺអំពើដែល​គេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចិរវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀក​សំពត់​សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិក​កម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវ​កហាបណកកម្ម គឺអំពើដែល​គេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ ៗខ្លះ ធ្វើនូវ​ខារាបដិច្ឆកកម្ម គឺអំពើដែល​គេ​យកទឹកផ្សា ស្រោចខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម គឺអំពើ​ដែល​គេធ្វើដូចជាបង្វិលជើង​គុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែល​គេ​ធ្វើឲ្យដូចជាកណ្តាប់​ចំបើង​ខ្លះ ស្រោចដោយប្រេងកំពុងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យ​ដេកផ្ងារ​លើឈើ​អណ្តោតទាំង​រស់ខ្លះ កាត់ក្បាលដោយដាវខ្លះ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា​ទាំងឡាយ កំពុងចាប់ចោរ ដែលប្រព្រឹត្តអាក្រក់ ហើយត្រាស់បង្គាប់ ឲ្យធ្វើកម្មការណ៍ មានប្រការផ្សេង ៗ គឺ វាយដោយរំពាត់ខ្លះ។បេ។ កាត់ក្បាលដោយ​ដាវខ្លះ ព្រោះហេតុនៃ​កម្ម ដ៏លាមក មានសភាពយ៉ាងណា ប្រសិនបើអញ ធ្វើនូវកម្មដ៏​លាមក មាន​សភាព​យ៉ាងនោះដែរ មុខជាព្រះរាជាទាំងឡាយ ចាប់ខ្លួនអញ ហើយធ្វើ​កម្មការណ៍ មានប្រការផ្សេង ៗ យ៉ាងនោះមិនខាន គឺវាយដោយរំពាត់ខ្លះ។បេ។ កាត់​ក្បាល​ដោយដាវខ្លះ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពីទណ្ឌកម្ម ហើយក៏​លែងប្រព្រឹត្តប្លន់​ដណ្តើម​យក​ទ្រព្យ ជាដើមទុន​របស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទណ្ឌភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះទុគ្គតិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាដូច្នេះថា កាយទុច្ចរិត មានផលអាក្រក់ ក្នុង​លោកខាងមុខ វចីទុច្ចរិត មានផលអាក្រក់ ក្នុងលោកខាងមុខ មនោទុច្ចរិត មានផល​អាក្រក់ ក្នុងលោកខាងមុខ ប្រសិនបើអញ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត​ដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះអាត្មាអញ បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅ​កើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះអំពើនោះពុំខានឡើយ បុគ្គលនោះ ក៏ខ្លាចចំពោះភ័យ ដែលកើតឡើងអំពី​ទុគ្គតិ​ ហើយក៏លះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ត្រឡប់រក្សាខ្លួនឲ្យស្អាតវិញ។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា ទុគ្គតិភ័យ [កាលបើបុគ្គលពិចារណា នូវអត្តានុវាទភ័យ និងទុគ្គតិភ័យ ហិរិរមែងតាំងឡើងក្នុងសន្តាន ចំណែកបុគ្គល ដែលពិចារណា នូវ​បរានុវាទភ័យ និង​ទណ្ឌភ័យ ឱត្តប្បៈខាងក្រៅ រមែងកើតឡើង។ ហិរិឱត្តប្បៈនោះ ក៏ញុំាងសំវរៈ ក្នុងទ្វារទាំង ៣ ឲ្យកើតឡើង សំវរៈនោះ ជាបច្ច័យឲ្យកើតចតុប្បារិសុទ្ធិសីល លុះបុគ្គលនោះ តាំងនៅ​ក្នុងសីលនោះ ហើយបានចំរើនវិបស្សនា រមែងដំកល់នៅក្នុង​ផលដ៏​ប្រសើរ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង។

ឩមិភយសូត្រ ទី២

[១២២] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់បុគ្គលកាល​ចុះទឹក។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ (ភ័យ អំពីរលកទឹក) ១ កុម្ភីលភ័យ (ភ័យអំពីក្រពើ) ១ អាវដភ័យ (ភ័យអំពីទឹកកួចវឹលវល់) ១ សុសុកាភ័យ (ភ័យអំពីត្រីកាច) ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤យ៉ាងនេះឯង រមែងមាន​ប្រាកដ ដល់បុគ្គល កាលចុះទឹក។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែង​មានប្រាកដ ដល់កុលបុត្តខ្លះ ក្នុង​លោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់​ផ្នួស ក៏យ៉ាងនោះ​ដែរ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ ១ កុម្ភីលភ័យ ១ អាវដភ័យ ១ សុសុកាភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ចុះឩមិភ័យ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា ព្យាធិ មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀត​បៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកង​ទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ពួក​សព្រហ្មចារី ​ក៏ទូន្មាន ប្រៀនប្រដៅនូវកុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា អ្នកត្រូវឈានដើរទៅមុខយ៉ាងនេះ អ្នកត្រូវថយ​ក្រោយ​យ៉ាងនេះ អ្នកត្រូវងាក​មើល​ទិសផ្សេង ៗ យ៉ាងនេះ អ្នកត្រូវបត់អវយវៈយ៉ាងនេះ អ្នកត្រូវលាអវយវៈយ៉ាងនេះ អ្នកត្រូវប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរយ៉ាងនេះ។ កុលបុត្ត​នោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ក៏ធ្លាប់ទូន្មានប្រៀនប្រដៅ​បុគ្គលដទៃដែរ គួរបើដែរ លោកទាំងនេះ (មានជំនាន់) ប្រហែល​ត្រឹមតែកូន ត្រឹមតែចៅ របស់យើងប៉ុណ្ណោះ មកសំគាល់នូវយើង ថាជាបុគ្គលគួរទូន្មាន គួរប្រៀន​ប្រដៅវិញ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ចិត្ត លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏​ថោកទាបវិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីរលក ហើយលា​សិក្ខា ត្រឡប់ទៅ​កាន់ភេទ​ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលក​នេះឯង ជាឈ្មោះ​នៃសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅ​ថា ឩមិភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះកុម្ភីលភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធាចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញតែងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី ចង្អៀត​ចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវ​ទីបំផុត នៃកងទុក្ខ​ទាំងអស់នេះ ឲ្យបា្រកដបាន។ ពួកសព្រហ្មចារី ក៏​ទូន្មាន​ប្រៀន​ប្រដៅ​កុលបុត្ត ដែលបួសដោយប្រការដូច្នោះនោះថា របស់នេះ អ្នកគួរទំពាស៊ី របស់នេះ អ្នកមិនគួរទំពាស៊ី របស់នេះ អ្នកគួរបរិភោគ របស់នេះ អ្នកមិនគួរបរិភោគ របស់នេះ អ្នកគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកមិនគួរជញ្ជាបជញ្ជក់ របស់នេះ អ្នកគួរផឹក របស់នេះ អ្នកមិនគួរផឹក របស់ដែលគួរ អ្នកគប្បីទំពាស៊ី របស់ដែលមិនគួរ អ្នកមិនគប្បីទំពាស៊ី របស់​ដែល​គួរ អ្នកគប្បីបរិភោគ របស់ដែលមិនគួរ អ្នកមិនគប្បីបរិភោគ របស់ដែលគួរ អ្នកគប្បី​ជញ្ជាបជញ្ជក់ របស់ដែលមិនគួរ អ្នកមិនគប្បីជញ្ជាបជញ្ជក់ របស់ដែលគួរ អ្នកគប្បីផឹក របស់ដែលមិនគួរ អ្នកមិនគប្បីផឹក អ្នកគួរទំពាស៊ី តែក្នុងកាលគួរ អ្នកមិនគួរ​ទំពាស៊ី​ក្នុងកាលមិនគួរ អ្នកគួរបរិភោគ តែក្នុងកាលគួរ អ្នកមិនគួរបរិភោគ ក្នុងកាលមិនគួរ អ្នកគួរជញ្ជាបជញ្ជក់ តែក្នុងកាលគួរ អ្នកមិនគួរជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរ អ្នក​គួរផឹក​តែក្នុងកាលគួរ អ្នកមិនគួរផឹក ក្នុងកាលមិនគួរទេ។ កុលបុត្រនោះ មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា ​យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ (បើ) ចង់របស់ណា ក៏ទំពាស៊ី​របស់​នោះ មិនចង់របស់ណា មិនទំពាស៊ីរបស់នោះទេ ចង់របស់ណា ក៏បរិភោគរបស់នោះ មិនចង់របស់ណា ក៏មិនបរិភោគរបស់នោះទេ ចង់របស់ណា ក៏ជញ្ជាបជញ្ជាក់របស់នោះ មិនចង់របស់ណា ក៏មិនជញ្ជាបជញ្ជក់របស់នោះ ចង់ទឹកណា ក៏ផឹកទឹកនោះ មិនចង់ទឹក​ណា ក៏មិនផឹកទឹកនោះ តែងទំពាស៊ីរបស់​ដែលគួរក៏បាន ទំពាស៊ីរបស់ដែលមិនគួរក៏បាន បរិភោគភោជន ដែលគួរក៏បាន បរិភោគភោជន ដែលមិនគួរក៏បាន ជញ្ជាបជញ្ជក់របស់​ដែលគួរ​ក៏បាន ជញ្ជាបជញ្ជក់ របស់ដែលមិនគួរក៏បាន ផឹកទឹកដែលគួរក៏បាន ផឹកទឹកដែល​មិនគួរក៏បាន ទំពាស៊ី​ក្នុងកាលគួរក៏បាន ទំពាស៊ីក្នុងកាលមិនគួរក៏បាន បរិភោគក្នុងកាល​គួរក៏បាន បរិភោគក្នុងកាលមិនគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរក៏បាន ផឹកក្នុងកាលគួរក៏បាន ផឹកក្នុងកាលមិនគួរក៏បាន ពួកគហបតី ដែលមានសទ្ធា ធ្លាប់ឲ្យខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងក្នុងវេលាថ្ងៃ ជា​កាល​មិនគួរ ឥឡូវនេះ លោកទាំងនេះ ធ្វើទំនងដូចជាបិទមាត់ (អញ) ចំពោះ​ខាទនីយភោជនីយាហារ (របស់គហបតី) ទាំងនោះ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ ចិត្ត​ ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីក្រពើ ហើយលាសិក្ខា ត្រឡប់ទៅកាន់​ភេទ​ដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភ័យអំពីក្រពើនេះឯង ជាឈ្មោះនៃ​សេចក្តី​ប្រាថ្នា​អាហារចំអែតពោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុម្ភីលភ័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះអាវដភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខ​គ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទី​បំផុត​ នៃ​កងទុក្ខទាំងអស់​នេះ ឲ្យបា្រកដបាន។ កាលបុគ្គល​នោះបួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​វេលាបុព្វណ្ហសម័យ ចូលទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិន​សង្រួម​កាយ មិនសង្រួមវាចា មិនសង្រួមចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញ​គហបតីក្តី កូនគហបតីក្តី ដែលឆ្អែត​ស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយ​កាមគុណ ទាំង ៥ ក្នុងស្រុក ឬនិគមនោះ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើង​ហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ជាអ្នកធ្លាប់ឆ្អែត ស្កប់ស្កល់ ព្រមព្រៀង មូលមិត្ត​ដោយ​កាមគុណ ទាំង ៥ ដែរ ទាំងភោគ​សម្បត្តិ ក្នុង​ត្រកូល​របស់អញ ក៏មាន​គ្រប់គ្រាន់ អញអាចនឹងប្រើប្រាស់ភោគសម្បត្តិ​បានផង និងធ្វើនូវបុណ្យ ក៏បានផង បើ​ដូច្នោះ គួរតែអញលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ ហើយប្រើប្រាស់​ភោគសម្បត្តិផង ធ្វើបុណ្យផង។ កុលបុត្តនោះ ក៏លា​សិក្ខា ត្រឡប់ទៅកាន់ភេទ​ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាច​ចំពោះ​ភ័យអំពីទឹកកួចវិល ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អាវដភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះសុសុកាភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀត​ចង្អល់​ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កាលកុលបុត្តនោះ បួសយ៉ាង​នេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនរក្សាកាយ មិនរក្សាវាចា មិនរក្សាចិត្ត មិន​ផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ កុលបុត្តនោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ឬដណ្តប់មិន​ស្រួល លុះកុលបុត្រ​នោះ ឃើញមាតុគ្រាម ដែលស្លៀកមិនស្រួល ដណ្តប់មិនស្រួលហើយ ក៏មានចិត្ត​ត្រូវ​រាគៈ​កំសួល​ឡើង កាលកុលបុត្តនោះ មាន​ចិត្ត​ត្រូវរាគៈ​កំសួលឡើងហើយ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីត្រីកាច ហើយលាសិក្ខា ត្រឡប់ទៅកាន់​ភេទដ៏ថោកទាប។ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា ភ័យអំពីត្រីកាចនេះ ជាឈ្មោះនៃ​មាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុសុកាភ័យ។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាង​នេះឯង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យ​នេះ ចេញចាកផ្ទះ ចូលកាន់​ផ្នួស។

បឋមនានាករណសូត្រ ទី៣

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់​ចាក​កាម ស្ងាត់ចាកអកុសលធម៌ ក៏បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ​​និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់​សម្រាន្តនៅ។ កុលបុត្តនោះ ក៏ត្រេកអរ​នឹងបឋមជ្ឈាន​នោះ ស្រឡាញ់បឋមជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ ដោយ​បឋមជ្ឈាននោះ ឋិតនៅក្នុង​បឋមជ្ឈាននោះ មានចិត្តចុះស៊ប់ ក្នុងបឋមជ្ឈាននោះ ជាអ្នកនៅច្រើន ដោយបឋមជ្ឈាន​នោះ មិនបានសាបសូន្យចាកឈាន លុះធ្វើ​មរណកាលទៅ រមែងទៅកើតជាមួយ​នឹងពួក​ព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា ប្រមាណ ១ កប្ប [បឋមជ្ឈាន (មាន ៣ចំណែក) គឺបឋមជ្ឈានដ៏ថោកទាប ១ បឋមជ្ឈានយ៉ាងកណ្តាល ១ បឋមជ្ឈានយ៉ាងឧត្តម ១។ កប្ប ១ ចែកជា៣ចំណែក ៗទី៣ ទុកជាប្រមាណ​នៃ​អាយុរបស់សត្វ ដែលកើតដោយ​បឋមជ្ឈាន ដ៏ថោកទាប កន្លះកប្ប ជាប្រមាណនៃ​អាយុ​របស់សត្វ ដែលកើតដោយ​បឋមជ្ឈាន​យ៉ាងកណ្តាល ១កប្ប ជាប្រមាណ នៃអាយុ​របស់សត្វ ដែលកើតដោយ​បឋមជ្ឈាន យ៉ាងឧត្តម។ អដ្ឋកថា។] ព្រហ្មបុថុជ្ជនឋិត​នៅក្នុង​ទីនោះ ដរាប​អស់​កំណត់​អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹម​ណា លុះព្រហ្មបុថុជ្ជន​នោះ ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន កំណើត​ខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មាន​កំណត់​​​ត្រឹមណា ក៏ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះ​តែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេង​គ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែល​មិន​មាន​សេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុង​លោកនេះ បានដល់ទុតិយជ្ឈាន ជាធម្មជាត កើតមានក្នុងសន្តានចិត្ត ប្រកប​ដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែ​បីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងទុតិយជ្ឈាននោះ ស្រឡាញ់ទុតិយជ្ឈាននោះ ដល់នូវសេចក្តីត្រេកអរ​ ដោយ​ទុតិយជ្ឈាននោះ ឋិតនៅក្នុងទុតិយជ្ឈាននោះ មានចិត្តចុះ​ស៊ប់ ក្នុងទុតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងទុតិយជ្ឈាននោះ មិន​បាន​សាប​សូន្យ​ចាក​ឈាន លុះធ្វើ​មរណកាល​ទៅ រមែងទៅកើតជា​មួយនឹង​ពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតាជាន់អាភស្សរៈ ប្រមាណ២កប្ប [ទុតិយជ្ឈាន ក៏ចែកជា ៣ចំណែក ដូចបឋមជ្ឈានដែរ គឺសត្វដែលកើតក្នុងអាភស្សរព្រហ្ម ដោយទុតិយជ្ឈានដ៏ឧត្តម មាន​អាយុ​ប្រមាណ ៨កប្ប ដោយទុតិយជ្ឈានយ៉ាងកណ្តាល អាយុ ៥កប្ប ដោយ​ទុតិយជ្ឈាន​យ៉ាង​ថោកទាប អាយុ២កប្ប។ អដ្ឋកថា។] ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់​កំណត់​អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះ​ព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់​តិរច្ឆាន​កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ក៏ឋិត​នៅ​ក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់​ត្រឹមណា លុះញុំាងអាយុទាំងអស់​នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះ សេចក្តី​ប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់​អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះនឿយ​ណាយ ចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានស្មារតីដឹងខ្លួនផង បាននូវសុខ ដោយ​នាមកាយផង រមែងបានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈ​ទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ជាអ្នកព្រងើយកន្តើយ មានស្មារតី​នៅជាសុខ។ បុគ្គលនោះ ក៏ត្រេកអរនឹងតតិយជ្ឈាននោះ ស្រឡាញ់​តតិយជ្ឈាន​នោះ ដល់នូវសេចក្តីត្រេកអរ ដោយតតិយជ្ឈាននោះ ឋិតនៅក្នុងតតិយជ្ឈាន​នោះ មានចិត្តចុះស៊ប់ ក្នុងតតិយជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងតតិយជ្ឈាននោះ មិន​សាបសូន្យចាកឈាន លុះធ្វើ​មរណកាល​ទៅ ក៏ទៅកើតជាមួយ​នឹងពួកទេវតា​ជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួក​ទេវតា ជាន់សុភកិណ្ហៈ ប្រមាណ ៤ កប្ប [តតិយជ្ឈានចែកជា ៣ ចំណែក ដូច​ទុតិយជ្ឈាន​ដែរ គឺតតិយជ្ឈាន ដ៏​ថោកទាបអាយុ ១៦ កប្ប យ៉ាងកណ្តាល អាយុ ៣២ កប្ប យ៉ាងឧត្តម អាយុ ៦៤ កប្ប។ អដ្ឋកថា។] ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុ​របស់​ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាង​អាយុ​​ទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆាន​កំណើតខ្លះ ទៅ​កាន់​បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាប​អស់​កំណត់អាយុ ប្រមាណនៃអាយុ របស់ពួកទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាង​អាយុ​ទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំង​ឡាយ នេះសេចក្តីប្លែកគ្នា នេះសេចក្តីអធិប្បាយ នេះដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និង​ឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់​សុខផង លះបង់ទុក្ខផង ព្រោះវិនាសទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានសុខ មិនមានទុក្ខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពី​ឧបេក្ខា សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងចតុត្ថជ្ឈាននោះ ស្រឡាញ់ចតុត្ថជ្ឈាន​នោះ ដល់នូវសេចក្តី​តេ្រកអរ ដោយចតុត្ថជ្ឈាននោះ ឋិតនៅក្នុងចតុត្ថជ្ឈាននោះ មានចិត្ត​ចុះ​ស៊ប់ ក្នុងចតុត្ថជ្ឈាននោះ ជាអ្នកនៅដោយច្រើន ក្នុងចតុត្ថជ្ឈាននោះ មិនបានសាប​សូន្យ​ចាក​ឈាន លុះធ្វើមរណកាលទៅ រមែងទៅកើតជាមួយនឹង​ពួកទេវតា​ ជាន់​វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់វេហប្ផលៈ ប្រមាណ ៥០០ កប្ប [សំដៅយកឧបបត្តិជ្ឈាន​ ដ៏ឧត្តមតែម៉្យាង ឯប្រមាណនៃអាយុ ក្នុងស្ថានវេហប្ផលព្រហ្ម​តែ​ប៉ុណ្ណេះឯង ព្រោះព្រហ្មនេះ មិនមានចែកជា ៣ ៗ ដូចជាព្រហ្មក្នុងបឋមជ្ឈានភូមិ ជាដើម​ទេ។ អដ្ឋកថា។] ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃ​អាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាង​អាយុទាំង​អស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់​បិត្តិវិស័យ​ខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់​អស់​កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់​ត្រឹមណា លុះញុំាងអាយុ​ទាំងអស់នោះ ឲ្យអស់ហើយ ក៏រមែងបរិនិញ្វន ក្នុងភពនោះ​តែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និង​ឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួក នេះឯង រមែងមានប្រាកដក្នុងលោក។

ទុតិយនានាករណសូត្រ ទី៤

[១២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ស្ងាត់ចាកកាម ស្ងាត់ចាក​អកុសលធម៌ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រាន្តនៅ។ ធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តី​តានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះ​សូន្យ ថាជារបស់មិនមែនរបស់ខ្លួន បុគ្គលនោះ លុះបែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ រមែងចូលទៅ​កាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ (ការកើត) មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន សម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាននៅក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តី​តានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូល​ទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាន​ប្រាកដក្នុងលោក។

បឋមមេត្តាសូត្រ ទី៥

[១២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗ​គ្នា មានចិត្ត​ប្រកបដោយ​មេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់​សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង គឺទិសតូច ៗ ដោយការ​យកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេច សម្រាន្ត​នៅ។ បុគ្គលនោះ ក៏តេ្រកអរ​នឹងមេត្តានោះ ស្រឡាញ់មេត្តានោះ ដល់នូវសេចក្តី​តេ្រកអរ ដោយ​មេត្តានោះ ឋិតនៅក្នុងមេត្តានោះ មានចិត្ត​ចុះស៊ប់ ក្នុងមេត្តានោះ ជាអ្នកនៅ​ដោយច្រើន ដោយមេត្តានោះ មិនបានសាបសូន្យ​ចាកមេត្តា លុះធ្វើមរណកាល​ទៅ រមែងចូលទៅ​កាន់សហភាព នៃពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិក​ទេវតា មានប្រមាណ ១ កប្ប ព្រហ្មបុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបអស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុ​ទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់​បិត្តិវិស័យខ្លះ ចំណែក​សាវករបស់​ព្រះដ៏មាន​ព្រះភាគ ក៏ឋិតនៅក្នុងទីនោះ ដរាបអស់​កំណត់​អាយុ ប្រមាណ​នៃ​អាយុរបស់ទេវតា​ទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុ​ទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះ​តែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជា​សេចក្តី​ប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជា​ដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមាន​សេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមាន​សេចក្តីចេះដឹង ដោយគតិ និង​ឧបបត្តិ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្ត​ប្រកប​ដោយ​ករុណា ផ្សាយទៅកាន់​ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកប​ដោយករុណា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅ​កាន់​សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិស​តូច ៗ ដោយការ​យកខ្លួន ប្រៀបផ្ទឹម​នឹងសត្វទាំងពួង ក្នុងទិសទាំងពួង សម្រេច​សម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងករុណានោះ ស្រឡាញ់ករុណានោះ ដល់នូវសេចក្តីត្រេកអរ ដោយករុណានោះ ឋិតនៅក្នុង​ករុណានោះ មានចិត្តចុះស៊ប់ ក្នុងករុណានោះ ជាអ្នក​នៅដោយច្រើន ដោយករុណានោះ មិនបានសាបសូន្យ​ចាកករុណា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃ​ពួកទេវតា ជាន់អាភស្សរៈ មានប្រមាណ ២ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុ​របស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់​តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅ​ក្នុង​ទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណ​នៃអាយុរបស់ទេវតាទាំងនោះ មាន​កំណត់​ត្រឹមណា លុះញុំាង​អាយុទាំង​អស់នោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះ​តែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជា​ដំណើរ​​ផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមាន​​សេចក្តី​ចេះដឹង ដោយគតិ និង​ឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោក​នេះ មានចិត្តប្រកប​ដោយមុទិតា ផ្សាយទៅកាន់ទិសទី ១ ទិសទី  ២ ទិសទី៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកប​ដោយមុទិតា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួនប្រៀបផ្ទឹម​នឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏​ត្រេកអរនឹង​មុទិតា​នោះ ស្រឡាញ់​មុទិតា​នោះ ដល់នូវសេចក្តីត្រេកអរ ដោយមុទិតានោះ ឋិតនៅក្នុងមុទិតានោះ មានចិត្តចុះ​ស៊ប់ ក្នុងមុទិតានោះ ជាអ្នកនៅច្រើន ដោយមុទិតានោះ មិនបាន​សាបសូន្យ ចាកមុទិតា លុះធ្វើ​មរណកាលទៅ រមែងចូលទៅកាន់​សហភាព នៃពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំង​ឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ មាន​ប្រមាណ ៤ កប្ប បុថុជ្ជនឋិត​នៅក្នុង​ទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុ​របស់ទេវតា​ទាំងនោះ មាន​កំណត់​ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់​ហើយ រមែងទៅ​កាន់នរកខ្លះ ទៅកាន់តិរច្ឆាន​កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវក​របស់​ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុ​របស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងនោះ ឲ្យអស់ហើយ រមែងបរិនិញ្វន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តី​ប្លែកគ្នា នេះជា​សេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមាន​សេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្ត​ប្រកប​ដោយ​ឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វលោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរ​នឹង​ឧបេក្ខានោះ ស្រឡាញ់ឧបេក្ខានោះ ដល់នូវសេចក្តីតេ្រកអរ ដោយឧបេក្ខានោះ ឋិតនៅក្នុងឧបេក្ខានោះ មានចិត្តចុះស៊ប់ ក្នុងឧបេក្ខានោះ ជាអ្នកនៅ​ច្រើន ដោយ​ឧបេក្ខានោះ មិនបានសាបសូន្យ ចាកឧបេក្ខា លុះធ្វើមរណកាលទៅ រមែងចូលទៅ​កាន់សហភាព នៃពួកទេវតាជាន់វេហប្ផលៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួក​ទេវតា​ជាន់វេហប្ផលៈ មានប្រមាណ ៥០០ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់​អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះ​ព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់​តិរច្ឆាន​កំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវក​របស់ព្រះដ៏មានព្រះភាគ ឋិតនៅ​ក្នុង​ទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃ អាយុរបស់ទេវតាទាំងនោះ មាន​កំណត់​ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យ​អស់ហើយ រមែងបរិនិញ្វន ក្នុងភព​នោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តី​ប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជា​ដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិន​មានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែង​មានប្រាកដក្នុងលោក។

ទុតិយមេត្តាសូត្រ ទី៦

[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកប​ដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកប​ដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅ​កាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺ ទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិស​ទាំងពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាន ក្នុងលោកនោះ បុគ្គលនោះ តែងពិចារណា​ឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់​មិនមែន​របស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា… ។ មានចិត្តប្រកប​ដោយមុទិតា… ។ មានចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូច ៗ គ្នា មានចិត្ត​ប្រកប​ដោយ​ឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅ​កាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាង​ក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំង​ពួង សម្រេចសម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មានក្នុងលោកនោះ បុគ្គលនោះ តែង​ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែន​ជារបស់ខ្លួន។ បុគ្គលនោះ លុះ​បែកធ្លាយ​រាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាន​ប្រាកដក្នុងលោក។

បឋមតថាគតអច្ឆរិយសូត្រ ទី៧

[១២៧] ម្នាលភិក្ខុទាំងឡាយ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើតនៃតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុដែលអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត មាន​ស្មារតី​ដឹងខ្លួន ចុះកាន់ផ្ទៃនៃព្រះមាតា ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណ​មិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែក​លោកន្តរិក​នរក [នរកដែលតាំងនៅក្នុងចន្លោះ នៃចក្រវាឡ ៣ៗ ហៅថា​លោកន្តរៈ ១ ដូចជា​ឱកាស​ត្រង់កណ្តាល នៃប្រជុំកង់រទេះបី ៗ ឬបាត្របី ដែលគេដាក់​ទល់គ្នា​និងគ្នា នរកនោះឯង មានទំហំ ៨ ពាន់យោជន៍ សត្វដែលកើត​ក្នុងនរកនោះ ព្រោះធ្វើនូវកំហុស ដ៏មានទម្ងន់ ចំពោះមាតាបិតា និងសមណព្រាហ្មណ៍ ដែល​ប្រកប​ដោយ​ធម៌ ឬព្រោះអំពើដទៃ ដ៏ឆុត​ឆាប់ មានសម្លាប់សត្វរាល់ ៗ ថ្ងៃ ជាដើម សត្វនរកទាំងនោះ មានខ្លួន ៣ គាវុត មាន​ក្រចកវែង ៗ ព្យួរ តែងតោង​នឹងជើង​ភ្នំចក្រវាឡ ដោយក្រចក ដូចសត្វប្រចៀវតោង​ដើមឈើ។ អដ្ឋកថា។] ទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រ ខាងក្រោមជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន​យ៉ាងនេះ មានអានុភាពច្រើន​យ៉ាងនេះ [មានឫទ្ធិច្រើន ដោយហេតុរះឡើងម្តង បំភ្លឺបាន​ក្នុងទ្វីប ៣ មានអានុភាពច្រើន ដោយហេតុកំចាត់បង់ នូវងងឹត បញ្ចេញពន្លឺចម្ងាយ ៩ សែនយោជន៍ ទៅក្នុងទិសមួយ ៗ ។] រមែងផ្សាយទៅមិនដល់ [ព្រះចន្ទ្រ និង​ព្រះអាទិត្យទាំងនោះ ដើរចំកណ្តាលភ្នំចក្រវាឡ ឯលោកន្តរិកនរក កន្លងហួសភ្នំចក្រវាឡ​ទៅទៀត ព្រោះហេតុនោះ បានជាពន្លឺនៃ​ព្រះអាទិត្យ ព្រះចន្ទ្រ ផ្សាយទៅមិនដល់ក្នុង​នរកនោះ។ អដ្ឋកថា។] លោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវ​អានុភាពដ៏ប្រសើរ របស់ទេវតា​ទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិក​នរកនោះឯង ពួកសត្វណា ដែលកើត​ក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះ ក៏ស្គាល់គ្នា​និងគ្នា ដោយ​សារ​ពន្លឺនោះថា ឱហ្ន៎ ពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ អស្ចារ្យ​ចំឡែក ទី១ កើតប្រាកដឡើង ព្រោះការកើតឡើង នៃ​ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពោធិសត្វ មាន​ស្មារតី​ដឹងខ្លួន ប្រសូតចេញចាក​ផ្ទៃនៃព្រះមាតា ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ​ដែលអស្ចារ្យ​ចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជា​អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានត្រាស់ដឹង នូវអនុត្តរសម្មា​សម្ពោធិញ្ញាណ ក្នុងកាលណា។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ អស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ព្រះតថាគត ញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លង​បង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងមនុស្សលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជា​សម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរកទាំងប៉ុន្មាន ដែលជាទីចំហ មិន​មាន​អ្វី​ទ្រខាងក្រោម ជាទីងងឹត មានតែអ័ព្ទ​ងងឹតសូន្យសុង ពន្លឺនៃព្រះចន្ទ្រ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មាន​អានុភាពច្រើន យ៉ាងនេះ ក៏រមែង​ផ្សាយទៅមិនដល់ ក្នុងលោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លង​បង់​នូវអានុភាពដ៏ប្រសើរ របស់​ទេវតា​ទាំងឡាយ ក៏កើតមាន​ប្រាកដ ក្នុងលោកន្តរិកនរក​នោះ​ឯង ពួកសត្វណា កើតក្នុង​លោកន្តរិកនរកនោះ សត្វទាំងនោះឯង ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំង​ឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្ត​​សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាងនេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

ទុតិយតថាគតអច្ឆរិយសូត្រ ទី៨

[១២៨] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការ​កើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុអស្ចារ្យ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានអាល័យ [កាមគុណ ៥ ឬវដ្តៈទាំងអស់នេះ ហៅថា អាល័យក្នុងទីនេះ បានសេចក្តីថា ជាប់នៅដោយតណ្ហា និងទិដ្ឋិ។ អដ្ឋកថា។] ជាទីត្រេកអរ ត្រេកអរក្នុងអាល័យ រីករាយក្នុងអាល័យ ពពួក​សត្វ​នោះឯង កាលបើ​តថាគតសំដែងធម៌ ជាទំនាស់ដល់អាល័យ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំង​ឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានមានះជាទីត្រេកអរ ត្រេកអរ​ក្នុងមានះ រីករាយក្នុងមានះ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿង​កំចាត់បង់នូវមានះ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំង​ឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានសេចក្តីមិនស្ងប់​រម្ងាប់ជា​ទីតេ្រកអរ ត្រេកអរក្នុងសេចក្តីមិនស្ងប់រម្ងាប់ រីករាយក្នុងសេចក្តីមិនស្ងប់រម្ងាប់ ពពួកសត្វ​នោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងស្ងប់រម្ងាប់ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៣ កើត​ប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ ប្រកបដោយអវិជ្ជា ដូចខ្វាក់ ត្រូវ​អវិជ្ជារួបរឹត ពពួកសត្វនោះ កាលបើ​ព្រះតថាគត សំដែងធម៌ ជាគ្រឿងកំចាត់បង់អវិជ្ជា ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់​ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការ​កើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យ​ចំឡែក​ទាំង ៤ នេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។

អានន្ទអច្ឆរិយសូត្រ ទី៩

[១២៩] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទនេះ មាន ៤យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹង [សំដៅយកពួកភិក្ខុ ដែលមានប្រាថ្នា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ តែងចូលទៅរកព្រះអានន្ទសិន ឬពួកភិក្ខុ ដែលមកព្រោះ​ឮកិត្តិគុណ របស់​ព្រះអានន្ទត្ថេរថា ព្រះអានន្ទដ៏មានអាយុ មានរូបល្អ គួរឲ្យរមិលមើល ជាពហុស្សូត ជា​ធម្មកថិក ជាអ្នកមានលម្អក្នុងសង្ឃ។ បរិសទ្យ ៣ ខាងចុង ក៏មានន័យដូចនេះដែរ។] អានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយ​ធម៌ក្នុងទី​នោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​បរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុនីបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ តែងមាន​ចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទី [គឺនិយាយ នូវបដិសន្ថារធម៌ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះអ្នកល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ អ្នកទាំងឡាយ ធ្វើនូវអំពើក្នុងការយកចិត្តទុកដាក់ ដោយឧបាយ ប្រាជ្ញា បានបំពេញ​អាចរិយវត្ត និងឧបជ្ឈាយវត្តដែរឬ។] នោះ ភិក្ខុនីបរិសទ្យនោះ ក៏មាន​ចិត្ត​រីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែ​អានន្ទ​ឈប់ស្ងៀម ១។ ម្នាលភិក្ខុ​ទាំងឡាយ បើឧបាសកបរិសទ្យ ចូលទៅដើម្បី​ជួប​នឹងអានន្ទ ឧបាសកបរិសទ្យ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទ​និយាយ​ធម៌ ក្នុងទីនោះ ឧបាសកបរិសទ្យ [និយាយទូន្មានថា នែឧបាសក អ្នកទាំងឡាយ រក្សានូវសរណគមន៍ ៣ និងសីល ៥ ដូចម្តេចខ្លះ ធ្វើឧបោសថ ៨ ក្នុងខែ ១ ដូចម្តេចខ្លះ បំពេញ នូវឧបដ្ឋានវត្ត ដល់មាតាបិតា ដូចម្តេចខ្លះ ផ្គត់ផ្គង់សមណៈ និងព្រាហ្មណ៍ ដែលប្រកបដោយធម៌ ដូចម្តេចខ្លះ។ ក្នុងឧបាសិកាបរិសទ្យ ក៏ដូចគ្នា។ អដ្ឋកថា។] នោះ តែងមានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់​ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ ចូលទៅ​ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការ​ឃើញ​ផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យ ក៏មានចិត្តរីករាយ ដោយ​ភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែ​អានន្ទ​​ឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។

ចក្កវត្តិអច្ឆរិយសូត្រ ទី១០

[១៣០] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងសេ្តចចក្រពត្តិនេះ មាន ៤ យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើខត្តិយ​បរិសទ្យ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ខត្តិយបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការ​ឃើញ​ផង បើស្តេចចក្រពត្តិ មានព្រះរាជឱង្ការ (ដោយបដិសន្ថារធម៌) ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុ​ទាំង​ឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម។ ម្នាលភិក្ខុ​ទាំង​ឡាយ បើព្រាហ្មណបរិសទ្យនោះ ចូលទៅដើម្បីគាល់ស្តេចចក្រពត្តិ ព្រាហ្មណ​បរិសទ្យ​នោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការ​ក្នុងទីនោះ ព្រាហ្មណបរិសទ្យនោះ  ក៏មានចិត្តរីករាយ ដោយព្រះរាជ​ឱង្ការផង ម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែ​ស្តេចចក្រពត្តិ​ឈប់​ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើគហបតីបរិសទ្យចូលទៅ ដើម្បីគាល់​ស្តេចចក្រពត្តិ គហបតីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ គហបតីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ គហបតីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិ​ឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើសមណបរិសទ្យចូលទៅ ដើម្បីជួបស្តេចចក្រពត្តិ សមណបរិសទ្យ​នោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មាន​ព្រះឱង្ការក្នុងទីនោះ សមណបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះឱង្ការផង ម្នាល​ភិក្ខុ​ទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេច​ចក្រពត្តិ​ឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងស្តេចចក្រពត្តិ ៤ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ក៏មាន ៤ យ៉ាងដូច្នោះដែរ។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្ត​រីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យមិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ… ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ… ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកា​បរិសទ្យនោះ តែងមាន​ចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកា​បរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។

ចប់ ភយវគ្គ ទី៣។

ឧទ្ទាននៃភយវគ្គនោះគឺ [ឧទ្ទាននេះមានតែក្នុងអក្សរភូមា ។]

និយាយអំពីអត្តានុវាទភ័យ ១ អំពីឩមិភ័យ ១ អំពីដំណើរផ្សេងៗគ្នា នៃអរិយសាវក និង​បុថុជ្ជន មានពីរ ២ដង អំពីមេត្តា ១ អំពីហេតុអស្ចារ្យចំឡែក ២លើក និង២លើក​ដទៃ​ទៀត។

បុគ្គលវគ្គ

សំយោជនសូត្រ ទី១

[១៣១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនទាន់បានលះបង់​ឱរម្ភាគិយសញ្ញោជនៈ មិនទាន់លះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជា​បច្ច័យ​ដើម្បីបាននូវឧបបត្តិភព) មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជាបច្ច័យ ដើម្បីបាននូវភព)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់​ឧប្បត្តិប្បដិលាភិក​​សញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បានលះបង់ភវប្បដិលាភិក​សញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់​ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់​ភវប្បដិលាភិក​សញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់​បាន​លះបង់​ឱរម្ភាគិយសញ្ញោជនៈ មិនទាន់បានលះបង់​​ឧប្បត្តិប្បដិលាភិក​សញ្ញោជនៈ មិន​ទាន់​បានលះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់សកទាគាមី។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលនេះឯង ដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនបាន​លះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់​បាន​លះបង់​​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់​ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បាន​លះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់​បាន​លះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលបាន​លះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បាន​លះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់អន្តរាបរិនិញ្វយី។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់​ឧប្បត្តិប្បដិលាភិក​សញ្ញោជនៈ តែមិនទាន់បានលះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់​ឧប្បត្តិប្បដិលាភិក​សញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បាន​ដល់​អរហន្តខីណាស្រព។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់​ឱរម្ភាគិយសញ្ញោជនៈ បានលះបង់​ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់​ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែង​មាន​ប្រាកដក្នុងលោក។

បដិភានសូត្រ ទី២

[១៣២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានប្រាជ្ញា គួរតែមិនមានប្រាជ្ញារហ័ស [បានដល់បុគ្គល កាលដោះស្រាយប្រស្នា ក៏ដោះស្រាយត្រឹមត្រូវ តែដោះស្រាយមិន​រហ័ស គឺនិយាយ​សន្សឹមៗ។] ១ មានប្រាជ្ញារហ័ស តែមិនមានប្រាជ្ញាគួរ ១ មានប្រាជ្ញាគួរផង មានប្រាជ្ញា​រហ័ស​ផង ១ មានប្រាជ្ញាមិនគួរ មានប្រាជ្ញាមិនរហ័ស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤​ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

ឧគ្ឃដិតញ្ញូសូត្រ ទី៣

[១៣៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺ ឧគ្ឃដិតញ្ញូបុគ្គល ១ វិបចិតញ្ញូបុគ្គល ១ នេយ្យបុគ្គល ១ បទបរម​បុគ្គល [បុគ្គលដែលត្រាស់ដឹងធម៌ឆាប់រហ័ស ក្នុងវេលាដែលធម្មកថិកបង្ហើប សំដែង​ឡើង ហៅថា ឧគ្ឃដិតញ្ញូបុគ្គល។ បុគ្គលដែលត្រាស់ដឹងធម៌ ក្នុងកាលធម្មកថិក​បំបែក​សេចក្តីឲ្យ​ពិស្តារ ហៅថា វិបចិតញ្ញូបុគ្គល។ បុគ្គលលុះតែរៀន​ សាកសួរ ធ្វើទុក​ក្នុងចិត្ត ដោយ​ឧបាយប្រាជ្ញា ចូលទៅសេពគប់ អង្គុយជិតកល្យាណមិត្រ ទើបត្រាស់ដឹងធម៌ ដោយ​លំដាប់ ហៅថា នេយ្យបុគ្គល។​ បុគ្គលដែលស្តាប់ច្រើនក្តី សូត្ររៀនច្រើនក្តី ចងចាំច្រើនក្តី បង្ហាញច្រើនក្តី ក៏មិនត្រាស់ដឹងធម៌ ក្នុងជាតិនោះឡើយ ហៅថា បទបរមបុគ្គល។ អដ្ឋកថា។] ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែង​មាន​ប្រាកដក្នុង​លោក។

ឧដ្ឋានផលសូត្រ ទី៤

[១៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយ​ផល​នៃបុញ្ញកម្ម [បានដល់បុគ្គល ដែលប្រឹងប្រែង ព្យាយាម ទើបបានអ្វីមួយ​មកចិញ្ចឹម​ជីវិត។] ១ ចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយ​ផលនៃ​ការ​ប្រឹងប្រែង [បានដល់ពួកទេវតាទាំងអស់។] ១ ចិញ្ចឹមជីវិតដោយផល នៃការប្រឹងប្រែងផង ចិញ្ចឹមជីវិត​ដោយផលនៃបុញ្ញកម្ម [បានដល់ស្តេច និងអាមាត្យធំនៃស្តេច ជាដើម។] ផង ១ មិនចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម [បាន​ដល់​ពួកសត្វនរក។] ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាន​ប្រាកដ​ក្នុងលោក។

សាវជ្ជសូត្រ ទី៥

[១៣៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលប្រកបដោយទោស ១ ច្រើនដោយទោស ១ មានទោសតិច ១ មិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ  ចុះបុគ្គលប្រកបដោយទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម​មានទោស ប្រកប​ដោយវចីកម្មមានទោស ប្រកបដោយមនោកម្មមានទោស។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកបដោយទោស ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះ បុគ្គលច្រើនដោយទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយ​កាយកម្មមាន​ទោសច្រើន មិនមានទោសតិច ប្រកបដោយវចីកម្ម​មានទោសច្រើន មិនមានទោសតិច ប្រកបដោយមនោកម្មមានទោសច្រើន មិនមានទោសតិច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ច្រើន​ដោយទោស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានទោសតិច តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មិនមាន​ទោសច្រើន មានទោសតិច ប្រកបដោយវចីកម្ម មិនមានទោសច្រើន មានទោស​តិច ប្រកបដោយ មនោកម្ម​មិនមាន​ទោសច្រើន មានទោសតិច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានទោសតិច យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្ម មិនមានទោស ប្រកបដោយវចីកម្ម មិនមានទោស ប្រកបដោយមនោកម្ម មិនមានទោស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានទោស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ទាំង ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។

បឋមសីលសូត្រ ទី៦

[១៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិន​បំពេញ​​ក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញតែក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញ​ក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញក្នុងសីល បំពេញក្នុងសមាធិ តែមិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បំពេញក្នុងសីល បំពេញក្នុងសមាធិ បំពេញក្នុងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដ​ក្នុងលោក។

ទុតិយសីលសូត្រ ទី៧

[១៣៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនគោរព​ក្នុងសីល មិនយកសីលជាធំ មិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរព​ក្នុងបញ្ញា មិនយក​បញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរព​ក្នុងសីល យកសីលជាធំ តែមិនគោរពក្នុងសមាធិ មិនយកសមាធិជាធំ មិនគោរព​ក្នុងបញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរពក្នុងសីល យកសីលជាធំ គោរព​ក្នុងសមាធិ យកសមាធិជាធំ តែមិនគោរពក្នុង បញ្ញា មិនយកបញ្ញាជាធំ ១ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ គោរព​ក្នុងសីល យកសីលជាធំ គោរពក្នុងសមាធិ យក​សមាធិជាធំ គោរពក្នុងបញ្ញា យកបញ្ញាជាធំ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

និកដ្ឋសូត្រ ទី៨

[១៣៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដ ក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ មានកាយ​មិនចេញ​ទៅ មានចិត្តចេញទៅ ១ មានកាយមិនចេញទៅផង មានចិត្ត​ក៏មិនចេញទៅផង ១ មាន​កាយ​ចេញទៅផង មានចិត្តចេញទៅផង ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលមាន​កាយ​ចេញ​ទៅ មានចិត្តមិនចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ តែបុគ្គលនោះ តែងត្រិះរិះ​នូវ​កាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះ នូវ​វិហឹសាវិតក្កៈ​ក្តី ក្នុងទីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមានកាយចេញទៅ តែមាន​ចិត្តមិនចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលមាន​កាយមិនចេញទៅ មានចិត្តចេញទៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈ​ដ៏ស្ងាត់​ទេ តែបុគ្គលនោះ តែងត្រិះរិះ​ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះ​នូវ​អវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញ តែមាន​ចិត្តចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយ​មិនចេញ​ទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះ ថែម​ទាំង​ត្រិះរិះ នូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះនូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយចេញទៅផង មានចិត្តក៏ចេញទៅផង តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជា​សេនាសនៈ​ដ៏ស្ងាត់ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវ​អព្យាបាទ​វិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន​កាយ​ចេញទៅផង មានចិត្តក៏ចេញទៅផង យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

ធម្មកថិកសូត្រ ទី៩

[១៣៩] ​ម្នាលភិក្ខុទាំងឡាយ ធម្មកថិក (អ្នកសំដែងធម៌) នេះ មាន ៤ ពួក។ ធម្មកថិក ទាំង ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ដែលប្រកប​ដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាព​ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង ប្រកបដោយប្រយោជន៍ផង ទាំង​បរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកប​ដោយ​ប្រយោជន៍ និង​ធម៌ដែលមិនប្រកប​ដោយប្រយោជន៍។ ម្នាលភិក្ខុទាំង​ឡាយ ធម្មកថិក មាន​សភាព​យ៉ាងនេះ រមែងដល់​នូវការ​រាប់ថា ជាធម្មកថិករបស់បរិសទ្យ មានសភាព​ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង មិនប្រកប​ដោយ​ប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយ​ប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាល​ភិក្ខុទាំងឡាយ ធម្មកថិក មាន​សភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់​បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម្មកថិកខ្លះ ក្នុងសាសនា​នេះ សំដែងធម៌ច្រើនផង ប្រកបដោយប្រយោជន៍ផង ទាំង​បរិសទ្យ ក៏ជាអ្នក​ឈ្លាសវៃ ចំពោះ​ធម៌ ដែល​ប្រកបដោយ​ប្រយោជន៍ និងធម៌​ដែលមិនប្រកប​ដោយ​ប្រយោជន៍។ ម្នាលភិក្ខុទាំង​ឡាយ ធម្មកថិក មាន​សភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក​របស់បរិសទ្យ​មាន​សភាព​ដូច្នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ ធម្មកថិក ៤ ពួកនេះឯង។

វាទីសូត្រ ទី១០

[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះ មាន ៤ ពួក។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នក​ពោល តែងដល់នូវការអស់ទៅ​ដោយអត្ថ គឺ​អដ្ឋកថា មិនអស់ទៅដោយព្យញ្ជនៈ គឺបាឡីក៏មាន ១ [បានសេចក្តីថា កាលបើគេ​សួរអដ្ឋកថា ក៏សំដែងមិនរួច តែបើគេសួរតាមព្យញ្ជនៈ អាចសំដែងបាន។ អដ្ឋកថា។] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នលពោល តែងដល់នូវការអស់ទៅ ដោយព្យញ្ជនៈ មិនអស់​ទៅ​ដោយអត្ថ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅ ដោយ​អត្ថផង ដោយព្យញ្ជនៈ​ផង ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មិនដល់នូវការអស់​ទៅដោយអត្ថ ទាំងមិន​ដល់ នូវការអស់ទៅ ដោយព្យញ្ជនៈ ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ គ្មានហេតុ គ្មានបច្ច័យដែលនាំឲ្យ​ភិក្ខុប្រកប​ដោយ​​បដិសម្ភិទា ទាំង ៤ ដល់នូវ​ការអស់ទៅ ដោយអត្ថ ដោយព្យញ្ជនៈ ឡើយ។

ចប់ បុគ្គលវគ្គ ទី៤។

ឧទ្ទាននៃបុគ្គលវគ្គនោះគឺ [ឧទ្ទាននេះ មានតែក្នុងគម្ពីរអក្សរភូមា ។]

និយាយអំពីសំយោជនៈ ១ អំពីបុគ្គលមានប្រាជ្ញា ១ អំពីឧគ្ឃដិតញ្ញូបុគ្គល ១ អំពីបុគ្គល​ចិញ្ចឹម​ជីវិតដោយផល នៃព្យាយាម ១ អំពីបុគ្គលប្រកបដោយទោស ១ អំពីសីល មាន ២លើក ១ អំពីបុគ្គលមានកាយចេញទៅ មានចិត្តមិន​ចេញទៅ ១ អំពីធម្មកថិក ១ អំពីបុគ្គលអ្នកពោល ១។

អាភាវគ្គ

អាភាសូត្រ ទី១

[១៤១] ម្នាលភិក្ខុទាំងឡាយ ពន្លឺនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺព្រះចន្រ្ទ ១ ពន្លឺព្រះអាទិត្យ ១ ពន្លឺភ្លើង ១ ពន្លឺ ប្រាជ្ញា១។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ ៤ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺទាំង ៤ នេះ ពន្លឺដែលប្រសើរនុ៎ះ គឺពន្លឺ​ប្រាជ្ញា។

បភាសូត្រ ទី២

[១៤២] ម្នាលភិក្ខុទាំងឡាយ រស្មីនេះ មាន ៤ យ៉ាង។ រស្មី ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ រស្មីព្រះចន្រ្ទ ១ រស្មីព្រះអាទិត្យ ១ រស្មីភ្លើង ១ រស្មីប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បណ្តា​រស្មីទាំង ៤ នេះ រស្មីដែលប្រសើរនុ៎ះ គឺ រស្មីប្រាជ្ញា។

អាលោកសូត្រ ទី៣

[១៤៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីរុងរឿងនេះ មាន ៤ យ៉ាង សេចក្តីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ សេចក្តីរុងរឿង នៃព្រះចន្រ្ទ ១ សេចក្តីរុងរឿងនៃព្រះអាទិត្យ ១ សេចក្តី​រុងរឿងនៃភ្លើង ១ សេចក្តីរុងរឿង នៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរុង​រឿង ៤ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីរុងរឿងទាំង ៤ នេះ សេចក្តីរុង​រឿង ដែល​ប្រសើរ​នុ៎ះ គឺសេចក្តីរុងរឿងនៃប្រាជ្ញា។

ឱភាសសូត្រ ទី៤

[១៤៤] ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿងនេះ មាន ៤ យ៉ាង ។ រស្មីរុងរឿង ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺរស្មីរុងរឿងនៃព្រះចន្រ្ទ ១ រស្មីរុងរឿង នៃព្រះអាទិត្យ ១ រស្មីរុងរឿង​នៃភ្លើង ១ រស្មីរុងរឿងនៃប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ រស្មីរុងរឿង ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង​ឡាយ បណ្តារស្មីរុងរឿងទាំង ៤ នេះ រស្មីរុងរឿង ដែលប្រសើរនុ៎ះ គឺរស្មីរុង​រឿងនៃប្រាជ្ញា។

បជ្ជោតសូត្រ ទី៥

[១៤៥] ម្នាលភិក្ខុទាំងឡាយ ពន្លឺរស្មីនេះ មាន ៤ យ៉ាង។ ពន្លឺ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ពន្លឺរស្មីព្រះចន្រ្ទ ១ ពន្លឺរស្មីព្រះអាទិត្យ ១ ពន្លឺរស្មីភ្លើង ១ ពន្លឺរស្មីប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ពន្លឺរស្មី ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាពន្លឺរស្មីទាំង ៤ យ៉ាងនេះ ពន្លឺរស្មី​ដែលប្រសើរនុ៎ះ គឺពន្លឺរស្មីប្រាជ្ញា។

បឋមកាលសូត្រ ទី៦

[១៤៦] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) នេះ មាន ៤ យ៉ាង។ កាល ៤ យ៉ាង តើដូចម្តេច។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈ​តាម​កាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាង នេះ​ឯង។

ទុតិយកាលសូត្រ ទី៧

[១៤៧] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាងនេះ កាលបើបុគ្គល​ចំរើន​ដោយ​ប្រពៃ ឲ្យប្រព្រឹត្តទៅ ដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយ​លំដាប់។ កាល ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌​តាម​កាល ១ ការចំរើនសមថៈ តាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំង​ឡាយ កាល ៤ យ៉ាងនេះឯង កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃ​អាសវៈ ដោយលំដាប់ ម្នាលភិក្ខុទាំងឡាយ ភ្លៀងមាន​ដំណក់ដ៏ថ្លោស ធ្លាក់ចុះលើកំពូលភ្នំ ទឹកកាលហូរទៅ​កាន់​ទំនាប រមែងញុំាងជ្រោះ អូរ និងប្រឡាយភ្នំ ឲ្យពេញ លុះជ្រោះ អូរ និង​ប្រឡាយភ្នំ ពេញហើយ រមែងញុំាងបារាយណ៍ [បឹងតូច។] តូច ឲ្យពេញ លុះបារាយណ៍​តូច​ពេញ​ហើយ រមែងញុំាងបារាយណ៍ធំ ឲ្យពេញ លុះបារាយណ៍ធំពេញហើយ រមែងញុំាងស្ទឹងតូច ឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំ ឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែង​ញុំាងសមុទ្រសាគរ ឲ្យពេញ មាន​ឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទាំង ៤ យ៉ាងនេះ បើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវ​ការអស់ទៅ​នៃ​អាសវៈ ដោយលំដាប់ ក៏មាន​ឧបមេយ្យយ៉ាងនោះដែរ។

ទុច្ចរិតសូត្រ ទី៨

[១៤៨] ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤ យ៉ាង។ វចីទុច្ចរិត ៤យ៉ាង តើដូច​ម្តេចខ្លះ។ គឺការនិយាយកុហក ១ ការនិយាយញុះញង់ ១ ការនិយាយពាក្យ​ទ្រគោះ ១ ការនិយាយ​ពាក្យ​រោយ​រាយ ១។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិត ៤ យ៉ាងនេះឯង។

សុចរិតសូត្រ ទី៩

[១៤៩] ម្នាលភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន ៤ យ៉ាង។ វចីសុចរិត ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺនិយាយពាក្យសត្យ ១ មិននិយាយពាក្យញុះញង់ ១ និយាយពាក្យ​ពីរោះ​ពិសា ១ និយាយ​តែ​ពាក្យ​ដែលប្រកបដោយប្រាជ្ញា ១។ ម្នាល​ភិក្ខុ​ទាំងឡាយ វចីសុចរិត ៤ យ៉ាងនេះឯង។

សារសូត្រ ទី១០

[១៥០] ម្នាលភិក្ខុទាំងឡាយ សារៈ (ខ្លឹម) នេះ មាន ៤ យ៉ាង។ សារៈ ៤យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ សីលសារៈ ១ សមាធិសារៈ ១ បញ្ញាសារៈ ១ វិមុត្តិសារៈ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ សារៈ ៤ យ៉ាង​នេះឯង។

ចប់ អាភាវគ្គ ទី៥។

ចប់ បណ្ណាសក ទី៣។

ឧទ្ទាននៃអាភាវគ្គនោះគឺ [ឧទ្ទាននេះ មានក្នុងគម្ពីរអក្សរភូមាតែម្យ៉ាង។]

និយាយអំពីពន្លឺ ១ អំពីរស្មី ១ អំពីសេចក្តីរុងរឿង ១ អំពីរស្មីរុងរឿង ១ អំពីពន្លឺរស្មី ១ អំពី​កាល មាន ២លើក អំពីចរិត មាន២លើក អំពីសីលសារៈ ១ ត្រូវជា ១០ ក្នុងវគ្គនេះ។

ចប់ ភាគ៤២។

សូមអនុមោទនា !!!

Oben-pfeil